ឆ្នាំ ២០២០
របៀប​ដែល​ខ្ញុំ​កំពុង​រៀបចំ​ខ្លួន​សម្រាប់​ព្រះវិហារ​បរិសុទ្ធ​នៅ​ប្រទេស​ឥណ្ឌា
ខែ កក្កដា ឆ្នាំ ២០២០


មាន​តែ​ឌីជីថល​ប៉ុណ្ណោះ

របៀប​ដែល​ខ្ញុំ​កំពុង​រៀបចំ​ខ្លួន​សម្រាប់​ព្រះវិហារ​បរិសុទ្ធ​នៅ​ប្រទេស​ឥណ្ឌា

ខ្ញុំ​តែងតែ មាន បំណង​ចង់​ទៅ​ព្រះ​វិហារ​បរិសុទ្ធ ។ ឥឡូវ ដោយសារ​ព្យាការី​បាន​ប្រកាស​ពី​ព្រះវិហារ​បរិសុទ្ធ​មួយ​នៅ​ប្រទេស​ឥណ្ឌា នោះ​ខ្ញុំ​ទន្ទឹង​រង់ចាំ​ដល់​ពេល​ដែល​ខ្ញុំ​អាច​ទទួល​បាន​ពិធីបរិសុទ្ធ​ទាំងឡាយ​នៅ​ទីនេះ ។

ដោយ​បាន​ធំធាត់​ឡើង​នៅ​ប្រទេស​ឥណ្ឌា គ្រួសារ​ខ្ញុំ និង​ខ្ញុំ​គឺជា​អ្នក​កាន់​សាសនា​ហិណ្ឌូ ។ ខ្ញុំ​តែងតែ​បាន​ហ៊ុមព័ទ្ធ​ដោយ​ជំនឿ​ថា មាន​ព្រះ​ជាច្រើន​ដើម្បី​ថ្វាយ​បង្គំ ។ នៅពេល​ខ្ញុំ​នៅ​ក្មេង ខ្ញុំ​ក៏​មាន​មិត្តភក្ដិ​ដែល​ជា​គ្រិស្ដសាសនិក​ដែរ ។ ពួកគេ​បាន​ប្រាប់​ខ្ញុំ​អំពី​ព្រះ​តែមួយ​គត់​ដែល​បាន​បង្កើត​ពិភពលោក​នេះ និង​មនុស្ស​ទាំងអស់ ។ ខ្ញុំ​បាន​ចាប់ផ្ដើម​ឆ្ងល់​ពី​មូលហេតុ ដែល​ខ្ញុំ​បាន​ថ្វាយ​បង្គំ​ព្រះ​យ៉ាង​ច្រើន​ដូច្នេះ នៅពេល​មនុស្ស​ដទៃ​បាន​ជឿ​លើ​ព្រះ​តែ មួយ​អង្គ ។

កាល​ខ្ញុំ​រៀន​នៅ​វិទ្យាល័យ ខ្ញុំ​បាន​មាន​ទម្លាប់​អាក្រក់​មួយ​ចំនួន ។ ខ្ញុំ​បាន​ផឹក​គ្រឿង​ស្រវឹង​ច្រើន ខ្ញុំ​ឈ្លើយ ហើយ​គ្រួសារ​ខ្ញុំ​បាន​អាក់អន់ចិត្ត​នឹង​ចរិត​របស់​ខ្ញុំ ។ ដូច្នេះ ខ្ញុំ​បាន​ចេញ ហើយ​ចាប់ផ្ដើម​ជីវិត​ថ្មី​មួយ​នៅ​ទីក្រុង​ហៃឌើរ៉ាបាត ជា​ទីក្រុង​មួយ​ដែល​មាន​ឱកាស​ធ្វើការ​ជាច្រើន ។

ខ្ញុំ​បាន​ចាប់ផ្ដើម​បាក់​ទឹកចិត្ត និង​ឯកោ ដោយសារតែ​ផ្លូវ​ជីវិត​របស់​ខ្ញុំ ។ ប៉ុន្ដែ​ថ្ងៃមួយ ខ្ញុំ​បាន​ជួប​នឹង​បុរស​ពីរ​នាក់ ។ ពួកគេ​បាន​ពន្យល់​ថា ពួកគេ​គឺជា​អ្នកផ្សព្វផ្សាយសាសនា​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ហើយ​បាន​ប្រាប់​ខ្ញុំ​អំពី​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ ហើយ​ជាថ្មី​ម្ដងទៀត ខ្ញុំ​បាន​រៀន​អំពី​ព្រះ​តែ​មួយ​ប៉ុណ្ណោះ ដែល​បាន​បង្កើត​ផែនការ​នៃ​សុភមង្គល​សម្រាប់​បុត្រា​បុត្រី​របស់​ទ្រង់​ទាំងអស់ ។ សារលិខិត​របស់​ពួកគេ​បាន​បំពេញ​ខ្ញុំ​ដោយ​សុភមង្គល និង​សេចក្ដី​សង្ឃឹម​ភ្លាមៗ ។ ខ្ញុំ​ចង់​រៀន​បន្ថែម​ទៀត ។

ឥឡូវ​នេះ ខ្ញុំ​បាន​ក្លាយជា​សមាជិក​នៃ​សាសនាចក្រ​រយៈពេល​ប្រាំពីរ​ឆ្នាំ​ហើយ ។ ខ្ញុំ​បាន​ផ្លាស់ប្ដូរ ខ្ញុំ​បាន​ឃើញ​អព្ភូតហេតុ​ជាច្រើន​ក្នុង​ជីវិត​ខ្ញុំ ហើយ​ខ្ញុំ​បាន​រៀន​ជាច្រើន​អំពី​ដំណឹងល្អ ។ ខ្ញុំ​ស្រឡាញ់​សេចក្ដី​អំណរ​ដែល​ដំណឹងល្អ​នាំ​មក​ដល់​ខ្ញុំ ។ ប៉ុន្ដែ​មាន​ផ្នែក​ដ៏​សំខាន់​មួយ​នៃ​ដំណឹងល្អ ដែល​ខ្ញុំ​មិន​ទាន់​បាន​ដក​ពិសោធន៍​នៅឡើយ—​ព្រះវិហារ​បរិសុទ្ធ ។

តាំងពី​គ្រា​ដំបូង​ដែល​ខ្ញុំ​បាន​រៀន​អំពី​ព្រះវិហារ​បរិសុទ្ធ នោះ​ខ្ញុំ​ចង់​ទៅ​ទីនោះ​ដើម្បី​រៀន និង​មាន​អារម្មណ៍​ពី​ព្រះវិញ្ញាណ ដើម្បី​បាន​ផ្សារភ្ជាប់​សម្រាប់​ភាព​ដ៏​អស់កល្ប​ជានិច្ច​ជាមួយ​គ្រួសារ​ខ្ញុំ និង​ចុះ​សេចក្ដី​សញ្ញា​ជាមួយ​នឹង​ព្រះអម្ចាស់ ។ ប៉ុន្ដែ​គ្មាន​ព្រះវិហារ​បរិសុទ្ធ​នៅ​ប្រទេស​ឥណ្ឌា​ឡើយ ហើយ​ខ្ញុំ​មិន​មាន​ឱកាស​ធ្វើ​ដំណើរ​ទៅ​ព្រះវិហារ​បរិសុទ្ធ​ណាមួយ នៅ ឡើយ ទេ ។ ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ​ជាច្រើន​នៅ​ប្រទេស​ឥណ្ឌា និង​ខ្ញុំ​បាន​ធ្វើការ​អធិស្ឋាន​យ៉ាង​ច្រើន​រាប់​មិន​អស់ យើង​បាន​តម​អាហារ ហើយ​យើង​បាន​មាន​អំណត់ និង​សេចក្ដី​ជំនឿ​ថា ថ្ងៃ ណា មួយ​នឹង​មាន​ព្រះវិហារ​បរិសុទ្ធ​កសាង​ឡើង នៅ​ប្រទេស​ឥណ្ឌា ។

នៅ​ក្នុង​សន្និសីទ​ទូទៅ ខែ មេសា ឆ្នាំ ២០១៨ ព្រះ​បាន​ឆ្លើយតប​នឹង​ការអធិស្ឋាន​របស់​ពួកយើង កាលដែល​ប្រធាន រ័សុល អិម ណិលសុន បាន​ប្រកាស​ថា ព្រះវិហារបរិសុទ្ធ​មួយ​នឹង​ត្រូវ​សាងសង់​ឡើង នៅ​ទីក្រុង បេនហ្គាលូរូ ប្រទេស​ឥណ្ឌា ។ ខ្ញុំ​នឹង​មិន​ភ្លេច​ថ្ងៃ​នោះ​ឡើយ ។ ព្រះវិញ្ញាណ​បាន​បំពេញ​ដួងចិត្ត​ខ្ញុំ​ដោយ​សេចក្ដី​អំណរ និង​ភ្នែក​របស់​ខ្ញុំ​ដោយ​ទឹកភ្នែក​ពេល​ឮ​ពាក្យ​សម្ដី​របស់​ព្យាការី ។ ខ្ញុំ​បាន​ថ្លែង​អំណរគុណ​ដល់​ព្រះវរបិតាសួគ៌​ភ្លាម​សម្រាប់​ការឆ្លើយតប​នឹង​ការអធិស្ឋាន​របស់ពួក​យើង ។ ហើយ​ខ្ញុំ​រំភើប​យ៉ាង​ខ្លាំង​ដើម្បី​ឃើញ និង​ចូល​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ក្នុង​ពេល​តែ​ពីរ​បី​ឆ្នាំ​ទៀត​នេះ ។

ខ្ញុំ​រីករាយ​ខ្លាំងណាស់ និង​មាន​មោទនភាព​ដើម្បី​ធ្វើជា​សមាជិក​មួយ​រូប​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ ។ ខ្ញុំ​ដឹង​ថា ព្រះអម្ចាស់​បាន​ស្តារ​ដំណឹងល្អ​ដ៏​ពិត​ឡើងវិញ​មកកាន់​ផែនដី​នេះ​តាមរយៈ​ព្យាការី យ៉ូសែប ស្ម៉ីធ ។ ខ្ញុំ​ដឹង​ថា ព្រះវិហារ​បរិសុទ្ធ​គឺជា​ទីកន្លែង​ដែល​យើង​អាច​ខិត​ទៅកាន់តែ​ជិត​នឹង​ព្រះ ដោយ បាន​ផ្សារភ្ជាប់​នឹង​ក្រុមគ្រួសារ​របស់​យើង ហើយ​រៀន​បន្ថែម​ទៀត​អំពី​គោលបំណង​របស់​យើង ។ ហើយ​ខណៈ​ដែល​ខ្ញុំ​រង់ចាំ​ព្រះវិហារ​បរិសុទ្ធ​ឲ្យ​សាងសង់​នៅ​ទីនេះ​ក្នុង​ប្រទេស​ឥណ្ឌា នោះ​ខ្ញុំ​ខិតខំ​ធ្វើការ​ដើម្បី​រៀបចំ​ខ្លួន​ខ្ញុំ​ដើម្បី​ចូល​ទៅក្នុង​នោះ ។

  • ខ្ញុំ​អធិស្ឋាន និង​រៀន គ្រប់​យ៉ាង​អំពី​ព្រះវិហារ​បរិសុទ្ធ​តាម​ដែល​ខ្ញុំ​អាច​ធ្វើ​បាន សេចក្ដី​សញ្ញា​ដែល​ខ្ញុំ​នឹង​ចុះ ព្រមទាំង​ពិធីបរិសុទ្ធ​ដែល​ខ្ញុំ​នឹង​ទទួល​បាន​នៅ​ទីនោះ ។

  • ខ្ញុំ​សួរ​សមាជិក​ផ្សេងទៀត​ដែល​បាន​ទៅ​ព្រះវិហារ​បរិសុទ្ធ​រួច​ហើយ សូម​រក​ដំបូន្មាន​ពី​របៀប​រៀបចំ​ខ្លួន​ខាង​វិញ្ញាណ ។

  • ខ្ញុំ​រៀន​អំពី​របៀប​ធ្វើ​កិច្ចការ​ពង្ស​ប្រវត្តិ ដើម្បី​ខ្ញុំ​អាច​យក​ឈ្មោះ​បុព្វការីជន​របស់​ខ្ញុំ​ទៅ​ព្រះវិហារ​បរិសុទ្ធ ។

  • ខ្ញុំ​ចូលរួម​ក្នុង​ថ្នាក់​រៀបចំ​ខ្លួន​សម្រាប់​ព្រះវិហារ​បរិសុទ្ធ ។

ខ្ញុំ​ចង់​ត្រៀម​ខ្លួន​ជា ស្រេច​សម្រាប់​ថ្ងៃ​ដែល ខ្ញុំ​អាច​ចូល ទៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​បាន​នៅ​ទីបំផុត ហើយ​ធ្វើ​ឲ្យ​វា​ក្លាយជា​អាទិភាព​មួយ​នៅ ក្នុង​ជីវិត​របស់​ខ្ញុំ ។ ខ្ញុំ​នឹង​ខិតខំ​ដើម្បី​មាន​ភាពស័ក្ដិសម​ជានិច្ច​ដើម្បី​ចូល​ទៅ​ទីនោះ ដើម្បី​ខ្ញុំ​អាច​ទទួល​បាន​ពរជ័យ​ដែល​បាន​សន្យា ការដឹកនាំ និង​ចម្លើយ​ចំពោះ​ការអធិស្ឋាន​របស់​ខ្ញុំ ដែល​ខ្ញុំ​បាន​រង់ចាំ​ជាយូរ​មក​ហើយ ។ ខ្ញុំ​ទន្ទឹង​រង់ចាំ​ថ្ងៃនោះ​ខ្លាំងណាស់ ។