ជំនួយ​ការសិក្សា
ក.យ.ស., លោកុប្បត្តិ 14


ក.យ.ស., លោកុប្បត្តិ ១៤:២៥–៤០ (ចូរ​ប្រៀបធៀប​នឹង​គម្ពីរ​លោកុប្បត្តិ ១៤)

(ការងារ​បម្រើ​ដ៏​មហិមា​របស់​ម៉ិលគីស្សាដែក​ត្រូវ​បាន​ប្រាប់ អានុភាព និង​ព្រះ​ពរ​ទាំង​ឡាយ​នៃ​បព្វជិតភាព​ម៉ិលគីស្សាដែក​ត្រូវ​បាន​អធិប្បាយ​ប្រាប់)។

២៥ហើយ​ម៉ិលគីស្សាដែក​បាន​បន្លឺ​សំឡេង​របស់​លោក ហើយ​បាន​ប្រទាន​ពរ​ដល់​អាប់​រ៉ា​ម។

២៦ឥឡូវ​នេះ ម៉ិលគីស្សាដែក គឺជា​បុរស​នៃ​សេចក្ដី​ជំនឿ ដែល​បាន​នាំ​មក​នូវ​សេចក្ដី​សុចរិត; ហើយ​កាល​នៅ​វ័យ​ក្មេង លោក​បាន​កោតខ្លាច​ដល់​ព្រះ ហើយ​បាន​បិទមាត់​សិង្ហ ហើយ​បាន​ពន្លត់​អំណាច​ភ្លើង។

២៧ដូច្នេះ​ហើយ ដោយ​បាន​ទទួល​ការ​អនុមតិ​ពី​ព្រះ ទើប​លោក​ត្រូវ​បាន​តែងតាំង​ជា​សង្ឃ​ជាន់​ខ្ពស់ តាម​របៀប​នៃ​សេចក្ដី​សញ្ញា​ដែល​ព្រះ​ទ្រង់​បាន​ធ្វើ​ជាមួយ​នឹង​ហេណុក។

២៨បព្វជិតភាព​នោះ​គឺ​តាម​របៀប​នៃ​ព្រះ​រាជ​បុត្រា​នៃ​ព្រះ របៀប​នោះ​ពុំ​បាន​មក​ដោយ​មនុស្ស ឬ​ដោយ​បំណង​នៃ​ចិត្ត​មនុស្ស​ទេ ឬ​ដោយ​ឪពុក ឬ​ម្ដាយ ឬ​ដោយ​ការ​ផ្ដើម​នៃ​ថ្ងៃ ឬ​ទី​បញ្ចប់​នៃ​ឆ្នាំ​ឡើយ ប៉ុន្តែ​ដោយ​សារ​ព្រះ​វិញ។

២៩ហើយ​បព្វជិតភាព​ត្រូវ​បាន​ប្រគល់​ដល់​មនុស្ស​លោក ដោយ​សារ​ការ​ហៅ​ដោយ​សំឡេង​របស់​ទ្រង់​ផ្ទាល់ ស្រប​តាម​ព្រះ​ហឫទ័យ​របស់​ទ្រង់​ផ្ទាល់ ដល់​អស់​អ្នក​ណា​ដែល​ជឿ​ដល់​ព្រះ​នាម​របស់​ទ្រង់។

៣០ត្បិត​ព្រះ​ទ្រង់​បាន​ស្បថ​នឹង​ហេណុក និង​ពូជ​លោក ដោយ​សេចក្ដី​សម្បថ​ព្រះ​អង្គ​ទ្រង់​ថា​មនុស្ស​គ្រប់​រូប​ត្រូវ​បាន​តែងតាំង​តាម​របៀប និង​ការ​ហៅ នោះ​គប្បី​មាន​អំណាច ដោយ​សារ​សេចក្ដី​ជំនឿ ដើម្បី​បំបាក់​ភ្នំ​ទាំង​ឡាយ ដើម្បី​ញែក​ទឹកសមុទ្រ ដើម្បី​ធ្វើ​ឲ្យ​ទឹក​រីងស្ងួត ដើម្បី​បំបែរ​ដំណើរ​ទឹក​ចេញ​ពី​ផ្លូវ​វា។

៣១ដើម្បី​ទប់​ទល់​ពួក​ពល​ទ័ព​នៃ​សាសន៍​ទាំង​ឡាយ ដើម្បី​ចែក​ផែនដី ដើម្បី​បំបាក់​ចំណង​គ្រប់​មុខ​ដើម្បី​ឈរ​នៅ​ក្នុង​វត្ត​មាន​នៃ​ព្រះ ដើម្បី​ធ្វើ​គ្រប់​អ្វីៗ​ទាំង​អស់ ស្រប​តាម​ព្រះ​ហឫទ័យ​របស់​ទ្រង់ ស្រប​តាម​ព្រះ​បញ្ញត្តិ​របស់​ទ្រង់ ដើម្បី​មាន​អំណាច​លើ​ក្សត្រ​បុរី និង​អំណាច​ទាំង​ឡាយ ហើយ​នេះ​គឺ​ដោយ​សារ​ព្រះ​ហឫទ័យ​នៃ​ព្រះ​រាជ​បុត្រា​នៃ​ព្រះ​ដែល​មាន​តាំង​ពី​មុន​កំណើត​លោកិយ​មក​ម្ល៉េះ។

៣២ហើយ​មនុស្ស​លោក ដោយ​មាន​សេចក្ដី​ជំនឿ​នេះ​បាន​ឡើង​មក​ដល់​របៀប​នេះ ដែល​ជា​របៀប​នៃ​ព្រះ ទើប​បាន​ផ្លាស់​ប្រែ​រូប ហើយ​ត្រូវ​បាន​នាំ​ឡើង​ទៅ​លើ​ស្ថាន​សួគ៌។

៣៣ហើយ​ឥឡូវ​នេះ ម៉ិលគីស្សាដែក គឺជា​សង្ឃ​ជាន់​ខ្ពស់​តាម​របៀប​នេះ ហេតុ​ដូច្នេះ​ហើយ ទើប​លោក​បាន​សេចក្ដី​សុខសាន្ត​នៅ​ក្រុង​សាឡិម ហើយ​ត្រូវ​បាន​ហៅថា ស្ដេច​នៃ​សេចក្ដី​សុខសាន្ត។

៣៤ហើយ​ប្រជារាស្ត្រ​លោក​បាន​នាំ​មក​នូវ​សេចក្ដី​សុចរិត ហើយ​បាន​ទទួល​ស្ថាន​សួគ៌ ហើយ​ស្វែងរក​ទី​ក្រុង​ហេណុក ដែល​បាន​លើក​ឡើង​យក​ទៅ ដោយ​បាន​បំបែក​ទី​ក្រុង​នោះ​ចេញ​ពី​ផែនដី​ទុក​ចំពោះ​ថ្ងៃ​ចុង​ក្រោយ ឬ​ចំពោះ​ចុង​បំផុត​ផែនដី។

៣៥ហើយ​បាន​មាន​ព្រះ​បន្ទូល ហើយ​ស្បថ​ដោយ​សម្បថ​មួយ​ថា ផ្ទៃ​មេឃ និង​ផែនដី​នឹង​ត្រូវ​បាន​មក​រួម​គ្នា ហើយ​ពួក​កូន​នៃ​ព្រះ​នឹង​ត្រូវ​បាន​សាកល្បង​ហាក់​ដូច​ជា​ដោយ​ភ្លើង។

៣៦ហើយ​ម៉ិលគីស្សាដែក​នេះ​ហើយ ដោយ​បាន​តាំង​សេចក្ដី​សុចរិត ទើប​បាន​ហៅថា ស្ដេច​ពី​ស្ថាន​សួគ៌ ដោយ​ប្រជារាស្ត្រ​របស់​លោក ឬ​ម្យ៉ាង​ទៀត​ថា ស្ដេច​នៃ​សេចក្ដី​សុខសាន្ត។

៣៧ហើយ​លោក​បាន​បន្លឺ​សំឡេង​របស់​លោក ហើយ​លោក​បាន​ប្រទាន​ពរ​ដល់​អាប់​រ៉ា​ម ដោយ​ព្រោះ​ម៉ិលគីស្សាដែក​ជា​សង្ឃ​ជាន់​ខ្ពស់ ហើយ​ជា​អ្នក​រក្សា​ឃ្លាំង​នៃ​ព្រះ

៣៨លោក​នេះ​ហើយ​ដែល​ព្រះ​ទ្រង់​បាន​តាំង​ឲ្យ​ទទួល​ដង្វាយ​១​ភាគ​១០ ដើម្បី​មនុស្ស​ទាល់​ក្រ។

៣៩ហេតុ​ដូច្នោះ​ហើយ ទើប​អាប់​រ៉ា​ម​បាន​ថ្វាយ​ដល់​លោក​នូវ​ដង្វាយ​១​ភាគ​១០​ចំពោះ​អ្វីៗ​ទាំង​អស់​ដែល​លោក​មាន ចំពោះ​ទ្រព្យ​សម្បត្តិ​ទាំង​អស់​ដែល​លោក​មាន ដែល​ព្រះ​ទ្រង់​បាន​ប្រទាន​ដល់​លោក លើស​ជាង​ដែល​លោក​ត្រូវ​ការ។

៤០ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ព្រះ​ទ្រង់​បាន​ប្រទាន​ដល់​អាប់​រ៉ា​ម ហើយ​បាន​ប្រទាន​ដល់​លោក​នូវ​ទ្រព្យសម្បត្តិ​ទាំង​ឡាយ និង​កិត្តិយស និង​ដែនដី​ទាំង​ឡាយ ដើម្បី​ទុកជា​កេរ្តិ៍​អាករ​ដ៏​អស់​កល្ប​ជានិច្ច ស្រប​តាម​សេចក្ដី​សញ្ញា​ដែល​លោក​បាន​ធ្វើ និង​ស្រប​តាម​ព្រះ​ពរ​ទាំង​ឡាយ ដែល​ម៉ិលគីស្សាដែក​បាន​ប្រទាន​ដល់​លោក។