ឆ្នាំ ២០២០
របៀប មូលហេតុ ពេលវេលា និង​ទីកន្លែង​ដើម្បី​សន្សំ​ប្រាក់
ខែ កក្កដា ឆ្នាំ ២០២០


សម្រាប់​តែ​ឌីជីថល​ប៉ុណ្ណោះ ៖ ពួក​យុវមជ្ឈិមវ័យ

របៀប មូលហេតុ ពេលវេលា និង​ទីកន្លែង​ដើម្បី​សន្សំ​ប្រាក់

អត្ថបទ​បាន​រៀបចំ​ដោយ​បាន​ប្រឹក្សា​ជាមួយ​នឹង​លោក​បណ្ឌិត អ៊ី ជែហ្វ្រី ហ៊ីល ដែល​ជា​អ្នកស្រាវជ្រាវ​ខាង​ហិរញ្ញវត្ថុ​គ្រួសារ

មិន​ថា​បងប្អូន​មើល​ទៅ​ប្រាក់​ថា​ជា​របស់​បញ្ជូន​មក​ពី​ស្ថានសួគ៌ ឬ​គ្រាន់តែ​អារក្ស​ដ៏​ចាំបាច់​មួយ​នោះ​ទេ ប៉ុន្ដែ​វា​ពិតជា​ចាំបាច់ ។ ប៉ុន្ដែ​ក្នុង​នាម​ជា​យុវមជ្ឈិមវ័យ ជាញឹកញាប់​យើង​មាន​អារម្មណ៍​ថា យើង​មិន​ដែល​មាន​ប្រាក់​គ្រប់គ្រាន់​សម្រាប់​តម្រូវការ​ប្រចាំថ្ងៃ​របស់​យើង​ឡើយ កុំ​ថា​ឡើយ​ក្នុង​ពេល​អាសន្ន​អន់​ក្រ​ដែល​មិន​ដឹង​ទុកជា​មុន​នោះ ! នេះ​ជា​មូលហេតុ​ដែល​វា​មាន​សារសំខាន់​យ៉ាង​ខ្លាំង​ដើម្បី​មាន​ប្រាក់​សន្សំ ។

ដើម្បី​ជួយ​បងប្អូន នេះ​គឺជា​គន្លឹះ​ប្រាំ​យ៉ាង​ដើម្បី​ចាប់ផ្ដើម​បង្កើត​ប្រាក់​សន្សំ​របស់​បងប្អូន​ឲ្យ​បាន​មុន ដើម្បី​បងប្អូន​អាច​រីករាយ​នឹង​ពរជ័យ​នៃ​សេ្ថរភាព​ខាង​ហិរញ្ញវត្ថុ​នៅ​ពេល​ក្រោយ ។

  • ដោយ​របៀប​ណា ? សូម​ចាប់ផ្ដើម​ដោយ​ការបង្កើត​គម្រោង​ថវិកា ។ សូម​ដាក់​ផែនការ​ដោយ​ប្រុង​ប្រយ័ត្ន​ពី​ចំនួន​ប្រាក់​ចំណូល​របស់​បងប្អូន ដែល​នឹង​ត្រូវ​បង់​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ និង​តម្រូវការ​របស់​បងប្អូន ( ថ្លៃ​ទឹកភ្លើង អាហារ បំណុល ជាដើម ) ។ អ្វី​ក៏​ដោយ​ដែល​នៅ​សល់​នឹង​ផ្ដល់​គំនិត​មួយ​ដល់​បងប្អូន​អំពី​ចំនួន​ដែល​បងប្អូន​អាច​សន្សំ​រាល់​ខែ និង​ចំនួន​នៅ​សល់​ដើម្បី​ចំណាយ​តាម​ការចង់​របស់​បងប្អូន ។

    សូម​ស៊ើបសួរ​ជាមួយ​ស្ថាប័ន​ហិរញ្ញវត្ថុ​របស់​បងប្អូន​អំពី​ជម្រើស​ដើម្បី​ធ្វើ​ឲ្យ​ការសន្សំ​ប្រាក់​កាន់តែ​ងាយស្រួល ដូចជា​ការដាក់​ចំនួន​ភាគរយ​ជាក់លាក់​មួយ​ដោយ​ស្វ័យប្រវត្តិ​លើ​ប្រាក់​ចំណូល​របស់​បងប្អូន​ទៅ​ក្នុង​គណនី​សន្សំ​របស់​បងប្អូន​រាល់​ខែ ។ តាម​របៀប​នោះ បងប្អូន​មិន​ចាំបាច់​សូម្បី​តែ​គិត​ពី​វា ! ហើយ​សូម​ប្រាកដ​ថា​ទទួល​បាន​អត្ថប្រយោជន៍​ពី​គម្រោង​សន្សំ​ប្រាក់​ចូល​និវត្ដន៍​ប្រភេទ​ណាមួយ ដែល​និយោជក​របស់​បងប្អូន​អាច​ផ្ដល់​ឲ្យ ។

  • ពេលណា ? ពេល​នេះ ! … ឬ យ៉ាង​ហោច​ណាស់​ចាប់ផ្ដើម​ជាមួយ​នឹង​ប្រាក់​ចំណូល​បន្ទាប់​របស់​បងប្អូន​ ។ បងប្អូន​អាច​មាន​អារម្មណ៍​ថា បងប្អូន​មិន​មាន​សល់​អ្វី​ក្នុង​គម្រោង​ថវិកា​របស់​បងប្អូន​ដើម្បី​ធ្វើការ​សន្សំ​នាពេល​នេះ​ឡើយ ប៉ុន្ដែ​តាមរយៈ​ការចាប់ផ្ដើម​សន្សំ ជា​រៀងរាល់​ខែ​ទោះ​ជា​តិច​ក្ដី​ នោះ​បងប្អូន​នឹង​បង្កើត​ទម្លាប់​មួយ ដែល​នឹង​ផ្ដល់​ពរជ័យ​ដល់​បងប្អូន​នៅពេល​អនាគត !

  • ចំនួន​ប៉ុន្មាន ? សូម​សន្សំ​ឲ្យ​បាន​ច្រើន​តាម​ដែល​បងប្អូន​អាច​ធ្វើបាន​នៅក្នុង​គម្រោង​ថវិកា​របស់​បងប្អូន ។ ប្រសិនបើ​ប្រាក់​មាន​តិច ឬ​បងប្អូន​មាន​បំណុល បងប្អូន​អាច​ចង់​សន្សំ​តែ ៥ ភាគរយ​រាល់ខែ ។ ប៉ុន្ដែ​កាលណា​ប្រាក់​ចំណូល​របស់​បងប្អូន​កើន​ឡើង បងប្អូន​អាច​បង្កើន​ចំនួន​នោះ​ទៅ​ជា ១០ ឬ ១៥ ភាគរយ ឬ​កាន់តែ​ច្រើន​ជាង​នេះ សម្រាប់​ពេលវេលា​ទៅ​ទៅ​មុខ​ទៀត ។ គោលដៅ​ដ៏​ល្អ​មួយ​អាច​ជា​ការដាក់​ប្រាក់​ផ្គត់ផ្គង់​ពេល​អាសន្ន​យ៉ាង​ហោច​ណាស់​សម្រាប់​ពេល​មួយ​ខែ​ទុក ។ រួច​ហើយ​ចាប់ផ្ដើម​សន្សំ​ឲ្យ​គ្រប់គ្រាន់​សម្រាប់​រយៈពេល ៣ ទៅ ៦ ខែ ហើយ​បន្ដ​បង្កើន​ឡើង​ទៀត ។

  • កន្លែង​ណា ? វា​គឺជា​គំនិត​ដ៏​ល្អ​មួយ​ដើម្បី​ដាក់​ប្រាក់​សន្សំ​របស់​បងប្អូន​ទៅក្នុង​គណនី​ផ្ទាល់ខ្លួន—​ការណ៍​នោះ​នឹង​រារាំង​បងប្អូន​មិន​ឲ្យ​ត្រូវ​ល្បួង​ចង់​ចំណាយ​វា​លើ​របស់​ប្រចាំ​ថ្ងៃ​នោះ​ទេ ។ ប្រសិនបើ​បងប្អូន​កំពុង​សន្សំ​ប្រាក់​សម្រាប់​អ្វីមួយ​ជាក់លាក់ សូម​ព្យាយាម​បង្កើត​គណនី​ជាក់លាក់​មួយ ដែល​បងប្អូន​អាច​ដាក់​ឈ្មោះ ( ដូចជា « សាឡុង » ឬ « កុំព្យូទ័រ​យួរដៃ » ) ដើម្បី​រំឭក​ខ្លួនឯង​អំពី​គោលដៅ​របស់​បងប្អូន ។

ប្រសិនបើ​បងប្អូន​នៅតែ​មាន​សំណួរ សូម​ជួប​ជាមួយ​នឹង​អ្នកប្រឹក្សា​ខាង​ហិរញ្ញវត្ថុ ។ ពួកគេ​អាច​ជួយ​បងប្អូន​ឲ្យ​ដាក់​គោលដៅ​សន្សំ​ប្រាក់ ដោយ​ផ្អែក​លើ​ស្ថានភាព​ហិរញ្ញវត្ថុ​របស់​បងប្អូន​បាន ។

លើស​ពី​អ្វី​ទាំងអស់ សូម​ចាំ​ថា ជំហាន​ទីមួយ​ទៅកាន់​សន្ដិសុខ​ហិរញ្ញវត្ថុ​គឺ ត្រូវ​បង់​ដង្វាយ​មួយ​ភាគដប់​របស់​បងប្អូន​ជាមុន​គេ ! សូម​ទុកចិត្ត​លើ​ការសន្យា​របស់​ព្រះអម្ចាស់​ថា ទ្រង់​នឹង « បើក​ទ្វារ​ស្ថានសួគ៌ ដើម្បី​ចាក់​ព្រះពរ​មក​លើ​ឯង ដែល​នឹង​គ្មាន​កន្លែង​ល្មម​ទុក​បាន​ទេ » ( ម៉ាឡាគី ៣:១០; នីហ្វៃ​ទី​៣ ២៤:១០ ) ។ ពេលខ្លះ​យើង​រំពឹង​ថា ពរជ័យ​ទាំងនោះ​នឹង​កើត​មាន​ជា​ទម្រង់​លុយ​កាក់​ជា​ច្រើន​ធ្លាក់​ចុះ​មក​ដល់​យើង ប៉ុន្ដែ​សូម​ចាំ​ក្នុង​ចិត្ត​ថា ពរជ័យ​ទាំងនេះ​អាច​រួមមាន​ពរជ័យ​ខាង​វិញ្ញាណ​ផងដែរ ( សូមមើល ដាវីឌ អេ បែដណា « The Windows of Heaven » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៣ ទំព័រ ១៧–២០ ) ។

ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​ថា « នេះ​ជា​គោលបំណង​របស់ [ ទ្រង់ ] ដើម្បី​ផ្គត់ផ្គង់​ដល់​ពួកបរិសុទ្ធ​របស់ [ ទ្រង់ ] » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៤:១៥ ) ។ ការសន្សំ​ប្រាក់​អាច​មើល​ទៅ​ពិបាក​—​ជាពិសេស​ក្នុង​នាម​ជា​យុវមជ្ឈិមវ័យ​ម្នាក់ នៅពេល​ផ្នែក​ជាច្រើន​ក្នុង​ជីវិត​របស់​បងប្អូន​អាច​មិន​មាន​ស្ថេរភាព​—​ប៉ុន្ដែ​បន្ដិច​ម្ដងៗ នោះ​បងប្អូន​អាច​ធ្វើ​វា​បាន ។ ព្រះវរបិតាសួគ៌​នឹង​ជួយ​បងប្អូន​ឲ្យ​ផ្លាស់ប្ដូរ​ទម្លាប់ និង​អាទិភាព​របស់​បងប្អូន​ឲ្យ​ក្លាយជា​មនុស្ស​មាន​ភាព​ខ្លួន​ទីពឹង​ខ្លួន និង​មាន​សន្ដិសុខ​ហិរញ្ញវត្ថុ ។