ព្រះគម្ពីរ
នីហ្វៃ ទី ២ 17


ជំពូក​ទី ១៧

ពួក​អេប្រាអិម និង​សាសន៍​ស៊ីរី​ធ្វើសង្គ្រាម​នឹង​ស្រុក​យូដា — ព្រះ​គ្រីស្ទ​នឹង​បាន​ប្រសូត​មក​ពី​នាង​ព្រហ្មចារី​ម្នាក់ — ចូរ​ប្រៀបធៀប​នឹង​គម្ពីរ​អេសាយ ៧។ ប្រមាណ​ជា​ឆ្នាំ ៥៥៩–៥៤៥ ម.គ.ស.។

ហើយ​ហេតុការណ៍​បាន​កើត​ឡើង គឺ​នៅ​ក្នុង​រាជ្យ​ស្ដេច​អេហាស បុត្រ​យ៉ូថាម ដែល​ជា​បុត្រ​អ៊ូសៀស ស្ដេច​ស្រុក​យូដា នោះ​រេស៊ីន ជា​ស្ដេច​ស្រុក​ស៊ីរី ហើយ​ពេកា ជា​បុត្រ​រេម៉ាលា ស្ដេច​ស្រុក​អ៊ីស្រាអែល គេ​លើកទ័ព​ឡើង​ទៅ​ច្បាំង​នឹង​ក្រុង​យេរូសាឡិម តែ​យក​ជ័យ​ជំនះ​មិន​បាន​ទេ។

គ្រា​នោះ មាន​ដំណឹង​មក​ដល់​ពួក​វង្ស​ដាវីឌ​ថា ៖ សាសន៍​ស៊ីរី​បាន​ចូល​ដៃ​នឹង​ពួក​អេប្រាអិម​ហើយ។ ហើយ​ស្ដេច​ទ្រង់​មាន​ព្រះ​ទ័យ​ចំប្រប់ ព្រម​ទាំង​ចិត្ត​របស់​ពួក​រាស្ត្រ​ទ្រង់​ផង ប្រៀប​ដូច​ជា​ដើមឈើ​នៅ​ព្រៃ​ដែល​ត្រូវ​ខ្យល់​បក់។

ខណៈ​នោះ ព្រះ​អម្ចាស់​ទ្រង់​មាន​បន្ទូល​ទៅ​អេសាយ​ថា ៖ ឥឡូវ​នេះ ចូរ​អ្នក និង​ស្អាយ៉ាស៊ូប ជា​កូន​អ្នក​ចេញ​ទៅ​ជួប​នឹង​អេហាស ឯ​ចុង​ប្រឡាយ​ទឹក​ហូរ​មក​ដល់​ស្រះ​ខាង​លើ​តាម​ផ្លូវ​ទៅ​ឯ​ទីវាល​ជាង​ប្រមោក

ហើយ​ទូល​ថា ៖ ចូរ​ប្រុង​ខ្លួន ហើយ​សង្រួម​ចិត្ត​កុំ​ឲ្យ​ភ័យ​ឲ្យ​សោះ ក៏​កុំ​ឲ្យ​រាថយ​ដោយ​ព្រោះ​កន្ទុយ​ឧស​ទាំង​ពីរ​ដែល​ហុយផ្សែង​នោះ​ឡើយ ដោយ​ព្រោះ​សេចក្ដី​កំហឹង​ដ៏​រហ័ស​របស់​រេស៊ីន និង​សាសន៍​ស៊ីរី ហើយ​របស់​កូន​រេ​ម៉ា​លា​នោះ​ដែរ។

ពី​ព្រោះ​សាសន៍​ស៊ីរី និង​ពួក​អេប្រាអិម ព្រម​ទាំង​កូន​រេ​ម៉ា​លា​បាន​គិត​សម្រេច​នឹង​ធ្វើ​អាក្រក់​ដល់​អ្នក​ដោយ​ពាក្យ​ថា ៖

ចូរ​យើង​ឡើង​ទៅ​ច្បាំង​នឹង​ស្រុក​យូដា យើង​នឹង​ធ្វើ​ឲ្យ​គេ​មាន​សេចក្ដី​វេទនា ព្រម​ទាំង​ទម្លាយ​ឲ្យ​មាន​ផ្លូវ​ចូល​បាន រួច​យើង​នឹង​តាំង​ស្ដេច​មួយ​ឡើង​នៅ​ក្នុង​ស្រុក​គេ មែន​ហើយ គឺជា​កូន​របស់​តាប​បៀ​ល។

ឯ​ព្រះ​អម្ចាស់​ទ្រង់​មាន​ព្រះ​បន្ទូល​ដូច្នេះ​ថា ៖ ការ​នោះ​មិន​បាន​ទេ គេ​នឹង​ធ្វើ​មិនកើត​ឡើយ។

ត្បិត​ក្បាល​របស់​ស្រុក​ស៊ីរី គឺ​ក្រុង​ដា​ម៉ាស ហើយ​ក្បាល​របស់​ក្រុង​ដា​ម៉ាស គឺ​រេស៊ីន​នេះ​ហើយ ហើយ​នៅ​ក្នុង​រវាង​៦៥​ឆ្នាំ នោះ​ពួក​អេប្រាអិម​នឹង​ត្រូវ​បែកខ្ញែក​រតាត់រតាយ​អស់​ទៅ លែង​មាន​ពូជ​ពង្ស​ត​ទៅ​ទៀត។

ឯ​ក្បាល​របស់​ពួក​អេប្រាអិម គឺ​ក្រុង​សាម៉ារី ហើយ​ក្បាល​របស់​ក្រុង​សាម៉ារី គឺជា​កូន​រេ​ម៉ា​លា​នេះ។ បើ​សិន​ជា​អ្នក​មិន​ព្រម​ជឿ​ទេ នោះ​ប្រាកដជា​អ្នក​មិន​បាន​តាំងនៅ​ជាប់​ឡើយ។

១០ម្យ៉ាង​ទៀត ព្រះ​អម្ចាស់​ទ្រង់​មាន​ព្រះ​បន្ទូល​នឹង​អេហាស​ថា ៖

១១ចូរ​អ្នក​សូម​ទី​សម្គាល់​១​ពី​ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ​នៃ​អ្នក​ចុះ ចូរ​សូម ទោះ​បើ​នៅ​ក្នុង​ទី​ជម្រៅ ឬ​នៅ​ទី​ខ្ពស់​ខាង​លើ​ក្ដី។

១២តែ​អេហាស​តប​ថា ៖ យើង​មិន​ព្រម​សូម​ទេ ហើយ​មិន​ព្រម​ល្បង​ល​ព្រះ​អម្ចាស់​ដែរ។

១៣ហើយ​អេសាយ​ពោល​ថា ៖ ឱ​វង្ស​របស់​ដាវីឌ​អើយ ចូរ​ស្ដាប់​ឥឡូវ​ចុះ ការ​ដែល​អ្នក​រាល់​គ្នា​ធ្វើ​ឲ្យ​រំខាន​ចិត្ត​មនុស្ស នោះ​តើ​ជា​ការ​តូច​ឬ​អី បាន​ជា​ចង់​រំខាន​ដល់​ព្រះ​ហឫទ័យ​នៃ​ព្រះ​របស់​ទូលបង្គំ​ទៀត​ផង?

១៤ដូច្នេះ​ព្រះ​អម្ចាស់​ទ្រង់​នឹង​ប្រទាន​ទី​សម្គាល់​មួ​យ​មក​អ្នក​រាល់​គ្នា​ដោយ​ព្រះ​អង្គ​ផ្ទាល់​ថា — មើល​ចុះ នាង​ព្រហ្មចារី​នឹង​មាន​គភ៌ ហើយ​នឹង​ប្រសូត​បាន​បុត្រា​មួយ ហើយ​នឹង​ឲ្យ​ព្រះ​នាម​ថា អេម៉ាញូអែល

១៥បុត្រ​នោះ​នឹង​បរិភោគ​ខ្លាញ់​ទឹកដោះ ហើយ​នឹង​ទឹកឃ្មុំ ដើម្បី​ឲ្យ​ខ្លួន​ចេះ​បដិសេធ​ចោល​របស់​អាក្រក់ ហើយ​រើស​យក​របស់​ល្អ​វិញ។

១៦ត្បិត​មុន​ដែល​បុត្រ​នោះ​ចេះ​បដិសេធ​ចោល​របស់​អាក្រក់ ហើយ​រើស​យក​របស់​ល្អ នោះ​ស្រុក​របស់​ស្ដេច​ទាំង​ពីរ​ដែល​អ្នក​ខ្ពើម​នោះ នឹង​ត្រូវ​ចោល​ស្ងាត់​ទៅ។

១៧ព្រះ​អម្ចាស់​ទ្រង់​នឹង​នាំ​ហេតុការណ៍​មួយ​មក​លើ​អ្នក ហើយ​លើ​រាស្ត្រ​អ្នក ហើយ​លើ​ពួក​វង្ស​របស់​ឪពុក​អ្នក គឺជា​ស្ដេច​ស្រុក អាសស៊ើរ ជា​ការណ៍​ដែល​មិន​បាន​កើត​មាន ចាប់​តាំង​ពី​គ្រា​ដែល​អេប្រាអិម បែក​ចេញ​ពី​ពួក​យូដា​មក។

១៨ហើយ​ហេតុការណ៍​នឹង​កើតឡើង​ថា នៅ​គ្រា​នោះ ព្រះ​អម្ចាស់​ទ្រង់​នឹង​ហួច​ហៅ​រុយ ដែល​នៅ​ទី​ឆ្ងាយ​បំផុត​នៃ​ស្រុក​អេស៊ីព្ទ ព្រម​ទាំង​ឃ្មុំ​ដែល​នៅ​ស្រុក​អាសស៊ើរ​ផង។

១៩នោះ​វា​នឹង​នាំ​គ្នា​មក​ទំ​នៅ​ក្នុង​ច្រក​ភ្នំ​ដែល​ត្រូវ​ចោល​ស្ងាត់ ហើយ​នៅ​ក្នុង​ក្រហែង​ថ្ម ហើយ​នៅ​លើ​គ្រប់​ទាំង​របង​បន្លា ហើយ​នៅ​អស់​ទាំង​វាលស្មៅ​ផង។

២០នៅ​គ្រា​នោះ ព្រះ​អម្ចាស់​ទ្រង់​នឹង​កោរសក់​ក្បាល និង​រោម​ជើង​ផង ដោយ​កាំបិត​ដែល​បាន​ជួល​ពី​ទី​នៅ​ត្រើយ​ខាង​នាយ​ទន្លេ គឺ​ដោយ​ស្ដេច​នៃ​ស្រុក​អាសស៊ើរ ហើយ​កាំបិត​នោះ​នឹង​រំលាង​ទាំង​ពុកចង្កា​ផង។

២១ហើយ​ហេតុការណ៍​នឹង​កើតឡើង​ថា នៅ​គ្រា​នោះ មនុស្ស​ម្នាក់​នឹង​ចិញ្ចឹម​គោ​ញី​មួយ និង​ចៀម​ពីរ

២២ហើយ​ហេតុការណ៍​នឹង​កើតឡើង សត្វ​ទាំង​នោះ​មាន​ទឹកដោះ​ជា​បរិបូរ បាន​ជា​អ្នក​នោះ​នឹង​បរិភោគ​ខ្លាញ់​ទឹកដោះ ត្បិត​ពួក​អ្នក​ដែល​នៅ​សល់​ក្នុង​ស្រុក គេ​នឹង​បាន​ខ្លាញ់​ទឹកដោះ និង​ទឹកឃ្មុំ​បរិភោគ​គ្រប់​គ្នា។

២៣ហើយ​ហេតុការណ៍​នឹង​កើតឡើង​ថា នៅ​គ្រា​នោះ​គ្រប់​ទីកន្លែង​ណា​ដែល​ពី​ដើម​មាន​ចម្ការ​ទំពាំងបាយជូរ​ចំនួន​មួយ​ពាន់​ដើម មាន​តម្លៃ​ជា​ប្រាក់​មួយ​ពាន់​រៀល នោះ​នឹង​បាន​ជាទី​សម្រាប់​អញ្ចាញ និង​បន្លា​វិញ។

២៤ឯ​អ្នក​ណា​ដែល​ចូល​ទៅ​ក្នុង​ទី​នោះ នឹង​ត្រូវ​កាន់​ព្រួញ និង​ធ្នូ​ផង ពី​ព្រោះ​ស្រុក​ទាំង​មូល​នឹង​ដុះ​សុទ្ធ​តែ​អញ្ចាញ និង​បន្លា។

២៥ហើយ​អ្នក​ក៏​នឹង​មិន​ឡើង​ទៅ​លើ​ទី​ទួល ដែល​ពី​ដើម​មាន​គេ​កាប់​គាស់​ដោយ​ចប​ដែរ ដោយ​ខ្លាច​អញ្ចាញ និង​បន្លា ប៉ុន្តែ​ទី​នោះ​នឹង​បាន​សម្រាប់​ជាទី​លែង​ហ្វូង​គោ ហើយ​សម្រាប់​ឲ្យ​ហ្វូង​ចៀម​ញាំញី​ទៅ​ប៉ុណ្ណោះ៕