ព្រះគម្ពីរ
នីហ្វៃ ទី ២ 21


ជំពូក​ទី ២១

គល់​របស់​អ៊ី​សាយ (ព្រះ​គ្រីស្ទ) នឹង​ជំនុំ​ជំរះ​ដោយ​នូវ​សេចក្ដី​សុចរិត — សេចក្ដី​ចេះ​ដឹង​អំពី​ព្រះ​នឹង​គ្រប​ដណ្ដប់​ផែនដី​នៅ​ក្នុង​សហស្សវត្ស — ព្រះ​អម្ចាស់​ទ្រង់​នឹង​លើក​ទង់ ហើយ​ប្រមូល​ពួក​សាសន៍ អ៊ីស្រាអែល — ចូរ​ប្រៀបធៀប​នឹង​គម្ពីរ​អេសាយ ១១។ ប្រមាណ​ជា​ឆ្នាំ ៥៥៩–៥៤៥ ម.គ.ស.។

មាន​លំពង់​១​នឹង​ដុះ​ចេញ​ពី​គល់​របស់​អ៊ី​សាយ ហើយ​មែក​១ ដែល​ចេញ​ពី​ឫស​លោក​នឹង​កើត​មាន​ផល​ផ្លែ។

ហើយ​ព្រះ​វិញ្ញាណ​នៃ​ព្រះ​អម្ចាស់​នឹង​សណ្ឋិត​នៅ​លើ​លោក គឺជា​វិញ្ញាណ​នៃ​ប្រាជ្ញា និងជា​យោបល់ ជា​វិញ្ញាណ​នៃ​គំនិត​វាងវៃ និង​ឥទ្ធិ​ឫទ្ធិ ជា​វិញ្ញាណ​នៃ​សេចក្ដី​ចេះ​ដឹង និង​សេចក្ដី​កោតខ្លាច​ដល់​ព្រះ​អម្ចាស់

ហើយ​លោក​នឹង​វៃ​រហ័ស​ចំពោះ​សេចក្ដី​កោតខ្លាច​ដល់​ព្រះ​អម្ចាស់ ហើយ​លោក​នឹង​មិន​ជំនុំ​ជំរះ​តាម​ភ្នែក​មើល​ឃើញ ឬ​សម្រេច​សេចក្ដី​តាម​ត្រចៀក​ស្ដាប់​ឮ​នោះ​ឡើយ។

ប៉ុន្តែ​នឹង​ជំនុំ​ជំរះ​ពួក​ទាល់ក្រ​ដោយ​សេចក្ដី​សុចរិត ហើយ​សម្រេច​ក្ដី​ឲ្យ​មនុស្ស​ស្លូតបូត​នៅ​ផែនដី​ដោយ​សេចក្ដី​ទៀងត្រង់ ហើយ​លោក​នឹង​វាយ​ផែនដី​ដោយ​រំពាត់​នៃ​មាត់​ខ្លួន ព្រម​ទាំង​សម្លាប់​មនុស្ស​ដែល​ប្រព្រឹត្ត​អាក្រក់​ដោយ​ខ្យល់​ដង្ហើម​ពី​បបូរមាត់​ផង។

ឯ​សេចក្ដី​សុចរិត​នឹង​បាន​ជា​ខ្សែក្រវាត់​ចង្កេះ​របស់​អ្នក​នោះ ហើយ​សេចក្ដី​ស្មោះត្រង់​ជា​ខ្សែក្រវាត់​កម្លាំង​ផង។

ឆ្កែព្រៃ​នឹង​នៅ​ជាមួយ​នឹង​កូន​ចៀម ឯ​ខ្លារខិន​នឹង​ដេក​នៅ​ជាមួយ​នឹង​កូន​ពពែ ឯ​កូន​គោ​ជាមួយ​នឹង​សិង្ហ​ស្ទាវ ព្រម​ទាំង​សត្វ​បំប៉ន​យ៉ាង​ធាត់ៗ​នឹង​នៅ​ជាមួយ​គ្នា​ដែរ ហើយ​ក្មេង​តូចៗ​ជា​អ្នក​គង្វាល​វា។

ហើយ​គោ​ញី និង​ខ្លាឃ្មុំ​នឹង​រកស៊ី​ជាមួយ​គ្នា ហើយ​កូន​វា​នឹង​ដេក​នៅ​ជាមួយ​ដែរ ឯ​សិង្ហ​នឹង​ស៊ី​ចំបើង​ដូច​ជា​គោ​វិញ។

ហើយ​កូន​មនុស្ស​ដែល​នៅ​បៅ​ដោះ នឹង​លេង​នៅ​ត្រង់​មាត់​រន្ធ​ពស់​ហនុមាន ហើយ​ក្មេង​លែង​ដោះ​នឹង​លូក​ដៃ​ចូល​ទៅ​ក្នុង​រូង​ពស់វែក​បាន។

វា​រាល់​គ្នា​នឹង​មិន​ធ្វើទុក្ខ ឬ​បំផ្លាញ​គ្នា​នៅ​គ្រប់​លើ​ភ្នំ​បរិសុទ្ធ​របស់​យើង ត្បិត​គ្រប់​ទាំង​អស់​នឹង​ស្គាល់​ព្រះ​អម្ចាស់​ពាសពេញ​លើ​ផែន​ដី ដូច​ជា​ទឹក​នៅ​ពាសពេញ​ក្នុង​សមុទ្រ​ដែរ។

១០ហើយ​នៅ​ថ្ងៃ​នោះ ឫស​នៃ​អ៊ី​សាយ​នឹង​បាន​តាំង​ឡើង ទុកជា​ទង់​ដល់​ជនជាតិ​ទាំង​ឡាយ ឯ​គ្រប់​សាសន៍​ដទៃ គេ​នឹង​ស្វែងរក​អ្នក​នោះ ឯ​ទី​សម្រាក​របស់​អ្នក​នោះ នឹង​បាន​ជាទី​រុងរឿង​ឧត្ដម។

១១ហើយ​ហេតុការណ៍​នឹង​កើតឡើង​ថា នៅ​ថ្ងៃ​នោះ ព្រះ​អម្ចាស់​ទ្រង់​នឹង​លូក​ព្រះ​ហស្ត​ទ្រង់​ទៅ​ម្ដង​ទៀត ដើម្បី​នឹង​ប្រមូល​ពួក​សំណល់​នៃ​រាស្ត្រ​ទ្រង់​ដែល​សល់​នៅ ឲ្យ​មក​ពី​ស្រុក​អាសស៊ើរ ស្រុក​អេស៊ីព្ទ ស្រុក​ប៉ាត្រូស ស្រុក​គូស ស្រុក​អេឡាំ ស្រុក​ស៊ីណើរ ស្រុក​ហាម៉ាត ហើយ​ពី​អស់​ទាំង​កោះ​នៅ​សមុទ្រ​មក​វិញ។

១២ហើយ​ទ្រង់​នឹង​លើក​ទង់​មួយ​ឡើង​សម្រាប់​សាសន៍​ទាំង​ឡាយ ហើយ​នឹង​ប្រមូល​ពួក​ព្រាត់ប្រាសនៃ​សាសន៍​អ៊ីស្រាអែល ព្រម​ទាំង​រួបរួម​ពួក​ខ្ចាត់ខ្ចាយ​របស់​សាសន៍​យូដា មក​ពី​ទិស​ទាំង​បួន​នៃ​ផែនដី។

១៣សេចក្ដី​ច្រណែន​របស់​ពួក​អេប្រាអិម នោះ​នឹង​បាត់​ទៅ ហើយ​អស់​អ្នក​ក្នុង​ពួក​យូដា​ដែល​ធ្វើទុក្ខ​គេ​នឹង​ត្រូវ​កាត់​ចេញ​ដែរ ពួក​អេប្រាអិម​នឹង​លែង​មាន​សេចក្ដី​ច្រណែន​ចំពោះ​ពួក​យូដា ហើយ​ពួក​យូដា​នឹង​លែង​ធ្វើទុក្ខ​ដល់​ពួក​អេប្រាអិម។

១៤តែ​គេ​នឹង​រួមចិត្ត​គ្នា​ឆាប​ចុះ​ទៅ​លើ​ស្មា​សាសន៍​ភីលីស្ទីន​នៅ​ទិស​ខាង​លិច គេ​នឹង​ប្លន់​ពួក​អ្នក​នៅ​ស្រុក​ខាង​កើត​ជាមួយ​គ្នា គេ​នឹង​លូកដៃ​ទៅ​បង្ក្រាប​សាសន៍​អេដំម និង​សាសន៍​ម៉ូអាប់ ឯ​ពួក​កូន​ចៅ​អាំម៉ូន​នឹង​ស្ដាប់​បង្គាប់​គេ​ដែរ។

១៥នោះ​ព្រះ​អម្ចាស់​ទ្រង់​នឹង​បំផ្លាញ​ដៃសមុទ្រ​អេស៊ីព្ទ​អស់​រលីង ហើយ​ទ្រង់​នឹង​លើក​ព្រះ​ហស្ត​ទៅ​លើ​ទន្លេ បញ្ចេញ​ខ្យល់​ដ៏​ខ្លាំង​របស់​ទ្រង់ ទៅ​វាយ​ទន្លេ​ឲ្យ​បែក​ជា​៧​ផ្លូវ ដើម្បី​ឲ្យ​មនុស្ស​ពាក់​ស្បែកជើង​ដើរ​ឆ្លង​ទៅ​បាន។

១៦ហើយ​នឹង​មាន​ថ្នល់​១​សម្រាប់​ពួក​សំណល់​នៃ​រាស្ត្រ​ទ្រង់ ដែល​រួច​ពី​ស្រុក​អាសស៊ើរ​ម​ក ដូច​ជា​មាន​សម្រាប់​សាសន៍​អ៊ីស្រាអែល នៅ​គ្រា​ដែល​គេ​ឡើង​រួច​ពី​ស្រុក​អេស៊ីព្ទ​មក​ដែរ៕