កណ្ឌទី ១០៨
វិវរណៈដែលបានប្រទានឲ្យមកតាមរយៈ យ៉ូសែប ស៊្មីធ ជាព្យាការី នៅក្រុងខឺតឡង់ រដ្ឋអូហៃអូ ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ១៨៣៥ (History of the Church, ២:៣៤៥)។ កណ្ឌនេះត្រូវបានទទួលតាមសំណូមពររបស់ឡៃម៉ាន ស៊ើម៉ាន ដែលទើបបានតែងតាំងឡើងឲ្យធ្វើជាសង្ឃជាន់ខ្ពស់ និងជាពួក៧០នាក់រួចមកហើយ ហើយដែលជាអ្នកបានមករកព្យាការីសូមវិវរណៈចង់ដឹងពីភារកិច្ចរបស់គាត់។
១–៣, ឡៃម៉ាន ស៊ើម៉ាន ត្រូវបានអត់ទោសចំពោះអំពើបាបរបស់គាត់ហើយ; ៤–៥, គាត់នឹងត្រូវបានរាប់ចូលជាមួយនឹងពួកអែលឌើរដែលដឹកនាំសាសនាចក្រ; ៦–៨, គាត់ត្រូវបានហៅឲ្យផ្សាយដំណឹងល្អ ហើយឲ្យចម្រើនកម្លាំងដល់បងប្អូនគាត់នៅក្នុងសាសនា។
១ប្រាកដមែន ព្រះអម្ចាស់ទ្រង់មានព្រះបន្ទូលដល់អ្នក គឺឡៃម៉ាន ជាអ្នកបម្រើរបស់យើងដូច្នេះថា ៖ អំពើបាបទាំងឡាយរបស់អ្នកត្រូវបានអត់ទោសឲ្យហើយ ពីព្រោះអ្នកបានគោរពតាមសំឡេងរបស់យើងក្នុងការឡើងមកទីនេះ នៅពេលព្រលឹមនេះ ដើម្បីមកទទួលការទូន្មានពីអ្នកដែលយើងបានតាំងឡើង។
២ហេតុដូច្នេះហើយ ចូរឲ្យព្រលឹងអ្នកបានស្ងប់ស្ងៀមអំពីជំហរខាងវិញ្ញាណរបស់អ្នកចុះ ហើយចូរកុំប្រឆាំងនឹងសំឡេងរបស់យើងទៀតឡើយ។
៣ហើយចូរក្រោកឈរឡើង ហើយចូរប្រយ័ត្នពីពេលនេះតទៅ ក្នុងការគោរពតាមសម្បថទាំងឡាយរបស់អ្នក ដែលអ្នកបានធ្វើ ហើយនឹងធ្វើ ហើយអ្នកនឹងបានពរដោយព្រះពរដ៏ធំអតិបរមា។
៤ចូរព្យាយាមរង់ចាំ ទាល់តែត្រូវបានប្រកាសឲ្យមានជំនុំមុតមាំមួយ ដោយពួកអ្នកបម្រើរបស់យើង ខណៈនោះ អ្នកនឹងបានចំណាំទុកជាមួយពួកអែលឌើរទីមួយរបស់យើង ហើយទទួលសិទ្ធិ ដោយការតែងតាំងជាមួយនិងពួកអែលឌើររបស់យើង ដែលយើងបានរើស នោះ។
៥មើលចុះ នេះគឺជាសេចក្ដីសន្យានៃព្រះវរបិតាដល់អ្នក បើសិនជាអ្នកមានចិត្តស្មោះត្រង់រហូតតទៅ។
៦ហើយនឹងបានបំពេញដល់អ្នកនៅថ្ងៃនោះ ថាអ្នកនឹងបានសិទ្ធិដើម្បីផ្សាយដំណឹងល្អរបស់យើងនៅទីណាក៏ដោយ ដែលយើងនឹងចាត់ឲ្យអ្នកទៅ ពីពេលនេះរៀងរហូតតទៅ។
៧ហេតុដូច្នេះហើយ ចូរចម្រើនកម្លាំងដល់បងប្អូនអ្នកនៅក្នុងសាសនា ដោយគ្រប់វាចារបស់អ្នក ដោយគ្រប់សេចក្ដីអធិស្ឋានរបស់អ្នក ដោយគ្រប់សេចក្ដីដាស់តឿនរបស់អ្នក និងដោយគ្រប់ការប្រព្រឹត្តិរបស់អ្នក។
៨ហើយមើលចុះ និងមើលន៏ យើងគង់នៅជាមួយអ្នក ដើម្បីប្រទានពរដល់អ្នក ហើយរំដោះអ្នកជារៀងដរាបតទៅ។ អាម៉ែន៕