ជំពូកទី ២៤
ទូតរបស់ព្រះអម្ចាស់នឹងរៀបចំផ្លូវថ្វាយដល់ការយាងមកជាលើកទីពីរ — ព្រះគ្រីស្ទនឹងអង្គុយជំនុំជំរះ — សាសន៍អ៊ីស្រាអែលត្រូវបានបញ្ជាឲ្យថ្វាយដង្វាយមួយភាគដប់ និងដង្វាយទាំងឡាយ — សៀវភៅរំឭកបានកត់ទុក — ចូរប្រៀបធៀបនឹងគម្ពីរម៉ាឡាគី ៣។ ប្រមាណជាឆ្នាំ ៣៤ គ.ស.។
១ហើយហេតុការណ៍បានកើតឡើងថា ទ្រង់បានបញ្ជាឲ្យពួកគេសរសេរទុកនូវពាក្យទាំងឡាយ ដែលព្រះវរបិតា ទ្រង់បានប្រទានឲ្យម៉ាឡាគី ដែលទ្រង់នឹងប្រាប់ដល់គេ។ ហើយហេតុការណ៍បានកើតឡើងថា បន្ទាប់ពីគេបានកត់ហើយ នោះទ្រង់ក៏ពន្យល់ប្រាប់ពាក្យទាំងនោះ ហើយនេះគឺពាក្យទាំងឡាយ ដែលទ្រង់បានប្រាប់ទៅគេថា ៖ ព្រះវរបិតាទ្រង់មានព្រះបន្ទូលទៅម៉ាឡាគីដូច្នេះថា — មើលចុះ យើងចាត់ទូតយើងឲ្យទៅគាត់នឹងរៀបចំផ្លូវនៅមុខយើង ហើយព្រះអម្ចាស់ដែលអ្នករាល់គ្នាស្វែងរក នោះទ្រង់នឹងយាងមកដល់ព្រះវិហារបរិសុទ្ធរបស់ទ្រង់ភ្លាម ឯទូតដែលនាំសេចក្ដីសញ្ញាមក ជាសេចក្ដីសញ្ញាដែលអ្នករាល់គ្នាចង់បានទាំងនោះ មើលន៏ ទ្រង់យាងមក នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់នៃពួកពលបរិវារ។
២តែមានអ្នកឯណាធន់នៅបានក្នុងកាលដែលទ្រង់យាងមកនោះ តើអ្នកណានឹងឈរនៅក្នុងកាលដែលទ្រង់លេចមក? ត្បិតទ្រង់ប្រៀបដូចជាភ្លើងរបស់ជាងសំរង ហើយដូចជាក្បុងរបស់ជាងប្រមោក។
៣ហើយទ្រង់នឹងគង់ចុះ ដូចជាជាងសំរង ហើយនឹងដេញអាចម៍ប្រាក់ ហើយទ្រង់នឹងសំអាតពួកកូនចៅលេវី ហើយសំរងគេដូចជាមាស ហើយនិងប្រាក់ នោះគេនឹងថ្វាយដង្វាយដល់ព្រះអម្ចាស់ដោយសេចក្ដីសុចរិត។
៤គ្រានោះ ដង្វាយរបស់ពួកយូដា និងក្រុងយេរូសាឡិម នឹងទៅជាទីគាប់ដល់ព្រះហឫទ័យនៃព្រះអម្ចាស់ ដូចកាលពីដើម គឺដូចកាលពីចាស់បុរាណនោះ។
៥ហើយយើងនឹងមកជិតអ្នករាល់គ្នាដើម្បីនឹងជំនុំជំរះ ហើយយើងនឹងធ្វើជាសាក្សីយ៉ាងរហ័សទាស់នឹងពួកមន្តអាគម ហើយទាស់នឹងពួកកំផិត ហើយទាស់នឹងពួកដែលស្បថបំពាន ហើយទាស់នឹងពួកដែលកេងបំបាត់ឈ្នួលរបស់កូនឈ្នួល ព្រមទាំងសង្កត់សង្កិន ស្រីមេម៉ាយ និងមនុស្សកំព្រាផង ហើយដែលបែរចេញពីពួកអ្នកចម្លែក ហើយឥតកោតខ្លាចដល់យើងដែរ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់នៃពួកពលបរិវារ។
៦ត្បិតយើង គឺព្រះអម្ចាស់ យើងមិនប្រែប្រួលឡើយ ហេតុនោះ ឱពួកកូនចៅយ៉ាកុបអើយ អ្នករាល់គ្នាមិនបានត្រូវវិនាសទេ។
៧អ្នករាល់គ្នាបានបោះបង់ចោលពិធីបរិសុទ្ធរបស់យើង ចាប់តាំងពីគ្រាពួកអយ្យកោរៀងមក ឥតកាន់តាមឡើយ។ ព្រះអម្ចាស់នៃពួកពលបរិវារទ្រង់បង្គាប់ថា ចូរវិលមកឯយើងវិញចុះ នោះយើងនឹងត្រឡប់មកអ្នកដែរ។ តែអ្នករាល់គ្នាថា ៖ តើយើងនឹងវិលទៅយ៉ាងដូចម្ដេច?
៨ចុះតើមនុស្សនឹងកោងយករបស់ព្រះឬ? ប៉ុន្តែអ្នករាល់គ្នាបានកោងយករបស់យើងហើយ។ រួចបែរជាសួរថា ៖ តើយើងបានកោងយករបស់ទ្រង់ឯណា? គឺក្នុងដង្វាយមួយភាគដប់ ហើយក្នុងដង្វាយលើកចុះឡើងនោះឯង។
៩អ្នករាល់គ្នាគឺមនុស្សនៅនគរនេះទាំងមូល ត្រូវបណ្ដាសាហើយ ដោយព្រោះតែងតែកោងយករបស់យើងយ៉ាងដូច្នេះ។
១០ចូរនាំយកដង្វាយមួយភាគដប់ទាំងអស់មកដាក់ក្នុងឃ្លាំងចុះ ដើម្បីឲ្យមានស្បៀងអាហារនៅក្នុងដំណាក់នៃយើង ហើយល្បងលយើងឥឡូវនេះ បើយើងមិនបើកបង្អួចស្ថានសួគ៌ ដើម្បីចាក់ព្រះពរមកលើអ្នកដែលនឹងគ្មានកន្លែងល្មមទុកបានទេ នេះហើយជាព្រះបន្ទូលរបស់ព្រះអម្ចាស់នៃពួកពលបរិវារ។
១១ដូច្នេះដោយយល់ដល់អ្នករាល់គ្នា នោះយើងនឹងបន្ទោសដល់សត្វដែលស៊ីបង្ខូច មិនឲ្យវាបំផ្លាញផលដែលកើតពីដីអ្នកឡើយ ឯដើមទំពាំងបាយជូរនៅចម្ការរបស់អ្នក ក៏មិនជម្រុះផ្លែពីកាលនៅក្ដឹបដែរ នេះហើយជាព្រះបន្ទូលរបស់ព្រះអម្ចាស់នៃពួកពលបរិវារ។
១២យ៉ាងនោះ គ្រប់ទាំងសាសន៍នឹងថា អ្នករាល់គ្នាមានពរ ត្បិតដែនដីរបស់អ្នករាល់គ្នា នឹងបានជាដែនដីសប្បាយណាស់ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់នៃពួកពលបរិវារ។
១៣ព្រះអម្ចាស់ទ្រង់មានព្រះបន្ទូលថា ពាក្យសម្ដីរបស់អ្នករាល់គ្នា បានទាស់នឹងយើងជាខ្លាំង។ ទោះបីយ៉ាងនោះក៏អ្នករាល់គ្នាថា ៖ តើយើងបាននិយាយអ្វីទាស់នឹងទ្រង់?
១៤អ្នករាល់គ្នាបានពោលថា ៖ ជាការឥតប្រយោជន៍ទេដែលបម្រើព្រះ ហើយតើមានប្រយោជន៍អ្វី ដែលយើងកាន់តាមក្រឹត្យក្រមទាំងឡាយរបស់ទ្រង់ ហើយដែលយើងដើរដោយសោកសៅនៅចំពោះព្រះអម្ចាស់នៃពួកពលបរិវារ?
១៥ហើយឥឡូវនេះ យើងរាប់មនុស្សឆ្មើងឆ្មៃទុកជាសប្បាយហើយ មែនហើយ ពួកអ្នកដែលប្រព្រឹត្តការអាក្រក់បានតាំងឡើង មែនហើយ គេល្បងលព្រះ ហើយក៏រួចខ្លួនផង។
១៦គ្រានោះ ពួកអ្នកដែលកោតខ្លាចដល់ព្រះអម្ចាស់ ក៏និយាយគ្នាទៅវិញទៅមកជាញយៗ ហើយព្រះអម្ចាស់ទ្រង់ប្រុងស្ដាប់ ក៏បានឮ រួចមានសៀវភៅរំឭកបានកត់ទុកនៅចំពោះព្រះអម្ចាស់សម្រាប់អ្នកដែលកោតខ្លាចដល់ទ្រង់ និងពួកអ្នកដែលនឹកដល់ព្រះនាមទ្រង់។
១៧ព្រះអម្ចាស់នៃពួកពលបរិវារទ្រង់មានព្រះបន្ទូលថា នៅថ្ងៃដែលយើងធ្វើការនេះ នោះគេនឹងបានជារបស់ផងយើង គឺជារបស់ផងយើងពិត ហើយយើងនឹងប្រណីដល់គេ ដូចជាមនុស្សប្រណីដល់កូនខ្លួនដែរ គឺជាកូនដែលគោរពដល់ខ្លួនពិត។
១៨គ្រានោះ អ្នករាល់គ្នានឹងត្រឡប់មក ហើយចេះវែកញែករវាងសេចក្ដីសុចរិត និងសេចក្ដីអាក្រក់ រវាងមនុស្សដែលគោរពដល់ព្រះ និងមនុស្សដែលមិនគោរពផង៕