ឆ្នាំ ២០២០
តើ​អ្នក​មាន​សំណួរ​អំពី​ដំណឹងល្អ​ដែរ​ឬ​ទេ ? នេះ​គឺជា​របៀប​ប្រាំ​យ៉ាង​ដើម្បី​ស្វែងរក​ចម្លើយ
ខែ កក្កដា ឆ្នាំ ២០២០


មាន​តែ​ឌីជីថល​ប៉ុណ្ណោះ

តើ​អ្នក​មាន​សំណួរ​អំពី​ដំណឹងល្អ​ដែរ​ឬ​ទេ ? នេះ​គឺជា​របៀប​ប្រាំ​យ៉ាង​ដើម្បី​ស្វែងរក​ចម្លើយ

ខ្ញុំ​មាន​សំណួរ​ដែរ ។ ហើយ​ពុំ​មាន​អ្វី​ត្រូវ​ខ្លាច នោះ​ទេ ។

« តើ​មាន​នរណាម្នាក់​មាន​សំណួរ​អ្វី​ទេ ? »

តើ​បងប្អូន​ធ្លាប់​បាន​ឮ សំណួរ​នេះ​នៅ​ចុង​បញ្ចប់​នៃ​មេរៀន​មួយ ហើយ​គិត​ថា « បាទ/ចាស៎ ខ្ញុំ​មាន​មួយ​លាន​សំណួរ » ឬ « បាទ/ចាស៎ ខ្ញុំ​ពិតជា​មិន​យល់​ទេ » ប៉ុន្ដែ​បងប្អូន​បន្ដ​នៅ​ស្ងៀម​ទេ ?

ខ្ញុំ​ធ្លាប់​មាន​អារម្មណ៍​នោះ ។ ហើយ​ពេលខ្លះ ខ្ញុំ​នៅតែ​ខ្លាច​ការមាន​សំណួរ ។

ខ្ញុំ​ខ្លាច​ថា​មិន​ដឹង​គ្រប់គ្រាន់ ខ្លាច​អ្វី​ដែល​មនុស្ស​ដទៃ​អាច​គិត និង​ខ្លាច​ជ្រុល​ចូល​ដល់​ព័ត៌មាន​ដែល​អាច​ធ្វើ​ឲ្យ​ខ្ញុំ​កាន់តែ​មាន​សំណួរ​ថែម​ទៀត ។

យ៉ាងណា​ក្ដី យើង​មិន​គួរ​មាន​ការភ័យ​ខ្លាច ឬ​ការខ្មាសអៀន​នៅ ក្នុង​ការមាន​សំណួរ និង​ការចង់​យល់ដឹង​បន្ថែម​ទៀត​ឡើយ ជាពិសេស​នៅពេល​វា​ស្ដី អំពី​ដំណឹងល្អ ។ ព្រះវរបិតាសួគ៌​សព្វ​ព្រះ​ទ័យ​ឲ្យ​យើង​ស្វែងរក​ចំណេះដឹង​បន្ថែម ! សូម្បីតែ​អែលឌើរ ឌៀរថើរ អេហ្វ អុជដូហ្វ ក៏​បាន​ពោល​ថា « ការសួរ​សំណួរ​មិនមែន​ជា​ទីសម្គាល់​នៃ​ភាពទន់ខ្សោយ​នោះ​ទេ វា​គឺជា​ចំណុច​ចាប់ផ្ដើម​រីកចម្រើន » ។

គ្រប់គ្នា​មាន​អ្វីៗ​ជាច្រើន ដែល​ត្រូវ​រៀនសូត្រ ។ ហើយ​សំណួរ​ទាំងឡាយ​បើកទ្វារ​ទៅកាន់​ចំណេះដឹង និង​សេចក្ដីជំនឿ​ដ៏​កាន់តែ​រឹងមាំ​—​ដរាបណា​បងប្អូន​រកមើល​ចម្លើយ​តាម​របៀប​ដ៏​ត្រឹមត្រូវ ! នេះ​គឺជា​របៀប​ប្រាំ​យ៉ាង​ដើម្បី​ទទួល​បាន​ពន្លឺ​ខ្លះ​ចំពោះ​សំណួរ​របស់​បងប្អូន ។

១. សូម ពិនិត្យមើល​ប្រភព​របស់​បងប្អូន

មាន​ប្រភព​ល្អៗ​ជាច្រើន​ដែល​អាច​ទុកចិត្ត​បាន ដែល​អាច​ផ្ដល់​ការយល់ដឹង​បន្ថែម​ដល់​បងប្អូន ដូចជា​ព្រះគម្ពីរ និង​ឯកសារ​សាសនាចក្រ ។ ប៉ុន្ដែ​ក៏​មាន​ព័ត៌មានក្លែងក្លាយ និង​ប្រភព​ដែល មិន ពិត​ជាច្រើន​ដែល​ពង្វក់​ពិភពលោក​នេះ​ផងដែរ ។ សំណាង​ដែរ ដែល បងប្អូន​អាច​បែងចែក​សេចក្ដីពិត​ចេញពី​ការបោក​បំភាន់​បាន !

អេនថូនី ស្វីត ជា​ជំនួយការ​សាស្ដ្រាចារ្យ​ខាង​ប្រវត្តិ និង​គោលលទ្ធិ​សាសនាចក្រ​នៅ​សាកលវិទ្យាល័យ​ព្រិកហាំ យ៉ង់ ផ្ដល់​សំណួរ​ប្រាំ​ដើម្បី​សួរ​ពេល​សម្រេច​ចិត្ត​ថា តើ​ប្រភព​មួយ​អាច​ទុកចិត្ត​បាន​ដែរ​ឬ​អត់ ៖

  1. តើ​វា​ជា​ប្រភព​ដើម​ឬ​ទេ ? ( បាន​សរសេរ ឬ​បង្កើត ដោយ​នរណា ម្នាក់ ដែល​បាន​ចូលរួម ឬ​សង្កេត​មើល​ព្រឹត្តិការណ៍​នោះ ) ។

  2. តើ​វា​ជា​ដំណើរ​រឿង​បណ្ដោះ​អាសន្ន​ឬ ? ( បាន​កត់ត្រា​នៅក្នុង ឬ​ជិត​ពេល​នៃ​ព្រឹត្តិការណ៍​នោះ ) ។

  3. តើ​វា​មាន​ទស្សនវិស័យ​ដែល​មាន​គោលបំណង​ដែរ​ឬ​ទេ ? ( ដោយ​ខំ​ធ្វើ​ឲ្យ​បាន អ្នកនិពន្ធ​ព្យាយាម​មាន​ភាព ស្មើភាព តុល្យភាព មិន​លំអៀង និង​មិន​កាន់ជើង​ម្ខាងៗ ) ។

  4. តើ​មាន​អ្វី​ជា ទំនាក់ទំនង​ទៅនឹង​ប្រភព​ផ្សេងទៀត ? ( កាលបរិច្ឆេទ ការពិត អំណះអំណាង ជាដើម​មាន​ភាពចុះ​សម្រុង​ទៅនឹង​ប្រភព​ផ្សេងទៀត​ដែល​ទាក់ទង​ទៅនឹង​ព្រឹត្តិការណ៍​ដូចគ្នា​នេះ ) ។

  5. តើ​អំណះអំណាង​របស់​វា​ត្រូវបាន​គាំទ្រ​ដោយ​ភស្ដុតាង​ដែរ​ឬ​ទេ ? ( សេចក្ដី​ថ្លែងការណ៍​ផ្អែកលើ​ភស្ដុតាង​ជាក់ស្ដែង និង​មាន​ទិន្នន័យ​គាំទ្រ ) ។

អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​បង្រៀន​ថា « ទាក់ទង​នឹង​សេចក្ដី​ជំនឿ និង​ការប្រែចិត្ត​ជឿ វា​ជួយ​តម្រង់​សំណួរ​របស់​បងប្អូន​ទៅ​សួរ​អ្នក​ដែល​មាន​សេចក្ដី​ជំនឿ និង​ការប្រែចិត្ត​ខ្លះ​រួច​ហើយ ! » ពាក្យសម្ដី​របស់​លោក និង​សំណួរ​ខាងលើ​នេះ​អាច​ផ្ដល់​ទំនុកចិត្ត​ដល់​បងប្អូន ក្នុង​ការស្វែងរក​ព័ត៌មាន​ដែល​អាច​ទុកចិត្ត​បាន ។

២. ការពឹងផ្អែក​ទៅ​លើ​ពាក្យ​សម្ដី​របស់​ព្យាការី

ព្យាការី និង​ពួកសាវក​ផ្ដល់​នូវ​គោលលទ្ធិ និង​សេចក្ដីពិត ( ហេតុដូច្នេះ​ហើយ​វា​គឺ​ជា​ចម្លើយ​សម្រាប់​បងប្អូន ! ) តាមរយៈ​វិវរណៈ ។ ខ្ញុំ​ត្រូវបាន​លួងលោម​ជាច្រើនដង​រាប់​មិន​អស់​មកពី​ការអាន ឬ​ការស្ដាប់​សុន្ទរកថា​សន្និសីទ​ទូទៅ នៅពេល​ខ្ញុំ​ភាន់​ច្រឡំ ឬ​តានតឹង​ចិត្ត ។

ទោះជា​បងប្អូន​មិន​យល់ ពី​អ្វីៗ​គ្រប់​យ៉ាងអំពី​សារលិខិត​របស់​ថ្នាក់ដឹកនាំ​សាសនាចក្រ​មួយ​ចំនួន សូម​ចងចាំ​ថា ពាក្យពេចន៍​របស់​ពួកលោក​គឺ​មកពី​ព្រះវរបិតាសួគ៌—​វា​ចេញពី​ប្រភព​មួយ​នៃ​សេចក្ដី​ស្រឡាញ់ និង​សេចក្ដីពិត ។ ប្រសិនបើ​បងប្អូន​ចងចាំ និង​ទុកចិត្ត​ទៅ​លើ​ពាក្យ​សម្ដី​របស់​អែលឌើរ អូលីសេស សូរ៉េស ៖ « ការមាន​ព្យាការី​គឺ​ជា​ទីសម្គាល់​មួយ​នៃ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​ដល់​បុត្រា​បុត្រី​របស់​ទ្រង់ » នោះ​បងប្អូន​នឹង​មាន​សេចក្ដី​សង្ឃឹម​នៅក្នុង​ជីវិត​របស់​បងប្អូន មិន​ថា​បងប្អូន​កំពុង​ស្វែងរក​ចំណេះដឹង​អ្វី​នោះ​ទេ ។

៣. ការសិក្សា​ព្រះគម្ពីរ … ពិតជា​សិក្សា​ដោយ​យក​ចិត្ត​ទុក​ដាក់

តើ​ការសិក្សា​ព្រះគម្ពីរ​របស់​បងប្អូន​មើល​ទៅ​យ៉ាង​ដូចម្ដេច​ដែរ ? ការសិក្សា​របស់​ខ្ញុំ​អាច​ប្រសើរ​ជាង​នេះ ! ប៉ុន្ដែ​នៅពេល​ខ្ញុំ​ធ្វើ​ការសញ្ជឹង​គិត​អំពី​អ្វី​ដែល​ខ្ញុំ​កំពុង​អាន​មែន​នោះ នោះ​ខ្ញុំ​កត់​សម្គាល់​ពី​ភាពខុសគ្នា​មួយ​នៅក្នុង​ខ្លួន​របស់​ខ្ញុំ ។ ខ្ញុំ​មាន​អារម្មណ៍​សុខសាន្ដ និង​សេចក្តី​សង្ឃឹម​កើន​ឡើង​កាន់តែ​ខ្លាំង ។ ដើម្បី​បើក​ចិត្ត​របស់​បងប្អូន​ចំពោះ​ការបំផុស​គំនិត​មក​ពី​ក្នុង​ព្រះគម្ពីរ សូម​សាកល្បង​ចំណុច​គន្លឹះ​ទាំងនេះ ៖

  • ចាប់ផ្តើម និង​បញ្ចប់​ការសិក្សា​របស់​បងប្អូន​ដោយ​ការអធិស្ឋាន ។ នៅពេល​បងប្អូន​យាង​អញ្ជើញ​ព្រះវិញ្ញាណ​ឲ្យ​ជួយ​បងប្អូន​យល់ នោះ​បងប្អូន​នឹង​ស្គាល់​ការយល់ដឹង និង​ការបំផុស​គំនិត​កាន់តែ​ខ្លាំង​ឡើង ។

  • សូម​កត់ត្រា​ចំណាប់​អារម្មណ៍​ដែល​បងប្អូន​ទទួល​បាន ។ ការអាន​ចំណាប់​អារម្មណ៍​ទាំងនេះ​នៅពេល​ក្រោយ​អាច​ជួយ​បងប្អូន​ឲ្យ​ធ្វើការ​តភ្ជាប់​នៅក្នុង​ជីវិត​របស់​បងប្អូន ហើយ​ស្គាល់​ចម្លើយ​កាន់តែ​ច្បាស់ ។

  • សូម​ចំណាយ​ពេល​មួយ​សន្ទុះ​ដោយនៅ​ស្ងៀម ។ សូម​អង្គុយ​ដោយ​ស្ងៀមស្ងាត់ ហើយ​ផ្តោត​ចិត្ត​ទៅ​នឹង​គំនិត ក៏​ដូចជា​អារម្មណ៍​ដែល​កើតឡើង​ម្ដង​ហើយ​ម្ដង​ទៀត ក្រោយពី​បងប្អូន​អាន និង​សិក្សា​រួច ។ សូម​ចាំ​ថា ព្រះវិញ្ញាណ​មាន​បន្ទូល​ដោយ​សំឡេង​តូច​រហៀង ។

៤. ការរៀន​អំពី​របៀប​ទទួល​វិវរណៈ

នៅ​គ្រា​នេះ​ក្នុង​ជីវិត ខ្ញុំ​កាន់តែ​ត្រូវការ​ព្រះវរបិតាសួគ៌​ជាង​មុន ដើម្បី​ឲ្យ​ដឹកនាំ​ខ្ញុំ និង​ជួយ​ខ្ញុំ​ឲ្យ​ពង្រឹង​សេចក្ដី​ជំនឿ​របស់​ខ្ញុំ ។ ហើយ​ពេល​ខ្លះ​ខ្ញុំ​មាន​ភាព​អន្ទះ​អន្ទែង​ដោយ​ខ្ញុំ​ធ្វើ​អ្វីៗ​គ្រប់​យ៉ាង​ដើម្បី​យាង​ព្រះវិញ្ញាណ ហើយ​ខ្ញុំ​នៅតែ​មិន​ទទួល​បាន​ចម្លើយ​ណាមួយ​មកពី​ស្ថានសួគ៌ ។ សំណាង​ល្អ ខ្ញុំ​បាន​រៀន​មកពី​ស៊ិស្ទើរ សែរី ឌូ អតីត​ទីប្រឹក្សា​ទីពីរ​ក្នុង​គណៈប្រធាន​សមាគម​សង្គ្រោះ​ទូទៅ ថា​ដើម្បី​បើក​ខ្សែ​ទំនាក់ទំនង​ជាមួយ​ព្រះវរបិតាសួគ៌ នោះ​សូម​សួរ​ខ្លួន​ឯង​នូវ​សំណួរ​ទាំងនេះ ៖

  • តើ​សំណួរ​របស់​បងប្អូន​ត្រូវបាន​សួរ​ដោយ​មាន​ការសន្មត់​ថា មាន​ចម្លើយ​ហើយ​ដែរ​ឬ​ទេ ?

  • តើ​បងប្អូន​មាន​ឆន្ទៈ​ទុកចិត្ត​ទៅ​លើ​ព្រះអម្ចាស់ ហើយ​ផ្ដល់​ប្រយោជន៍​ដល់​ទ្រង់​ពេល​មាន​មន្ទិល​សង្ស័យ​ដែរ​ឬ​ទេ ?

រួច​ហើយ សូម​សួរ​ព្រះវរបិតាសួគ៌ ៖

  • ឲ្យ​បង្រៀន​ដល់​បងប្អូន​អំពី​របៀប​ដែល​ទ្រង់​នឹង​មាន​បន្ទូល​មក​កាន់​បងប្អូន​រៀងៗ​ខ្លួន ។

  • របៀប​ដែល​ទ្រង់​មាន​ព្រះទ័យ​យ៉ាងណា​ចំពោះ​បងប្អូន ។

គាត់​ថ្លែង​ថា « រួច​ហើយ​សូម​មើល​របៀប​ដែល​ទ្រង់​នឹង​បង្រៀន​បងប្អូន រួម​ទាំង​ព្រះគម្ពីរ​ដែល​បងប្អូន​នឹង​អាន ការគូស​បញ្ជាក់​ក្នុង​សារលិខិត​សន្និសីទ​ទូទៅ ដែល​បងប្អូន​អាច​ខកខាន​មិន​បាន​អាន​លើក​ដំបូង ជាដើម ។ … កាល​វេលា​កន្លង​ទៅ ទ្រង់​នឹង​ប្រាប់​បងប្អូន ហើយ​ពេល​ទ្រង់​ធ្វើ​ដូច្នេះ នោះ​បងប្អូន​នឹង​រៀន​បន្ថែម​ទៀត​អំពី​ការដឹង​ពី​វិវរណៈ​តាមរយៈ​ព្រះវិញ្ញាណ » ។

សំណួរ​ដ៏​សំខាន់​ទាំង​ពីរ​នេះ​បាន​ធ្វើ​ឲ្យ​មាន​ភាពខុសគ្នា​ដ៏​ធំ​មួយ​ក្នុង​សមត្ថភាព​របស់​ខ្ញុំ​ដើម្បី​ស្គាល់ និង​ទទួល​បាន​វិវរណៈ ។

៥. ការតោង​ឲ្យ​ជាប់​នឹង​អ្វី​ដែល​បងប្អូន​បាន​ដឹង​ហើយ

ពេលខ្លះ​ចម្លើយ​មិន​កើត​មាន​ភ្លាមៗ​ទេ ។ ចម្លើយ​របស់​បងប្អូន​នា​ពេល​នេះ​អាច​គ្រាន់តែ​ជា​ការទុកចិត្ត​ទៅ​លើ​ព្រះវរបិតាសួគ៌ និង​មាន​ភាពអំណត់​តែ​ប៉ុណ្ណោះ ។ សូម​ចាំ​ដល់​ដំបូន្មាន​របស់​អែលឌើរ អុជដូហ្វ​ថា​ឲ្យ « សូម​សង្ស័យ​មន្ទិល​អ្នក​ពីមុន​សង្ស័យ​សេចក្ដី​ជំនឿ​អ្នក » ។

ប្រសិនបើ​បងប្អូន​មាន​អារម្មណ៍​បាក់​ទឹកចិត្ត សូម​គិត​ទៅដល់សេចក្ដីពិត​ដែល​បងប្អូន​បាន​ដឹង​នៅក្នុង​ដួងចិត្ត​របស់​បងប្អូន ។ នៅពេល​ខ្ញុំ​មាន​ការពិបាក ខ្ញុំ​ចងចាំ​ដល់​គ្រា​ទាំងនោះ នៅពេល​ខ្ញុំ​បាន​ដឹង​ដោយ​ប្រាកដ​ថា ខ្ញុំ​គឺជា​បុត្រី​ជាទី​ស្រឡាញ់​របស់​ព្រះវរបិតា​មាតា​សួគ៌ ថា​ព្រះ​មាន​ផែនការ​មួយ​សម្រាប់​ខ្ញុំ ហើយ​ថា​ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​ព្រះអង្គ​សង្គ្រោះ​របស់​ខ្ញុំ ។

នៅពេល​បងប្អូន​មាន​សំណួរ វា​អាច​ងាយស្រួល​ដើម្បី​ផ្ដោត​ទៅ​លើ​អ្វី​ដែល​បងប្អូន​មិន​យល់ ជាជាង​អ្វី​ដែល​បងប្អូន​ធ្វើ ។ ប៉ុន្ដែ​ប្រសិនបើ​បងប្អូន​មាន​ឆន្ទៈ​ដើម្បី​បន្ទន់​ដួងចិត្ត​របស់​បងប្អូន រក្សា​ទស្សនវិស័យ​អស់​កល្បជានិច្ច ហើយ​សម្រប​ឆន្ទៈ​របស់​បងប្អូន​ដោយ​រាបសា​ទៅ​តាម​ព្រះទ័យ​របស់​ព្រះវរបិតាសួគ៌ នោះ​ទ្រង់​នឹង​ដឹកនាំ​បងប្អូន​ទៅរក​សេចក្ដីពិត​ជានិច្ច ហើយ​ផ្ដល់​សេចក្ដី​សង្ឃឹម​ដល់​បងប្អូន រហូត​ដល់​ចំណេះដឹង​បន្ថែម​ទៀត​កើត​មាន​ឡើង ។ហើយនៅ​ថ្ងៃ​មួយ បងប្អូន​នឹង​មាន​ចម្លើយ​ចំពោះ​សំណួរ​របស់​បងប្អូន​ទាំងអស់ ( សូមមើល គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១០១:៣២–៣៦ ) ។

កំណត់ចំណាំ

  1. ឌៀរថើរ អេហ្វ អុជដូហ្វ « The Reflection in the Water » ( Church Educational System fireside for young adults ថ្ងៃទី ១ ខែ វិច្ឆិកា ឆ្នាំ ២០០៩ ) នៅលើ​គេហទំព័រ broadcasts.ChurchofJesusChrist.org ។

  2. សូមមើល Anthony Sweat, Seekers Wanted: The Skills You Need for the Faith You Want ( ឆ្នាំ ២០១៩ ) ទំព័រ ១១–២០ ។

  3. ជែហ្វ្រី អ័រ ហូឡិន « សារលិខិត អត្ថន័យ និង​ហ្វូង​មនុស្ស » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៩ ទំព័រ ៦ ។

  4. អូលីសេស សូរ៉េស « ពួក​ព្យាការី​ថ្លែង​ដោយ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ » Liahona ខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ៩៩ ។

  5. Sheri L. Dew, Worth the Wrestle ( ឆ្នាំ ២០១៧ ) ទំព័រ ៨, ៩, ៤១ ។

  6. ឌៀថើរ អេហ្វ អុជដូហ្វ « មក ចូលរួម​ជាមួយ​យើង » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៣ ទំព័រ ២៣; សូមមើល​ផងដែរ ជែហ្រ្វី អ័រ ហូឡិន « ខ្ញុំ​ជឿ​ហើយ លោក​ម្ចាស់​អើយ » Liahona ខែ ឧសភា ឆ្នាំ ២០១៣ ទំព័រ ៩៣–៩៤ ។