ក.យ.ស., យ៉ូហាន ១:១–៣៤ (ចូរប្រៀបធៀបនឹងគម្ពីរយ៉ូហាន ១:១–៣៤)
(ដំណឹងល្អនៃព្រះយេស៊ូវត្រូវបានផ្សាយចាប់តាំងពីដើមដំបូងមក។ មានអេលីយ៉ាសម្នាក់ [យ៉ូហាន-បាទីស្ទ] ដែលត្រូវរៀបចំផ្លូវថ្វាយព្រះគ្រីស្ទ ហើយមានអេលីយ៉ាសម្នាក់ទៀត [ព្រះគ្រីស្ទ] ដែលត្រូវសាងគ្រប់អ្វីទាំងអស់ឡើងវិញ)។
១កាលដើមដំបូងនោះដំណឹងល្អត្រូវបានផ្សាយតាមរយៈព្រះរាជបុត្រា។ ហើយដំណឹងល្អគឺជាព្រះបន្ទូល ហើយព្រះបន្ទូលក៏គង់នៅជាមួយនឹងព្រះរាជបុត្រា ហើយព្រះរាជបុត្រាបានគង់នៅជាមួយនឹងព្រះ ហើយព្រះរាជបុត្រានោះហើយជាព្រះ។
២ព្រះរាជបុត្រាបានគង់នៅជាមួយនឹងព្រះ តាំងពីដើមដំបូងមក។
៣គ្រប់របស់ទាំងអស់បានកើតមកដោយសារទ្រង់ ហើយក្នុងបណ្ដារបស់ដែលបានបង្កើតមកទាំងប៉ុន្មាន នោះគ្មានអ្វីមួយកើតមកក្រៅពីទ្រង់ឡើយ។
៤នៅក្នុងទ្រង់មានដំណឹងល្អ ហើយដំណឹងល្អគឺជាជីវិត ហើយជីវិតនោះគឺជាពន្លឺនៃមនុស្សលោក
៥ហើយពន្លឺនោះក៏ភ្លឺមកក្នុងពិភពលោក ហើយពិភពលោកយល់មិនដល់ពន្លឺទេ។
៦មានមនុស្សម្នាក់ដែលត្រូវបានចាត់មកពីព្រះ ដែលមានឈ្មោះថា យ៉ូហាន។
៧អ្នកនោះបានមកក្នុងពិភពលោកជាសាក្សី ដើម្បីនឹងធ្វើទីបន្ទាល់ពីពន្លឺ ដើម្បីនឹងធ្វើទីបន្ទាល់ពីដំណឹងល្អ តាមរយៈព្រះរាជបុត្រាដល់មនុស្សទាំងអស់ ប្រយោជន៍ឲ្យមនុស្សលោកបានជឿដោយសារគាត់។
៨គាត់មិនមែនបានពន្លឺនោះទេ ប៉ុន្តែបានមកដើម្បីធ្វើទីបន្ទាល់ពីពន្លឺនោះវិញ
៩ដែលជាពន្លឺដ៏ពិត ដែលបំភ្លឺដល់មនុស្សគ្រប់រូបដែលកើតមកក្នុងលោកិយ។
១០គឺជាព្រះរាជបុត្រានៃព្រះ។ ទ្រង់នេះហើយដែលបានគង់នៅក្នុងលោកិយ ហើយលោកិយក៏កើតមកដោយសារទ្រង់ ហើយលោកិយមិនស្គាល់ទ្រង់ទេ។
១១ទ្រង់បានយាងមករករាស្ត្រទ្រង់ ហើយរាស្ត្រទ្រង់មិនបានទទួលទ្រង់សោះ។
១២ប៉ុន្តែអស់អ្នកណាដែលទទួលទ្រង់ គឺអស់អ្នកនោះហើយ ដែលទ្រង់បានប្រទានអំណាច ឲ្យក្លាយទៅជាកូនព្រះ គឺដល់អស់អ្នកណាដែលជឿដល់ព្រះនាមទ្រង់ប៉ុណ្ណោះ។
១៣ទ្រង់មិនបានកើតមកពីឈាម ឬតាមសេចក្ដីប៉ងប្រាថ្នាខាងរូបសាច់ ឬតាមចំណង់នៃមនុស្សឡើយ ប៉ុន្តែកើតមកពីព្រះវិញ។
១៤ហើយព្រះបន្ទូលដដែលនោះត្រូវបានធ្វើទៅជាសាច់ឈាម ហើយបានស្នាក់នៅក្នុងចំណោមយើងរាល់គ្នា ហើយយើងរាល់គ្នាបានឃើញសិរីល្អរបស់ទ្រង់ គឺជាសិរីល្អនៃព្រះរាជបុត្រាបង្កើតតែមួយនៃព្រះវរបិតា ពោរពេញទៅដោយព្រះគុណ និងសេចក្ដីពិត។
១៥យ៉ូហានបានធ្វើទីបន្ទាល់ពីទ្រង់ ហើយបន្លឺឧទានឡើងថា នេះហើយជាព្រះអង្គដែលខ្ញុំបានប្រាប់ថា ព្រះអង្គដែលយាងមកក្រោយខ្ញុំ នោះត្រូវបានត្រឡប់ជាមុនខ្ញុំវិញ ត្បិតទ្រង់គង់នៅមុនខ្ញុំ។
១៦ត្បិតកាលដើមដំបូងមានព្រះបន្ទូល គឺជាព្រះរាជបុត្រា ដែលត្រូវបានធ្វើទៅជាសាច់ឈាម ហើយត្រូវបានចាត់ឲ្យមករកយើងរាល់គ្នា ដោយសារព្រះហឫទ័យនៃព្រះវរបិតា។ ហើយអស់អ្នកណាជឿដល់ព្រះនាមទ្រង់ នោះនឹងបានទទួលភាពពោរពេញរបស់ទ្រង់។ ហើយយើងទាំងអស់គ្នាបានទទួលភាពពោរពេញរបស់ទ្រង់ គឺជាអមតភាព និងជីវិតដ៏នៅអស់កល្បជានិច្ច តាមរយៈព្រះគុណរបស់ទ្រង់។
១៧ត្បិតក្រឹត្យវិន័យត្រូវបានប្រទានមក តាមរយៈលោកម៉ូសេ ប៉ុន្តែជីវិត និងសេចក្ដីពិត នោះបានមកតាមរយៈព្រះយេស៊ូវគ្រីស្ទវិញ។
១៨ត្បិតក្រឹត្យវិន័យគឺតាមបញ្ញត្តិខាងរូបកាយ ចំពោះការចាត់ចែងខាងសេចក្ដីស្លាប់ ប៉ុន្តែដំណឹងល្អគឺតាមអំណាចនៃជីវិតដ៏មិនចេះចប់មិនចេះហើយ តាមរយៈព្រះយេស៊ូវគ្រីស្ទ ជាព្រះរាជបុត្រាបង្កើតតែមួយ ដែលគង់នៅក្នុងឱរានៃព្រះវរបិតា។
១៩គ្មានអ្នកណាដែលឃើញព្រះក្នុងពេលណាមួយឡើយ លើកលែងតែអ្នកនោះបានធ្វើទីបន្ទាល់ពីព្រះរាជបុត្រាប៉ុណ្ណោះ ត្បិតលើកលែងតែតាមរយៈព្រះអង្គ នោះគ្មានអ្នកណាអាចបានសង្គ្រោះឡើយ។
២០ហើយនេះគឺជាទីបន្ទាល់របស់យ៉ូហាន កាលពួកសាសន៍យូដាចាត់ពួកសង្ឃ និងពួកលេវីពីក្រុងយេរូសាឡិមឲ្យមកសួរគាត់ថា តើលោកជាអ្នកណា?
២១ហើយគាត់បានប្រាប់ ហើយមិនបដិសេធថា គាត់មិនមែនជាលោកអេលីយ៉ាសឡើយ ប៉ុន្តែបានប្រាប់ថា គាត់មិនមែនជាព្រះគ្រីស្ទទេ។
២២ហើយពួកគេបានសួរគាត់ថា ចុះតើលោកជាលោកអេលីយ៉ាសឬអី? ហើយគាត់បានឆ្លើយថា ខ្ញុំមិនមែនជាលោកអេលីយ៉ាស នោះដែលនឹងសាងឡើងវិញនូវអ្វីៗទាំងអស់ទេ។ ហើយពួកគេបានសួរគាត់ថា តើលោកជាព្យាការីនោះឬអី? ហើយគាត់បានឆ្លើយថាមិនមែនទេ។
២៣គ្រានោះ ពួកគេបាននិយាយទៅគាត់ថា តើលោកជាអ្នកណា? ដើម្បីឲ្យយើងរាល់គ្នាបាននាំពាក្យទៅជម្រាបដល់លោកដែលចាត់ឲ្យយើងខ្ញុំមកផង។ តើលោកនឹងប្រសាសន៍ពីខ្លួនលោកដូចម្ដេច?
២៤គាត់ក៏ប្រាប់ថា ខ្ញុំជាសំឡេងនៃមនុស្សម្នាក់ ដែលកំពុងតែបន្លឺឡើងនៅទីរហោស្ថានថា ចូរតម្រង់ផ្លូវថ្វាយព្រះអម្ចាស់ ដូចជាព្យាការីអេសាយបានទាយទុក។
២៥ហើយពួកអ្នកដែលបានចាត់មកនោះ គឺជាពួកផារីស៊ី។
២៦ហើយពួកគេក៏សួរគាត់ ហើយបាននិយាយទៅគាត់ថា ចុះហេតុអ្វីបានជាលោកធ្វើបុណ្យជ្រមុជទឹក បើសិនជាលោកមិនមែនជាព្រះគ្រីស្ទ ឬជាលោកអេលីយ៉ាសដែលនឹងសាងឡើងវិញនូវអ្វីទាំងអស់ ឬជាព្យាការីនោះ?
២៧យ៉ូហានក៏ឆ្លើយដល់ពួកគេថា ខ្ញុំធ្វើបុណ្យជ្រមុជដោយទឹក ប៉ុន្តែនៅក្នុងចំណោមអ្នករាល់គ្នា នោះមានព្រះមួយអង្គដែលអ្នករាល់គ្នាមិនស្គាល់
២៨គឺព្រះអង្គនោះហើយដែលខ្ញុំធ្វើទីបន្ទាល់។ ទ្រង់ជាព្យាការីនោះ គឺលោកអេលីយ៉ាស ដែលយាងមកក្រោយខ្ញុំ គឺត្រូវត្រឡប់ជាមុនខ្ញុំវិញ រីឯខ្សែសុពណ៌ទ្រង់នោះខ្ញុំមិនគួរនឹងស្រាយ ឬតំណែងទ្រង់នោះ ខ្ញុំមិនអាចបំពេញបានឡើយ ត្បិតទ្រង់នឹងធ្វើបុណ្យជ្រមុជ ពុំមែនដោយទឹកទេ ប៉ុន្តែដោយភ្លើង និងដោយព្រះវិញ្ញាណបរិសុទ្ធវិញ។
២៩លុះស្អែកឡើង យ៉ូហានបានឃើញព្រះយេស៊ូវ ដែលទ្រង់កំពុងតែយាងមកឯគាត់ ហើយក៏ពោលថា នុះន៏ កូនចៀមនៃព្រះ ដែលដោះបាបមនុស្សលោក!
៣០ហើយយ៉ូហានបានធ្វើទីបន្ទាល់ពីទ្រង់ដល់ប្រជាជនថា គឺពីព្រះអង្គនេះហើយដែលខ្ញុំបានប្រាប់ថា ក្រោយខ្ញុំមានព្រះមួយអង្គដែលយាង ដែលបានត្រឡប់ជាមុនខ្ញុំ ត្បិតទ្រង់គង់នៅមុនខ្ញុំ ហើយខ្ញុំស្គាល់ទ្រង់ ហើយដឹងថាទ្រង់នឹងត្រូវបានសម្ដែងឲ្យពួកអ៊ីស្រាអែលស្គាល់ ហេតុដូច្នេះហើយ ទើបខ្ញុំមកធ្វើបុណ្យជ្រមុជដោយទឹក។
៣១ហើយយ៉ូហានបានធ្វើទីបន្ទាល់ថា កាលទ្រង់បានទទួលបុណ្យជ្រមុជទឹកពីខ្ញុំ នោះខ្ញុំបានឃើញព្រះវិញ្ញាណយាងចុះមកពីស្ថានសួគ៌ មានរូបដូចជាព្រាបស ហើយមកសណ្ឋិតលើទ្រង់។
៣២ហើយខ្ញុំបានស្គាល់ទ្រង់ ត្បិតទ្រង់ជាព្រះអង្គដែលបានចាត់ខ្ញុំឲ្យមកធ្វើបុណ្យជ្រមុជដោយទឹក ទ្រង់មានព្រះបន្ទូលមកខ្ញុំថា ដែលអ្នកឃើញព្រះវិញ្ញាណយាងចុះមកសណ្ឋិតលើអ្នកណា ហើយគង់នៅលើអ្នកនោះ គឺអ្នកនោះហើយ ដែលធ្វើបុណ្យជ្រមុជដោយព្រះវិញ្ញាណបរិសុទ្ធ។
៣៣ហើយខ្ញុំបានឃើញមែន ហើយក៏ធ្វើទីបន្ទាល់ថា នេះហើយជាព្រះរាជបុត្រានៃព្រះ។
៣៤ការណ៍ទាំងនេះត្រូវបានសម្រេចនៅភូមិបេថាបារ៉ា នៅត្រើយទន្លេយ័រដាន់ ជាកន្លែងដែលយ៉ូហានកំពុងតែធ្វើបុណ្យជ្រមុជទឹក។
ក.យ.ស., យ៉ូហាន ១:៤២ (ចូរប្រៀបធៀបនឹងគម្ពីរយ៉ូហាន ១:៤២)
(កេផាស មានន័យថា « អ្នកមើលឆុត » ឬ « ថ្ម »)។
៤២ហើយគាត់ក៏នាំបងទៅឯព្រះយេស៊ូវ។ ហើយកាលព្រះយេស៊ូវទ្រង់បានទតមើលគាត់ ទ្រង់មានព្រះបន្ទូលថា អ្នកឈ្មោះស៊ីម៉ូន ជាកូនរបស់យ៉ូណាស អ្នកនឹងត្រូវហៅថា កេផាស គឺប្រែថា អ្នកមើលឆុត ឬថ្ម។ ហើយពួកគេជាអ្នកនេសាទ។ ហើយពួកគេបានលះចោលទាំងអស់ ហើយទៅតាមព្រះយេស៊ូវភ្លាម។