២០១៣
សំណួរ និង ចម្លើយទាំងឡាយអំពីព្រះវិហារបរិសុទ្ធ
ខែ មេសា 2013


សំណួរ និង ចម្លើយទាំងឡាយអំពីព្រះវិហារបរិសុទ្ធ

តើហេតុអ្វីយើងមានព្រះវិហារបរិសុទ្ធ ?

ព្រះវិហារបរិសុទ្ធទាំងឡាយនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយគឺជាទីកន្លែងដ៏ពិសិដ្ឋដែលយើងរៀនអំពីសេចក្តីពិតដ៏អស់កល្បជានិច្ច និង ចូលរួមក្នុងពិធីបរិសុទ្ធទាំងឡាយ ។

តើនៅក្នុងព្រះវិហារបរិសុទ្ធមានសភាពបែបណាដែរ ?

ព្រះវិហារបរិសុទ្ធគឺជាដំណាក់ដ៏សុខសាន្ត ប្រកបដោយគាវរភាព និង ស្រស់ស្អាត ។ អ្វីៗទាំងអស់ដែលមាននៅក្នុងព្រះវិហារបរិសុទ្ធគឺស្រស់ស្អាត និង មានរបៀបរៀបរយ ។ មនុស្សរាល់គ្នាស្លៀកសំលៀកបំពាក់ពណ៌ស ហើយនិយាយខ្សឹបតិចៗ ។

តើគេធ្វើអ្វីខ្លះនៅក្នុងព្រះវិហារបរិសុទ្ធ ?

ភរិយាអាចត្រូវបានផ្សារភ្ជាប់ជាមួយស្វាមីរបស់នាង ហើយកូនៗអាចត្រូវបានផ្សារភ្ជាប់ជាមួយនឹងឪពុកម្តាយរបស់ពួកគេ ។ ពិធីផ្សារភ្ជាប់អាចធ្វើឲ្យក្រុមគ្រួសាររស់នៅជាមួយគ្នាដ៏អស់កល្បជានិច្ចបាន ។ នៅក្នុងព្រះវិហារបរិសុទ្ធ បុរស និង ស្ត្រីទាំងឡាយក៏ទទួលនូវអំណោយទាននៃពរជ័យខាងវិញ្ញាណដែលត្រូវបានហៅថា អំណោយទានពិសិដ្ឋផងដែរ ។ ពួកគេក៏អាចទទួលបាននូវអំណោយទានពិសិដ្ឋ ហើយត្រូវបានផ្សារភ្ជាប់ជំនួសអ្នកទាំងឡាយណាដែលដែលបានស្លាប់ទៅ ដោយមិនបានចុះសេចក្តីសញ្ញានៃព្រះវិហារបរិសុទ្ធ ។

តើមានអ្វីទៀតដែលធ្វើឡើងនៅក្នុងព្រះវិហារបរិសុទ្ធ ?

ក្រៅពីពិធីផ្សារភ្ជាប់ និង អំណោយទានពិសិដ្ឋ ក៏មានពិធីបរិសុទ្ធដ៏ទៃទៀតដែលត្រូវបានធ្វើឡើងនៅក្នុងព្រះវិហារបរិសុទ្ធផងដែរ ។ មនុស្សទាំងឡាយអាចត្រូវបានទទួលពិធីបុណ្យជ្រមុជទឹក និង ធ្វើពិធីបញ្ជាក់សម្រាប់អ្នកទាំងឡាយណាដែលមិនអាចចូលរួមក្នុងសាសនាចក្រខណៈដែលពួកគេនៅរស់ ។នៅពេលអ្នកឈានដល់អាយុ 12 ឆ្នាំ ហើយមានភាពសក្តិសមដើម្បីចូលព្រះវិហារបរិសុទ្ធ នោះអ្នកអាចមានឱកាសមួយដើម្បីធ្វើពិធីបុណ្យជ្រមុជទឹក និង ទទួលពិធីបញ្ជាក់សម្រាប់អ្នកទាំងឡាយណាដែលបានស្លាប់ទៅដោយគ្មានដំណឹងល្អ ។

តើមានអ្វីកើតឡើងបើគ្រួសាររបស់ខ្ញុំមិនបានទៅព្រះវិហារបរិសុទ្ធនោះ ?

ព្រះវរបិតាសួគ៌ទ្រង់ជ្រាបដឹង និង ស្រលាញ់អ្នក និង គ្រួសាររបស់អ្នក ។ ទ្រង់ចង់ឲ្យអ្នករាល់គ្នាទទួលបានពរជ័យនៃពិធីបរិសុទ្ធទាំងឡាយនៃព្រះវិហារបរិសុទ្ធ ។ សូមរស់នៅឲ្យសក្ដិសមដើម្បីចូលទៅក្នុងព្រះវិហារបរិសុទ្ធ ។ចូរដាក់គោលដៅនៅពេលឥឡូវនេះដែលអ្នកនឹងទទួលបាននូវអំណោយទានពិសិដ្ឋ ហើយរៀបការនៅក្នុងព្រះវិហារបរិសុទ្ធនៅថ្ងៃណាមួយ ។ ព្រះវរបិតាសួគ៌របស់អ្នកនឹងប្រទានពរអ្នក និង គ្រួសាររបស់អ្នក ។

រចនារូបភាពដោយ ប៊្រែត ធៀ