ឆ្នាំ ២០២០
ភាពប្រាកដ​ប្រជា​ចំនួន ៥ នៅក្នុង​ពិភពលោក​ដែល​មិន​ប្រាកដ​ប្រជា​មួយ
ខែ កក្កដា ឆ្នាំ ២០២០


សម្រាប់​តែ​ឌីជីថល​ប៉ុណ្ណោះ ៖ ពួក​យុវមជ្ឈិមវ័យ

ភាពប្រាកដ​ប្រជា​ចំនួន ៥ នៅក្នុង​ពិភពលោក​ដែល​មិន​ប្រាកដ​ប្រជា​មួយ

សេចក្ដីពិត​ទាំង​ប្រាំ​នេះ​អាច​ជួយ​បងប្អូន​ឲ្យ​ឆ្លងកាត់​អ្វីៗ​គ្រប់​យ៉ាង ។

ជីវិត​កម្រ​នឹង​ដើរ​តាម​ផែនការ​ណាស់ ។ វា​គឺ​ពោរពេញ​ទៅដោយ​ការបង្វិល ការបត់បែន និង​ការភ្ញាក់ផ្អើល​ដល់​មនុស្ស​គ្រប់​គ្នា ។ ដូច្នេះ តើ​យើង​អាច​រៀបចំ​ខ្លួន​សម្រាប់​អនាគត​បាន​ដោយ​របៀប​ណា​នៅ ពេល​ដែល​យើង​មិន​ដឹង​ពី​អ្វី​ដែល​ជីវិត​នេះ​នឹង​នាំ​មក​នោះ ?

សំណាង​ដែរ​ដោយ មាន​រឿង​ពីរ​បី​យ៉ាង​ដែល​យើង​អាច​ពឹងពាក់​បាន​ជានិច្ច ។ សេចក្ដីពិត​ទាំងឡាយ​ខាងក្រោម​នេះ​នឹង​មិន​ដែល​ផ្លាស់ប្ដូរ​ឡើយ ។ វា​អាច​ដឹកនាំ​ការសម្រេចចិត្ត​របស់​យើង ហើយ​លើក​ទឹកចិត្ត​យើង​ឲ្យ​បោះ​ជំហាន​ទៅមុខ ទោះជា​ពេល​ផ្លូវ​ខាង​មុខ​នោះ​មើល​ទៅ​ងងឹត និង​មិន​ប្រាកដ​ប្រជា​ក្ដី ។

ព្រះវរបិតាសួគ៌​ស្រឡាញ់​បងប្អូន ។

មិន​ថា​មាន​អ្វី​កើត​ឡើង​នៅ​ក្នុង​ជីវិត​នេះ​ទេ​ទ្រង់​ស្រលាញ់ បងប្អូន​ទាំងអស់គ្នា ។ បងប្អូន​មាន​តម្លៃ​យ៉ាង​លើសលប់​ចំពោះ​ព្រះវរបិតាសួគ៌ ( សូមមើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៨:១០ ) ។ បងប្អូន​មាន​តម្លៃ​ជាង​ពិភពលោក​នេះ !

បងប្អូន​អាច​មាន​អារម្មណ៍​ថា មិន​មាន​តម្លៃ​ប៉ុន្មាន​ទេ ។ បងប្អូន​អាច​មាន​អារម្មណ៍​ខូចចិត្ត និង​ឯកោ ហើយ​ភ័យ​ខ្លាច ។ បងប្អូន​អាច​មាន​អារម្មណ៍​ថា​មិន​ស័ក្ដិសម ។ ប៉ុន្ដែ​ដូច​ដែល​ស៊ិស្ទើរ ចយ ឌី ចូនស៍ ប្រធាន​អង្គការ​បឋម​សិក្សា​ទូទៅ​បាន​ពន្យល់​មក​ថា តម្លៃ និង​ភាពស័ក្ដិសម​មិនមែន​ជា​រឿង​ដូចគ្នា​ទេ ។ ទោះ​ជា​នៅពេល​យើង​ធ្វើ​បាប ក៏​យើង​នៅតែ​មាន​តម្លៃ​ខ្លាំង​ដែរ ។ នោះ​គឺជា​មូលហេតុ​មួយ​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ធ្វើ​ដង្វាយធួន ( សូមមើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៨:១១–១៣ ) ។ ដោយសារ​ទ្រង់​ជ្រាបពី​បងប្អូន និង​ស្រឡាញ់​បងប្អូន នោះ​ទ្រង់​បាន​ផ្ដល់​មធ្យោបាយ​ឲ្យ​បងប្អូន​អាច​បាន​ស្អាត​ស្អំ​ជាថ្មី​ម្ដងទៀត ។

ព្រះវរបិតាសួគ៌​មាន​ផែនការ​មួយ​សម្រាប់​បងប្អូន ។

បងប្អូន​មក​នៅ​លើ​ផែនដី​នេះ​ដោយសារ​គោលបំណង​មួយ ៖ ដើម្បី​ក្លាយ​ដូចជា​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​ត្រឡប់​ទៅ​រស់នៅ​ជាមួយ​ពួកទ្រង់​វិញ ។ នោះ​គឺជា​គោលដៅ​របស់​ព្រះ​សម្រាប់​បងប្អូន ហើយ​ទ្រង់​នឹង​ជួយ​បងប្អូន​ឲ្យ​សម្រេច​វា​បាន !

ការណ៍​នោះ​មិន​មែន​មាន​ន័យ​ថា រឿង​អ្វីៗ​នឹង​ងាយស្រួល​ជានិច្ច​នោះ​ទេ យើង​នៅតែ​ប្រឈម​មុខ​នឹង​ឧបសគ្គ​ទាំងឡាយ​ដដែល ។ ប៉ុន្ដែ​យើង​អាច​ប្រាកដ​ថា « គ្រប់​ការណ៍​ទាំង​អស់​នឹង​បាន​ផ្សំ​គ្នា សម្រាប់​សេចក្ដី​ល្អ​ដល់​ពួកគេ ដែល​ដើរ​ដោយ​ទៀងត្រង់ » ( គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០០:១៥ ) ។

ផែនការ​របស់​ទ្រង់​សម្រាប់​ជីវិត​របស់​បងប្អូន​អាច​មើល​ទៅ​ខុស​គ្នា​ពី​ផែនការ​របស់​បងប្អូន ប៉ុន្ដែ​បងប្អូន​អាច​ទុកចិត្ត​បាន​ថា ផែនការ​របស់​ទ្រង់​នឹង​សម្រាប់​ជា​ប្រយោជន៍​ដល់​បងប្អូន ហើយ​ដឹកនាំ​បងប្អូន​ទៅរក​សុភមង្គល​ដ៏​អស់កល្ប​អស់កាល​ជានិច្ច ។ សូម​អាន​សេចក្ដី​មគ្គុទេសន៍​ណែនាំ​ដល់​ជីវិត ៖ ព្រះគម្ពីរ ពរជ័យ​អយ្យកោ​របស់​បងប្អូន និង​ពាក្យ​សម្ដី​របស់​ពួក​ព្យាការី​សម័យ​ទំនើប ។ វា​នឹង​ជួយ​បងប្អូន​ឲ្យ​យល់​កាន់តែ​ច្បាស់​អំពី​ផែនការ​របស់​ទ្រង់​សម្រាប់​បងប្អូន ។

រួច​ហើយ​សូម​ធ្វើតាម​ការដឹកនាំ​របស់​ទ្រង់ ។ នៅពេល​យើង​គោរព​ប្រតិបត្តិ​តាម​ព្រះបញ្ញត្តិ​របស់​ទ្រង់ នោះ​យើង​នឹង​មាន​សេចក្ដី​សុខសាន្ដ និង​ចម្រុង​ចម្រើន ( សូមមើល ម៉ូសាយ ២:២២ ) ។ ដូច​ប្រធាន ថូម៉ាស អេស ម៉នសុន បាន​មាន​ប្រសាសន៍​ថា « ចូរ​មាន​សង្ឃឹម​ឡើង ។ អនាគត​គឺ​ភ្លឺ​ត្រចះ​ត្រចង់​ដូចជា​សេចក្តីជំនឿ​របស់​បងប្អូន​ដែរ » ។

គោលដៅ​ចុងក្រោយ​គឺជា​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ។

ខណៈ​ផ្លូវ​របស់​យើង​ឆ្លងកាត់​ជីវិត​នេះ​អាច​មិន​ប្រាកដ​ប្រជា តែ​គោលដៅ​របស់​យើង​គឺ​ជាក់​ច្បាស់ ។ នៅពេល​យើង​ធ្វើ​ការសម្រេច​ចិត្ត នោះ​យើង​អាច​សួរ​ថា « តើ​ការណ៍​នេះ​នឹង​នាំ​ទៅ​ឯណា ? » ប្រសិនបើ​វា​បង្វែរ​បងប្អូន​ចេញពី​ផ្លូវ​ដែល​ទៅ​កាន់​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច នោះ​វា​មិនមែន​ជា​ជម្រើស​ត្រឹមត្រូវ​នោះ​ទេ ។

ពេលខ្លះ​យើង​ជាប់​ក្នុង​ការសម្រេច​ចិត្ត​តូច​តាច ដូចជា​កិច្ចការ​ផ្ទះ ឬ​អ្វី​ដែល​ត្រូវ​បរិភោគ​សម្រាប់​អាហារ​ថ្ងៃត្រង់ ។ យើង​លែង​ឃើញ​គោលបំណង​ដ៏​ពិត​នៃ​ជីវិត​នេះ—​ការក្លាយ​ដូចជា​ព្រះវរមាតា​បិតា​សួគ៌ា​របស់​យើង ។ ពិត​ណាស់ នៅពេល​យើង​ដើរ​ឆ្ពោះ​ទៅ​គោលដៅ​នោះ អ្វីៗ​ទាំងអស់​នឹង​មិន​អី​នោះ​ទេ ។ ដូច្នេះ សូម​រក្សា​នូវ​ទស្សនវិស័យ​អស់​កល្បជានិច្ច​មួយ ។

ជីវិត​នេះ​អាច​មិន​ដូច​ជា​អ្វី​ដែល​យើង​ដាក់​ផែនការ​ទេ ។ តាមពិត​ទៅ វា​ពិតជា​មិន​ដូច​ឡើយ ។ ប៉ុន្ដែ​គោលដៅ​របស់​យើង​គឺជា​អ្វី​ដែល​សំខាន់​បំផុត ។ សូម​ប្រាកដ​ថា បងប្អូន​កំពុង​ឆ្ពោះ​ទៅ​ទិសដៅ​ដ៏​ត្រឹមត្រូវ ហើយ​ដោយ​មាន​ជំនួយ​ពី​ព្រះអម្ចាស់ នោះ​អ្វីៗ​គ្រប់យ៉ាង​នឹង​មាន​ដំណើរការ ។ ទ្រង់​នឹង​ដឹកនាំ​បងប្អូន ។

បងប្អូន​មាន​សិទ្ធិ​ជ្រើសរើស ។

ខណៈ​ព្រះវរបិតាសួគ៌​ពិតជា​ដឹកនាំ​ផ្លូវ​យើង​មែន តែ​ទ្រង់​មិន​បាន​ប្រាប់​យើង​ពី​អ្វីៗ​គ្រប់យ៉ាង ដែល​យើង​គួរតែ​ធ្វើ​នោះ​ទេ ។ ទ្រង់​បាន​ប្រទាន​សិទ្ធិ​ជ្រើសរើស​ដល់​យើង ហើយ​ទ្រង់​រំពឹង​ឲ្យ​យើង​ប្រើ​វា ។

ដូច​ដែល​ព្រះអម្ចាស់​បាន​មាន​បន្ទូល​ថា « មិន​សម​ឲ្យ​យើង​ត្រូវ​បញ្ជា​នូវ​គ្រប់​អ្វីៗ​ទាំង​អស់​ទេ …មនុស្ស​លោក​ត្រូវ​ឧស្សាហ៍​ចូល​រួម​ក្នុង​ប្រយោជន៍​ល្អ ហើយ​ប្រព្រឹត្ត​អ្វីៗ​ជាច្រើន​តាម​បំណង​ចិត្ត​របស់​ខ្លួន » ( គោលលទ្ធិ និង សេចក្ដី​សញ្ញា ៥៨:២៦–២៧ ) ។ ក្នុង​ករណី​នេះ ការ​ត្រូវ​ឧស្សាហ៍​ចូលរួម​មានន័យ​ថា ខិតខំធ្វើការ​យ៉ាង​ឧស្សាហ៍ និង​ស្មោះត្រង់ ។

ពេលខ្លះ ការមាន​សិទ្ធិ​ជ្រើសរើស​អាច​មិន​មាន​អារម្មណ៍​ស្រួល​ទេ ។ ពេលខ្លះ យើង​អាច​គ្រាន់តែ​ចង់​ឲ្យ​គេ​ប្រាប់​ពី​អ្វី​ដែល​ត្រូវ​ធ្វើ ។ ប៉ុន្ដែ​តាម​ភាពពិត សិទ្ធិ​ជ្រើសរើស​គឺជា​ពរជ័យ​ដ៏​អស្ចារ្យ​មួយ ។ វា​គឺជា​អំណោយទាន​មួយ​ដែល​បាន​មក​ពី​ព្រះ ហើយ​ជា​រឿង​មួយ​ដែល​ធ្វើ​ឲ្យ​យើង​ក្លាយ​ដូចជា​ទ្រង់​បាន ។ វា​ផ្ដល់​អំណាច​ដល់​យើង ។

ដូច្នេះ តើ​បងប្អូន​ចង់​ឧស្សាហ៍​ចូលរួម​ក្នុង​កិច្ចការ​អ្វី ?

ព្រះវរបិតាសួគ៌​សព្វ​ព្រះ​ទ័យ​ឲ្យ​យើង​មាន​ការរីក​ចម្រើន ។

បុព្វហេតុ​ដ៏​ល្អ​ទាំងនោះ​មួយ​ដែល​ត្រូវ​ចូលរួម​នោះ អាច​ជា​ការអភិវឌ្ឍ​ខ្លួន​យើង​ផ្ទាល់ ។ វា​តែងតែ​មាន​រឿង​ដែល​យើង​អាច​កែលម្អ​អំពី​ខ្លួន​យើង រឿង​ដែល​យើង​អាច​រៀនសូត្រ និង​ជំនាញ​ដែល​យើង​អាច​បង្កើត ។ ក៏​មាន​សេចក្ដី​សញ្ញា​ដែល​យើង​ត្រូវ​ចុះ និង​រក្សា​ផងដែរ ។

អែលឌើរ ឌេល ជី រ៉េនឡាន់ ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​ពន្យល់​ពី​សារសំខាន់​នៃ​ការរីកចម្រើន​របស់​យើង​តាម​របៀប​នេះ ៖ « ព្រះ​ពុំ​ចាប់​អារម្មណ៍​លើ​បុត្រាបុត្រី​ទ្រង់​ដោយ​គ្រាន់តែ​ឲ្យ​ពួកគេ​ក្លាយ​ជា ‹ សត្វ​ចិញ្ចឹម › ដែល​ត្រូវ​បាន​បង្វឹក ហើយ​គោរព​តាម ដែល​នឹង​មិន​ទំពា​ស្បែក​ជើង​របស់​ទ្រង់​នៅក្នុង​បន្ទប់​ទទួល​ភ្ញៀវ​នៅ​នគរ​សេឡេស្ទាល​នោះ​ទេ ។ ទេ ព្រះ​សព្វ​ព្រះទ័យ​ឲ្យ​បុត្រាបុត្រី​ទ្រង់​រីកចម្រើន​ខាង​វិញ្ញាណ និង​ចូលរួម​នឹង​ទ្រង់​ក្នុង​កិច្ចការ​គ្រួសារ » ។

សូម​រៀបចំ​សម្រាប់​ជោគវាសនា​ដ៏​អស់កល្ប​របស់​បងប្អូន តាមរយៈ​ការធ្វើជា​មនុស្ស​ដ៏​ល្អ​បំផុត​សម្រាប់​ខ្លួន​បងប្អូន ។ សូម​សម្គាល់​មើល​ជំនាញ​ដែល​បងប្អូន​ចង់​អភិវឌ្ឍ និង​អំណោយទាន​ខាង​វិញ្ញាណ​ដែល​បងប្អូន​ត្រូវការ​ដើម្បី​ក្លាយ​កាន់តែ​ដូចជា​ព្រះ ។ រួច​ហើយ​សូម​ដាក់​ផែនការ​មួយ​ដើម្បី​អភិវឌ្ឍ​ចំណុច​ទាំងនោះ ! សូម​ពង្រឹង « សាច់ដុំ​ខាង​វិញ្ញាណ » របស់​បងប្អូន​តាមរយៈ​ការអនុវត្ត ។

នៅពេល​ជីវិត​ខាង​មុខ​មើល​ទៅ​គួរឲ្យ​ខ្លាច សូម​ចាំ​ថា វា​មិន​ហួស​ពី​ការគ្រប់គ្រង​របស់​យើង​ទេ ។ បងប្អូន​មិន​ឯកោ​ឡើយ ។ បងប្អូន​មាន​អំណាច ។ ហើយ​ដោយ​មាន​ព្រះយេស៊ូវ​គ្រីស្ទ បងប្អូន​មិន​អាច​ត្រូវ​គេ​បញ្ឈប់​បាន​ឡើយ ។ ទ្រង់​នឹង​ជួយ​ដល់​បងប្អូន​ឲ្យ​ក្លាយជា​អ្វី​ទាំងអស់ ដែល​បងប្អូន​ត្រូវ​កើត​មក​បំពេញ ។

កំណត់​ចំណាំ

  1. សូមមើល Brigham Young « Remarks » Deseret News ថ្ងៃទី ៦ ខែ មីនា ឆ្នាំ ១៨៦១ ទំព័រ ២ ។

  2. ចយ ឌី ចូនស៍ « តម្លៃ​ហួស​ពី​ការអាច​វាស់វែង​បាន » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ១៣–១៥ ។

  3. ថូម៉ាស អេ ម៉នសុន « Be of Good Cheer » Liahona ខែ ឧសភា ឆ្នាំ ២០០៩ ទំព័រ ៩២ ។

  4. ដាល្លិន អេក អូក « តើ​ការណ៍​នេះ​នឹង​ដឹកនាំ​ទៅ​ឯណា ? » Liahona ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ៦០ ។

  5. សូមមើល ហ្កែរី អ៊ី ស្ទីវ៉ែនសុន « បួន​នាទី​របស់​អ្នក » Liahona ខែ​ឧសភា ឆ្នាំ​២០១៤ ទំព័រ ៨៤–៨៦ ។

  6. ឌែល ជី រិនឡាន់ « ចូរ​អ្នក​ជ្រើសរើស​ថ្ងៃនេះ​ចុះ » Liahona ខែ​វិច្ឆិកា ឆ្នាំ​២០១៨ ទំព័រ ១០៤ ។

  7. សូមមើល ចច ឃ្យូ ខានុន « Seeking Spiritual Gifts » Ensign ខែ មេសា ឆ្នាំ ២០១៦ ទំព័រ ៨០ ។

  8. សូមមើល ហន ប៉ាប្លូ វីឡា « ការហ្វឹកហាត់​សាច់ដុំ​ខាង​វិញ្ញាណ​របស់​អ្នក » Liahona ខែ ឧសភា ឆ្នាំ​២០១៩ ទំព័រ ៩៥–៩៧ ។