ឆ្នាំ ២០២០
ហេតុ​អ្វី​យើង​ត្រូវការ​ព្រះយេស៊ូវ គ្រីស្ទ
ខែ ធ្នូ ឆ្នាំ ២០២០


ហេតុ​អ្វី​យើង​ត្រូវការ ​ព្រះយេស៊ូវ គ្រីស្ទ

ដកស្រង់​ចេញពី​សុន្ទរកថាមួយ​មាន​ចំណង​ជើង​ថា « សារលិខិត​ពិធីបុណ្យគ្រីស្ទ​ម៉ាស់ » ដែលថ្លែង​នៅ​សាកលវិទ្យាល័យ ព្រិកហាំ យ៉ង់ កាលពីថ្ងៃទី ១២ ខែ ធ្នូ ​ឆ្នាំ ២០១៧ ។

សំឡេង​កណ្តឹង​នៃ​រដូវកាល​បុណ្យ​គ្រីស្ទម៉ាស់​ និង​ការ​សញ្ជឹង​គិត​អំពី​ព្រះរាជ​បុត្រា​នៃព្រះ​ដ៏អស្ចារ្យ និង មាន​ឫទ្ធានុភាព ។

painting of shepherds coming to see Mary and baby Jesus

សេចក្តី​ស្រឡាញ់​ដ៏ខ្ពង់ខ្ពស់​នៃ​អ្នក​គង្វាល រូបភាព ដោយ​ម៉ៃឃើលលែនជែឡូ មឺរីស៊ី ដា ឃារ៉ាវ៉ាគីអូ , ប្រ៊ីត​មែន ។

ខ្ញុំមាន​អំណរ បន្ថែម​នៅ​ក្នុង បុណ្យ​គ្រីស្ទម៉ាស់ ដែល​ខែ ធ្នូ បាននាំមក​នូវ​ឱកាស ដើម្បី​សញ្ជឹងគតិ​ជាថ្មី អំពីជីវិត និង​ពលិកម្ម​របស់​ព្យាការី យ៉ូសែប ស៊្មីធ ថ្ងៃកំណើត​របស់​លោក​ចាប់ផ្តើម​នៅថ្ងៃ ទី ២៣ ខែ ធ្នូ ។ វាពិបាកណាស់ ក្នុងការមាន​អំណរ​គុណពេញ​លេញចំពោះ​អ្វីដែល​​លោក​សម្រេច​បាន ក្នុងនាម​ជា​ឧបករណ៍​នៅក្នុង​ព្រះហស្ត​របស់ព្រះអម្ចាស់ និង​បរិយាកាស​នៃការប្រឆាំង​ការបៀតបៀន និងឧបសគ្គ​ឥត​ឈប់ឈរ ។ នៅ​ពេល​នោះមក ដល់ យើង នឹងឃើញ ព្យាការី យ៉ូសែប ដោយ កិត្តិយសក្នុងនាម ជា មេដឹកនាំដ៏សក្តិសម នៃគ្រាកាន់កាប់ត្រួតត្រា ដ៏អសា្ចរ្យ និង ចុងក្រោយ​នេះ—ជាគ្រាកាន់កាប់​ត្រួតត្រាមួយ​ដែល​ឆ្ពោះ​ទៅ រកភាព​ជោគជ័យ ផ្ទុយ​ពី​គ្រា​កាន់​កាប់​ត្រួតត្រា​មុនៗ ដែល​បញ្ចប់​ដោយ​ការក្បត់​សាសនា ។

ខ្ញុំមិន​ស្មានថា នៅ​គ្រា​កាន់​កាប់​ត្រួត​ត្រា​នេះ មានមនុស្ស​ណាម្នាក់ បានរៀនខ្លាច​ព្រះ ជាង​មនុស្ស​​ប្រសើរ​ជាង​ព្យាការី​នេះ​ឡើយ ( សូមមើល គោលលទ្ធិ និង​សេចក្ដីសញ្ញា ៣:៧–៨ ) ។ ព្រះអម្ចាស់ បាន​តម្រូវ​ឲ្យ​យ៉ូសែប​ធ្វើ​កិច្ចការ​លំបាក មួយ​ចំនួន ។ លោក​បាន​ធ្វើកិច្ចការ​ទាំងនោះ ហើយ​ពួកយើង​ទាំង​អស់គ្នា​គឺ​ជា​អ្នក​ទទួល​ផល​ប្រយោជន៍​ទាំងនោះ ។

ការបកប្រែ និងការបោះពុម្ព​ព្រះគម្ពីរ​មរមន គឺជា​សញ្ញា​នៃ​ជោគជ័យ និង​ជាគ្រឹះ​ទៅកាន់​ជ័យជម្នះ​នៃបុព្វហេតុ​របស់​ព្រះអម្ចាស់​នៅក្នុង​គ្រាកាន់​កាប់ត្រួតត្រា​ចុងក្រោយនេះ ។ តាមរយៈ​ព្រះគម្ពីរ​មរមន និង​ការនិមិត្ត​របស់លោក និង​វិវរណៈ យ៉ូសែប បាន​បើក​សម្តែង​ពីចរិត​លក្ខណៈពិត​របស់​ព្រះយេស៊ូវ​គ្រីស្ទ ក្នុង​យុគសម័យ​ទំនើប ក្នុង​នាម​ជា ព្រះរាជបុត្រាបង្កើតតែមួយ​នៃព្រះ និង​ជាព្រះប្រោសលោះ​នៃមនុស្សលោក ។

ជាពិសេស​​នេះ​ជារដូវ​កាល​ដែលយើង​ត្រូវចងចាំ​​ពី​ទំនាក់​ទំនង​ផ្ទាល់​ខ្លួន​របស់​ព្យការី​ជាមួយ​ព្រះអង្គសង្គ្រោះ និង « នេះ​គឺជា​ទី​បន្ទាល់​ចុង​ក្រោយ​បង្អស់ ដែល [ លោក​ថ្លែង ] អំពី [ ព្រះគ្រីស្ទ ] ៖ គឺថា​ទ្រង់​មានព្រះ​ជន្ម​រស់នៅ ! » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៦:២២ ) ទីបន្ទាល់​របស់​យ៉ូសែប​អំពី​ព្រះគ្រីស្ទ​ដែលមាន​ព្រះជន្ម​រស់ បានបំផុស​គំនិត​ខ្ញុំ​អំពី​សេចក្តី​ថ្លែងការណ៍​របស់ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី ( ១៩១០–២០០៨ ) ៖ « នឹងគ្មាន​បុណ្យគ្រីស្ទម៉ាស់​ទេ ប្រសិន​បើគ្មាន​បុណ្យ​អ៊ីសស្ទើរ ។ ព្រះឱរស​យេស៊ូវ​នៃ​ភូមិ​បេថ្លេហិម​នឹង​ក្លាយ​ជា​ទារក​ធម្មតា​ម្នាក់ ប្រសិន​បើ​គ្មាន​ព្រះគ្រីស្ទ​ដ៏​ប្រោសលោះ​នៃ​សួន​ច្បារ​គែតសាម៉ានី និង​កាល់វ៉ារី និង​ការពិត​ដ៏​ជោគជ័យ​នៃ​ការ​រស់​ឡើង​វិញ​នោះ » ។

ហេតុអ្វី​យើង​ត្រូវការ​ព្រះ​យេស៊ូវ គ្រីស្ទ ?

ជាច្រើន​ឆ្នំាកន្លងទៅហើយ មនុស្ស​ម្នាក់​ដែលជា​សមាជិក​នៃសាសនាចក្រ​ជាច្រើនឆ្នាំ​មកហើយ​នោះ​បាន​សួរខ្ញុំថា « ហេតុអ្វី​យើង​ត្រូវការ​ព្រះ​យេស៊ូវ គ្រីស្ទ ? ខ្ញុំ​ជាមនុស្ស​រក្សា​ព្រះបញ្ញត្តិ ខ្ញុំគឺជាមនុស្ស​ល្អ ។ ហេតុ​អ្វី​ខ្ញុំ​ត្រូវ​ការ​ព្រះអង្គ​សង្គ្រោះ ? » ខ្ញុំអាច​និយាយថា ការដែល​សមាជិក​រូបនេះ​មិនយល់​អំពី​ផ្នែក​ដ៏សំខាន់​បំផុត​នៃ​គោលលទ្ធិ​របស់យើង ជាធាតុ​ផ្សំនៃមូលដ្ឋាន​គ្រឹះ​នៃផែនការនៃ​សេចក្តី​សង្គ្រោះ បានធ្វើ​ឲ្យ​ខ្ញុំមាន​ការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ។

ខ្ញុំបាន​ឆ្លើយថា « មែន​ហើយ​សេចក្តីស្លាប់​គឺជាបញ្ហា​តូចតាច​ដែល​ទើប​ចាប់ផ្តើម​ប៉ុណ្ណោះ ។ ខ្ញុំស្មាន​ថាបង​មិនចង់​ឲ្យ​សេចក្តី​ស្លាប់​របស់​បង​ជាស្ថាន​ភាព​ចុងក្រោយ​របស់​បង ហើយ​បើ​គ្មាន​ព្រះយេស៊ូវ គ្រីស្ទ​ទេ នោះ​ក៏គ្មាន​ដំណើរ​រស់ឡើង​វិញដែរ »។

ខ្ញុំបាន​និយាយ​ពីរឿង​ផ្សេងៗ ថាទោះបី​ជាមនុស្ស​ល្អបំផុត ក៏នៅតែ​ត្រូវការ​ការអភ័យ​ទោស និង ការសម្អាត ដែល​អាច​ធ្វើបាន​មានតែតាមរយៈ​ព្រះគុណ​នៃ​ដង្វាយធួន​របស់​ព្រះអង្គសង្គ្រោះ​ប៉ុណ្ណោះ ។

ទោះបី​យ៉ាងណា​ក្តី​នៅ​ក្នុង​កម្រិត​មួយ​ផ្សេង​ទៀត សំណួរ​អាច​ជា « តើព្រះ​អាចធ្វើ​អ្វីៗ​ដែលទ្រង់​សព្វព្រះទ័យ​ដើម្បី​សង្គ្រោះ​យើង ដោយ​មិនចាំបាច់​មាន​ព្រះអង្គ​សង្គ្រោះ​ឬទេ ? មាន​មនុស្ស​មួយ​ចំនួន​នៅក្នុង​ពិភពលោក​សព្វថ្ងៃនេះ អាច​នឹង​មាន​សំណួរ​ដូច​នេះ ។ ពួកគេ​ជឿលើព្រះ និង​ជីវិត​បន្ទាប់​ពី​ជីវិត​រមែង​ស្លាប់​ប៉ុន្តែ សន្មត់ថា​ព្រះស្រឡាញ់យើង ដូច្នេះ​វាមិនសំខាន់​ទេ​នូវអ្វី​ដែល​យើង​ធ្វើ ឬ​មិនត្រូវ​ធ្វើ​នោះ ទ្រង់​​ចាត់​ចែង​រឿង​ទាំងនោះ​ហើយ ។

ទស្សនៈ​បែបនេះ​មាន​ប្រភព​តាំង​ពីបុរាណ​មក ។ ឧទាហរណ៍ នីហូរ « ហើយ​គាត់​ក៏​ធ្វើ​ទី​បន្ទាល់​ទៅ​ប្រជាជន​ថា មនុស្ស​លោក​ទាំង​អស់​ត្រូវ​តែ​បាន​សង្គ្រោះ​នៅ​ថ្ងៃ​ចុង​ក្រោយ​បង្អស់ ហើយ​ថា ពួក​គេ​មិន​ចាំបាច់​ខ្លាច ឬ​ញាប់​ញ័រ​ទេ តែ​ថា ពួក​គេ​អាច​ងើបមុខ​ឡើង ហើយ​អរ​រីករាយ​វិញ ត្បិត​ព្រះ​អម្ចាស់​ទ្រង់​បាន​បង្កើត​មនុស្ស​ទាំង​អស់ ហើយ​បាន​ប្រោស​លោះ​មនុស្ស​ទាំង​អស់​ផង ហើយ​នៅ​ទី​បញ្ចប់ មនុស្ស​ទាំង​អស់​នឹង​មាន​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច » ( អាលម៉ា ៣:៤ ) ។

បង​ប្អូនអាច​ស្គាល់​គោលទ្ធិ​របស់​នីហូរ ជាការ​បង្រៀន​ស្រដៀង​ទៅនឹង​ផែន​ការណ៍​នៃ​សេចក្តី​សង្គ្រោះ​ដែល​លូស៊ីហ្វើរ បាន​ដាក់ « ជា​ផ្កាយ​ព្រឹក » ប្រាកដ ណាស់​វាគឺជា​សោក​នាដកម្ម​នៃ​សោក​នាដកម្ម​ដ៏គ្មាន​ទីបំផុត​ ( អេសាយ ១៤:១២ ​សូមមើល​ផងដែរ គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៦:២៥–២៧ ) ។ មាន​ម្តងនោះ ព្រះបាន​ពន្យល់ថា​លូស៊ីហ្វើរ « ដើមដំបូង​មក ហើយ​វា​បាន​មក​ចំពោះ​យើង​ដោយ​ទូល​ថា—មើល​ចុះ ទូលបង្គំ​នៅ​ឯ​ណេះ​ហើយ សូម​ចាត់​ទូលបង្គំ​ចុះ ទូលបង្គំ​នឹង​ធ្វើ​ជា​ព្រះ​រាជ​បុត្រា​របស់​ព្រះ​អង្គ ហើយ​ទូលបង្គំ​នឹង​ប្រោស​លោះ​មនុស្ស​លោក​ទាំង​អស់ ប្រយោជន៍ [ កុំ​ឲ្យ ] ព្រលឹង​ណា​មួយ​ត្រូវ​បាត់​ឡើយ ហើយ​ទូលបង្គំ​នឹង​ប្រព្រឹត្ត​ការ​នោះ​ជាមិនខាន ហេតុ​ដូច្នោះ​ហើយ សូម​ប្រទាន​ដល់​ទូលបង្គំ​នូវ​កិត្តិយស​របស់​ព្រះ​អង្គ​ចុះ ។

« ប៉ុន្តែ​មើល​ចុះ ព្រះ​រាជ​បុត្រា​បង្កើត​តែ​មួយ​របស់​យើង ដែល​ជាទី​ស្ងួនភ្ងា និង​ជា​ទី​ជម្រើស​របស់​យើង​ចាប់​តាំង​ពី​ដើមដំបូង​មក បាន​ទូល​ដល់​យើង​ថា—ព្រះ​វរបិតា​អើយ សូម​ឲ្យ​ព្រះ​ហឫទ័យ​របស់​ព្រះ​អង្គ​បាន​សម្រេច ហើយ​សូម​ឲ្យ​សិរី​ល្អ​របស់​ព្រះ​អង្គ​បាន​ជា​របស់​ផង​ព្រះ​អង្គ​រហូត » ( ម៉ូសេ ៤:១–២ ) ។

វាមិនមែន​ជាករណី​ធម្មតា​ទេ​ដែល​ព្រះយេស៊ូវ គាំទ្រ​ដល់​ផែន​ការ​របស់​ព្រះវរបិតា ហើយ​សំណើ​របស់​លូស៊ីហ្វើរ​ហាក់​បី​ដូច​ជាកែប្រែ​បន្តិច ។ សំណើ​របស់​លូស៊ីហ្វើរ នឹង​បំផ្លាញ​ផែនការ​តាមរយៈ​ការលុប​ចោល​ឱកាស​របស់​យើង​ក្នុង​ការធ្វើសកម្មភាព​ដោយ​ឯករាជ្យ ។ ផែនការ​របស់​លូស៊ីហ្វើរ មានមូលដ្ឋាន​លើការ​បង្ខិត​បង្ខំ​ដែល​ធ្វើ​ឲ្យ​បុត្រា​បុត្រី​ទាំងអស់​របស់​ព្រះ—យើង​ទាំង​អស់គ្នា—ចាំបាច់​ត្រូវ​ក្លាយ​ជាឧបករណ៍​របស់​វា ។ ដូច​ជាអ្វី​ដែល​ព្រះវរបិតា​បាន​សង្ខេប​ថា ៖

« ហេតុ​ដូច្នោះ​ហើយ មក​ពី​សាតាំង​បាន​បះបោរ​ទាស់​នឹង​យើង ហើយ​បាន​ខំ​រក​បំផ្លាញ​សិទ្ធិ​ជ្រើសរើស​របស់​មនុស្ស ដែល​យើង​ជា​ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ​បាន​ប្រទាន​ដល់​មនុស្ស ហើយ​ក៏​មក​ពី​វា​បាន​ចង់​ឲ្យ​យើង​ប្រទាន​ដល់​វា​នូវ​ព្រះ​ចេស្ដា​របស់​យើង​ផ្ទាល់ គឺ​ដោយ​សារ​ព្រះ​ចេស្ដា​នៃ​ព្រះ​រាជ​បុត្រា​បង្កើត​តែ​មួយ​របស់​យើង នោះ​យើង​បាន​បណ្ដាល​ឲ្យ​វា​ត្រូវ​បណ្ដេញ​ចុះ 

« ហើយ​វា​ក្លាយ​ទៅ​ជា​សាតាំង មែនហើយ គឺ​ជា​អារក្ស​ជា​បិតា​នៃ​អស់​ទាំង​ការកុហក​ដើម្បី​បញ្ឆោត ហើយ​ដើម្បី​ធ្វើ​ឲ្យ​មនុស្ស​ខ្វាក់ ហើយ​ដើម្បី​ដឹក​ពួកគេ​យក​ទៅ​ជា​ឈ្លើយ​តាម​ចិត្ត​របស់​វា គឺ​មនុស្ស​ជា​ច្រើន​ណា​ដែល​មិន​ព្រម​ស្តាប់​តាម​សំឡេង ​របស់​យើង​ នោះ​ហើយ » ( ម៉ូសេ ៤:៤ ការសង្កត់​ន័យ​ត្រូវបាន​បន្ថែម ) ។

ផ្ទុយ​ទៅវិញ ការធ្វើតាម​មធ្យោបាយ​របស់​ព្រះវរបិតា​ផ្តល់​ដល់​យើង​នូវ​បទពិសោធន៍​សំខាន់ៗ​នៃជីវិត​រមែងស្លាប់ ។ តាមរយៈ « បទពិសោធន៍​នៃជីវិត​រមេងស្លាប់ » ខ្ញុំ​ចង់​មានន័យ​ថា​យើងជ្រើសរើស​ផ្លូវ​របស់យើង « [ ភ្លក់ ] នូវ​សេចក្តី​ល្វីង​ជូចត់ ដើម្បី [ យើងអាច ] ចេះ​ឲ្យ​តម្លៃ​ដល់​របស់​ល្អ » ( ម៉ូសេ ៦:៥៥ ) ការរៀន​សូត្រ ការប្រែចិត្ត និង​ធំឡើង​ប្រែក្លាយជាមនុស្ស​មាន​សមត្ថភាព និង​ការធ្វើ​សកម្មភាព​ដោយ​ខ្លួនឯង ប្រសើរ​ជាង​ដោយ​គ្រាន់​តែ « ទទួល​សកម្មភាព » ដោយ​ងាយៗ ( នីហ្វៃទី ២ ២:១៣ ) ហើយ​នៅទី​បំផុត អាច​យក​ឈ្នះ​លើ​ទាំងសេចក្តី​អាក្រក់ និង​អាច​បង្ហាញ​ពី​បំណង​ប្រាថ្នា និង​សមត្ថភាព​ក្នុង​ការរស់​នៅតាម​ក្រិត្យវិន័យ​សេឡេស្ទាល ។

ទាំងនេះ​តម្រូវ​ឲ្យមាន​ចំណេះដឹង​នៃ​សេចក្តី​ល្អ និង​សេចក្តី​អាក្រក់ ពីផ្នែក​របស់​យើង​ជាមួយ​នឹង​សមត្ថភាព និង​ឱកាស​ដើម្បី​ជ្រើសរើស​រវាង​ចំណុច​ទាំងពីរនេះ ។ ហើយ​វាតម្រូវ​ឲ្យមាន​ការទទួលខុសត្រូវ​សម្រាប់​ជម្រើស​ដែល​បាន​ធ្វើ—​បើ​មិន​ដូច្នេះទេ​វាមិនមែន​ជាជម្រើស​ពិតប្រាកដ​ឡើយ ។ ត្រឡប់​មកវិញ​ការជ្រើសរើស​តម្រូវ​ឲ្យ​មាន​ក្រឹត្យ​វិន័យ ឬ​លទ្ធផល​ដែល​រំពឹង​ទុក ។ យើង​ត្រូវ​តែ​មាន​សមត្ថភាព​ធ្វើសកម្មភាព​ជាក់លាក់ ឬ​ជម្រើស​ដែល​បណ្តាល​ឲ្យ​ជួប​លទ្ធផល ឬ​ផល​ជាក់លាក់—ហើយ​ចំពោះ​ជម្រើស​ផ្ទុយ​ក៏បង្កើត​លទ្ធផល​ផ្ទុយ​ដែរ ។ ប្រសិន​បើ​ទង្វើ​មិន​សមស្រប​នឹង​ផលវិបាក​ទេ នោះ​មនុស្ស​មិន​អាច​គ្រប់គ្រង​លើលទ្ធផល​ឡើយ ហើយ​ជម្រើស​នោះវាគ្មាន​ន័យអ្វី​ទាំងអស់ ។

painting of Jesus visiting the Nephites

មួយ​ម្តងៗ, ដោយ វេលធើរ រ៉េន

ក្រិត្យវិន័យ និង​សេចក្ដីយុត្តិធម៌

ដោយ​ប្រើពាក្យ​សេចក្ដីយុត្តិធម៌​មាន​ន័យ​ដូច​ពាក្យ​ក្រិត្យវិន័យ អាលម៉ា​បាន​ថ្លែងថា « ឥឡូវ​នេះ កិច្ចការ​នៃ​សេចក្ដី​យុត្តិធម៌ [ ដែល​ជាការប្រតិបត្តិ​នៃក្រិត្យ​វិន័យ ] [ ពុំ​អាច​នឹង ] ត្រូវ​បំផ្លាញ​បាន​ឡើយ បើ​ដូច្នោះ​មែន នោះ​ព្រះ​នឹង​ឈប់​ទៅ​ជា​ព្រះ​ទៀត​ហើយ » ( អាលម៉ា ៤២:១៣ ) ។ វាគឺជា​ចំណេះ​ដ៏ឥតខ្ចោះ​របស់​ទ្រង់ និង​ការប្រើ​ក្រិត្យ​វិន័យ—ឬ​ពាក្យ​ម៉្យាងទៀត គឺជា​សេចក្ដី​យុត្តិធម៌​របស់​ទ្រង់—ដែល​បាន​ប្រទាន​ព្រះ​ចេស្តា​របស់់ទ្រង់​ដល់​ព្រះ ។ យើងត្រូវការ​សេចក្ដីយុត្តិធម៌​របស់ព្រះ ជា​ប្រព័ន្ធ​មិន​ប្រែប្រួល និង​ជាក្រឹត្យ​វិន័យ​ស្ថិតថេរ ដែល​នៅជាប់នឹង​ព្រះអង្គ​ទ្រង់​ផ្ទាល់​ហើយ​ទ្រង់​ជាអ្នក​អនុវត្ត ដូច្នេះ​ទើប​យើង​អាច​អនុវត្ត​សិទ្ធិសេរីភាព ។ សេចក្ដីយុត្តិធម៌​នេះ​គឺជាមូលដ្ឋាន គ្រឹះ​នៃ​ការ​អនុវត្ត​សេរីភាព​របស់​យើង ហើយ​វាគឺជាផ្លូវ​តែមួយ​គត់​ដែល​ដឹកនាំ​ទៅរក​សុភមង្គល​ដ៏គ្មាន​ទីបញ្ចប់ ។

ព្រះអម្ចាស់​បាន​មានបន្ទូល​ប្រាប់​យើងថា « អ្វី​ក៏​ដោយ​ដែល​ត្រូវ​បាន​គ្រប់​គ្រង​ដោយ​សារ​ក្រឹត្យ​វិន័យ នោះ​ក៏​ត្រូវ​បាន​រក្សាទុក​ឲ្យ​បាន​គង់វង្ស​ដោយ​សារ​ក្រឹត្យ​វិន័យ​ដែរ ហើយ​ត្រូវ​បាន​ធ្វើ​ឲ្យ​ល្អ​ឥត​ខ្ចោះ និង​ត្រូវ​បាន​ញែក​ចេញ​ជា​បរិសុទ្ធ​ដោយ​សារ​ក្រឹត្យ​វិន័យ​ដដែល ( គោលលទ្ធិ និងសេចក្តីសញ្ញា ៨៨:៣៤ ) ។ ប៉ុន្តែ​យើង​សូម​សារភាព​ថា គ្មាន​យើងណាម្នាក់ ដែល « គ្រប់​គ្រង​ដោយ​សារ​ក្រឹត្យ​វិន័យ » ជានិច្ច និង​មិនប្រែប្រួល​នោះឡើយ ។ ហើយ​យើង​ពិតជាមិនអាច​រក្សា​ក្រឹត្យវិន័យ ឬ​សេចក្តី​យុត្តិធម៌​បាន​ល្អឥត​ខ្ចោះ នៅពេល​ដែល​យើង​នៅតែ​បំពាន​ក្រឹត្យ​វិន័យ​នោះទេ ( សូមមើល នីហ្វៃទី ២ ២:៥ ) ។ ដូច្នេះ​ហើយ ការ​មាន​សេចក្តី​យុត្តិធម៌ ប៉ុន្តែក៏​ត្រូវ​បាន​លើកទឹក​ចិត្ត​ដោយ​ក្ដីស្រឡាញ់ នោះ​ព្រះវរបិតាសួគ៌​របស់យើង បានបង្កើត​ផែន​ការនៃ​សេចក្តីមេត្តាករុណា ។ ទ្រង់់បាន​ប្រទាន​ព្រះរាជ​បុត្រា​តែមួយគត់​របស់​ទ្រង់ ជា​អ្នក​ដែល​បាន​លះបង់​សម្រាប់​អំពើបាប​របស់យើង ជាអង្គ​ដែល​ដង្វាយ​ធួន​របស់​ទ្រង់​អាច​ធ្វើ​ឲ្យ​ស្កប់ស្កល់​ដល់​សេចក្ដីយុត្តិធម៌​សម្រាប់យើង ដាក់យើង​ក្នុង​ក្រឹត្យវិន័យ​ដែលត្រឹមត្រូវ ហើយ​ជាថ្មី​ម្តងទៀត វាគឺជាការគាំទ្រ និង​ការរក្សាការពារ​យើង មិនមែន​ផ្ដន្ទាទោស​យើង​ឡើយ ។ អាលម៉ា​បាន​ពន្យល់ ៖

« ហើយ​ឥឡូវ​នេះ ផែនការ​នៃ​សេចក្ដី​មេត្តាករុណា ពុំ​អាច​អនុវត្ត​ទៅ​បាន លើកលែង​តែ​មាន​ដង្វាយ​ធួន​កើត​ឡើង ហេតុដូច្នេះ​ហើយ ព្រះ​អង្គ​ទ្រង់​ផ្ទាល់​បាន​ធ្វើ​ឲ្យ​ធួន​នឹង​អំពើ​បាប​ទាំង​ឡាយ​នៃ​មនុស្ស​លោក​ដើម្បី​នាំ​មក​នូវ​ផែនការ​នៃ​សេចក្ដី​មេត្តាករុណា ដើម្បី​ធ្វើ​ឲ្យ​ស្កប់​ស្កល់​ដល់​ការ​ទាមទារ​នៃ​សេចក្ដី​យុត្តិធម៌ ដើម្បី​ព្រះ​ជា​ព្រះ​ដ៏​ល្អ​ឥត​ខ្ចោះ ហើយ​ត្រឹម​ត្រូវ និង​ជា​ព្រះ​ដែល​ប្រកប​ដោយ​សេចក្ដី​មេត្តាករុណា​ផង ។ …

« ប៉ុន្តែ​មាន​ច្បាប់​មួយ​បាន​តែង​ឡើង និង​ទោស​មួយ [ ឬ លទ្ធផល ] បាន​ភ្ជាប់​ទុក និង​ការ​ប្រែ​ចិត្ត​មួយ​បាន​ប្រទាន​ឲ្យ​ជា​ការ​ប្រែ​ចិត្ត ដែល​ទាម​ទារ​ដោយ​សេចក្ដី​មេត្តាករុណា បើ​ពុំ​នោះ​សោត​ទេ សេចក្ដី​យុត្តិធម៌​ទាមទារ​សត្វលោក ហើយ​អនុវត្ត​ច្បាប់ ហើយ​ច្បាប់​ធ្វើ​ទុក្ខ​ទោស បើ​ពុំ​នោះ​សោត​ទេ កិច្ចការ​ទាំង​ឡាយ​នៃ​សេចក្ដី​យុត្តិធម៌ នឹង​ត្រូវ​បំផ្លាញ​ចោល ហើយ​ព្រះ​ទ្រង់​នឹង​ឈប់​ទៅ​ជា​ព្រះ​ទៀត​ហើយ ។

« ប៉ុន្តែ​ព្រះ​ទ្រង់​មិន​ឈប់​ធ្វើ​ជា​ព្រះទេ ឯសេចក្ដី​មេត្តាករុណា​ការពារ​ដល់​ជន​ណា​ដែល​ប្រែ​ចិត្ត ហើយ​សេចក្ដី​មេត្តាករុណា​បាន​មក ដោយ​សារ​ដង្វាយ​ធួន » ។ ( អាលម៉ា ៤២:១៥, ២២–២៣ ) ។

ប្រាកដណាស់ ការប្រែចិត្តគឺ​មាន​តែ​ចំពោះ​អ្នកណា​ដែល​ទទួល​យក​ការទទួល​ខុសត្រូវ និង​ព្រមទទួល​យក​សេចក្តី​មេត្តាករុណា​របស់ទ្រង់ តាមរយៈ​ការប្រែចិត្ត​ប៉ុណ្ណោះ ។ ឬ និយាយ​ម្យ៉ាង​ទៀត ការប្រែចិត្តគឺ​ជា​អ្វី យើង​ធ្វើ​ដើម្បី​ទាមទារអំណោយទាន​នៃ​ការអភ័យទោស ថា​ព្រះវរបិតា​ដែល​គង់​នៅ​ស្ថាន​សួគ៌​អាច​ប្រទាន​មក​យើង​ដោយ​ព្រោះ ព្រះរាជបុត្រា​ស្ងួនភ្ងា​របស់​ព្រះអង្គ​បាន​ធួននឹង​បាប​របស់​យើង ។

painting of Jesus Christ praying in Garden of Gethsemane

ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ

ដោយសារ​តែ​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ យើង​អាច​បាន​ជា​សះ​ស្បើយ​ពី​ការជ្រើស​រើស​មិនល្អ ។ ដោយសារតែ​ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ បាន​ធ្វើឲ្យមាន​ឥទ្ធិពល​មកលើ​បាប និង​កំហុស​របស់​យើង​និង​អ្នកដទៃ និង​រាល់​គ្រប់​សេចក្តី​យុត្តិធម៌​ទាំងឡាយ​នឹង​ត្រូវ​កែ​តម្រូវ​ឡើងវិញ ។ យើង​ត្រូវការ​ព្រះអង្គសង្គ្រោះ​ដើម្បី​បាន​ជាសះស្បើយ​ទាំង​ស្រុង និង​បាន​ក្លាយ​ជា​បរិសុទ្ធ​ទាំង​ស្រុង ។ ដូច្នេះ​ចម្លើយ​ចំពោះ​សំណួរ​របស់យើង​គឺ « ទេ ព្រះមិនអាច​អនុវត្ត​អ្វីផ្សេង​ក្រៅពី​ទ្រង់​រីករាយ​នឹង​ជួយ​សង្គ្រោះ​មនុស្ស ។ ទ្រង់​ពុំ​អាច​ធ្វើ​ជា​អ្នក​បំពាន​ផង និង​ជា​អ្នក​ផ្តល់​យុត្តិធម៌​ផងនោះទេ ។ ហើយ​បើ​សិន​ជាទ្រង់​គ្មាន​យុត្តិធម៌ទេ នោះ​ក៏គ្មាន​ព្រះដែរ » ។ ហេតុ​ដូច្នេះហើយ សេចក្តី​សង្រ្គោះ និង​ភាព​លើក​តម្កើង​គឺត្រូវ​តែ​បាន​សម្រេច នៅក្នុង​របៀប​មួយដែល​គាំទ្រ និង​អនុ​លោម​ទៅតាម​ក្រឹត្យ​វិន័យ មិនប្រែប្រួល ទៅកាន់​សេចក្តី​យុត្តិធម៌ ។ ហើយ​សូម​ថ្វាយ​អំណរគុណ​ដល់​ព្រះ ទ្រង់​បាន​គាំទ្រ ​ឲ្យ​មាន​សេចក្តី​យុត្តិធម៌ តាមរយៈ​ការប្រទាន​ព្រះអង្គ​សង្គ្រោះ​មួយអង្គ » ។

ចូរចាំថា នៅក្នុង​ក្រុមប្រឹក្សា​មុនជីវិតលើផែនដី​លូស៊ីហ្វើរ​មិន​បាន​ស្ម័គ្រ​ចិត្ត​ធ្វើ​ជាព្រះអង្គសង្គ្រោះ​របស់យើង​ទេ ។ វា​មិនចាប់​អារម្មណ៍​នឹង​ការ​រងទុក្ខ ឬ​ការស្លាប់ ឬ​ការបង្ហូរ​ឈាម​ពី​ខ្លួន​វាជំនួស​យើង​ឡើយ ។ វាមិនបាន​ស្វែងរក​ប្រែក្លាយ​ជាអ្នក​តំណាង​នៃ​សេចក្តី​យុត្តិធម៌​ឡើយ ប៉ុន្តែ​ប្រែក្លាយ​ខ្លួនវា​ជាក្រឹត្យវិន័យ​វិញ ។ តាម​មតិ​របស់​ខ្ញុំ កាលដែល​វានិយាយ​ទៅកាន់​ព្រះវរបិតា​ថា « សូម​ប្រទាន​ដល់​ទូលបង្គំ​នូវ​កិត្តិយស​របស់​ព្រះ​អង្គ » ( ម៉ូសេ ៤:១ ) គឺ​លូស៊ីហ្វើរ​ចង់និយាយថា « សូម​ប្រទាន​សិទ្ធ​ឲ្យ​ទូលបង្គំ​គ្រប់គ្រង » ដោយ​មាន​បំណង​ចង់​អនុវត្ត​អំណាច​តាម​ចិត្តវា ។ ក្រឹត្យវិន័យ​នឹង​ទៅតាម​អ្វី​ដែល​វានិយាយ វា​នឹងផ្តល់​ឲ្យ​ភ្លាមៗ ។ វិធី​នេះ​គ្មាននរណា​ម្នាក់​ មាន​សមត្ថភាព​ធ្វើ​អ្វី​ដោយ​ឯករាជ្យ​បាន​ទេ ។ លូស៊ីហ្វើរ នឹងនៅលើគេ ហើយ​គ្មាន​នរណា​ម្នាក់​អាច​លូតលាស់​ឡើយ ។

ព្រះយេស៊ូវ បាននៅ​ម្ខាងទៀត ទ្រង់​ជ្រាប​ដឹង​ទាំង សេចក្តី​យុត្តិធម៌ និង​សេចក្តី​មេត្តាករុណា​ឥតឈប់​ឈរ គឺជា​តម្រូវ​ការ​សម្រាប់​ការរីកចម្រើន​នៃ​បង​ប្អូន​ប្រុស​ស្រី​ទាំងឡាយ​របស់​ទ្រង់ ។ ជា​មួយ​ព្រះវរបិតា ទ្រង់​មិន​បាន​ស្វែងរក​ការបង្ខិត​បង្ខំ និង​គាប​សង្កត់​យើង​ឡើយ ប៉ុន្តែ​ទ្រង់​ចង់​ឲ្យ​យើង​មាន​សេរី​ភាព​នឹង​លើក​តម្កើង​ឡើង ដូច្នេះ​ទើប​យើងអាច « លើអ្វីៗ​ទាំងអស់ » និង « មាន​អំណាច​គ្រប់យ៉ាង » ជាមួយ​ព្រះវរបិតា ( គោលលទ្ធិ និង សេចក្តីសញ្ញា ១៣២:២០ ) ។

យើង​គួរតែ​រីករាយ​ដែល​បុត្រា​ច្បង នៅក្នុង​វិញ្ញាណ​បាន​ស្ម័គ្រ​ព្រះទ័យ​ប្រែក្លាយ​ជា​ព្រះ​រាជ​បុត្រា​តែ​ម្នាក់គត់​នៅក្នុង​សាច់ឈាម ដើម្បី​រងទុក្ខ​លើសលុប និង​សុគត​យ៉ាង​អាណោច​អាធម៌ ដើម្បី​ប្រោស​លោះ​យើង ។ ទ្រង់​បាន​រួម​សាមគ្គី​យ៉ាង​ឥតខ្ចោះ​រវាង​សេចក្តី យុត្តិធម៌ និង​សេចក្តី​មេត្តាករុណា ។ ទ្រង់​បាន​សង្គ្រោះ​យើង​ពី—​មិនមែន​នៅក្នុង ប៉ុន្តែ​មកពី—អំពើ​បាប​របស់​យើង ( សូមមើល ហេលេមិន ៥:១០–១១ សូមមើល ផងដែរ ម៉ាថាយ ១:២១ ) ។

ហើយ​ទ្រង់​ក៏បាន​សង្គ្រោះ​យើង​ពីការធ្លាក់ ពី​សេចក្តីស្លាប់​ខាង​វិញ្ញាណ និង​ខាង​រូបកាយ ។ ទ្រង់​បាន​បើក​ទ្វារ​ទៅកាន់​អមតភាព និង​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ។ វា​មិនអាច​វាស់​ពីជម្រៅ​នៃ​សេចក្តី​ស្រឡាញ់​របស់​ទ្រង់​បាន​ឡើយ ។ « ទ្រង់​បាន​ទ្រាំទ្រ​រង​អស់ទាំង​សេចក្ដី​ឈឺចាប់​របស់​យើង ហើយ​បាន​ទទួលផ្ទុក​អស់​ទាំង​សេចក្ដី​ទុក្ខព្រួយ​របស់​យើង​ជា​ពិត ។ …

« … តែ​ទ្រង់​ត្រូវ​របួស ដោយ​ព្រោះ​អំពើ​រំលង​របស់​យើង ក៏​ត្រូវ​វាយ​ជាំ ដោយ​ព្រោះ​អំពើ​ទុច្ចរិត​របស់​យើង​ទេ ឯ​ការ​វាយផ្ចាល​ដែល​នាំ​ឲ្យ​យើង​បាន​ជា​មេត្រី នោះ​បាន​ធ្លាក់​ទៅ​លើ​ទ្រង់ ហើយ​យើង​រាល់​គ្នា​បាន​ប្រោស​ឲ្យ​ជា ដោយសារ​ស្នាម​រំពាត់​នៅ​អង្គ​ទ្រង់ » ( អេសាយ ៥៣:៤–៥ ) ។

painting of shepherds looking at baby Jesus, held by Mary

សេចក្តី​ស្រឡាញ់​ដ៏ខ្ពង់ខ្ពស់​នៃ​ឱរស​យេស៊ូវ រូបភាព ដោយ​ម៉ាធាស ស្តូមឺ, ប្រ៊ីត​មែន ។

សរសើរ​ដល់​ព្រះ​

នៅពេល​ពិធីបុណ្យ​គ្រីស្ទ​ម៉ាស់​ជិត​ចូល​មកដល់​ខ្ញុំដឹង​ថា​មនុស្ស​មួយចំនួន ប្រហែល​ជាមាន​កង្វល់ និង​ប្រហែល​ជាអាច​មាន​ការភ័យព្រួយ​ខ្លះៗ​អំពី​អនាគត ។ ប្រហែល​ជាមាន « ការរំខាន » ជាច្រើន នៅក្នុង​ជីវិត​បងប្អូន អាច​ពាក់ពន្ធ័​ឥតឈប់​នៅលើ​អ៊ិនធើរណែត​តិច​ឬ​ច្រើន គ្មាន​ពេល​ឈប់ គ្មាន​ពេល​ស្ងប់​ស្ងាត់ និង គ្មាន​ពេល​ពិចារណា និង​គិត គ្មាន​ពេល​មើល​ទៅ​ខាងក្នុង និង​ញែក​ដឹង តើ​បងប្អូន​នៅទីណា ហើយ​បងប្អូន​គួរ​ទៅទីណា ។ បងប្អូន​ប្រហែល​ទទួល​រង​ឥទ្ធិពល ដោយ​ការ​រំពឹង​ទុក​ពុំ​ពិត​ប្រាកដ​ដូច​ជា « ភាព​ល្អឥតខ្ចោះ​គួរតែ​កើត​ឡើង​ភ្លាមៗ » ឬ « សុភមង្គល និង​ជោគជ័យ​ត្រូវ​នៅជាប់​ជានិច្ច​ក្នុង​ជីវិត​ធម្មតា » ។

ខ្ញុំសង្ឃឹម​ថា បងប្អូន​នឹង​ទុក​ការយល់​ខុសនេះ​មួយ​ឡែក គិត​អំពី « សំឡេង » កណ្តឹង​ហើយ​ឆ្លៀតពេល​ខ្លះៗ​នៃ​រដូវកាល​បុណ្យ​គ្រីស្ទម៉ាស់​បើមិន​បានច្រើន​យ៉ាង​តិចណាស់​ក៏បាន​មួយ​ម៉ោង—ដើម្បី​សញ្ជឹង​គិត​អំពី « ព្រះរាជ​បុត្រា​នៃព្រះ … ដ៏អស្ចារ្យ និង​មាន​ឫទ្ធានុភាព » ។  សូម​ទុកពេល​មួយម៉ោង រំឭក​កិច្ចសន្យា និង​ការចាប់​ផ្តើម​ជាថ្មី​សម្រាប់​បងប្អូន ។

ខ្ញុំបាន​សរសេរ​សារលិខិតនេះ​មុន​ពិធីបុណ្យ​គ្រីស្ទម៉ាស់ ៖ 

« នៅពេល​យើង​និយាយ​អំពី​កំណើត​របស់​ព្រះយេស៊ូវ គ្រីស្ទ យើង​ប្រហែល​ជាគិត​អំពី​អ្វី ដែល​បាន​កើត​ឡើង​បន្ទាប់​ទៀត ។ កំណើត​របស់​ទ្រង់​អស្ចារ្យ​បំផុត ដោយសារ​អ្វី​ដែល​ទ្រង់​បាន​ជួប និង​រងទុក្ខ ដូច្នេះ​ទ្រង់​អាច​ជួយ​យើង​បាន​កាន់តែ​ប្រសើរ—អ្វីៗ​ទាំងអស់​ត្រូវបាន​បញ្ចប់​នៅក្នុង​ការឆ្កាង និង​ការរស់​ឡើងវិញ​របស់​ទ្រង់ ( សូមមើល អាលម៉ា ៧:១១–១២ ) …

« [ ប៉ុន្តែ​ខ្ញុំក៏បាន ] គិត​ផងដែរ ថាវាគឺជាពេវេលា​សមរម្យ​នៃ​ឆ្នាំ​ដែល​ត្រូវ​គិត​អំពីទារក​នៅក្នុង​ស្នូក ។ សូម​កុំ​គិត​ពី​អ្វី​ដែល​ស្មុគស្មាញ ឬ​អ្វី​ផ្សេង​ទៀត​ដែល​នឹង​កើត​ឡើង​ឡើយ ។ … សូម​ឆ្លៀត​ពេល​ដ៏​មាន​ភាពសុខសាន្ត​បន្តិច​ដើម្បី​គិត​ពី​ការចាប់ផ្តើម​នៃ​ព្រះជន្ម​របស់​ទ្រង់—គឺ​ជា​អ្វី​ដែល​បាន​បញ្ចប់​នៃ​ការព្យាករណ៍​សួគ៌ា ប៉ុន្តែ​គឺ​ជា​ការ​ចាប់ផ្តើម​នៃ​ជីវិត​ផែនដី​របស់​ទ្រង់ ។

« សូម​ឆ្លៀតពេល​សម្រាក ចូរ​មាន​សេចក្តី​សុខសាន្ត​ចុះ ហើយ​សូមមើល​ព្រះឱរស​តូច​នេះ​នៅក្នុង​ចិត្ត​បងប្អូន​ចុះ ។ សូម​កុំ​ព្រួយ​បារម្ភ ​ជាមួយ​អ្វី​ [ ប្រហែល ] ដែល​នឹង​កើត​ឡើង​នៅក្នុង​ជីវិត​របស់​ទ្រង់ ឬ​ជីវិត​របស់​បងប្អូន​ឡើយ ។ ផ្ទុយ​ទៅវិញ សូម​ឆ្លៀត​ពេល​នៃ​ភាពសុខសាន្ត​ដើម្បី​សញ្ជឹង​ពី​ឱកាស​ដ៏​ស្ងប់ស្ងាត់​បំផុត​នៅក្នុង​ប្រវត្តិសាស្ត្រ​នៃ​ពិភពលោក—នៅពេល​ពលទ័ព​នៃ​ឋានសួគ៌​រីករាយ​នឹង​សារលិខិត ‹ សួស្តី​ដល់​ព្រះ​នៅ​ស្ថាន​ដ៏​ខ្ពស់​បំផុត ហើយ​សេចក្តី​សុខសាន្ត​នៅ​ផែនដី នៅ​កណ្តាល​មនុស្ស ដែល​ជា​ទី​គាប់​ព្រះហឫទ័យ​ដល់​ទ្រង់ › ( លូកា ២:១៤ ) ។ »

កំណត់​ចំណាំ

  1. Teachings of Presidents of the Church: Gordon B. Hinckley ( ឆ្នាំ ២០១៦ ) ទំព័រ ៣៣០ ។

  2. « ហើយ​ចំពោះ​នគរ​នីមួយៗ នោះ​ត្រូវ​បាន​ប្រទាន​ក្រឹត្យ​វិន័យ​ឲ្យ ហើយ​ចំពោះ​ក្រឹត្យ​វិន័យ​នីមួយៗ នោះ​មាន​កម្រិត និង​លក្ខខ័ណ្ឌ​ខ្លះៗ ។ គ្រប់​មនុស្ស​ទាំង​អស់​ដែល​មិន​នៅ​ជាប់​ក្នុង​លក្ខខណ្ឌ​ទាំង​នោះ នោះ​ពុំ​បាន​រាប់​ថា​សុចរិត​ឡើយ។ » ( គោលលទ្ធិ និង សេចក្តីសញ្ញា ៨៨:៣៨–៣៩ ) ។ ព្រះ​បាន​រស់នៅ និង​អនុវត្ត​តាម​ក្រិត្យ​វិន័យ​នៃ នរគ​ដ៏ខ្ពស់​បំផុត ។ ហេតុ​ដូច្នោះ​ហើយ « ព្រះ​អង្គ​យល់​គ្រប់​ទាំង​អស់ ហើយ​គ្រប់​ទាំង​អស់​នៅ​ចំពោះ​ទ្រង់ ហើយ​គ្រប់​ទាំង​អស់​នៅ​ព័ទ្ធជុំវិញ​ទ្រង់ ហើយ​ព្រះ​អង្គ​នៅ​លើ​គ្រប់​ទាំង​អស់ និង​នៅ​ក្នុង​គ្រប់​ទាំង​អស់ និង​តាម​រយៈ​គ្រប់​ទាំង​អស់ និង​នៅ​ព័ទ្ធជុំវិញ​គ្រប់​ទាំង​អស់ ហើយ​គ្រប់​ទាំង​អស់​គឺ​ដោយ​សារ​ទ្រង់ និង​មក​ពី​ទ្រង់ គឺជា​ព្រះ​ជា​រៀង​ដរាប​ត​ទៅ » ។ ( គោលលទ្ធិ និង សេចក្តីសញ្ញា ៨៨:៤១ ) ។

  3. « មែន​ហើយ ហើយ​ដរាបណា​រាស្ត្រ​យើង​ប្រែចិត្ត យើង​នឹង​អត់​ទោស​ឲ្យ​គេ​ចំពោះ​ការ​រំលង​ច្បាប់​ទាំង​ឡាយ​ដែល​គេ​បាន​ប្រព្រឹត្ត​ទាស់​នឹង​យើង ។ ( ម៉ូសាយ ២៦:៣០ ) ។

  4. អស់អ្នក​ដែល​ដើរតាម​សាតាំង កំពុង​ស្វែង​រកគោល​ដៅដែល​ដូចគ្នា ប៉ុន្តែ​ព្រះអម្ចាស់​បាន​ប្រកាស​ថា « អ្វី​ក៏​ដោយ​ដែល​បំបាក់​ក្រឹត្យ​វិន័យ ហើយ​មិន​នៅ​ជាប់​ក្នុង​ក្រឹត្យ​វិន័យ ប៉ុន្តែ​ស្វែងរក​ដើម្បី​ត្រឡប់​ទៅ​ជា​ក្រឹត្យ​វិន័យ​ដល់​ខ្លួន​គេ​វិញ ហើយ​ព្រម​នៅ​ជាប់​ក្នុង​អំពើ​បាប ហើយ​នៅ​ជាប់​ជុំ​គ្នា​ក្នុង​អំពើ​បាប [ ដែល​នៅក្នុង​សណ្ឋាន​មិន​គោរព​ប្រតិបត្តិ​តាម​ក្រឹត្យវិន័យ ] នោះ​ពុំ​អាច​ញែក​ចេញ​ជា​បរិសុទ្ធ​ដោយ​សារ​ក្រឹត្យ​វិន័យ​បាន​ឡើយ ឬ​ដោយ​សារ​សេចក្ដី​មេត្តាករុណា សេចក្ដី​យុត្តិធម៌ ឬ​សេចក្ដី​ជំនុំ​ជំម្រះ​បាន​ដែរ ។ ហេតុ​ដូច្នេះ​ហើយ ពួក​គេ​ត្រូវ​តែ​ជាប់​នៅ​ក្នុង​ភាព​ស្មោក​គ្រោក​ដដែល » ( គោលលទ្ធិ និង សេចក្តីសញ្ញា ៨៨:៣៥ ) ។

  5. Teachings: Gordon B. Hinckley ទំព័រ ៣៣១ ។

  6. ឌី ថត គ្រីស្តូហ្វឺសិន « ចូរ​មាន​សេចក្តី​សុខសាន្ត​ចុះ » លីអាហូណា ខែ ធ្នូ ឆ្នាំ ២០១៥ ទំព័រ ៣៦ ។