កណ្ឌទី ១១៤
វិវរណៈដែលបានប្រទានឲ្យមកតាមរយៈ យ៉ូសែប ស៊្មីធ ជាព្យាការី នៅក្រុងហ្វាវែស្ទ រដ្ឋមិសសួរី ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៨៣៨ (History of the Church, ៣:២៣)។
១–២, តំណែងទាំងឡាយក្នុងសាសនាចក្រ ដែលកាន់ដោយពួកអ្នកមិនស្មោះត្រង់ នោះនឹងត្រូវប្រគល់ឲ្យអ្នកផ្សេង។
១ប្រាកដមែន ព្រះអម្ចាស់ទ្រង់មានព្រះបន្ទូលដូច្នេះថា ៖ គឺជាប្រាជ្ញាចំពោះដាវីឌ ដ័បបុលយូ ប៉ាទ្ទិន ជាអ្នកបម្រើរបស់យើង ថាគាត់ត្រូវចាត់ចែងធុរកិច្ចទាំងអស់របស់គាត់ជាបន្ទាន់ តាមដែលគាត់ធ្វើទៅបាន ហើយកម្ចាត់នូវរបស់របរគាត់ចេញ ប្រយោជន៍ឲ្យគាត់អាចទៅធ្វើបេសកកម្មដល់យើង នៅនិទាឃៈរដូវឆ្នាំក្រោយ ទៅជុំអ្នកផ្សេងៗទៀត គឺមាន១២នាក់រួមទាំងខ្លួនអ្នកផង ដើម្បីទៅធ្វើទីបន្ទាល់ពីព្រះនាមរបស់យើង ហើយប្រកាសប្រាប់ពីដំណឹងដ៏រីករាយ ដល់ពេញសព្វក្នុងពិភពលោក។
២ត្បិតប្រាកដមែន ព្រះអម្ចាស់ទ្រង់មានព្រះបន្ទូលដូច្នេះថា ដរាបណាមានមនុស្សក្នុងចំណោមអ្នករាល់គ្នាណា ដែលមិនទទួលស្គាល់ព្រះនាមរបស់យើង នោះអ្នកផ្សេងទៀតនឹងត្រូវដាក់ជំនួសពួកគេ ហើយទទួលគណៈប៊ីស្សពរបស់ខ្លួន។ អាម៉ែន៕