ជំនួយ​ការសិក្សា
ក.យ.ស., លោកុប្បត្តិ 50


ក.យ.ស., លោកុប្បត្តិ ៥០:២៤–៣៨ (ចូរ​ប្រៀបធៀប​នឹង​គម្ពីរ​លោកុប្បត្តិ ៥០:២៤–២៦; សូម​មើល​ផង ២ នីហ្វៃ ៣)

(ម៉ូសេ អើរ៉ុន និង​យ៉ូសែប ស៊្មីធ ត្រូវ​បាន​ប្រាប់​ឈ្មោះ​ទាំង​អស់​គ្នា​នៅ​ក្នុង​ការ​ព្យាករណ៍​នេះ​ដែល​យ៉ូសែប​មាន​កាល​នៅ​ស្រុក​អេស៊ីព្ទ។ យ៉ូសែប​ក៏​បាន​ព្យាករ​ថា ព្រះ​គម្ពីរ​មរមន​នឹង​ក្លាយ​ទៅ​ជា​គូកន​នឹង​បញ្ជី​របស់​យូដា)។

២៤ហើយ​យ៉ូសែប​បាន​និយាយ​ទៅ​បង​ប្អូន​ប្រុស​របស់​លោក​ថា ខ្ញុំ​ហៀប​នឹង​ស្លាប់​ហើយ ហើយ​នឹង​ទៅ​រក​ពួក​អយ្យកោ​របស់​ខ្ញុំ ហើយ​ខ្ញុំ​នឹង​ចុះ​ទៅ​ក្នុង​ផ្នូរ​របស់​ខ្ញុំ​ដោយ​សេចក្ដី​អំណរ។ ព្រះ​នៃ​ឪពុក​របស់​ខ្ញុំ គឺ​យ៉ាកុប នឹង​គង់នៅ​ជាមួយ​អ្នក​ដើម្បី​ដោះ​លែង​អ្នក​ឲ្យ​រួច​ពី​ផុត​ពី​សេចក្ដី​ទុក្ខ​វេទនា នៅ​ថ្ងៃ​នៃ​សេវក​ភាព​របស់​អ្នក ព្រោះ​ព្រះ​អម្ចាស់​ទ្រង់​បាន​យាង​មក​ជួប​នឹង​ខ្ញុំ ហើយ​ខ្ញុំ​បាន​ទទួល​សេចក្ដី​សន្យា​ពី​ព្រះ​អម្ចាស់​ថា ចេញ​ពី​ផល​នៃ​ពោះ​របស់​ខ្ញុំ នោះ​ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ​ទ្រង់​នឹង​បង្កើត​មែក​មួយ​ដ៏​សុចរិត​ចេញ​ពី​ពោះ​របស់​ខ្ញុំ និង​ព្យាការី​ម្នាក់​ចំពោះ​អ្នក ដែល​ឪពុក​របស់​ខ្ញុំ គឺ​យ៉ាកុប បាន​ឲ្យ​ឈ្មោះ​ថា សាសន៍​អ៊ីស្រាអែល (ពុំ​មែន​ព្រះ​មែស៊ី ដែល​ហៅថា ស៊ីឡូរ​នោះ​ទេ) ហើយ​ព្យាការី​នេះ​នឹង​ដោះ​លែង​ប្រជាជន​របស់​ខ្ញុំ​ឲ្យ​រួច​ផុត​ពី​ស្រុក​អេស៊ីព្ទ នៅ​ថ្ងៃ​នៃ​សេវក​ភាព​របស់​អ្នក។

២៥ហើយ​ហេតុការណ៍​នឹង​កើត​ឡើង​ថា ពួក​គេ​នឹង​ត្រូវ​ខ្ចាត់ខ្ចាយ​ម្ដង​ទៀត ហើយ​មែក​មួយ​នឹង​ត្រូវ​កាត់​ចេញ ហើយ​នឹង​ត្រូវ​បាន​នាំ​ទៅ​ស្រុក​ឆ្ងាយ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គង់តែ​ពួក​គេ​នឹង​ត្រូវ​បាន​នឹក​ចាំ​នៅ​ក្នុង​សេចក្ដី​សញ្ញា​ទាំង​ឡាយ​នៃ​ព្រះ​អម្ចាស់​ដែរ កាល​ព្រះ មែស៊ី ទ្រង់​នឹង​យាង​មក ត្បិត​ទ្រង់​នឹង​បាន​សម្ដែង​ព្រះ​អង្គ​ទ្រង់​ដល់​ពួក​គេ​នៅ​គ្រា​ចុង​ក្រោយ ដោយ​វិញ្ញាណ​នៃ​ព្រះ​ចេស្ដា ហើយ​នឹង​នាំ​ពួក​គេ​ចេញ​ពី​ទី​ងងឹត​ទៅ​ឯ​ពន្លឺ ចេញ​ពី​ទី​កំបាំង​ងងឹត ហើយ​ចេញ​ពី​ការ​ជាប់​ឃុំឃាំង​ទៅ​ឯ​សេរីភាព។

២៦ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ​របស់​ខ្ញុំ ទ្រង់​នឹង​បង្កើត​អ្នក​មើល​ឆុត​ម្នាក់​ឡើង ដែល​នឹង​ទៅ​ជា​អ្នក​មើល​ឆុត​ម្នាក់​ដ៏​ជម្រើស​ចំពោះ​ផល​នៃ​ពោះ​របស់​ខ្ញុំ។

២៧ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ​នៃ​ពួក​អយ្យកោ​របស់​ខ្ញុំ ទ្រង់​មាន​ព្រះ​បន្ទូល​មក​ខ្ញុំ​ដូច្នេះ​ថា អ្នក​មើល​ឆុត​ម្នាក់​ដ៏​ជម្រើស​នឹង​ត្រូវ​បាន​បង្កើត​ឡើង​ចេញ​ពី​ផល​នៃ​ពោះ​អ្នក ហើយ​អ្នក​នោះ​នឹង​ត្រូវ​បាន​តម្កើង​ខ្ពស់​នៅ​ក្នុង​ចំណោម​ផល​នៃ​ពោះ​អ្នក ហើយ​យើង​នឹង​ប្រទាន​បញ្ញត្តិ​ដល់​អ្នក នោះ​ថា គាត់​ត្រូវ​ធ្វើ​កិច្ចការ​មួយ ដើម្បី​ផល​នៃ​ពោះ​អ្នក ជា​បង​ប្អូន​របស់​គាត់។

២៨ហើយ​គាត់​នឹង​នាំ​ពួក​គេ​ឲ្យ​ស្គាល់​ពី​សេចក្ដី​សញ្ញា​ទាំង​ឡាយ ដែល​យើង​បាន​ធ្វើ​ជាមួយ​នឹង​ពួក​អយ្យកោ​របស់​អ្នក ហើយ​គាត់​នឹង​ធ្វើ​នូវ​កិច្ចការ​ណា​ក៏​ដោយ​ដែល​យើង​បញ្ជា​ដល់​គាត់។

២៩ហើយ​យើង​នឹង​ធ្វើ​ឲ្យ​អ្នក​នោះ​ទៅ​ជា​ធំ នៅ​ចំពោះ​ភ្នែក​យើង ត្បិត​គាត់​នឹង​ធ្វើ​ការ​របស់​យើង ហើយ​គាត់​នឹង​បាន​ជាធំ​ដូច​អ្នក​នោះ ដែល​យើង​បាន​ប្រាប់​ថា យើង​នឹង​បង្កើត​ឡើង​សម្រាប់​អ្នក ឱ​វង្ស​អ៊ីស្រាអែល​អើយ ដើម្បី​ដោះ​លែង​រាស្ត្រ​យើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ ត្បិត យើង​នឹង​បង្កើត​អ្នក​មើល​ឆុត​ម្នាក់​ឡើង ដើម្បី​ដោះ​លែង​រាស្ត្រ​យើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ ហើយ​អ្នក​នោះ​នឹង​ត្រូវ​បាន​ហៅថា ម៉ូសេ។ ហើយ​ដោយ​នូវ​ឈ្មោះ​នេះ ទើប​គាត់​នឹង​ដឹង​ថា គាត់​ចេញ​មក​ពី​វង្ស​របស់​អ្នក ត្បិត​គាត់​នឹង​ត្រូវ​បាន​ចិញ្ចឹម​ដោយ​បុត្រី​របស់​ស្ដេច ហើយ​នឹង​ត្រូវ​បាន​ហៅថា​ជា​បុត្រ​របស់​ព្រះ​នាង។

៣០ហើយ​មួយ​ទៀត យើង​នឹង​បង្កើត​អ្នក​មើល​ឆុត​ម្នាក់​ចេញ​ពី​ផល​នៃ​ពោះ​អ្នក ហើយ​យើង​នឹង​ឲ្យ​អ្នក​នោះ​មាន​អំណាច​នឹង​នាំ​ពាក្យ​របស់​យើង​ដល់​ពូជ​នៃ​ពោះ​អ្នក ហើយ​ព្រះ​អម្ចាស់​ទ្រង់​មាន​ព្រះ​បន្ទូល​ថា ប៉ុន្តែ​មិន​គ្រាន់តែ​នាំ​ពាក្យ​យើង​ប៉ុណ្ណោះ​ទេ គឺ​ព្រម​ទាំង​បញ្ជាក់​ពាក្យ​ទាំង​នោះ​ដល់​គេ​ផង ដែល​នឹង​ត្រូវ​បាន​ផ្សាយ​ជាមុន​ក្នុង​ចំណោម​ពួក​គេ​នៅ​គ្រា​ចុង​ក្រោយ​បង្អស់

៣១ហេតុ​ដូច្នោះ​ហើយ ផល​នៃ​ពោះ​អ្នក​នឹង​សរសេរ​ទុក ហើយ​ផល​នៃ​ពោះ​យូដា​នឹង​សរសេរ​ទុក ហើយ​អ្វី​ដែល​ផល​នៃ​ពោះ​អ្នក​នឹង​សរសេរ ព្រម​ទាំង​អ្វី​ដែល​ផល​នៃ​ពោះ​យូដា​នឹង​សរសេរ នោះ​នឹង​បាន​ប្រមូល​ទៅ​ជាមួយ​គ្នា ដើម្បី​បំភាន់​នូវ​គោល​លទ្ធិ​ក្លែងក្លាយ​ទាំង​ឡាយ ហើយ​បង្ក្រាប​ការ​ទាស់ទែង​គ្នា​ទាំង​ប៉ុន្មាន ហើយ​បង្កើត​ឲ្យ​មាន​សេចក្ដី​សុខសាន្ត​នៅ​ក្នុង​ចំណោម​ផល​នៃ​ពោះ​អ្នក ហើយ​នាំ​ពួក​គេ​ឲ្យ​ស្គាល់​ពួក​អយ្យកោ​របស់​គេ​នៅ​គ្រា​ចុង​ក្រោយ ហើយ​ព្រម​ទាំង​ឲ្យ​ស្គាល់​សេចក្ដី​សញ្ញា​ទាំង​ឡាយ​របស់​យើង ព្រះ​អម្ចាស់ ទ្រង់​មាន​ព្រះ​បន្ទូល​ថា​ដូច្នោះ។

៣២ហើយ​ចេញ​ពី​ភាព​ទន់ខ្សោយ អ្នក​នោះ​នឹង​ត្រូវ​បាន​ធ្វើ​ឲ្យ​មាំមួន នៅ​ក្នុង​ថ្ងៃ​ដែល​កិច្ចការ​របស់​យើង​នឹង​ចេញ​ទៅ​ក្នុង​ចំណោម​រាស្ត្រ​របស់​យើង​ទាំង​អស់ ដើម្បី​សាង​ពួក​គេ​ឡើង​វិញ ដែល​ជា​វង្ស​អ៊ីស្រាអែល​នៅ​គ្រា​ចុង​ក្រោយ​បង្អស់។

៣៣ហើយ​យើង​នឹង​ប្រទាន​ពរ​ដល់​អ្នក​មើល​ឆុត​នោះ ហើយ​អ្នក​ណា​ដែល​ស្វែងរក​បំផ្លាញ​អ្នក នោះ​នឹង​ត្រូវ​បាន​ខ្មាស ព្រោះ​សេចក្ដី​សញ្ញា​នេះ​យើង​បាន​ប្រទាន​ដល់​អ្នក ព្រោះ​យើង​នឹង​នឹក​ចាំ​ដល់​អ្នក​ពី​តំណ​មួយ​ទៅ​តំណ​មួយ ហើយ​ឈ្មោះ​លោក​នឹង​ត្រូវ​បាន​ហៅថា យ៉ូសែប ហើយ​នឹង​ត្រូវ​បាន​ដាក់​តាម​ឈ្មោះ​របស់​ឪពុក​លោក ហើយ​លោក​នឹង​បាន​ដូច​ជា​អ្នក ត្បិត​ការណ៍​ដែល​ព្រះ​អម្ចាស់​ទ្រង់​នឹង​ធ្វើ​ឡើង​ដោយ​ស្នាដៃ​លោក នោះ​នឹង​នាំ​ប្រជាជន​ខ្ញុំ​ទៅ​កាន់​សេចក្ដី​សង្គ្រោះ។

៣៤ហើយ​ព្រះ​អម្ចាស់​ទ្រង់​បាន​ស្បថ​នឹង​យ៉ូសែប​ថា ទ្រង់​នឹង​ថែរក្សា​ពូជ​គាត់​រហូត ដោយ​មាន​ព្រះ​បន្ទូល​ថា យើង​នឹង​បង្កើត​ម៉ូសេ​ឡើង ហើយ​រំពាត់​នឹង​នៅ​ក្នុង​ដៃ​របស់​អ្នក​នោះ ហើយ​អ្នក​នោះ​នឹង​ប្រមូល​រាស្ត្រ​របស់​យើង ហើយ​គាត់​នឹង​នាំ​ពួក​គេ​ដូច​ជា​ហ្វូង​ចៀម​មួយ ហើយ​គាត់​នឹង​វាយ​ទឹក​នៃ​សមុទ្រ​ក្រហម​ដោយ​រំពាត់​របស់​គាត់។

៣៥ហើយ​គាត់​នឹង​មាន​សេចក្ដី​ជំនុំ​ជំរះ ហើយ​នឹង​សរសេរ​ព្រះ​បន្ទូល​នៃ​ព្រះ។ ហើយ​គាត់​នឹង​មិន​ចេះ​និយាយ​ពាក្យ​ច្រើន​ទេ ត្បិត​យើង​នឹង​សរសេរ​ក្រិត​វិន័យ​របស់​យើង​ដល់​គាត់ ដោយ​ម្រាមដៃ​យើង​ផ្ទាល់។ ហើយ​យើង​នឹង​បង្កើត​អ្នក​និយាយ​ជំនួស​ម្នាក់​ដល់​គាត់ ហើយ​ឈ្មោះ​អ្នក​នោះ​នឹង​ត្រូវ​បាន​ហៅថា អើរ៉ុន។

៣៦ហើយ​ការណ៍​នោះ​ក៏​នឹង​ត្រូវ​បាន​សម្រេច​ដល់​អ្នក​នៅ​គ្រា​ចុង​ក្រោយ​បង្អស់​ដែរ ដូចដែល​យើង​បាន​ស្បថ​មក​ហើយ។ ហេតុ​ដូច្នេះ​ហើយ យ៉ូសែប​បាន​និយាយ​ទៅ​បង​ប្អូន​លោក​ថា ព្រះ​ទ្រង់​ប្រាកដជា​នឹង​យាង​មក​ជួប​អ្នក ហើយ​នាំ​អ្នក​ចេញ​ពី​ដែនដី​នេះ​ទៅ​កាន់​ដែនដី​ដែល​ទ្រង់​បាន​ស្បថ​ថា​នឹង​ឲ្យ​ដល់​អ័ប្រាហាំ និង​ដល់​អ៊ីសាក និង​ដល់​យ៉ាកុប។

៣៧ហើយ​យ៉ូសែប​បាន​បញ្ជាក់​ការណ៍​ជា​ច្រើន​ដល់​បង​ប្អូន​លោក ហើយ​ក៏​ឲ្យ​ពួក​កូន​ចៅ​អ៊ីស្រាអែល​ស្បថ​ដោយ​និយាយ​ទៅ​ពួក​គេ​ថា ព្រះ​ទ្រង់​ប្រាកដជា​នឹង​យាង​មក​ជួប​អ្នក ហើយ​អ្នក​រាល់​គ្នា​ត្រូវ​យក​ឆ្អឹង​ខ្ញុំ​ចេញ​ពី​នេះ​ឡើង​ទៅ​ជាមួយ​ផង។

៣៨ម្ល៉ោះ​ហើយ យ៉ូសែប​ក៏​ស្លាប់​ទៅ កាល​គាត់​មាន​អាយុ​១១០​ឆ្នាំ ហើយ​ពួក​គេ​បាន​ដាក់​បារទ​សព​គាត់ រួច​ពួក​គេ​បាន​ដាក់​សព​គាត់​ចុះ​ក្នុង​មឈូស​នៅ​ស្រុក​អេស៊ីព្ទ ហើយ​សព​គាត់​ត្រូវ​បាន​រក្សាទុក​ពី​ការ​បញ្ចុះ​ដោយ​ពួក​កូន​ចៅ​អ៊ីស្រាអែល ប្រយោជន៍​ឲ្យ​សព​គាត់​អាច​បាន​សែង​ឡើង​ទៅ ហើយ​បញ្ចុះ​នៅ​ក្នុង​ផ្នូរ​ជាមួយ​ឪពុក​គាត់។ ហើយ​ពួក​គេ​បាន​នឹក​ចាំ​ដល់​សម្បថ​ដែល​ពួក​គេ​បាន​ស្បថ​ដល់​គាត់​យ៉ាង​ដូច្នោះ​ហើយ។