ឆ្នាំ ២០២០
រឿង​មួយ​អំពី​អនាគត​ដែល​ខ្ញុំ​អាចគ្រប់គ្រង
ខែ កក្កដា ឆ្នាំ ២០២០


យុវមជ្ឈិមវ័យ

រឿង​មួយ​អំពី​អនាគត​ដែល​ខ្ញុំ​អាច​គ្រប់គ្រង

illustration of woman with eyes closed

រចនារូបភាព​មក​ពី Getty Images

សំឡេង​ដ៏​តូច​នោះ​នៅក្នុង​ក្បាល​របស់​ខ្ញុំ គឺ​ពិបាក​នឹង​មិន​អើពើ​ណាស់ ។ ឥឡូវ​នេះ​ខ្ញុំ​អាយុ ២៨ ឆ្នាំ​ហើយ នៅតែ​នៅលីវ ហើយ​មិន​ប្រាកដ​ពី​អ្វី​ដែល​ខ្ញុំ​ចង់​ធ្វើ​នៅ​ក្នុង​វិជ្ជា​ជីវៈ សូម្បី​តែ​ខ្ញុំ​មាន​ការងារ​ដ៏​ល្អ​ជា​គិលានុបដ្ឋាយិកា​ខាង​សម្ភព​ក៏​ដោយ ។ ខ្ញុំ​បាន​មាន​អារម្មណ៍​ថា គ្រប់​ចំណុច​នៃ​ជីវិត​របស់​ខ្ញុំ​ពុំ​ដំណើរការ​ទេ ។ ខ្ញុំ​មាន​ការសង្ស័យ​ពី​ជម្រើស​ជីវិត ហើយ​មិន​បាន​ដឹង​ថា​ត្រូវ​ជ្រើស យក​ផ្លូវ​ណា​ទេ ។ ខ្ញុំ​មាន​អារម្មណ៍​វង្វេង​អស់​ហើយ ។

ថ្ងៃ​មួយ​ពេល​ខ្ញុំ​កំពុង​មាន​អារម្មណ៍​ធ្លាក់​ចុះ​ជា​ខ្លាំង មិត្ត​ម្នាក់​ដែល​ខ្ញុំ​មិន​បាន​និយាយ​ជាមួយ​អស់​មួយ​រយៈ បាន​ទូរសព្ទ​មក​ខ្ញុំ ។ ពេល​គាត់​បាន​សួរ​ខ្ញុំ​ថាតើ​ខ្ញុំ​មាន​សុខទុក្ខ​យ៉ាង​ណា​ដែរ ខ្ញុំ​បាន​ពន្យល់​ពី​អារម្មណ៍​ទាំងអស់​នោះ ដែល​ខ្ញុំ​កំពុង​ជួប ។ គាត់​បាន​ស្ដាប់ បន្ទាប់​មក​បាន​និយាយ​ថា « ចុះ​តើ​ឯង​មាន​សុខទុក្ខ​យ៉ាង​ម៉េច​ដែរ​ខាង​វិញ្ញាណ ? »

ខ្ញុំ​បាន​ឆ្លើយ​តប​ដោយ​ស្វ័យប្រវត្ត​ថា « អូ មែនហើយ វា​ឥត​ខ្ចោះ » ។ « ខ្ញុំ​មិន​ដែល​មាន​អារម្មណ៍​ជិត​ព្រះ​ជាង​ពេល​នេះ​ទេ​នៅក្នុង​ជីវិត​ខ្ញុំ » ។

គាត់​បាន​ឆ្លើយ​តប​ថា « បើ​អញ្ចឹង ឯង​មិន​ចាំបាច់​ព្រួយ​ពី​អ្វី​ទៀត​ទេ » ។

ទំនុក​ចិត្ត​លើ​ផែនការ​ដ៏​ល្អ​ឥត​ខ្ចោះ​របស់​ព្រះ

តាំង​ពី​ការសន្ទនា​នោះ ខ្ញុំ​បាន​យល់​ដឹង​រឿង​ពីរ​យ៉ាង ។ ទីមួយ ខ្ញុំ​បាន​ដឹង​ថា​ខ្ញុំ​មាន​អំណរគុណ​ដែល​មាន​ទីបន្ទាល់​ដ៏​រឹងមាំ​មួយ​អំពី​ដំណឹងល្អ​ដែល​បាន​ស្ដារ​ឡើងវិញ ហើយ​អាច​រស់នៅ​តាម​បទបញ្ញត្តិ និង​មាន​អារម្មណ៍​ភ្ជាប់​ទៅ​នឹង​ស្ថានសួគ៌ ។

ការមាន​ភាព​ខ្លួន​ទីពឹង​ខ្លួន​ខាង​វិញ្ញាណ​គឺ​សំខាន់​ណាស់​ចំពោះ​ខ្ញុំ ហើយ​ខ្ញុំ​នៅតែ​រៀនសូត្រ​ពី​របៀប​ដើម្បី​បើក​ស្ថានសួគ៌​នៅក្នុង​ជីវិត​របស់​ខ្ញុំ ។ ការអធិស្ឋាន និង​ការសិក្សា​ព្រះគម្ពីរ​ជា​រៀងរាល់​ព្រឹក ជា​កិច្ចការ​សាមញ្ញ​ពីរ​យ៉ាង​ដែល​ខ្ញុំ​មាន​អារម្មណ៍​ថា​បាន​ធ្វើ​ឲ្យ​មាន​ភាពខុសគ្នា​យ៉ាង​ធំ​បំផុត​នៅក្នុង​សមត្ថភាព​របស់​ខ្ញុំ​ដើម្បី​ទទួល​វិវរណៈ​ផ្ទាល់​ខ្លួន ។ ខ្ញុំ​ក៏​មាន​អារម្មណ៍​ជិតស្និទ្ធ​នឹង​ស្ថានសួគ៌​កាន់តែ​ខ្លាំង ពេល​ខ្ញុំ​ខិតខំ​ដើម្បី​មាន​សេចក្ដី​សប្បុរស រស់នៅ​ជីវិត​មួយ​ដែល​មាន​សុខភាព ដើម្បី​ឲ្យ​ព្រះវិញ្ញាណ​អាច​ជា​ដៃគូ​របស់​ខ្ញុំ​ជានិច្ច ដើម្បី​គោរព​តាម​បទបញ្ញត្តិ និង​ដើម្បី​ប្រែចិត្ត​ដោយ​ស្មោះសរ ។

ទីពីរ ខ្ញុំ​បាន​ដឹង​ថា ការឆ្លើយ​តប​របស់​ខ្ញុំទៅ​សំណួរ​មិត្តភក្ដិ​របស់​ខ្ញុំ​ពុំ​ត្រឹមត្រូវ​ទាំង​ស្រុង​ទេ—ខ្ញុំ​បាន​គិត​ថា ខ្ញុំ​កំពុងតែ « ឥតខ្ចោះ » ខាង​វិញ្ញាណ ប៉ុន្តែ​ខ្ញុំ​ត្រូវការ​មាន​សេចក្ដី​ជំនឿ​បន្ថែម​ទៀត ឈប់​​ព្រួយ​ចិត្ត​ច្រើន​ពេក ហើយ​ទុក​ចិត្ត​លើ​ព្រះ​ឲ្យ​ទ្រង់​ដោះស្រាយ​នូវ​អ្វី​ដែល​ខ្ញុំ​ពុំ​អាច​គ្រប់គ្រង​បាន ។

ទោះបី​ជា​ពេល​ដែល​ចំណុច​ខ្លះ​នៅក្នុង​ជីវិត​របស់​ខ្ញុំ​ពុំ​ដំណើរការ​ល្អ​ដូច​ដែល​ខ្ញុំ​ចង់​បាន​ក្ដី ខ្ញុំ​ដឹង​ថា អ្វី​ដែល​សំខាន់​បំផុត​គឺ​ការធ្វើ​អ្វីៗ​ដោយ​សេចក្ដី​ជំនឿ ហើយ​បង្ហាញ​ព្រះ​ថា ខ្ញុំ​ប្រើប្រាស់​សិទ្ធិ​ជ្រើសរើស​របស់​ខ្ញុំ​ដើម្បី​ធ្វើ​ការជ្រើសរើស​ល្អ ។ ខ្ញុំ​បាន​រៀន​ថា ពេល​ជីវិត​ពុំ​ដំណើរការ​ទៅតាម​អ្វី​ដែល​ខ្ញុំ​រំពឹង​ចង់បាន គឺ​វា​ដើម្បី​ខ្ញុំ​អាច​រៀន ហើយ​រីកចម្រើន​នៅក្នុង​របៀប​ទាំងឡាយ​ដែល​ខ្ញុំ​មិន​អាច​ធ្វើ​បាន​តាម​របៀប​ផ្សេងទៀត ។

ខ្ញុំ​មិន​ដែល​ស្រមៃ​ទេ​ថា ពេល​ខ្ញុំ​អាយុ ២៩ ឆ្នាំ ខ្ញុំ​នឹង​ឃើញ​ថា​ខ្លួនឯង​មាន​ការសង្ស័យ​អំពី​អាជីព និង​ដំណាក់​កាល​បន្ទាប់​ទៀត​នៃ​ជីវិត​ខ្ញុំ​នោះ​ទេ ។ ទោះជា​មាន​អ្វីៗ​ដែល​ខ្ញុំ​មិន​ដឹង​ទាំងអស់​នេះ​ក្ដី ខ្ញុំ​មាន​ទំនុក​ចិត្ត​ទាំងស្រុង​ថា ព្រះ​មាន​ផែនការ​ឥតខ្ចោះ​មួយ​សម្រាប់​ខ្ញុំ ។ ទ្រង់​ត្រាសដឹង​យ៉ាង​ប្រាកដ​ពី​អ្វី​ដែល​កំពុង​កើតឡើង និង​អ្វី​ដែល​ខ្ញុំ​ត្រូវការ ហើយ​ទ្រង់​នឹង​តែងតែ​ថែទាំ​ខ្ញុំ ( សូមមើល ម៉ាថាយ ៦:២៨–៣៤ ) ។ ដូចជា​អែលឌើរ អិល ធូដ ប៊ូដច៍ នៃ​ពួក​ចិតសិប​បាន​បង្រៀន​ថា « ទោះ​ជា​វា​ពិបាក​​យល់​ក្ដី ជា​ពិសេស​នៅ​គ្រា​ក្នុង​ជីវិត​របស់​យើង​ពេល​ដែល​ខ្យល់​បក់បោក​មក​ខ្លាំង ហើយ​សមុទ្រ​មាន​ភាព​ខ្មួល​ខ្មាញ់ នោះ​យើង​អាច​មាន​ការ​លួង​លោម​ចិត្ត​ដោយ​ដឹង​ថា ព្រះ​តែង​តែ​បក់​យើង​នៅ​ក្នុង​សេចក្ដី​ល្អ​ជា​និរន្តរ៍​របស់​ទ្រង់​ឆ្ពោះ​ទៅ​រក​ផ្ទះ​ជានិច្ច » ( « Consistent and Resilient Trust » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៩ ទំព័រ ៤៨ ) ។

ទុកចិត្ត​កាន់តែ​ច្រើន ព្រួយចិត្ត​កាន់តែ​តិច

ថ្ងៃ​ខ្លះ​ជីវិត​ហាក់ដូច​ជា​ពិបាក​ណាស់ ប៉ុន្តែ​ពេល​ខ្ញុំ​គិត​អំពី​វា ខ្ញុំ​ដឹង​ថា​ខ្ញុំ​មិន​បាច់​ព្រួយ​ទេ ។ បន្ដិច​ម្ដងៗ ខ្ញុំ​បាន​ដឹង​ថា ខ្ញុំ​ត្រូវ​ទុកចិត្ត​លើ​ព្រះ​បន្តិច​ថែម​ទៀត ហើយ​ព្រួយចិត្ត​កាន់តែ​តិច​ជាង​អំពី​អ្វីៗ​ដែល​ខ្ញុំ​មិន​អាច​គ្រប់គ្រង​បាន ។ រឿង​មួយ​ដែល​ខ្ញុំ​អាច​គ្រប់គ្រង​បាន​អំពី​អនាគត​គឺ​ការទុកចិត្ត​លើ​ព្រះ ហើយ​ខិតខំ​លើ​ការខិត​ឲ្យ​កាន់តែ​ជិត​ទ្រង់​ជា​រៀងរាល់​ថ្ងៃ ។

ពេល​ខ្ញុំ​មាន​អារម្មណ៍​វង្វេង នោះ​វា​តែងតែ​មាន​ពន្លឺ​គ្រប់គ្រាន់​សម្រាប់​ខ្ញុំ ដើម្បី​ឈាន​មួយ​ជំហាន​ទៅក្នុង​អ្វី​ដែល​មិន​ដឹង ហើយ​ឆ្ពោះ​ទៅមុខ​ទៀត ។ ហើយ​ដរាប​ណា​ខ្ញុំ​អនុវត្ត​សេចក្ដី​ជំនឿ ហើយ​រក្សា​សេចក្ដី​សញ្ញា​របស់​ខ្ញុំ ដរាប​ណា​ខ្ញុំ​ចងចាំ​ពី​អត្តសញ្ញាណ​ដ៏​ពិត​របស់​ខ្ញុំ​ក្នុង​នាម​ជា​បុត្រី​នៃ​ព្រះបិតា​ព្រះមាតា​សួគ៌ ហើយ​ព្យាយាម​ម្ដង​ហើយ​ម្ដង​ទៀត នោះ​អ្វីៗ​នឹង​កើតឡើង នៅពេល និង​តាម​របៀប​ដែល​វា​ត្រូវ​កើត នោះ​ហើយ​ជា​អ្វី​ដែល​សំខាន់ ។