ឆ្នាំ ២០២០
វា​ជា​កន្លែង​ដែល​ខ្ញុំ​ទៅ មិនមែន​ដែល​ខ្ញុំ​បាន​ទៅ​ទេ
ខែ មករា ឆ្នាំ ២០២០


វា​ជា​កន្លែង​ដែល​ខ្ញុំ​ទៅ មិនមែន​ដែល​ខ្ញុំ​បាន​ទៅ​ទេ

អ្នក​និពន្ធ​រស់​នៅ​រដ្ឋ​យូថាហ៍ ស.រ.អា. ។

ខ្ញុំ​បាន​ដើរតាម​ផ្លូវ​មួយ​ដែល​បាន​បង្វែរ​ខ្ញុំ​ចេញ​ពី​ផ្លូវ​តូច និង​ចង្អៀត​ជា​ច្រើន​ដង ប៉ុន្តែ​ឆ្លង​កាត់​រឿង​ទាំងអស់​នោះ ខ្ញុំ​បាន​រៀន​ថា ព្រះចេស្ដា​នៃ​ព្រះអង្គ​សង្គ្រោះ និង​ដង្វាយធួន​របស់​ទ្រង់​គឺ​ពិត ។

young adult walking on train tracks

ជីវិត​របស់​ខ្ញុំ​ពុំ​បាន​កើតឡើត​តាម​របៀប​ដែល​ខ្ញុំ​បាន​គិត​នោះ​ទេ ។

នៅ​អាយុ ១៨ឆ្នាំ ខ្ញុំ​ត្រូវបាន​រំពឹង​ឲ្យ​ចេញ​ផ្សព្វ​ផ្សាយ​សាសនា​ពេញ​ម៉ោង រៀបការ​មិន​យូរ​ប៉ុន្មាន​បន្ទាប់​ពី នោះ និង​ចាប់​ផ្ដើម​គ្រួសារ​មួយ​ត្រឹម​អាយុ ២៥ឆ្នាំ ។ ឥឡូវ ខ្ញុំ​មាន​អាយុ ៣២ឆ្នាំ ។ ខ្ញុំ​ពុំ​បាន​បម្រើ​បេសកកម្ម​ទេ ហើយ​ខ្ញុំ​បាន​អសកម្ម​នៅក្នុង​សាសនាចក្រ​ស្ទើរ​តែ​ពេញ​មួយ​ជីវិត​ជា​មជ្ឈិមវ័យ​របស់​ខ្ញុំ ។ ខ្ញុំ​បាន​រៀបការ—បាន​លែងលះ—ហើយ​បាន​រៀបការ​ម្ដង​ទៀត ។

ដោយសារ​ខ្ញុំ​បាន​ដើរតាម​ផ្លូវ​មួយ​ដែល​បាន​បង្វែរ​ខ្ញុំ​ចេញ​ពី​ផ្លូវ​តូច និង​ចង្អៀត​ជា​ច្រើន​ដង នោះ​ខ្ញុំមិន​តែងតែ​មាន​អារម្មណ៍​ថា​ចូល​ចំណោម​នៅក្នុង​សាសនាចក្រ​នោះ​ទេ ។ ទោះ​ជា​យ៉ាង​ណា ខ្ញុំ​បានដឹង​ថា​មាន​កន្លែង​មួយ​សម្រាប់​ខ្ញុំ ។ បទពិសោធន៍​របស់​ខ្ញុំ​បាន​បង្រៀន​ខ្ញុំ​ថា ព្រះចេស្ដា​នៃ​ព្រះអង្គ​សង្គ្រោះ និង​ដង្វាយធួន​របស់​ទ្រង់​គឺ​ពិត ហើយ​ថា​អ្វី​ដែល​សំខាន់​បំផុត​ពុំ​មែន​ជា​កន្លែង​ដែល​ខ្ញុំ​បាន​ទៅ​ទេ ប៉ុន្តែ​វា​គឺ​ជា​ផ្លូវ​ដែល​ខ្ញុំ​កំពុង​ធ្វើ​ដំណើរ​ឥឡូវ​នេះ ។

ខ្ញុំ​គិត​ថា ពីដំបូង​ខ្ញុំ​បាន​មាន​សង្ស័យ​ពី​អ្វី​ដែល​ខ្ញុំ​បាន​ជឿ ព្រោះ​ខ្ញុំ​ពុំ​មាន​ទំនុក​ចិត្ត​ថា​ទីបន្ទាល់​របស់​ខ្ញុំ​រឹងមាំ​គ្រប់គ្រាន់​ដើម្បី​ទៅ​បេសកកម្ម ។ ខ្ញុំ​ចាំ​ថា អំឡុង​ពេល​ដែល​ខ្ញុំ​បញ្ចប់​វិទ្យាល័យ ខ្ញុំ​បាន​គិត​ថា ចុះ​បើ​ទីបន្ទាល់​របស់​ខ្ញុំ​មិន​មែន​ជា​របស់​ខ្ញុំ​ពេញលេញ​នោះ ? ចុះ​បើ​ខ្ញុំ​បាន​ពឹង​ផ្អែក​ច្រើន​ពេក​លើ​ទីបន្ទាល់​របស់​អ្នក​ដទៃ​ទៀត​នោះ ?

វា​បាន​រំខាន​ដល់​ខ្ញុំ ។ ខ្ញុំ​ចង់​ទៅ​បេសកកម្ម ប៉ុន្តែ​ខ្ញុំ​ឆ្ងល់​ថា​បើ​បទពិសោធន៍​ខាង​វិញ្ញាណ​ដែល​ខ្ញុំ​បាន​មាន​មក​ដល់​ត្រឹម​ពេល​នោះ​គ្រប់គ្រាន់​ដើម្បី​ធ្វើ​ឲ្យ​ក្លាយ​ជា​អ្វី​ដែល​ខ្ញុំ​គិត​ថា​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ដ៏​ជោគជ័យ​នោះ—ជា​ម្នាក់​ដែល​មាន​កម្លាំង​ខាង​វិញ្ញាណ​គ្រប់​គ្រាន់ ហើយ​បាន​ដឹង​ល្មម​គ្រប់​គ្រាន់​អំពី​ដំណឹងល្អ​ដើម្បី​បង្រៀន​មនុស្ស​ដទៃ​ទៀត ។

មើល​ត្រឡប់​ក្រោយ​វិញ ខ្ញុំ​គួរតែ​សូម​ដល់​ព្រះ​ដើម្បី​ជួយ​ខ្ញុំ​យល់​ពី​ការ​ប្រឹក្សា​ដែល​បាន​ផ្ដល់​នៅក្នុង គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១២៤:៩៧ ៖ « ចូរ​ឲ្យ​គាត់​បន្ទាប​ខ្លួន​នៅ​ចំពោះ​យើង … ហើយ​គាត់​នឹង​បាន​ទទួល​ព្រះ​វិញ្ញាណ​របស់​យើង គឺជា​ព្រះ​ដ៏​ជា​ជំនួយ​ដែល​នឹង​សម្ដែង​ប្រាប់​គាត់​នូវ​សេចក្ដី​ពិត​នៃ​ការណ៍​គ្រប់​ទាំង​អស់ ហើយ​នឹង​ប្រទាន​ដល់​គាត់​នូវ​អ្វី​ដែល​គាត់​ត្រូវ​និយាយ​នៅ​ម៉ោង​នោះ​ឯង » ។

ប៉ុន្តែ​ជាជាង​សូម​ដល់​ព្រះ ខ្ញុំ​បាន​វង្វេង​នៅក្នុង​ការ​ប្រៀប​ធៀប​ស្ថានភាព​ខាង​វិញ្ញាណ​របស់​ខ្ញុំ​ទៅនឹង​របស់​អ្នក​ដទៃ​ទៀត​វិញ ហើយ​ខ្ញុំ​ភ័យ​ខ្លាច​ថា​ភាពខ្វះ​ចន្លោះ​របស់​ខ្ញុំ​នឹង​រារាំង​មនុស្ស​មិន​ឲ្យ​ទទួល​យក​ដំណឹងល្អ ។

នៅ​តែ​ឯកឯង​ជា​យុវ​មជ្ឈិម​វ័យ​ម្នាក់ ខ្ញុំ​បន្ត​ព្យាយាម​ស្វែងរក​អ្វី​ដែល​ខ្ញុំ​បាន​ជឿ ។ ខ្ញុំ​ពុំ​បាន​មើលឃើញ​ពី​គ្រោះថ្នាក់​នៃ​អ្វី​ដែល​ខ្ញុំ​បាន​មើល​ឃើញ​ថា​ជា​ការ​សម្រេច​ចិត្ត​ដាច់​ដោយឡែក ដែល​មិន​បាន​កំណត់​ឡើងវិញ​ថា​ខ្ញុំជា​នរណា​ក្នុង​នាម​ជា​មនុស្ស​ម្នាក់ ។ ខ្ញុំ​បាន​ចាប់​ផ្ដើម​ដកខ្លួន​ចេញ​ពី​មនុស្ស​ទាំងឡាយ​ដែល​ខ្ញុំ​ស្រឡាញ់ ដោយ​សារ​ខ្ញុំ​បាន​ដឹង​ថា​ពួកគេ​នឹង​ខក​ចិត្ត​ចំពោះ​ការ​ជ្រើស​រើស​ដែល​ខ្ញុំ​បាន​ជ្រើស ។ ផ្ទុយ​ទៅ​វិញ ខ្ញុំ​បាន​ហ៊ុំព័ទ្ធ​ខ្លួន​ឯង​ដោយ​មនុស្ស​ដែល​មិន​ខ្វល់​ពី​អ្វី​ដែល​ខ្ញុំ​កំពុង​ធ្វើ ។ ថ្ងៃ​មួយ​ខ្ញុំ​បាន​សាក​ផឹក​គ្រឿង​ស្រវឹង​មួយ​គ្រាន់តែ​ចង់​ដឹង​ពី​វា ។ ការផឹក​ក្លាយ​ជា​ផ្នែក​មួយ​នៃ​ជីវិត​របស់​ខ្ញុំ ហើយ​នៅ​ទី​បំផុត​បាន​ផ្ដើម​ពី​ការ​គ្រាន់​តែ​ជា​ការកម្សាន្ត​ទៅ​ជា​អ្វី​មួយ​ដែល​ខ្ញុំ​បាន​ប្រើ​ប្រាស់​ជា​ជំនួយ​ដើម្បី​ជួយ​ខ្ញុំ​ដោះស្រាយ​នឹង​បទពិសោធន៍​លំបាកៗ ។ ការ​ផ្លាស់​ប្ដូរ​ជា​អវិជ្ជមាន​នៅក្នុង​ជីវិត​ខ្ញុំ​អំឡុង​ពេល​នោះ មិន​ចាំបាច់​ថា​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​ជម្រើស​មួយ​នោះ​ទេ វា​បាន​កើត​ឡើង​បន្តិច​ម្ដងៗ ។ វា​អស់​រយៈពេល​ពីរ​ឆ្នាំ​ទើប​ខ្ញុំ​បាន​ដឹង​ថា ជម្រើស​តូចៗ​ដែល​ខ្ញុំ​បាន​ជ្រើស​កន្លងៗ​មក បាន​ដឹកនាំ​ខ្ញុំ​ទៅកាន់​កន្លែង​មួយ​ដែល​ខ្ញុំ​មិន​ចង់​នៅ ។

ឥឡូវ​នេះ ខ្ញុំ​មិន​និយាយ​ថា ដើម្បី​រៀន​ពី​ភាព​ពេញ​លេញ​នៃ​ដំណឹងល្អ អ្នក​ត្រូវតែ​ដក​ពិសោធន៍​អ្វី​ដែល​ផ្ទុយ​នោះ​ឡើយ ។ ទង្វើ​របស់​ខ្ញុំ​បាន​បណ្ដាល​ឲ្យ​មាន​ការ​ឈឺ​ចាប់ មិន​គ្រាន់តែ​សម្រាប់​ខ្ញុំ​ទេ ប៉ុន្តែ​សម្រាប់​មនុស្ស​ដែល​ខ្ញុំ​ស្រឡាញ់​ផងដែរ—ភាគច្រើន​បំផុត​នៃ​ជម្រើស​ទាំងនោះ​គឺ​មិន​ចាំបាច់​សោះ ។ ខ្ញុំ​មាន​អំណរ​គុណ​ដែល​ខ្ញុំ​អាច​បន្ទាប​ខ្លួនឯង​គ្រប់​គ្រាន់​ដើម្បី​ដឹង​ថា ( ១ ) ខ្ញុំ​វេទនា​ណាស់ និង ( ២ ) ខ្ញុំ​បាន​រីករាយ​បំផុត​ពេល​ខ្ញុំ​រស់នៅ​តាម​បទបញ្ញត្តិ​របស់​ព្រះ ។ នោះ​ជា​អ្វី​ដែល​ខ្ញុំ​បាន​ដឹង​ដោយ​ខ្លួនឯង ជា​អ្វី​ដែល​ខ្ញុំ​បាន​ដឹង​ដោយ​ឥត​សង្ស័យ ហើយ​ចែកចាយ​ជាមួយ​អ្នក​ដទៃ​ទៀត ។

ខ្ញុំ​បាន​ទៅ​ជួប​ប៊ីស្សព​របស់​ខ្ញុំ​ដើម្បី​ធ្វើ​ឲ្យ​អ្វីៗ​ត្រឹមត្រូវ​ឡើង​វិញ ហើយ​យើង​បាន​ជួប​ជា​ទៀងទាត់​ដើម្បី​រៀបចំ​ខ្ញុំ​ឲ្យ​ទៅ​បម្រើ​បេសកកម្ម ។ ឯកសារ​របស់​ខ្ញុំ​ជិត​នឹង​បញ្ចប់​ហើយ​នៅពេល​ដែល​ខ្ញុំ​ត្រូវបាន​បំផុស​ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា គាត់​យល់​ពី​ជម្រើស​មួយ​ចំនួន​ដែល​បាន​ជ្រើស ។ ការសន្ទនា​នោះ​មិន​ងាយ​ស្រួល​ទេ ប៉ុន្តែ​ខ្ញុំ​ចង់​ធ្វើ​វា​ឲ្យ​ត្រឹមត្រូវ​ពីមុខ​ព្រះ​ខ្លាំង​ជាង​ដែល​ខ្ញុំ​ចង់​ទៅ​បេសកកម្ម ។ ខ្ញុំ​មាន​ឆន្ទះ​ដើម្បី​ទទួល​នូវ​អ្វី​ដែល​ខ្ញុំ​បាន​ធ្វើ​ខុស ហើយ​ដាក់​វា​នៅ​ពី​មុខ​ទ្រង់ ដើម្បី​ខ្ញុំ​អាច​បាន​ស្អាតស្អំ ។

មិន​យូរ​ប៉ុន្មាន​ក្រោយ​មក ខ្ញុំ​បាន​នៅ​ពីមុខ​ក្រុមប្រឹក្សា​ពិន័យ ។ វា​គួរ​ឱ្យ​ខ្លាច​ដើម្បី​សារភាព​ពី​អ្វី​ដែល​ខ្ញុំ​បាន​ធ្វើ​នៅ​ពីមុខ​មនុស្ស​ដែល​ជា​អ្នកដឹកនាំ និង​ជា​គ្រូ​របស់​ខ្ញុំ​អស់​ជា​ច្រើន​ឆ្នាំ ប៉ុន្តែ​ពេល​ខ្ញុំ​សម្លឹង​មើល​ជុំវិញ​បន្ទប់ ខ្ញុំ​មាន​អារម្មណ៍​សុខសាន្ត ។ ខ្ញុំ​បាន​ឃើញ​ថា ពួកគេ​នៅ​ទីនោះ​ដើម្បី​យល់ ហើយ​ជួយ​ខ្ញុំ ។ ពេល​ខ្ញុំ​ចាកចេញ ខ្ញុំ​បាន​ទទួល​អារម្មណ៍​ពី​ព្រះវិញ្ញាណ​បញ្ជាក់​ដល់​ខ្ញុំ​ថា មិន​ថា​ការ​សម្រេច​ចិត្ត​ជា​យ៉ាងណា​នោះ​ទេ ខ្ញុំ​បាន​ធ្វើ​ផ្នែក​របស់​ខ្ញុំ ហើយ​ខ្ញុំ​នឹង​មិន​អី​ទេ ។ ព្រះ និង​ថ្នាក់ដឹកនាំ​ដែល​ស្រឡាញ់​ខ្ញុំ នឹង​ធ្វើកិច្ចការ​ជាមួយ​ខ្ញុំ​ដើម្បី​នាំ​ខ្ញុំ​ទៅ​កន្លែង​ដែល​ខ្ញុំ​ត្រូវ​ទៅ ។ ខ្ញុំ​បាន​ដើរ​ចេញ​ទៅ​ដោយ​មាន​អារម្មណ៍​នៃ​សេចក្ដី​ស្រឡាញ់​នៃ​ព្រះអង្គ​សង្គ្រោះ និង​ដោយ​ដឹង​ថា​វា​មិន​ហួស​ពី​ការ​ប្រោសលោះ​របស់​ទ្រង់​ឡើយ ។

កន្លែង​មួយ​សម្រាប់​ភាពមិន​ល្អ​ឥតខ្ចោះ

ទោះបី​ខ្ញុំ​បាន​មាន​អារម្មណ៍​សុខសាន្ត​ក្ដី ក៏​វា​ពិបាក​ក្នុង​ការប្រឈម​នឹង​សំណួរ​ពី​មនុស្ស​នានា​ដែល​សួរ​ថា​ហេតុអ្វី​ខ្ញុំ​មិន​ទៅ​បេសកកម្ម ។ កាល​ដែល​ខ្ញុំ​បាន​បន្ត​ដំណើរការ​ប្រែចិត្ត​របស់​ខ្ញុំ​ដោយ​មាន​ជំនួយ​ពី​ប៊ីស្សព​ខ្ញុំ នោះ​វា​ហាក់ដូច​ជា​ការបម្រើ​បេសកកម្ម​គឺ​មិន​មែន​ជា​អនាគត​របស់​ខ្ញុំ​ទេ ។ ខ្ញុំ​ត្រូវតែ​រក​វិធី​ដើម្បី​ឆ្ពោះ​ទៅ​មុខ​ក្នុង​ជីវិត​ខ្ញុំ ។ នៅ​អាយុ ២១ឆ្នាំ ដោយសារ​តែ​ខ្ញុំ​មិន​ចូល​នៅក្នុង​ចំណោម​អ្នក​ត្រៀម​ផ្សាយសាសនា អ្នក​ត្រឡប់​ពី​បេសកកម្ម ឬ​យុវ​មជ្ឈិម​វ័យ​ដែល​រៀបការ​ហើយ នោះ​វា​ពិបាក​នឹង​ទទួល​អារម្មណ៍​ថា​ខ្ញុំ​នៅក្នុង​ចំណោម​ណា​មួយ​ណាស់ ។

ការ​ដើរ​លេង​ជា​គូ​គឺ​ពិបាក​ណាស់ ។ ជួនកាល​មនុស្ស​ស្រី​ប្រព្រឹត្ត​ចំពោះ​ខ្ញុំ​ផ្សេង បន្ទាប់​ពី​ខ្ញុំ​ប្រាប់​ពួកគេ​ថា​ខ្ញុំ​មិន​បាន​បម្រើ​បេសកកម្ម ហើយ​ថា​ខ្ញុំ​បាន​អសកម្ម​អស់​មួយ​រយៈ ។ ដោយ​ហេតុផល​មួយ​នេះ ឬ​មួយ​នោះ ការប្រាស្រ័យ​ទាក់ទង​គឺ​មិនដែល​ហួស​ពី​ការ​ដើរ​លេង​លើក​ទីមួយ​ទេ ។

ខ្ញុំ​រីករាយ​ដែល​នៅ​ទី​បំផុត​ខ្ញុំ​បាន​រៀបការ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ប៉ុន្តែ​ជួនកាល​ខ្ញុំ​នៅតែ​មាន​អារម្មណ៍​ថា​មិន​ចូល​ក្នុង​ចំណោម ។ ខ្ញុំ​មាន​ទីបន្ទាល់​មួយ ប៉ុន្តែ​ខ្ញុំ​មិន​អាច​រកឃើញ​ពី​វិធី​ដើម្បី​ចែកចាយ​វា​នោះ​ទេ ហើយ​ថ្នាក់រៀន​នៅ​ព្រះវិហារ​ចំពោះ​ខ្ញុំ​មាន​អារម្មណ៍​ដូច​ជា​ការប្រលង​ដែល​មិត្ត​របស់​ខ្ញុំ​នឹង​មើល​ឃើញ​ខ្ញុំ​ប្រលង​ធ្លាក់ ។ ខ្ញុំ​បាន​គិត​ថា ដោយសារ​ពួកគេ​ភាគច្រើន​មាន​ជីវិត​ដែល​ខ្ញុំ​ចង់​បាន ពួកគេ​ពុំ​បាន​ជំពប់​ដួល​ច្រើន​ដូច​ជា​ខ្ញុំ​បាន​ដួល ។

ថ្ងៃ​មួយ​ប៊ីស្សព​របស់​ខ្ញុំ​បាន​ហៅ​ខ្ញុំ​ចូល​ក្នុង​ការិយាល័យ​គាត់ ហើយ​បាន​ផ្ដល់​ការហៅ​បម្រើ​មួយ​ឲ្យ​ខ្ញុំ​បង្រៀន​កូរ៉ុម​អែលឌើរ ។ ខ្ញុំ​ភ្ញាក់​ផ្អើល ដោយសារ​ខ្ញុំ​បាន​ទៅ​កាន់​កូរ៉ុម​អែលឌើរ​តែ​ពីរ​ដង​ប៉ុណ្ណោះ​កាល​ពី​ឆ្នាំ​មុន ។ ថ្វីបើ​មាន​អារម្មណ៍​ថប់​បារម្ភ​យ៉ាង​ខ្លាំង​ក្ដី ក៏​ខ្ញុំ​បាន​ទទួល​ការហៅ​បម្រើ​នោះ ។ នៅថ្ងៃ​អាទិត្យ​ទីមួយ​ដែល​ខ្ញុំ​បង្រៀន ខ្ញុំ​បាន​ឃើញ​ថា ខ្ញុំ​បាន​ចាប់ផ្ដើម​ជាមួយ​នឹង​ការណែនាំ​ខ្លួន​មួយ ប្រហែល​ដែល​ចម្លែក​បំផុត​ដែល​ពួកគេ​មិន​ដែល​ធ្លាប់​ឮ ៖

« ជម្រាបសួរ បងប្អូន ខ្ញុំ​ឈ្មោះ រីឆាត ម៉នសុន ។ ខ្ញុំ​មិន​ដែល​បម្រើ​បេសកកម្ម​ទេ ហើយ​ខ្ញុំ​បាន​អសកម្ម​ស្ទើរ​តែ​មួយ​ជីវិត​ជា​មជ្ឈិមវ័យ​របស់​ខ្ញុំ ។ ខ្ញុំ​មិន​ដែល​បាន​ចូលរួម​ក្នុង​កូរ៉ុម​អែលឌើរ​ច្រើន​សោះ​ឡើយ ដោយសារ​ខ្ញុំ​ពុំ​មាន​អារម្មណ៍​ថា​ខ្ញុំ​នៅក្នុង​ចំណោម ។ ខ្ញុំ​នឹង​ពុំ​អាច​ឆ្លើយ​គ្រប់​សំណួរ​របស់​បងប្អូន​ទេ ប៉ុន្តែ​ខ្ញុំ​សង្ឃឹម​ថា បងប្អូន​នឹង​ចូលរួម​ដើម្បី​យើង​អាចរៀន​ជាមួយ​គ្នា ។ ប្រសិន​បើ​បងប្អូន​មិនមាន​បញ្ហា​ថា​ខ្ញុំ​មក​ពី​កន្លែង​ណា​ទេ យើង​នឹង​ចាប់ផ្ដើម » ។

ខ្ញុំ​បាន​ដឹង​នៅ​ថ្ងៃ​នោះ​ថា ខ្ញុំ​អាច​សារភាព​ដល់​អ្នក​ដទៃ—និង​ដល់​ខ្លួន​ខ្ញុំ​ផ្ទាល់—ថា​ទោះបី​ជា​ខ្ញុំ​មិន​បាន​ចាត់​ថា​ខ្លួនឯង​ជា « ព្រួញ​ដ៏​ត្រង់ » ( មនុស្ស​ម្នាក់​ដែល​បាន​បម្រើ​បេសកកម្ម សកម្ម​អស់​ពេញ​មួយ​ជីវិត និង​ពុំ​បាន​ធ្វើ​កំហុស​ធ្ងន់ធ្ងរ ) ក៏​ខ្ញុំ​ត្រូវបាន​តម្រង់​ទៅ​ទិសដៅ​ដូចគ្នា​នឹង​ពួកគេ​ដែរ ហើយនោះ​ជា​អ្វី​ដែល​សំខាន់​បំផុត ។ ខ្ញុំ​ភ្ញាក់ផ្អើល​ណាស់ ខ្ញុំ​បាន​ឃើញ​ថា មាន​បុរស​ច្រើន​ជាង​ម្នាក់​ក្នុង​ចំណោម​បុរស​ទាំងនេះ ដែល​ខ្ញុំ​បាន​គិត​ថា​បាន​រស់នៅ​ក្នុង​ជីវិត​ដ៏​ឥតខ្ចោះ បាន​ធ្វើ​កំហុស​ផងដែរ ។ ខ្ញុំ​គិត​ថា វា​បាន​ពង្រឹង​គំនិត​ដល់​យើង​ទាំងអស់​គ្នា​ថា ភាពល្អ​ឥតខ្ចោះ​ពុំ​មែន​ជា​តម្រូវការ​ក្នុង​ការនាំ​តម្លៃ​ដល់​ថ្នាក់​រៀន ឬ​ដល់​សាសនាចក្រ​ទាំងមូល​ឡើយ ។

looking out into the light

គ្រា​លំបាកៗ និង​ការ​សម្រេចិត្ត​មួយ

ជា​អកុសល ការសកម្ម​របស់​ខ្ញុំ​គឺ​មិន​បាន​យូរ​ទេ ។ អាពាហ៍ពិពាហ៍​របស់​ខ្ញុំ​ពិបាក ហើយ​ខ្ញុំ​បាន​បែរ​ទៅ​ទម្លាប់​ចាស់ៗ​ដើម្បី​គេច​ពី​ការ​ឈឺ​ចាប់​របស់​ខ្ញុំ ។ ចំណង់​ចំណូល​ចិត្ត​បាន​ចាប់ផ្ដើម​ជំនួស​ឲ្យ​ការ​ចូល​រួម​ព្រះវិហារ ។

បី​ឆ្នាំ​បាន​កន្លង​ផុត​ទៅ ហើយ​ខ្ញុំ​បាន​ធ្លាក់​ចុះ​ដល់​កម្រិត​ទាប​បំផុត ។ ខ្ញុំ​ត្រូវតែ​ធ្វើ​ជម្រើស​មួយ ។ តើ​ខ្ញុំ​អាច​រស់នៅ​តាម​ដំណឹងល្អ​សម្រាប់​ខ្លួនខ្ញុំ​ផ្ទាល់ ដោយ​មិន​គិត​ពី​អ្វី​ដែល​កំពុង​កើត​ឡើង​នៅក្នុង​ជីវិត​ខ្ញុំ​បាន​ទេ ? ឬ​ក៏​ខ្ញុំ​គ្រាន់តែ​ចុះចូល​នឹង​ភាព​ងងឹត​នោះ ? ខ្ញុំ​បាន​ដឹង​ថា ការ​ប្ដេជ្ញា​ចិត្ត​ដើម្បី​ដើរ​តាម​ផ្លូវ​តូច និង​ចង្អៀត គឺ​មានន័យ​ថា​ត្រូវ​បោះបង់​ចោល​នូវ​ឥទ្ធិពល​អវិជ្ជមាន​នៅក្នុង​ជីវិត​ខ្ញុំ ។ ជាមួយ​គ្នា​នោះ​ដែរ បំណង​ប្រាថ្នា​របស់​ខ្ញុំ​ដើម្បី​ត្រឡប់​ទៅ​ព្រះវិហារ​វិញ​បាន​គូស​បញ្ជាក់​ថា ភរិយា​ខ្ញុំ និង​ខ្ញុំ​គឺ​ស្ថិត​នៅលើ​ផ្លូវ​ខុសគ្នា ។ ស្ថានភាព​អាពាហ៍ពិពាហ៍​របស់​យើង​នៅ​ពេល​នោះ គឺ​បោះជំហាន​ដល់​ការលះលែង​រួចហើយ ។

ខ្ញុំ​មាន​ការភ័យខ្លាច ។ ពុំ​មាន​ការធានា​ថា កិច្ចខិតខំ​ទាំងឡាយ​របស់​ខ្ញុំ​នឹង​ផ្ដល់​ដល់​ខ្ញុំ​នូវ​រឿងល្អៗ​ដែល​ខ្ញុំ​ចង់បាន​ក្នុង​ជីវិត​ខ្ញុំ​នោះ​ឡើយ ។ ប៉ុន្តែ​ការសម្រេច​ចិត្ត​របស់​ខ្ញុំ​បាន​ត្រឡប់​ទៅ​អ្វី​ដែល​ខ្ញុំ​បាន​រៀន​ជា​ច្រើន​ឆ្នាំ​ពីមុន​មក—គឺ​ខ្ញុំ​សប្បាយ​រីករាយ​បំផុត​ពេល​ខ្ញុំ​រស់នៅ​តាម​ដំណឹងល្អ ។ ខ្ញុំ​បាន​សម្រេច​ចិត្ត​ដើម្បី​ប្ដេជ្ញា​ចិត្ត​ពេញលេញ ហើយ​ដាក់​ខ្លួនខ្ញុំ​ក្នុង​ព្រះហស្ដ​ព្រះ មិន​ថា​មាន​អ្វី​កើត​ឡើង​នោះទេ ។ ចាប់​ពី​ពេល​នេះ​ទៅ គឺ​រវាង​ខ្ញុំ និង​ទ្រង់ ។

ជាថ្មី​ម្ដង​ទៀត ខ្ញុំ​បាន​ចាប់ផ្ដើម​ត្រឡប់​ទៅ​ព្រះវិហារ​វិញ ហើយ​បាន​ធ្វើ​ការជ្រើសរើស​ល្អៗ ។ ថ្ងៃ​មួយ​ដ៏​រីករាយ​បំផុត​ក្នុង​ជីវិត​ខ្ញុំ​គឺ​ពេល​ដែល​ខ្ញុំ​បាន​ទទួល​ប័ណ្ណ​ព្រះវិហារ​បរិសុទ្ធ​ខ្ញុំ​ម្ដង​ទៀត ។ ខ្ញុំ​បាន​រកឃើញ​ការ​លួង​លោម​ចិត្ត​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​កាលដែល​អាពាហ៍ពិពាហ៍​របស់​ខ្ញុំ​បន្ត​បាក់បែក ហើយ​ទីបំផុត​មក​ដល់​ទីបញ្ចប់ ។

ការ​ស្វែង​រក​ប្រភព​នៃ​តម្លៃ​ផ្ទាល់ខ្លួន

ទោះ​ការ​សម្រេច​ចិត្ត​នោះ​គួរ​ឲ្យ​ភ័យខ្លាច​ក្ដី ក៏​តាមរយៈ​បទពិសោធន៍​នោះ ខ្ញុំ​បាន​រៀន​ដើម្បី​មាន​អំណរគុណ​ចំពោះ​ព្រះហស្ដ​របស់​ព្រះ​នៅក្នុង​ផ្លូវ​របស់​ខ្ញុំ ។ ទោះបី​ជា​ខ្ញុំ​បាន​ជំពប់​ដួល ក៏​ខ្ញុំ​ពុំ​បាន​ចាញ់​ការ​ប្រណាំង​នោះ​ទេ ។ ខ្ញុំ​ពុំ​បាន​ប្រកួត​ប្រជែង​ជាមួយ​នរណា​ម្នាក់​ផ្សេង​ទៀត​ឡើយ ។ ពេល​ខ្ញុំ​ពឹងផ្អែក​លើ​ព្រះអង្គ​សង្គ្រោះ​សម្រាប់​គុណ​តម្លៃ​ផ្ទាល់ខ្លួន​របស់​ខ្ញុំ ខ្ញុំ​អាច​បញ្ឈប់​ការ​ចំណាយ​កិច្ច​ខិត​ខំ​របស់​ខ្ញុំ​ដើម្បី​ផ្លាស់ប្ដូរ​ទស្សន​វិស័យ​របស់​មនុស្ស​ដទៃ​ទៀត​អំពី​ខ្ញុំ ។

ខ្ញុំ​ឃើញ​ថា ខ្ញុំ​មិនមាន​បញ្ហា​អ្វី​ទេ​ដែល​អង្គុយ​តែឯង​នៅ​ព្រះវិហារ ឬ​ក្នុង​ចំណោម​សមាជិក​ដែល​ស្ថិត​នៅក្នុង​ដំណាក់កាល​ផ្សេងៗ​គ្នា​នៅក្នុង​ជីវិត ។ ខ្ញុំ​បាន​ខិតខំ​មិន​លាក់​កំបាំង ហើយ​បានខំ​និយាយ​រាក់ទាក់​ជាមួយ​មនុស្ស​នៅក្នុង​វួដ​របស់​ខ្ញុំ ។ ខ្ញុំ​អាច​រីករាយ​នឹង​ការ​ចូលរួម​ការប្រជុំ​របស់​ខ្ញុំតាមគោលបំណង​ដែល​ការប្រជុំ​ទាំងនោះ​មាន ។

ការមាន​ភាព​សុខ​សាន្ត​នោះ​ក៏​ជួយ​ផងដែរ​ពេល​ដែល​ខ្ញុំ​ត្រឡប់​ទៅ​ដើរ​លេង​ជា​គូ​វិញ ។ ខ្ញុំ​នៅ​តែ​មិន​បាន​ទៅ​ដើរលេង​ជា​គូ​ជា​លើក​ទីពីរ ប៉ុន្តែ​ឥឡូវ​នេះ​ខ្ញុំ​បាន​ដឹង​ថា ខ្ញុំ​មិន​ចាំបាច់​បន្ទាប​បទដ្ឋាន​របស់​ខ្ញុំ​ដោយសារ​តែ​ខ្ញុំ​បាន​រអិល​ជើង​ដួល​ចុះ​កាល​ពី​អតីតកាល​នោះ​ទេ ។ ខ្ញុំ​បាន​រស់នៅ​តាម​ដំណឹងល្អ​ឲ្យ​បាន​ល្អ​បំផុត​អស់ពី​សមត្ថភាព​របស់​ខ្ញុំ ហើយ​ខ្ញុំ​ល្អ​គ្រប់គ្រាន់​ដើម្បី​ដើរលេង​ជា​គូ​ជាមួយ​នឹង​អ្នក​ដែល​រស់នៅ​តាម​ដំណឹងល្អ​អស់​ពី​សមត្ថភាព​របស់​ពួកគេ​ដែរ ។

ទីបំផុត ខ្ញុំ​បាន​រកឃើញ​បុត្រី​នៃ​ព្រះ​ដ៏​ស័ក្ដិសម​ម្នាក់​ដែល​ខ្ញុំ​បាន​រៀបការ​ជាមួយ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ។ ផ្លូវ​របស់​នាង​ខុសគ្នា​ពី​របស់​ខ្ញុំ​ខ្លាំង​ណាស់ ប៉ុន្តែ​ពេល​និយាយ​ពី​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះអង្គ​សង្គ្រោះ និង​ការ​យល់​ដឹង​ពី​ដង្វាយធួន​របស់​ទ្រង់ យើង​មាន​គំនិត​តែ​មួយ ។

អស់​ជា​ច្រើន​ឆ្នាំ ខ្ញុំ​បាន​រៀន​មិន​ឲ្យ​អតីតកាល​របស់​ខ្ញុំ ឬ​ការ​គិត​របស់​អ្នក​ដទៃ​កំណត់​ពី​តម្លៃ​ផ្ទាល់ខ្លួន​បច្ចុប្បន្ន​របស់​ខ្ញុំ ។ ខ្ញុំ​បាន​លះបង់​គំនិត​ដែល​ថា ជីវិត​ជោគជ័យ​ទាល់តែ​ជីវិត​នោះ​ល្អ​ឥតខ្ចោះ ។ មិនមែន​មនុស្ស​គ្រប់គ្នា​សុទ្ធ​តែ​ពេញចិត្ត​នឹង​អ្វី​ដែល​ខ្ញុំ​មាន​ឥឡូវ​នេះ​ឡើយ ដោយសារ​តែ​របៀប​ដែល​ខ្ញុំ​បាន​ឈាន​ដល់​ចំណុច​នេះ ប៉ុន្តែ​វា​មិន​ថ្វី​ទេ ។ វា​មិនមែន​ជា​គោលដៅ​របស់​ខ្ញុំ​ដើម្បី​បញ្ចុះបញ្ចូល​ពួកគេ​នោះ​ទេ ។ វា​ជា​គោលដៅ​របស់​ខ្ញុំ​ដើម្បី​បន្ត​ប្រែចិត្ត និង​ខិត​កាន់តែ​ជិត​ព្រះអង្គ​សង្គ្រោះ ។ ដូច​ជា​អាលម៉ា​ជា​កូន​ដែល​បន្ទាប់​ពី​ការ​ប្រែ​ចិត្ត​របស់​លោក នោះ​ដោយសារ​ទ្រង់​ដែល​ខ្ញុំ​អាច « អស់​កើតទុក្ខ​ដោយ​ការ​នឹក​ឃើញ​អំពើ​បាប​របស់​ខ្លួន​តទៀត » ( អាលម៉ា ៣៦:១៩ ) ។ ខ្ញុំ​អាច​មាន​ភាពសុខសាន្ត​ដោយ​ដឹង​ថា វា​គឺ​ជា​ទីកន្លែង​ដែល​ខ្ញុំ​នឹង​ទៅ—ឆ្ពោះ​ទៅកាន់​ព្រះអង្គ​សង្គ្រោះ—ដែល​សំខាន់ ។