កណ្ឌទី ១២៦
វិវរណៈដែលបានប្រទានមកតាមរយៈ យ៉ូសែប ស៊្មីធ ជាព្យាការី នៅក្នុងផ្ទះនៃព្រិកហាំ យ៉ង់ នៅទីក្រុងណៅវូ រដ្ឋអិលលីណោយ ថ្ងៃទី ៩ ខែកក្កដា ឆ្នាំ១៨៤១ (History of the Church, ៤:៣៨២)។ នៅពេលនេះ ព្រិកហាំ យ៉ង់ ត្រូវជាប្រធាន លើកូរ៉ុមនៃពួកសាវក១២នាក់។
១–៣, ព្រិកហាំ យ៉ង់ ត្រូវបានទទួលការសរសើរចំពោះកិច្ចការទាំងឡាយរបស់គាត់ ហើយត្រូវបានដកចេញពីការធ្វើដំណើរឆ្ងាយនៅថ្ងៃក្រោយ។
១មកដល់បងប្រុសព្រិកហាំ យ៉ង់ ជាទីស្រឡាញ់អើយ ព្រះអម្ចាស់ទ្រង់មានព្រះបន្ទូលដូច្នេះថា ៖ ព្រិកហាំ ជាអ្នកបម្រើរបស់យើងអើយ យើងមិនតម្រូវពីដៃអ្នកឲ្យចាកចេញពីគ្រួសារអ្នក ដូចនៅពេលមុនៗទៀតឡើយ ត្បិតដង្វាយរបស់អ្នកសមដល់យើងហើយ។
២យើងបានឃើញការងារ និងកិច្ចការរបស់អ្នក ក្នុងការធ្វើដំណើរដើម្បីព្រះនាមរបស់យើង។
៣ហេតុដូច្នេះហើយ យើងបញ្ជាដល់អ្នកឲ្យបញ្ជូនព្រះបន្ទូលរបស់យើងទៅទីឆ្ងាយ ហើយថែទាំគ្រួសាររបស់អ្នកឲ្យបានស្រួលបួល ចាប់ពីពេលនេះ គឺពីអំណឹះ និងរៀងដរាបតទៅ។ អាម៉ែន៕