កណ្ឌទី ៧១
វិវរណៈដែលបានប្រទានឲ្យមកតាមរយៈ យ៉ូសែប ស៊្មីធ ជាព្យាការី និង ស៊ីឌនី រិកដុន នៅភូមិហៃរាំ រដ្ឋអូហៃអូ ថ្ងៃទី១ ខែធ្នូ ឆ្នាំ១៨៣១ (History of the Church, ១:២៣៨–២៣៩)។ ព្យាការីបានបន្តការបកប្រែព្រះគម្ពីរប៊ីប ដោយមាន ស៊ីឌនី រិកដុន ជាស្មៀន រហូតដល់បានទទួលវិវរណៈនេះ កាលនោះត្រូវបានឈប់បកប្រែមួយរយៈសិន ដើម្បីឲ្យពួកគេអាចបំពេញការបង្គាប់ដែលមាននៅក្នុងវិវរណៈនេះ។ បងប្អូនប្រុសៗត្រូវចេញទៅផ្សាយ ដើម្បីសម្ងប់អារម្មណ៍មិនស្និទ្ធស្នាល ដែលបានកើតឡើងទាស់នឹងសាសនាចក្រ មកពីការបោះពុម្ពផ្សាយនៃអត្ថបទខ្លះៗ ចុះកាសែតដោយ អែសរ៉ា ប៊ូត ដែលបានក្បត់សាសនា។
១–៤, យ៉ូសែប ស៊្មីធ និង ស៊ីឌនី រិកដុន ត្រូវបានចាត់ឲ្យចេញទៅប្រកាសប្រាប់ពីដំណឹងល្អ; ៥–១១, ពួកខ្មាំងសត្រូវនៃពួកបរិសុទ្ធនឹងត្រូវបានបំភាន់។
១មើលចុះ ព្រះអម្ចាស់ទ្រង់មានព្រះបន្ទូលដល់អ្នក យ៉ូសែប ស៊្មីធ ជុញ្ញ័រ និង ស៊ីឌនី រិកដុន ជាពួកអ្នកបម្រើរបស់យើងដូច្នេះថា ពេលបានមកដល់ជាប្រាកដមែន ដែលជាសេចក្ដីត្រូវការ និងចាំបាច់ក្នុងយើង ដែលអ្នកត្រូវបើកមាត់របស់អ្នក ក្នុងការប្រកាសប្រាប់ពីដំណឹងល្អរបស់យើង ពីការណ៍ទាំងឡាយនៃនគរ ដោយបរិយាយប្រាប់ពីសេចក្ដីអាថ៌កំបាំងនៃនគរចេញពីបទគម្ពីរ តាមចំណែកនៃព្រះវិញ្ញាណ និងព្រះចេស្ដានោះ ដែលនឹងត្រូវបានប្រទានដល់អ្នក ដូចដែលយើងសព្វព្រះហឫទ័យ។
២យើងប្រាប់អ្នកជាប្រាកដថា ចូរប្រកាសប្រាប់ដល់ពិភពលោកនៅក្នុងភូមិភាគជុំវិញ និងនៅក្នុងសាសនាចក្រផង សម្រាប់មួយរដូវ គឺរហូតដល់បានប្រាប់ឲ្យដឹងដល់អ្នក។
៣ប្រាកដមែន នេះជាបេសកកម្មមួយរដូវ ដែលយើងប្រទានដល់អ្នក។
៤ហេតុដូច្នោះហើយ ចូរអ្នករាល់គ្នាធ្វើការនៅក្នុងចម្ការទំពាំងបាយជូររបស់យើងចុះ។ ចូរហៅបណ្ដាជននៅលើផែនដី ហើយធ្វើទីបន្ទាល់ ហើយរៀបចំផ្លូវសម្រាប់ព្រះបញ្ញត្តិ និងវិវរណៈទាំងឡាយដែលនឹងមកដល់។
៥ឥឡូវនេះ មើលចុះ នេះហើយជាប្រាជ្ញា អស់អ្នកណាដែលអាន ចូរអ្នកនោះយល់ ហើយទទួលយកផងចុះ
៦ត្បិតចំពោះអ្នកណាដែលទទួល នោះនឹងបានប្រទានឲ្យមានជាបរិបូរឡើង គឺអំណាច។
៧ហេតុដូច្នោះហើយ ចូរបំភាន់ពួកខ្មាំងសត្រូវរបស់អ្នកចុះ ចូរហៅពួកគេឲ្យមកជួបអ្នកដោយបើកមុខ និងដោយសម្ងាត់ ហើយដរាបណាអ្នករាល់គ្នាមានចិត្តស្មោះត្រង់ នោះសេចក្ដីអាម៉ាស់របស់ពួកគេនឹងត្រូវបានសម្ដែងឲ្យឃើញ។
៨ហេតុដូច្នោះហើយ ចូរឲ្យពួកគេនាំមកនូវដើមហេតុដ៏ធ្ងន់មកទាស់នឹងព្រះអម្ចាស់ចុះ។
៩ប្រាកដមែន ព្រះអម្ចាស់ទ្រង់មានព្រះបន្ទូលដល់អ្នកដូច្នេះថា — គ្មានគ្រឿងសស្ត្រាវុធណាមួយដែលបានធ្វើឡើងនឹងអាចទាស់នឹងអ្នកបានឡើយ
១០ហើយបើសិនជាមានមនុស្សណាមួយបន្លឺសំឡេងឡើងទាស់នឹងអ្នក អ្នកនោះនឹងត្រូវបានបំភាន់ តាមពេលដែលយើងកំណត់។
១១ហេតុដូច្នោះហើយ ចូរកាន់តាមព្រះបញ្ញត្តិទាំងឡាយរបស់យើងចុះ ព្រះបញ្ញត្តិទាំងឡាយរបស់យើងសុទ្ធតែពិត ហើយស្មោះត្រង់។ គឺដូច្នោះមែន។ អាម៉ែន៕