ឆ្នាំ ២០២០
អ្នក​មិនអាច​បន្ទាន់​ការ​ប្រែ​ចិត្ត​នោះ​ទេ
ខែ មករា ឆ្នាំ ២០២០


អ្នក​មិនអាច​បន្ទាន់​ការ​ប្រែ​ចិត្ត​នោះ​ទេ

ដើម្បី​ក្លាយជាមនុស្ស​ល្អ ខ្ញុំ​ត្រូវ​ផ្លាស់ប្តូរ​យុទ្ធសាស្រ្ត​នៃការប្រែចិត្ត​របស់ខ្ញុំ ។

« អាម៉ែន » ។

ខ្ញុំ​បាន​ឱនក្បាលខ្ញុំ​ចុះ​នៅពេល​ចែកចាយ​ពិធី​សាក្រាម៉ង់ ។ ខ្ញុំ​ពោលពាក្យ​អធិស្ឋាន ដោយស្តាប់​ព្រះវរបិតាសួគ៌​នូវ​អ្វីៗ​ដែល​ខ្ញុំ​បានធ្វើខុស​នៅ​សប្តាហ៍​មុន ជា​វិធី​ដែល​ខ្ញុំ​អាច​បាន​ប្រសើរឡើង ។ ខ្ញុំ​សន្យាថា​នឹង​ផ្លាស់ប្តូរ ។ ខ្ញុំ​គិតអំពី​ព្រះ​អង្គសង្រ្គោះ ។ ខ្ញុំ​ទទួលទាន​សាក្រាម៉ង់ ។ បន្ទាប់មក ខ្ញុំ​ធ្វើ​ដដែលៗ​នេះ​នៅ​សប្តាហ៍​បន្ទាប់ ដោយ​ការ​ធ្វើ​ឡើងវិញ​ដដែលៗ ។

អស់រយៈពេល​យ៉ាងយូរ នោះគឺជា​អ្វី​ដែល​ខ្ញុំ​គិត​នៅ​អំឡុង​ពេល​សាក្រាម៉ង់ ៖ គិត​អំពី​ព្រះអង្គ​សង្រ្គោះ ប្រែចិត្ត ហើយ​សន្យា​ថា​នៅ​សប្តាហ៍​នេះ​នឹង​ធ្វើ​ឲ្យ​ខុស​ពី​សប្តាហ៍​មុន ។

ខ្ញុំ​មិនសូវដឹងថា ដំណើរការនេះ មិនបាន​ជួយ​ខ្ញុំ​ទេ ។ ជារៀងរាល់​សប្តាហ៍​វា​ពិត​ជា​មិនមាន​ភាព​ខុសគ្នា​នោះទេ ។ ការអធិស្ឋាន​ផ្ទាល់ខ្លួន​របស់​ខ្ញុំ នៅតែ​និយាយ​ដដែលៗ និងមិន​ញឹកញាប់ ។ ខ្ញុំ​នៅតែ​គិត​គំនិត​អវិជ្ជមាន​ចំពោះ​មនុស្ស​គ្រប់គ្នា​ដែល​និយាយ​ឮៗ​នៅ​លើ​រថភ្លើង ។ ខ្ញុំ​នៅតែ​មើលទូរទស្សន៍​ច្រើន​បន្ទាប់​ពី​ម៉ោង​ធ្វើការ​របស់​ខ្ញុំ ។ ឥរិយាបថទាំងនេះ ហាក់នៅ​ជាប់​នឹង​ខ្ញុំ ទោះជា​ខ្ញុំ​មាន​អារម្មណ៍​មិនល្អ​អំពី​រឿង​ទាំង​នេះ​ក្តី ខ្ញុំ​មិន​ប្រាកដ​ថា​ត្រូវ​ធ្វើ​អ្វី​ដើម្បី​ផ្លាស់ប្តូរ​វា​នោះទេ ។ មាន​អ្វី​មួយ​ដែល​ត្រូវ​បាន​រំលង​យ៉ាង​ច្បាស់ ។ ខ្ញុំ​គ្រាន់តែ​មិនដឹងថា វា​ជា​អ្វី​តែប៉ុណ្ណោះ ។

ចម្លើយ

នៅអំឡុង​សន្និសីទ​ទូទៅ ខ្ញុំ​ក៏​បាន​រក​ឃើញ​បំណែក​ដែល​បាត់​នោះ ។ ប្រធាន ដាល្លិន អេក អូក ទីប្រឹក្សា​ទី​មួយ​ក្នុង​គណៈប្រធាន​ទី​មួយ បាន​បង្រៀន​ថា « ប្រភពមួយ​ទៀត​នៃ​ការ​លើកតម្កើង​ខាងវិញ្ញាណ ហើយ​រីកចម្រើន គឺ​ការ​បន្ត​ប្រែចិត្ត​ជាបន្តបន្ទាប់ ទោះបី​ជា​មើលទៅ​ហាក់​ដូចជា​ការ​រំលង​តិចតួច​ក្តី ។… ការប្រែចិត្ត​បែប​នេះ​គួរតែ​ធ្វើឡើង​មុន​ការ​ទទួលទាន​សាក្រាម៉ង់​ប្រចាំ​សប្តាហ៍​របស់​យើង »

រំពេចនោះ វា​បង្ហាញ​យ៉ាងច្បាស់ថា ហេតុអ្វី​ខ្ញុំ​មាន​បញ្ហា ៖ ខ្ញុំ​គ្រាន់តែ​ប្រែចិត្ត​នៅ​ថ្ងៃអាទិត្យ ។ តាមរយៈ​ការគិតពិចារណា​អំពី​អំពើបាប​របស់​ខ្ញុំ​តែ​ក្នុង​រយៈ​ពេល​ពីរបីនាទី​នៅក្នុង​ម៉ោង​សាក្រាម៉ង់ នោះ​ខ្ញុំ​បណ្តោយ​ឲ្យ​ខ្លួន​ខ្ញុំ​រីករាយ​ពេញ​មួយ​សប្តាហ៍ ពិតប្រាកដណាស់ វា​រារាំង​ខ្ញុំ​មិន​ឲ្យ​ផ្លាស់ប្តូរ ។

ការបង្រៀន​របស់​ប្រធាន អូក បានជួយ​ខ្ញុំ​រកឃើញ​វិធី​បីយ៉ាង ដែល​ខ្ញុំ​អាច​បញ្ចូល​ចំណែក​ដែល​បាត់​នៅ​ក្នុង​ដំណើរការ​ប្រែចិត្ត​របស់​ខ្ញុំ ។

អ្វី​ដែល​រាប់ថា​ជា​អំពើបាប 

ដង្វាយធួន​របស់​ព្រះ​យេស៊ូវគ្រីស្ទ គឺ​សម្រាប់​អ្វីៗ​គ្រប់យ៉ាង ទោះបី​ជា​ទម្លាប់​អាក្រក់ ឬ​ការរំខាន​ខាងសាច់ឈាម​ក្តី — ជាពិសេស អ្វីៗ​ដែល​រារាំង​យើង​មិន​ឲ្យ​ក្លាយ​ដូចទ្រង់ ។ ព្រះអង្គសង្រ្គោះ​យល់ថា ទោះបីជា​រឿងតូចតាច​ក្តី ក៏​វា​អាច​បំភាន់​យើង​ចេញ​ពី​ផ្លូវ​របស់ទ្រង់​ដែរ ដូច្នេះ ទ្រង់​ចង់​ជួយ​យើង​យកឈ្នះ​រឿង​ទាំងនោះ​ផងដែរ ។ ដើម្បី​ឲ្យ​ទ្រង់​ធ្វើ​ដូច្នោះ​បាន ខ្ញុំ​បានចាប់ផ្តើម​គិត​អំពី​រឿងទាំងនោះ​តាមរបៀប​ផ្សេងទៀត — ដូចជា​រឿង​ដែល​បានបង្អាក់​ខ្ញុំ​ពី​ការខិតកាន់តែ​ជិត​ព្រះ​អង្គសង្រ្គោះ ។

ការធ្វើបែប​នេះ បានជួយ​ខ្ញុំ​មើលឃើញ​ការខ្វះខាត​របស់ខ្ញុំ​កាន់តែច្បាស់ ហើយ​បាន​ជួយ​ខ្ញុំ​ឲ្យ​យកចិត្ត​ទុកដាក់​កាន់តែខ្លាំង ។ ខ្ញុំ​មាន​អារម្មណ៍​ថា ត្រូវតែ​កម្ចាត់​វា​ចោល​ជាបន្ទាន់ រួចប្តូរ​សុទិដ្ឋិនិយម​ថ្មី ដែល​បានមក​ពី​ការដឹងថា ព្រះគ្រីស្ទ អាច​ជួយខ្ញុំ​ក្នុងរឿង​នេះ ។ វាសមហេតុផលថា ប្រសិនបើ​ខ្ញុំចង់រលាស់ចោលទម្លាប់​ទាំងនេះ វាមិនគ្រប់គ្រាន់​ទេក្នុង​ការអធិស្ឋាន​អំពីវា​តែ​ម្តងក្នុង​មួយ​សប្តាហ៍​នោះ ។ ខ្ញុំ​ត្រូវ​ប្រឹក្សា​ជាមួយ​ព្រះអម្ចាស់​ជារៀងរាល់ថ្ងៃ ។

ការ​អញ្ជើញ​ជំនួយ​របស់​ព្រះ​អង្គ​សង្រ្គោះ

ការប្រែចិត្ត​ជារៀងរាល់ថ្ងៃ អនុញ្ញាត​ឲ្យ​យើង​គិត​អំពី​ការរីកចម្រើន​របស់​យើង​ឲ្យ​កាន់តែ​ច្បាស់ នៅពេល​ដែល​យើង​រាយកាណ៍​ទៅ​ព្រះវរបិតាសួគ៌​វិញ ។ យើង​គួរតែ​ស្វែងរក​ចំណុច​ខ្វះខាត​របស់​យើង ហើយ​ទូល​ទៅ​ទ្រង់​សុំជំនួយ​ជាក់លាក់មួយ ខណៈដែល​សុំ​ការ​អភ័យទោស ។ តាមរយៈ​ការ​ប្រឈមមុខ​នឹង​ចំណុចតូចៗ​ទាំងនោះ ដែល​ធ្វើ​ឲ្យ​ខ្ញុំ​នៅឆ្ងាយ​ពី​ព្រះអង្គសង្រ្គោះ​ជា​រៀងរាល់ថ្ងៃ នោះការអធិស្ឋាន​របស់​ខ្ញុំ​បាន​ផ្លាស់ប្តូរ ហើយ​សកម្មភាព​ខ្ញុំ​ក៏​បាន​ផ្លាស់ប្តូរ​ដែរ ។ ផ្ទុយ​ឲ្យ​ការធ្វើតាម​ទម្លាប់​របស់​ខ្ញុំ​ជារៀងរាល់​សប្តាហ៍ ខ្ញុំ​មាន​បំណង​ចង់​ផ្លាស់ប្តូរ​ជាប្រចាំ ។ ខ្ញុំ​មាន​អារម្មណ៍ថា ព្រះវិញ្ញាណ​មាន​ឥទ្ធិពល​នៅលើ​ការសម្រេចចិត្ត​របស់​ខ្ញុំ ។ ខ្ញុំ​កាន់តែ​មាន​ឆន្ទៈ​ដើម្បី​ធ្វើ « រឿង​ត្រឹមត្រូវ ទោះជា​លំបាក​ក្តី »​ដែលខ្ញុំ​ដឹងបាន​តាមរយៈ​អំណាច​ដែលអាច​ធ្វើបាននៃ​ដង្វាយ​ធួនរបស់​ព្រះគ្រីស្ទ ។

ទោះបីជា​ខ្ញុំ​មានបំណង​ល្អ នៅពេល​ខ្ញុំ​ព្យាយាម​ប្រឈមមុខ​នឹង​អំពើបាប​ខ្ញុំ​ដោយខ្លួនឯង​ក្តី ការពឹងផ្អែក​លើព្រះ​នៅ​ពេញ​មួយ​សប្តាហ៍​នេះហើយ​ដែល​ធ្វើ​ឲ្យ​មាន​ភាពខុសគ្នា ។ នៅពេលខ្ញុំ​ធ្វើ​បែបនេះ ខ្ញុំ​មានអារម្មណ៍​ថា​ទ្រង់​គង់នៅក្បែរ​ខ្ញុំ កាលដែល​ខ្ញុំ​ព្យាយាម​ផ្លាស់ប្តូរ ខ្ញុំ​លែងមាន​អារម្មណ៍ថា ទ្រង់ចាំ​នៅ​លើ​ផ្លូវ​ដ៏​វែង​ហើយ ។

គំនិត​ថ្មី​អំពី​ពិធីសាក្រាម៉ង់

ដូចដែល​ប្រធាន​អូក បាន​ថ្លែង ពិធីសាក្រាម៉ង់​មិនបញ្ចូល​ការប្រែចិត្ត​ទេ — វាជា​ជំហាន​ប្រចាំ​សប្តាហ៍​នៅ​ក្នុង​វដ្តដដែលៗ ។ វាជាពេល​ដែល​យើង​ត្រូវ​វាយតម្លៃ​កិច្ចការ​ប្រចាំ​សប្តាហ៍​របស់​យើង បង្ហាញ​អំណរគុណ​ចំពោះ​ព្រះ​អង្គសង្រ្គោះ ហើយតាំង​ចិត្ត​ដើម្បី​ធ្វើ​ឲ្យ​បាន​ប្រសើរ​ជាង ។ នៅពេល​ខ្ញុំ​ប្រែចិត្ត​រាល់ថ្ងៃ សាក្រាម៉ង់​មាន​អត្ថន័យ​ថ្មី​ចំពោះ​ខ្ញុំ ។ ខ្ញុំ​មិន​ដាក់ការប្រែចិត្ត​ទាំងមូល​ក្នុង​រយៈពេល ១០ នាទី​ទៀត​ឡើយ ។ ផ្ទុយទៅវិញ ខ្ញុំ​បែរជាគិត​អំពី​ការពលិកម្ម​របស់​ព្រះគ្រីស្ទ ហើយ​ស្ងប់ស្ងែង​ចំពោះ​សេចក្តីស្រឡាញ់ និង​មេត្តាករុណា​ដ៏​គ្មានដែនកំណត់​របស់ទ្រង់​វិញ ។ នៅពេល​ខ្ញុំ​ទទួលទាន​ទំបុ័ង និង​ទឹក ខ្ញុំពិតជា​ស្អាតស្អំ ហើយ​ត្រៀម​ខ្លួន​កែលម្អរ​បន្ថែមទៀត​នៅ​សប្តាហ៍​ក្រោយ ។

ការប្រែចិត្ត​នៅអំឡុង​សប្តាហ៍​ផ្តល់​ឲ្យ​យើងនូវ​ឱកាស​ដើម្បី​មានអំណរ​អំពី​ពិធីសាក្រាម៉ង់​ចំពោះ​អព្ភូតហេតុ​ដែល​វា​មាន ។ ការយល់ថា ការប្រែចិត្ត​គឺជា​ដំណើរការ​ប្រចាំថ្ងៃ បាន​ជួយ​ឲ្យ​ខ្ញុំ​មាន​កម្លាំង​ប្រឈមមុខ​នឹង​កង្វះខាត​របស់​ខ្ញុំ​ដោយ​សេចក្តីក្លាហាន និង​សុទិដ្ឋិនិយម ។ ខ្ញុំ​មិនមាន​អារម្មណ៍ថា ខ្ញុំ​ប្រឈមមុខ​នឹង​បញ្ហា​របស់​ខ្ញុំតែ​ម្នាក់​ឯង​ទៀត​នោះទេ ។ ជាជាង មាន​អារម្មណ៍ នឿយហត់ និង​បាក់​ទឹកចិត្ត​ក្នុងគ្រា​ទាំងនោះ ខ្ញុំ​អាច​នឹក​ដល់​សេចក្តី​សង្ឃឹម និង​អំណរ​ដែល​ខ្ញុំបានទទួល​នៅពិធី​បុណ្យជ្រមុជទឹក ។

កំណត់​ចំណាំ

  1. ដាល្លិន អេក អូក « Small and Simple ThingsLiahonaខែ​ឧសភា ឆ្នាំ​២០១៨ ទំព័រ ៩០ ។

  2. ប្រធាន ថូម៉ាស អេស ម៉នសុន`«ការជ្រើសរើស» Liahona ខែ​ឧសភា ឆ្នាំ ២០១៦ ទំព័រ ៨៦ ។