របៀបដែលព្រះអម្ចាស់បានរៀបចំពិភពលោកសម្រាប់ការស្ដារឡើងវិញ
នៅក្នុងរបៀបរាប់មិនអស់ ព្រះអម្ចាស់បានរៀបចំពិភពលោកសម្រាប់ការស្ដារឡើងវិញនៃដំណឹងល្អរបស់ទ្រង់ដើម្បីប្រទានពរដល់បុគ្គលម្នាក់ៗ ក្រុមគ្រួសារ សហគមន៍ ជាតិសាសន៍ និងពិភពលោកនេះ ។
ព្រះអម្ចាស់បានរៀបចំពិភពលោកសម្រាប់ការស្ដារឡើងវិញនៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទពីមុនព្រះវរបិតា និងព្រះរាជបុត្រាបានយាងមកជួបនឹងយ៉ូសែប ស៊្មីធ នៅក្នុងឆ្នាំ ១៨២០ ទៅទៀត ។ តាមពិតទៅ ការរៀបចំរបស់ព្រះអម្ចាស់ដើម្បីស្ដារឡើងវិញនូវភាពពេញលេញនៃដំណឹងល្អរបស់ទ្រង់នៅក្នុងថ្ងៃចុងក្រោយ បានចាប់ផ្ដើមពីមុនផែនដីនេះត្រូវបានបង្កើតឡើងម្ល៉េះ ។
នៅខែ តុលា ឆ្នាំ ១៩១៨ វិវរណៈមួយដែលមានកត់ត្រានៅក្នុង គោលលទ្ធិ និងសេចក្ដីសញ្ញា ១៣៨ ដែលបានទទួលដោយប្រធាន យ៉ូសែប អេហ្វ ស្ម៊ីធ ( ១៨៣៨–១៩១៨ ) យើងរៀនថា ថ្នាក់ដឹកនាំពីជំនាន់មុននៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ និង « ពួកវិញ្ញាណជម្រើសៗឯទៀត … បានរក្សាទុកឲ្យមកនៅពេលពេញកំណត់ ដើម្បីចូលរួមក្នុងការដាក់គ្រឹះនៃកិច្ចការដ៏ធំនៅថ្ងៃចុងក្រោយ » ( គោលលទ្ធិ និងសេចក្ដីសញ្ញា ១៣៨:៥៣ ការគូសបញ្ជាក់ត្រូវបានបន្ថែម ) ។
ប្រធាន ស្ម៊ីធ បានឃើញ « ថា ពួកគេនៅក្នុងចំណោមពួកឧត្តុង្គឧត្ដម និងពួកអ្នកធំដែលបានរើសតាំងពីដើមដំបូងមក » ( គោលលទ្ធិ និងសេចក្ដីសញ្ញា ១៣៨:៥៥ ) ។ លោកបានបន្ថែមថា « ពួកគេជាមួយនឹងពួកអ្នកផ្សេងទៀត បានទទួលមេរៀនមុនដំបូងនានា នៅពិភពនៃពួកវិញ្ញាណ ហើយត្រូវបានរៀបចំឲ្យមកនៅពេលកំណត់នៃព្រះ ដើម្បីធ្វើការងារនៅក្នុងចម្ការទំពាំងបាយជូររបស់ទ្រង់ សម្រាប់សេចក្ដីសង្គ្រោះដល់ព្រលឹងនៃមនុស្សលោក » ( គោលលទ្ធិ និងសេចក្ដីសញ្ញា ១៣៨:៥៦ ការគូសបញ្ជាក់ត្រូវបានបន្ថែម ) ។
បន្ទាប់ពីការបង្កើតផែនដី « ពួកហោរាបរិសុទ្ធរបស់ទ្រង់ តាំងពីបុរាណមក » បាននិយាយ ច្រៀង សុបិន និងព្យាករអំពី « គ្រាតាំងរបស់ទាំងអស់ឡើងវិញ » ក្នុងពេលអនាគត ( កិច្ចការ ៣:២១, សូមមើលផងដែរ លូកា ១:៦៧–៧៥ ) ។
និយាយជាពិសេសអំពីព្យាការីដំបូងគេនៃការស្ដារឡើងវិញនៃសាសនាចក្ររបស់ព្រះយេស៊ូវគ្រីស្ទ នោះប្រធាន ព្រិកហាំ យ៉ង់ ( ១៨០១–៧៧ ) បានសង្កេតឃើញថា « ព្រះអម្ចាស់បានដាក់ព្រះនេត្ររបស់ទ្រង់ទៅលើ [ យ៉ូសែប ស៊្មីធ ] និងលើឪពុករបស់លោក និងលើជីតារបស់លោក និងលើជីដូនជីតារបស់ពួកលោករហូតដល់អ័ប្រាហាំ ហើយចេញពីអ័ប្រាហាំដល់គ្រាទឹកជំនន់ ចេញពីទឹកជំនន់ដល់ហេណុក ហើយចេញពីហេណុកដល់អ័ដាម ។ ទ្រង់បានឃ្លាំមើលគ្រួសារនោះ និងលោហិតនោះ នៅពេលវាធ្វើដំណើរចេញពីប្រភពខ្លួនទៅកាន់កំណើតជាមនុស្សនោះ ។ [ យ៉ូសែប ស៊្មីធ ] ត្រូវបានតែងតាំងជាមុននៅក្នុងភាពអស់កល្បជានិច្ច ដើម្បីធ្វើជាអធិបតីនៅគ្រាកាន់កាប់ត្រួតត្រាចុងក្រោយនេះ » ។១
កាលដែលយើងប្រារព្ធអបអរខួបលើកទី ២០០ នៃការនិមិត្តដំបូងនៅឆ្នាំនេះ វាជាការត្រឹមត្រូវដើម្បីនឹកចាំពីបុរស និងស្ត្រីជាច្រើននៅប៉ុន្មានសតវត្សនេះ ដែលបានទទួលការបំផុសពីព្រះអម្ចាស់ កាលដែលទ្រង់បានរៀបចំពិភពលោកសម្រាប់ការស្ដារឡើងវិញ ដែលបានចាប់ផ្ដើមពេលដែលព្រះវរបិតា និងព្រះរាជបុត្រាបានយាងមកជួបយ៉ូសែប ស៊្មីធ ដ៏ក្មេងខ្ចី ដែលកំពុងស្វែងរកការអត់ទោស និងការណែនាំនៅក្នុងឆ្នាំ ១៨២០ ។
កាលដែលយើងសម្លឹងមើលត្រឡប់ទៅប្រវត្តិសាស្ត្រវិញ យើងនឹងរកឃើញថា មានបដិវត្ដជាច្រើនបានជះឥទ្ធិពលទៅលើពិភពលោកនេះ ដែលបានរៀបចំមនុស្សសម្រាប់សាសនាចក្ររបស់ព្រះអម្ចាស់ក្នុងការស្ដារឡើងនៅថ្ងៃចុងក្រោយនេះ ។២
បដិវត្តន៍នៃផ្ទាំងចារិក
មធ្យោបាយដ៏សំខាន់បំផុតមួយដែលព្រះអម្ចាស់បានរៀបចំពិភពលោកសម្រាប់ការស្ដារឡើងវិញនៃដំណឹងល្អរបស់ទ្រង់ គឺបដិវត្តន៍នៃផ្ទាំងចារិកដែលបានកើតឡើងចេញពីការបង្កើតថ្មី និងការប្រើប្រាស់ផ្ទាំងដើមស្មាច់ និងផ្ទាំងស្បែកសម្រាប់សរសេរអក្សរ ។៣
ផ្ទាំងស្បែកសម្រាប់សរសេរអក្សរ ធ្វើមកពីស្បែកសត្វ ត្រូវបានប្រើប្រាស់នៅក្នុងសម័យបុរាណ និងដើមសម័យទំនើបជាផ្ទៃសម្រាប់សរសេរ ។៤ ច្បាប់ចម្លងដែលគេបានស្គាល់ដំបូងបំផុតនៃគម្ពីរប៊ីបហេព្រើរ ( គម្ពីរសញ្ញាចាស់ ) និងច្បាប់ចម្លងដ៏សំខាន់ៗជាច្រើនទៀតនៃព្រះគម្ពីរប៊ីបត្រូវបានរក្សាទុកនៅលើផ្ទាំងស្បែក ។៥
ផ្ទាំងដើមស្មាច់ ធ្វើមកពីផ្នែកស្ពោតនៃដើមស្មាច់ គឺជាវត្ថុធាតុដើមមួយទៀតដែលត្រូវបានប្រើប្រាស់នៅជំនាន់បុរាណជាផ្ទៃសម្រាប់សរសេរ ។ ច្បាប់ចម្លងមុនគេបង្អស់នៃព្រះគម្ពីរសញ្ញាថ្មីត្រូវបានរក្សាទុកនៅលើផ្ទាំងដើមស្មាច់ ។
បើប្រៀបធៀបទៅនឹងការសរសេរលើផ្ទាំងថ្ម ឬដីឥដ្ឋ វត្ថុធាតុសម្រាប់សរសេរទាំងនេះធ្វើឲ្យងាយស្រួលសម្រាប់អ្នកសរសេរដើម្បីកត់ត្រាព្រះបន្ទូលរបស់ព្រះដែលបានទទួលតាមរយៈពួកព្យាការី និងសាវកដែលប្រកបដោយការបំផុសគំនិត ។ ដោយការប្រើប្រាស់វត្ថុធាតុសម្រាប់សរសេរទាំងនេះ មានអ្នកសរសេរដែលយើងមិនស្គាល់ និងច្រើនរាប់មិនអស់បានចម្លងដោយឧស្សាហ៍ បញ្ជូន និងរក្សាសំណេរដ៏ពិសិដ្ឋទាំងឡាយនៅក្នុងច្បាប់ចម្លងជាច្រើន ដើម្បីកុំឲ្យអណ្ដាតភ្លើងនៃសេចក្ដីជំនឿត្រូវរលុតឡើយ ។
ឧទាហរណ៍ ថ្មីៗខ្ញុំបានរៀនថា « មានផ្ទាំងចារិកជាងមួយរយនៃដំណឹងល្អរបស់ម៉ាថាយត្រូវបានសរសេរនៅក្នុងភាសាក្រិក » ដោយមានផ្ទាំងចារិកគម្ពីរប៊ីបជាច្រើនផ្សេងទៀតដែលត្រូវបានសរសេរឡើងនៅក្នុងផ្ទាំងដើមស្មាច់អំឡុងឆ្នាំ ៥០០ ទៅ ១៥០០ គ.ស. ។៦
បដិវត្តន៍នៃការបោះពុម្ព
ដូចដែលខ្ញុំតែងបានបង្រៀនជាញឹកញាប់ថា ព្រះអម្ចាស់បានបំផុសឲ្យមានជំហានដ៏អស្ចារ្យមួយទៀត នៅក្នុងការរៀបចំពិភពលោកសម្រាប់ការស្ដារឡើងវិញនៃដំណឹងល្អនៃការសង្គ្រោះរបស់ទ្រង់ ពេលដែលជាងមាសអាល្លឺម៉ង់ម្នាក់ឈ្មោះ ចូអែនស៍ ហ្គថេនប៊ឺក បានកែសម្រួលបច្ចេកវិទ្យាបោះពុម្ពដែលត្រូវបានណែនាំជាលើកដំបូងនៅក្នុងប្រទេសចិន ដើម្បីផលិតរោងពុម្ពនៅក្នុងឆ្នាំ ១៤៣៩ ឬ ១៤៤០ ។៧
ហ្គថេនប៊ឺកជាឧបករណ៍នៅក្នុងព្រះហស្ដព្រះ ក្នុងការបង្កើនចំណេះដឹង ការយល់ដឹង និងសេចក្ដីជំនឿសាសនានៅក្នុងពិភពលោក ។៨ ការច្នៃប្រឌិតរបស់គាត់បានផ្តួចផ្តើមឲ្យមានបដិវត្តន៍នៃការបោះពុម្ព ដែលបានផ្លាស់ប្ដូរពិភពលោកជារៀងរហូត ដោយជួយសម្រួលដល់ចលនាគំនិត និងព័ត៌មានបានយ៉ាងទូលំទូលាយដែលបានក្លាយជា « ភ្នាក់ងារនៃការផ្លាស់ប្ដូរ » ។៩
ពួកអ្នកប្រាជ្ញបានប៉ាន់ប្រមាណថា ប្រហែលជាមានគម្ពីរ ៣០០០០ ក្បាលនៅក្នុងទ្វីបអឺរ៉ុបនៅគ្រាដែលហ្គថេនប៊ឺកបានបោះពុម្ពគម្ពីរប៊ីបនៅក្នុងរោងពុម្ពរបស់គាត់ ។ ក្នុងរយៈពេល ៥០ ឆ្នាំ បន្ទាប់ពីការច្នៃប្រឌិតរបស់គាត់ មានសៀវភៅជាង ១២ លានក្បាលនៅក្នុងទ្វីបអឺរ៉ុប ។
កំណែទម្រង់ប្រូតេស្ដង់បានប្រើប្រាស់ការច្នៃប្រឌិតរបស់ហ្គថេនប៊ឺក ដើម្បីផ្សព្វផ្សាយគំនិតរបស់វា និងដើម្បីនាំព្រះគម្ពីរប៊ីបទៅដល់មនុស្សសាមញ្ញទូទៅ ក្នុងរបៀបដែលគ្មាននរណាម្នាក់កាលពីជំនាន់មុនអាចស្រមៃឃើញ ។
បដិវត្តន៍នៃអក្ខរកម្ម និងការបកប្រែព្រះគម្ពីរប៊ីប
បដិវត្តន៍នៃការបោះពុម្ពបានរួមចំណែក និងបានទទួលចំណែក ដោយការរីកចម្រើននៃអក្ខរកម្ម និងការចង់បានដ៏ច្រើនឡើងក្នុងចំណោមប្រជាជនសាមញ្ញនៅទ្វីបអឺរ៉ុបក្នុងការអានព្រះបន្ទូលដ៏ពិសិដ្ឋក្នុងព្រះគម្ពីរជាភាសាផ្ទាល់របស់ពួកគេ ។
ព្រះគម្ពីរប៊ីបជាភាសាឡាតាំង ដែលបានបកប្រែពីភាសាក្រិក និងហេព្រើរនៅក្នុងសតវត្សទីប្រាំ គ.ស. បានក្លាយជាព្រះគម្ពីរប៊ីបផ្លូវការរបស់ព្រះវិហារកាតូលិកលោកខាងលិចអស់រយៈពេល ១០០០ ឆ្នាំ ។១០ អស់ជាច្រើនសតវត្ស ជនជាតិអឺរ៉ុបជាច្រើនបានរៀនអំពីព្រះគម្ពីរប៊ីបជាចម្បងតាមរយៈធម្មទេសនារបស់ពួកសង្យ ។
ប៉ុន្តែនៅក្នុងសតវត្សទី ១៥ និង ១៦ ពួកអ្នកធ្វើកំណែទម្រង់សាសនាបានបង្កើតការបកប្រែព្រះគម្ពីរប៊ីបថ្មីជាភាសាផ្សេងៗទៀតរបស់អឺរ៉ុប ដូចជាភាសាអាល្លឺម៉ង់ អ៊ីតាលី អង់គ្លេស អេស្ប៉ាញ និងបារាំង ។ ជាធម្មតាការបកប្រែទាំងនេះគឺផ្អែកទៅលើសំណេរដើមជាភាសាហេព្រើរ និងភាសាក្រិក—មិនមែនព្រះគម្ពីរប៊ីបភាសាឡាតាំងឡើយ ។ វាបានធ្វើឲ្យអ្នកអានរាប់ពាន់ម៉ឺននាក់ដកបទពិសោធន៍ពីរឿងរ៉ាវ និងការបង្រៀនទាំងឡាយនៃព្រះគម្ពីរប៊ីបជាភាសារបស់ពួកគេផ្ទាល់ ។
ម៉ាទីន លូទ័រ បានកើតនៅឆ្នាំ ១៤៨៣ គឺជាអ្នកដឹកនាំម្នាក់ក្នុងចំណោមអ្នកដឹកនាំទាំងឡាយនៅក្នុងការបោះពុម្ពព្រះគម្ពីរប៊ីបជាភាសានៅជំនាន់របស់គាត់ ។ ការបកប្រែជាភាសាអាល្លឺម៉ង់របស់គាត់ត្រូវបានបោះពុម្ពនៅក្នុងឆ្នាំ ១៥៣៤—ជាឆ្នាំមួយដ៏សំខាន់ក្រៃលែងនៅក្នុងប្រវត្តិសាស្ត្រនៃពួកគ្រីស្ទានលោកខាងលិច ។១១ ជំនឿរបស់លូទ័រនៅក្នុងអំណាចនៃព្រះគម្ពីរបានជួយបញ្ឆេះកំណែទម្រង់នោះ ។ ពួកអ្នកធ្វើកំណែទម្រង់ផ្សេងទៀតបានលើកស្ទួយដល់ការអប់រំជាសកលដើម្បីឲ្យមនុស្សគ្រប់គ្នាអាចមានឱកាសអានព្រះគម្ពីរដោយខ្លួនឯង ។
អ្នកដឹកនាំសាសនាមួយចំនួនបានមានកង្វល់ថា ការរីករាលដាលនៃការអានព្រះគម្ពីរប៊ីបនឹងនាំទៅរកអញ្ញាមតិ បន្ទាបសិទ្ធិអំណាចរបស់សាសនាចក្រឲ្យចុះខ្សោយ និងធ្វើឲ្យមានភាពចលាចលស៊ីវិលផង ។ ពួកគេបានឆ្លើយតបដោយការដាក់គុក ធ្វើទារុណកម្ម និងសូម្បីតែសម្លាប់មនុស្សជាច្រើនដែលគេរកឃើញថាកំពុងបកប្រែព្រះគម្ពីរប៊ីបទៅជាភាសាសាមញ្ញនៃជំនាន់នោះ ឬក៏មានការបកប្រែព្រះគម្ពីរជាភាសាសាមញ្ញ ។
វីល្លាម ធីនឌេល បានកើតនៅឆ្នាំ ១៤៩៤ បានចាប់ផ្ដើមកិច្ចការរបស់គាត់អំឡុងពេលដែលម៉ាទីន លូទ័រ កំពុងធ្វើកិច្ចការយ៉ាងក្លាហានទៅលើការបកប្រែព្រះគម្ពីរប៊ីបជាភាសាអាល្លឺម៉ង់ ។១២ កាលនៅជាយុវជនម្នាក់ ធីនឌេលបានផ្ដើមគំនិតក្នុងការបង្កើតកំណែថ្មីនៃព្រះគម្ពីរប៊ីបជាភាសាអង់គ្លេសដែលល្អប្រសើរជាងមុន ដោយផ្អែកលើភាសាដើមជាភាសាហេព្រើរ និងក្រិក ។
ប្រហែលជាឆ្នាំ ១៥២៣ គាត់បានស្វែងរកជំនួយ និងការលើកទឹកចិត្តពីប៊ីស្សពកាតូលិកនៃទីក្រុងឡុង ដើម្បីផលិតកំណែមួយបែបនោះ ប៉ុន្តែត្រូវបានបដិសេធយ៉ាងខ្លាំង ។ ដោយសារតែការហាមឃាត់ប្រឆាំងនឹងការបកប្រែព្រះគម្ពីរប៊ីបត្រូវបានអនុម័តដោយអង្គជំនុំនៃអក្សហ្វឺដនៅឆ្នាំ ១៤០៨ នោះធីនឌេលត្រូវការការអនុញ្ញតជាផ្លូវការមួយដើម្បីដំណើរការការបកប្រែនោះដោយពុំមានការជ្រៀតជ្រែក ។
ដោយបានឧទ្ទិសដល់កិច្ចការបកប្រែព្រះគម្ពីរប៊ីបជាភាសាអង់គ្លេស នោះធីនឌេលបានចាប់ផ្ដើមកិច្ចការរបស់គាត់ដោយសម្ងាត់ ហើយបានបញ្ចប់ការបកប្រែព្រះគម្ពីរសញ្ញាថ្មីនៅក្នុងឆ្នាំ ១៥២៥ ។ ដោយធ្វើការបោះពុម្ពនៅក្នុងទីក្រុងខូឡូន ប្រទេសអាល្លឺម៉ង់ នោះការបកប្រែរបស់ធីនឌេលបានលួចយកចូលទៅក្នុងប្រទេសអង់គ្លេស ជាកន្លែងដែលវាត្រូវបានលក់នៅដើមឆ្នាំ ១៥២៦ ។
នៅទីបំផុត ធីនឌេល ក៏ដូចជាបុរស និងស្ត្រីជាច្រើនទៀតដែរ ដែលត្រូវបានគេសម្លាប់ដោយសារចង់ឲ្យមនុស្សទូទៅទទួលបានព្រះគម្ពីរជាភាសាកំណើតរបស់ពួក គាត់ត្រូវបានគេសម្លាប់ដោយព្យួរ-កទៅនឹងចំរឹងនៅដើមខែ តុលា ឆ្នាំ ១៥៣៦ ។១៣ យ៉ាងណាក៏ដោយ ការបកប្រែជាភាសាអង់គ្លេសរបស់គាត់បានបន្តនៅ ដោយពាក្យពេចន៍ និងឃ្លាទាំងឡាយ ព្រមទាំងផ្នែកទាំងស្រុងនៃការបកប្រែរបស់គាត់ត្រូវបានបញ្ចូលទៅក្នុងកំណែរបស់ស្ដេចជេមស៍ ។១៤
កំណែរបស់ស្ដេចជេមស៍ ដែលត្រូវបានបោះពុម្ពនៅក្នុងឆ្នាំ ១៦១១ ត្រូវបានអនុម័តជាផ្លូវការដោយសាសនាចក្រនៃប្រទេសអង់គ្លេស ហើយក្រោយមកបានជះឥទ្ធិពលដល់ការស្ដារឡើងវិញនៃដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទតាមរបៀបដ៏សំខាន់មួយចំនួន ។១៥ វាជាព្រះគម្ពីរប៊ីបភាសាអង់គ្លេសដែលត្រូវបានគេនិយមអានបំផុតនៅជំនាន់នៃកំណើតរបស់យ៉ូសែប ស៊្មីធ នៅក្នុងឆ្នាំ ១៨០៥ ។ គិតដល់ត្រឹមពេលនោះ គ្រួសារភាគច្រើនរួមទាំងគ្រួសាររបស់យ៉ូសែប និងលូស៊ី ម៉ាក ស៊្មីធ មានគម្ពីរប៊ីបជាកម្មសិទ្ធិ ហើយអានចេញពីវាជាទៀងទាត់ ។ តាមពិតទៅ មនុស្សជាច្រើនបានរៀនអានដោយការឮគេអានវានៅតាមផ្ទះ និងដោយការសិក្សាវាដោយខ្លួនឯង ។
បដិវត្តនយោបាយ និងទូរគមនាគមន៍
បដិវត្តន៍នៃការបោះពុម្ព ការបកប្រែ និងអក្ខរកម្ម បានរៀបចំផ្លូវសម្រាប់បដិវត្តន៍នយោបាយ និងទូរគមនាគមន៍ដែលបានសាយភាយនៅទូទាំងទ្វីបអឺរ៉ុប និងអាមេរិក ចន្លោះសតវត្សទី ១៧ និង ១៩ ។ បរិយាកាសនយោបាយផ្លាស់ប្ដូរនៅក្នុងទ្វីបអឺរ៉ុប និងអាមេរិកបានផ្ដល់សេរីភាពដល់មនុស្សកាន់តែច្រើនឡើងដើម្បីជ្រើសរើសផ្លូវសាសនារបស់ពួកគេផ្ទាល់ ។ សេរីភាពខាងសាសនាគឺជាលទ្ធផលមួយក្នុងចំណោមលទ្ធផលជាច្រើនដែលបានមកពីបដិវត្តន៍នយោបាយដែលបានកើតឡើងអំឡុងពេលនោះ ។
ព្រះអម្ចាស់ក៏បានចាប់ផ្ដើម « ចាត់វិញ្ញាណ [ របស់ទ្រង់ ] ទៅលើគ្រប់ទាំងមនុស្ស » ( សូមមើល យ៉ូអែល ២:២៨, យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៤១ ) រួមទាំងទៅលើពួកអ្នកដែលត្រូវបានរៀបចំឲ្យមានសុបិនអំពីបច្ចេកវិទ្យាគមនាគមន៍ និងទូរគមនាគមន៍ថ្មីផងដែរ ដែលបានរុញច្រានការស្ដារឡើងវិញឲ្យទៅមុខក្នុងរបៀបដ៏អស្ចារ្យនានា ។
កាលដែលព្រះអម្ចាស់បានលើកព្យាការីរបស់ទ្រង់ឡើង នោះទ្រង់បានបំផុសដល់ពួកបុរស និងស្ត្រីទាំងឡាយឲ្យច្នៃប្រឌិតផ្នែកបច្ចេកវិទ្យានានា ដូចជាប្រឡាយផ្លូវទឹក តេឡេក្រាម ផ្លូវដែក និងម៉ាស៊ីនចំហាយ ដើម្បីឲ្យដំណឹងល្អអាចឈានទៅមុខដល់ពិភពលោកទាំងមូល ។
នៅក្នុងរបៀបផ្សេងៗទៀតរាប់មិនអស់ ព្រះអម្ចាស់បានរៀបចំពិភពលោកសម្រាប់ការស្ដារឡើងវិញនៃដំណឹងល្អរបស់ទ្រង់ដើម្បីប្រទានពរដល់បុគ្គលម្នាក់ៗ ក្រុមគ្រួសារ សហគមន៍ ជាតិសាសន៍ និងពិភពលោក ។
ការដឹកនាំគ្រួសារស្ម៊ីធ
កាលដែលយើងពិចារណាពីរបៀបដែលព្រះអម្ចាស់បានរៀបចំពិភពលោកសម្រាប់ការស្ដារឡើងវិញ នោះយើងគប្បីចងចាំថា អ្វីៗជាច្រើនដែលទ្រង់សម្រេចបានគឺតាមរយៈជីវិតនៃបុគ្គលទាំងឡាយ—ដែលជាបុរស និងស្ត្រីធម្មតា ដែលនៅក្នុងករណីខ្លះ សម្រេចបានកិច្ចការដ៏អស្ចារ្យ ។
បុគ្គល និងគ្រួសារជាច្រើននៅក្នុងប្រទេសជាច្រើនជុំវិញពិភពលោកត្រូវបានរៀបចំដើម្បីទទួលសារលិខិតនៃការស្ដារឡើងវិញ ។ គ្រួសារទាំងនេះរួមមានទាំងឪពុកម្ដាយរបស់ព្យាការី គឺយ៉ូសែប និងលូស៊ី ម៉ាក ស្ម៊ីធ ផងដែរ ដែលជាបុគ្គលពីររូបដែលជឿលើសាសនាយ៉ាងជ្រាលជ្រៅ ដែលត្រូវបានចិញ្ចឹមបីបាច់នៅក្នុងវប្បធម៌មួយដែលបង្រៀនពួកគាត់ឲ្យស្រឡាញ់ព្រះយេស៊ូវគ្រីស្ទ និងសិក្សាព្រះគម្ពីរប៊ីប ។
អស់រយៈពេលជាច្រើនឆ្នាំ យ៉ូសែប និងលូស៊ី បានជួបនឹងឧបសគ្គខាងហិរញ្ញវត្ថុ ខាងសុខភាព និងឧបសគ្គផ្សេងៗទៀតនៅតំបន់ញូវអ៊ីងលេន ដែលនៅប៉ែកឦសាននៃសហរដ្ឋ ។ មកទល់នឹងឆ្នាំ ១៨១៦ ពេលដែលពួកគាត់បានបាត់បង់ដំណាំរបស់ពួកគាត់ដោយសារតែការផ្លាស់ប្ដូរអាកាសធាតុនៅទូទាំងពិភពលោកដែលបណ្ដាលមកពីបន្ទុះភ្នំភ្លើងនៃភ្នំថាមបូរ៉ានៅប្រទេសឥណ្ឌូនេស៊ី នោះយ៉ូសែប និងលូស៊ីមានជម្រើសតិចណាស់ ដូច្នោះពួកគាត់បានចាកចេញពីតំបន់ញូវអ៊ីងឡេន ហើយបានធ្វើការសម្រេចចិត្តដ៏ក្លាហានមួយដើម្បីចាកចេញពីសំណាញ់សុវត្ថិភាពដែលមានគ្រួសារ មិត្តភក្ដិ និងសហគមន៍ ។
ដូចដែលប្រវត្តិសាស្ត្រថ្មីរបស់សាសនាចក្រ វ៉ុល ១ បានចែងថា « យ៉ូសែប ស៊ីញ្ញ័រ ស្រឡាញ់ភរិយា និងកូនៗរបស់លោកយ៉ាងខ្លាំង ប៉ុន្តែលោកមិនអាចផ្តល់ជីវិតដែលមានស្ថេរភាពដល់ពួកគេបានទេ ។ សំណាងអាក្រក់ និងការវិនិយោគមិនទទួលបានជោគជ័យ បានធ្វើឲ្យគ្រួសារនៅតែក្រីក្រ និងគ្មានផ្ទះសម្បែងឡើយ ។ ប្រហែលជារដ្ឋ នូវ យ៉ោក អាចនឹងធ្វើឲ្យមានការផ្លាស់ប្តូរបាន » ។១៦
នៅក្នុងរបៀបជាច្រើន ការបរាជ័យរបស់គ្រួសារស្ម៊ីធនៅក្នុងតំបន់ញូវអ៊ីងឡេន បានរុញច្រានពួកគេឲ្យទៅកាន់ប៉ែកខាងលិចរដ្ឋញូវយ៉ក ជាកន្លែងដែលមានការរំជើបរំជួយខាងសាសនាកើនឡើង ហើយបានបំផុសឲ្យយ៉ូសែប ស៊្មីធ ជុញ្ញ័រ ស្វែងរកព្រះអម្ចាស់នៅក្នុងដំណើរស្វែងរកការអត់ទោស និងការដឹកនាំរបស់លោក ។ វាក៏ជាកន្លែងដែលផ្ទាំងចំណារមាសត្រូវបានលាក់ទុកផងដែរ ដែលបានរង់ចាំលោកឲ្យរកឃើញ បកប្រែ និងបោះពុម្ពវា ។
ការទទួលស្គាល់ព្រះហស្ដរបស់ព្រះអម្ចាស់នៅក្នុងជីវិតរបស់យើង
ដូចដែលទ្រង់បានធ្វើជាមួយនឹងបរាជ័យរបស់គ្រួសារស្ម៊ីធដែរ ទ្រង់ក៏អាចធ្វើឲ្យយើងរឹងមាំ បង្រៀនយើងមេរៀនថ្មីៗ និងរៀបចំយើងឆ្លងកាត់ការបរាជ័យ និងឧបសគ្គទាំងឡាយសម្រាប់អនាគតមួយដែលខុសប្លែកយ៉ាងខ្លាំងជាងអ្វីដែលយើងស្រមៃ ។
ពេលយើងពិចារណាពីរបៀបដែលព្រះហស្ដរបស់ព្រះអម្ចាស់បើកសម្ដែងនៅក្នុងជីវិតគ្រួសារស៊្មីធ នោះយើងត្រូវទទួលស្គាល់ថា ព្រះហស្ដរបស់ទ្រង់ក៏បានបើកសម្ដែងដល់ជីវិតរបស់យើងម្នាក់ៗផងដែរ ។ ការស្វែងរកព្រះហស្ដរបស់ព្រះអម្ចាស់នៅក្នុងជីវិតរបស់យើង ត្រូវការការឆាប់ដឹងខាងវិញ្ញាណ នៅក្នុងករណីជាច្រើន គឺត្រូវការពេលវេលា និងទស្សនវិស័យ ។ សំណាងល្អ ពររបស់លោកអយ្យកោ ទិនានុប្បវត្តិផ្ទាល់ខ្លួន និងប្រវត្តិជីវិតផ្ទាល់ខ្លួន អាចផ្ដល់នូវកែវពង្រីកឲ្យឃើញពីរបៀបដែលព្រះហស្ដរបស់ព្រះអម្ចាស់ត្រូវបានបើកសម្ដែងនៅក្នុងជីវិតយើង ។
នៅក្នុងវិវរណៈដែលប្រទានឲ្យនៅក្នុងឆ្នាំ ១៨៣១ ព្រះអម្ចាស់បានព្រមានពិភពលោកថា « ហើយមនុស្សមិនដែលជំទាស់ព្រះក្នុងការណ៍ណាមួយឡើយ ឬក៏សេចក្ដីក្រោធរបស់ទ្រង់មិនទាស់នឹងនរណាមួយទេ លើកលែងតែអស់អ្នកណាដែលមិនទទួលស្គាល់ព្រះហស្តរបស់ទ្រង់ក្នុងគ្រប់ទាំងអស់ ហើយមិនគោរពតាមព្រះបញ្ញត្តិទាំងឡាយរបស់ទ្រង់ប៉ុណ្ណោះ » ( គោលលទ្ធិ និងសេចក្ដីសញ្ញា ៥៩:២១ ) ។
ឆន្ទៈរបស់យើងដើម្បីគោរពប្រតិបត្តិតាមបទបញ្ញត្តិរបស់ព្រះអម្ចាស់យេស៊ូវគ្រីស្ទ ជាពិសេសបទបញ្ញត្តិធំពីរដែលឲ្យស្រឡាញ់ព្រះ និងអ្នកជិតខាងរបស់យើងឲ្យដូចខ្លួនយើង នឹងត្រូវបានពង្រីក នៅពេលដែលយើងស្វែងរក និងទទួលស្គាល់ព្រះហស្ដរបស់ព្រះអម្ចាស់នៅក្នុងជីវិតយើង ហើយព្រះហស្ដរបស់ទ្រង់នៅក្នុងការរៀបចំពិភពលោកសម្រាប់ការស្ដារឡើងវិញនៃសាសនាចក្ររបស់ព្រះយេស៊ូវគ្រីស្ទ ។ វាគឺជា « កិច្ចការអស្ចារ្យ ហើយចំឡែក » ( នីហ្វៃទី២ ២៥:១៧ ) ។
ឥឡូវនេះ ព្រះអម្ចាស់កំពុងរៀបចំពិភពលោកសម្រាប់ការយាងមកជាលើកទីពីររបស់ទ្រង់ គឺដូចជាទ្រង់បានរៀបចំពិភពលោកសម្រាប់ការស្ដារឡើងវិញនៃដំណឹងល្អដ៏អស់កល្បជានិច្ចរបស់ទ្រង់ដែរ ។ ជាថ្មីម្តងទៀត ព្រះហស្ដរបស់ទ្រង់លេចឡើងមិនត្រឹមតែនៅក្នុងព្រឹត្តិការណ៍នៃការផ្លាស់ប្ដូរប្រវត្តិសាស្ត្រប៉ុណ្ណោះទេ ថែមទាំងនៅក្នុងជីវិតរបស់បុគ្គលម្នាក់ៗផងដែរ ។
ពេលយ៉ូសែប ស៊្មីធ បានចូលទៅក្នុងព្រៃដែលយើងហៅថាព្រៃពិសិដ្ឋនៅសព្វថ្ងៃនេះ លោកបានស្វែងរកការអត់ទោស និងការណែនាំនៅក្នុងជីវិតលោក ។១៧ ក្នុងន័យមួយ លោកកំពុងតែឆ្លើយតបទៅនឹងការអញ្ជើញដ៏បំផុសមួយរបស់ព្រះអម្ចាស់នៅក្នុងដំណឹងល្អរបស់ម៉ាថាយ ៖
« អស់អ្នកដែលនឿយព្រួយ ហើយផ្ទុកធ្ងន់អើយ ចូរមកឯខ្ញុំ ខ្ញុំនឹងឲ្យអ្នករាល់គ្នាឈប់សម្រាក ។
ចូរទទួលនឹមខ្ញុំ ហើយរៀននឹងខ្ញុំចុះ ដ្បិតខ្ញុំស្លូត ហើយមានចិត្តសុភាពនោះអ្នករាល់គ្នានឹងបានសម្រាកដល់ព្រលឹង ។
ពីព្រោះនឹមខ្ញុំងាយទេ ហើយបន្ទុកខ្ញុំក៏ស្រាល » ( ម៉ាថាយ ១១: ២៨–៣០ ) ។
ខ្ញុំសូមថ្លែងទីបន្ទាល់ថា តាំងពីដំបូងមក ព្រះហស្ដរបស់ព្រះអម្ចាស់បានរៀបចំពិភពលោកសម្រាប់ការស្ដារឡើងវិញនៃ « ដំណឹងល្អដ៏ពិត បរិសុទ្ធ និងសាមញ្ញ » របស់ព្រះយេស៊ូវគ្រីស្ទ ជា « គោលលទ្ធិនៃសេចក្ដីសង្គ្រោះរបស់ព្រះគ្រីស្ទ » ដែលមានដល់បុត្រាបុត្រីទាំងអស់របស់ព្រះ ។១៨ ខ្ញុំក៏ថ្លែងទីបន្ទាល់ផងដែរថា ព្រះហស្ដរបស់ព្រះអម្ចាស់មាននៅក្នុងជីវិតយើងម្នាក់ៗ អញ្ជើញយើងឲ្យដើរតាមទ្រង់ បម្រើអ្នកដទៃទៀត និងស្រឡាញ់ទ្រង់ កាលដែលទ្រង់រៀបចំពិភពលោកនេះសម្រាប់ការយាងមកជាលើកទីពីរដ៏រុងរឿងរបស់ទ្រង់ ។