យុវមជ្ឈិមវ័យ
ភាពពិត នៅពីក្រោយ ប្រវត្តិនៃរូបភាពដ៏ល្អឥតខ្ចោះទាំងនោះ
បាបារ៉ា រ៉ូដរីហ្គាសអាយុ២៥ឆ្នាំ បានកើតនៅ អាំងហ្សូតាគី ប្រទេស វ៉េណេស្ស៊ូអេឡា ជាកន្លែងដែលនាងបានជួបស្វាមីនាង ។ បច្ចុប្បន្នពួកគេរស់នៅ លីម៉ា ពេរូ បាបារ៉ា បានធ្វើការឧទ្ទិសដើម្បីបង្កើតមាតិកាដែលលើកតម្កើងនៅក្នុង ប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ពួកគេ ។
ពេលយើងប្រៀបធៀបខ្លួនយើងទៅនឹង ប្រព័ន្ធផ្សព្វផ្សាយសង្គម យើងនឹងយល់ច្រឡំរូបភាពពិតប្រាកដ ។
មួយរយៈពេលកន្លងទៅហើយ អ្នកតាមដានរបស់ខ្ញុំម្នាក់នៅក្នុង Instagram ( អ៊ីនស្តាក្រាម ) បានផ្តល់មតិលើរូបថតមួយ ដោយនិយាយថា « បងមើលទៅស្រស់ស្រាយណាស់ជាមួយកូនទាំងពីរ ចំណែកខ្ញុំវិញពិបាកណាស់សូម្បីមើលកូនតែម្នាក់ ? » រំពេចនោះខ្ញុំសើច ហើយចង់ឆ្លើយតបទៅនាងដោយផ្ញើរូបថត ក្នុងសភាពឥឡូវនេះ ។
ខ្ញុំបានឆ្លើយថា « ខ្ញុំតែងគិតថា ខ្ញុំជាមនុស្សដែលតែងខ្លួនរយីករយាក បើប្រៀបធៀបជាមួយអ្នកម្តាយដទៃទៀត ។ នោះហើយគឺជាឥទ្ធិពលនៃ ប្រព័ន្ធផ្សព្វផ្សាយសង្គម—យើងទោរទន់ទៅរកការប្រៀបធៀនខ្លួនយើងទៅមនុស្សម្នាក់ទៀត ខណៈដែលមនុស្សម្នាក់នោះប្រៀបធៀបខ្លួនទៅអ្នកផ្សេងទៀត ។ ប៉ុន្តែភាពពិតនោះគឺថាពេលនេះខ្ញុំមិនស្រស់ស្រាយទេ ហើយខ្ញុំក៏គ្មានសេចក្តីក្លាហានបញ្ចូលរូបថតក្នុងសភាពបែបនេះដែរ ។ ជាទូទៅខ្ញុំស្លៀកពាក់ស្អាតបាត និង ‹ ត្រឹមត្រូវ › តែនៅ ថ្ងៃសុក្រ និងថ្ងៃអាទិត្យប៉ុណ្ណោះ » ។
ខ្ញុំបានចែកចាយអំពីជីវិតរបស់ខ្ញុំនៅលើ ប្រព័ន្ធផ្សព្វផ្សាយសង្គមពីរបីឆ្នាំហើយពេលនេះ ។ ភាគច្រើន ខ្ញុំព្យាយាមចែកចាយពី « ជីវិតពិត » របស់សមាជិកទាំងឡាយនៃសាសនាចក្រ ។ ហើយការធ្វើដូច្នេះបានធ្វើឲ្យខ្ញុំមានបទពិសធន៍មួយចំនួន ដែលបានបំផុសខ្ញុំ ឲ្យគិតអំពី គុណធម៌ និង ហានិភ័យ នៃ ប្រព័ន្ធផ្សព្វផ្សាយសង្គម ។
ប្រព័ន្ធផ្សព្វផ្សាយសង្គមមិនបង្ហាញអ្វីគ្រប់យ៉ាងទេ
វាមិនមែនជាលើកដំបូងទេដែលមានអ្នកសួរសំណួរដូច្នេះដល់ខ្ញុំ ។ អ្វីដែលសំខាន់នោះគឺ ប្រព័ន្ធផ្សព្វផ្សាយសង្គមបង្ហាញតែផ្នែកតូចមួយនៃជីវិតរបស់មនុស្សប៉ុណ្ណោះ ។ នៅក្នុងករណីរបស់ខ្ញុំ ទោះបីជាខ្ញុំព្យាយាម បញ្ជាក់ការពិតយ៉ាងណា ក៏នៅតែមិនអាចបង្ហាញអ្វីគ្រប់សព្វបែបយ៉ាងដែរចំពោះខ្ញុំ ។ ហើយយើងមិនគួរប្រៀបធៀបខ្លួនយើង ឬ ឲ្យតម្លៃតែទៅលើរូបថតស្អាតមួយសន្លឹកនោះទេ ។ ការបៀបធៀបខ្លួនយើងជាពិសេសនៅលើ ប្រព័ន្ធផ្សព្វផ្សាយសង្គម អាចធ្វើឲ្យយើងមានការលំបាក ក្នុងការទទួលស្គាល់នូវកម្លាំងដែលព្រះប្រទានដល់យើង ។
ក្នុងនាមជាពួកបរិសុទ្ធថ្ងៃចុងក្រោយ យើងធ្វើអ្វីដែលល្អបំផុតដែលយើងអាចដើម្បីប្រែក្លាយដូចជាព្រះយេស៊ូវ គ្រីស្ទ ។ ប៉ុន្តែការពិតនោះគឺថា គ្មានយើងណាម្នាក់ឥតខ្ចោះនោះទេ ។ ហើយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម យើងមិនគួរព្យាយាមធ្វើឲ្យមានការវិនិច្ឆ័យខុស មិនមែនតែចំពោះខ្លួនយើងតែក៏ចំពោះអ្នកដទៃដែរ ។ ត្រូវចាំថាទោះបីពេលយើងគិតថា ជីវិតនរណាម្នាក់ល្អឥតខ្ចោះក្តីក៏យើងមិនអាចមើលឃើញ ឧបសគ្គផ្ទាល់ខ្លួនដែលពួកគេប្រឈមមុខដែរ ។ យើងមិនដឹងប្រាកដទេថាមានអ្វីកើតឡើងក្នុងជីវិតមនុស្សម្នាក់ៗពីក្រោយអ្វី ដែលពួកគេសម្រិតសម្រាំងជ្រើសរើសទុកចែកចាយនោះ ។
ភាពពិតនៃរូបថតគ្រួសារ
ជាញឹកញាប់មានរឿងជាច្រើនកើតឡើង ពីក្រោយ ទស្សនីយភាពនៃរូបថតរបស់ក្រុមគ្រួសារនិមួយៗ ដែលបងប្អូនមើលឃើញ នៅលើ ប្រព័ន្ធផ្សព្វផ្សាយសង្គម ។ មនុស្សមួយចំនួនអាចមើលរូបថតទាំងនេះហើយសួរខ្លួនពួកគេថា « ហេតុអ្វីរូបថតគ្រួសារខ្ញុំមិនស្អាតអញ្ចឹងសោះ ? » ប៉ុន្តែយើងមិនដឹងទេថាត្រូវធ្វើអ្វីខ្លះ ដើម្បីបានរូបថត « ដ៏ឥតខ្ចោះនោះ » ។
ឧទាហរណ៍ មានម្តងនោះយើង ព្យាយាមថតរូបគ្រួសារបន្ទាប់ពីព្រះវិហារ ។ វាអាចជារឿងពិបាកណាស់ជាមួយកុមារតូចៗ ប៉ុន្តែខ្ញុំពិតជាស្រឡាញ់រូបថតដែលចាប់បាននោះណាស់ ហើយពេលដែលក្រឡេកមើលឡើងវិញ ពេលនេះកូនៗខ្ញុំធំច្រើនណាស់ ។
អំឡុងពេលដែលយើងព្យាយាមរៀបចំកូនៗដើម្បីថតរូបខ្ញុំត្រូវការពេលបន្តិចដើម្បី និយាយជាមួយកូនប្រុសអាយុពីរឆ្នាំ របស់ខ្ញុំ អាល់វិន ដែលកំពុងយំព្រោះគាត់ត្រូវការឲ្យខ្ញុំពរគាត់ ។ ខ្ញុំបានឱនជូនទឹកភ្នែកគាត់ហើយលួងគាត់ឲ្យក្រោកឈរ ដើម្បីខ្ញុំអាចបង្ហាញសម្លៀកបំពាក់របស់ខ្ញុំ ( ដែលខ្ញុំបានរៀបចំឲ្យស៊ីគ្នានៅព្រឹកនោះ ) ។ កូនស្រីអាយុបីឆ្នាំរបស់ខ្ញុំឈ្មោះ អារៀល ក៏បានសុំឲ្យស្វាមីខ្ញុំពរដែរព្រោះនាងក៏មិនចង់ឈរដែរ ។ ពួកគេពិតជាមិនចង់ថតរូបទេ ។
វគ្គថតរូបមិនបានជោគជ័យ—ដូច្នេះយើងបោះបង់ចោល ។ ប៉ុន្តែពេលខ្ញុំទៅដល់ផ្ទះ ខ្ញុំបានរកឃើញអ្វីដែលល្អជាង ។ ប្អូនប្រុសខ្ញុំ ( ជាអ្នកថតរូប ) ថតចាប់បានរាល់សកម្មភាពវីកវរទាំងអស់ ។ ស្វាមី និងខ្ញុំបាន លួងកូននៅក្នុងរូបថត ។ វាមិនបានបង្ហាញពីម៉ូតសម្លៀកបំពាក់របស់ខ្ញុំទេ ប៉ុន្តែវាទន់ភ្លន់—និង—ជាសកម្មភាពពិត ។ ខ្ញុំ ស្រឡាញ់ រូបនោះណាស់ ។
នៅពេលដែលខ្ញុំចែកចាយរូបថត នៅលើ ប្រព័ន្ធផ្សព្វផ្សាយសង្គម ខ្ញុំបានដាក់ចំណងជើងថា « ធាតុពិតនៃរូបថតគ្រួសារ » ។ ខ្ញុំមិនធ្លាប់ស្រមៃទេថាមានមនុស្សប៉ុន្មាននាក់ដែលធ្លាប់ជួបរឿងនេះប៉ុន្តែវាធ្វើឲ្យខ្ញុំបានដឹងថា គ្រប់យ៉ាងមិនចាំបាច់ត្រូវមើលឥតខ្ចោះនោះទេ ។ វាមិនអីទេបើបណ្តោយតាមដំំណើរ ហើយពិតប្រាកដ ។ ប៉ុន្តែវាបានបង្រៀនមេរៀនកាន់តែទូលំទូលាយដល់ខ្ញុំ—ថាយើងមិនទាន់បានឃើញរាល់ពត៌មានលម្អិតទេពេលយើងជឿថានរណាម្នាក់ឥតខ្ចោះ នោះ ។
សូមកុំអនុញ្ញាតិឲ្យប្រព័ន្ធផ្សព្វផ្សាយសង្គមគ្របលើ អត្តសញ្ញាណពិតរបស់អ្នក
បណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គមគឺជាឧបរណ៏ដ៏មានអំណាច ដែលយើងអាចប្រើ សម្រាប់សេចក្តីល្អជាច្រើន ។ ប៉ុន្តែយើងត្រូវប្រុងប្រយត្ន័ កុំបាក់ទឹកចិត្តឬប្រៀបធៀបខ្លួនយើង ទៅអ្វីដែលយើងមើលឃើញនៅលើ ប្រព័ន្ធផ្សព្វផ្សាយសង្គម ។ ដូច អែលឌើរ ហ្គែរី អ៊ី ស្ទីវ៉ែនសុន នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានមានប្រសាសន៍ថា « សង្ឃឹមថាយើងរៀនកាន់តែពិតប្រាកដ កាន់តែចេះលេងសើច និងមិនសូវទទួលបទពិសោធន៍នៃការបាក់ទឹកចិត្ត នៅពេលដែលយើងត្រូវប្រឈមនឹង រូបភាពដែលជារូបបង្ហាញពីគំនិតពិតៗហើយដែលជាញឹកញាប់ដឹងនាំទៅរកការប្រៀបធៀប ឥតបានការ » ។១
ខ្ញុំដឹងថានៅពេលដែលយើងចងចាំអំពីនិស្ស័យនៃព្រះរបស់យើងថាជា កូនរបស់ព្រះ នោះយើងនឹងគ្មានកន្លែង សម្រាប់ការបៀបធៀបដែលឈឺចាប់ឬ ការវិនិច្ឆ័យផ្ទាល់ខ្លួន ។ ហើយប្រសិនបើយើងឈប់ស្តាប់តាមការប្រៀបធៀបទាំងឡាយដែលព្យាយាមបង្ខូចកិត្យានុភាពនៃសក្តានុពលរបស់យើងនោះយើងអាចរស់នៅក្នុងជីវិតដែលពេញបរិបូណ៌ ដោយគ្មានការព្រួយបារម្មណ៍ អំពីរូបភាពដែលឥតខ្ចោះទាំងឡាយដែលដាក់លើបណ្តាយទាំងនោះ ។ ◼