ឆ្នាំ ២០២០
ការត្រឡប់​មក​លើ​ផ្លូវ​វិញ​បន្ទាប់​ពី​ការមាន​ផ្ទៃ​ពោះ​ដោយ​មិន​បាន​គ្រោង​ទុក​របស់​ខ្ញុំ
ខែ មករា ឆ្នាំ ២០២០


ការត្រឡប់​មក​លើ​ផ្លូវ​វិញ​បន្ទាប់​ពី​ការមាន​ផ្ទៃ​ពោះ​ដោយ​មិន​បាន​គ្រោង​ទុក​របស់​ខ្ញុំ

ខ្ញុំ​បាន​រស់​នៅ​តែ​ម្នាក់​ឯង ហើយ​មាន​ផ្ទៃ​ពោះ ។ ប៉ុន្តែ​ខ្ញុំ​បាន​ដឹង​ថា ខ្ញុំ​ចង់​ជីវិត​ដែល​ខុស​ប្លែក​ពី​នេះ ។ ខ្ញុំ​ចង់​រស់​នៅ​ដើម្បី​ថ្វាយ​ខ្លួន​ចំពោះ​ព្រះគ្រីស្ទ ហើយ​ខ្ញុំ​ចង់​មាន​ភាព​ស័ក្ដិសម​ចំពោះ​ពរជ័យ​នៃ​ព្រះវិហារ​បរិសុទ្ធ ។

ខ្ញុំ​បាន​សម្រេច​ចិត្ត​សិក្សា​នៅ​មហាវិទ្យាល័យ​ដែល​នៅ​ជិត​ផ្ទះ ។ ខ្ញុំ​មាន​ចិត្ត​រំភើប​ដើម្បី​លេង​កីឡា​ដែល​ខ្ញុំ​ចូល​ចិត្ត​ឲ្យ​កាន់​តែ​ខ្លាំង ដោយ​ដឹង​ថា​គ្រួសារ​របស់​ខ្ញុំ​នឹង​មើល​មក​ពី​លើ​វេទិកា ហើយ​គាំទ្រ​ដល់​ខ្ញុំ ។ ខ្ញុំ​កើតមក​ក្នុង​គ្រួសារ​ដ៏​អស្ចារ្យ ហើយ​ឪពុកម្តាយ​ខ្ញុំ​បាន​បង្រៀន​យើង​នូវ​តម្លៃ និង​បទដ្ឋាន​នៃ​ដំណឹងល្អ​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ ។

ប៉ុន្តែ ដោយ​សារ​តែ​ជា​និស្សិត​វ័យ ២០ ឆ្នាំ ជា​អត្ថពលលិក​កីឡា​បាល់​ទាត់ និង​រស់នៅ​ក្នុង « ជីវិត​បែប​មហាវិទ្យាល័យ » ខ្ញុំ​បាន​បោះបង់​គោលការណ៍​ទាំងនោះ​ចោល ។ ខ្ញុំ​បាន​ទៅ​រៀន និង​លេង​កីឡា​បាល់​ទាត់​នៅ​រាល់​ថ្ងៃ ហើយ​ទៅ​ជប់លៀង​នៅ​ចុងសប្តាហ៍ ដោយ​ជឿជាក់​ថា​ខ្ញុំ​បាន​រកឃើញ​សុភមង្គល​ពិតប្រាកដ ។ ឱ! ខ្ញុំ​ខុស​ខ្លាំងណាស់ ។ ប៉ុន្តែ​នោះ​ជា​អ្វី​ដែល​សាតាំង​ធ្វើ — វា​ធ្វើ​ឲ្យ​រឿង​ខុស​មានភាព​ទាក់ទាញ ហាក់ដូចជា​រឿង​ត្រឹមត្រូវ​ដូច្នោះ ។

ជីវិត​ខ្ញុំ​មិនអាច​គ្រប់គ្រងបាន នៅក្នុង​ឆ្នាំ​ទីបី​នៃ​មហាវិទ្យាល័យ ។ ខ្ញុំ​បាន​ជ្រើសរើស​ខុស ហើយ​ដឹងថា​ខ្លួន​ថា​មាន​ផ្ទៃពោះ ។ ទស្សនៈទាំងមូល​របស់​ខ្ញុំ​អំពី​ជីវិត​បាន​ផ្លាស់ប្តូរ ។ វា​មិនមែន​មាន​តែ​ខ្ញុំ​នោះទេ ប៉ុន្តែ​អំពី​ទារក​ដែល​ខ្ញុំ​ពពោះ ។ ពាក្យសម្ដី​នៅក្នុង​អាល់ម៉ា ៣៦:១៧–២១​និយាយ​ចំៗ​ដល់​ព្រលឹង​របស់​ខ្ញុំ ពីព្រោះ​ខ្ញុំ​មាន​អារម្មណ៍​សោកស្តាយ​ខ្លាំង​ចំពោះ​ព្រះ ហើយ​ដឹងថា​ខ្លួន​ឯង​ធ្វើ​ខុស ស្រដៀង​នឹង​អ្វី​ដែល​អាល់ម៉ា មាន ។

ផ្លូវ​ទៅកាន់​ការប្រែចិត្ត​អាច​ពិបាក និង​ត្រូវការ​ការព្យាយាម ។ ខ្ញុំ​ដឹង​ខ្លួន​ថា វាពិបាក​ដើម្បី​ទទួលយក​ថា ខ្ញុំ​ខុស ហើយ​ទទួល​យក​កំហុស ។ ដោយ​ការ​ប្រឈមមុខ​ចំពោះ​មនុស្ស​គ្រប់​គ្នា​ដែល​ខ្ញុំ​ស្រឡាញ់ ហើយ​ប្រាប់​ពួកគាត់ថា ខ្ញុំ​មាន​ផ្ទៃពោះ នោះ​គឺ​ជា​ពេល​ដែល​ខ្ញុំ​ខ្លាច​បំផុត​ក្នុង​ជីវិត​របស់​ខ្ញុំ ។ ខ្ញុំ​ក៏​បាន​ជួប​នឹង​ប៊ីស្សព​របស់​ខ្ញុំ ហើយ​ត្រូវ​ប្រឈមមុខ​នឹង​ក្រុម​ប្រឹក្សា​វិន័យ ដែល​បាន​បញ្ឈប់​ខ្ញុំ​មិន​ឲ្យ​ទទួលទាន​សាក្រាម៉ង់​មួយ​រយៈពេល ។ ខ្ញុំ​ចង់​រត់​ទៅ​ឲ្យ​ឆ្ងាយ ហើយ​សម្តែង​ថា​នេះ​មិនមែន​ជា​ជីវិត​ពិត​នោះទេ ។ ប៉ុន្តែវា​ជាការពិត ។ នោះ​ជា​ការពិត​ថ្មី​របស់​ខ្ញុំ ។ មិនថា​មាន​រឿង​អ្វី​កើតឡើង​នោះទេ មានរឿង​លំបាកៗ​ជាច្រើន​នៅខាងមុខ​ខ្ញុំ ។

ក្រុមគ្រួសារ​ខ្ញុំ​បាន​ខកបំណង​នឹង​ការជ្រើសរើស​របស់​ខ្ញុំ ប៉ុន្តែ​ពួកគាត់​ក៏​ស្រឡាញ់​ខ្ញុំ ហើយ​ចង់​ឲ្យ​ខ្ញុំ​មាន​អ្វីៗ​ដែល​ល្អ គឺ​ដូចជា​ព្រះវរបិតា​សួគ៌​ដូច្នោះដែរ ។ ខ្ញុំ​បាន​សួរ​ខ្លួនឯង​ជាច្រើន​ដង តើ​ទ្រង់​អាច​អត់​ទោស​ដល់​ខ្ញុំ​ដូម្តេច​ទៅ បន្ទាប់ពី​ខ្ញុំ​សាងកំហុស​ជា​ច្រើនដងនោះ ។ ចម្លើយ​ដែល​ខ្ញុំ​បាន​ទទួល​រាល់ពេល​នោះ​គឺ ពីព្រោះ​ទ្រង់​ស្រឡាញ់​ខ្ញុំ ហើយ​ចង់​ឲ្យ​ខ្ញុំ​ត្រឡប់​ទៅរស់​នៅ​ជា​មួយ​ទ្រង់​វិញ ។ ខ្ញុំ​ដឹងថា ខ្ញុំ​បាន​ធ្វើ​ឲ្យ​ឪពុកម្តាយ​ខាងលោកិយ​ខក​បំណង​នឹង​ខ្ញុំ ប៉ុន្តែ​គំនិត​ដែល​ថា​ខ្ញុំ​បាន​ធ្វើ​ឲ្យ​ព្រះវរបិតា​សួគ៌​ខក​បំណង​នឹង​ខ្ញុំ​ខ្លាំង បាន​ធ្វើ​ឲ្យខ្ញុំ​រឹតតែ​អន់​ចិត្ត​បំផុត ។

ទោះ​ជាយ៉ាងណា ខ្ញុំ​បាន​មានអារម្មណ៍​ថា​ឯងការ និង​បាត់បង់​នៅ​ប៉ុន្មាន​ខែ​ដំបូង​នៃ​ការ​ពពោះ​របស់​ខ្ញុំ មិនដឹង​ថា​ត្រូវ​ទៅទីណា​ពី​ត្រង់នោះ ។ នៅពេល​ខ្ញុំ​ចាប់ផ្តើម​អធិស្ឋាន​កាន់តែ​ស្មោះសរ​ទៅកាន់​ព្រះវរបិតា​សួគ៌​សូម​ការណែនាំ និង​ជំនួយ ខ្ញុំ​បាន​រៀនថា ខ្ញុំ​មិនដែល​នៅ​ឯងការ​នោះទេ ។ ទ្រង់តែងតែ​នៅទីនោះ គឺ​គ្រាន់តែ​ចាំ​ឲ្យ​ខ្ញុំ​ស្វែងរក​ទ្រង់​ប៉ុណ្ណោះ ។ ចិត្ត​ខ្ញុំ​បាន​ផ្លាស់ប្តូរ​យ៉ាង​ខ្លាំង ។ ខ្ញុំ​ចង់​រស់នៅ​ក្នុង​ជីវិត​ថ្មី​មួយ ។ ខ្ញុំ​ចង់​រស់នៅ​សម្រាប់​ព្រះគ្រីស្ទ ។ ខ្ញុំ​ចង់រស់នៅ​ឲ្យ​មាន​ភាព​ស័ក្តិសម​ដើម្បី​ទទួលទាន​សាក្រាម៉ង់​ម្តងទៀត ។ ខ្ញុំ​ចង់មានភាព​ស័ក្តិសម​ដើម្បី​រៀបការ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​នៅថ្ងៃ​ណាមួយ អ្វីមួយ​ដែល​ខ្ញុំគិត​គឺនៅ​ឆ្ងាយ​ហួសពី​អ្វី​ដែល​ខ្ញុំ​អាច​ចាប់បាន ព្រោះ​តែ​កំហុស​របស់​ខ្ញុំ ។

ពេលនោះហើយ ដែល​ខ្ញុំ​បានរៀន​ពី​ព្រះចេស្តា​ពិតប្រាកដ​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ​ថា​ជា​ព្រះ​អង្គ​សង្រ្គោះ​របស់​ខ្ញុំ ។ ខ្ញុំ​បាន​ឃើញ​សេចក្តីមេត្តា​ករុណា​ដ៏ទន់ភ្លន់​មកពី​ព្រះ​អង្គ​សង្រ្គោះ​ក្នុង​អំឡុង​ប្រាំបួន​ខែ​ដ៏​ខ្លី​នោះ ។ សេចក្តី​ជំនឿ​ខ្ញុំ​រីកចម្រើន​ដែល​ខ្ញុំ​មិន​ធ្លាប់​មាន​ពីមុន​មក​ក្នុង​ជីវិត​ខ្ញុំ ។ ដោយសារតែ​សេចក្តីជំនឿ​លើ​ព្រះ​យេស៊ូវ​គ្រីស្ទ​នោះហើយ ដែល​បាន​អនុញ្ញាត​ឲ្យ​ខ្ញុំ​ជ្រើសរើស​ឲ្យ​កូន​ស្រី​ជា​ទីស្រឡាញ់​របស់​ខ្ញុំ​ទៅ​គេ​ចិញ្ចឹម ។ ការឈឺចាប់​ពី​ការ​ឲ្យកូនទៅ​គេ​ចិញ្ចឹម​គឺ​ធំធេង​ណាស់ ។ ប៉ុន្តែ សេចក្តី​អំណរ​ដែល​ខ្ញុំ​ទទួល​បាន​ដោយ​ការជួយឲ្យ​កូនស្រី​ម្នាក់​ទៀត​របស់​ព្រះ​មាន​គ្រួសារ​ដ៏​នៅអស់​កល្ប​ជានិច្ច​គឺ​កាន់តែ​មហិមា​ទៅទៀត ។ ខ្ញុំ​បាន​ផ្លាស់ប្តូរ​ចាប់តាំង​ពី​បទពិសោធន៍​នោះមក យើង​ទាំងអស់​គ្នា​ក៏​អាច​ធ្វើ​បាន​ដែរ ប្រសិនបើ យើង​ពិតជា​សោកស្តាយ និង​ប្រែចិត្ត​ពិតប្រាកដ​មែន — ដោយ​ការអនុញ្ញាត​ឲ្យ​ព្រះ​អម្ចាស់​ធ្វើ​ឲ្យ​យើង​បាន​បរិសុទ្ធ​ម្តងទៀត ។

ជារៀងរាល់ថ្ងៃ​ចាប់តាំងពីពេល​នោះមក ខ្ញុំ​បាន​ទទួលពរជ័យ​ជាច្រើន ។

បងប្អូន​ដឹងទេ ខ្ញុំ​ក៏​ត្រូវបាន​ឪពុកម្តាយ​ខ្ញុំ​យកមក​ចិញ្ចឹម​ដែរ​កាលពី​នៅ​ក្មេង ហើយ​ប្រាំមួយ​ខែ​ក្រោយពី​ឲ្យ​កូនស្រី​ខ្ញុំ​ទៅ​គេ​ចិញ្ចឹម ខ្ញុំ​ក៏បាន​ជួបនឹង​ម្តាយបង្កើត​របស់​ខ្ញុំ ។ អព្ភូតហេតុ​មិន​ដែល​បាត់បង់​ឡើយ ។ មិនយូរ​ប៉ុន្មាន​បន្ទាប់ពី​ពេលនោះ ខ្ញុំ​បាន​ជួប​នឹង​ស្វាមី​របស់​ខ្ញុំ ដែល​នៅទីបំផុត​ខ្ញុំ​បាន​រៀបការ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ។ ឥឡូវនេះ ខ្ញុំ​ជា​ម្តាយ​នៃ​កូន​ដ៏​ស្រស់​ស្អាត​បួននាក់ ។

ការពពោះ​ដោយ​មិនបាន​ព្រៀងទុក និង​ការ​ឲ្យ​កូនដំបូង​ទៅ​គេ​ចិញ្ចឹម បាន​ផ្លាស់ប្តូរ​ជីវិត​ខ្ញុំ​ជា​រៀងរហូត ។ ខ្ញុំ​បានរៀន​ជា​ច្រើន​អំពី​ជីវិតខ្ញុំ និង​អំពី​សេចក្តី​ស្រឡាញ់​ដែល​ព្រះ និង​ព្រះយេស៊ូវគ្រីស្ទ បាន​មាន​សម្រាប់​ខ្ញុំ ហើយ​សម្រាប់​យើង​ម្នាក់ ។ តាមរយៈ​ការឈឺចិត្ត ឈឺចុកចាប់ ទឹកភ្នែក ការអធិស្ឋាន​ដែល​និយាយ​មិនចេញ និង​ការឆ្លើយតប​ការអធិស្ឋាន ខ្ញុំ​ទទួលបាន​សេចក្តី​សង្ឃឹម សេចក្តី​ស្រឡាញ់ ការអភ័យទោស សេចក្តី​មេត្តា​ករុណា និង​អំណរ ។ ខ្ញុំ​បាន​រៀន​ថា ការ​ឲ្យ​កូន​ទៅគេ​ចិញ្ចឹម​គឺ​ជា​សេចក្តី​ស្រឡាញ់ ។ ខ្ញុំ​រៀន​ឲ្យ​តម្លៃ​ទៅលើ​ការ​ទទួលទាន​សាក្រាម៉ង់ ។ ខ្ញុំ​បាន​រៀនថា ខ្ញុំ​មិនមែន​បាត់បង់​ទាំង​ស្រុង​នោះទេ — ខ្ញុំ​គ្រាន់តែ​ត្រូវ​ត្រឡប់​ទៅ​កាន់​ផ្លូវ​ដែល​ខ្ញុំ​បាន​វង្វេង​តែ​ប៉ុណ្ណោះ ។ នៅពេល​ដែល​ខ្ញុំ​ពិតជា​បាន​ប្រែចិត្ត​ពី​អំពើ​បាប​របស់​ខ្ញុំ​ទាំង​ស្រុង ហើយ​រៀន​ដើម្បី​ពឹងផ្អែក និង​មាន​សេចក្តីជំនឿ​លើ​ព្រះ​គ្រីស្ទ ទ្រង់​បាន​នាំ​ខ្ញុំ​មក​ក្នុង​ហ្វូង​របស់ទ្រង់វិញ ហើយ​បាន​ប្រទាន​ពរ​ជីវិត​ខ្ញុំ​លើសពី​អ្វី​ដែល​ខ្ញុំ​អាច​វាស់វែង​បាន ។ ដង្វាយធួន​នៃ​ព្រះយេស៊ូវ​គ្រីស្ទ គឺ​ពិតប្រាកដ​មែន ហើយ​សេចក្តី​មេត្តា​ករុណា​របស់​ទ្រង់​គឺ​គ្រប់គ្រាន់​សម្រាប់​យើង​ទាំង​អស់​គ្នា ( សូមមើល អេធើរ ១២:២៧ ) ។