បុព្វកថា
គោលលទ្ធិ និងសេចក្ដីសញ្ញា គឺជាការប្រជុំវិវរណៈទាំងឡាយពីព្រះ និងជាសេចក្ដីប្រកាសដ៏បំភ្លឺទាំងឡាយ ដែលបានប្រទានឲ្យមក សម្រាប់ការតាំងឡើង និងការត្រួតត្រានគរព្រះនៅលើផែនដីនៅថ្ងៃចុងក្រោយបង្អស់។ ទោះជាកណ្ឌភាគច្រើន ត្រូវបានផ្ដោតតម្រង់ទៅរកសមាជិកទាំងឡាយនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយក៏ដោយ គង់តែសារបទព្រមាន និងពាក្យទូន្មាន ទាំងប៉ុន្មាននោះ ជាប្រយោជន៍ដល់មនុស្សលោកគ្រប់រូប ហើយមានការអញ្ជើញដល់ប្រជាជនទាំងពួង នៅគ្រប់ទិសទី ឲ្យស្ដាប់សំឡេងនៃព្រះអម្ចាស់យេស៊ូវគ្រីស្ទ ដែលមានព្រះបន្ទូលទៅកាន់ពួកគេ សម្រាប់សុខុមាលភាពខាងសាច់ឈាមរបស់ពួកគេ និងសម្រាប់សេចក្ដីសង្គ្រោះដ៏អស់កល្បជានិច្ចរបស់ពួកគេ។
វិវរណៈភាគច្រើននៅក្នុងការប្រជុំនេះ ត្រូវបានទទួលមកតាមរយៈ យ៉ូសែប ស៊្មីធ ជុញ្ញ័រ ជាព្យាការី និងជាប្រធានទីមួយ នៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ។ វិវរណៈឯទៀតនោះ ត្រូវបានចេញមកតាមរយៈពួកអ្នកស្នងលោកក្នុងគណៈប្រធានខ្លះៗ (សូមមើលចំណងជើងទាំងឡាយ នៃកណ្ឌទី ១៣៥, ១៣៦, និង ១៣៨, និងសេចក្ដីប្រកាសជាផ្លូវការទី១ និងទី២)។
ព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា គឺជាគម្ពីរមួយក្នុងគម្ពីរបមាណីយនៃសាសនាចក្រ ដែលមានរួមនូវព្រះគម្ពីរប៊ីប ព្រះគម្ពីរមរមន និងកែវមុក្ដាដ៏មានតម្លៃមហិមា។ ប៉ុន្តែគោលលទ្ធិ និងសេចក្ដីសញ្ញា គឺពិសេស ពីព្រោះវាមិនមែនជាការបកប្រែពីឯកសារបុរាណទេ តែវាជារបស់មានកំណើតឡើងនៅសម័យទំនើប ហើយត្រូវបានប្រទានឲ្យមកពីព្រះ តាមរយៈពួកព្យាការីជម្រើសរបស់ទ្រង់ សម្រាប់ការសាងឡើងវិញនៃកិច្ចការដ៏បរិសុទ្ធ និងសម្រាប់ការតាំងឡើងនៃនគរព្រះនៅលើផែនដីនៅជំនាន់នេះ។ នៅក្នុងវិវរណៈទាំងឡាយ នោះបុគ្គលម្នាក់ៗឮសំឡេងដ៏ទន់ភ្លន់ តែម៉ឺងម៉ាត់នៃព្រះអម្ចាស់យេស៊ូវគ្រីស្ទ ដែលមានព្រះបន្ទូលសារជាថ្មី នៅការកាន់កាប់ត្រួតត្រាក្នុងកាលដែលពេញកំណត់; ហើយកិច្ចការដែលបានចាប់ផ្ដើមនៅក្នុងគម្ពីរនេះ គឺជាការប្រុងប្រៀបសម្រាប់ការយាងមកលើកទីពីររបស់ទ្រង់ ដើម្បីទុកជាការសម្រេច និងជាការព្រមព្រៀងនឹងពាក្យពេចន៍ទាំងឡាយនៃអស់ទាំងពួកព្យាការីបរិសុទ្ធ ចាប់តាំងពីកំណើត លោកិយមក។
យ៉ូសែប ស៊្មីធ ជុញ្ញ័រ កើតនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ១៨០៥ នៅភូមិសារ៉ុន ឃុំវិនស៊ើរ រដ្ឋវ័រម៉ន្ត។ កាលលោកនៅក្មេង លោកបានរើជាមួយគ្រួសារលោកទៅនៅភូមិម៉ែនឆែស្ទើរ នៅរដ្ឋញូវយ៉កភាគខាងលិច។ គឺកាលលោកកំពុងរស់នៅក្បែរភូមិម៉ែនឆែស្ទើរ នៅនិទាឃៈរដូវ ក្នុងឆ្នាំ១៨២០ កាលលោកមានអាយុដប់បួនឆ្នាំនេះហើយ ដែលលោកបានមានការពិសោធន៍អំពីការនិមិត្តទីមួយរបស់លោក រីឯការនិមិត្តនេះ ព្រះជាព្រះវរបិតា និងព្រះរាជបុត្រារបស់ទ្រង់ គឺព្រះយេស៊ូវគ្រីស្ទ បានយាងមកជួបលោកផ្ទាល់។ លោកត្រូវបានប្រាប់នៅក្នុងការនិមិត្តនេះថា សាសនាចក្រពិតនៃព្រះគ្រីស្ទ ដែលបានតាំងឡើងនៅសម័យព្រះគម្ពីរសញ្ញាថ្មី ហើយដែល បានចាត់តាំងភាពពោរពេញនៃដំណឹងល្អនោះ គឺមិនមាននៅលើផែនដីទៀតទេ។ មានការបើកសំដែងផ្សេងៗទៀតពីព្រះ ដែលលោកត្រូវបានទទួលការបង្រៀន ដោយពួកទេវតាជាច្រើន; ត្រូវបានបង្ហាញដល់លោកថា ព្រះទ្រង់មានកិច្ចការពិសេសមួយ សម្រាប់ឲ្យលោកធ្វើនៅលើផែនដី ហើយថាតាមរយៈលោក នោះសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ នឹងបានសាងឡើងវិញនៅលើផែនដី។
នៅកំឡុងពេលដែលកន្លងទៅនោះ យ៉ូសែប ស៊្មីធ បានទទួលជំនួយពីព្រះ ដើម្បីបកប្រែ និងបោះពុម្ពផ្សាយព្រះគម្ពីរមរមន។ នៅពេលនោះ លោក និង អូលីវើរ ខៅឌើរី ត្រូវបានតែងតាំងដោយយ៉ូហាន-បាទីស្ទ ឲ្យកាន់បព្វជិតភាពអើរ៉ុន នៅខែឧសភា ឆ្នាំ១៨២៩ (សូមមើល គ. និង ស. ១៣) ហើយក្រោយពីនោះបន្តិចមក ពួកគេត្រូវបានតែងតាំងឲ្យកាន់បព្វជិតភាពម៉ិលគីស្សាដែកផងដែរ ដោយពួកសាវកបុរាណ គឺ ពេត្រុស យ៉ាកុប និងយ៉ូហាន (សូមមើល គ. និង ស. ២៧:១២)។ ការតែងតាំងផ្សេងៗទៀត ដែលមានឡើងមកតាមក្រោយ ដែលមានកូនសោទាំងឡាយនៃបព្វជិតភាព នោះត្រូវបានប្រគល់ដល់ពួកគេ ដោយលោកម៉ូសេ អេលីយ៉ា អេលីយ៉ាស និងពួកព្យាការីបុរាណជាច្រើន (សូមមើល គ. និង ស. ១១០; ១២៨:១៨, ២១)។ តាមពិត ការតែងតាំងទាំងឡាយនេះ គឺជាការសាងឡើងវិញនៃសិទ្ធិអំណាចពីព្រះដល់មនុស្សនៅលើផែនដី។ នៅថ្ងៃទី ៦ ខែមេសា ឆ្នាំ១៩៣០ គឺនៅក្រោមការដឹកនាំពីស្ថានសួគ៌ នោះព្យាការីយ៉ូសែប ស៊្មីធ បានរៀបចំសាសនាចក្រ ដូច្នេះហើយ សាសនាចក្រដ៏ពិតនៃព្រះយេស៊ូវគ្រីស្ទ ជាសាសនាចក្រ ដែលអនុវត្តម្ដងទៀត នៅចំណោមមនុស្សលោក ដោយមានទាំងសិទ្ធិអំណាច ដើម្បីបង្រៀនដំណឹងល្អ ហើយចាត់ចែងពិធីបរិសុទ្ធទាំងឡាយនៃសេចក្ដីសង្គ្រោះ (សូមមើល កែវមុក្ដាដ៏មានតម្លៃមហិមា, យ៉ូសែប ស៊្មីធ—ប្រវត្តិ ១:១–៧៥, និង គ. និង ស. ២០)។
វិវរណៈដ៏ពិសិដ្ឋទាំងឡាយនេះ ត្រូវបានទទួលមកទុកជាចម្លើយដល់ការអធិស្ឋាន ក្នុងកាលដែលត្រូវការ ហើយចេញពីស្ថានការណ៍នៃជីវិតពិត ដែលមានរួមនូវមនុស្សពិត។ លោកព្យាការី និងសហការីទាំងឡាយរបស់លោក បានស្វែងរកការណែនាំពីព្រះ ហើយវិវរណៈទាំងឡាយនេះ បញ្ជាក់ថាពួកគេបានទទួលហើយ។ នៅក្នុងវិវរណៈទាំងឡាយ នោះបុគ្គលឃើញថា ការសាងឡើងវិញ និងការបើកសម្ដែងដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ និងការនាំមកនូវគ្រាកាន់កាប់ត្រួតត្រាក្នុងកាលដែលពេញកំណត់។ សាសនាចក្រធ្វើដំណើរទៅទិសខាងលិច ចេញពីរដ្ឋញូវយ៉ក និងរដ្ឋផែនសិលវេញ៉ា ទៅរដ្ឋអូហៃអូ ទៅរដ្ឋមិសសួរី ទៅរដ្ឋ អិលលីណោយ និងនៅទីបញ្ចប់ ទៅកាន់ ក្រេតបេសិន (ទំនាបដ៏មហិមា) នៃប្រទេសអាមេរិកភូមិភាគខាងលិច ហើយការតស៊ូដ៏ខ្លាំងក្លារបស់ពួកបរិសុទ្ធ ក្នុងការស្វះស្វែងដើម្បីកសាងស៊ីយ៉ូននៅលើផែនដី នៅសម័យទំនើប ក៏ត្រូវបានបង្ហាញផងដែរនៅក្នុងវិវរណៈទាំងឡាយនេះ។
មានកណ្ឌមុនៗភាគច្រើន មានរួមនូវរឿងអំពីការបកប្រែ និងការបោះពុម្ពព្រះគម្ពីរមរមន (សូមមើលកណ្ឌទី ៣, ៥, ១០, ១៧, និង ១៩)។ កណ្ឌក្រោយៗខ្លះ បង្ហាញនូវកិច្ចការនៃព្យាការីយ៉ូសែប ស៊្មីធ ក្នុងការធ្វើការបកប្រែព្រះគម្ពីរប៊ីបដ៏ប្រកបដោយការបំផុសគំនិត ក្នុងកាលនោះហើយ ដែលកណ្ឌទាំងឡាយស្ដីអំពីគោលលទ្ធិដ៏មហិមា ត្រូវបានទទួល (ជាឧទាហរណ៍ សូមមើលកណ្ឌទី ៣៧, ៤៥, ៧៣, ៧៦, ៧៧, ៨៦, ៩១, និង ១៣២, ហើយកណ្ឌនីមួយៗនេះ មានទំនាក់ទំនងចំៗមួយចំនួន ទៅនឹងការបកប្រែព្រះគម្ពីរប៊ីប)។
នៅក្នុងវិវរណៈទាំងឡាយ គោលលទ្ធិទាំងឡាយនៃដំណឹងល្អ ត្រូវបានចែងប្រាប់ ដោយមានការពន្យល់អំពីគ្រឹះដែលជាមូលដ្ឋាន ដូចជាស្ថានភាពនៃក្រុមព្រះ កំណើតនៃមនុស្ស ភាពជាក់លាក់នៃអារក្សសាតាំង គោលបំណងនៃភាពរមែងស្លាប់ ការចាំបាច់ឲ្យមានការគោរពតាម សេចក្ដីត្រូវការឲ្យមានការប្រែចិត្ត ការប្រព្រឹត្តិនៃព្រះវិញ្ញាណបរិសុទ្ធ ពិធីបរិសុទ្ធទាំងឡាយ និងពិធីប្រព្រឹត្តទាំងឡាយ ដែលទាក់ទងទៅនឹងសេចក្ដីសង្គ្រោះ វាសនានៃផែនដី លក្ខណៈអនាគតនៃមនុស្ស បន្ទាប់ពីដំណើររស់ឡើងវិញ និងសេចក្ដីជំនុំជំរះ ភាពអស់កល្បជានិច្ចនៃទំនាក់ទំនងខាងអាពាហ៍ពិពាហ៍ ហើយនិងស្ថានភាពនៃគ្រួសារដ៏នៅអស់កល្បជានិច្ច។ ដូចគ្នានេះដែរ ការបើកសំដែងបន្តិចម្ដងៗ ប្រាប់អំពីរចនាសម្ព័ន្ធនៃសាសនាចក្រខាងការចាត់ចែង គឺត្រូវបានបង្ហាញ ដោយការហៅប៊ីស្សពទាំងឡាយ គណៈប្រធានទីមួយ កូរ៉ុមដប់ពីរនាក់ និងកូរ៉ុមចិតសិបនាក់ ហើយនិងការតាំងឡើងនូវតំណែង និងកូរ៉ុមត្រួតពិនិត្យទាំងឡាយផ្សេងៗទៀត។ នៅទីបញ្ចប់ ទីបន្ទាល់ដែលបានថ្លែងប្រាប់អំពីព្រះយេស៊ូវគ្រីស្ទ — ទេវភាពរបស់ទ្រង់ ឫទ្ធានុភាពរបស់ទ្រង់ ភាពល្អឥតខ្ចោះរបស់ទ្រង់ សេចក្ដីស្រឡាញ់របស់ទ្រង់ និងព្រះចេស្ដាដ៏ប្រកបដោយសេចក្ដីប្រោសលោះរបស់ទ្រង់ — ធ្វើឲ្យគម្ពីរនេះមានតម្លៃដ៏ធំចំពោះគ្រួសារមនុស្សលោក ហើយធ្វើឲ្យមានតម្លៃជាងទ្រព្យសម្បត្តិទាំងឡាយនៃផែនដីទាំងមូល។
មានវិវរណៈខ្លះបានបោះពុម្ពនៅទីក្រុងស៊ីយ៉ូន (ក្រុងអ៊ិនឌីប៉ែនដែនស៍) រដ្ឋមិសសួរី នៅឆ្នាំ១៨៣៣ នៅក្រោមចំណងជើងថា A Book of Commandments for the Government of the Church of Christ (ព្រះគម្ពីរនៃព្រះបញ្ញត្តិសម្រាប់ការគ្រប់គ្រងសាសនាចក្រនៃព្រះគ្រីស្ទ)។ ស្ដីអំពីការបោះពុម្ពនេះ នោះពួកអែលឌើរទាំងឡាយនៃសាសនាចក្រ បានថ្លែងទីបន្ទាល់យ៉ាង ម៉ឺងម៉ាត់ថា ព្រះអម្ចាស់ទ្រង់បានធ្វើទីបន្ទាល់ដល់ដួងព្រលឹងរបស់ពួកគេថា វិវរណៈទាំងឡាយនេះគឺពិតជាត្រឹមត្រូវ។ នៅពេលព្រះអម្ចាស់ទ្រង់នៅតែបន្តទាក់ទងជាមួយនឹងពួកអ្នកបម្រើទាំងឡាយរបស់ទ្រង់ នោះពីរឆ្នាំក្រោយមក ការប្រជុំដ៏ធំជាងនេះ ត្រូវបានបោះពុម្ព នៅក្រុងខឺតឡង់ រដ្ឋអូហៃអូ ដោយមានចំណងជើងថា Doctrine and Covenants of the Church of the Latter Day Saints (គោលលទ្ធិ និងសេចក្ដីសញ្ញា នៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ)។ ចំពោះការបោះពុម្ពនេះ ក្នុងឆ្នាំ ១៨៣៥ បានភ្ជាប់ឯកសារដែលមានទីបន្ទាល់របស់ពួកសាវកដប់ពីរនាក់ ដែលមានដូចតទៅនេះ ៖
ទីបន្ទាល់នៃ
ពួកសាវកដប់ពីរនាក់ ចំពោះសេចក្ដីពិតនៃ
ព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា
ទីបន្ទាល់នៃពួកសាក្សី ចំពោះព្រះគម្ពីរនៃព្រះបញ្ញត្តិទាំងឡាយរបស់ព្រះអម្ចាស់ គឺជាព្រះបញ្ញត្តិទាំងឡាយ ដែលទ្រង់បានប្រទានដល់សាសនាចក្ររបស់ទ្រង់ តាមរយៈ យ៉ូសែប ស៊្មីធ ជុញ្ញ័រ ជាអ្នកដែលត្រូវបានតែងតាំង ដោយសំឡេងនៃសាសនាចក្រ សម្រាប់គោលបំណងនេះ ៖
ដូច្នេះ យើងយល់ព្រមនឹងធ្វើទីបន្ទាល់ដល់អស់ទាំងពិភពលោកនៃមនុស្សជាតិ ដល់សត្វលោកគ្រប់រូបនៅលើផ្ទៃផែនដីថា ព្រះអម្ចាស់ទ្រង់បានធ្វើទីបន្ទាល់ដល់ដួងព្រលឹងរបស់យើង តាមរយៈព្រះវិញ្ញាណបរិសុទ្ធ ដែលសណ្ឋិតមកលើយើង ថាព្រះបញ្ញត្តិទាំងឡាយនេះ ត្រូវបានប្រទានមក ដោយសារការបំផុសគំនិតពីព្រះ ហើយទុកជាប្រយោជន៍សម្រាប់មនុស្សលោកទាំងអស់ ហើយជាពិតប្រាកដមែន។
យើងថ្លែងទីបន្ទាល់នេះ ប្រាប់ដល់ពិភពលោក ដោយមានព្រះអម្ចាស់ជាអ្នកជំនួយរបស់យើង; ហើយដោយសារព្រះគុណនៃព្រះ ដ៏ជាព្រះវរបិតា និងព្រះរាជបុត្រារបស់ទ្រង់ គឺព្រះយេស៊ូវគ្រីស្ទ នោះយើងត្រូវបានអនុញ្ញាតឲ្យមានឯកសិទ្ធិនេះ ដើម្បីធ្វើទីបន្ទាល់នេះដល់ពិភពលោក នៅក្នុងការណ៍នេះ យើងមានចិត្តត្រេកអរជាអនេក ដោយបួងសួងដល់ព្រះអម្ចាស់ជានិច្ច សូមឲ្យកូនចៅមនុស្ស អាចបានប្រយោជន៍ ដោយសារទីបន្ទាល់នេះ។
ឈ្មោះនៃពួក១២នាក់គឺ ៖
ថូម៉ាស ប៊ី ម៉ាស
ដាវីឌ ដ័បបុលយូ ប៉ាទិន
ព្រិកហាំ យ៉ង់
ហ៊ីបឺរ ស៊ី គិមបុល
អួរសុន ហៃឌ៍
វិលលាម អ៊ី ម៉័កខ្លេលិន
ប៉ាលី ភី ប្រាត្ត
លូកា អែស ចនសុន
វិលលាម ស៊្មីធ
អួរសុន ប្រាត្ត
យ៉ូហាន អែព បោញតុន
ឡៃម៉ាន អ៊ី ចនសុន
ការបោះពុម្ពនៃគោលលទ្ធិ និងសេចក្ដីសញ្ញាក្រោយៗមក វិវរណៈថែមទៀត ឬបញ្ជីរឿងផ្សេងៗទៀត ត្រូវបានបូកបញ្ចូលក្នុងកាលបានទទួល ហើយបានទទួលស្គាល់ ដោយពួកជំនុំដែលមានសមត្ថភាព ឬដោយសន្និសីទទាំងឡាយនៃសាសនាចក្រ។
ចាប់ផ្ដើមនឹងការបោះពុម្ពនៅឆ្នាំ១៨៣៥ នោះលំដាប់នៃមេរៀនខាងសាសនាដល់ប្រាំពីរច្បាប់ ត្រូវបានបង្រួមចូល; មេរៀនទាំងនេះ មានចំណងជើងថា Lectures on Faith (ការបង្រៀនអំពីសេចក្ដីជំនឿ)។ ការបង្រៀនទាំងនេះត្រូវបានរៀបចំឡើង សម្រាប់យកមកប្រើប្រាស់ នៅឯសាលានៃពួកព្យាការី នៅក្រុងខឺតឡង់ រដ្ឋអូហៃអូ ពីឆ្នាំ១៨៣៤ ទៅដល់ឆ្នាំ១៨៣៥។ ទោះជាមានប្រយោជន៍ដល់គោលលទ្ធិ និងការបង្គាប់ក៏ដោយ គង់តែការបង្រៀនទាំងនេះ ត្រូវបានដកចេញពីគោលលទ្ធិ និងសេចក្ដីសញ្ញាដែរ ចាប់តាំងពីការបោះពុម្ពនៅឆ្នាំ ១៩២១ ម្ល៉េះ ពីព្រោះការបង្រៀនទាំងនេះ ពុំបានប្រទានឬសំដែងដល់សាសនាចក្រទាំងមូល ថាជាវិវរណៈឡើយ។
ជាការច្បាស់លាស់ថាមានកំហុសបន្តមកខ្លះៗ នៅក្នុងការបោះពុម្ពផ្សាយចេញជាភាសាអង់គ្លេសមុនៗ ជាពិសេស នៅក្នុងផ្នែកខាងប្រវត្តិនៃចំណងជើងរបស់កណ្ឌ។ ដោយហេតុនេះ ការបោះពុម្ពលើកនេះ មានការកែថ្ងៃខែ និងឈ្មោះកន្លែងទាំងឡាយ ហើយនិងការកែបន្តិចបន្តួចផ្សេងៗទៀត ក្នុងកាលឃើញថាសម។ ការកែប្រែទាំងនេះត្រូវបានធ្វើឡើង ដើម្បីនាំឲ្យឯកសារទាំងឡាយសមស្របទៅនឹងឯកសារប្រវត្តិសាស្ត្រ។ អ្វីៗពិសេសផ្សេងទៀតនៃការបោះពុម្ពចុងក្រោយនេះ មានរួមនូវបសិដ្ឋកម្មខាងឯកសារយោងទៅមកចំណងជើងនៃកណ្ឌ និងការសង្ខេបខាងកម្មវត្ថុទាំងឡាយ កិច្ចការទាំងអស់នេះត្រូវបានគ្រោងឡើង ដើម្បីជួយពួកអ្នកអានឲ្យយល់ ហើយត្រេកអរចំពោះសារពីព្រះអម្ចាស់ ដូចដែលបានប្រទានមកក្នុងគោលលទ្ធិ និងសេចក្ដីសញ្ញា។
បុព្វកថាដល់កណ្ឌទាំងឡាយ នៃគោលលទ្ធិ និងសេចក្ដីសញ្ញា មាននូវឯកសារយោងដល់ History of the Church (ប្រវត្តិនៃសាសនាចក្រ)។ History of the Church គឺជាសៀវភៅប្រាំពីរក្បាល ស្ដីអំពីប្រវត្តិរបស់សាសនាចក្រនៃព្រះយេស៊ូវ គ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ចាប់ពីឆ្នាំ១៨២០ ទៅដល់ឆ្នាំ១៨៤៨។ ពីព្រោះសៀវភៅទាំងនេះ ពុំទាន់បានបកប្រែ ហើយមានតែជា ភាសាអង់គ្លេសប៉ុណ្ណោះ ម្ល៉ោះហើយ បានជាប្រភពទឹកយោងដល់ប្រវត្តិនៃសាសនាចក្រ នៅក្នុងបុព្វកថាទាំងឡាយ នៃការបោះពុម្ពនៃគោលលទ្ធិ និងសេចក្ដីសញ្ញាលើកនេះ សំដៅទៅលើសៀវភៅអំពីប្រវត្តិនេះក្នុងភាសាអង់គ្លេស។