ជំពូកទី ៤
ក្រុមព្រះគ្រោងការណ៍បង្កបង្កើតផែនដី និងអ្វីៗទាំងអស់ដែលមានជីវិតនៅលើផែនដី — គម្រោងការណ៍ចំនួនប្រាំមួយថ្ងៃនៃការបង្កបង្កើតរបស់ព្រះត្រូវបានចែងប្រាប់។
១ហើយខណៈនោះ ព្រះអម្ចាស់ទ្រង់បានមានព្រះបន្ទូលថា ៖ តស់ ចូរយើងចុះទៅ។ ហើយព្រះទាំងឡាយទ្រង់បានយាងចុះទៅនៅដើមដំបូង ហើយព្រះទាំងនោះ គឺថាក្រុមព្រះ បានរៀបចំ ហើយសូននូវផ្ទៃមេឃ និងផែនដី។
២ហើយផែនដី គឺបន្ទាប់ពីបានសូនរួចហើយ នោះគ្មានរូបរាងទេ ហើយនៅទទេ ពីព្រោះព្រះទាំងឡាយទ្រង់ពុំទាន់បានសូននូវអ្វីឡើយក្រៅពីផែនដីប៉ុណ្ណោះ ហើយសេចក្ដីងងឹតគ្របលើផ្ទៃនៃជម្រៅទឹក ហើយព្រះវិញ្ញាណនៃក្រុមព្រះរេរានៅពីលើផ្ទៃទឹក។
៣ហើយព្រះទាំងឡាយទ្រង់ (ក្រុមព្រះ) បានមានព្រះបន្ទូលថា ៖ ចូរឲ្យមានពន្លឺឡើង ហើយក៏មានពន្លឺឡើង។
៤ហើយព្រះទាំងឡាយទ្រង់ (ក្រុមព្រះ) បានយល់ឃើញពន្លឺ ត្បិតពន្លឺនោះភ្លឺចែងចាំង ហើយព្រះទាំងឡាយទ្រង់បានញែកពន្លឺ ឬបណ្ដាលពន្លឺឲ្យញែកចេញពីងងឹត។
៥ហើយក្រុមព្រះបានហៅពន្លឺថា ថ្ងៃ ហើយងងឹត ព្រះទាំងឡាយទ្រង់បានហៅថា យប់។ ហើយហេតុការណ៍បានកើតឡើងថា ពីល្ងាចទៅដល់ព្រឹក នោះព្រះទាំងឡាយទ្រង់បានហៅថា យប់ ហើយពីព្រឹកទៅដល់ល្ងាច នោះព្រះទាំងឡាយទ្រង់បានហៅថា ថ្ងៃ ហើយនេះគឺ ជាទីមួយ ឬដើមដំបូង អំពីអ្វីដែលព្រះទាំងឡាយទ្រង់បានហៅថា ថ្ងៃ និងយប់។
៦ហើយក្រុមព្រះក៏មានព្រះបន្ទូលថា ៖ ចូរឲ្យមានប្រឡោះនៅកណ្ដាលទឹក ហើយវានឹងញែកទឹកចេញពីគ្នា។
៧ហើយក្រុមព្រះបានបញ្ជាប្រឡោះ ដើម្បីឲ្យវាញែកទឹកដែលនៅក្រោមប្រឡោះ ចេញពីទឹកដែលនៅលើប្រឡោះ ហើយក៏មានដូច្នោះ ដូចដែលព្រះទាំងឡាយទ្រង់បានបញ្ជាមែន។
៨ហើយក្រុមព្រះបានហៅប្រឡោះនោះថា មេឃ។ ហើយហេតុការណ៍បានកើតឡើងថា ពីល្ងាចទៅដល់ព្រឹក នោះព្រះទាំងឡាយទ្រង់ ហៅថា យប់ ហើយហេតុការណ៍បានកើតឡើងថា ពីព្រឹកទៅដល់ល្ងាច នោះព្រះទាំងឡាយទ្រង់ហៅថា ថ្ងៃ ហើយនេះគឺជាលើកទីពីរ ដែលព្រះទាំងឡាយទ្រង់បានហៅថា ថ្ងៃ និងយប់។
៩ហើយក្រុមព្រះបានបញ្ជា ដោយមានព្រះបន្ទូលថា ៖ ចូរឲ្យទឹកនៅក្រោមមេឃប្រមូលគ្នានៅកន្លែងតែមួយ ហើយចូរឲ្យមានដីគោកឡើង ហើយក៏មានដូច្នោះ ដូចដែលព្រះទាំងឡាយទ្រង់បានបញ្ជាមែន
១០ហើយក្រុមព្រះបានឲ្យឈ្មោះដីគោកនោះថា ផែនដី ហើយទីទឹកដែលប្រមូលគ្នា នោះព្រះទាំងឡាយទ្រង់ឲ្យឈ្មោះថា ទឹកធំ ហើយ ក្រុមព្រះបានទតឃើញថា របស់ទាំងនោះគោរពធ្វើតាម។
១១ហើយក្រុមព្រះបានមានព្រះបន្ទូលថា ៖ តស់ ចូរយើងរៀបចំផែនដីឲ្យដុះតិណជាតិឡើង ជាពួកស្មៅ និងរុក្ខជាតិដែលមានគ្រាប់ និងដើមឈើ ដែលមានផ្លែតាមពូជ គឺមានគ្រាប់ក្នុងផ្លែដែលបង្កើតដើមដូចរូបវានៅលើផែនដី ហើយក៏មានដូច្នោះ គឺដូចដែលក្រុមព្រះអង្គទ្រង់បានបញ្ជាមែន។
១២ហើយក្រុមព្រះបានរៀបចំផែនដីឲ្យដុះតិណជាតិឡើង ពួកស្មៅដែលមានគ្រាប់តាមពូជវា និងរុក្ខជាតិឲ្យដុះរុក្ខជាតិពីគ្រាប់វា ដែលមានគ្រាប់តាមពូជវា ហើយឲ្យផែនដីដុះដើមឈើពីគ្រាប់តាមពូជវា ដែលមានផ្លែ រីឯគ្រាប់វាអាចបង្កើតបានតែដើមវាប៉ុណ្ណោះ គឺតាមពូជវា ហើយក្រុមព្រះបានទតឃើញថា របស់ទាំងនោះគោរពធ្វើតាម។
១៣ហើយហេតុការណ៍បានកើតឡើងថា ព្រះទាំងឡាយទ្រង់បានរាប់ថ្ងៃទាំងឡាយ ពីល្ងាចទៅដល់ព្រឹក នោះព្រះទាំងឡាយទ្រង់បានហៅថា យប់ ហើយហេតុការណ៍បានកើតឡើងថា ពីព្រឹកទៅដល់ល្ងាច នោះព្រះទាំងឡាយទ្រង់បានហៅថា ថ្ងៃ ហើយនេះគឺជាលើកទីបី។
១៤ហើយក្រុមព្រះបានរៀបចំពន្លឺទាំងឡាយនៅនាផ្ទៃមេឃ ហើយបានបណ្ដាលឲ្យពន្លឺទាំងនោះញែកថ្ងៃចេញពីយប់ ហើយបាន រៀបចំពន្លឺទាំងនោះសម្រាប់ទុកជាទីសម្គាល់ និងសម្រាប់ជារដូវ និងសម្រាប់ជាថ្ងៃ និងសម្រាប់ជាឆ្នាំ
១៥ហើយបានរៀបចំពន្លឺទាំងនោះឲ្យទៅជាតួពន្លឺនៅនាផ្ទៃមេឃ ដើម្បីនឹងញែកថ្ងៃចេញពីយប់ ហើយក៏មានដូច្នោះ។
១៦ហើយក្រុមព្រះបានរៀបចំធ្វើពន្លឺធំជាពីរតួ មួយដែលធំជាង នោះសម្រាប់ត្រួតក្នុងពេលថ្ងៃ ហើយមួយដែលតូចជាង សម្រាប់ត្រួតក្នុងពេលយប់ ជាមួយនឹងពន្លឺតូចជាង នោះព្រះទាំងឡាយទ្រង់បានដាក់តារាទាំងឡាយផងដែរ
១៧ហើយក្រុមព្រះបានដាក់តួពន្លឺទាំងនោះនៅនាផ្ទៃមេឃ ដើម្បីនឹងបំភ្លឺមកលើផែនដី ហើយដើម្បីនឹងត្រួតក្នុងពេលថ្ងៃ និងក្នុងពេលយប់ ហើយដើម្បីនឹងបណ្ដាលឲ្យញែកពន្លឺចេញពីងងឹត។
១៨ហើយក្រុមព្រះបានទតរបស់ទាំងនោះដែលព្រះទាំងឡាយទ្រង់បានបញ្ជា ទាល់តែរបស់ទាំងនោះគោរពធ្វើតាម។
១៩ហើយហេតុការណ៍បានកើតឡើងថា ពីល្ងាចទៅដល់ព្រឹក នោះជាយប់ ហើយហេតុការណ៍បានកើតឡើងថា ពីព្រឹកទៅដល់ល្ងាច នោះជាថ្ងៃ ហើយនេះគឺជាលើកទីបួន។
២០ហើយក្រុមព្រះបានមានព្រះបន្ទូលថា ៖ តស់ ចូរយើងរៀបចំទឹកឲ្យមានពោរពេញទៅដោយមច្ឆាជាតិរវើកជាបរិបូរ និងបក្សីជាតិ ដើម្បីឲ្យវាអាចហើរលើដីនៅនាអាកាស។
២១ហើយក្រុមព្រះបានរៀបចំទឹក ដើម្បីឲ្យទឹកអាចបង្កើតត្រីបាឡែនដ៏សម្បើមៗ និងជីវិតទាំងឡាយដែលកម្រើក ដែលទឹកទាំងឡាយ បានបង្កើតមកជាបរិបូរតាមពូជ ហើយអស់ទាំងសត្វស្លាបគ្រប់មុខតាមពូជ។ ហើយក្រុមព្រះបានទតឃើញថា របស់ទាំងនោះគោរពធ្វើតាម ហើយថាគម្រោងការណ៍របស់ព្រះទ្រង់នោះល្អ។
២២ហើយក្រុមព្រះបានមានព្រះបន្ទូលថា ៖ យើងនឹងប្រទានពរដល់សត្វទាំងឡាយនោះ ហើយបណ្ដាលឲ្យសត្វទាំងឡាយនោះ បង្កើតកូនឲ្យចម្រើនជាច្រើនឡើងឲ្យមានពោសពេញនៅក្នុងទឹកសមុទ្រ ឬទឹកធំ ហើយបណ្ដាលឲ្យសត្វស្លាបចម្រើនឡើងនៅផែនដីដែរ។
២៣ហើយហេតុការណ៍បានកើតឡើងថា ពីល្ងាចទៅដល់ព្រឹក នោះព្រះទាំងឡាយទ្រង់ហៅថា យប់ ហើយហេតុការណ៍បានកើតឡើងថា ពីព្រឹកទៅដល់ល្ងាច នោះព្រះទាំងឡាយទ្រង់ហៅថា ថ្ងៃ ហើយនេះគឺជាលើកទីប្រាំ។
២៤ហើយក្រុមព្រះបានរៀបចំឲ្យផែនដីមានពោរពេញទៅដោយចតុប្បាទជាតិតាមពូជ គឺជាសត្វស្រុក សត្វលូនវារ និងសត្វព្រៃ នៅផែនដីតាមពូជ ហើយក៏មានដូច្នោះ ដូចដែលព្រះទាំងឡាយទ្រង់បានមានព្រះបន្ទូលមែន។
២៥ហើយក្រុមព្រះបានរៀបចំផែនដីឲ្យមានសត្វព្រៃតាមពូជ និងសត្វស្រុកតាមពូជ ហើយគ្រប់ទាំងសត្វដែលលូនវារនៅដីគោកតាមពូជដែរ ហើយក្រុមព្រះបានទតឃើញថារបស់ទាំងនោះនឹងគោរពធ្វើតាម។
២៦ហើយក្រុមព្រះបានប្រឹក្សាជាមួយគ្នា ហើយមានព្រះបន្ទូលថា ៖ តស់ ចូរយើងចុះទៅ ហើយសូនមនុស្សឲ្យដូចជារូបយើងឲ្យមានភាពដូចយើង ហើយយើងនឹងឲ្យពួកគេមានអំណាចត្រួតត្រាលើត្រីសមុទ្រ និងលើសត្វហើរលើអាកាស និងលើសត្វជើងបួន និងលើផែនដីទាំងមូល ព្រមទាំងលើសត្វលូនវារ ដែលវារនៅផែនដីផង។
២៧ម្ល៉ោះហីយ ក្រុមព្រះក៏យាងចុះទៅបង្កើតមនុស្សឲ្យដូចរូបព្រះទាំងឡាយ គឺដូចជារូបនៃព្រះ នោះព្រះទាំងឡាយទ្រង់បានបង្កើតគេមក គឺជាប្រុសជាស្រី ព្រះទាំងឡាយទ្រង់បានបង្កើតគេឡើង។
២៨ហើយក្រុមព្រះបានមានព្រះបន្ទូលថា ៖ យើងនឹងប្រទានពរដល់ពួកគេ។ ហើយក្រុមព្រះបានមានព្រះបន្ទូលថា ៖ យើងនឹងបណ្ដាលឲ្យពួកគេបង្កើតកូនឲ្យចម្រើនជាច្រើនឡើង ឲ្យមានពាសពេញលើផែនដី ហើយបង្ក្រាបផែនដី ហើយមានអំណាចត្រួតត្រាលើត្រីសមុទ្រ និងលើសត្វហើរលើអាកាស និងលើជីវិតផងទាំងឡាយដែលកម្រើកនៅផែនដីផង។
២៩ហើយក្រុមព្រះបានមានព្រះបន្ទូលថា ៖ មើលចុះ យើងបានប្រទានដល់ពួកគេនូវគ្រប់ទាំងតិណជាតិមានគ្រាប់ពូជ ដែលនឹងដុះនៅលើផ្ទៃផែនដី និងគ្រប់ទាំងដើមឈើទាំងឡាយដែលនឹងកើតផ្លែ មែនហើយ គឺផ្លែឈើដែលមានគ្រាប់តាមពូជវា នោះយើងនឹងប្រទានដល់ពួកគេ របស់ទាំងនោះនឹងទៅជាអាហារដល់ពួកគេ។
៣០ហើយចំពោះអស់ទាំងសត្វនៅលើផែនដី និងចំពោះសត្វហើរលើអាកាស និងចំពោះគ្រប់សត្វទាំងឡាយ ដែលលូនវារនៅលើផែនដីផង មើលចុះ យើងនឹងប្រទានឲ្យមានជីវិត ហើយយើងក៏នឹងប្រទានគ្រប់តិណជាតិខ្ចីៗឲ្យធ្វើជាអាហារ ហើយអស់ទាំងរបស់ទាំងនេះនឹងត្រូវបានរៀបចំយ៉ាងដូច្នោះហើយ។
៣១ហើយក្រុមព្រះបានមានព្រះបន្ទូលថា ៖ យើងនឹងធ្វើអ្វីៗគ្រប់យ៉ាងដែលយើងបានមានបន្ទូល ហើយរៀបចំរបស់ទាំងនោះឡើង ហើយមើលចុះ របស់ទាំងនោះនឹងគោរពតាមណាស់។ ហើយហេតុការណ៍បានកើតឡើងថា ពីល្ងាចទៅដល់ព្រឹក នោះព្រះទាំងឡាយ ទ្រង់ហៅថា យប់ ហើយហេតុការណ៍បានកើតឡើងថា ពីព្រឹកទៅដល់ល្ងាច នោះព្រះទាំងឡាយទ្រង់ហៅថា ថ្ងៃ ហើយព្រះទាំងឡាយទ្រង់បានរាប់លើកទីប្រាំមួយ ៕