កណ្ឌទី ៤៧
វិវរណៈដែលបានប្រទានឲ្យមកតាមរយៈ យ៉ូសែប ស៊្មីធ ជាព្យាការី នៅក្រុងខឺតឡង់ រដ្ឋអូហៃអូ ថ្ងៃទី៨ ខែមីនា ឆ្នាំ១៨៣១ (History of the Church, ១:១៦៦)។ មុនពេលនេះ អូលីវើរ ខៅឌើរី បានធ្វើជាប្រវត្តិសាស្ត្រ និងជាអ្នកកត់បញ្ជីសម្រាប់សាសនាចក្រ។ យ៉ូហាន វិតមើរ ពុំបានស្វែងរកមុខងារជាប្រវត្តិសាស្ត្រទេ ប៉ុន្តែត្រូវបានសូមឲ្យបម្រើក្នុងការងារនេះ គាត់បានមានប្រសាសន៍ថា គាត់នឹងគោរពតាមព្រះហឫទ័យរបស់ព្រះអម្ចាស់ក្នុងការណ៍នេះ។ គាត់បានបម្រើធ្វើជាលេខាធិការដល់ព្យាការីរួចទៅហើយ ក្នុងការកត់វិវរណៈដ៏ច្រើនដែលបានទទួលនៅតាមតំបន់ភូមិហ្វាយែត រដ្ឋញូវយ៉ក។
១–៤, យ៉ូហាន វិតមើរ ត្រូវបានចាត់ឲ្យកត់ពីប្រវត្តិនៃសាសនាចក្រ ហើយឲ្យសរសេរជូនព្យាការី។
១មើលចុះ ជាការចាំបាច់ក្នុងយើង ដែលយ៉ូហានជាអ្នកបម្រើរបស់យើង គួរសរសេរ ហើយកត់ពីប្រវត្តិទូទៅ ហើយជួយដល់អ្នក យ៉ូសែប ជាអ្នកបម្រើយើងអើយ ក្នុងការកត់ចម្លងគ្រប់ទាំងអស់ ដែលនឹងត្រូវបានប្រទានដល់អ្នក លុះត្រាគាត់ត្រូវបានហៅឲ្យធ្វើភារកិច្ចផ្សេងៗទៀត។
២ជាថ្មីទៀត យើងប្រាប់អ្នកជាប្រាកដថា គាត់ក៏អាចបន្លឺសំឡេងគាត់ឡើងក្នុងការប្រជុំ នៅពេលណាក៏ដោយដែលឃើញថាចាំបាច់។
៣ហើយជាថ្មីទៀត យើងប្រាប់អ្នកថា នឹងត្រូវបានតាំងដល់គាត់ឲ្យកត់បញ្ជី និងប្រវត្តិសាសនាចក្រជានិច្ច រីឯ អូលីវើរ ខៅឌើរី វិញ យើងបានតាំងតំណែងឲ្យគាត់ផ្សេងទៀត។
៤ហេតុដូច្នោះហើយ ដរាបណាយ៉ូហានមានចិត្តស្មោះត្រង់ នោះនឹងត្រូវបានប្រទានដល់គាត់ ដោយសារព្រះដ៏ជាជំនួយឲ្យសរសេរការណ៍ទាំងនេះ។ គឺដូច្នោះមែន។ អាម៉ែន៕