ក.យ.ស., លោកុប្បត្តិ ៩:១០–១៥ (ចូរប្រៀបធៀបនឹងគម្ពីរលោកុប្បត្តិ ៩:៣–៩)
(មនុស្សនឹងត្រូវទទួលការខុសត្រូវចំពោះឃាតកម្ម និងចំពោះការបង្ហិនជីវិតសត្វដែរ)។
១០ប៉ុន្តែរីឯឈាមនៃគ្រប់សាច់ទាំងអស់ ដែលយើងបានប្រទានដល់អ្នក សម្រាប់ធ្វើជាអាហារនោះ នឹងត្រូវខ្ចាយទៅលើដីដែលឲ្យជីវិតដល់សាច់ ហើយរីឯឈាមនោះ អ្នកមិនត្រូវបរិភោគឡើយ។
១១ហើយជាប្រាកដមែន មិនត្រូវកំចាយឈាមឲ្យសោះ លើកលែងតែសម្រាប់ធ្វើជាអាហារ ដើម្បីរក្សាជីវិតរបស់អ្នកប៉ុណ្ណោះ ហើយឈាមនៃសត្វគ្រប់មុខ នោះយើងនឹងតម្រូវពីដៃរបស់អ្នក។
១២ហើយអស់អ្នកណាដែលកំចាយឈាមរបស់មនុស្ស គឺដោយមនុស្សនោះហើយដែលឈាមរបស់គេត្រូវខ្ចាយ ត្បិតមនុស្សមិនត្រូវកំចាយឈាមរបស់មនុស្សឲ្យសោះ។
១៣ត្បិតមានព្រះបញ្ញត្តិមួយដែលយើងប្រទានមកថា បងប្អូនរបស់មនុស្សគ្រប់រូបត្រូវរក្សាជីវិតនៃមនុស្សទុក ត្បិតដូចជារូបអង្គយើង នេះហើយដែលយើងបានបង្កើតមនុស្សមក។
១៤យើងមានព្រះបញ្ញត្តិមួយដែលយើងប្រទានដល់អ្នកថា ចូរអ្នករាល់គ្នាបង្កើតកូនឲ្យចម្រើនជាច្រើនឡើង ចូរឲ្យមានជាបរិបូរនៅលើផែនដី ហើយឲ្យបានសាយគ្រាយនៅផែនដីចុះ។
១៥ហើយព្រះទ្រង់បានមានព្រះបន្ទូលទៅណូអេ និងពួកកូនប្រុសរបស់គាត់ដែលនៅជាមួយនឹងគាត់ថា ហើយមើលចុះ យើងនឹងតាំងសេចក្ដីសញ្ញារបស់យើងនឹងអ្នក ដែលយើងបានធ្វើចំពោះអយ្យកោរបស់អ្នក គឺហេណុក ស្ដីអំពីពូជរបស់អ្នកបន្តបន្ទាប់ពីអ្នកមក។
ក.យ.ស., លោកុប្បត្តិ ៩:២១–២៥ (ចូរប្រៀបធៀបនឹងគម្ពីរលោកុប្បត្តិ ៩:១៦–១៧)
(ឥន្ទធនូត្រូវបានដាក់នៅលើផ្ទៃមេឃ ទុកជាទីរំឭកអំពីសេចក្ដីសញ្ញារបស់ព្រះដល់ហេណុក និងដល់ណូអេ។ នៅថ្ងៃចុងក្រោយបង្អស់ ជំនុំទូទៅនៃសាសនាចក្រនៃកូនច្បង [ស៊ីយ៉ូននៃព្រះអម្ចាស់នៅសម័យហេណុក សូមមើលគម្ពីរ ម៉ូសេ ៧] នឹងចូលរួមនឹងពួកសុចរិតនៅលើផែនដី)។
២១ហើយធ្នូនឹងត្រូវបានដាក់នៅនាពពក ហើយយើងនឹងមើលឃើញធ្នូ ដើម្បីឲ្យយើងអាចនឹកចាំពីសេចក្ដីសញ្ញាដ៏អស់កល្បជានិច្ច ដែលយើងបានធ្វើចំពោះអយ្យកោរបស់អ្នក គឺហេណុក ថា កាលណាមនុស្សលោកកាន់តាមព្រះបញ្ញត្តិទាំងអស់របស់យើង នោះស៊ីយ៉ូននឹងបានមកលើផែនដីម្ដងទៀត គឺទីក្រុងហេណុក ដែលយើងបានលើកឡើងមកឯយើងនោះ។
២២ហើយនេះគឺជាសេចក្ដីសញ្ញាដ៏អស់កល្បជានិច្ចរបស់យើងថា កាលណាពូជពង្សរបស់អ្នកឱបក្រសោបយកសេចក្ដីពិត ហើយសម្លឹងមើលទៅលើគ្រានោះ ស៊ីយ៉ូននឹងសម្លឹងមើលមកក្រោម ហើយអស់ទាំងផ្ទៃមេឃនឹងញ័រដោយសប្បាយរីករាយ ហើយផែនដីនឹងញ័ររន្ធត់ដោយសេចក្ដីអំណរ
២៣ហើយជំនុំទូទៅនៃសាសនាចក្រនៃកូនច្បងនឹងចុះមកស្ថានសួគ៌ ហើយគ្រងផែនដី ហើយនឹងមានទីលំនៅ រហូតដល់ចុងបំផុតមកដល់។ ហើយនេះគឺជាសេចក្ដីសញ្ញាដ៏អស់កល្បជានិច្ចរបស់យើង ដែលយើងបានធ្វើជាមួយនឹងអយ្យកោរបស់អ្នក គឺហេណុក។
២៤ហើយធ្នូនឹងនៅនាពពក ហើយយើងនឹងតាំងសេចក្ដីសញ្ញារបស់យើងចំពោះអ្នក ដែលយើងបានធ្វើរវាងយើងនឹងអ្នក ដើម្បីអស់ទាំងជីវិតនៃសាច់គ្រប់ពូជ ដែលនឹងមាននៅលើផែនដី។
២៥ហើយព្រះទ្រង់បានមានព្រះបន្ទូលទៅណូអេថា នេះគឺជាទីសំគាល់នៃសេចក្ដីសញ្ញាដែលយើងបានតាំងរវាងយើងនឹងអ្នកដើម្បីសាច់គ្រប់ពូជ ដែលនឹងមាននៅលើផែនដី។