ព្រះគម្ពីរ
នីហ្វៃ ទី ២ 3


ជំពូក​ទី ៣

យ៉ូសែប​នៅ​ស្រុក​អេស៊ីព្ទ​បាន​ឃើញ​ពួក​សាសន៍​នីហ្វៃ​នៅ​ក្នុង​ការ​និមិត្ត — លោក​បាន​ព្យាករ​អំពី​យ៉ូសែប ស៊្មីធ ជា​អ្នក​មើល​ឆុត​នៃ​ថ្ងៃ​ចុង​ក្រោយ, អំពី​លោក​ម៉ូសេ​ដែល​នឹង​រំដោះ​សាសន៍​អ៊ីស្រាអែល និង​អំពី​ការ​លេច​ចេញ​មក​នៃ​ព្រះ​គម្ពីរ​មរមន។ ប្រមាណ​ជា​ឆ្នាំ ៥៨៨–៥៧០ ម.គ.ស.។

ហើយ​ឥឡូវ​នេះ ឪពុក​និយាយ​ទៅ​កូន​គឺ​យ៉ូសែប ដែល​ជា​កូន​ពៅ​របស់​ឪពុក។ កូន​បាន​កើត​នៅ​ក្នុង​ទីរហោស្ថាន​នៃ​សេចក្ដី​ទុក្ខវេទនា​របស់​ឪពុក មែន​ហើយ នៅ​ក្នុង​ថ្ងៃ​ដែល​ឪពុក​មាន​ទុក្ខសោក​យ៉ាង​ធំ ដែល​ម្ដាយ​កូន​បាន​បង្កើត​កូន​មក។

ហើយ​សូម​ព្រះ​ទ្រង់​ញែក​ដែនដី​នេះ​ទុក​សម្រាប់​កូន​ផង​ចុះ ដែល​ជា​ដែនដី​ដ៏​ពិសេស​បំផុត ដើម្បី​ទុក​ជា​កេរ្តិ៍អាករ​ដល់​កូន ហើយ​ជា​កេរ្តិ៍អាករ​ដល់​ពូជ​កូន​ជាមួយ​នឹង​ពូជ​បង​របស់​កូន ដើម្បី​ទុក​ជា​ទី​សន្តិសុខ​ដរាប​តទៅ ប្រសិនបើ​កូន​រាល់​គ្នា​នឹង​កាន់​តាម​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ នៃ​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រាអែល។

ហើយ​ឥឡូវ​នេះ យ៉ូសែប កូន​ពៅ​របស់​ឪពុក ដែល​ឪពុក​បាន​នាំ​កូន​ចេញ​ពី​ទីរហោស្ថាន នៃ​សេចក្ដី​ទុក្ខវេទនា​របស់​ឪពុក​អើយ សូម​ឲ្យ​ព្រះ​អម្ចាស់​ទ្រង់​ប្រទាន​ពរ​ដល់​កូន​ដរាប​តទៅ ត្បិត​ពូជ​កូន​នឹង​មិន​ត្រូវ​បំផ្លាញ​សូន្យ​បង់​ឡើយ។

ត្បិត​មើល​ចុះ កូន​ជា​ផល​នៃ​ពោះ​ឪពុក ហើយ​ឪពុក​គឺជា​ពូជ​ពង្ស​នៃ​យ៉ូសែប ដែល​ត្រូវ​ចាប់​ជា​ឈ្លើយ​ទៅ​ស្រុក​អេស៊ីព្ទ។ ហើយ​សេចក្ដី​សញ្ញា​ទាំង​ឡាយ​នៃ​ព្រះ​អម្ចាស់ ដែល​ទ្រង់​បាន​ធ្វើ​ដល់​យ៉ូសែប នោះ​ធំ​ណាស់​ហ្ន៎។

ហេតុ​ដូច្នោះ​ហើយ យ៉ូសែប​បាន​មើល​ឃើញ​ជំនាន់​យើង​យ៉ាង​ពិត​ប្រាកដ។ ហើយ​លោក​បាន​ទទួល​សេចក្ដី​សន្យា​ពី​ព្រះ​អម្ចាស់​ថា ចេញ​ពី​ផល​នៃ​ពោះ​លោក នោះ​ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ ទ្រង់​នឹង​បង្កើត​មែក​មួយ​ដ៏​សុចរិត​ដល់​វង្ស​អ៊ីស្រាអែល ពុំ​មែន​ជា​ព្រះ​មែស៊ី​ទេ ប៉ុន្តែ​ជា​មែក​ដែល​នឹង​ត្រូវ​បាន​កាត់​ចេញ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គង់តែ​នឹង​ត្រូវ​បាន​នឹក​ចាំ​នៅ​ក្នុង​សេចក្ដី​សញ្ញា​ទាំង​ឡាយ​នៃ​ព្រះ​អម្ចាស់​ថា ព្រះ​មែស៊ី​ទ្រង់​នឹង​សម្ដែង​រូបអង្គ​ទ្រង់​ដល់​ពួក​គេ នៅ​គ្រា​ចុង​ក្រោយ ដោយ​វិញ្ញាណ​នៃ​ព្រះ​ចេស្ដា ដើម្បី​នាំ​ពួក​គេ​ចេញ​ពី​ទី​ងងឹត​ទៅ​ឯ​ពន្លឺ — មែន​ហើយ គឺ​ចេញ​ពី​ទី​កំបាំង​ងងឹត ហើយ​ចេញ​ពី​ការ​ជាប់​ឃុំឃាំង​ទៅ​ឯ​សេរីភាព។

ត្បិត​យ៉ូសែប​បាន​ធ្វើ​បន្ទាល់​ជា​ពិត​ប្រាកដ​ថា ៖ មាន​អ្នក​មើល​ឆុត​ម្នាក់​ដែល​ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ​របស់​ខ្ញុំ​ទ្រង់​នឹង​បង្កើត​ឡើង ដែល​នឹង​ទៅ​ជា​អ្នក​មើល​ឆុត​ដ៏​ជម្រើស​ចំពោះ​ផល​នៃ​ពោះ​របស់​ខ្ញុំ។

មែន​ហើយ យ៉ូសែប​បាន​និយាយ​ជា​ពិត​ប្រាកដ​ថា ៖ ព្រះ​អម្ចាស់​ទ្រង់​មាន​ព្រះ​បន្ទូល​មក​ខ្ញុំ​ដូច្នេះ​ថា ៖ មាន​អ្នក​មើល​ឆុត​ម្នាក់​ដ៏​ជម្រើស ដែល​យើង​នឹង​បង្កើត​ឡើង​ពី​ផល​នៃ​ពោះ​អ្នក ហើយ​អ្នក​នោះ​នឹង​បាន​តម្កើង​ខ្ពស់​នៅ​ក្នុង​ចំណោម​ផល​នៃ​ពោះ​អ្នក។ ហើយ​ចំពោះ​អ្នក​នោះ នោះ​យើង​នឹង​បញ្ជា​ថា គាត់​ត្រូវ​ធ្វើ​កិច្ចការ​មួយ​ដើម្បី​ផល​នៃ​ពោះ​អ្នក ជា​បងប្អូន​របស់​គាត់ ដែល​នឹង​ទៅ​ជា​ប្រយោជន៍​ដ៏​ធំ​ដល់​ពួក​គេ គឺ​ដើម្បី​នាំ​ឲ្យ​ពួក​គេ​ស្គាល់​នូវ​សេចក្ដី​សញ្ញា​ទាំង​ឡាយ ដែល​យើង​បាន​ធ្វើ​ជាមួយ​នឹង​ពួក​អយ្យកោ​របស់​អ្នក។

ហើយ​យើង​នឹង​ប្រទាន​ដល់​គាត់​នូវ​បញ្ញត្តិ​មួយ​ថា គាត់​មិន​ត្រូវ​ធ្វើ​កិច្ចការ​អ្វី​ផ្សេង​ទៀត​ក្រៅ​អំពី​ការណ៍​ដែល​យើង​នឹង​បញ្ជា​ដល់​គាត់​ប៉ុណ្ណោះ។ ហើយ​យើង​នឹង​ធ្វើ​ឲ្យ​គាត់​ទៅ​ជា​ធំ​នៅ​ចំពោះ​ភ្នែក​យើង ត្បិត​គាត់​នឹង​ធ្វើ​កិច្ចការ​របស់​យើង។

ហើយ​គាត់​នឹង​បាន​ជា​ធំ​ដូច​ម៉ូសេ ជា​អ្នក​ដែល​យើង​បាន​ប្រាប់​ថា យើង​នឹង​បង្កើត​ឡើង​ដល់​អ្នក ដើម្បី​ដោះលែង​រាស្ត្រ​យើង ឱ​វង្ស​អ៊ីស្រាអែល​អើយ។

១០ហើយ​ម៉ូសេ យើង​នឹង​បង្កើត​ឡើង ដើម្បី​ដោះលែង​ប្រជាជន​របស់​អ្នក​ចេញ​ពី​ស្រុក​អេស៊ីព្ទ។

១១ប៉ុន្តែ​មាន​អ្នក​មើល​ឆុត​ម្នាក់ ដែល​យើង​នឹង​បង្កើត​ឡើង​ពី​ផល​នៃ​ពោះ​អ្នក ហើយ​ចំពោះ​អ្នក​នោះ នោះ​យើង​នឹង​ប្រទាន​អំណាច​ឲ្យ​នាំ​ពាក្យ​របស់​យើង​ដល់​ពូជ​នៃ​ពោះ​អ្នក — ព្រះ​អម្ចាស់​ទ្រង់​មាន​ព្រះ​បន្ទូល​ថា ប៉ុន្តែ​មិន​គ្រាន់តែ​ចំពោះ​ការ​នាំ​ពាក្យ​យើង​ប៉ុណ្ណោះ​ទេ តែ​ចំពោះ​ការ​បរិវត្តន៍​ពួក​គេ​អំពី​ពាក្យ​យើង​ផង ដែល​នឹង​ត្រូវ​បាន​ផ្សាយ​ជាមុន​ក្នុង​ចំណោម​ពួក​គេ។

១២ហេតុ​ដូច្នោះ​ហើយ ផល​នៃ​ពោះ​អ្នក​នឹង​សរសេរ​ទុក ហើយ​ផល​នៃ​ពោះ​យូដា​នឹង​សរសេរ​ទុក ហើយ​អ្វី​ដែល​នឹង​បាន​សរសេរ​ទុក​ដោយ​ផល​នៃ​ពោះ​អ្នក ហើយ​ព្រម​ទាំង​អ្វី​ដែល​នឹង​បាន​សរសេរ​ទុក​ដោយ​ផល​នៃ​ពោះ​យូដា នោះ​នឹង​ត្រូវ​បាន​រួម​ទៅ​ជាមួយ​គ្នា​ចំពោះ​ការ​ផ្ចាញ់ផ្ចាល​នូវ​គោលលទ្ធិ​ក្លែងក្លាយ​ទាំង​ឡាយ ហើយ​បង្ក្រាប​ការ​ទាស់ទែង​គ្នា​ទាំង​ប៉ុន្មាន ហើយ​បង្កើត​ឲ្យ​មាន​សេចក្ដី​សុខសាន្ត នៅ​ក្នុង​ចំណោម​ផល​នៃ​ពោះ​អ្នក ហើយ​នាំ​ឲ្យ​ពួក​គេ​ស្គាល់​នូវ​ពួក​អយ្យកោ​របស់​គេ​នៅ​ថ្ងៃ​ចុង​ក្រោយ ហើយ​ព្រម​ទាំង​ឲ្យ​ស្គាល់​នូវ​សេចក្ដី​សញ្ញា​ទាំង​ឡាយ​របស់​យើង​ផង ព្រះ​អម្ចាស់​ទ្រង់​មាន​ព្រះ​បន្ទូល​ថា​ដូច្នោះ។

១៣ហើយ​ចេញ​ពី​ភាព​ទន់ខ្សោយ អ្នក​នោះ​នឹង​ត្រូវ​បាន​ធ្វើ​ឲ្យ​មាំមួន​នៅ​ថ្ងៃ​នោះ កាល​កិច្ចការ​របស់​យើង​នឹង​ចាប់​ផ្ដើម​នៅ​ក្នុង​ចំណោម​រាស្ត្រ​របស់​យើង​ទាំង​អស់ ដើម្បី​សាង​អ្នក​ឡើង​វិញ ឱ​វង្ស​អ៊ីស្រាអែល​អើយ ព្រះ​អម្ចាស់​ទ្រង់​មាន​ព្រះ​បន្ទូល​ថា​ដូច្នោះ។

១៤ហើយ​យ៉ូសែប​បាន​ព្យាករ​ដូច្នេះ​ថា ៖ មើល​ចុះ អ្នក​មើល​ឆុត​នោះ​ហើយ​ដែល​ព្រះ​អម្ចាស់​ទ្រង់​នឹង​ប្រទាន​ពរ​ឲ្យ ហើយ​អ្នក​ណា​ដែល​ស្វែងរក​បំផ្លាញ​លោក នោះ​នឹង​ត្រូវ​បំផ្លាញ​ចោល ព្រោះ​ដោយ​សារ​សេចក្ដី​សន្យា​នេះ ដែល​ជា​សេចក្ដី​សន្យា​ដែល​ខ្ញុំ​បាន​ទទួល​ពី​ព្រះ​អម្ចាស់ អំពី​ផល​នៃ​ពោះ​ខ្ញុំ នោះ​នឹង​ត្រូវ​បាន​បំពេញ។ មើល​ចុះ ខ្ញុំ​ដឹង​យ៉ាង​ច្បាស់​នូវ​ការ​បំពេញ​នៃ​សេចក្ដី​សន្យា​នេះ

១៥ហើយ​ឈ្មោះ​លោក​នឹង​ត្រូវ​បាន​ហៅ​តាម​ឈ្មោះ​ខ្ញុំ ហើយ​ឈ្មោះ​នោះ​ដាក់​តាម​ឈ្មោះ​ឪពុក​លោក។ ហើយ​លោក​នឹង​បាន​ដូច​ជា​ខ្ញុំ​ដែរ ត្បិត​ការណ៍​ដែល​ព្រះ​អម្ចាស់ ទ្រង់​នឹង​ធ្វើ​ឡើង​ដោយ​ស្នាដៃ​លោក ដោយ​ព្រះ​ចេស្ដា​នៃ​ព្រះ​អម្ចាស់ នោះ​នឹង​នាំ​ប្រជាជន​ខ្ញុំ​ទៅ​កាន់​សេចក្ដី​សង្គ្រោះ។

១៦មែន​ហើយ យ៉ូសែប​បាន​ព្យាករ​ដូច្នេះ​ថា ៖ ខ្ញុំ​ដឹង​យ៉ាង​ច្បាស់​នូវ​ការណ៍​នេះ ដូច​ជា​ខ្ញុំ​ដឹង​យ៉ាង​ច្បាស់​នូវ​សេចក្ដី​សន្យា​របស់​លោក​ម៉ូសេ ត្បិត​ព្រះ​អម្ចាស់​ទ្រង់​បាន​ប្រាប់​ខ្ញុំ​ថា ៖ យើង​នឹង​ថែរក្សា​ពូជ​អ្នក​ទុក​រហូត។

១៧ហើយ​ព្រះ​អម្ចាស់​ទ្រង់​មាន​ព្រះ​បន្ទូល​ថា ៖ យើង​នឹង​បង្កើត​ម៉ូសេ​ម្នាក់ ហើយ​យើង​នឹង​ប្រទាន​ដល់​អ្នក​នោះ​នូវ​អំណាច​ក្នុង​រំពាត់ ហើយ​យើង​នឹង​ប្រទាន​សេចក្ដី​ជំនុំជំរះ​ដល់​គាត់​ក្នុង​ការ​សរសេរ។ ក៏​ប៉ុន្តែ​យើង​មិន​ស្រាយ​អណ្ដាត​គាត់ ដើម្បី​ឲ្យ​គាត់​និយាយ​ច្រើន​ទេ ត្បិត​យើង​មិន​ធ្វើ​ឲ្យ​គាត់​ខ្លាំង​ពូកែ​ក្នុង​ការ​និយាយ​ឡើយ។ ប៉ុន្តែ​យើង​នឹង​សរសេរ​ក្រឹត្យវិន័យ​របស់​យើង​ដល់​គាត់​ដោយ​ម្រាមដៃ​យើង​ផ្ទាល់ ហើយ​យើង​នឹង​បង្កើត​អ្នក​និយាយ​ជំនួស​ម្នាក់​ដល់​គាត់។

១៨ហើយ​ព្រះ​អម្ចាស់​ទ្រង់​មាន​ព្រះ​បន្ទូល​មក​ខ្ញុំ​ដែរ​ថា ៖ យើង​នឹង​បង្កើត​ឡើង​ដល់​ផល​នៃ​ពោះ​អ្នក ហើយ​យើង​បង្កើត​អ្នក​និយាយ​ជំនួស​ម្នាក់​ដល់​គាត់។ ហើយ​យើង មើល​ចុះ យើង​នឹង​ប្រទាន​ដល់​គាត់ ដើម្បី​ឲ្យ​គាត់​សរសេរ​ពាក្យ​របស់​ផល​នៃ​ពោះ​អ្នក សម្រាប់​ផល​នៃ​ពោះ​អ្នក ហើយ​អ្នក​និយាយ​ជំនួស​ពី​ផល​នៃ​ពោះ​អ្នក​នឹង​ប្រកាស​រឿង​នោះ។

១៩ហើយ​ពាក្យ​ទាំង​ឡាយ​ដែល​អ្នក​នោះ​នឹង​សរសេរ គឺ​ជា​ពាក្យ​ទាំង​ឡាយ​ដែល​ជា​ការ​ចាំបាច់​នៅ​ក្នុង​ប្រាជ្ញា​របស់​យើង ដែល​ត្រូវ​ផ្សាយ​ដល់​ផល​នៃ​ពោះ​អ្នក។ ហើយ​ការណ៍​នេះ ហាក់​ដូច​ជា​ផល​នៃ​ពោះ​អ្នក​បាន​ស្រែក​ប្រកាស​ដល់​ពួក​គេ ចេញ​ពី​ធូលី​ដី ត្បិត​យើង​ស្គាល់​សេចក្ដី​ជំនឿ​របស់​ពួក​គេ។

២០ហើយ​ពួក​គេ​នឹង​ស្រែក​ប្រកាស​ចេញ​ពី​ធូលី​ដី មែន​ហើយ គឺ​ពី​ការ​ប្រកាស​ឲ្យ​ប្រែចិត្ត​ដល់​បងប្អូន​របស់​ពួក​គេ គឺ​បន្ទាប់ពី​តំណ​ជាច្រើន​បាន​កន្លង​ផុត​ពួក​គេ​ទៅ។ ហើយ​ហេតុការណ៍​នឹង​បាន​កើត​ឡើង​ថា សម្រែក​របស់​គេ​នឹង​ប្រកាស​ចេញ​ទៅ គឺ​ស្រប​តាម​ពាក្យ សាមញ្ញ​របស់​គេ។

២១ពី​ព្រោះ​មក​ពី​សេចក្ដី​ជំនឿ​របស់​ពួក​គេ នោះ​ពាក្យ​ទាំង​ឡាយ​របស់​ពួក​គេ​នឹង​បាន​ផ្សាយ​ចេញ​ពី​មាត់​របស់​យើង​ទៅ​ដល់​បងប្អូន​គេ ដែល​ជា​ផល​នៃ​ពោះ​អ្នក ហើយ​ឯ​ភាព​ទន់ខ្សោយ​នៃ​ពាក្យ​ទាំង​ឡាយ​របស់​ពួក​គេ នោះ​យើង​នឹង​ឲ្យ​សេចក្ដី​ជំនឿ​របស់​ពួក​គេ​ខ្លាំង​ឡើង ដើម្បី​ឲ្យ​ពួក​គេ​នឹក​ចាំ​ដល់​សេចក្ដី​សញ្ញា​របស់​យើង ដែល​យើង​បាន​ធ្វើ​ជាមួយ​នឹង​ពួក​អយ្យកោ​របស់​ពួក​គេ។

២២ហើយ​ឥឡូវ​នេះ មើល​ចុះ ឱ​យ៉ូសែប កូន​ប្រុស​របស់​ឪពុក​អើយ តាម​ពាក្យ​បែប​នេះ​ហើយ​ដែល​ឪពុក​ដើម​របស់​ឪពុក​បាន​ព្យាករ។

២៣ហេតុ​ដូច្នោះ​ហើយ ដោយ​សារ​សេចក្ដី​សញ្ញា​នេះ នោះ​កូន​មាន​ពរ​ហើយ ត្បិត​ពូជ​កូន​នឹង​មិន​ត្រូវ​បាន​បំផ្លាញ​ចោល​ឡើយ ពី​ព្រោះ​គេ​នឹង​ប្រុង​ស្ដាប់​តាម​ពាក្យ​ទាំង​ឡាយ​នៅ​ក្នុង​គម្ពីរ។

២៤ហើយ​នឹង​មាន​អ្នក​ខ្លាំង​ពូកែ​ម្នាក់​កើត​ឡើង​នៅ​ក្នុង​ចំណោម​ពួក​គេ ដែល​នឹង​ធ្វើ​អំពើ​ល្អ​ជា​ច្រើន ទាំង​ពាក្យ​សម្ដី និង​កិច្ចការ ដែល​ជា​គ្រឿង​ឧបករណ៍​មួយ​នៅ​ក្នុង​ព្រះ​ហស្ត​នៃ​ព្រះ ដោយ​មាន​សេចក្ដី​ជំនឿ​យ៉ាង​ខ្លាំង ដើម្បី​ធ្វើ​កិច្ចការ​ដ៏​អស្ចារ្យ ហើយ​ប្រព្រឹត្ត​នូវ​អ្វី​ដែល​ធំ​នៅ​ចំពោះ​ព្រះ​នេត្រ​នៃ​ព្រះ ដើម្បី​សម្រេច​នូវ​ការ​កសាង​ឡើង​វិញ​ជាច្រើន​ដល់​វង្ស​អ៊ីស្រាអែល និង​ដល់​ពូជ​បងប្អូន​របស់​កូន។

២៥ហើយ​ឥឡូវ​នេះ ឱ​យ៉ូសែប​អើយ កូន​មាន​ពរ​ហើយ។ មើល​ចុះ កូន​នៅ​តូច​នៅ​ឡើយ ហេតុ​ដូច្នោះ​ហើយ ចូរ​ប្រុង​ស្ដាប់​តាម​ពាក្យ​សម្ដី​របស់​បង​កូន គឺ​នីហ្វៃ ហើយ​ការណ៍​ទាំង​នោះ នឹង​កើត​ឡើង​ដល់​កូន គឺ​ស្រប​តាម​ពាក្យ​ទាំង​ឡាយ​ដែល​ឪពុក​បាន​និយាយ។ ចូរ​នឹក​ចាំ​ពាក្យ​របស់​ឪពុក​ដ៏​ជិត​ស្លាប់​នេះ​ចុះ។ អាម៉ែន ៕