សម្រាប់តែឌីជីថលប៉ុណ្ណោះ ៖ យុវមជ្ឈិមវ័យ
ពិបាកនឹងសិក្សា ចូរមកតាមខ្ញុំ ដោយខ្លួនឯងឬ ? នេះគឺជាគន្លឹះមួយចំនួនសម្រាប់ឆ្នាំថ្មី
មិនគិតថាអ្នកកំពុងទាញយកអ្វីគ្រប់យ៉ាងចេញពី ចូរមកតាមខ្ញុំ ឬ ? យើងនៅទីនេះដើម្បីជួយ !
ឆ្នាំក្រោយ—២០២១—នឹងជាឆ្នាំទីបីនៃ ចូរមកតាមខ្ញុំ សម្រាប់សាសនាចក្រទាំងមូល ។ មកដល់ពេលនេះ យើងគួរតែជាអ្នកជំនាញហើយ មែនទេ ?
ប្រសិនបើអ្នកដូចជាខ្ញុំ ចម្លើយចំពោះសំណួរនោះគឺប្រហែលជា « មិនទាន់ទេ ! » ហើយវាមិនជាថ្វីនោះទេ !
ចូរមកតាមខ្ញុំ គឺសម្រាប់មនុស្សគ្រប់គ្នា ប៉ុន្តែជួនកាលវាអាចពិបាកយល់ បើអ្នកពុំតែងតែមានមនុស្សផ្សេងទៀតសិក្សាជាមួយទេនោះ ។ ចុះយុវមជ្ឈិមវ័យនៅលីវវិញនោះ ? តើអ្នកមានការពិភាក្សាជាមួយខ្លួនឯងយ៉ាងម៉េចទៅ ? ចុះបើមិត្តរួមបន្ទប់របស់អ្នកមិនចង់ចូលរួមវិញនោះ ?
ដើម្បីជួយយើងទាំងអស់គ្នាជាមួយនឹងការសិក្សា ចូរមកតាមខ្ញុំ របស់យើង យើងបានចងក្រងគំនិតនានាជាបញ្ជីមួយ ដើម្បីជំរុញការច្នៃប្រឌិតរបស់អ្នក ។
-
ក្រុម ចូរមកតាមខ្ញុំ—ប្រមូលផ្ដុំមិត្តភក្ដិ ឬសមាជិកគ្រួសារមួយក្រុម ដោយជួបផ្ទាល់ ឬតាមអ៊ិនធើរណែត ហើយពិភាក្សាបទគម្ពីរ ចូរមកតាមខ្ញុំ សម្រាប់សប្ដាហ៍នោះ ។ ដាក់ពេលវេលា និងទីកន្លែងដើម្បីជួបតាមអ៊ិនធើរណែត ឬជួបផ្ទាល់រាល់សប្ដាហ៍ ។ អ្នកថែមទាំងអាចប្រើសារជាក្រុមមួយ ជាកន្លែងដែលអ្នកអាចចែកចាយការយល់ដឹងរបស់អ្នកជាមួយគ្នាទៅវិញទៅមកក្នុងសប្ដាហ៍នោះ ។
-
រាត្រីជួបជុំ—ពេលដាក់ផែនការរាត្រីជួបជុំសម្រាប់គ្រួសារអ្នក ឬសម្រាប់វួដនៅលីវ ( តាមអ៊ិនធើរណែ ឬជួបផ្ទាល់ ) សូមគិតអំពីមេរៀន និងសកម្មភាពដែលអាចភ្ជាប់ទៅនឹងការអាន ចូរមកតាមខ្ញុំ របស់សប្ដាហ៍នោះ ។ ( សូមមើលនៅខាងក្រោមសម្រាប់គំរូនៃគំនិតរាត្រីជួបជុំ ) ។
-
ការរំឭកក្នុងទូរសព្ទ—យុវមជ្ឈិវ័យជាច្រើនរស់នៅដោយខ្លួនឯង ឬជាមួយមនុស្សដទៃតែពីរបីនាក់ទៀតប៉ុណ្ណោះ ។ ដោយគ្មានគ្រួសារដើម្បីសិក្សាជាមួយ វាអាចពិបាកនៅពេលខ្លះ ដើម្បីចងចាំនឹងបើកសៀវភៅ ចូរមកតាមខ្ញុំ ជារៀងរាល់ថ្ងៃនោះ ។ សូមព្យាយាមដាក់ការរំឭក ឬសំឡេងរោទ៍នៅក្នុងទូរសព្ទ ដើម្បីផ្ដល់ការជំរុញបន្ថែមដែលអ្នកត្រូវការ ។
-
ធនធានប្រព័ន្ធផ្សព្វផ្សាយ—សាសនាចក្រផ្ដល់នូវធនធានពហុប្រព័ន្ធផ្សព្វផ្សាយជាច្រើន ដើម្បីជួយអ្នកសិក្សា ចូរមកតាមខ្ញុំ ។ ទាំងនេះរួមមាន សុន្ទរកថាសន្និសីទទូទៅ ( អត្ថបទ សំឡេង និងវីដេអូ ) សុន្ទរកថាសាកលវិទ្យាល័យព្រិកហាំយ៉ង់ ( អត្ថបទ សំឡេង និងវីដេអូ ) podcasts របស់សាសនាចក្រ ( សំឡេង វីដេអូ ) និងប្រព័ន្ធផ្សព្វផ្សាយដំណឹងល្អផ្សេងៗទៀត ( វីដេអូ រូបភាព តន្ត្រី និងសំឡេង ) ។ សូមស្វែងរកធនធានទាំងនេះនៅលើកម្មវីធីរបស់សាសនាចក្រ ( Gospel Library, Gospel Media ) ChurchofJesusChrist.org និង speeches.byu.edu ហើយប្រើប្រាស់ប្រភេទប្រព័ន្ធផ្សព្វផ្សាយដែលអ្នកអាចរៀនបានល្អបំផុត !
-
ការចែកចាយ—របៀបដ៏ល្អបំផុតមួយដើម្បីធ្វើឲ្យការរៀនសូត្រដំណឹងល្អរបស់អ្នកកាន់តែស៊ីជម្រៅ គឺដោយការចែកចាយនូវអ្វីដែលអ្នកបានរៀន ។ ចែកចាយដោយផ្ទាល់ នៅក្នុងសៀវភៅកំណត់ហេតុ នៅក្នុងសារ តាមទូរសព្ទ ឬសូម្បីតែតាមបណ្ដាញសង្គម ។ សូមចាប់ផ្ដើមឲ្យមានការសន្ទនា ។
នោក្នុងឆ្នាំ ២០២១ យើងនឹងសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្តីសញ្ញា នៅក្នុង ចូរមកតាមខ្ញុំ ។ នេះជាយោបល់មួយចំនួនសម្រាប់ការសិក្សាព្រះគម្ពីរនេះជាពិសេស ៖
-
Revelations in Context—សៀវភៅ Revelations in Context រួមមានព័ត៌មានប្រវត្តិអំពីមនុស្ស និងកាលៈទេសៈដែលពិភាក្សានៅក្នុងព្រះគម្ពីរ គោលលទ្ធិ និងសេចក្តីសញ្ញា ។ អ្នកអាចរកសៀវភៅនេះបាននៅក្នុងកម្មវិធី Gospel Library ( បណ្ណាល័យដំណឹងល្អ ) និងនៅលើគេហទំព័រ ChurchofJesusChrist.org ។
-
អត្ថបទគាំទ្រ ចូរមកតាមខ្ញុំ—ជារៀងរាល់ខែ ទស្សនាវដ្តីសាសនាចក្រផ្ដល់នូវអត្ថបទនានាដើម្បីបន្ថែម និងពង្រឹងការសិក្សារបស់អ្នកអំពី ចូរមកតាមខ្ញុំ ។ អ្នកអាចចូលប្រើប្រាស់ទស្សនាវដ្ដីទាំងនេះនៅក្នុងកម្មវិធី Gospel Library ( បណ្ណាល័យដំណឹងល្អ ) នៅគេហទំព័រ ChurchofJesusChrist.org និងតាមរយៈទស្សនាវដ្ដីដែលបានបោះពុម្ព ។
-
Gospel Topics essay « គោលលទ្ធិ និងសេចក្តីសញ្ញា »—សាសនាចក្រមានបទនិពន្ធប្រធានបទដំណឹងល្អអំពីប្រធានបទប្រវត្តិសាស្ត្រសាសនាចក្រជាច្រើន រួមទាំង គោលលទ្ធិ និងសេចក្តីសញ្ញា ផងដែរ ។ បទនិពន្ធនីមួយៗរួមមានការពន្យល់ខ្លីមួយអំពីប្រធានបទនោះ ក៏ដូចជាតំណភ្ជាប់ទៅនឹងសុន្ទរកថាសន្និសីទទូទៅ បទគម្ពីរ និងប្រព័ន្ធផ្សព្វផ្សាយរបស់សាសនាចក្រផ្សេងៗដែលទាក់ទង ។ អ្នកអាចស្វែករកបទនិពន្ធ គោលលទ្ធិ និងសេចក្តីសញ្ញា ( និងផ្សេងៗទៀតជាច្រើន ) នៅលើគេហទំព័រ ChurchofJesusChrist.org/topics និងនៅក្នុងកម្មវិធី Gospel Library ( បណ្ណាល័យដំណឹងល្អ ) ។
-
ពួកបរិសុទ្ធ ៖ រឿងអំពីសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ភាគ ១ និងភាគ ២—សៀវភៅ ពួកបរិសុទ្ធ ថ្មីដែលត្រូវបានសរសេរដោយប្រវត្តិវិទូរបស់សាសនាចក្រ រួមមានរឿងរ៉ាងទាំងឡាយរបស់សមាជិកសាសនាចក្រពីដំបូងៗ និងត្រូវបានសរសេរជាទម្រង់ងាយអាន ប្រភេទប្រលោមលោក ។ អ្នកអាចអាន ឬស្ដាប់សៀវភៅទាំងនេះនៅលើកម្មវិធី Gospel Library [ បណ្ណាល័យដំណឹងល្អ ] ( ឬទិញច្បាប់ដែលបានបោះពុម្ពប្រសិនបើអ្នកចូលចិត្ត ) ហើយក៏អាចស្ដាប់ ឬមើល podcast Saints នៅលើគេហទំព័រ ChurchofJesusChrist.org ឬនៅលើកម្មវិធី Latter-Day Saints Channel ។
យើងទាំងអស់គ្នាមានកាលៈទេសៈជីវិតខុសៗគ្នា ប៉ុន្តែរឿងដ៏អស្ចារ្យអំពីដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ គឺថាវាសម្រាប់មនុស្សគ្រប់គ្នា ! ចូរមកតាមខ្ញុំ អាចជួយយើងឲ្យរកឃើញ និងអនុវត្តដំណឹងល្អនៅក្នុងជីវិត និងស្ថានភាពរបស់យើងម្នាក់ៗផ្ទាល់ ។ គោលដៅខ្ពស់បំផុតរបស់យើងក្នុងការប្រើប្រាស់ ចូរមកតាមខ្ញុំ មិនចាំបាច់តែដើម្បីបញ្ចប់គ្រប់សកម្មភាព ឬគំនិតសិក្សាដែលបានផ្ដល់ឲ្យនៅក្នុងនោះទេ ។ ផ្ទុយទៅវិញ យើងគួរតែព្យាយាមជ្រមុជទៅក្នុងព្រះគម្ពីរ—ជាព្រះបន្ទូលនៃព្រះ ។
ប្រហែលជាបញ្ជីនេះរួមមាននូវគំនិតមួយ ឬពីរ ដែលត្រូវនឹងស្ថានភាពរបស់អ្នក ឬប្រហែលជាគំនិតទាំងនេះជំរុញឲ្យមានវិវរណៈផ្ទាល់ខ្លួនមួយចំនួនរបស់អ្នកផ្ទាល់ អំពីរបៀបដែលអ្នកសិក្សា ចូរមកតាមខ្ញុំ ។ បែបណាក៏ដោយ សូមកុំបោះបង់ ហើយ « ចូរមើលមកឯ [ ព្រះអម្ចាស់ ] ដោយនូវគ្រប់ទាំងគំនិត ចូរកុំសង្ស័យ ចូរកុំខ្លាចឡើយ » ( គោលលទ្ធិ និងសេចក្តីសញ្ញា ៦:៣៦ ) ។