២០១៣
ព្រះវិញ្ញាណបរិសុទ្ធលួងលោម បំផុស និង ថ្លែងទីបន្ទាល់
ខែ មេសា 2013


អ្វីដែលយើងជឿ

ព្រះវិញ្ញាណបរិសុទ្ធលួងលោម បំផុស និង ថ្លែងទីបន្ទាល់

អំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ គឺជាពរជ័យមួយក្នុងចំណោមពរជ័យដ៏អស្ចារ្យបំផុតទាំងឡាយ ដែលយើងអាចទទួលនៅក្នុងជីវិតនេះ ត្បិតព្រះវិញ្ញាណបរិសុទ្ធលួងលោម បំផុស ដាស់តឿន ធ្វើឲ្យបរិសុទ្ធ និង ដឹកនាំយើង ។ ទ្រង់អាចបំពេញដល់យើងនូវ « សេចក្ដីសង្ឃឹម និង សេចក្ដីស្រឡាញ់ដ៏ឥតខ្ចោះ » ( មរ៉ូណៃ 8:26 ) ។ ទ្រង់បង្រៀន « សេចក្ដីពិតនៃការណ៍គ្រប់យ៉ាង » ( មរ៉ូណៃ 10:5 ) ។ យើងទទួលវិវរណៈ និង អំណោយទានខាងវិញ្ញាណពីព្រះ តាមរយៈព្រះវិញ្ញាណបរិសុទ្ធ ។ សំខាន់បំផុត យើងទទួលទីបន្ទាល់របស់យើង អំពីព្រះវរបិតាសួគ៌ និង ព្រះយេស៊ូវគ្រីស្ទ តាមរយៈព្រះវិញ្ញាណបរិសុទ្ធ ។

មុនពេលអ្នកទទួលបុណ្យជ្រមុជទឹក អ្នកអាចទទួលអារម្មណ៍នៃព្រះវិញ្ញាណបរិសុទ្ធម្តងម្កាល ។ ប៉ុន្តែ មានតែដោយការទទួលអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធបន្ទាប់ពីបុណ្យជ្រមុជទឹករបស់អ្នកប៉ុណ្ណោះ ដែលអ្នកអាចរីករាយជាមួយនឹងភាពជាដៃគូនៃព្រះវិញ្ញាណបរិសុទ្ធយ៉ាងខ្ជាប់ខ្ជួន ប្រសិនបើអ្នកមានភាពសក្ដិសម ។ អំណោយនេះត្រូវបានផ្ដល់ឲ្យដោយអ្នកកាន់បព្វជិតភាពមិលគីស្សាដែក ដោយការដាក់ដៃលើ ( សូមមើល កិច្ចការ 19:6; គ. និង ស. 33:15 ) ។ រៀងរាល់ថ្ងៃសីលបន្ទាប់ពីនោះមក អ្នកអាចរំឭកឡើងវិញនូវសេចក្ដីសញ្ញាបុណ្យជ្រមុជទឹករបស់អ្នក ពេលដែលអ្នកទទួលសាក្រាម៉ង់ ហើយដោយធ្វើយ៉ាងដូច្នោះ ទទួលបាននូវពរជ័យពីព្រះអម្ចាស់ថា អ្នកអាច « បានព្រះវិញ្ញាណរបស់ទ្រង់ » គង់នៅជាមួយអ្នកជាដរាប ( គ. និង ស. 20:77 ) ។

ជាញឹកញាប់ ព្រះវិញ្ញាណបរិសុទ្ធត្រូវបានគេសំដៅថាជាព្រះវិញ្ញាណ ជាសមាជិកទីបីនៃក្រុមព្រះ ។ ព្យាការី យ៉ូសែប ស្ម៊ីធ បានបង្រៀនថា ៖ « ព្រះវរបិតា ទ្រង់មានព្រះកាយជាសាច់ និង ឆ្អឹង ដែលជាក់ស្ដែងដូចជារូបកាយមនុស្ស ព្រះរាជបុត្រាដ៏ដូច្នោះដែរ ប៉ុន្តែព្រះវិញ្ញាណបរិសុទ្ធពុំមានព្រះកាយជាសាច់ និង ឆ្អឹងឡើយ តែមានរូបជាវិញ្ញាណវិញ ។ បើពុំនោះទេ ព្រះវិញ្ញាណបរិសុទ្ធពុំអាចសណ្ឋិតនៅក្នុងយើងបានឡើយ » ( គ. និង ស. 130:22 ) ។

« ពីព្រោះព្រះវិញ្ញាណនៃព្រះអម្ចាស់ពុំគង់នៅក្នុងព្រះវិហារណាដែលឥតបរិសុទ្ធ » ( ហេលេមិន 4:24 ) នោះយើងត្រូវតែមានភាពសក្ដិសមនឹងភាពជាដៃគូរបស់ទ្រង់ ។ ក្នុងចំណោមអ្វីៗផ្សេងទៀត យើងធ្វើដូច្នោះដោយការមានគំនិតដែលប្រកបដោយគុណធម៌ រស់នៅដោយមានសច្ចភាព និង ព្យាយាមរក្សាបទបញ្ញត្តិទាំងឡាយ ។

បន្ទាប់ពីទទួលអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធហើយ យើងអាចធ្វើអ្វីៗជាច្រើន ដើម្បីអញ្ជើញព្រះចេស្ដារបស់ទ្រង់ចូលក្នុងជីវិតយើង ៖

  • អធិស្ឋាន ។

  • សិក្សាព្រះគម្ពីរ ។

  • ទទួលទានសាក្រាម៉ង់ដោយសក្ដិសម ។

  • ថ្វាយបង្គំក្នុងព្រះវិហារបរិសុទ្ធ ។

  • មើលប្រព័ន្ធផ្សព្វផ្សាយដែលល្អ ប្រើភាសាស្អាតស្អំ និង មានគំនិតដែលប្រកបដោយគុណធម៌ ។

រចនារូបថតដោយ គ្រីស្ទីណា ស្ម៊ីធ, អ៊ីវ ថាហ្វថ៍, ខូឌី ប៊ែល និង ម៉ាថាយ រៀ