ឆ្នាំ ២០២០
ខ្ញុំ​មាន​ការទាក់​ចិត្ត​នឹង​ភេទ​ដូចគ្នា—តើ​សមាជិក​សាសនាចក្រ​ស្វាគមន៍​ខ្ញុំ​វិញ​ទេ ?
ខែ កក្កដា ឆ្នាំ ២០២០


ខ្ញុំ​ប្រឈម​នឹង​ការទាក់​ចិត្ត​នឹង​ភេទ​ដូចគ្នា—តើ​សមាជិក​សាសនាចក្រ​ស្វាគមន៍​ខ្ញុំ​វិញ​ទេ ?

members greeting man

រូបភាព​មក​ពី Getty Images

នៅ​ថ្ងៃ​ទី ២៧ ខែ កក្កដា ឆ្នាំ ២០១៣ បន្ទាប់​ពី​ការប្រយុទ្ធ​នឹង​ជំងឺ​ភ្លេចភ្លាំង​អស់​ជា​យូរ ដៃគូ​ជីវិត​របស់​ខ្ញុំ​ដែល​បាន​នៅ​ជាមួយ​គ្នា​អស់ ២៥ ឆ្នាំ បាន​ទទួល​មរណភាព ។ ជេ អែលឌ្រីហ្គ​គឺ​ជា​អ្នក​ឯកទេស​ខាង​ជំងឺ​បេះដូង​ដ៏​ល្បី​នៅលើ​ពិភពលោក ។ យើង​ទាំងពីរ​នាក់​បាន​បម្រើ​បេសកកម្ម​សម្រាប់​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ពេល​យើង​នៅ​ក្មេង ប៉ុន្តែ​ក្រោយមក​បាន​ឃ្លាត​ឆ្ងាយ​ពី​សាសនាចក្រ​ដោយសារ​មាន​ការទាក់​ចិត្ត​នឹង​ភេទ​ដូច​គ្នា ។

មរណភាព​របស់​ជេ ទោះជា​មិន​បាន​រំពឹង​ទុក​ក្តី គឺ​ធ្វើ​ឲ្យ​ខ្ទេចខ្ទាំ​ចិត្ត​ណាស់ ។ ខ្ញុំ​មាន​អារម្មណ៍​ខូចចិត្ត​ជា​ខ្លាំង វង្វេង និង​ឯកោ ។

ពេល​កំពុង​បើក​ឡាន​មក​ផ្ទះ​វិញ​បន្ទាប់​ពី​ធ្វើ​ការរៀបចំ​បុណ្យ​សព ខ្ញុំ​បាន​ទទួល​ឥទ្ធិពល​ពី​ព្រះវិញ្ញាណ​សន្ធប់​លើ​ខ្ញុំ​យ៉ាង​ខ្លាំង​រហូត​ដល់​ខ្ញុំ​ត្រូវតែ​ឈប់​ឡាន​នៅ​ចិញ្ចើម​ផ្លូវ ។ ខ្ញុំ​បាន​ដឹង​ថា ព្រះ​កំពុង​មាន​ព្រះបន្ទូល​មក​ខ្ញុំ កំពុង​ហៅ​ខ្ញុំ​ឲ្យ​ត្រឡប់​ទៅ​កាន់​ទ្រង់​វិញ ប៉ុន្តែ​ខ្ញុំ​បាន​មាន​ចិត្ត​រឹងរូស ។ « តើ​ទ្រង់​មិនឃើញ​ទេ​ឬ​ថា​ខ្ញុំ​កំពុង​តែ​រងទុក្ខ ? » ខ្ញុំ​បាន​និយាយ​ឮៗ ។ « ខ្ញុំ​មិន​អាច​ប្រឈម​នឹង​ការត្រឡប់​ទៅកាន់​ព្រះវិហារ​វិញ​ទេ​ឥឡូវ​នេះ » ។

ប៉ុន្តែ​ពេល​ដែល​ខ្ញុំ​កាន់តែ​តតាំង ព្រះវិញ្ញាណ​មាន​ឥទ្ធិពល​មក​លើ​ខ្ញុំ​កាន់តែ​ខ្លាំង អញ្ជើញ​ខ្ញុំ​ឲ្យ​ត្រឡប់​ទៅ​ព្រះវិហារ​វិញ ។

តើ​ពួកគេ​នឹង​ទទួល​ខ្ញុំ​ទេ ?

ខ្ញុំ​មាន​ការព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ក្នុង​ការត្រឡប់​ទៅ​ព្រះវិហារ​វិញ ។ ខ្ញុំ​ពុំ​បាន​ទៅ​ការប្រជុំ​សាក្រាម៉ង់​អស់ ២៥ ឆ្នាំ​ហើយ ។ តើ​ពួកគេ​នឹង​ទទួល​ខ្ញុំ​ទេ ? តើ​ខ្ញុំ​ទទួល​យក​ពួកគេ​ទេ ? តើ​ប៊ីស្សព​នឹង​និយាយ​​យ៉ាងណា ? ខ្ញុំ​មាន​ការថប់​បារម្ភ ហើយ​មិន​ប្រាកដ ហើយ​នៅតែ​មាន​ទុក្ខសោក​យ៉ាង​ខ្លាំង​នៅឡើយ ។

ប៉ុន្តែ​ទីបន្ទាល់​របស់​ខ្ញុំ​អំពី​ដំណឹងល្អ​មិនដែល​ចុះ​ខ្សោយ​ទេ​នៅ​ជាច្រើន​ឆ្នាំ​មក​នេះ ។ ជេ និង​ខ្ញុំ​ស្រឡាញ់​សាសនាចក្រ និង​គោលការណ៍​ណែនាំ​របស់​វា—ពោលគឺ សេចក្ដី​សប្បុរស សេចក្ដី​មេត្តា​ករុណា និង​ការអត់ទោស ។ ខ្ញុំ​បាន​ដឹង​ថា ព្រះគ្រីស្ទ​ជា​ព្រះអង្គ​សង្គ្រោះ​របស់​ខ្ញុំ ហើយ​ថា​សាសនាចក្រ​របស់​ទ្រង់​គឺ​ជា​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ។ ខ្ញុំ​បាន​ដឹង​ការណ៍​នោះ​តាំងពី​ការប្រែចិត្ត​ជឿ និង​ការជ្រមុជ​ទឹក​របស់​ខ្ញុំ​នៅពេល​ខ្ញុំ​អាយុ ១៤ ឆ្នាំ​ម៉្លេះ ។ ខ្ញុំ​នឹង​មិន​បដិសេធ​ការណ៍​នោះ​ឥឡូវ​នេះ​ទេ ។

នៅទី​បំផុត បន្ទាប់​ពី​ប្រមូល​ផ្ដុំ​នូវ​ភាពក្លាហាន​គ្រប់គ្រាន់​ហើយ ខ្ញុំ​បាន​ទូរសព្ទ​ទៅ​វួដ​លីនវូដ​នៅក្នុង​រដ្ឋ​នូវជើស៊ី ស.រ.អា. ដើម្បី​ដឹង​ពី​ថា​ម៉ោង​ណា​ដែល​ការប្រជុំ​សាក្រាម៉ង់​ចាប់ផ្ដើម ។

ពេល​ថ្ងៃ​អាទិត្យ​ឈាន​ចូល​មក​ដល់ មាសត្រូវ​បាន​ដាក់​ឧបសគ្គ​ជា​ច្រើន​នៅតាម​ផ្លូវ​របស់​ខ្ញុំ ដែល​អាច​រារាំង​ខ្ញុំ​ពី​ការទៅ​ចូលរួម​បាន​យ៉ាង​ងាយ ។ ខ្ញុំ​មាន​អំណរគុណ​ណាស់​ដែល​ព្រះវិញ្ញាណ​បរិសុទ្ធ​មានៈ​តស៊ូ​នឹង​ខ្ញុំ ។

ខ្ញុំ​បាន​មាន​អារម្មណ៍​ភ័យ​ខ្លាច ពេល​ខ្ញុំ​ចូល​ទៅក្នុង​អគារ ប៉ុន្តែ​ទំនុក​តម្កើង​បើក​នៅក្នុង​ការប្រជុំ​សាក្រាម៉ង់​បាន​បញ្ជាក់​ដល់​ខ្ញុំ​ជា​ថ្មី​ថា ខ្ញុំ​បាន​ត្រឡប់​មក​ផ្ទះ​ម្ដង​ទៀត​ហើយ ។ ទំនុក​តម្កើង « មក មក ពួក​បរិសុទ្ធ » ( ទំនុក​តម្កើង លេខ ១៨ ) បាន​អញ្ជើញ​ព្រះវិញ្ញាណ​យ៉ាង​មាន​អានុភាព ដែល​ធ្វើ​ខ្ញុំ​​ស្រក់​ទឹក​ភ្នែក ។ ខ្ញុំ​បាន​ដឹង​នៅ​គ្រា​នោះ​ភ្លាម​ថា ព្រះវរបិតាសួគ៌​ត្រាស់​ដឹង​ពី​ខ្ញុំ និង​ទុក្ខសោក​ដ៏​ជ្រាលជ្រៅ​ដែល​ខ្ញុំ​កំពុង​មាន ។

ទំនុក​តម្កើង​នោះ​បាន​ក្លាយ​ជា​ភ្លេងជាតិ​មិន​ផ្លូវការ​សម្រាប់​សាសនាចក្រ ប៉ុន្តែ​វា​បាន​ក្លាយ​ជា​ភ្លេង​ជាតិ​ផ្ទាល់​ខ្លួន​សម្រាប់​ខ្ញុំ​ផងដែរ ។

« មក » ទំនុកតម្កើង​បាន​អញ្ជើញ​ខ្ញុំ ។ « ថ្វី​បើ​ដំណើរ​នេះ​លំបាក​របៀប​ណា ព្រះគុណ​នឹង​ជួយ​លើក​ទ្រ » ។

ដំណើរ​របស់​ខ្ញុំ​គឺ​លំបាក ។ ប៉ុន្តែ​ព្រះគុណ​ពិតជាហែហម​ខ្ញុំ​ដូច​ដែល​បាន​សន្យា ។

ប៊ីស្សព ឌែរិន ប៊ឺដ និង​ក្រុម​ជំនុំ​គឺ​ប្រពៃ​ណាស់ ហើយ​មាន​ការស្វាគមន៍ ។ ពួកគេ​បាន​ទទួល​ខ្ញុំ​ជា​បងប្អូន​ប្រុស​របស់​ពួកគេ​នៅក្នុង​ព្រះគ្រីស្ទ ។

ផ្សះផ្សារ​ជាមួយ​ព្រះ តាមរយៈ​ព្រះគ្រីស្ទ ។

ពាក្យ​ដែល​ថា « មក មក ពួក​បរិសុទ្ធ » បាន​មាន​អត្ថន័យ​កាន់តែ​ខ្លាំង​ចំពោះ​ខ្ញុំ កាលដែល​ខ្ញុំ​បាន​ទទួល​អារម្មណ៍​ថា​ព្រះវរបិតាសួគ៌​កំពុង​ណែនាំ​ខ្ញុំ​​ពី​របៀប​ដែល​ខ្ញុំ​ត្រូវ​បន្ត​ទៅ​មុខ​ទៀត ។

យើង​នឹង​រក​ឃើញ​កន្លែង​ដែល​ព្រះ​រៀប​ទុក

នៅ​ទិស​ខាង​លិច​ដ៏​ឆ្ងាយ

គឺ​ជា​កន្លែង​ដែល​គ្មាន​អ្នក​ណា​បញ្ឈឺ ឬ​កំហែង

ពួក​បរិសុទ្ធ​បាន​ពរ ។

ខ្ញុំ​បាន​ទៅ​ទិស​ខាង​លិច ហើយ​បាន​ទិញ​ផ្ទះ​នៅក្នុង​ទីក្រុង​ហ្វោនថិន​ហៀលស៍ រដ្ឋ​អារីហ្សូណា ស.រ.អា. ជា​កន្លែង​ដែល​ខ្ញុំ​បាន​ជួប​នឹង​ប៊ីស្សព ជើរី អូលសុន ។ ពេល​ដែល​ខ្ញុំ​ស្នើសុំ​ជួប​នឹង​គាត់ ហើយ​ចាប់​ដៃ​គាត់ ព្រះវិញ្ញាណ​បាន​បញ្ជាក់​ប្រាប់​ខ្ញុំ​ថា បុរស​នេះ​នឹង​ជួយ​ខ្ញុំ​ឲ្យ​ត្រឡប់​មក​សកម្ម​ពេញលេញ​វិញ​នៅក្នុង​ព្រះវិហារ ។

កាលដែល​ខ្ញុំ​បាន​ចាប់ផ្ដើម​ជួប​នឹង​ប៊ីស្សព ហើយ​ចាប់ផ្ដើម​ការផ្សះផ្សា​ជាមួយ​ព្រះវរបិតាសួគ៌​វិញ នោះ​ខ្ញុំ​បាន​ឃើញ​អព្ភូតហេតុ​ខាង​វិញ្ញាណ​ជា​ច្រើន ។ ខ្ញុំ​បាន​និយាយ​ដោយ​ឥត​លាក់លៀម​ជាមួយ​នឹង​ប៊ីស្សព ដែល​ធ្វើ​ឲ្យ​គាត់​មាន​អំណរគុណ​ណាស់ ។ គាត់​បាន​និយាយ​ថា អ្វី​ទាំងនោះ​ជួយ​គាត់​ឲ្យ​យល់​កាន់តែ​ច្បាស់​ថា ស្ថានភាព​ខ្ញុំ​បាន​នៅ​ត្រង់​ណា ហើយ​ស្ថានភាព​ខ្ញុំ​យ៉ាង​ណា​ដែរ​ឥឡូវ​នេះ​ទាក់ទង​នឹង​ចំណង​ទាក់ទង​របស់​ខ្ញុំ​ជាមួយ​ព្រះ ។ គាត់​ក៏​បាន​ផ្ដល់​ព័ត៌មាន​ដល់​ខ្ញុំ​ផងដែរ​ថា នេះ​ជា​លើក​ទីមួយ​ហើយ​ដែល​គាត់​បាន​មាន​ឱកាស​ផ្ដល់​ការងារ​បម្រើ​ដល់​មនុស្ស​ម្នាក់​ដែល​មាន​ការទាក់​ចិត្ត​នឹង​ភេទ​ដូច​គ្នា ហើយ​គាត់​បាន​សូម​ឲ្យ​ខ្ញុំ​មាន​ការអត់ធ្មត់ និង​អត់ទោស ប្រសិន​បើ​គាត់​បាន​និយាយ ឬ​ធ្វើ​អ្វី​មួយ​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​អាក់អន់​ចិត្ត​នៅក្នុង​ដំណើរការ​នេះ ។

ខ្ញុំ​បាន​អរគុណ​គាត់​ចំពោះ​ភាពស្មោះត្រង់​របស់​គាត់ ហើយ​បាន​និយាយ​ថា « មែនហើយ នេះ​ជា​លើក​ទីមួយ​របស់​ខ្ញុំ​ផងដែរ ។ យើង​នឹងរៀន​ជាមួយគ្នា » ។

ការណ៍​នោះ​បាន​ចាប់ផ្ដើម​ដំណើរ​ដ៏​ស្រស់​បំព្រង​មួយ ព្រមទាំង​មិត្តភាព​ផង !

មិន​យូរ​ប៉ុន្មាន​ខ្ញុំ​បាន​មាន​ផែនការ​សកម្មភាព​មួយ​អំពី​របៀប​ដើម្បី​ក្លាយ​ជា​សមាជិក​ម្ដង​ទៀត ។ ខ្ញុំ​បាន​ទទួល​ការប្រឹក្សា​ដ៏​ពោរពេញ​ដោយ​សេចក្ដី​ស្រឡាញ់ និង​ការអធិស្ឋាន ដោយ​ដួងចិត្ត​ពេញ​ដោយ​អំណរគុណ ហើយ​បាន​ចាប់ផ្ដើម​ដំណើរការ​នោះ ។

temple

រចនា​រូបភាព​ដោយ ជិនណា ផាឡាស៊ូស

ការលួងលោម​នៅក្នុង​ព្រះវិហារបរិសុទ្ធ

ក្រោយមក កាលដែល​ខ្ញុំ​បាន​ធ្វើតាម​ការប្រឹក្សា​នោះ ហើយ​បាន​ខិតខំ​ខិត​កាន់តែ​ជិត​ព្រះគ្រីស្ទ នោះ​ខ្ញុំ​បាន​ទទួល​ការស្ដារ​ឡើងវិញ​នូវ​បព្វជិតភាព​របស់​ខ្ញុំ និង​ពរជ័យ​នៃ​ព្រះវិហារ​បរិសុទ្ធ ព្រមទាំង​បាន​ទទួល​ការហៅ​បម្រើ​មួយ​ឲ្យ​បម្រើ​នៅក្នុង​កូរ៉ុម​អែលឌើរ​ទៀតផង ។ នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​ដ៏​បរិសុទ្ធ កាលដែល​ខ្ញុំ​ប្រាស្រ័យ​ទាក់ទង​នឹង​ព្រះវរបិតាសួគ៌ នោះ​ទ្រង់​បាន​បង្ហាញ​ខ្ញុំ​ថា​ទ្រង់​ស្រឡាញ់​បុត្រា​បុត្រី​ទ្រង់​ខ្លាំង​យ៉ាង​ណា ។ ខ្ញុំ​បាន​ទទួល​អារម្មណ៍​លួងលោម និង​បំណង​ប្រាថ្នា​ដ៏​ជ្រាលជ្រៅ​មួយ​ដើម្បី​ធ្វើ​ឲ្យ​ទ្រង់​សព្វ​ព្រះទ័យ ។

ជា​ច្រើន​ខែ​ក្រោយមក ប៊ីស្សព​ថ្មី​ម្នាក់​ត្រូវបាន​ហៅ ដែល​ខ្ញុំ​ក៏​បាន​កសាង​នូវ​មិត្តភាព​ដ៏​ពោរពេញ​ដោយ​ក្ដី​ស្រឡាញ់​ផងដែរ ។ ប៊ីស្សព លែរី រ៉ាដហ្វដ បាន​ដឹង​ពី​ស្ថានភាព​របស់​ខ្ញុំ ហើយ​បាន​មាន​អំណរគុណ​ចំពោះ​ការបម្រើ​របស់​ខ្ញុំ​នៅក្នុង​កូរ៉ុម​អែលឌើរ ដែល​គាត់​បាន​និយាយ​ថា ខ្ញុំ​បាន​បម្រើ​ដោយ​សេចក្ដី​ស្រឡាញ់ និង​ការលះបង់ មិន​ត្រឹម​តែ​ដល់​កូរ៉ុម​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង—ហើយ​កាន់តែ​សំខាន់​ទៀត​នោះ—គឺ​ដល់​ព្រះ ។ ពាក្យ​សម្ដី និង​ការលើក​ទឹកចិត្ត​ដ៏​សប្បុរស​របស់​គាត់ បាន​ជួយ​ខ្ញុំ​ឲ្យ​ទទួល​អារម្មណ៍​ថា ព្រះអម្ចាស់ និង​ពួកបរិសុទ្ធ​ជា​មិត្ត​របស់​ខ្ញុំ រីករាយ​នឹង​ការបម្រើ​របស់​ខ្ញុំ ។

ឥឡូវ​នេះ​ខ្ញុំ​បម្រើ​ដោយ​ស្មោះត្រង់​ជា​ស្មៀន​វួដ ។

ការយល់​ថា​ខ្ញុំ​ជា​នរណា

ការទាក់ចិត្ត​នឹង​ភេទ​ដូចគ្នា និង​ការ​ធ្វើ​ជា​សមាជិក​សកម្ម​ក្នុង​សាសនាចក្រ​គឺ​មិន​តែងតែ​ជា​ការងាយស្រួល​នោះ​ទេ ។ តែ​ពេល​ដែល​ខ្ញុំ​ដាក់​សេចក្ដី​ជំនឿ និង​ការទុកចិត្ត​ទាំងអស់​របស់​ខ្ញុំ​ទៅលើ​ព្រះ នោះ​ខ្ញុំ​អាច​ទទួល​អារម្មណ៍​ថា​ទ្រង់​កំពុង​ពង្រឹង​កម្លាំង​ខ្ញុំ ។ គ្មាន​ការសង្ស័យ​ទេ អ្នក​រិះគន់​ពិតជា​នឹង​និយាយ​ថា ខ្ញុំ​មិន​ពិត​ចំពោះ​ខ្លួនឯង ឬ​ថា​ខ្ញុំ​កំពុង​ធ្វើ​ឲ្យ​សហគន៍ LGBT+ ខកចិត្ត ។

ខ្ញុំ​យល់​ពី​ការតានតឹង​ចិត្ត​របស់​ពួកគេ ហើយ​វា​ច្បាស់​ណាស់​ថា ខ្ញុំ​ពុំ​មាន​ចម្លើយ​ទាំងអស់​ទេ ។ ខ្ញុំ​គ្រាន់តែ​អាច​និយាយ​ចេញ​ពី​បទពិសោធន៍​ផ្ទាល់​ខ្លួន​របស់​ខ្ញុំ​ប៉ុណ្ណោះ ។ ហើយ​បទពិសោធន៍​នោះ​បាន​បង្រៀន​ខ្ញុំ​ការណ៍​នេះ ៖ ខ្ញុំ​ជា​បុត្រា​របស់​ព្រះវរបិតាសួគ៌ ជា​បុត្រ​របស់​ព្រះ ។ នោះ​ជា​ស្លាក​តែមួយ​គត់​ដែល​សំខាន់​ចំពោះ​ខ្ញុំ ។ ជា​លទ្ធផល ខ្ញុំ​ព្យាយាម​មិន​ឲ្យ​ស្លាក​របស់​ពិភពលោក​ដើម្បី​កំណត់​ពី​ខ្ញុំ​នោះ​ទេ ។ ខ្ញុំ​ព្រួយ​បារម្ភ​ថា ការណ៍​នោះ​នឹង​កម្រិត​ពី​សក្ដានុពល និង​ការរីក​ចម្រើ​អស់កល្ប​របស់​ខ្ញុំ

សាតាំង​ឆ្លាតវៃ​ណាស់ ។ វា​ដឹង​ថា ដោយ​ការដាក់​ស្លាក​ឈ្មោះ​នានា វា​អាច​បំបែក​យើង​ជា​សហគមន៍​មួយ និង​ជា​សាសនាចក្រ​មួយ ។

ជាមួយ​នឹង​ទស្សនៈ​នោះ​នៅក្នុង​គំនិត ជម្រើស​ដែល​ខ្ញុំ​ជ្រើសរើស​គឺ​មិន​ពឹង​ផ្អែក​លើ​ការទាក់ចិត្ត​នឹង​ភេទ​ដូច​គ្នា​របស់​ខ្ញុំ​នោះ​ទេ ប៉ុន្តែ​លើ​របៀប​ដើម្បី​ធ្វើ​ជា​សិស្ស​ដ៏​ពិត​របស់​ព្រះគ្រីស្ទ ដែល​មាន​ការទាក់​ចិត្ត​នឹង​ភេទ​ដូច​គ្នា ។ ដូច​នីហ្វៃ​បាន​និយាយ ៖

« ឱព្រះអម្ចាស់អើយ ទូលបង្គំ​បាន​ទុកចិត្ត​ទៅលើ​ព្រះអង្គ ហើយទូលបង្គំនឹងទុកចិត្ត​ទៅលើ​ព្រះអង្គ​ជា​រៀងដរាប ។ ទូលបង្គំ​នឹង​មិន​ដាក់​ទី​ទុកចិត្ត​របស់​ទូលបង្គំ​ទៅ​លើ​ដៃ​នៃ​មនុស្ស​ឡើយ ។ …

« … ទូលបង្គំ​ដឹង​ថា ព្រះ​ទ្រង់​នឹង​ប្រទាន​ឲ្យ​អ្នក​ណា ដែល​សូម​ដល់​ទ្រង់​ដោយសទ្ធា ។ មែន​ហើយ ព្រះ​របស់​ទូលបង្គំ​នឹង​ប្រទាន​ឲ្យ​ទូលបង្គំ បើ​សិន​ជា​ទូលបង្គំ​មិន​សូម​នូវ​អ្វី​ដែល​ទុច្ចរិត ហេតុ​ដូច្នេះ​ហើយ ទូលបង្គំ​នឹង​បន្លឺ​សំឡេង​ឡើង​ដល់​ព្រះ​អង្គ មែន​ហើយ ទូលបង្គំ​នឹង​អំពាវនាវ​ដល់​ព្រះ​អង្គ ឱ​ព្រះ​របស់​ទូលបង្គំ ដែល​ជា​ថ្ម​នៃ​សេចក្ដី​សុចរិត​របស់​ទូលបង្គំ​អើយ ។ មើល​ចុះ សំឡេង​របស់​ទូលបង្គំ នឹង​អណ្ដែត​ឡើង​ទៅ​ដល់​ព្រះ​អង្គ​ជា​រៀង​ដរាប ដែល​ជា​ថ្ម ហើយ​ជា​ព្រះ​ដ៏​គង់​នៅ​អស់កល្ប​ជានិច្ច​របស់​ទូលបង្គំ ។ ( នីហ្វៃទី២ ៤:៣៤–៣៥ ) ។

សេចក្ដី​ស្រឡាញ់​របស់​ពួក​បរិសុទ្ធ

តាំង​ពី​ការត្រឡប់​មក​វិញ​របស់​ខ្ញុំ ខ្ញុំ​បាន​ទទួល​អារម្មណ៍​នៃ​ភាពជា​ដៃគូ​ដ៏​ពោរពេញ​ដោយ​សេចក្ដី​ស្រឡាញ់​របស់​ថ្នាក់​ដឹកនាំ និង​ពួក​បរិសុទ្ធ​របស់​ខ្ញុំ បូករួម​ទាំង LGBT+ សមាជិក​ដែល​សកម្ម និង​មិនសូវ​សកម្ម ។ ខ្ញុំ​បាន​រកឃើញ​កន្លែង​ដែល​ខ្ញុំ​អាច​ប្រឹងប្រែង​លូតលាស់ ។ ខ្ញុំ​បាន​ឃើញ​លក្ខណៈ​នៃ​ព្រះគ្រីស្ទ​នៅក្នុង​ចំណោម​ពួកគេ ដែល​ខ្ញុំ​តែងតែង​ភ្ជាប់​ជាមួយ​នឹង​សេចក្ដី​ជំនឿ​របស់​ខ្ញុំ ៖ សេចក្ដី​សប្បុរស ការអាណិត​អាសូរ ការយោគយល់ និង​លើស​អ្វីៗ​ទាំងអស់​នោះ​គឺ​សេចក្ដី​ស្រឡាញ់ ។

កាលដែល​ខ្ញុំ​បាន​មាន​ការលំបាក​នៅតាម​ផ្លូវ​ជាមួយ​នឹង​ព្រះអង្គ​សង្គ្រោះ​របស់​ខ្ញុំ ខ្ញុំ​បាន​ទទួល​អារម្មណ៍​នៃ​ការលួងលោម និង​ភាពសុខសាន្ត កាលដែល​ខ្ញុំ​ងាក​ទៅរក​ទ្រង់ ដោយ​ដឹង​ថា​ខ្ញុំ​មិនមែន​កំពុង​ដើរ​នៅលើ​ផ្លូវ​នេះ​តែឯង​ឡើយ ។ ប៊ីស្សព​ជា​ច្រើន​បាន​នៅ​ក្បែរ​ខ្ញុំ ។ សមាជិក​ក្នុង​កូរ៉ុម​របស់​ខ្ញុំ ។ បងប្អូន​ស្រី​ក្នុង​វួដ ។ មាន​យុវជន​ម្នាក់​នៅ​ក្នុង​វួដ​ថែម​ទាំង​សូម​ខ្ញុំ​ឲ្យ​តែងតាំង​គាត់​ជា​សង្ឃ​ទៀត​ផង ។ ការអញ្ជើញ​ដ៏​សប្បុរស​របស់​គាត់​ធ្វើ​ឲ្យ​ខ្ញុំ​រំជួល​ចិត្ត​ជា​ខ្លាំង ។ គាត់​បាន​ឃើញ​ខ្ញុំ​ថា​ជា​បុរស​ម្នាក់​ដែល​កាន់​បព្វជិតភាព​របស់​ព្រះ ហើយ​ជា​មនុស្ស​ម្នាក់​ដែល​អាច​អនុវត្ត​បព្វជិតភាព​នៅក្នុង​ការបម្រើ​ដល់​អ្នក​ដទៃ​ទៀត ។

ឱកាស​ទាំងនោះ​ដើម្បី​បម្រើ និង​ថ្វាយ​បង្គំ​ជាមួយ​ពួក​បរិសុទ្ធ​របស់​ខ្ញុំ​បាន​លើក​ស្ទួយ​ខ្ញុំ​ឡើង—ព្រម​ជាមួយ​នឹង​ពរជ័យ​ជា​ច្រើន​ទៀត​ដែល​ខ្ញុំ​បាន​ទទួល​ពី​ព្រះអម្ចាស់—បានជួយ​ខ្ញុំ​ឲ្យ​ដក​ពិសោធន៍​នូវ​សេចក្ដី​ស្រឡាញ់ ការយោគយល់ និង​ការទទួល​យក​ដែល​ខ្ញុំ​ត្រូវការ ។

ព្រះអម្ចាស់​បាន​មាន​បន្ទូល​ថា « ខ្ញុំ​មិន​ចោល​អ្នក​រាល់​គ្នា​ឲ្យ​នៅ​កំព្រា​ទេ ខ្ញុំ​នឹង​មក​ឯ​អ្នក​រាល់​គ្នា​វិញ » ( យ៉ូហាន ១៤:១៨ ) ។ ពាក្យ​ទាំងនោះ​គឺ​ពិត ។ ខ្ញុំ​ត្រូវការ​ការលួងលោម ហើយ​ទ្រង់​បាន​មក​ឯ​ខ្ញុំ យ៉ាង​បរិបូរណ៌​ជាង​ដែល​ខ្ញុំ​អាច​ស្រមៃ​ឃើញ​ទៅ​ទៀត ។