កណ្ឌទី ៤០
វិវរណៈដែលបានប្រទានឲ្យមក យ៉ូសែប ស៊្មីធ ជាព្យាការី និង ស៊ីឌនី រិកដុន នៅភូមិហ្វាយែត រដ្ឋញូវយ៉ក ខែមករា ឆ្នាំ១៨៣១ (History of the Church, ១:១៤៥)។ មុនបញ្ជីនៃវិវរណៈនេះ ព្យាការីបានសរសេរថា ៖ « មកពី យ៉េម្ស ខូវិល បានបដិសេធព្រះបន្ទូលនៃព្រះអម្ចាស់ ហើយបានវិលទៅរកគោលការណ៍ទាំងឡាយ និងប្រជាជនដើមរបស់គាត់ នោះព្រះអម្ចាស់ទ្រង់បានប្រទានដល់ខ្ញុំ និង ស៊ីឌនី រិកដុន នូវវិវរណៈដែលមានដូចតទៅនេះ » (History of the Church, ១:១៤៥)។
១–៣, ការខ្លាចពីសេចក្ដីបៀតបៀន និងសេចក្ដីខ្វល់ខ្វាយនៃលោកិយបណ្ដាលឲ្យមានការបដិសេធពីដំណឹងល្អ។
១មើលចុះ យើងប្រាប់អ្នកជាប្រាកដថា ដួងចិត្តនៃយ៉េម្សខូវិល ជាអ្នកបម្រើរបស់យើង បានត្រឹមត្រូវនៅចំពោះយើង ត្បិតគាត់បានធ្វើសេចក្ដីសញ្ញាជាមួយនឹងយើងថា គាត់នឹងគោរពតាមព្រះបន្ទូលរបស់យើង។
២ហើយគាត់បានទទួលព្រះបន្ទូលដោយចិត្តរីករាយ ប៉ុន្តែអារក្សសាតាំងបានល្បួងគាត់ភ្លាម ហើយការខ្លាចពីសេចក្ដីបៀតបៀន និង សេចក្ដីខ្វល់ខ្វាយនៃលោកិយ បានបណ្ដាលឲ្យគាត់បដិសេធព្រះបន្ទូលទៅវិញ។
៣ហេតុដូច្នោះហើយ គាត់បានបំបាក់សេចក្ដីសញ្ញារបស់យើង ហើយយើងមានធុរៈដើម្បីនឹងធ្វើអ្វីដល់គាត់ តាមតែយើងឃើញថាល្អ។ អាម៉ែន៕