ព្រះគម្ពីរ
អាលម៉ា 19


ជំពូក​ទី ១៩

ឡាម៉ូណៃ​ទទួល​ពន្លឺ​នៃ​ជីវិត​ដ៏​អស់​កល្ប​ជានិច្ច ហើយ​ឃើញ​ព្រះ​ដ៏​ប្រោស​លោះ — រាជ​វង្សា​របស់​ទ្រង់​ធ្លាក់​ទៅ​ក្នុង​ការ​សណ្ដំ ហើយ​មនុស្ស​ជា​ច្រើន​ឃើញ​ពួក​ទេវតា — អាំម៉ូន​ត្រូវ​បាន​រក្សាទុក​ដោយ​អព្ភូតហេតុ — លោក​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​ឲ្យ​មនុស្ស​ជា​ច្រើន ហើយ​តាំង​សាសនាចក្រ​មួយ​ឡើង​នៅ​ក្នុង​ចំណោម​ពួក​គេ។ ប្រមាណ​ជា​ឆ្នាំ ៩០ ម.គ.ស.។

ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា បន្ទាប់​ពី​ពីរ​ថ្ងៃ និង​ពីរ​យប់​ក្រោយ​មក នោះ​ពួក​គេ​បម្រុង​នឹង​នាំ​យក​សាកសព​របស់​ទ្រង់​ទៅ​បញ្ចុះ​ក្នុង​ផ្នូរ ដែល​គេ​បាន​ធ្វើ​សម្រាប់​កប់​មនុស្ស​ស្លាប់។

ឥឡូវ​នេះ ព្រះ​អគ្គមហេសី​បាន​ឮ​ល្បី​អំពី​អាំម៉ូន ហេតុ​ដូច្នេះ​ហើយ ព្រះ​នាង​បាន​ចាត់​ឲ្យ​គេ​ទៅ ហើយ​មាន​ព្រះ​ទ័យ​ចង់​ឲ្យ​លោក​ចូល​មក​គាល់​ព្រះ​នាង។

ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា អាំម៉ូន​បាន​ធ្វើ​តាម​ដែល​លោក​ត្រូវ​បាន​បញ្ជា ហើយ​បាន​ចូល​ទៅ​គាល់​ព្រះ​អគ្គមហេសី ហើយ​ចង់​ដឹង​ថា តើ​ព្រះ​នាង​ចង់​ឲ្យ​លោក​ធ្វើ​អ្វី។

ហើយ​ព្រះ​នាង​បាន​មាន​បន្ទូល​ទៅ​កាន់​លោក​ថា ៖ ពួក​អ្នក​បម្រើ​របស់​ព្រះ​ស្វាមី​យើង បាន​ប្រាប់​ឲ្យ​យើង​ដឹង​ថា លោក​គឺជា​ព្យាការី​នៃ​ព្រះ​ដ៏​បរិសុទ្ធ ហើយ​ថា លោក​មាន​អំណាច​ធ្វើ​ការ​ដ៏​អស្ចារ្យ​ជា​ច្រើន​ដោយ​នូវ​ព្រះ​នាម​ទ្រង់

ហេតុ​ដូច្នេះ​ហើយ បើ​សិន​ជា​ករណី​នេះ​ពិតមែន យើង​ចង់​ឲ្យ​លោក​ចូល​ទៅ​មើល​ព្រះ​ស្វាមី​យើង ព្រោះ​ទ្រង់​បាន​ផ្ទំ​នៅ​លើ​គ្រែ​អស់​រយៈ​ពេល​ពីរ​ថ្ងៃ និង​ពីរ​យប់​មក​ហើយ ហើយ​អ្នក​ខ្លះ​ទៀត​និយាយ​ថា ទ្រង់​មិនទាន់​សុគត​ទេ តែ​អ្នក​ខ្លះ​និយាយ​ថា ទ្រង់​សុគត ហើយ​ថា ទ្រង់​មាន​ក្លិនស្អុយ​ទៅ​ហើយ ហើយ​ថា គេ​ត្រូវ​តែ​បញ្ចុះ​ទ្រង់​ក្នុង​ផ្នូរ តែ​ចំពោះ​ខ្លួន​យើង​ផ្ទាល់ យើង​ឃើញ​ថា ទ្រង់​ពុំ​ទាន់​ធុំ​ក្លិន​ស្អុយ​ទេ។

ឥឡូវ​នេះ ការណ៍​នេះ​គឺជា​ការណ៍​ដែល​អាំម៉ូន​ប្រាថ្នា ព្រោះ​លោក​បាន​ដឹង​ថា ស្ដេច​ឡាម៉ូណៃ​នៅ​ក្រោម​ព្រះ​ចេស្ដា​នៃ​ព្រះ លោក​បាន​ដឹង​ថា ស្បៃ​ខ្មៅ​នៃ​ការ​ឥត​ជំនឿ​កំពុងតែ​បាន​លាត​ចេញ​ពី​គំនិត​ទ្រង់ ហើយ​ពន្លឺ​ដែល​បាន​បំភ្លឺ​គំនិត​ទ្រង់ គឺជា​ពន្លឺ​ដែល​ជា​សិរី​ល្អ​នៃ​ព្រះ គឺជា​ពន្លឺ​ដ៏​អស្ចារ្យ​នៃ​សេចក្ដី​ល្អ​សប្បុរស​របស់​ទ្រង់ — មែន​ហើយ ពន្លឺ​នេះ​បាន​ធ្វើ​ឲ្យ​សេចក្ដី​អំណរ​ជ្រួល​ជ្រាប​ទៅ​ក្នុង​ព្រលឹង​របស់​ទ្រង់ ឯ​ពពក​នៃ​ភាព​ងងឹត ក៏​បាន​ផាត់​ចេញ ហើយ​ពន្លឺ​ដែល​ជា​ជីវិត​ដ៏​អស់​កល្ប​ជានិច្ច ត្រូវ​បាន​អុជ​ឡើង​នៅ​ក្នុង​ព្រលឹង​ទ្រង់ មែន​ហើយ លោក​ដឹង​ថា ការណ៍​នេះ​បាន​ឈ្នះ​លើ​រូបរាងកាយ​ធម្មជាតិ​របស់​ទ្រង់ ហើយ​ទ្រង់​ក៏​បាន​នាំ​យក​ទៅ​ដោយ​ព្រះ —

ហេតុ​ដូច្នេះ​ហើយ អ្វីៗ​ដែល​ព្រះ​អគ្គមហេសី​ចង់​ឲ្យ​លោក​ធ្វើ នោះ​គឺជា​បំណង​របស់​លោក​ប៉ុណ្ណោះ។ ហេតុ​ដូច្នេះ​ហើយ លោក​បាន​ចូល​ទៅ​មើល​ស្ដេច តាម​សំណូមពរ​របស់​អគ្គមហេសី ហើយ​លោក​បាន​ឃើញ​ស្ដេច ហើយ​លោក​បាន​ដឹង​ថា ទ្រង់​ពុំ​ទាន់​សុគត​នៅ​ឡើយ​ទេ។

ហើយ​លោក​បាន​ទូល​ទៅ​កាន់​ព្រះ​អគ្គមហេសី​ថា ៖ ទ្រង់​ពុំ​ទាន់​សុគត​ទេ តែ​ទ្រង់​ផ្ទំ​នៅ​ក្នុង​ព្រះ​ប៉ុណ្ណោះ ហើយ​ថ្ងៃ​ស្អែក ទ្រង់​នឹង​ក្រោក​ឡើង​វិញ ហេតុ​ដូច្នេះ​ហើយ ចូរ​កុំ​បញ្ចុះ​ទ្រង់​ឡើយ។

ហើយ​អាំម៉ូន​បាន​ទូល​ទៅ​ព្រះ​នាង​ថា ៖ តើ​ព្រះ​នាង​ជឿ​ការណ៍​នេះ​ទេ? ហើយ​ព្រះ​នាង​បាន​មាន​បន្ទូល​ទៅ​លោក​ថា ៖ យើង​គ្មាន​សាក្សី​ឯណា​ទេ ក្រៅ​ពី​ពាក្យ​របស់​លោក និង​ពាក្យ​របស់​ពួក​អ្នក​បម្រើ​របស់​យើង​ប៉ុណ្ណោះ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គង់តែ​យើង​ជឿ​ថា វា​នឹង​ដូច​ជា​ពាក្យ​របស់​លោក​និយាយ​មែន។

១០ហើយ​អាំម៉ូន​បាន​ទូល​ទៅ​កាន់​ព្រះ​នាង​ថា ៖ ព្រះ​នាង​មាន​ពរ​ហើយ មក​ពី​សេចក្ដី​ជំនឿ​ដ៏​លើសលប់​របស់​ព្រះ​នាង ឱ​ព្រះ​នាង​អើយ ទូលបង្គំ​សូម​ប្រាប់​ព្រះ​នាង​ថា ក្នុង​ចំណោម​ប្រជាជន​នៃ​សាសន៍​នីហ្វៃ​ទាំង​អស់ នោះ​គ្មាន​អ្នក​ណា​មាន​សេចក្ដី​ជំនឿ​ដ៏​មុតមាំ​បែប​នេះ​ឡើយ។

១១ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ព្រះ​នាង​បាន​នៅ​ចាំ​យាម​គ្រែ​របស់​ព្រះ​ស្វាមី​របស់​នាង ចាប់​ពី​ពេល​នោះ​មក​រហូត​ដល់​ថ្ងៃ​ស្អែក ដែល​អាំម៉ូន​បាន​កំណត់​ថា ទ្រង់​នឹង​ក្រោក​ឡើង​វិញ។

១២ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ទ្រង់​ក៏​ក្រោក​ឡើង តាម​ពាក្យ​សម្ដី​របស់​អាំម៉ូន​មែន ហើយ​ពេល​ទ្រង់​តើន​ឡើង នោះ​ទ្រង់​បាន​ហុច​ព្រះ​ហស្ត​ទៅ​ព្រះ​អគ្គមហេសី ហើយ​មាន​បន្ទូល​ថា ៖ សូម​ឲ្យ​ព្រះ​នាម​នៃ​ព្រះ​បាន​ប្រកប​ដោយ​ព្រះ​ពរ ហើយ​ព្រះ​នាង​មាន​ពរ​ហើយ។

១៣ព្រោះ​ប្រាកដ​ដូច​ព្រះ​នាង​រស់នៅ​ដែរ មើល​ចុះ យើង​បាន​ឃើញ​ព្រះ​ដ៏​ប្រោស​លោះ​របស់​យើង​ហើយ ហើយ​ទ្រង់​នឹង​យាង​មក ហើយ​នឹង​ប្រសូត​ពី​ស្ត្រី​ម្នាក់ ហើយ​ទ្រង់​នឹង​ប្រោស​លោះ​មនុស្ស​លោក​ទាំង​អស់​ដែល​ជឿ​ដល់​ព្រះ​នាម​ទ្រង់។ ឥឡូវ​នេះ កាលដែល​ទ្រង់​មាន​បន្ទូល​នូវ​ពាក្យ​ទាំង​នេះ ចិត្ត​របស់​ទ្រង់​រីក​ឡើង ហើយ​ទ្រង់​ក៏​ស្រុត​ចុះ​វិញ​ដោយ​សេចក្ដី​អំណរ ហើយ​ព្រះ​អគ្គមហេសី​ក៏​ស្រុត​ចុះ​ដែរ​ដោយ​ព្រះ​វិញ្ញាណ​សណ្ដំ។

១៤ឥឡូវ​នេះ អាំម៉ូន ដោយ​ឃើញ​ថា តាម​ការ​អធិស្ឋាន​របស់​លោក ព្រះ​វិញ្ញាណ​នៃ​ព្រះ​អម្ចាស់​បាន​ស្រោច​មក​លើ​ពួក​លេមិន គឺជា​បង​ប្អូន​លោក ដែល​ជា​ដើមហេតុ​នៃ​ការ​ទួញ​សោក​ជា​ខ្លាំង​នៅ​ក្នុង​ចំណោម​ពួក​នីហ្វៃ ឬ​នៅ​ក្នុង​ចំណោម​ប្រជាជន​ទាំង​អស់​នៃ​ព្រះ​មក​ពី​អំពើ​ទុច្ចរិត និង​សណ្ដាប់​ទាំង​ឡាយ​របស់​គេ នោះ​លោក​បាន​លុតជង្គង់​ចុះ ហើយ​បាន​ចាប់​ផ្ដើម​អធិស្ឋាន​ដ៏​អស់​ពី​ចិត្ត ហើយ​បាន​ថ្លែង​អំណរ​អរគុណ​ដល់​ព្រះ​ចំពោះ​អ្វីៗ​ដែល​ទ្រង់​បាន​ធ្វើ​ដល់​បង​ប្អូន​លោក ហើយ​លោក​ក៏​បាន​ពោរពេញ​ទៅ​ដោយ​សេចក្ដី​អំណរ ហើយ​នោះ ពួក​គេ​ទាំង​បី​នាក់​ក៏​ដួល​ទៅ​លើ​ដី​ទាំង​អស់​គ្នា។

១៥ឥឡូវ​នេះ កាលដែល​ពួក​អ្នក​បម្រើ​របស់​ស្ដេច បាន​ឃើញ​ពួក​គេ​ដួល នោះ​ពួក​គេ​ក៏​ចាប់​ផ្ដើម​អំពាវនាវ​ទៅ​ព្រះ ត្បិត​ការ​ខ្លាច​ដល់​ព្រះ​អម្ចាស់​បាន​ធ្លាក់​មក​លើ​គេ​ដែរ ព្រោះ​ពួក​គេ​នេះ​ហើយ​ដែល​បាន​ឈរ​នៅ​ចំពោះ​ស្ដេច ហើយ​បាន​ថ្លែង​ជា​សាក្សី​ទៅ​កាន់​ស្ដេច អំពី​អំណាច​ដ៏​អស្ចារ្យ​របស់​អាំម៉ូន។

១៦ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ពួក​គេ​បាន​អំពាវនាវ​ដល់​ព្រះ​នាម​នៃ​ព្រះ​អម្ចាស់ ដោយ​នូវ​សមត្ថ​ភាព​គេ រហូត​ដល់​ពួក​គេ​ទាំង​អស់​គ្នា​ដួល​ទៅ​លើ​ដី​ដែរ លើក​លែង​តែ​ស្ត្រី​សាសន៍​លេមិន​ម្នាក់​ដែល​មាន​ឈ្មោះ​ថា អ័ប៊ីស នាង​បាន​ប្រែ​ចិត្ត​ជឿ​ដល់​ព្រះ​អម្ចាស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ ដោយ​សារ​ការ​និមិត្ត​ដ៏​អស្ចារ្យ​មួយ​របស់​ឪពុក​នាង —

១៧ម្ល៉ោះ​ហើយ ដោយ​បាន​ប្រែ​ចិត្ត​ជឿ​ដល់​ព្រះ​អម្ចាស់ តែ​មិនដែល​ឲ្យ​គេ​ដឹង ហេតុ​ដូច្នេះ​ហើយ កាលដែល​នាង​ឃើញ​ថា ពួក​អ្នក​បម្រើ​ទាំង​អស់​របស់​ឡាម៉ូណៃ បាន​ដួល​ទៅ​លើ​ដី ព្រម​ទាំង​ម្ចាស់​ក្សត្រី​របស់​នាង គឺជា​ព្រះ​អគ្គមហេសី និង​ស្ដេច និង​អាំម៉ូន​ដេក​ស្ដូក​នៅ​លើ​ដី នោះ​នាង​ដឹង​ថា នេះ​ហើយ​ជា​ព្រះ​ចេស្ដា​នៃ​ព្រះ ហើយ​នាង​បាន​គិត​ថា នេះ​គឺជា​ឱកាស​មួយ ដើម្បី​ធ្វើ​ឲ្យ​ប្រជាជន​ដឹង​នូវ​ហេតុ​ការណ៍ ដែល​បាន​កើត​ឡើង​ក្នុង​ចំណោម​ពួក​គេ គឺ​ដោយ​ឃើញ​ឥទ្ធិពល​នេះ នឹង​បណ្ដា​ល​ឲ្យ​ពួក​គេ​ជឿ​ដល់​ព្រះ​ចេស្ដា​នៃ​ព្រះ ហេតុ​ដូច្នេះ​ហើយ នាង​បាន​រត់​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​ទៅ​ប្រាប់​ឲ្យ​ប្រជាជន​បាន​ដឹង។

១៨ហើយ​ពួក​គេ​បាន​ចាប់​ផ្ដើម​ប្រជុំ​គ្នា​នៅ​ឯ​ដំណាក់​របស់​ស្ដេច។ ហើយ​នៅ​ទី​នោះ មាន​មនុស្ស​មួយ​ហ្វូង​បាន​មក ហើយ​គេ​មាន​សេចក្ដី​អស្ចារ្យ​ជា​ខ្លាំង កាលដែល​គេ​បាន​ឃើញ​ព្រះ​អគ្គមហេសី និង​ស្ដេច និង​អស់​ពួក​អ្នក​បម្រើ​ដេក​ស្ដូក​នៅ​លើ​ដី​ដូច្នោះ ហើយ​អ្នក​ទាំង​អស់​នោះ​ដេក​ហាក់​ដូច​ជា​ស្លាប់ ហើយ​ពួក​គេ​ក៏​បាន​ឃើញ​អាំម៉ូន​ដែរ ហើយ​មើល​ចុះ លោក​គឺជា​សាសន៍​នីហ្វៃ។

១៩ហើយ​ឥឡូវ​នេះ ប្រជាជន​បាន​ចាប់​ផ្ដើម​រអ៊ូរទាំ​ក្នុង​ចំណោម​ពួក​គេ ខ្លះ​និយាយ​ថា នេះ​គឺជា​អំពើ​អាក្រក់​មួយ​ដ៏​ធំ​ដែល​បាន​កើត​ឡើង​មក​លើ​អ្នក​ទាំង​នោះ ឬ​មក​លើ​ស្ដេច និង​រាជ​វង្សា​របស់​ទ្រង់ ពី​ព្រោះ​ទ្រង់​បាន​ទុក​ឲ្យ​សាសន៍​នីហ្វៃ​មក​នៅ​ក្នុង​ដែនដី។

២០តែ​អ្នក​ខ្លះ​ទៀត​ស្ដី​បន្ទោស​គេ​ថា ៖ ស្ដេច​បាន​នាំ​អំពើ​អាក្រក់​នេះ​មក​ដល់​រាជ​វង្សា​របស់​ទ្រង់ ពី​ព្រោះ​ទ្រង់​បាន​សម្លាប់​ពួក​អ្នក​បម្រើ ដែល​បាន​ទុក​ឲ្យ​ហ្វូង​ចៀម​គេ​រត់​ខ្ចាត់ខ្ចាយ នៅ​ឯ​ទឹក​ស៊ីប៊ុស។

២១ហើយ​គេ​ក៏​ត្រូវ​ស្ដី​បន្ទោស​ដោយ​ពួក​មនុស្ស​ដែល​ឈរ​នៅ​ឯ​ទឹក​ស៊ីប៊ុស ហើយ​បាន​ដេញ​បង្អើល​ហ្វូង​ចៀម​ដែល​ជា​របស់​ផង​ស្ដេច​នោះ ព្រោះ​ពួក​គេ​បាន​ខឹង​នឹង​អាំម៉ូន​មក​ពី​ចំនួន​មនុស្ស​ដែល​លោក​បាន​សម្លាប់​បង​ប្អូន​គេ​នៅ​ឯ​ទឹក​ស៊ីប៊ុស កាលដែល​កំពុង​ការ​ពារ​ហ្វូង​ចៀម​របស់​ស្ដេច។

២២ឥឡូវ​នេះ មាន​មនុស្ស​ម្នាក់​ក្នុង​ចំណោម​ពួក​គេ ដែល​មាន​បង​ប្អូន​ត្រូវ​ស្លាប់​ដោយ​ដាវ​របស់​អាំម៉ូន ដោយ​បាន​ខឹង​នឹង​អាំម៉ូន​ជា​ខ្លាំង ទើប​ដក​ដាវ​ខ្លួន ហើយ​ស្ទុះ​មក​ដើម្បី​គាត់​អាច​នឹង​ចាក់​ទៅ​លើ​អាំម៉ូន ដើម្បី​ប្រហារ​លោក​ចោល តែ​នៅ​ពេល​ដែល​គាត់​កំពុង​លើក​ដាវ​ឡើង​នឹង​ចាក់​លោក មើល​ចុះ គាត់​ក៏​ដួល​ស្លាប់​ទៅ។

២៣ឥឡូវ​នេះ យើង​ឃើញ​ថា គេ​មិន​អាច​ប្រហារ​អាំម៉ូន​បាន​ទេ ព្រោះ​ព្រះ​អម្ចាស់​ទ្រង់​បាន​មាន​ព្រះ​បន្ទូល​ទៅ​ម៉ូសាយ ដែល​ជា​បិតា​របស់​លោក​ថា ៖ យើង​នឹង​រក្សា​គេ​ទុក ហើយ​ការណ៍​នេះ​នឹង​កើត​ឡើង​ដល់​គេ​ដោយ​សេចក្ដី​ជំនឿ​របស់​អ្នក — ហេតុ​ដូច្នេះ​ហើយ ម៉ូសាយ​បាន​ទុកដាក់​គេ​នឹង​ព្រះ។

២៤ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា កាលដែល​បណ្ដា​ជន​បាន​ឃើញ​ថា អ្នក​ដែល​បាន​លើក​ដាវ​បម្រុង​នឹង​ប្រហារ​អាំម៉ូន​បាន​ដួល​ស្លាប់​ទៅ នោះ​ការ​ភ័យខ្លាច​ក៏​បាន​ធ្លាក់​មក​លើ​គេ​ទាំង​អស់​គ្នា ហើយ​គេ​មិន​ហ៊ាន​លូកដៃ​ទៅ​ប៉ះ​លោក ឬ​ជន​ណាមួយ ដែល​បាន​ដួល​ចុះ​នោះ​ឡើយ ហើយ​គេ​បាន​ចាប់​ផ្ដើម​ឆ្ងល់​នៅ​ក្នុង​ចំណោម​ពួក​គេ​ទៀត មិន​ដឹង​ថា តើ​អ្វី​ទៅ​ជា​ប្រភព​នៃ​អំណាច​ដ៏​អស្ចារ្យ​នេះ ឬ​ក៏​ការណ៍​ទាំង​អស់​នេះ មាន​ន័យ​យ៉ាង​ណា​នោះ​ទេ។

២៥ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា មាន​មនុស្ស​ជា​ច្រើន នៅ​ក្នុង​ចំណោម​ពួក​គេ​បាន​និយាយ​ថា អាំម៉ូន​គឺជា​ព្រះ​វិញ្ញាណ​ដ៏​មហិមា ឯ​អ្នក​ខ្លះ​ទៀត​បាន​និយាយ​ថា ព្រះ​វិញ្ញាណ​ដ៏​មហិមា​បាន​ចាត់​ឲ្យ​លោក​មក។

២៦តែ​អ្នក​ខ្លះ​ទៀត បាន​ស្ដី​បន្ទោស​អ្នក​អស់​ទាំង​នោះ​ថា លោក​គឺជា​ប្រេត​អារក្ស ដែល​ពួក​នីហ្វៃ​បាន​ចាត់​ឲ្យ​មក​ធ្វើ​ទុក្ខ​ពួក​គេ។

២៧ហើយ​មាន​អ្នក​ខ្លះ​ទៀត​និយាយ​ថា ព្រះ​វិញ្ញាណ​ដ៏​មហិមា​បាន​ចាត់​ឲ្យ​អាំម៉ូន​មក​ធ្វើ​ទុក្ខ​ដល់​ពួក​គេ មក​ពី​អំពើ​ទុច្ចរិត​ទាំង​ឡាយ​របស់​ពួក​គេ​ហើយ ហើយ​ថា នោះ​ហើយ​ជា​ព្រះ​វិញ្ញាណ​ដ៏​មហិមា ដែល​តែងតែ​យាង​មក​ជួប​នឹង​ពួក​នីហ្វៃ គឺ​ធ្លាប់​ដោះ​ពួក​នីហ្វៃ​ឲ្យ​រួច​ផុត​ពី​កណ្ដាប់​ដៃ​ពួក​គេ ហើយ​គេ​បាន​និយាយ​ថា នេះ​ហើយ​ជា​ព្រះ​វិញ្ញាណ​ដ៏​មហិមា ដែល​បាន​បំផ្លាញ​បង​ប្អូន​គេ​ជា​ច្រើន គឺ​ពួក​សាសន៍​លេមិននោះ។

២៨ហើយ​ការ​ប្រកែក​គ្នា​បាន​ចាប់​ផ្ដើម​ធំធេង​ឡើង​យ៉ាង​នេះ​នៅ​ក្នុង​ចំណោម​ពួក​គេ។ ហើយ​កាលដែល​ពួក​គេ​កំពុងតែ​ប្រកែក​គ្នា នោះ​នាង​បម្រើ​ដែល​បាន​ទៅ​ហៅ​បណ្ដា​ជន​ឲ្យ​មក​ជួប​ជុំ​គ្នា​នោះ​បាន​ចូល​មក ហើយ​កាល​នាង​ឃើញ​ថា មាន​ការ​ប្រកែក​គ្នា​នៅ​ក្នុង​ចំណោម​បណ្ដា​ជន នោះ​នាង​កើត​សេចក្ដី​សោកសៅ​ជា​ខ្លាំង រហូត​ដល់​ស្រក់​ទឹកភ្នែក។

២៩ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា នាង​បាន​ទៅ​ចាប់​ព្រះ​ហស្ត​នៃ​ព្រះ​អគ្គមហេសី ក្រែង​នាង​អាច​គ្រា​ព្រះ​នាង​ឡើង​ពី​ដី ហើយ​កាល​នាង​ប៉ះ​ព្រះ​ហស្ត​ព្រះ​នាង​ភ្លាម នោះ​ព្រះ​នាង​ក៏​តើន ហើយ​បាន​ក្រោក​ឈរ​ឡើង ហើយ​បាន​ស្រែក​យ៉ាង​ខ្លាំង​ថា ៖ ឱ​ព្រះ​យេស៊ូវ​ដ៏​ប្រកប​ដោយ​ព្រះ​ពរ ដែល​ទ្រង់​បាន​សង្គ្រោះ​ទូលបង្គំ​ឲ្យ​រួច​ពី​ស្ថាន​នរក​ដ៏​គួរ​ឲ្យ​ស្ញែង​ខ្លាច! ឱ​ព្រះ​ដ៏​ប្រកប​ដោយ​ព្រះ​ពរ សូម​ទ្រង់​មាន​សេចក្ដី​មេត្តាករុណា​ដល់​ប្រជាជន​នេះ​ផង​ចុះ!

៣០ហើយ​កាល​ព្រះ​នាង​បាន​មាន​បន្ទូល​យ៉ាង​នេះ​ហើយ នោះ​ព្រះ​នាង​ក៏​លើក​ព្រះ​ហស្ត​ប្រណម​ដោយ​ពោរពេញ​ទៅ​ដោយ​សេចក្ដី​អំណរ ព្រះ​នាង​បាន​មាន​បន្ទូល​នូវ​ពាក្យ​ដ៏​ច្រើន ដែល​គេ​មិន​យល់ ហើយ​បន្ទាប់​ពី​ព្រះ​នាង​បាន​ធ្វើ​យ៉ាង​នេះ​ហើយ នោះ​ព្រះ​នាង​បាន​ចាប់​ព្រះ​ហស្ត​ស្ដេច​ឡាម៉ូណៃ ហើយ​មើល​ចុះ ទ្រង់​តើន ហើយ​ក៏​ក្រោក​ឈរ​ឡើង។

៣១ហើយ​កាល​បាន​ឃើញ​ប្រជាជន​ទ្រង់​កំពុងតែ​ប្រកែក​គ្នា នោះ​ទ្រង់​ក៏​ទៅ ហើយ​បាន​ចាប់​ផ្ដើម​ស្ដី​បន្ទោស​គេ​មួយ​រំពេច ហើយ​បង្រៀន​គេ​នូវ​ពាក្យ​ទាំង​ឡាយ​ដែល​ទ្រង់​បាន​ឮ​ពី​មាត់​អាំម៉ូន ហើយ​អស់​អ្នក​ណា​ដែល​បាន​ឮ​ព្រះ​បន្ទូល​ទាំង​ឡាយ​របស់​ទ្រង់ ក៏​ជឿ ហើយ​បាន​ប្រែ​ចិត្ត​ជឿ​ដល់​ព្រះ​អម្ចាស់។

៣២ប៉ុន្តែ​មាន​ពួក​គេ​ជា​ច្រើន​នាក់ មិន​ព្រម​ស្ដាប់​តាម​ព្រះ​បន្ទូល​ទាំង​ឡាយ​របស់​ទ្រង់​ឡើយ ហេតុ​ដូច្នេះ​ហើយ ពួក​គេ​ក៏​បែក​ទៅ​តាម​ផ្លូវ​របស់​គេ​ទៅ។

៣៣ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា កាលដែល​អាំម៉ូន​បាន​ភ្ញាក់​ឡើង លោក​ក៏​បាន​បង្រៀន​ប្រជាជន ព្រម​ទាំង​ពួក​អ្នក​បម្រើ​ទាំង​អស់​របស់​ឡាម៉ូណៃ​ដែរ ហើយ​គេ​ទាំង​អស់​គ្នា​បាន​ប្រកាស​ប្រាប់​ប្រជាជន​នូវ​ពាក្យ​ដដែល​ដូច​គ្នា — ថា​ចិត្ត​គេ​បាន​ផ្លាស់​ប្ដូរ ថា​គេ​គ្មាន​បំណង​នឹង​ធ្វើ​អំពើ​អាក្រក់​ទៀត​ឡើយ។

៣៤ហើយ​មើល​ចុះ មនុស្ស​ជា​ច្រើន​បាន​ប្រកាស​ប្រាប់​ប្រជាជន​ថា ពួក​គេ​បាន​ឃើញ​ពួក​ទេវតា ហើយ​ព្រម​ទាំង​បាន​និយាយ​ជាមួយ​នឹង​ពួក​ទេវតា​ផង ម្ល៉ោះ​ហើយ ពួក​គេ​បាន​ប្រាប់​ប្រជាជន​ពី​ការណ៍​ទាំង​ឡាយ​នៃ​ព្រះ និង​ពី​សេចក្ដី​សុចរិត​របស់​ទ្រង់។

៣៥ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា មាន​មនុស្ស​ជា​ច្រើន​បាន​ជឿ​ដល់​ពាក្យ​សម្ដី​របស់​គេ ហើយ​អស់​អ្នក​ណា​ដែល​ជឿ ក៏​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក ហើយ​ពួក​គេ​បាន​ក្លាយ​ទៅ​ជា​ប្រជាជន​ដ៏​សុចរិត​មួយ ហើយ​ពួក​គេ​បាន​តាំង​សាសនាចក្រ​មួយ​ឡើង​នៅ​ក្នុង​ចំណោម​ពួក​គេ។

៣៦ម្ល៉ោះ​ហើយ កិច្ចការ​នៃ​ព្រះ​អម្ចាស់​បាន​ចាប់​ផ្ដើម​ឡើង​នៅ​ក្នុង​ចំណោម​ពួក​សាសន៍​លេមិន ព្រះ​អម្ចាស់​ទ្រង់​បាន​ចាប់​ផ្ដើម​ស្រោច​ព្រះ​វិញ្ញាណ​ទ្រង់​មក​លើ​គេ​យ៉ាង​ដូច្នេះ​ហើយ ហើយ​យើង​ឃើញ​ថា ព្រះ​ពាហុ​របស់​ទ្រង់ បាន​ហុច​ទៅ​ឲ្យ​មនុស្ស​ទាំង​អស់ ដែល​នឹង​ប្រែ​ចិត្ត ហើយ​ជឿ​ដល់​ព្រះ​នាម​ទ្រង់៕