២០១៣
សេចក្ដីសញ្ញាព្រះវិហារបរិសុទ្ធ
ខែ មេសា 2013


សារលិខិតបង្រៀនសួរសុខទុក្ខ

សេចក្ដីសញ្ញាព្រះវិហារបរិសុទ្ធ

សូមសិក្សាឯកសារនេះប្រកបដោយការអធិស្ឋាន បើសមរម្យ សូមធ្វើការពិភាក្សាអំពីឯកសារនេះជាមួយនឹងបងប្អូនស្ត្រី ដែលអ្នកទៅសួរសុខទុក្ខ ។ សូមប្រើសំណួរទាំងឡាយដើម្បីជួយអ្នកពង្រឹងដល់បងប្អូនស្រ្តីរបស់អ្នក និង ធ្វើឲ្យថ្នាក់សមាគមសង្គ្រោះក្លាយជាផ្នែកមួយដ៏សកម្ម នៅក្នុងជីវិតរបស់អ្នកផ្ទាល់ ។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ reliefsociety.lds.org ។

ត្រាសមាគមសង្គ្រោះ

សេចក្ដីជំនឿ ក្រុមគ្រួសារ ការសង្គ្រោះ

ប្រធាន ថូម៉ាស អេស. ម៉នសុន បានមានប្រសាសន៍ថា « ពិធីបរិសុទ្ធទាំងឡាយនៃសេចក្ដីសង្គ្រោះ ដែលបានទទួលក្នុងព្រះវិហារបរិសុទ្ធ ដែលអនុញ្ញាតឲ្យយើងត្រឡប់ទៅព្រះវរបិតាសួគ៌របស់យើងនៅថ្ងៃមួយ ក្នុងទំនាក់ទំនងក្រុមគ្រួសារដ៏អស់កល្បជានិច្ចមួយ និង ត្រូវបានប្រទានឲ្យនូវពរជ័យ និង អំណាចមកពីទីខ្ពស់ ដែលសមនឹងតម្លៃនៃគ្រប់ការពលិកម្ម និង ការខិតខំប្រឹងប្រែងទាំងអស់ » ។1 ប្រសិនបើអ្នកពុំទាន់បានទៅព្រះវិហារបរិសុទ្ធនៅឡើយទេ នោះអ្នកអាចរៀបចំខ្លួន ដើម្បីទទួលពិធីបរិសុទ្ធដ៏ពិសិដ្ឋនៃព្រះវិហារបរិសុទ្ធដោយ ៖

  • ជឿលើព្រះវរបិតាសួគ៌ ព្រះយេស៊ូវគ្រីស្ទ និង ព្រះវិញ្ញាណបរិសុទ្ធ ។

  • បណ្ដុះនូវទីបន្ទាល់មួយអំពីដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ និង អំពីដំណឹងល្អដែលបានស្ដារឡើងវិញ ។

  • គាំទ្រ និង ធ្វើតាមព្យាការីដែលនៅរស់ ។

  • មានភាពសក្ដិសមដើម្បីកាន់ប័ណ្ណចូលព្រះវិហារបរិសុទ្ធ ដោយការបង់ដង្វាយមួយភាគក្នុងដប់ មានភាពស្អាតស្អំខាងសីលធម៌ មានភាពស្មោះត្រង់ រក្សាច្បាប់គតិបណ្ឌិត និង រស់នៅឲ្យស្របទៅនឹងការបង្រៀនរបស់សាសនាចក្រ ។

  • ផ្ដល់ពេលវេលា ទេពកោសល្យ និង ធនធាននានា ដើម្បីជួយកសាងនគររបស់ព្រះអម្ចាស់ ។

  • ចូលរួមក្នុងកិច្ចការពង្សប្រវត្តិ ។2

ប្រធាន ម៉នសុន បានបង្រៀនទៀតថា « ពេលយើងចងចាំសេចក្ដីសញ្ញាដែលយើងធ្វើនៅក្នុង [ ព្រះវិហារបរិសុទ្ធ ] នោះយើងនឹងកាន់តែអាចទ្រាំទ្របានជាមួយគ្រប់ការលំបាក និង កាន់តែអាចយកឈ្នះលើការល្បួងនីមួយៗ » ។3

ចេញពីព្រះគម្ពីរ

គោលលទ្ធិ និង សេចក្ដីសញ្ញា 14:7; 25:13; 109:22

ចេញពីប្រវត្តិសាស្ត្ររបស់យើង

« ពួកបរិសុទ្ធច្រើនជាង 5,000 នាក់ បានជួបជុំគ្នានៅព្រះវិហារបរិសុទ្ធណៅវូ បន្ទាប់ពីពិធីឧទ្ទិសឆ្លងរួច ។ …

« កម្លាំង អំណាច និង ពរជ័យនៃសេចក្ដីសញ្ញាព្រះវិហារបរិសុទ្ធ [ បានគាំទ្រ ] ដល់ពួកបរិសុទ្ធថ្ងៃចុងក្រោយ អំឡុងពេលនៃការធ្វើដំណើរ [ ទៅទិសខាងលិច ] របស់ពួកគេ ពេលដែលពួកគេ [ បានរងទុក្ខវេទនា ] ដោយភាពត្រជាក់ ក្ដៅ ឃ្លាន ក្រីក្រ ជំងឺ គ្រោះថ្នាក់ និង សេចក្ដីស្លាប់ » ។4

ដូចជាបងប្អូនស្ដ្រីជាច្រើនក្នុងសមាគមសង្គ្រោះដែរ សារ៉ា រីចឆ៍ បានបម្រើជាអ្នកធ្វើការក្នុងព្រះវិហារបរិសុទ្ធ ។ គាត់បាននិយាយពីបទពិសោធន៍របស់គាត់ថា « ប្រសិនបើពុំមែនដោយសារសេចក្ដីជំនឿ និង ចំណេះដឹងដែលបានប្រទានដល់យើងនៅក្នុងព្រះវិហារបរិសុទ្ធ … ដោយព្រះវិញ្ញាណនៃព្រះអម្ចាស់នោះទេ នោះការធ្វើដំណើររបស់យើងនឹងហាក់បីដូចជាការធ្វើដំណើរមួយដែលលោតផ្លោះដ៏ឆ្ងាយក្នុងទីងងឹតដូច្នោះដែរ ។ … ប៉ុន្តែយើងមានសេចក្ដីជំនឿលើព្រះវរបិតាសួគ៌របស់យើង …ដោយទទួលអារម្មណ៍ថា យើងជាប្រជាជនជម្រើសរបស់ទ្រង់ … ហើយជំនួសឲ្យទុក្ខព្រួយ យើងបានមានអារម្មណ៍រីករាយថា ថ្ងៃនៃការរំដោះរបស់យើងបានមកដល់ហើយ » ។5

ការលើកគ្នាទាំងក្រុមទៅនៅទីកន្លែងផ្សេងនេះ គឺមិនមែនជា « លោតផ្លោះដ៏ឆ្ងាយក្នុងទីងងឹត » សម្រាប់ពួកស្ត្រីបរិសុទ្ធថ្ងៃចុងក្រោយដ៏ស្មោះត្រង់នោះទេ ។ ពួកគេត្រូវបានគាំទ្រដោយសេចក្ដីសញ្ញាព្រះវិហារបរិសុទ្ធរបស់ពួកគេ ។

កំណត់ចំណាំ

  1. ប្រធាន ថូម៉ាស អេស. ម៉នសុន « The Holy Temple—a Beacon to the World » លីអាហូណា ខែ ឧសភា ឆ្នាំ 2011 ទំព័រ 92 ។

  2. សូមមើល Daughters in My Kingdom , The History and Work of Relief Society ( ឆ្នំា 2011 ), ទំព័រ 21 ។

  3. ថូម៉ាស អេស. ម៉នសុន លីអាហូណា ខែ ឧសភា ឆ្នាំ 2011 ទំព័រ 93 ។

  4. Daughters in My Kingdom ទំព័រ 29–30 ។

  5. សារ៉ា រីចឆ៍ នៅក្នុង Daughters in My Kingdom ទំព័រ 30 ។

ទីបញ្ចប់នៃផ្លូវផាលី ដោយ គ្លិន អេស. ហូបឃីនសុន ហាមថតចម្លង