សម្រាប់តែឌីជីថលប៉ុណ្ណោះ ៖ យុវមជ្ឈិមវ័យ
ប្រយុទ្ធនឹងភាពឯកោជាមួយនឹងព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ
ពេលអ្នកមានអារម្មណ៍ឯកោ សូមកុំភ្លេចអនុញ្ញាតឲ្យសេចក្ដីស្រឡាញ់របស់ព្រះវរបិតា និងព្រះរាជបុត្រាចូលក្នុងជីវិតរបស់អ្នក ។
អ្នកនិពន្ធរស់នៅរដ្ឋយូថាហ៍ ស.រ.អា. ។
ទំនាក់ទំនងគឺជាអ្វីមួយដែលយើងព្យាយាមអស់មួយជីវិតយើង ។ យើងចង់ទាក់ទងជាមួយក្រុមគ្រួសារយើង មិត្តភក្ដិយើង មនុស្សសំខាន់របស់យើង ។ នៅក្នុងពិភពលោកនៃបច្ចេកវិទ្យា វាងាយដើម្បីគិតថាអ្នកភ្ជាប់ទំនាក់ទំនងជាមួយមនុស្សគ្រប់គ្នា ។ ការណ៍នេះវាពិតខ្លះ—អ្នកអាចភ្ជាប់ទំនាក់ទំនងជាមួយអ្នកដទៃទៀត ហើយឃើញការបង្ហោះរបស់ពួកគេនៅលើបណ្ដាញសង្គម—ប៉ុន្តែវាមិនតែងតែផ្ដល់នូវទំនាក់ទំនងផ្លូវអារម្មណ៍ដ៏ជ្រាលជ្រៅនោះទេ ។
មានអារម្មណ៍ឯកោថ្ងៃបុណ្យ
ការកាត់ផ្ដាច់អាចធ្វើឲ្យយើងមានអារម្មណ៍ឯកោ ។ ហើយភាពឯកោនេះអាចមានអស់ពេញមួយឆ្នាំ ប៉ុន្តែជាញឹកញាប់ វាកាន់តែឯកោនៅអំឡុងរដូវបុណ្យ ដែលវាគួរឲ្យសោកស្ដាយណាស់ ព្រោះវាជាពេលមួយដែលយើងត្រូវហ៊ុំព័ទ្ធដោយសេចក្ដីស្រឡាញ់ និងអំណរ ។ ប៉ុន្តែយើងអាចនឹងឯកោដោយសារយើងនៅឆ្ងាយពីផ្ទះ និងពួកអ្នកដែលយើងស្រឡាញ់ ឬសូម្បីតែនៅពេលដែលយើងនៅជាមួយនឹងគ្រួសារយើង ប៉ុន្តែមិនសូវមានទំនាក់ទំនងជាមួយពួកគេ ។
នៅពេលដែលអ្នកមានអារម្មណ៍ថា អ្វីៗទាំងអស់ដូចជាប្រឆាំងនឹងអ្នក នោះចូរចាំថា មានព្រះពីរអង្គដែលតែងតែនៅទីនោះសម្រាប់អ្នក ។ ពីរអង្គដែលតែងតែមានព្រះទ័យចង់ភ្ជាប់ទំនាក់ទំនងជាមួយអ្នក មិនថាអ្នកកំពុងឆ្លងកាត់អ្វីនោះទេ—គឺព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។ ខ្ញុំគិតថា ពេលខ្លះយើងភ្លេចថា យើងអាចបែរទៅរកពួកទ្រង់ជានិច្ច ពេលយើងត្រូវការភ្ជាប់ទំនាក់ទំនងជាមួយនរណាម្នាក់យ៉ាងខ្លាំងនោះ ។
អនុញ្ញាតឲ្យពួកទ្រង់ចូលមក
ពេលខ្ញុំគិតអំពីការភ្ជាប់ទំនាក់ទំនងជាមួយព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ នោះខ្ញុំបាននឹកឃើញពីបទពិសោធន៍មួយដែលខ្ញុំបានមានមួយរយៈកន្លងមក ។
ខ្ញុំកំពុងសម្លឹងមើលទៅព្យុះភ្លៀងតាមបង្អួចរបស់ខ្ញុំ រង់ចាំសំឡេងរបស់វាដើម្បីនាំមកនូវអារម្មណ៍សុខសាន្តដល់ខ្ញុំ ។ ជាទូទៅ ពេលខ្ញុំសញ្ជឹងស្មារតីស្ដាប់ដល់ដំណក់ទឹកប៉ះនឹងដី នោះអារម្មណ៍ផ្សេងទៀតដែលខ្ញុំមានត្រូវបានលាងជម្រះមួយរយៈដោយព្រោះតែគ្រាដ៏សណ្តំនោះ ។
អារម្មណ៍នៃភាពសុខសាន្តពិតជាបានមក ប៉ុន្តែមិនច្រើនដូចអ្វីដែលខ្ញុំត្រូវការនោះទេ ។ គំនិតរបស់ខ្ញុំភាគច្រើននៅតែជាប់ទៅនឹងភាពវឹកវរក្នុងជីវិត ។ ខ្ញុំមិនយល់ថា ហេតុអ្វីវាមិនបានជួយខ្ញុំឲ្យមានអារម្មណ៍ប្រសើរឡើងនោះទេ ។
ពីរបីនាទីក្រោយមក មានគំនិតមួយបានផុសឡើយ ។ អ្នកមិនបានអនុញ្ញាតឲ្យភ្លៀងចូលមក ។ ជាមួយនឹងគំនិតនោះ ខ្ញុំបានទាញបើកបង្អួចខ្ញុំ ហើយឲ្យសំឡេងរសាត់មកលើខ្ញុំ ។នោះហើយជាភាពសុខសាន្តដែលខ្ញុំកំពុងស្វែងរក ។ គំនិតវិលវល់របស់ខ្ញុំទាំងអស់ផ្សេងទៀតបានរសាត់បាត់ទៅ កាលដែលខ្ញុំបានស្ដាប់ដល់សំឡេងភ្លៀងដ៏ទន់ភ្លន់ ។
ខ្ញុំបានឈរនៅទីនោះមួយសន្ទុះ មុនពេលដែលសំណួរមួយបានផុសឡើងក្នុងគំនិតខ្ញុំ ៖ តើខ្ញុំកំពុងតែអនុញ្ញាតឲ្យព្រះ និងព្រះអង្គសង្គ្រោះចូលមកក្នុងជីវិតរបស់ខ្ញុំដែរឬទេ ?
វាបានធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលណាស់ ។ វាមិនមែនជាអ្វីដែលខ្ញុំបានគិតដល់ពីមុនមកទេ ។ ប៉ុន្តែ ខ្ញុំកាន់តែពិចារណាពីគំនិតនោះខ្លាំងប៉ុណ្ណា វាកាន់តែសមហេតុផល ។ ការអនុញ្ញាតឲ្យភ្លៀងចូលក្នុង បាននាំមកនូវភាពសុខសាន្តដល់ខ្ញុំ ហើយការអនុញ្ញាតឲ្យព្រះវរបិតាសួគ៌ និងព្រះអង្គសង្គ្រោះរបស់ខ្ញុំចូលមកក្នុងជីវិតរបស់ខ្ញុំ អាចនាំភាពសុខសាន្តឲ្យខ្ញុំកាន់តែច្រើនថែមទៀត ។
ការបើកដួងចិត្តរបស់ខ្ញុំចំពោះព្រះ
ការអនុញ្ញាតឲ្យព្រះអង្គសង្គ្រោះ និងព្រះវរបិតាសួគ៌ចូលក្នង គឺជាជំហានទីមួយប៉ុណ្ណោះ ។ ខ្ញុំនៅតែត្រូវតែបើកដួងចិត្តខ្ញុំចំពោះពួកទ្រង់ ។ ពីដំបូង ពេលដែលខ្ញុំស្ដាប់ភ្លៀងតាមបង្អួច សំឡេងវាមិនច្បាស់ទេ ហើយវាមិនបានផ្ដល់ដល់ខ្ញុំនូវភាពសុខសាន្តដ៏ខ្លាំងបំផុតដែលខ្ញុំបានត្រូវការនោះទេ ។ ហើយបើខ្ញុំមិនបានបើកបង្អួចដើម្បីឲ្យសំឡេងនោះចូលមកទេ នោះខ្ញុំមិនបានទទួលអារម្មណ៍ដែលខ្ញុំបានមាននោះទេ ។
ការណ៍ដូចគ្នានោះអនុវត្តសម្រាប់ « បង្អួច » ទាំងអស់នៃជីវិតខ្ញុំ ។ បើខ្ញុំបិទ ហើយចាក់សោរបង្អួចទាំងអស់ តើខ្ញុំអាចទទួលអាទិទេពដោយពិតប្រាកដ ហើយបង្កើតចំណងទាក់ទងមួយជាមួយពួកទ្រង់យ៉ាងដូចម្ដេចទៅ ? តើខ្ញុំអាចទទួលអារម្មណ៍ពីព្រះវិញ្ញាណ និងភាពសុខសាន្តនៃសេចក្ដីស្រឡាញ់របស់ពួកទ្រង់ចាក់ស្រោចមកលើខ្ញុំយ៉ាងដូចម្ដេចទៅ ?
ការនិយាយថា ខ្ញុំត្រូវបើកបង្អួចទាំងអស់របស់ខ្ញុំ គឺងាយជាងការធ្វើ ។ ខ្ញុំបានដឹងថា ពេលខ្ញុំមានអារម្មណ៍ផ្ដាច់ទំនាក់ទំនងពីព្រះវិញ្ញាណ ខ្ញុំត្រូវតែរកមើលថាតើអ្វីទៅដែលធ្វើឲ្យខ្ញុំកាត់ផ្ដាច់ ។ ភាគច្រើនបំផុតគឺជារឿងតូចៗ ដូចជាការតែងតែនៅជាប់នឹងទូរសព្ទខ្ញុំ ។ ឬការមិនអានព្រះគម្ពីររបស់ខ្ញុំឲ្យបានច្រើនដូចដែលខ្ញុំគួរតែធ្វើ ។ ឬការសម្រេចចិត្តដើម្បីធ្វើតាមឆន្ទៈផ្ទាល់របស់ខ្ញុំ ជាជាងការស្វែងរកព្រះឆន្ទៈរបស់ពួកទ្រង់ ។ ឬថែមទាំងការជាប់នៅក្នុងការសាកល្បងទាំងអស់របស់ខ្ញុំ និងការដកខ្លួនខ្ញុំឲ្យឆ្ងាយពីពួកទ្រង់ ព្រោះខ្ញុំគិតថាព្រះវរបិតាសួគ៌មិនឆ្លើយតបការអធិស្ឋានរបស់ខ្ញុំ ។
ពេលខ្ញុំរកឃើញពីអ្វីដែលកំពុងរារាំងខ្ញុំពីការទទួលអារម្មណ៍ពីព្រះវិញ្ញាណ នោះខ្ញុំអាចជ្រើសរើសឈប់ធ្វើរឿងទាំងនោះ ម្ដងមួយៗ ។ ខ្ញុំអាចបើកបង្អួចរបស់ខ្ញុំបន្ដិចម្តងៗ ដោយយាងអញ្ជើញព្រះវរបិតាសួគ៌ និងព្រះអង្គសង្គ្រោះឲ្យចូលមក រហូតទាល់តែខ្ញុំអាចមានអារម្មណ៍នៃសេចក្ដីស្រឡាញ់របស់ពួកទ្រង់នៅហ៊ុំព័ទ្ធខ្ញុំ ។
ការដឹងថាយើងមិនដែលនៅម្នាក់ឯងឡើយ
ភាពឯកោអាចហាក់ដូចជាងងឹង ហើយគ្មានទីបញ្ចប់នៅពេលខ្លះ ជាពិសេសអំឡុងបុណ្យគ្រីស្ទម៉ាស់ ។ នៅអំឡុងគ្រាទាំងនោះ ពេលដែលយើងចង់បោះបង់ យើងត្រូវតែរំឭកខ្លួនយើងថា យើងមិននៅម្នាក់ឯងនោះទេ ។ យើងគ្រាន់តែត្រូវមានឆន្ទៈដើម្បីអនុញ្ញាតឲ្យពួកទ្រង់ចូលមកប៉ុណ្ណោះ ។
អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀនថា « ដោយសារព្រះយេស៊ូវ បានដើរលើផ្លូវដ៏វែងឆ្ងាយ និងឯកោ តែអង្គទ្រង់ យើងមិនចាំបាច់ធ្វើដូច្នោះទេ ។ ការធ្វើដំណើរតែអង្គឯងរបស់ទ្រង់ បាននាំមកនូវការអមដំណើរសម្រាប់ផ្លូវតូចៗរបស់យើង » ។១
ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ តែងតែនៅទីនោះសម្រាប់យើង ។ ពួកទ្រង់កំពុងឈោងព្រះហស្ដមក កំពុងរង់ចាំយើងដោយអត់ធ្មត់ ដើម្បីយើងបើកដួងចិត្ត និងជីវិតយើងចំពោះពួកទ្រង់—មិនថានៅពេលបុណ្យគ្រីស្ទម៉ាស់ ឬនៅពេលណាៗនោះទេ ។