ឆ្នាំ ២០២០
ត្រូវបាន​ដឹកនាំ​ដោយ​ព្រះវិញ្ញាណ តាំង​ពី​មុន​ដែល​ខ្ញុំ​បាន​ដឹង​ពី​វិវរណៈ​ផ្ទាល់ខ្លួន
ខែ មករា ឆ្នាំ ២០២០


ត្រូវបាន​ដឹកនាំ​ដោយ​ព្រះវិញ្ញាណ តាំង​ពី​មុន​ដែល​ខ្ញុំ​បាន​ដឹង​ពី​វិវរណៈ​ផ្ទាល់ខ្លួន

ព្រះវិញ្ញាណ​បានដឹកនាំ​ខ្ញុំ​ជាច្រើន​ដង ពីមុនខ្ញុំ​ស្គាល់​ថា​វិវរណៈ​គឺជា​អ្វី​ពិតប្រាកដ​នោះ ។

នៅពេល​ខ្ញុំ​អាយុ ១៧ ឆ្នាំ ខ្ញុំ​បាន​ចូលរួម​នៅក្នុង​ព្រះវិហារ ប្រូតែស្តង់ ដែល​ខ្ញុំ​បាន​ស្គាល់​កាលពី​ពីរឆ្នាំ​មុន ។ វាគឺជា​កន្លែង​ដំបូង ដែល​ខ្ញុំ​បាន​រៀន​ត្រឹមត្រូវ​អំពី​ព្រះ និង​ព្រះ​យេស៊ូវ​គ្រីស្ទ ។ នៅអំឡុង​ពេលនោះ ខ្ញុំ​បាន​កំពុង​ធ្វើដំណើរ​នៅលើ​ឡាន​ក្រុង​នា​ថ្ងៃមួយ នៅពេល​មាន​បុរស​ម្នាក់​បាន​អង្គុយ​នៅជិត​ខ្ញុំ ។ គាត់​បានប្រាប់​ខ្ញុំ​ថា គាត់​ទើប​បាន​ដោះលេង​ចេញ​ពី​គុគ ហើយ​បាន​និយាយ​អំពី​អារម្មណ៍​ដែល​គាត់​គិតថា មិន​អាច​ចូលរួម​នៅ​ព្រះវិហារ​ណា​មួយ​ម្តងទៀត​ឡើយ ។ នៅពេលនោះ ខ្ញុំ​ដឹងថា ព្រះ​បាន​បញ្ជូន​ទៅទីនោះ ដើម្បី​ជួប​នឹង​បុរស​ម្នាក់​នោះ ហើយ​ខ្ញុំ​បាន​លើកទឹកចិត្ត​គាត់ ដោយ​ប្រាប់គាត់ថា គាត់គួរតែ​ស្វែងរក​ព្រះវិហារ​មួយ ។

នៅពេល​ដែល​យើង​ដើរ​ចេញ ខ្ញុំ​បានប្រាប់​គាត់ ខ្ញុំ​កំពុង​នឹង​សិក្សា​អំពីការ​ទៅ​សាលា​ចិត្តវិជ្ជា ។ ប៉ុន្តែ បន្ទាប់មក​ខ្ញុំ​បាន​ដូរពាក្យ​ថា ខ្ញុំ​ប្រហែល​ជា​សិក្សា​វិជ្ជាជីវៈសារព័ត៌មាន​វិញ ។ គាត់​បាន​និយាយថា « នាង​មើលទៅ​ដូចជា​អ្នក​សារព័ត៌មាន​អញ្ជឹង — នាងគួរតែ​រៀនជំនាញ​នេះ ! » ។ ខ្ញុំ​គិតថា វា​ចំឡែកណាស់ ពីព្រោះ​ខ្ញុំ​មិនដែលគិត​ថា​នឹង​ធ្វើ​ជា​អ្នកសារព័ត៌មាន​ពីមុន​មក​នោះ​ទេ ។ គំនិតនោះ​មិនដឹង​មកពីណា​នោះទេ ។

ពីរខែក្រោយមក ការ​ប្រឡង​ចូលរៀន​នៅ​សាកលវិទ្យាល័យ​ជំនាញ​ចិត្តវិជ្ជា​បាន​ដល់​ពេល ។ នៅយប់មួយ ខ្ញុំបាន​ដឹងថា ខ្ញុំ​មិន​ប្រាកដ​ចិត្ត​អំពីការ​ធ្វើការសម្រេច​ចិត្ត​របស់​ខ្ញុំ​ទៀត​នោះទេ ។ ខ្ញុំបាន​ភ្ញាក់ផ្អើល ពីព្រោះ ខ្ញុំ​មិនចាប់អារម្មណ៍​នៅក្នុង​ការសិក្សា​អ្វី​ទៀត​នោះទេ ។ បន្ទាប់មក ខ្ញុំបាន​នឹកឃើញ​អំពី​ការសន្ទនា​ជាមួយ​បុរស​ម្នាក់​នៅ​លើ​ឡានក្រុង ។ ខ្ញុំ​មិនដឹង​អ្វី​អំពី​សាលា​សារព័ត៌មាន​នោះទេ ប៉ុន្តែ​ខ្ញុំ​បាន​រកឃើញ​វេបសាយ​មួយ​នៅក្នុង​រដ្ឋ​របស់​ខ្ញុំ ។ គាប់ជួន នៅថ្ងៃនោះ គឺជា​ថ្ងៃចុងក្រោយ​ដើម្បី​ចុះឈ្មោះ​ចូលរៀន ។ ដោយ​មិនបាន​គិត​ច្រើនដង ខ្ញុំ​បាន​ចុះ​ឈ្មោះចូលរៀន ។ សរុបមក ៖ ខ្ញុំ​ទើបបាន​រៀនចប់​នៅ​សាលា​សារព័ត៌មាន ។

ការស្វែងរក​សេចក្ដីពិត

ខ្ញុំ​មិនបាន​ដឹង​នៅពេលនោះ ប៉ុន្តែ​ឥឡូវ​នេះ ខ្ញុំ​ដឹងថា ព្រះបាន​ដឹកនាំ​ខ្ញុំ​តាមរយៈ​វិវរណៈ​ផ្ទាល់​ខ្លួន នៅក្នុងការ​សម្រេចចិត្ត​ថា​ត្រូវសិក្សា​ជំនាញ​អ្វី ។ ខ្ញុំ​មានអារម្មណ៍ថា ខ្ញុំតែងតែ​ត្រូវបាន​ប្រទានពរជ័យ ជាមួយនឹង​ការដឹងថា ព្រះ​សព្វព្រះទ័យ​ឲ្យ​ខ្ញុំ​ធ្វើអ្វី​សម្រាប់ខ្ញុំ — ជា​ប្រភេទ​នៃ​ឱកាស និង​ស្ថានភាព​ដែល​ទ្រង់​រៀបចំ​ក្នុង​ជីវិត​របស់​ខ្ញុំ ដើម្បី​បង្ហាញ​ខ្ញុំ​ពី​ផ្លូវ​ដែល​ទ្រង់​សព្វ​ព្រះទ័យ​ឲ្យ​ខ្ញុំ​ដើរ​តាម ។

បួន​ឆ្នាំ​ក្រោយ​មក ខ្ញុំ​បាន​ស្គាល់​សាសនាចក្រ ហើយ​បាន​ជ្រមុជទឹក តាមរយៈ​ការ​ដឹកនាំ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ហើយ​នៅ​ទីបំផុត ខ្ញុំ​បាន​រៀន​ពី​អត្ថន័យ​នៃ​វិវរណៈ​ផ្ទាល់​ខ្លួន​នៅ​ក្នុង​ការ​អាន​គោលលទ្ធិ និង សេចក្ដី​សញ្ញា ។ ពីមុន​ពិធី​បុណ្យ​ជ្រមុជទឹក​របស់​ខ្ញុំ​មួយ​ថ្ងៃ ខ្ញុំ​បាន​អាន​ព្រះគម្ពីរ​មរមន ដោយសារ​ពួក​អ្នក​ផ្សព្វ​ផ្សាយ​​សាសនា​បាន​សុំ​ខ្ញុំ​ឲ្យ​អាន ។ រំពេច​នោះ ខ្ញុំ​បាន​សម្រេច​ចិត្ត​អាន​មុន​ដល់​នីហ្វៃទី ២ ៣១ត្រង់​នីហ្វៃ​បាន​ពិពណ៌នា​អំពី​ពិធី​បុណ្យ​ជ្រមុជទឹក​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ ទោះ​ជា​ខ្ញុំ​ពុំបាន​អធិស្ឋាន​ពី​ព្រះគម្ពីរ​មរមន​នៅ​ឡើយ​ក្ដី ក៏​ខ្ញុំ​បាន​ទទួល​អារម្មណ៍​ដូចជា​ព្រះវរបិតា​​សួគ៌​កំពុង​ព្យាយាម​ប្រាប់​ខ្ញុំ​អំពី​ពិធី​បុណ្យ​ជ្រមុជទឹក ។ ជំពូក​បន្ទាប់​ក៏​ធ្វើ​ឲ្យ​ខ្ញុំ​ចាប់​អារម្មណ៍​ផង​ដែរ ត្រង់​កន្លែង​ដែល​ខ្ញុំ​អានថា ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​បង្ហាញ​យើង​គ្រប់​រឿង​ដែល​យើង​ត្រូវ​ធ្វើ​( សូមមើលនីហ្វៃ​ទី ២ ៣២ ) ។ ពាក្យ​ពេចន៍​ទាំង​នោះ​ធ្វើ​ខ្ញុំ​យល់​យ៉ាង​ច្រើន​ពី​ជីវិត​របស់​ខ្ញុំ ។

ពិតណាស់ រឿង​មួយ​ដែល​ខ្ញុំ​តែង​ដឹង​ជានិច្ច​គឺ​ថា ប្រសិន​បើ​ខ្ញុំ​ដឹង​ថា​ខ្លួន​ឯង​ស្ថិត​នៅ​ក្នុង​សេចក្ដី​ងងឹត នោះ​ព្រះ​រំពឹង​ទុក​ឲ្យ​ខ្ញុំ​នាំ​យក​ពន្លឺ​មួយ​ចំនួន​ដើម្បី​ចេញ​ពី​ភាព​ងងឹង​នោះ ។ នៅពេល​ខ្ញុំ​រៀនអំពី យ៉ូសែប ស៊្មីធ ខ្ញុំបានមើលឃើញ​ភាព​ស្រដៀង​គ្នា​របស់ខ្ញុំនឹង​លោក​ដែរ ។ ខ្ញុំ​រៀន​មើល​ទៅ​ព្រះ​ដើម្បី​ទទួល​បាន​ចម្លើយ ។ កាល​ពី​ក្មេង ដោយ​ទោះ​ជា​ពុំ​បាន​ទៅ​ចូល​រួម​ក្នុង​ព្រះវិហារ​ក្ដី ក៏​ខ្ញុំ​តែង​តែ​អធិស្ឋាន​ដែរ ដែល​ការ​ណ៍​នេះ​បាន​បំផុស​ខ្ញុំ​ឲ្យ​ប្រែ​ចិត្ត មាន​ភាព​អត់ធ្មត់ ហើយ​ព្យាយាម​មាន​ចិត្ត​សប្បុរស ហើយ​មាន​សេចក្ដី​ស្រឡាញ់​ចំពោះ​មនុស្ស​គ្រប់​គ្នា ។

ខ្ញុំ​បាន​ដឹង​ជានិច្ច​ថា ព្រះ​កំពុង​ស្ដាប់​ខ្ញុំ ។ នៅទីបំផុត ពេល​ខ្ញុំ​បាន​ទៅ​ព្រះវិហារ​នៅ​អាយុ​១៥​ឆ្នាំ ហើយ​បាន​រៀន​ពី​ព្រះគម្ពីរ​ប៊ីប ខ្ញុំ​បាន​មើល​ត្រឡប់​មក​វិញ​ពី​បទពិសោធន៍​ជា​ច្រើន ហើយ​បាន​ដឹង​ថា ចំណេះដឹង​ដែល​ខ្ញុំ​បាន​ទទួល​មក​ពី​ការ​អធិស្ឋាន​គឺ​មក​ពី​ព្រះ ។

ការ​យល់​ដឹង​ពី​វិវរណៈ

នៅ​ក្នុង នីហ្វៃទី២ ៣២:៥នីហ្វៃ​បង្រៀន​ថា « បើ​សិន​ជា​អ្នក​រាល់​គ្នា នឹង​ចូល​ទៅ​តាម​ផ្លូវ​នោះ ហើយ​ទទួល​ព្រះ​វិញ្ញាណ​បរិសុទ្ធ នោះ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​នឹង​បង្ហាញ​ដល់​អ្នក នូវ​គ្រប់​អ្វី​ទាំង​អស់ដែល​អ្នក​ត្រូវ​ធ្វើ » ។ នោះ​គឺជា​អ្វី​មួយ​ដែល​ខ្ញុំ​បាន​គិត​ថា​ខ្ញុំ​បាន​យល់​បន្ទាប់​ពី​ពិធី​បុណ្យ​ជ្រមុជទឹក​របស់​ខ្ញុំ​រហូត​ដល់​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​បាន​សួរ​ថាតើ​ខ្ញុំ​ស្គាល់​ពី​អត្ថន័យ​នៃ​វិវរណៈ​ដែរ​ឬទេ ។ ខ្ញុំ​ពុំ​បាន​ស្គាល់​ពាក្យ​នោះ​ទេ ប៉ុន្តែ​ខ្ញុំ​បាន​និយាយ​ថា ខ្ញុំ​បាន​គិត​ថា វា​គឺជា​អារម្មណ៍​ដែល​ខ្ញុំ​មាន​ជា​ច្រើន​ដង ដូចជា​ព្រះ​កំពុង​មាន​បន្ទូល​នឹង​ខ្ញុំ​នៅ​ក្នុង​គំនិត​របស់​ខ្ញុំ ដោយ​ឆ្លើយ​នឹង​សំណួរ និង​គំនិត​របស់​ខ្ញុំ ។ ពួកគេ​បាន​និយាយ​ថា ខ្ញុំ​និយាយ​ត្រូវ​ហើយ ។

ដោយ​មាន​ចំណេះ​ដឹង​ពី​វិវរណៈ និង​ដោយ​អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ខ្ញុំ​មាន​បំណង​ប្រាថ្នា​ជា​ថ្មី​ដើម្បី​អាន​ព្រះគម្ពីរ​ប៊ីប ។ ខ្ញុំ​បាន​ចាប់ផ្ដើម​រក​ឃើញ​រឿង​ដ៏​មាន​អត្ថន័យ​នៅ​ក្នុង​នោះ—ខ្ញុំ​បាន​ដឹង​ថា ដោយសារ​ខ្ញុំ​ត្រូវ​បាន​ដឹកនាំ​ដោយ​ព្រះវិញ្ញាណ ។ ខ្ញុំ​ចូល​ចិត្ត​អាន​​លិខិត​របស់​ប៉ុល ហើយ​មើល​ឃើញ​ពី​គំរូ​របស់​លោក​ក្នុង​ការ​ត្រូវ​បាន​បង្រៀន​ដោយ​ព្រះវិញ្ញាណ​នៅ​ក្នុង​សកម្មភាព​របស់​លោក និង​ភាព​ជឿជាក់​ដ៏​រឹង​មាំ​របស់​លោក​លើ​ព្រះអង្គ​សង្គ្រោះ ។ រឿង​ទាំង​នោះ​គឺជា​រឿង​ដែល​ខ្ញុំ​បាន​ដឹង​តាមរយៈ​បទពិសោធន៍​នៅ​ក្នុង​សាសនាចក្រ​ដែលបាន​ស្ដារ​ឡើង​វិញ ។

ដូច្នេះ​នៅ​ចុង​បញ្ចប់ មិន​ថា​អ្នក​មាន​អាយុ​ប៉ុន្មាន រស់​នៅ​ទីណា ឬ​មាន​ចំណេះ​ដឹង​ប៉ុណ្ណា​អំពី​រឿង​របស់​ព្រះ​នោះ​ទេ ។ អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​គឺ​ធ្វើ​តាម​ទំនុក​តម្កើង​ថា « ខ្ញុំ​នឹង​ទៅ​ដែល​ទ្រង់​ឲ្យ​ខ្ញុំ​ទៅ ព្រះអង្គ … ខ្ញុំ​នឹង​ធ្វើ​ដែល​ទ្រង់​ឲ្យ​ខ្ញុំ​ធ្វើ »​( ទំនុក​តម្កើងល.រ. ១៦៨ ) ។ សូម​រស់​នៅ ហើយ​ចែកចាយ​រឿង​ល្អៗ​ដែល​ព្រះវិញ្ញាណ​បាន​ដាក់​នៅ​ក្នុង​ចិត្ត​របស់​អ្នក ដោយសារ​ព្រះវិញ្ញាណ​នឹង​បង្ហាញ​អ្នក​ពី​ផ្លូវ​ដែល​ផ្ដល់​ពរជ័យ​ដល់​មនុស្ស​ដទៃ ហើយ​ទទួល​ពរជ័យ​នៅ​ក្នុង​ជីវិត​នេះ ។