២០១៣
ការរកឃើញសេចក្តីអំណរនៅក្នុងជីវិត
ខែ មេសា 2013


ការរកឃើញសេចក្តីអំណរនៅក្នុងជីវិត

ការិន រ៉កវូដ រដ្ឋអៃដាហូ ស.ហ.អ

នៅក្នុងគ្រាមួយ ខ្ញុំកំពុងតែអានសន្ទរកថាក្នុងសន្និសីទទូទៅ ថ្លែងដោយអែលឌើរ រីឆាដ ជី ស្កតនៃកុរ៉ុម ពួកសាវកដប់ពីរនាក់ ។ ថ្វីបើខ្ញុំបានស្តាប់ និង អានសន្ទរកថានេះពីមុនមកក្តី ឃ្លាមួយបានទាក់ទាញសតិអារម្មណ៍របស់ខ្ញុំ ហើយ បានដក់ជាប់ក្នុងគំនិតរបស់ខ្ញុំ ។

ពីរបីម៉ោងក្រោយមក កូនប្រុសរបស់ខ្ញុំ ដែលកំពុងតែរស់ក្នុងផ្ទះជួលជាមួយមិត្តរបស់គាត់ បានមកលេង ។ គាត់បានបម្រើបេសកកម្មពេញម៉ោង ហើយបានទៅរៀនពីរបីឆមាសនៅមហាវិទ្យាល័យ ។ គាត់មិន ប្រាកដថា តើគាត់គួររៀនមុខវិជ្ជាអ្វី និង តើអាជីពអ្វីដែលគាត់ត្រូវបន្តនោះទេ ។ ព្រោះតែគេមានចិត្តស្មុគស្មាញហើយមានអារម្មណ៍ថាសាលារៀន ហាក់ដូចជាការចំណាយពេលវេលានិង ប្រាក់ឥតប្រយោជន៍ ដូច្នេះគាត់បានព្យួរការសិក្សារបស់គាត់មួយរយៈ ហើយបានចាប់ផ្តើម ធ្វើការ ពេញម៉ោង ។

គាត់បានប្រាប់ខ្ញុំថាមិត្តម្នាក់របស់គាត់ បានផ្តល់យោបលថា ពួកគេត្រូវទៅលេងកោះមួយ នៅក្នុងក្រុមកោះបាហាម៉ាស ឬ ការីប៊ៀន រកការងារធ្វើ ហើយលេងកំសាន្តនៅទីនោះសម្រាប់បីបួនខែសិន ។ កូនប្រុសរបស់ខ្ញុំមានចិត្តរំភើបចំពោះការរំពឹងទុកនោះ ។ ខ្ញុំអាចមើលឃើញយ៉ាងងាយស្រួល អំពីការអូសទាញ ចំពោះយុវជនម្នាក់ដែលមិនទាន់ចេះគិតវែងឆ្ងាយនោះ ។

រំពេចនោះ សារលិខិតដ៏បំផុសគំនិត របស់អែលឌើរស្កត បានចូលមកក្នុងគំនិតរបស់ខ្ញុំ ។ ខ្ញុំបានចាប់លើកទស្សនាវដ្តី Ensign ហើយអានឃ្លាដូចតទៅនេះ ទៅកូនប្រុសរបស់ខ្ញុំ ៖ « អ្នក រាល់គ្នារស់នៅលើផែនដីនោះសម្រាប់គោលបំណងដ៏ទេវភាពមួយ ។ វាពុំមែនសម្រាប់ ការលេងកំសាន្តឥតឈប់ឈរ ឬមិនមែនជាការបំពេញនូវភាពរីករាយជានិច្ចនោះឡើយ ។ អ្នករាល់គ្នាមកកាន់ផែនដី នេះគឺដើម្បីទទួលនូវការ សាកល្បង ដើម្បីបង្ហាញថាអ្នកអាចនឹងទទួលបាននូវពរជ័យដែលព្រះមានសម្រាប់អ្នកបន្ថែមទៀត ។ ការអត់ធ្មត់ចំពោះអារម្មណ៍គឺ តម្រូវឲ្យមាន » (“Finding Joy in Life,” Ensign, ខែឧសភា ឆ្នាំ 1996, ទំព័រ 25) ។

កូនប្រុសរបស់ខ្ញុំបានយក ទស្សនាវដ្ដីនោះ ដោយមិននិយាយតបមួយម៉ាត់សោះ ហើយបានអាន សន្ទរកថាពីដើមដល់ចប់ ។ ក្រោយមក អ្វីដែលគាត់បាននិយាយនោះគឺថា គាត់នឹងមិនទៅផ្សងព្រេងនៅលើកោះទៀតឡើយ ។

ពេលនោះគាត់បានរៀនខាងផ្នែកនគរបាល គឺជាពេលមួយដែលធ្វើឲ្យគាត់បានជួបជាមួយនឹងអនាគតភរិយារបស់គាត់ ។ ពួកគេបានរៀបការនៅក្នុងព្រះវិហាររបរិសុទ្ធ មេសា អារីស្សូណា ហើយសព្វថ្ងៃនេះកំពុងែចិញ្ចឹមកូនដ៏ ល្អបីនាក់ ។ នៅក្នុងឆ្នាំ 2010 កូនប្រុសរបស់ខ្ញុំបានបញ្ជប់បរិញ្ញាបត្រ ហើយពិតជាបាន « រកឃើញសេចក្តីអំណរក្នុងជីវិត ។ »

ការផ្សងព្រេងដែលកូនខ្ញុំបានលើកយកពិភាក្សាជាមួយខ្ញុំ ប្រហែលអាចជាបទពិសោធន៍ដ៏ល្អមួយ ប៉ុន្តែវាក៏អាចជាបទពិសោធន៍ដ៏ គ្រោះថ្នាក់ខាងវិញ្ញាណផងដែរ ។ រៀងរាល់ពេលដែលខ្ញុំសញ្ជឹងគិតអំពីបទពិសោធន៍ ព្រះវិញ្ញាណប៉ះដួងចិត្តរបស់ខ្ញុំ ។

ខ្ញុំមានអំណរគុណចំពោះពាក្យពេចន៍របស់ពួកព្យាការី ដែលធ្វើឲ្យខ្ញុំត្រូវបានបំផុសគំនិត ឲ្យនឹកចាំពី សន្ទរកថាមួយ ដែលជួយផ្តល់ដល់ខ្ញុំនូវគោលការណ៍ដឹកនាំ ។ ខ្ញុំក៏មានអំណរគុណដែលកូនប្រុសរបស់ខ្ញុំបានស្តាប់តាមសារទូតរបស់ព្រះអម្ចាស់ ហើយអនុញ្ញាតឲ្យ ព្រះវិញ្ញាណមានអានុភាពចំពោះគាត់ ។ ខ្ញុំដឹងថា ពរជ័យ និង សេចក្តីមេត្តាករុណាដ៏ស្រទន់ដ៏ច្រើននឹងកើតមាន នៅពេលយើងស្តាប់ និង អនុវត្តតាមការប្រងៀនទាំងឡាយបស់ព្រះសង្គ្រោះ និង អ្នកបម្រើរបស់ទ្រង់ ។