ជំពូកទី ៣
យ៉ូសែបនៅស្រុកអេស៊ីព្ទបានឃើញពួកសាសន៍នីហ្វៃនៅក្នុងការនិមិត្ត — លោកបានព្យាករអំពីយ៉ូសែប ស៊្មីធ ជាអ្នកមើលឆុតនៃថ្ងៃចុងក្រោយ, អំពីលោកម៉ូសេដែលនឹងរំដោះសាសន៍អ៊ីស្រាអែល និងអំពីការលេចចេញមកនៃព្រះគម្ពីរមរមន។ ប្រមាណជាឆ្នាំ ៥៨៨–៥៧០ ម.គ.ស.។
១ហើយឥឡូវនេះ ឪពុកនិយាយទៅកូនគឺយ៉ូសែប ដែលជាកូនពៅរបស់ឪពុក។ កូនបានកើតនៅក្នុងទីរហោស្ថាននៃសេចក្ដីទុក្ខវេទនារបស់ឪពុក មែនហើយ នៅក្នុងថ្ងៃដែលឪពុកមានទុក្ខសោកយ៉ាងធំ ដែលម្ដាយកូនបានបង្កើតកូនមក។
២ហើយសូមព្រះទ្រង់ញែកដែនដីនេះទុកសម្រាប់កូនផងចុះ ដែលជាដែនដីដ៏ពិសេសបំផុត ដើម្បីទុកជាកេរ្តិ៍អាករដល់កូន ហើយជាកេរ្តិ៍អាករដល់ពូជកូនជាមួយនឹងពូជបងរបស់កូន ដើម្បីទុកជាទីសន្តិសុខដរាបតទៅ ប្រសិនបើកូនរាល់គ្នានឹងកាន់តាមព្រះបញ្ញត្តិទាំងឡាយ នៃព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល។
៣ហើយឥឡូវនេះ យ៉ូសែប កូនពៅរបស់ឪពុក ដែលឪពុកបាននាំកូនចេញពីទីរហោស្ថាន នៃសេចក្ដីទុក្ខវេទនារបស់ឪពុកអើយ សូមឲ្យព្រះអម្ចាស់ទ្រង់ប្រទានពរដល់កូនដរាបតទៅ ត្បិតពូជកូននឹងមិនត្រូវបំផ្លាញសូន្យបង់ឡើយ។
៤ត្បិតមើលចុះ កូនជាផលនៃពោះឪពុក ហើយឪពុកគឺជាពូជពង្សនៃយ៉ូសែប ដែលត្រូវចាប់ជាឈ្លើយទៅស្រុកអេស៊ីព្ទ។ ហើយសេចក្ដីសញ្ញាទាំងឡាយនៃព្រះអម្ចាស់ ដែលទ្រង់បានធ្វើដល់យ៉ូសែប នោះធំណាស់ហ្ន៎។
៥ហេតុដូច្នោះហើយ យ៉ូសែបបានមើលឃើញជំនាន់យើងយ៉ាងពិតប្រាកដ។ ហើយលោកបានទទួលសេចក្ដីសន្យាពីព្រះអម្ចាស់ថា ចេញពីផលនៃពោះលោក នោះព្រះអម្ចាស់ដ៏ជាព្រះ ទ្រង់នឹងបង្កើតមែកមួយដ៏សុចរិតដល់វង្សអ៊ីស្រាអែល ពុំមែនជាព្រះមែស៊ីទេ ប៉ុន្តែជាមែកដែលនឹងត្រូវបានកាត់ចេញ ទោះជាយ៉ាងណាក៏ដោយ គង់តែនឹងត្រូវបាននឹកចាំនៅក្នុងសេចក្ដីសញ្ញាទាំងឡាយនៃព្រះអម្ចាស់ថា ព្រះមែស៊ីទ្រង់នឹងសម្ដែងរូបអង្គទ្រង់ដល់ពួកគេ នៅគ្រាចុងក្រោយ ដោយវិញ្ញាណនៃព្រះចេស្ដា ដើម្បីនាំពួកគេចេញពីទីងងឹតទៅឯពន្លឺ — មែនហើយ គឺចេញពីទីកំបាំងងងឹត ហើយចេញពីការជាប់ឃុំឃាំងទៅឯសេរីភាព។
៦ត្បិតយ៉ូសែបបានធ្វើបន្ទាល់ជាពិតប្រាកដថា ៖ មានអ្នកមើលឆុតម្នាក់ដែលព្រះអម្ចាស់ដ៏ជាព្រះរបស់ខ្ញុំទ្រង់នឹងបង្កើតឡើង ដែលនឹងទៅជាអ្នកមើលឆុតដ៏ជម្រើសចំពោះផលនៃពោះរបស់ខ្ញុំ។
៧មែនហើយ យ៉ូសែបបាននិយាយជាពិតប្រាកដថា ៖ ព្រះអម្ចាស់ទ្រង់មានព្រះបន្ទូលមកខ្ញុំដូច្នេះថា ៖ មានអ្នកមើលឆុតម្នាក់ដ៏ជម្រើស ដែលយើងនឹងបង្កើតឡើងពីផលនៃពោះអ្នក ហើយអ្នកនោះនឹងបានតម្កើងខ្ពស់នៅក្នុងចំណោមផលនៃពោះអ្នក។ ហើយចំពោះអ្នកនោះ នោះយើងនឹងបញ្ជាថា គាត់ត្រូវធ្វើកិច្ចការមួយដើម្បីផលនៃពោះអ្នក ជាបងប្អូនរបស់គាត់ ដែលនឹងទៅជាប្រយោជន៍ដ៏ធំដល់ពួកគេ គឺដើម្បីនាំឲ្យពួកគេស្គាល់នូវសេចក្ដីសញ្ញាទាំងឡាយ ដែលយើងបានធ្វើជាមួយនឹងពួកអយ្យកោរបស់អ្នក។
៨ហើយយើងនឹងប្រទានដល់គាត់នូវបញ្ញត្តិមួយថា គាត់មិនត្រូវធ្វើកិច្ចការអ្វីផ្សេងទៀតក្រៅអំពីការណ៍ដែលយើងនឹងបញ្ជាដល់គាត់ប៉ុណ្ណោះ។ ហើយយើងនឹងធ្វើឲ្យគាត់ទៅជាធំនៅចំពោះភ្នែកយើង ត្បិតគាត់នឹងធ្វើកិច្ចការរបស់យើង។
៩ហើយគាត់នឹងបានជាធំដូចម៉ូសេ ជាអ្នកដែលយើងបានប្រាប់ថា យើងនឹងបង្កើតឡើងដល់អ្នក ដើម្បីដោះលែងរាស្ត្រយើង ឱវង្សអ៊ីស្រាអែលអើយ។
១០ហើយម៉ូសេ យើងនឹងបង្កើតឡើង ដើម្បីដោះលែងប្រជាជនរបស់អ្នកចេញពីស្រុកអេស៊ីព្ទ។
១១ប៉ុន្តែមានអ្នកមើលឆុតម្នាក់ ដែលយើងនឹងបង្កើតឡើងពីផលនៃពោះអ្នក ហើយចំពោះអ្នកនោះ នោះយើងនឹងប្រទានអំណាចឲ្យនាំពាក្យរបស់យើងដល់ពូជនៃពោះអ្នក — ព្រះអម្ចាស់ទ្រង់មានព្រះបន្ទូលថា ប៉ុន្តែមិនគ្រាន់តែចំពោះការនាំពាក្យយើងប៉ុណ្ណោះទេ តែចំពោះការបរិវត្តន៍ពួកគេអំពីពាក្យយើងផង ដែលនឹងត្រូវបានផ្សាយជាមុនក្នុងចំណោមពួកគេ។
១២ហេតុដូច្នោះហើយ ផលនៃពោះអ្នកនឹងសរសេរទុក ហើយផលនៃពោះយូដានឹងសរសេរទុក ហើយអ្វីដែលនឹងបានសរសេរទុកដោយផលនៃពោះអ្នក ហើយព្រមទាំងអ្វីដែលនឹងបានសរសេរទុកដោយផលនៃពោះយូដា នោះនឹងត្រូវបានរួមទៅជាមួយគ្នាចំពោះការផ្ចាញ់ផ្ចាលនូវគោលលទ្ធិក្លែងក្លាយទាំងឡាយ ហើយបង្ក្រាបការទាស់ទែងគ្នាទាំងប៉ុន្មាន ហើយបង្កើតឲ្យមានសេចក្ដីសុខសាន្ត នៅក្នុងចំណោមផលនៃពោះអ្នក ហើយនាំឲ្យពួកគេស្គាល់នូវពួកអយ្យកោរបស់គេនៅថ្ងៃចុងក្រោយ ហើយព្រមទាំងឲ្យស្គាល់នូវសេចក្ដីសញ្ញាទាំងឡាយរបស់យើងផង ព្រះអម្ចាស់ទ្រង់មានព្រះបន្ទូលថាដូច្នោះ។
១៣ហើយចេញពីភាពទន់ខ្សោយ អ្នកនោះនឹងត្រូវបានធ្វើឲ្យមាំមួននៅថ្ងៃនោះ កាលកិច្ចការរបស់យើងនឹងចាប់ផ្ដើមនៅក្នុងចំណោមរាស្ត្ររបស់យើងទាំងអស់ ដើម្បីសាងអ្នកឡើងវិញ ឱវង្សអ៊ីស្រាអែលអើយ ព្រះអម្ចាស់ទ្រង់មានព្រះបន្ទូលថាដូច្នោះ។
១៤ហើយយ៉ូសែបបានព្យាករដូច្នេះថា ៖ មើលចុះ អ្នកមើលឆុតនោះហើយដែលព្រះអម្ចាស់ទ្រង់នឹងប្រទានពរឲ្យ ហើយអ្នកណាដែលស្វែងរកបំផ្លាញលោក នោះនឹងត្រូវបំផ្លាញចោល ព្រោះដោយសារសេចក្ដីសន្យានេះ ដែលជាសេចក្ដីសន្យាដែលខ្ញុំបានទទួលពីព្រះអម្ចាស់ អំពីផលនៃពោះខ្ញុំ នោះនឹងត្រូវបានបំពេញ។ មើលចុះ ខ្ញុំដឹងយ៉ាងច្បាស់នូវការបំពេញនៃសេចក្ដីសន្យានេះ
១៥ហើយឈ្មោះលោកនឹងត្រូវបានហៅតាមឈ្មោះខ្ញុំ ហើយឈ្មោះនោះដាក់តាមឈ្មោះឪពុកលោក។ ហើយលោកនឹងបានដូចជាខ្ញុំដែរ ត្បិតការណ៍ដែលព្រះអម្ចាស់ ទ្រង់នឹងធ្វើឡើងដោយស្នាដៃលោក ដោយព្រះចេស្ដានៃព្រះអម្ចាស់ នោះនឹងនាំប្រជាជនខ្ញុំទៅកាន់សេចក្ដីសង្គ្រោះ។
១៦មែនហើយ យ៉ូសែបបានព្យាករដូច្នេះថា ៖ ខ្ញុំដឹងយ៉ាងច្បាស់នូវការណ៍នេះ ដូចជាខ្ញុំដឹងយ៉ាងច្បាស់នូវសេចក្ដីសន្យារបស់លោកម៉ូសេ ត្បិតព្រះអម្ចាស់ទ្រង់បានប្រាប់ខ្ញុំថា ៖ យើងនឹងថែរក្សាពូជអ្នកទុករហូត។
១៧ហើយព្រះអម្ចាស់ទ្រង់មានព្រះបន្ទូលថា ៖ យើងនឹងបង្កើតម៉ូសេម្នាក់ ហើយយើងនឹងប្រទានដល់អ្នកនោះនូវអំណាចក្នុងរំពាត់ ហើយយើងនឹងប្រទានសេចក្ដីជំនុំជំរះដល់គាត់ក្នុងការសរសេរ។ ក៏ប៉ុន្តែយើងមិនស្រាយអណ្ដាតគាត់ ដើម្បីឲ្យគាត់និយាយច្រើនទេ ត្បិតយើងមិនធ្វើឲ្យគាត់ខ្លាំងពូកែក្នុងការនិយាយឡើយ។ ប៉ុន្តែយើងនឹងសរសេរក្រឹត្យវិន័យរបស់យើងដល់គាត់ដោយម្រាមដៃយើងផ្ទាល់ ហើយយើងនឹងបង្កើតអ្នកនិយាយជំនួសម្នាក់ដល់គាត់។
១៨ហើយព្រះអម្ចាស់ទ្រង់មានព្រះបន្ទូលមកខ្ញុំដែរថា ៖ យើងនឹងបង្កើតឡើងដល់ផលនៃពោះអ្នក ហើយយើងបង្កើតអ្នកនិយាយជំនួសម្នាក់ដល់គាត់។ ហើយយើង មើលចុះ យើងនឹងប្រទានដល់គាត់ ដើម្បីឲ្យគាត់សរសេរពាក្យរបស់ផលនៃពោះអ្នក សម្រាប់ផលនៃពោះអ្នក ហើយអ្នកនិយាយជំនួសពីផលនៃពោះអ្នកនឹងប្រកាសរឿងនោះ។
១៩ហើយពាក្យទាំងឡាយដែលអ្នកនោះនឹងសរសេរ គឺជាពាក្យទាំងឡាយដែលជាការចាំបាច់នៅក្នុងប្រាជ្ញារបស់យើង ដែលត្រូវផ្សាយដល់ផលនៃពោះអ្នក។ ហើយការណ៍នេះ ហាក់ដូចជាផលនៃពោះអ្នកបានស្រែកប្រកាសដល់ពួកគេ ចេញពីធូលីដី ត្បិតយើងស្គាល់សេចក្ដីជំនឿរបស់ពួកគេ។
២០ហើយពួកគេនឹងស្រែកប្រកាសចេញពីធូលីដី មែនហើយ គឺពីការប្រកាសឲ្យប្រែចិត្តដល់បងប្អូនរបស់ពួកគេ គឺបន្ទាប់ពីតំណជាច្រើនបានកន្លងផុតពួកគេទៅ។ ហើយហេតុការណ៍នឹងបានកើតឡើងថា សម្រែករបស់គេនឹងប្រកាសចេញទៅ គឺស្របតាមពាក្យ សាមញ្ញរបស់គេ។
២១ពីព្រោះមកពីសេចក្ដីជំនឿរបស់ពួកគេ នោះពាក្យទាំងឡាយរបស់ពួកគេនឹងបានផ្សាយចេញពីមាត់របស់យើងទៅដល់បងប្អូនគេ ដែលជាផលនៃពោះអ្នក ហើយឯភាពទន់ខ្សោយនៃពាក្យទាំងឡាយរបស់ពួកគេ នោះយើងនឹងឲ្យសេចក្ដីជំនឿរបស់ពួកគេខ្លាំងឡើង ដើម្បីឲ្យពួកគេនឹកចាំដល់សេចក្ដីសញ្ញារបស់យើង ដែលយើងបានធ្វើជាមួយនឹងពួកអយ្យកោរបស់ពួកគេ។
២២ហើយឥឡូវនេះ មើលចុះ ឱយ៉ូសែប កូនប្រុសរបស់ឪពុកអើយ តាមពាក្យបែបនេះហើយដែលឪពុកដើមរបស់ឪពុកបានព្យាករ។
២៣ហេតុដូច្នោះហើយ ដោយសារសេចក្ដីសញ្ញានេះ នោះកូនមានពរហើយ ត្បិតពូជកូននឹងមិនត្រូវបានបំផ្លាញចោលឡើយ ពីព្រោះគេនឹងប្រុងស្ដាប់តាមពាក្យទាំងឡាយនៅក្នុងគម្ពីរ។
២៤ហើយនឹងមានអ្នកខ្លាំងពូកែម្នាក់កើតឡើងនៅក្នុងចំណោមពួកគេ ដែលនឹងធ្វើអំពើល្អជាច្រើន ទាំងពាក្យសម្ដី និងកិច្ចការ ដែលជាគ្រឿងឧបករណ៍មួយនៅក្នុងព្រះហស្តនៃព្រះ ដោយមានសេចក្ដីជំនឿយ៉ាងខ្លាំង ដើម្បីធ្វើកិច្ចការដ៏អស្ចារ្យ ហើយប្រព្រឹត្តនូវអ្វីដែលធំនៅចំពោះព្រះនេត្រនៃព្រះ ដើម្បីសម្រេចនូវការកសាងឡើងវិញជាច្រើនដល់វង្សអ៊ីស្រាអែល និងដល់ពូជបងប្អូនរបស់កូន។
២៥ហើយឥឡូវនេះ ឱយ៉ូសែបអើយ កូនមានពរហើយ។ មើលចុះ កូននៅតូចនៅឡើយ ហេតុដូច្នោះហើយ ចូរប្រុងស្ដាប់តាមពាក្យសម្ដីរបស់បងកូន គឺនីហ្វៃ ហើយការណ៍ទាំងនោះ នឹងកើតឡើងដល់កូន គឺស្របតាមពាក្យទាំងឡាយដែលឪពុកបាននិយាយ។ ចូរនឹកចាំពាក្យរបស់ឪពុកដ៏ជិតស្លាប់នេះចុះ។ អាម៉ែន ៕