ឆ្នាំ ២០២០
អ្វី​ដែល​ត្រូវ​ធ្វើ​ដើម្បី​ទទួល​បាន​បំណង​ប្រាថ្នា​ដ៏​សុចរិត​របស់​យើង
ខែ កក្កដា ឆ្នាំ ២០២០


សម្រាប់​តែ​ឌីជីថល​ប៉ុណ្ណោះ ៖ ពួក​យុវមជ្ឈិមវ័យ

អ្វី​ដែល​ត្រូវ​ធ្វើ​ដើម្បី​ទទួល​បាន​បំណង​ប្រាថ្នា​ដ៏​សុចរិត​របស់​យើង

នៅពេល​ភាពក្រីក្រ​បាន​ធ្លាក់​មក​លើ​គ្រួសារ​ខ្ញុំ ខ្ញុំ​ពិតជា​មិន​ដឹង​ថា តើ​ខ្ញុំ​អាច​បម្រើ​បេសកកម្ម​បាន​តាម​របៀប​ណា​ឡើយ ។

ជាយូរ​មក​តាំង​ពីមុន​ខ្ញុំ​បាន​ជ្រមុជ​ទឹក​ក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ខ្ញុំ​មាន​បំណង​ប្រាថ្នា​ចង់​បម្រើ​ព្រះអម្ចាស់ ។ ខ្ញុំ​តែងតែ​និយាយ​ប្រាប់​ខ្លួន​ខ្ញុំ​ថា ខ្ញុំ​នឹង​លះបង់​ពេលវេលា​របស់​ខ្ញុំ​ទាំងអស់​សម្រាប់​ទ្រង់ មិន​ថា​មាន​រឿង​អ្វី​នោះ​ទេ ។ ការបម្រើ​ទ្រង់​ពេញ​មួយ​ជីវិត​របស់​ខ្ញុំ​គឺ​ជា​ក្ដីស្រមៃ​របស់​ខ្ញុំ ។ ហើយ​ការចូលរួម​ក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​បាន​ផ្ដល់​ឱកាស​កាន់​តែ​ប្រសើរ​ដល់​ខ្ញុំ​ឲ្យ​ធ្វើ​តាម​ក្ដីស្រមៃ​នោះ ។

នៅ​ខែ ធ្នូ ឆ្នាំ ២០១៧ ខ្ញុំ​បាន​ជ្រមុជទឹក ។ នោះ​គឺជា​ថ្ងៃ​ដ៏​ល្អ​អស្ចារ្យ​បំផុត​ក្នុង​ជីវិត​ខ្ញុំ ។ ដំណឹងល្អ​បាន​បង្រៀន​ខ្ញុំ​ពី​របៀប​ដែល​ការគិត​ផ្ទុយ​ពី​មុន របៀប​បំផុស​គំនិត​ដល់​មនុស្ស​ដទៃ របៀប​យកឈ្នះ​លើ​ការភ័យ​ខ្លាច​របស់​ខ្ញុំ និង​របៀប​ពង្រឹង​ទេពកោសល្យ​របស់​ខ្ញុំ ព្រមទាំង​ស្វែងរក​ទេពកោសល្យ​ថ្មីៗ ។ នៅ​ទីបញ្ចប់ ខ្ញុំ​ក៏​បាន​ដឹង​អំពី​ឱកាស​ដើម្បី​បម្រើ​បេសកកម្ម​ពេញ​ម៉ោង​មួយ ។ ខ្ញុំ​បាន​ដឹង​ភ្លាមៗ​ថា នោះ​គឺ​ជា​អ្វី​មួយ​ដែល​ខ្ញុំ​ចង់​ធ្វើ ។ ដូច្នេះ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ខ្ញុំ​បាន​ធ្វើការ​រៀបចំ​ខ្លួន ។ ខ្ញុំ​អាន​ព្រះគម្ពីរ ចូល​រៀន​ថ្នាក់​វិទ្យាស្ថាន និង​តម្កើង​ការហៅ​បម្រើ​របស់​ខ្ញុំ ។ ប៉ុន្ដែ មាន​បញ្ហា​មួយ​ក្នុង​គ្រួសារ​របស់​ខ្ញុំ ដែល​បាន​ធ្វើ​ឲ្យ​ខ្ញុំ​មិន​ប្រាកដ​ប្រជា​អំពី​អនាគត ។

ភាព​ក្រីក្រ ។

នៅពេល​ខ្ញុំ​មាន​អាយុ ១៨ ឆ្នាំ ភាពក្រីក្រ​បាន​គ្រប​សង្កត់​មក​លើ​គ្រួសារ​ខ្ញុំ ។ យើង​សឹង​តែ​គ្មាន​អាហារ​ហូប សឹង​តែ​មិន​បាន​ទៅ​រៀន ឬ​ក៏​បង់​ថ្លៃ​ធ្វើ​ដំណើរ​ទៅកាន់​ព្រះវិហារ​ផង ។ រឿង​តែមួយ​គត់​ដែល​យើង​នៅ​មាន​ក្នុង​ការឱបក្រសោប​ឲ្យ​ជាប់​នោះ​គឺ​សេចក្ដីជំនឿ​របស់​យើង ។ ស្ថានភាព​នេះ​ពិតជា​ពន្យឺត​ដំណើរការ​បម្រើ​បេសកកម្ម​របស់​ខ្ញុំ​ណាស់ ។ ខ្ញុំ​បាន​និយាយ​ប្រាប់​ម្ដាយ​ខ្ញុំ​អំពី​បំណង​ប្រាថ្នា​របស់​ខ្ញុំ ប៉ុន្ដែ​គាត់​បាន​និយាយ​នូវ​អ្វី​ដដែលៗ​ថា គាត់​បាន​ប្រាប់​ខ្ញុំ​ជាញឹកញាប់​ថា « រៀន​ឲ្យ​ចប់​សិន រួច​ហើយ​ធ្វើតាម​ក្ដីស្រមៃ​របស់​កូន » ។ ដោយសារតែ​ស្ថានភាព​ហិរញ្ញវត្ថុ​របស់​យើង នោះ​ខ្ញុំ​មិន​មាន​ជម្រើស​ច្រើន​នោះ​ទេ ។ ដូច្នេះ ខ្ញុំ​បាន​ខំ​ប្រឹងរៀន​ដើម្បី​រៀន​ឲ្យ​ចប់ ។

នៅ​ទីបញ្ចប់ ខ្ញុំ​បាន​រៀន​ចប់ ហើយ​បាន​ត្រៀមខ្លួន​ជាស្រេច​ដើម្បី​ចេញ​ទៅ​បម្រើ​ព្រះអម្ចាស់ ។ ប៉ុន្ដែ​ភាពក្រីក្រ​នៅតែ​រំខាន​យើង ។

ខ្ញុំ​អំពល់​ចិត្ត​យ៉ាង​ខ្លាំង ។

ខ្ញុំ​បាន​គិត​ថា « ខ្ញុំ​បាន​រៀន​ចប់ ហើយ​ខ្ញុំ​បាន​ធ្វើ​អ្វីៗ​ដែល​ខ្ញុំ​អាច​ធ្វើ​អស់​ហើយ ។ ហេតុអ្វី​រឿង​នេះ​នៅ​តែ​គ្មាន​លិទ្ធផល ? » ខ្ញុំ​មិន​ចង់​រង់ចាំ​ក្ដីស្រមៃ​ខ្ញុំ​យូរ​ទៀត​ឡើយ ប៉ុន្ដែ​ថ្វីបើ​មាន​ការបាក់​ទឹកចិត្ត​ក្ដី ក៏​ខ្ញុំ​នៅតែ​ទុកចិត្ត​ថា អ្វីៗ​នឹង​ដំណើរការ​ទៅមុខ​តាម​ពេលវេលា ។

ខ្ញុំ​បាន​សម្រេចចិត្ត​ទៅ​ធ្វើការ​ថែមម៉ោង ដើម្បី​រក​លុយ​ទាំងអស់​សម្រាប់​បង់​ថ្លៃ​បេសកកម្ម​ខ្ញុំ ។ ខ្ញុំ​បាន​អធិស្ឋាន​រាល់ថ្ងៃ បាន​ទៅ​ជួប​នឹង​អ្នកផ្សព្វផ្សាយ​សាសនា​ជា​ញឹកញាប់ ហើយ​បាន​ពង្រឹង​ទីបន្ទាល់​របស់​ខ្ញុំ​តាមរយៈ​ការសិក្សា​ឯកសារ​ក្នុង​សាសនាចក្រ ។

សាច់ញាតិ​របស់​ខ្ញុំ​ជាច្រើន​បាន​ប្រឆាំង​នឹង​ក្ដីស្រមៃ​របស់​ខ្ញុំ​ដើម្បី​បម្រើ​បេសកកម្ម ។ ពួកគាត់​បាន​ប្រាប់​ខ្ញុំ​ថា ការបម្រើ​បេសកកម្ម​នឹង​ធ្វើ​ឲ្យ​រឿង​កាន់តែ​ពិបាក​ខ្លាំង​ឡើង​សម្រាប់​ខ្ញុំ និង​គ្រួសារ​ខ្ញុំ ។ ប៉ុន្ដែ​ខ្ញុំ​មិន​ចុះ​ញ៉ម​តាម​ពាក្យ​សំដី​របស់​គេ​ឡើយ ។ ខ្ញុំ​បាន​ដឹង​ថា ខ្ញុំ​ចង់​ទៅ​បម្រើ​បេសកកម្ម ហើយ​ថា​ព្រះវរបិតាសួគ៌​នឹង​រៀបចំផ្លូវ​ឲ្យ​ខ្ញុំ ។

បន្ទាប់ពី​ការខំ​ធ្វើការ និង​ការសន្សំ​ប្រាក់​មួយ​រយៈកាល​មក នៅ​ទីបំផុត​ខ្ញុំ​បាន​ដាក់​បញ្ជូន​ឯកសារ​បេសកកម្ម​របស់​ខ្ញុំ ។ នៅពេល​ប៊ីស្សព​របស់​ខ្ញុំ​បាន​ទូរសព្ទ​ហៅ​ខ្ញុំ ហើយ​បាន​ប្រាប់​ខ្ញុំ​ថា ការហៅ​របស់​ខ្ញុំ​បាន​មក​ដល់​ហើយ នោះ​ខ្ញុំ​បាន​ស្រែក និង​បាន​លោត​ដោយ​ក្ដីអំណរ ! ខ្ញុំ​បាន​ទៅ​ការិយាល័យ​ស្ដេក​ភា្លម ហើយ​បាន​ទទួល​សំបុត្រ ។ នា​ល្ងាច​នោះ ខ្ញុំ​បាន​បើក​ការហៅ​បម្រើ​បេសកកម្ម​របស់​ខ្ញុំ ហើយ​បាន​ប្រកាស​ដល់​គ្រួសារ​របស់​ខ្ញុំ​ថា ខ្ញុំ​ត្រូវ​បាន​ហៅ​ឲ្យ​ទៅ​បម្រើ​នៅ​បេសកកម្ម​ហ្វីលីពីន កាបាណាទូន ។

ខ្ញុំ​បាន​យំ​ដោយ​ក្ដី​អំណរ​នៅ​យប់​នោះ ។ ថ្វីបើ​មាន​រឿង​ទាំងអស់​កើតឡើង​ក្ដី ប៉ុន្ដែ​ដោយ​សេចក្ដី​ជំនឿ និង​ការខំ​ធ្វើការ និង​ការទុកចិត្ត​លើ​ព្រះអម្ចាស់ នោះ​ខ្ញុំ​បាន​បញ្ចប់​អ្វី​គ្រប់​យ៉ាង​ដែល​ខ្ញុំ​ត្រូវ​ធ្វើ​ដើម្បី​បម្រើ​បេសកកម្ម និង​បំពេញ​ក្ដីស្រមៃ​របស់​ខ្ញុំ ។ ខ្ញុំ​បាន​ដឹង​ថា ប្រសិនបើ​ខ្ញុំ​មិន​បាន​ជួប​ប្រទះ​ការលំបាក​នោះ​ពី​មុន​បេសកកម្ម​របស់​ខ្ញុំ​ទេ នោះ​ខ្ញុំ​មិន​អាច​បាន​រៀបចំ​ខ្លួន​បាន​យ៉ាង​ពេញលេញ​ខាង​រូបកាយ សតិអារម្មណ៍ វិញ្ញាណ ផ្លូវចិត្ត និង​ហិរញ្ញវត្ថុ​បាន​ឡើយ ។ ប៉ុន្ដែ​ដោយសារតែ​កាលៈទេសៈ​របស់​ខ្ញុំ នោះ​ខ្ញុំ​អាច​លូតលាស់​តាម​របៀប​ជាច្រើន ។

ខ្ញុំ​ដឹង​ថា ព្រះវរបិតាសួគ៌​មាន​ផែនការ​មួយ​សម្រាប់​យើង​ទាំងអស់​គ្នា ។ អ្វីៗ​គ្រប់យ៉ាង​ដែល​បងប្អូន​នឹង​ឆ្លងកាត់​អាច​មិន​សម​នៅ​ពេល​នោះ ហើយ​បងប្អូន​អាច​ចង់​ឲ្យ​រឿង​នោះ​កើតឡើង​កាន់​តែ​ឆាប់ ប៉ុន្ដែ​សូម​ទុកចិត្ត​លើ​ពេលវេលា​របស់​ទ្រង់ ជា​ជាង​លើ​ខ្លួន​ឯង ។ ប្រសិនបើ​យើង​ទុកចិត្ត​លើ​ទ្រង់ ហើយ​អនុវត្ត​សេចក្ដីជំនឿ និង​ខំ​ធ្វើការ នោះ​ទ្រង់​នឹង​ដឹកនាំ​យើង​ទៅរក​បំណងប្រាថ្នា​ដ៏​សុចរិត​របស់​យើង​នៅ​ពេលវេលា​ដ៏​ត្រឹមត្រូវ ហើយ​ជួយ​យើង​ឲ្យ​លូតលាស់​តាម​ផ្លូវ​នោះ​ផងដែរ ( សូមមើល អេណុស ១:១២ និង អាលម៉ា ២៩:៤ ) ។