ព្រះគម្ពីរ
អ័ប្រាហាំ 4


ជំពូក​ទី ៤

ក្រុម​ព្រះ​គ្រោងការណ៍​បង្ក​បង្កើត​ផែនដី និង​អ្វីៗ​ទាំង​អស់​ដែល​មាន​ជីវិត​នៅ​លើ​ផែនដី — គម្រោងការណ៍​ចំនួន​ប្រាំមួយ​ថ្ងៃ​នៃ​ការ​បង្ក​បង្កើត​របស់​ព្រះ​ត្រូវ​បាន​ចែង​ប្រាប់។

ហើយ​ខណៈ​នោះ ព្រះ​អម្ចាស់​ទ្រង់​បាន​មាន​ព្រះ​បន្ទូល​ថា ៖ តស់ ចូរ​យើង​ចុះ​ទៅ។ ហើយ​ព្រះ​ទាំង​ឡាយ​ទ្រង់​បាន​យាង​ចុះ​ទៅ​នៅ​ដើម​ដំបូង ហើយ​ព្រះ​ទាំង​នោះ គឺថា​ក្រុម​ព្រះ បាន​រៀបចំ ហើយ​សូន​នូវ​ផ្ទៃ​មេឃ និង​ផែនដី។

ហើយ​ផែនដី គឺ​បន្ទាប់​ពី​បាន​សូន​រួច​ហើយ នោះ​គ្មាន​រូបរាង​ទេ ហើយ​នៅ​ទទេ ពី​ព្រោះ​ព្រះ​ទាំង​ឡាយ​ទ្រង់​ពុំ​ទាន់​បាន​សូន​នូវ​អ្វី​ឡើយ​ក្រៅ​ពី​ផែនដី​ប៉ុណ្ណោះ ហើយ​សេចក្ដី​ងងឹត​គ្រប​លើ​ផ្ទៃ​នៃ​ជម្រៅ​ទឹក ហើយ​ព្រះ​វិញ្ញាណ​នៃ​ក្រុម​ព្រះ​រេរា​នៅ​ពីលើ​ផ្ទៃ​ទឹក។

ហើយ​ព្រះ​ទាំង​ឡាយ​ទ្រង់ (ក្រុម​ព្រះ​) បាន​មាន​ព្រះ​បន្ទូល​ថា ៖ ចូរ​ឲ្យ​មាន​ពន្លឺ​ឡើង ហើយ​ក៏​មាន​ពន្លឺ​ឡើង។

ហើយ​ព្រះ​ទាំង​ឡាយ​ទ្រង់ (ក្រុម​ព្រះ​) បាន​យល់​ឃើញ​ពន្លឺ ត្បិត​ពន្លឺ​នោះ​ភ្លឺ​ចែងចាំង ហើយ​ព្រះ​ទាំង​ឡាយ​ទ្រង់​បាន​ញែក​ពន្លឺ ឬ​បណ្ដាល​ពន្លឺ​ឲ្យ​ញែក​ចេញ​ពី​ងងឹត។

ហើយ​ក្រុម​ព្រះ​បាន​ហៅ​ពន្លឺ​ថា ថ្ងៃ ហើយ​ងងឹត ព្រះ​ទាំង​ឡាយ​ទ្រង់​បាន​ហៅថា យប់។ ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ពី​ល្ងាច​ទៅ​ដល់​ព្រឹក នោះ​ព្រះ​ទាំង​ឡាយ​ទ្រង់​បាន​ហៅថា យប់ ហើយ​ពី​ព្រឹក​ទៅ​ដល់​ល្ងាច នោះ​ព្រះ​ទាំង​ឡាយ​ទ្រង់​បាន​ហៅថា ថ្ងៃ ហើយ​នេះ​គឺ ជាទី​មួយ ឬ​ដើមដំបូង អំពី​អ្វី​ដែល​ព្រះ​ទាំង​ឡាយ​ទ្រង់​បាន​ហៅថា ថ្ងៃ និង​យប់។

ហើយ​ក្រុម​ព្រះ​ក៏​មាន​ព្រះ​បន្ទូល​ថា ៖ ចូរ​ឲ្យ​មាន​ប្រឡោះ​នៅ​កណ្ដាល​ទឹក ហើយ​វា​នឹង​ញែក​ទឹក​ចេញ​ពី​គ្នា។

ហើយ​ក្រុម​ព្រះ​បាន​បញ្ជា​ប្រឡោះ ដើម្បី​ឲ្យ​វា​ញែក​ទឹក​ដែល​នៅ​ក្រោម​ប្រឡោះ ចេញ​ពី​ទឹក​ដែល​នៅ​លើ​ប្រឡោះ ហើយ​ក៏​មាន​ដូច្នោះ ដូចដែល​ព្រះ​ទាំង​ឡាយ​ទ្រង់​បាន​បញ្ជា​មែន។

ហើយ​ក្រុម​ព្រះ​បាន​ហៅ​ប្រឡោះ​នោះ​ថា មេឃ។ ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ពី​ល្ងាច​ទៅ​ដល់​ព្រឹក នោះ​ព្រះ​ទាំង​ឡាយ​ទ្រង់ ហៅថា យប់ ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ពី​ព្រឹក​ទៅ​ដល់​ល្ងាច នោះ​ព្រះ​ទាំង​ឡាយ​ទ្រង់​ហៅថា ថ្ងៃ ហើយ​នេះ​គឺជា​លើក​ទី​ពីរ ដែល​ព្រះ​ទាំង​ឡាយ​ទ្រង់​បាន​ហៅថា ថ្ងៃ និង​យប់។

ហើយ​ក្រុម​ព្រះ​បាន​បញ្ជា ដោយ​មាន​ព្រះ​បន្ទូល​ថា ៖ ចូរ​ឲ្យ​ទឹក​នៅ​ក្រោម​មេឃ​ប្រមូល​គ្នា​នៅ​កន្លែង​តែ​មួយ ហើយ​ចូរ​ឲ្យ​មាន​ដីគោក​ឡើង ហើយ​ក៏​មាន​ដូច្នោះ ដូចដែល​ព្រះ​ទាំង​ឡាយ​ទ្រង់​បាន​បញ្ជា​មែន

១០ហើយ​ក្រុម​ព្រះ​បាន​ឲ្យ​ឈ្មោះ​ដីគោក​នោះ​ថា ផែនដី ហើយ​ទី​ទឹក​ដែល​ប្រមូល​គ្នា នោះ​ព្រះ​ទាំង​ឡាយ​ទ្រង់​ឲ្យ​ឈ្មោះ​ថា ទឹកធំ ហើយ ក្រុម​ព្រះ​បាន​ទត​ឃើញ​ថា របស់​ទាំង​នោះ​គោរព​ធ្វើ​តាម។

១១ហើយ​ក្រុម​ព្រះ​បាន​មាន​ព្រះ​បន្ទូល​ថា ៖ តស់ ចូរ​យើង​រៀបចំ​ផែនដី​ឲ្យ​ដុះ​តិណជាតិ​ឡើង ជា​ពួក​ស្មៅ និង​រុក្ខជាតិ​ដែល​មាន​គ្រាប់ និង​ដើម​ឈើ ដែល​មាន​ផ្លែ​តាម​ពូជ គឺ​មាន​គ្រាប់​ក្នុង​ផ្លែ​ដែល​បង្កើត​ដើម​ដូច​រូប​វា​នៅ​លើ​ផែនដី ហើយ​ក៏​មាន​ដូច្នោះ គឺ​ដូចដែល​ក្រុម​ព្រះ​អង្គ​ទ្រង់​បាន​បញ្ជា​មែន។

១២ហើយ​ក្រុម​ព្រះ​បាន​រៀបចំ​ផែនដី​ឲ្យ​ដុះ​តិណជាតិ​ឡើង ពួក​ស្មៅ​ដែល​មាន​គ្រាប់​តាម​ពូជ​វា និង​រុក្ខជាតិ​ឲ្យ​ដុះ​រុក្ខជាតិ​ពី​គ្រាប់​វា ដែល​មាន​គ្រាប់​តាម​ពូជ​វា ហើយ​ឲ្យ​ផែន​ដីដុះ​ដើម​ឈើ​ពី​គ្រាប់​តាម​ពូជ​វា ដែល​មាន​ផ្លែ រីឯ​គ្រាប់​វា​អាច​បង្កើត​បាន​តែ​ដើម​វា​ប៉ុណ្ណោះ គឺ​តាម​ពូជ​វា ហើយ​ក្រុម​ព្រះ​បាន​ទត​ឃើញ​ថា របស់​ទាំង​នោះ​គោរព​ធ្វើ​តាម។

១៣ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ព្រះ​ទាំង​ឡាយ​ទ្រង់​បាន​រាប់​ថ្ងៃ​ទាំង​ឡាយ ពី​ល្ងាច​ទៅ​ដល់​ព្រឹក នោះ​ព្រះ​ទាំង​ឡាយ​ទ្រង់​បាន​ហៅថា យប់ ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ពី​ព្រឹក​ទៅ​ដល់​ល្ងាច នោះ​ព្រះ​ទាំង​ឡាយ​ទ្រង់​បាន​ហៅថា ថ្ងៃ ហើយ​នេះ​គឺជា​លើក​ទី​បី។

១៤ហើយ​ក្រុម​ព្រះ​បាន​រៀបចំ​ពន្លឺ​ទាំង​ឡាយ​នៅ​នា​ផ្ទៃ​មេឃ ហើយ​បាន​បណ្ដាល​ឲ្យ​ពន្លឺ​ទាំង​នោះ​ញែក​ថ្ងៃ​ចេញ​ពី​យប់ ហើយ​បាន រៀបចំ​ពន្លឺ​ទាំង​នោះ​សម្រាប់​ទុកជា​ទី​សម្គាល់ និង​សម្រាប់​ជា​រដូវ និង​សម្រាប់​ជា​ថ្ងៃ និង​សម្រាប់​ជា​ឆ្នាំ

១៥ហើយ​បាន​រៀបចំ​ពន្លឺ​ទាំង​នោះ​ឲ្យ​ទៅ​ជា​តួ​ពន្លឺ​នៅ​នា​ផ្ទៃ​មេឃ ដើម្បី​នឹង​ញែក​ថ្ងៃ​ចេញ​ពី​យប់ ហើយ​ក៏​មាន​ដូច្នោះ។

១៦ហើយ​ក្រុម​ព្រះ​បាន​រៀបចំ​ធ្វើ​ពន្លឺ​ធំ​ជា​ពីរ​តួ មួយ​ដែល​ធំ​ជាង នោះ​សម្រាប់​ត្រួត​ក្នុង​ពេល​ថ្ងៃ ហើយ​មួយ​ដែល​តូច​ជាង សម្រាប់​ត្រួត​ក្នុង​ពេល​យប់ ជាមួយ​នឹង​ពន្លឺ​តូច​ជាង នោះ​ព្រះ​ទាំង​ឡាយ​ទ្រង់​បាន​ដាក់​តារា​ទាំង​ឡាយ​ផង​ដែរ

១៧ហើយ​ក្រុម​ព្រះ​បាន​ដាក់​តួ​ពន្លឺ​ទាំង​នោះ​នៅ​នា​ផ្ទៃ​មេឃ ដើម្បី​នឹង​បំភ្លឺ​មក​លើ​ផែនដី ហើយ​ដើម្បី​នឹង​ត្រួត​ក្នុង​ពេល​ថ្ងៃ និង​ក្នុង​ពេល​យប់ ហើយ​ដើម្បី​នឹង​បណ្ដាល​ឲ្យ​ញែក​ពន្លឺ​ចេញ​ពី​ងងឹត។

១៨ហើយ​ក្រុម​ព្រះ​បាន​ទត​របស់​ទាំង​នោះ​ដែល​ព្រះ​ទាំង​ឡាយ​ទ្រង់​បាន​បញ្ជា ទាល់​តែ​របស់​ទាំង​នោះ​គោរព​ធ្វើ​តាម។

១៩ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ពី​ល្ងាច​ទៅ​ដល់​ព្រឹក នោះ​ជា​យប់ ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ពី​ព្រឹក​ទៅ​ដល់​ល្ងាច នោះ​ជា​ថ្ងៃ ហើយ​នេះ​គឺជា​លើក​ទី​បួន។

២០ហើយ​ក្រុម​ព្រះ​បាន​មាន​ព្រះ​បន្ទូល​ថា ៖ តស់ ចូរ​យើង​រៀបចំ​ទឹក​ឲ្យ​មាន​ពោរ​ពេញ​ទៅ​ដោយ​មច្ឆា​ជាតិ​រវើក​ជា​បរិបូរ និង​បក្សី​ជាតិ ដើម្បី​ឲ្យ​វា​អាច​ហើរ​លើ​ដី​នៅ​នា​អាកាស។

២១ហើយ​ក្រុម​ព្រះ​បាន​រៀបចំ​ទឹក ដើម្បី​ឲ្យ​ទឹក​អាច​បង្កើត​ត្រី​បាឡែន​ដ៏​សម្បើមៗ និង​ជីវិត​ទាំង​ឡាយ​ដែល​កម្រើក ដែល​ទឹក​ទាំង​ឡាយ បាន​បង្កើត​មក​ជា​បរិបូរ​តាម​ពូជ ហើយ​អស់​ទាំង​សត្វ​ស្លាប​គ្រប់​មុខ​តាម​ពូជ។ ហើយ​ក្រុម​ព្រះ​បាន​ទត​ឃើញ​ថា របស់​ទាំង​នោះ​គោរព​ធ្វើ​តាម ហើយ​ថា​គម្រោងការណ៍​របស់​ព្រះ​ទ្រង់​នោះ​ល្អ។

២២ហើយ​ក្រុម​ព្រះ​បាន​មាន​ព្រះ​បន្ទូល​ថា ៖ យើង​នឹង​ប្រទាន​ពរ​ដល់​សត្វ​ទាំង​ឡាយ​នោះ ហើយ​បណ្ដាល​ឲ្យ​សត្វ​ទាំង​ឡាយ​នោះ បង្កើត​កូន​ឲ្យ​ចម្រើន​ជា​ច្រើន​ឡើង​ឲ្យ​មាន​ពោ​ស​ពេញ​នៅ​ក្នុង​ទឹកសមុទ្រ ឬ​ទឹកធំ ហើយ​បណ្ដាល​ឲ្យ​សត្វ​ស្លាប​ចម្រើន​ឡើង​នៅ​ផែនដី​ដែរ។

២៣ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ពី​ល្ងាច​ទៅ​ដល់​ព្រឹក នោះ​ព្រះ​ទាំង​ឡាយ​ទ្រង់​ហៅថា យប់ ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ពី​ព្រឹក​ទៅ​ដល់​ល្ងាច នោះ​ព្រះ​ទាំង​ឡាយ​ទ្រង់​ហៅថា ថ្ងៃ ហើយ​នេះ​គឺជា​លើក​ទី​ប្រាំ។

២៤ហើយ​ក្រុម​ព្រះ​បាន​រៀបចំ​ឲ្យ​ផែនដី​មាន​ពោរ​ពេញ​ទៅ​ដោយ​ចតុប្បាទ​ជាតិ​តាម​ពូជ គឺជា​សត្វ​ស្រុក សត្វ​លូន​វារ និង​សត្វ​ព្រៃ នៅ​ផែនដី​តាម​ពូជ ហើយ​ក៏​មាន​ដូច្នោះ ដូចដែល​ព្រះ​ទាំង​ឡាយ​ទ្រង់​បាន​មាន​ព្រះ​បន្ទូល​មែន។

២៥ហើយ​ក្រុម​ព្រះ​បាន​រៀបចំ​ផែនដី​ឲ្យ​មាន​សត្វ​ព្រៃ​តាម​ពូជ និង​សត្វ​ស្រុក​តាម​ពូជ ហើយ​គ្រប់​ទាំង​សត្វ​ដែល​លូន​វារ​នៅ​ដីគោក​តាម​ពូជ​ដែរ ហើយ​ក្រុម​ព្រះ​បាន​ទត​ឃើញ​ថា​របស់​ទាំង​នោះ​នឹង​គោរព​ធ្វើ​តាម។

២៦ហើយ​ក្រុម​ព្រះ​បាន​ប្រឹក្សា​ជាមួយ​គ្នា ហើយ​មាន​ព្រះ​បន្ទូល​ថា ៖ តស់ ចូរ​យើង​ចុះ​ទៅ ហើយ​សូន​មនុស្ស​ឲ្យ​ដូច​ជា​រូប​យើង​ឲ្យ​មាន​ភាព​ដូច​យើង ហើយ​យើង​នឹង​ឲ្យ​ពួក​គេ​មាន​អំណាច​ត្រួតត្រា​លើ​ត្រី​សមុទ្រ និង​លើ​សត្វ​ហើរ​លើ​អាកាស និង​លើ​សត្វ​ជើង​បួន និង​លើ​ផែនដី​ទាំង​មូល ព្រម​ទាំង​លើ​សត្វ​លូន​វារ ដែល​វារ​នៅ​ផែនដី​ផង។

២៧ម្ល៉ោះ​ហី​យ ក្រុម​ព្រះ​ក៏​យាង​ចុះ​ទៅ​បង្កើត​មនុស្ស​ឲ្យ​ដូច​រូប​ព្រះ​ទាំង​ឡាយ គឺ​ដូច​ជា​រូប​នៃ​ព្រះ នោះ​ព្រះ​ទាំង​ឡាយ​ទ្រង់​បាន​បង្កើត​គេ​មក គឺជា​ប្រុស​ជា​ស្រី ព្រះ​ទាំង​ឡាយ​ទ្រង់​បាន​បង្កើត​គេ​ឡើង។

២៨ហើយ​ក្រុម​ព្រះ​បាន​មាន​ព្រះ​បន្ទូល​ថា ៖ យើង​នឹង​ប្រទាន​ពរ​ដល់​ពួក​គេ។ ហើយ​ក្រុម​ព្រះ​បាន​មាន​ព្រះ​បន្ទូល​ថា ៖ យើង​នឹង​បណ្ដាល​ឲ្យ​ពួក​គេ​បង្កើត​កូន​ឲ្យ​ចម្រើន​ជា​ច្រើន​ឡើង ឲ្យ​មាន​ពាស​ពេញ​លើ​ផែនដី ហើយ​បង្ក្រាប​ផែនដី ហើយ​មាន​អំណាច​ត្រួតត្រា​លើ​ត្រី​សមុទ្រ និង​លើ​សត្វ​ហើរ​លើ​អាកាស និង​លើ​ជីវិត​ផង​ទាំង​ឡាយ​ដែល​កម្រើក​នៅ​ផែនដី​ផង។

២៩ហើយ​ក្រុម​ព្រះ​បាន​មាន​ព្រះ​បន្ទូល​ថា ៖ មើល​ចុះ យើង​បាន​ប្រទាន​ដល់​ពួក​គេ​នូវ​គ្រប់​ទាំង​តិណជាតិ​មាន​គ្រាប់​ពូជ ដែល​នឹង​ដុះ​នៅ​លើ​ផ្ទៃ​ផែនដី និង​គ្រប់​ទាំង​ដើម​ឈើ​ទាំង​ឡាយ​ដែល​នឹង​កើត​ផ្លែ មែន​ហើយ គឺ​ផ្លែ​ឈើ​ដែល​មាន​គ្រាប់​តាម​ពូជ​វា នោះ​យើង​នឹង​ប្រទាន​ដល់​ពួក​គេ របស់​ទាំង​នោះ​នឹង​ទៅ​ជា​អាហារ​ដល់​ពួក​គេ។

៣០ហើយ​ចំពោះ​អស់​ទាំង​សត្វ​នៅ​លើ​ផែនដី និង​ចំពោះ​សត្វ​ហើរ​លើ​អាកាស និង​ចំពោះ​គ្រប់​សត្វ​ទាំង​ឡាយ ដែល​លូន​វារ​នៅ​លើ​ផែនដី​ផង មើល​ចុះ យើង​នឹង​ប្រទាន​ឲ្យ​មាន​ជីវិត ហើយ​យើង​ក៏​នឹង​ប្រទាន​គ្រប់​តិណជាតិ​ខ្ចីៗ​ឲ្យ​ធ្វើ​ជា​អាហារ ហើយ​អស់​ទាំង​របស់​ទាំង​នេះ​នឹង​ត្រូវ​បាន​រៀបចំ​យ៉ាង​ដូច្នោះ​ហើយ។

៣១ហើយ​ក្រុម​ព្រះ​បាន​មាន​ព្រះ​បន្ទូល​ថា ៖ យើង​នឹង​ធ្វើ​អ្វីៗ​គ្រប់​យ៉ាង​ដែល​យើង​បាន​មាន​បន្ទូល ហើយ​រៀបចំ​របស់​ទាំង​នោះ​ឡើង ហើយ​មើល​ចុះ របស់​ទាំង​នោះ​នឹង​គោរព​តាម​ណាស់។ ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ពី​ល្ងាច​ទៅ​ដល់​ព្រឹក នោះ​ព្រះ​ទាំង​ឡាយ ទ្រង់​ហៅថា យប់ ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ពី​ព្រឹក​ទៅ​ដល់​ល្ងាច នោះ​ព្រះ​ទាំង​ឡាយ​ទ្រង់​ហៅថា ថ្ងៃ ហើយ​ព្រះ​ទាំង​ឡាយ​ទ្រង់​បាន​រាប់​លើក​ទី​ប្រាំមួយ ៕