ការដឹងគឺល្អហើយ ប៉ុន្តែមិនគ្រប់គ្រាន់ទេ
នេះជាដំណើររឿងមួយចំនួនរបស់សមាជិកសាសនាចក្រពីសម័យដើម ដែលបានឮទីបន្ទាល់ពីពួកសាក្សីនៃព្រះគម្ពីរមរមន ។
ការស្ដាប់ទីបន្ទាល់របស់សាក្សីនៃព្រះគម្ពីរមរមនអាចជាអ្វីដែលល្អបំផុតបន្ទាប់ពីការឃើញផ្ទាំងមាស ឬទេវតា ។ សមាជិកសាសនាចក្រពីសម័យដើមជាច្រើនបានមានឱកាសនោះ ។
ខាងក្រោមនេះជាដំណើររឿងរបស់សមាជិកមួយចំនួនដែលបាននិយាយជាមួយនឹងពួកសាក្សីនៃព្រះគម្ពីរមរមន ។ ទោះយ៉ាងណា យើងនឹងឃើញពេលដែលប្រធាន រ័សុល អិម ណិលសុន បានបង្រៀនថាការទទួលបាននូវទីបន្ទាល់មួយអំពីព្រះគម្ពីរមរមនគឺ « វាល្អណាស់ ប៉ុន្តែនៅពុំទាន់គ្រប់គ្រាន់ទេ ! »១
រេបេកា វិល្លៀម ៖ « ពាក្យសម្ដីរបស់ពួកគេត្រូវបានជឿ »
រេបេកា ស្វេន វិល្លៀម បានឮពួកសាក្សីនៃព្រះគម្ពីរមរមនមួយចំនួននៅ ក្នុងរដ្ឋអូហៃអូ នៅដើមឆ្នាំ ១៨៣០ ។ នាងបានថ្លែងទីបន្ទាល់របស់នាងដល់ឪពុក និងបងប្អូនប្រុសនាង ៖ « ខ្ញុំបានឮរឿងដូចគ្នានោះពីសមាជិកគ្រួសារ [ ស្ម៊ីធ ] បីបួននាក់ និងពីពួកសាក្សីបីនាក់ដោយផ្ទាល់ ។ ខ្ញុំបានឮពួកគេប្រកាសនៅទីប្រជុំសាធារណៈថា ពួកគេបានឃើញទេវតាដ៏បរិសុទ្ធបានយាងចុះមកពីស្ថានសួគ៌ ហើយបាននាំផ្ទាំងទាំងឡាយ ហើយបានដាក់ផ្ទាំងទាំងនោះនៅពីមុខភ្នែករបស់ពួកគេ » ។
ពេលដែលសមាជិកគ្រួសារនាងបានបដិសេធទីបន្ទាល់របស់នាង នោះរេបេកាពុំបានដាក់ចុះទីបន្ទាល់របស់នាងនោះទេ ។ នាងបន្តស្រឡាញ់ពួកគេ អធិស្ឋានសម្រាប់ពួកគេ ហើយផ្ដល់តម្លៃដល់ដំបូន្មានដ៏ល្អរបស់ឪពុកនាង ។ នាងក៏បន្តថ្លែងទីបន្ទាល់ដល់គាត់ថា ពួកសាក្សីនៃព្រះគម្ពីរមរមនបានប្រាប់ការពិត ៖ « ពួកគេជាបុរសដែលមានចរិតល្អ ហើយពាក្យសម្ដីរបស់ពួកគេត្រូវបានជឿ ។ … ពួកគេបានឃើញទេវតាមួយអង្គរបស់ព្រះ ហើយបានសន្ទនាជាមួយទ្រង់ » ។២
នៅចុងទសវត្ស ១៨៣០ រយៈពេលនៃការជំទាស់ដ៏រីករាលដាលនៅក្នុងសាសនាចក្រ រេបេកា បន្តមានសេចក្ដីជំនឿ ដោយជ្រើសរើសរស់នៅតាមសិក្ខាបទនៃព្រះគម្ពីរមរមន ។៣
វិលលាម ម៉័កខ្លេលិន ៖ « ជាប់…នឹងការទទួលស្គាល់ការពិត »
ព្រឹកមួយនៅក្នុងឆ្នាំ ១៨៣១ គ្រូបង្រៀនវ័យក្មេងម្នាក់ឈ្មោះ វិលលាម ម៉័កខ្លេលិន បានឮថាបុរសមួយចំនួនដែលកំពុងធ្វើដំណើរទៅមិសសួរី នឹងប្រកាសពីគម្ពីរថ្មីមួយដែលត្រូវបានពិពណ៌នាថាជា « វិវរណៈមកពីព្រះ » ។ គាត់បានប្រញាប់ទៅស្ដាប់ពួកគេ ។ គាត់បានស្ដាប់ ដាវីឌ វិតមើរ ថ្លែងទីបន្ទាល់ថាគាត់បាន « ឃើញទេវតាដ៏បរិសុទ្ធមួយអង្គដែលបានប្រាប់សេចក្ដីពិតពីកំណត់ត្រានេះដល់គាត់ » ។ គាត់មានបំណងប្រាថ្នាដ៏ជ្រាលជ្រៅដើម្បីដឹងថាតើទីបន្ទាល់របស់ពួកគេពិតឬទេ ។ គាត់បានទៅតាមពួកគេអស់ ៦៤៤ គីឡូម៉ែត្រទៅ ទីក្រុងអ៊ីនឌីពែនឌែនស៍ រដ្ឋមិសសួរី ជាកន្លែងដែលគាត់បានជួប និងបានសម្ភាសពួកសាក្សីផ្សេងៗទៀតរួមទាំង ម៉ាទិន ហារីស និង ហៃរុម ស៊្មីធ ផងដែរ ។៤
វិលលាមបានសម្ភាសហៃរុមអស់ជាច្រើនម៉ោង ។ វិលលាមបានកត់ត្រាថា « ខ្ញុំបានសាកសួរពីចំណុចពិសេសនៃការចេញមកនៃកំណត់ត្រានោះ » ។ ព្រឹកបន្ទាប់នោះ បន្ទាប់ពីអធិស្ឋានដើម្បីបានការណែនាំដល់សេចក្ដីពិត គាត់បានដឹងថាគាត់បាន « ជាប់ជាបុរសដ៏ស្មោះត្រង់ម្នាក់ដែលទទួលស្គាល់ពីសេចក្ដីពិត និងសុពលភាពនៃព្រះគម្ពីរមរមន » ។៥
ឆ្នាំបន្ទាប់ពីនោះ សេចក្ដីជំនឿរបស់វិលលាមត្រូវបានសាកល្បង និងពង្រឹងដោយជម្រើសទាំងឡាយរបស់គាត់ និងដោយការធ្វើទុក្ខបុកម្នេញដែលពួកបរិសុទ្ធត្រូវរងទុក្ខ ។ ពេលដែលពួកបរិសុទ្ធនៅក្នុងឃុំចាកសុន រដ្ឋមិសសួរី ត្រូវបានគេវាយប្រហារ នោះមិត្តរបស់វិល្លៀមគឺ ហៃរាំ ភេជ ជាសាក្សីម្នាក់ក្នុងចំណោមសាក្សីទាំងប្រាំបីនាក់ ត្រូវបានគេវាយនឹងរំពាត់ដោយពួកបុរសដែលបាននិយាយថា ពួកគេនឹងដោះលែងគាត់បើគាត់ព្រមបដិសេធព្រះគម្ពីរមរមន ។ « តើខ្ញុំអាចបដិសេធអ្វីដែលខ្ញុំដឹងថាពិតដោយរបៀបណា ? » ហៃរាំបាននិយាយដូច្នោះ ហើយពួកគេបានវាយគាត់ម្ដងទៀត ។
វិល្លៀមត្រូវបានពង្រឹងដោយទីបន្ទាល់របស់ហៃរាំ—ហើយអាចយល់បានថាភ័យខ្លាចត្រូវគេវាយណាស់ ។ ពេលវិលលាមបានឮថា ពួកបុរសនៅក្នុងតំបន់នោះនឹងឲ្យរង្វាន់ដល់អ្នកដែលចាប់បានគាត់ និងអូលីវើរ ខៅឌើរី នោះពួកគេបានចាកចេញពីក្រុងនោះទៅលាក់ខ្លួននៅក្នុងព្រៃជាមួយដាវីឌ វិតមើរ ។ នៅទីនោះវិលលាមបានសម្ភាសសាក្សីពីរនាក់ក្នុងចំណោមសាក្សីបីនាក់ ។ គាត់បាននិយាយថា « ខ្ញុំមិនដែលបានឃើញការនិមិត្តដ៏បើកចំហរនៅក្នុងជីវិតខ្ញុំឡើយ ប៉ុន្តែពួកលោកនិយាយថាពួកលោកបានឃើញ ហេតុដូច្នោះហើយពួកលោកដឹងជាប្រាកដ ។ ឥឡូវនេះអ្នកដឹងថា ជីវិតរបស់យើងគឺថិតនៅក្នុងគ្រោះថ្នាក់គ្រប់ពេល ប្រសិនបើពួកមនុស្សកំណាចចាប់យើងបាននោះ ។ ដោយការភ័យខ្លាចដល់ព្រះ សូមប្រាប់ខ្ញុំថាតើព្រះគម្ពីរមរមនពិតឬទេ ? »
អូលីវើរបាននិយាយថា « ប្អូនប្រុស វិលលាម ព្រះបានបញ្ជូនទេវតាដ៏បរិសុទ្ធរបស់ទ្រង់ដើម្បីប្រកាសសេចក្ដីពិតនៃការបកប្រែរបស់វាដល់យើង ហេតុដូច្នោះហើយយើងដឹង ។ ហើយទោះជាពួកមនុស្សកំណាចសម្លាប់យើង ក៏យើងនៅតែត្រូវស្លាប់ទាំងប្រកាសពីសេចក្ដីពិតរបស់វាដែរ » ។
ដាវីឌបានបន្ថែមថា « អូលីវើរបានប្រាប់ប្អូនរួចហើយពីសេចក្ដីពិតដ៏ឧឡារិក ដ្បិតយើងពុំអាចត្រូវបានបោកបញ្ឆោតនោះទេ ។ ខ្ញុំសូមប្រកាសយ៉ាងពិតប្រាកដបំផុតដល់ប្អូនពីសេចក្ដីពិតរបស់វា ! »៦
ដាវីឌ ម៉ាទីន ហៃរាំ អូលីវើរ និងវិលលាម ម្នាក់ៗបានដឹងថា យ៉ូសែប ស៊្មីធ បានបកប្រែព្រះគម្ពីរមរមនដោយព្រះចេស្តានៃព្រះ ។ ពួកគេបានដឹងថា ដំណឹងល្អដែលបានចារនៅលើផ្ទាំងមាសគឺពិត ។ ប៉ុន្តែក្រោយមកពួកគេបានអនុញ្ញាតឲ្យការអាក់អន់ចិត្តជាមួយនឹងយ៉ូសែបបន្តកើនឡើងរហូតដល់ពួកគេឈប់រស់នៅតាមការបង្រៀនរបស់ព្រះគម្ពីរមរមន ។
ដោយបានឃើញពីជម្រើសរបស់ពួកគេ ព្យាការី យ៉ូសែប បានថ្លែងទីបន្ទាល់មិនត្រឹមតែថាព្រះគម្ពីរមរមនពិត—« ជាគម្ពីរដ៏ត្រឹមត្រូវបំផុតជាងគម្ពីរនានាទាំងអស់នៅលើផែនដីនេះ ហើយជាមូលដ្ឋាននៃសាសនាចក្ររបស់យើង » នោះទេ—ប៉ុន្តែថាយើង « អាចចូលទៅជិតព្រះបាន ដោយសារការធ្វើតាមសិក្ខាបទទាំងឡាយនៃគម្ពីរនេះ ជាជាងគម្ពីរដទៃទាំងអស់ » ផងដែរ ។៧
សាលលី ផាកកឺ ៖ « រឹងមាំក្នុងសេចក្ដីជំនឿ »
សាលលី ផាកកឺ ជាអ្នកជិតខាងម្នាក់របស់ លូស៊ី ម៉ាក ស្ម៊ីធ នៅទីក្រុងឃើតឡង់ រដ្ឋអូហៃអូ ។ សាលលីបានសរសេរថា « នាងបានប្រាប់ពីរឿងទាំងអស់ » ។ ពេលនាងបានសួរលូស៊ីថាបើនាងបានឃើញផ្ទាំងទាំងឡាយ « [ លូស៊ី ] បាននិយាយថា ទេ វាមិនមែនសម្រាប់នាងដើម្បីឃើញវានោះទេ ប៉ុន្តែនាងបានលើកវា ហើយពាល់វា ហើយខ្ញុំជឿអ្វីៗទាំងអស់ដែលនាងបាននិយាយ ដ្បិតខ្ញុំបានរស់នៅក្បែរនាងប្រាំបីខែ ហើយនាងគឺជាស្ត្រីម្នាក់ដ៏ល្អបំផុត » ។
នៅក្នុងឆ្នាំ ១៨៣៨ សាលលីបានឮហៃរុម ស្ម៊ីធ ចែកចាយទីបន្ទាល់របស់លោកផងដែរ ៖ « គាត់បាននិយាយថា គាត់បានឃើញផ្ទាំងទាំងនោះដោយផ្ទាល់ភ្នែក ហើយបានកាន់វាដោយផ្ទាល់ដៃលោក » ។៨
នៅចុងទសវត្ស ១៨៣០ កាលដែលមានមនុស្សជាច្រើនបានចាកចេញពីសាសនាចក្រ នោះសាលលី ផាកកឺ បានទួញសោកនឹងការបាត់បង់ការដើរតាមរបស់ពួកគេ ហើយបានពង្រឹងការប្ដេជ្ញាចិត្តរបស់នាងជាថ្មីដើម្បីរស់នៅតាមសិក្ខាបទនៃព្រះគម្ពីរមរមន ។ សាលលីបានសរសេរថា « ខ្ញុំចង់ប្រកាន់ខ្ជាប់នូវជំនឿដែលដូចជាគ្រាប់ម៉ាស្តាតអញ្ចឹង ។ ខ្ញុំទទួលអារម្មណ៍នៃអំណាចរបស់វាក្នុងដួងចិត្តរបស់ខ្ញុំឥឡូវនេះ ។ ខ្ញុំរឹងមាំនៅក្នុងសេចក្ដីជំនឿដូចដែលខ្ញុំបានរឹងមាំពេលយើងទទួលបុណ្យជ្រមុជទឹក ហើយគំនិតរបស់ខ្ញុំក៏ដូចគ្នាដែរ ។ ខ្ញុំចង់កាន់ខ្ជាប់ដំណឹងល្អរហូតដល់ខ្ញុំស្លាប់ » ។៩
រដា គ្រីន ៖ « គាត់មានព្រះវិញ្ញាណនៃព្រះ »
លូស៊ី ម៉ាក ស្ម៊ីធ បាននិយាយនៅក្នុងសន្និសីទទូទៅក្នុងឆ្នាំ ១៨៤៥ បន្ទាប់ពីពួកសាក្សីនៃព្រះគម្ពីរមរមនទាំងអស់ដែលនៅក្នុងគ្រួសារគាត់បានស្លាប់ដោយសារជំងឺ ឬត្រូវបានសម្លាប់ ។ គាត់បានប្រាប់រឿងមួយអំពីបេសកកម្មដំបូងរបស់កូនប្រុសគាត់សាំយូអែល ។
សាំយូអែល ជាសាក្សីម្នាក់ក្នុងចំណោមពួកសាក្សីទាំងប្រាំបីនាក់ បានទៅលេងផ្ទះរបស់រដា គ្រីន ដែលស្វាមីនាងបានទៅបំពេញបេសកកម្មឲ្យព្រះវិហារមួយផ្សេងទៀត ។ សាំយូអែលបានសួររដាថាបើនាងចង់បានគម្ពីរមួយ ។ គាត់បានពន្យល់ថា « វាជាព្រះគម្ពីរមរមនដែលបងប្រុសរបស់ខ្ញុំយ៉ូសែបបានបកប្រែពីផ្ទាំងទាំងឡាយចេញពីក្នុងដី » ។
រដាបានទទួលព្រះគម្ពីរមួយក្បាលដើម្បីអាន និងបង្ហាញដល់ស្វាមីនាង ។ ពេលសាំយូអែលបានត្រឡប់មកវិញពេលក្រោយទៀត រដាបានប្រាប់គាត់ថា ស្វាមីនាងពុំមានចំណាប់អារម្មណ៍ទេ ហើយនាងពុំអាចទិញគម្ពីរនោះឡើយ ។ ដោយសោកសៅ សាំយូអែលបានយកគម្ពីរនោះ ហើយបានចាប់ផ្ដើមចាកចេញទៅ ។ រដាបានប្រាប់លូសីក្រោយមកថា សាំយូអែលបានឈប់ ហើយបានសម្លឹងមើលនាង ។ លូសីបាននិយាយនៅក្នុងសុន្ទរកថាសន្និសីទរបស់គាត់ថា « នាងមិនដែលបានឃើញបុរសណាសម្លឹងមើលបែបនោះទេ ។ នាងបានដឹងថាគាត់មានព្រះវិញ្ញាណនៃព្រះ » ។
សាំយូអែលបានប្រាប់រដា ដែលបានលុតជង្គង់ចុះ ហើយបានសូមលោកឲ្យអធិស្ឋានជាមួយនាង ។ នាងបានរក្សាគម្ពីរនោះ បានអានវា ហើយបានទទួលទីបន្ទាល់អំពីវា ។ នៅទីបំផុតស្វាមីនាងក៏បានទទួលទីបន្ទាល់មួយដែរ ។ ពួកគេបានជ្រើសរើសដើម្បីរស់នៅតាមសិក្ខាបទអស់មួយជីវិតរបស់ពួកគេ ។
លូស៊ីបានថ្លែងទីបន្ទាល់ថា « ដូច្នេះហើយការងារបានចាប់ផ្តើម បន្ទាប់មកវាបានសាយភាយដូចជាគ្រាប់ម៉ាស្តាតអញ្ចឹង » ។១០
រដាគ្រីនគឺជាបុព្វការីជនរបស់ខ្ញុំ ។ ខ្ញុំត្រូវបានស្អាងឡើងដោយទីបន្ទាល់របស់គាត់អំពីព្រះគម្ពីរមរមន ហើយដោយទីបន្ទាល់ដែលត្រូវបានកត់ត្រាដោយពួកសាក្សីទាំងឡាយ និងពួកអ្នកដែលបានឮពួកគេ ។ ខ្ញុំត្រូវបានពង្រឹងដោយការជ្រើសរើសរបស់ពួកគេដើម្បីរស់នៅតាមអ្វីដែលព្រះគម្ពីរមរមនបង្រៀន ។
យើងម្នាក់ៗអាចក្លាយជាសាក្សីនៅសម័យទំនើបអំពីព្រះគម្ពីរមរមន ពេលដែលព្រះវិញ្ញាណបរិសុទ្ធបញ្ជាក់ដល់យើងពីសេចក្ដីពិតនៃគម្ពីរនោះ ។ មិនយូរប៉ុន្មានពីមុនការចាកចេញទៅបម្រើបេសកកម្មរបស់ខ្ញុំ ខ្ញុំបានបញ្ចប់ការអានព្រះគម្ពីរមរមន រួចហើយបានលុតជង្គង់ចុះ ហើយអធិស្ឋានដោយសាមញ្ញ ប៉ុន្តែដោយស្មោះអស់ពីចិត្ត ដោយចិត្តស្មោះសរ និងដោយសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ ( សូមមើល មរ៉ូណៃ ១០:៣–៤ ) ។ ខ្ញុំបានទទួលអារម្មណបំផុសដ៏មានឥទ្ធិពលមួយដែលបានប្រាប់ថា « អ្នកបានដឹងរួចហើយថាវាពិត » ។ វាបានចូលមកក្នុងចិត្តខ្ញុំដោយភាពសុខសាន្ត ដែលខ្ញុំមិនមានបំណងនឹងរឹងទទឹងជាមួយនោះទេ ។ ខ្ញុំបានដឹងតាំងពីពេលនោះមកថា ព្រះគម្ពីរមរមនពិត !
ទោះយ៉ាងណា វានៅមិនគ្រប់គ្រាន់ទេ ។ ប្រធាន រ័សុល អិម ណិលសុន បានបង្រៀន ៖ « នៅពេលដែលខ្ញុំស្ដាប់ឮមនុស្សណាម្នាក់ រួមទាំងខ្លួនខ្ញុំដែរពោលថា ‹ ខ្ញុំដឹងថា ព្រះគម្ពីរមរមនគឺជាព្រះគម្ពីរពិត › ខ្ញុំចង់បន្លឺឡើងថា ‹ វាល្អណាស់ ប៉ុន្តែនៅពុំទាន់គ្រប់គ្រាន់ទេ ! › យើងត្រូវចាំបាច់មានអារម្មណ៍ស៊ីជម្រៅនៅក្នុង ‹ ជម្រៅចិត្ត › យើងថា ព្រះគម្ពីរមរមនគឺពិតជាបន្ទូលរបស់ព្រះ ។ យើងត្រូវតែមានអារម្មណ៍យ៉ាងស៊ីជម្រៅថា យើងនឹងពុំចង់រស់នៅដោយគ្មានព្រះគម្ពីរនេះសូម្បីតែមួយថ្ងៃឡើយ » ។១១ ការបង្រៀនរបស់ប្រធាន ណិលសុនគឺពិត ។ កិច្ចខិតខំជាបន្តបន្ទាប់របស់ខ្ញុំដើម្បីរស់នៅតាមការបង្រៀនរបស់ព្រះគម្ពីរមរមនបាននាំឲ្យខ្ញុំខិតជិតនឹងព្រះជាងអ្វីៗផ្សេងទៀតទាំងអស់ ។