បេសកកម្ម និង ការបម្រើរបស់ព្រះយេស៊ូវគ្រីស្ទ
ពីសេចក្ដីថ្លែងការណ៍នៅក្នុងការប្រជុំធម្មនិដ្ឋាន ថ្ងៃទី 18 ខែ សីហា ឆ្នាំ 1998 នៅសាកលវិទ្យាល័យព្រិកហាំ យ៉ង់ ។ សម្រាប់អត្ថបទទាំងមូលជាភាសាអង់គ្លេស សូមចូលទៅកាន់គេហទំព័រ speeches.byu.edu ។
ភស្ដុតាងដ៏ល្អបំផុតនៃការគោរពរបស់យើងចំពោះព្រះយេស៊ូវ គឺការយកគំរូតាមទ្រង់ ។
ក្នុងនាមជាសាក្សីម្នាក់ក្នុងចំណោម « ពួកសាក្សីពិសេសអំពីព្រះនាមនៃព្រះគ្រីស្ទ នៅពេញសព្វក្នុងពិភពលោក » ( គ. និង ស. 107:23 ) ខ្ញុំជឿថា ខ្ញុំបម្រើបានល្អបំផុត ប្រសិនបើខ្ញុំបង្រៀន និង ធ្វើទីបន្ទាល់អំពីទ្រង់ ។ ទីមួយ ខ្ញុំអាចសួរសំណួរដូចគ្នានេះ ដែលមានម្ដងនោះ ទ្រង់បានសួរដល់ពួកផារិស៊ីថា ៖ « តើអ្នករាល់គ្នាគិតពីព្រះគ្រីស្ទដូចម្ដេច ? តើទ្រង់ជាព្រះវង្សអ្នកណា ? » ( ម៉ាថាយ 22:42 ) ។
ខ្ញុំបានគិតពីសំណួរទាំងនេះជាញឹកញាប់ ពេលដែលខ្ញុំជួបជាមួយពួកអ្នកដឹកនាំរដ្ឋាភិបាល និង និកាយសាសនាផ្សេងៗ ។ អ្នកខ្លះទទួលស្គាល់ថា « ព្រះយេស៊ូវជាគ្រូបង្រៀនដ៏អស្ចារ្យ » ។ អ្នកខ្លះទៀតថា « ទ្រង់ជាព្យាការីម្នាក់ » ។ អ្នកផ្សេងទៀតគឺមិនស្គាល់ទ្រង់សោះតែម្ដង ។ យើងមិនគួរមានការភ្ញាក់ផ្អើលខ្លាំងនោះទេ ។ ទោះបើយ៉ាងនោះក៏ដោយ ក៏មានមនុស្សមួយចំនួនតូចដែលមានសេចក្ដីពិតនៃដំណឹងល្អដែលស្ដារឡើងវិញ ដែលយើងមាននេះដែរ ។ សមាជិកនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ គឺមានចំនួនតិចតួចប៉ុណ្ណោះក្នុងចំណោមពួកអ្នកដែលប្រកាសថាជាពួកគ្រីស្ទាន ។
ស្ថានភាពរបស់យើងសព្វថ្ងៃនេះ ត្រូវបានទាយទុកជាមុន ជាច្រើនសតវត្សមកហើយ ដោយនីហ្វៃ ៖
« ហើយហេតុការណ៍បានកើតឡើងថា ខ្ញុំបានមើល ហើយបានឃើញសាសនាចក្រនៃកូនចៀមនៃព្រះ ហើយសមាជិកនៃសាសនាចក្រមានចំនួនតិចណាស់ … ទោះជាយ៉ាងណាក៏ដោយ គង់តែខ្ញុំបានឃើញថា សាសនាចក្រនៃកូនចៀមដែលជាពួកបរិសុទ្ធរបស់ព្រះ ក៏មាននៅពាសពេញលើផ្ទៃផែនដីដែរ ហើយអំណាចរបស់ពួកគេនៅលើផ្ទៃផែនដីមានចំនួនតូច ។ …
« ហើយហេតុការណ៍បានកើតឡើងថា ខ្ញុំ នីហ្វៃ បានឃើញថា ព្រះចេស្ដានៃកូនចៀមនៃព្រះបានយាងចុះមកសណ្ឋិតលើពួកបរិសុទ្ធក្នុងសាសនាចក្រនៃកូនចៀម ហើយលើរាស្រ្តដែលនៅក្នុងសេចក្ដីសញ្ញានៃព្រះអម្ចាស់ ដែលបានខ្ចាត់ខ្ចាយលើផ្ទៃផែនដី ហើយពួកគេប្រដាប់អាវុធដោយសេចក្ដីសុចរិត និង ដោយព្រះចេស្ដានៃព្រះ ដោយសិរីល្អដ៏អស្ចារ្យ » ( នីហ្វៃទី1 14:12, 14 ) ។
សេចក្ដីសុចរិតនោះ អំណាចនោះ និង សិរីល្អនោះ—ប្រាកដណាស់ គឺគ្រប់ពរជ័យជាច្រើនរបស់យើង—គឺបានមកពីចំណេះដឹងរបស់យើងអំពីព្រះអម្ចាស់យេស៊ូវគ្រីស្ទ ពីការគោរពប្រតិបត្តិ និង ការដឹងគុណ និង សេចក្ដីស្រឡាញ់របស់យើងចំពោះព្រះអម្ចាស់យេស៊ូវគ្រីស្ទ ។
អំឡុងពេលនៃការអាស្រ័យនៅយ៉ាងខ្លីរបស់ទ្រង់នៅក្នុងភាពរមែងស្លាប់ ព្រះអង្គសង្គ្រោះសម្រេចបាននូវគោលបំណងដ៏ធំពីរ ។ គោលបំណងមួយគឺ « កិច្ចការ [ របស់ទ្រង់ ] និង សិរីល្អ [ របស់ទ្រង់ ] —ដើម្បីនាំឲ្យមានអមតភាព និង ជីវិតដ៏នៅអស់កល្បជានិច្ចដល់មនុស្ស » ( ម៉ូសេ 1:39 ) ។ គោលបំណងមួយទៀត ទ្រង់បានមានបន្ទូលដោយសាមញ្ញថា ៖ « ខ្ញុំបានធ្វើដំរាប់ទុកឲ្យអ្នករាល់គ្នាហើយ ដើម្បីឲ្យអ្នករាល់គ្នាត្រាប់តាមការដែលខ្ញុំបានធ្វើឲ្យនោះ » ( យ៉ូហាន 13:15 ) ។
គោលបំណងទីមួយរបស់ទ្រង់ គឺយើងស្គាល់ថាជាដង្វាយធួន ។ ការណ៍នេះជាបេសកកម្មដ៏រុងរឿងរបស់ទ្រង់ក្នុងជីវិតរមែងស្លាប់ ។ ព្រះអម្ចាស់ដែលបានរស់ឡើងវិញ បានប្រទាននូវសេចក្ដីថ្លែងពីបេសកកម្មរបស់ទ្រង់ ចំពោះប្រជាជនអាមេរិកពីបុរាណថា ៖
« យើងបានមកឯលោកិយនេះ ដើម្បីធ្វើតាមព្រះហឫទ័យនៃព្រះវរបិតារបស់យើង ពីព្រោះព្រះវរបិតារបស់យើង ទ្រង់បានចាត់ឲ្យយើងមក។
« ហើយព្រះវរបិតាយើង ទ្រង់បានចាត់ឲ្យយើងមក ដើម្បីឲ្យយើងអាចត្រូវបានលើកឡើងលើឈើឆ្កាង ហើយបន្ទាប់ពីយើងត្រូវបានលើកឡើងលើឈើឆ្កាង គឺប្រយោជន៍ឲ្យយើងអាចទាញនាំគ្រប់មនុស្សទាំងអស់ឲ្យមករកយើង » ( នីហ្វៃទី3 27:13–14 ) ។
ក្នុងការបន្តទេសនកថារបស់ទ្រង់ ទ្រង់បានបើកសម្ដែងនូវគោលបំណងទីពីររបស់ទ្រង់—គឺដើម្បីធ្វើជាព្រះអង្គគំរូរបស់យើង ៖ « អ្នករាល់គ្នាស្គាល់ការណ៍ទាំងឡាយដែលអ្នករាល់គ្នាត្រូវធ្វើ … ត្បិតកិច្ចការទាំងឡាយដែលអ្នករាល់គ្នាបានឃើញយើងធ្វើយ៉ាងណា នោះអ្នករាល់គ្នាត្រូវធ្វើយ៉ាងនោះដែរ » ( នីហ្វៃទី3 27:21 ) ។
ខ្ញុំបានកំណត់ន័យឲ្យគោលបំណងទីមួយរបស់ទ្រង់ថាជា បេសកកម្មរបស់ទ្រង់ ។ ចំពោះគោលបំណងទីពីររបស់ទ្រង់ ខ្ញុំចង់កំណត់ថាជា ការបម្រើរបស់ទ្រង់ ។ចូរយើងរំឭកឡើងវិញនូវធាតុផ្សំទាំងពីរនេះនៃជីវិតរបស់ទ្រង់—បេសកកម្មរបស់ទ្រង់ និង ការបម្រើរបស់ទ្រង់ ។
បេសកកម្មរបស់ព្រះយេស៊ូវគ្រីស្ទ—ដង្វាយធួន
បេសកកម្មរបស់ទ្រង់គឺដង្វាយធួន ។ បេសកកម្មនោះគឺជារបស់ទ្រង់តែម្នាក់ប៉ុណ្ណោះ ។ ដោយបានប្រសូតមកជាមួយនឹងមាតាដែលមានភាពរមែងស្លាប់ និង បិតាដែលអមតៈ នោះទ្រង់ជាអង្គតែមួយគត់ ដែលអាចដាក់ជីវិតទ្រង់ចុះដោយស្ម័គ្រព្រះទ័យ និង អាចយកមកវិញបាន ( សូមមើល យ៉ូហាន 10:14–18 ) ។ លទ្ធផលដ៏រុងរឿងនៃដង្វាយធួនរបស់ទ្រង់ គឺគ្មានទីបំផុត និង អស់កល្បជានិច្ច ។ ទ្រង់បានដកចេញនូវទ្រនិចនៃសេចក្ដីស្លាប់ និង បានធ្វើឲ្យសេចក្ដីសោកសៅនៃសេចក្ដីស្លាប់គ្រាន់តែជាការបណ្ដោះអាសន្ន ( សូមមើល កូរិនថូស ទី1 15:54–55 ) ។ ការទទួលខុសត្រូវរបស់ទ្រង់សម្រាប់ដង្វាយធួន គឺត្រូវបានដឹងតាំងពីមុនការបង្កបង្កើត និង ការធ្លាក់មកម្ល៉េះ ។ វាមិនត្រឹមតែផ្ដល់នូវដំណើររស់ឡើងវិញ និង អមតភាពដល់មនុស្សជាតិទាំងអស់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ធ្វើឲ្យយើងអាចទទួលបានការអត់ទោសដល់អំពើបាបរបស់យើងផងដែរ—គឺដោយលក្ខខណ្ឌដែលទ្រង់បង្កើតឡើង ។ ហេតុដូច្នោះហើយ ដង្វាយធួនរបស់ទ្រង់បើកផ្លូវ ដែលយើងអាចរួបរួមជាមួយទ្រង់ និង ក្រុមគ្រួសារយើងម្ដងទៀតអស់កល្បជានិច្ច ។ ការសង្ឃឹមទៅថ្ងៃអនាគតនេះ យើងចាត់ថាជាជីវិតដ៏នៅអស់កល្បជានិច្ច—ជាអំណោយដ៏អស្ចារ្យបំផុតរបស់ព្រះដល់មនុស្ស ( សូមមើល គ. និង ស. 14:7 ) ។
គ្មាននរណាម្នាក់ផ្សេងទៀតអាចធ្វើដង្វាយធួនបានឡើយ ។ គ្មានមនុស្សណាផ្សេងទៀត សូម្បីតែជាមួយនឹងទ្រព្យសម្បត្តិ និង អំណាចដ៏ច្រើនបំផុតក៏ដោយ ក៏មិនអាចសង្គ្រោះព្រលឹងមួយបានដែរ—គឺមិនអាចសូម្បីតែព្រលឹងខ្លួនឯងផ្ទាល់ ( សូមមើល ម៉ាថាយ 19:24–26 ) ។ ហើយគ្មានបុគ្គលណាផ្សេងទៀតនឹងត្រូវបានតម្រូវ ឬ អនុញ្ញាតឲ្យបង្ហូរឈាមសម្រាប់សេចក្ដីសង្គ្រោះដ៏អស់កល្បជានិច្ចនៃមនុស្សលោកណាម្នាក់ផ្សេងទៀតបានឡើយ ។ ព្រះយេស៊ូវបានធ្វើវា « មួយដងគឺសម្រេច » ( ហេព្រើរ 10:10 ) ។
ថ្វីបើដង្វាយធួនត្រូវបានសម្រេច នៅសម័យនៃព្រះគម្ពីរសញ្ញាថ្មីក៏ដោយ ក៏ព្រឹត្តិការណ៍នានានៅក្នុងគ្រាទាំងឡាយក្នុងព្រះគម្ពីរសញ្ញាចាស់ បានប្រាប់ជាមុនពីសារៈសំខាន់របស់ដង្វាយធួនជាញឹកញាប់ផងដែរ ។ អ័ដាម និង អេវ៉ា ត្រូវបានបញ្ជាឲ្យថា្វយជាយញ្ញបូជាដែលទុកជា « និមិត្តរូបអំពីការបូជានៃព្រះរាជបុត្រាបង្កើតតែមួយនៃព្រះវរបិតា » ( ម៉ូសេ 5:7 ) ។ ដោយរបៀបណា ? ដោយការបង្ហូរឈាម ។ ពីបទពិសោធន៍ផ្ទាល់របស់ពួកគេ ពួកគេបានបញ្ជាក់ដល់បទគម្ពីរថា « ជីវិតនៃរូបសាច់ នោះនៅក្នុងឈាម » ( លេវីវិន័យ 17:11 ) ។
គ្រូពេទ្យទាំងឡាយដឹងថា ពេលណាដែលឈាមឈប់ហូរទៅកាន់សរីរាង្គមួយ នោះចាប់ផ្ដើមមានបញ្ហាហើយ ។ ប្រសិនបើឈាមដែលហូរទៅជើងម្ខាងត្រូវរាំងស្ទះ នោះដំបៅរលួយអាចកើតឡើង ។ ប្រសិនបើលំហូរឈាមទៅកាន់ខួរក្បាលត្រូវបានបញ្ឈប់ នោះអាចកើតមាននូវការដាច់សរសៃឈាមក្នុងខួរក្បាល ។ ប្រសិនបើឈាមហូរខុសប្រក្រតីតាមសរសៃឈាមបេះដូង នោះអាចកើតមានរោគគាំងបេះដូង ។ ហើយប្រសិនបើមិនអាចឃាត់ការហូរឈាមបានទេ នោះសេចក្ដីស្លាប់នឹងកើតមាន ។
អ័រដាម អេវ៉ា និង កូនចៅជំនាន់បន្តៗទៀត បានរៀនថា ពេលណាដែលពួកគេបង្ហូរឈាមពីសត្វមួយ នោះជីវិតវាត្រូវបានបញ្ចប់ហើយ ។ សម្រាប់ពិធីយញ្ញបូជារបស់ពួកគេ មិនមែនសត្វណាក៏បាននោះទេ ។ វាត្រូវតែជាកូនដំបូងដែលកើតពីហ្វូងសត្វ ហើយជាសត្វមួយដែលគ្មានប្រឡាក់អ្វីឡើយ ( សូមមើល និក្ខមនំ 12:5 ជាឧទាហរណ៍ ) ។ តម្រូវការទាំងនេះក៏ជាតំណាងនៃការពិលកម្មនៅទីបំផុតរបស់កូនចៀមដែលគ្មានប្រឡាក់អ្វីសោះនៃព្រះ ។
អ័ដាម និង អេវ៉ា ត្រូវបានប្រទានឲ្យនូវបទបញ្ញត្តិមួយថា ៖ « ហេតុដូច្នេះហើយ អ្នកនឹងត្រូវធ្វើអ្វីៗទាំងអស់ដែលអ្នកធ្វើ ដោយនូវព្រះនាមនៃព្រះរាជបុត្រា ហើយអ្នកត្រូវប្រែចិត្ត ហើយអំពាវនាវដល់ព្រះ ដោយនូវព្រះនាមនៃព្រះរាជបុត្រាជារៀងដរាបរហូតតទៅ » ( ម៉ូសេ 5:8 ) ។ តាំងពីថ្ងៃនោះមកដល់កាលដ៏ខ្ពង់ខ្ពស់បំផុត ការបូជាសត្វបន្តជាគំរូ និង ជាស្រមោលនៃដង្វាយធួននៅទីបំផុតនៃព្រះរាជបុត្រារបស់ព្រះ ។
ពេលដង្វាយធួនត្រូវបានសម្រេច ការបូជាដ៏អស្ចារ្យ និង ចុងក្រោយនោះបានបំពេញដល់ច្បាប់ម៉ូសេ ( សូមមើល អាលម៉ា 34:13–14 ) និង បញ្ចប់ការអនុវត្តន៍នៃការបូជាសត្វ ដែលបានបង្រៀនថា « ជីវិតនៃរូបសាច់ នោះនៅក្នុងឈាម » ( លេវីវិន័យ 17:11 ) ។ ព្រះយេស៊ូវបានពន្យល់ពីរបៀបដែលធាតុនៃការបូជាពីបុរាណ ត្រូវបានជំនួសដោយដង្វាយធួនវិញ និង ត្រូវបានរំឭកជាតំណាងដោយពិធីសាក្រាម៉ង់ ។ សូមកំណត់ចំណាំម្ដងទៀតលើសេចក្ដីយោងទៅជីវិត សាច់ និង ឈាម ៖
« នោះព្រះយេស៊ូវមានបន្ទូលទៅពួកគេថា ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា បើអ្នករាល់គ្នាមិនពិសាសាច់ ហើយមិនផឹកឈាមរបស់កូនមនុស្ស នោះអ្នករាល់គ្នាគ្មានជីវិតនៅក្នុងខ្លួនទេ ។
« អ្នកណាដែលបរិភោគសាច់ និង ឈាមរបស់ខ្ញុំ នោះមានជីវិតដ៏នៅអស់កល្បជានិច្ច ហើយខ្ញុំនឹងឲ្យអ្នកនោះរស់ឡើងវិញ នៅថ្ងៃចុងបំផុត » ( យ៉ូហាន 6:53–54 ) ។
ដោយសារដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ នោះមនុស្សលោកទាំងអស់—ទោះច្រើនយ៉ាងណាក៏ដោយ—នឹងបានប្រោសលោះ ។ ព្រះអង្គសង្គ្រោះបានចាប់ផ្ដើមបង្ហូរព្រះលោហិតរបស់ទ្រង់ សម្រាប់មនុស្សលោកទាំងអស់គ្នា មិនមែននៅលើឈើឆ្កាងនោះទេ ប៉ុន្តែបានចាប់ផ្ដើមតាំងពីនៅក្នុងសួនច្បារគែតសេម៉ានី ។ នៅទីនោះ ទ្រង់បានយកដាក់លើព្រះអង្គទ្រង់នូវទម្ងន់នៃអំពើបាបរបស់មនុស្សទាំងអស់ ដែលនឹងធ្លាប់រស់នៅ ។ នៅក្រោមបន្ទុកដ៏ធ្ងន់នោះ ទ្រង់បានហូរព្រះលោហិតពីគ្រប់រន្ធញើស ( សូមមើល គ. និង ស. 19:18 ) ។ ការឈឺចាប់ដែលមិនអាចពណ៌នាបាននៃដង្វាយធួន ត្រូវបានបញ្ចប់សព្វគ្រប់នៅលើឈើឆ្កាងត្រង់កាលវ៉ារី ។
សារៈសំខាន់នៃដង្វាយធួនត្រូវបានពណ៌នាសង្ខេប ដោយព្យាការី យ៉ូសែប ស្ម៊ីធ ។ លោកបានមានប្រសាសន៍ថា « គោលការណ៍ដ៏សំខាន់នៃសាសនាចក្ររបស់យើង គឺជាទីបន្ទាល់នៃពួកសាវក និង ពួកព្យាការី អំពីព្រះយេស៊ូវគ្រីស្ទ ថាទ្រង់បានសុគត ត្រូវបានកប់ ហើយបានរស់ឡើងវិញនៅថ្ងៃទីបី ហើយបានយាងឡើងទៅស្ថានសួគ៌ ហើយរឿងផ្សេងទៀតដែលទាក់ទងនឹងសាសនារបស់យើង គឺជារឿងបន្ទាប់បន្សំទៅនឹងរឿងនេះប៉ុណ្ណោះ » ។1
ដោយមានសិទ្ធិអំណាចនោះ និង ដោយការដឹងគុណដ៏ជ្រាលជ្រៅ ខ្ញុំបង្រៀន និង ថ្លែងទីបន្ទាល់យ៉ាងដូច្នោះ អំពីទ្រង់ ។
ការបម្រើរបស់ព្រះយេស៊ូវគ្រីស្ទ—ព្រះអង្គគំរូ
គោលបំណងដ៏អស់កល្បទីពីររបស់ព្រះអម្ចាស់នៅក្នុងជីវិតរមែងស្លាប់ គឺដើម្បីបម្រើជាគំរូមួយសម្រាប់យើង ។ ជីវិតដ៏ជាគំរូរបស់ទ្រង់ ត្រូវបានចាត់ទុកថាជាការបម្រើក្នុងភាពរមែងស្លាប់របស់ទ្រង់ ។ វារួមមានការបង្រៀន រឿងប្រៀបធៀប និង ទេសនកថាទាំងឡាយរបស់ទ្រង់ ។ វារួមបញ្ចូលទាំងអព្ភូតហេតុ សេចក្ដីមេត្តាករុណា និង សេចក្ដីអត់ធ្មត់របស់ទ្រង់ ចំពោះកូនចៅមនុស្ស ( សូមមើល នីហ្វៃទី1 19:9 ) ។ វារួមទាំងការប្រើប្រាស់នូវសិទ្ធិអំណាចបព្វជិតភាពដ៏ពោរពេញដោយសេចក្ដីមេត្តាករុណារបស់ទ្រង់ ។ វារួមទាំងសេចក្ដីតូចចិត្តដ៏សុចរិតរបស់ទ្រង់ ពេលដែលទ្រង់បានកាត់ទោសអំពើបាប ( សូមមើល រ៉ូម 8:3 ) និង ពេលដែលទ្រង់ផ្កាប់តុនៃពួកអ្នកប្ដូរប្រាក់ ( សូមមើល ម៉ាថាយ 21:12 ) ។ វាក៏រួមបញ្ចូលទាំងការឈឺចាប់ក្នុងព្រះហឫទ័យរបស់ទ្រង់ផងដែរ ។ ទ្រង់ត្រូវគេចំអក វាយ និង មិនទទួលស្គាល់ដោយប្រជារាស្ត្ររបស់ទ្រង់ផ្ទាល់ ( សូមមើល ម៉ូសាយ 15:5 )—រហូតដល់ថ្នាក់ត្រូវក្បត់ដោយសិស្សម្នាក់របស់ទ្រង់ និង ត្រូវបដិសេធដោយសិស្សម្នាក់ផ្សេងទៀត ( សូមមើល យ៉ូហាន 18:2–3, 25–27 ) ។
ទោះបីជាទង្វើដែលទ្រង់បានធ្វើអំឡុងការបម្រើរបស់ទ្រង់ល្អប្រពៃយ៉ាងណាក៏ដោយ ក៏ការណ៍ទាំងនោះមិនបានជា និង នៅតែមិនមែនជាការណ៍ដ៏ពិសេសដែលមានចំពោះតែទ្រង់មួយអង្គនោះទេ ។ ពុំមាននូវការកំណត់ចំពោះចំនួននៃមនុស្សដែលអាចធ្វើតាមគំរូរបស់ព្រះយេស៊ូវនោះទេ ។ ទង្វើស្រដៀងគ្នានេះត្រូវបានធ្វើឡើងដោយពួកព្យាការី និង ពួកសាវករបស់ទ្រង់ និង អ្នកផ្សេងៗទៀតក្នុងចំណោមពួកអ្នកបម្រើរបស់ទ្រង់ដែលមានសិទ្ធិអំណាច ។ មនុស្សជាច្រើនបានតស៊ូនូវការធ្វើទុក្ខបុកម្នេញដើម្បីទ្រង់ ( សូមមើល ម៉ាថាយ 5:10; នីហ្វៃទី3 12:10 ) ។ ក្នុងជំនាន់របស់យើង អ្នកស្គាល់បងប្អូនប្រុសស្រី ដែលបានពុះពារព្យាយាមយ៉ាងស្មោះអស់ពីចិត្ត—ទោះលំបាកយ៉ាងណាក៏ដោយ—ដើម្បីធ្វើតាមគំរូរបស់ព្រះអម្ចាស់ ។
ការណ៍នោះគឺវាត្រូវបែបដូច្នោះហើយ ។ នោះហើយគឺជាសេចក្ដីសង្ឃឹមរបស់ទ្រង់ចំពោះយើង ។ ព្រះអម្ចាស់បានសុំយើងឲ្យធ្វើតាមគំរូទ្រង់ ។ ការអំពាវនាវរបស់ទ្រង់គឺច្បាស់ដូចត្បូងគ្រីស្ទាល់ ។•
-
« តើអ្នករាល់គ្នាគួរធ្វើជាមនុស្សបែបណាទៅ ? … ត្រូវឲ្យបានដូចជាយើង » ( នីហ្វៃទី3 27:27; សូមមើលផងដែរ នីហ្វៃទី3 12:48 ) ។•
-
« ចូរមកតាមខ្ញុំ ខ្ញុំនឹងតាំងអ្នកឲ្យជាអ្នកនេសាទមនុស្សវិញ » ( ម៉ាថាយ 4:19 ) ។
-
« ខ្ញុំបានធ្វើតម្រាប់ទុកឲ្យអ្នករាល់គ្នាហើយ ដើម្បីឲ្យអ្នករាល់គ្នាត្រាប់តាមការដែលខ្ញុំបានធ្វើឲ្យនោះ » ( យ៉ូហាន 13:15; សូមមើលផងដែរ យ៉ូហាន 14:6 ) ។
បទគម្ពីរទាំងនេះ និង បទគម្ពីរស្រដៀងនេះពុំបានត្រូវកត់ត្រាទុកជាយោបល់នោះទេ ។ វាជាបង្គាប់ដ៏ចាំបាច់ត្រូវធ្វើ ! យើងត្រូវធ្វើតាមគំរូរបស់ទ្រង់ !
ដើម្បីសម្របសម្រួលសេចក្ដីប្រាថ្នារបស់យើង ឲ្យធ្វើតាមទ្រង់ ប្រហែលជាយើងអាចពិចារណាទៅលើចំណុចប្រាំយ៉ាងនៃជីវិតរបស់ទ្រង់ ដែលយើងអាចយកគំរូតាម ។
សេចក្ដីស្រឡាញ់
ប្រសិនបើខ្ញុំសួរថា តើលក្ខណៈសម្បត្តិមួយណានៃជីវិតរបស់ទ្រង់ ដែលអ្នកនឹងរកឃើញមុនគេ នោះខ្ញុំគិតថា អ្នកប្រហែលជានិយាយថា លក្ខណៈសម្បត្តិនៃសេចក្ដីស្រឡាញ់របស់ទ្រង់ ។ នោះរួមបញ្ចូលទាំង សេចក្ដីអាណិតអាសូរ សេចក្ដីមេត្តា សេចក្ដីសប្បុរស ការលះបង់ ការអត់ទោស សេចក្ដីករុណា សេចក្ដីយុត្តិធម៌របស់ទ្រង់ និង ច្រើនថែមទៀត ។ ព្រះយេស៊ូវស្រឡាញ់ព្រះវរបិតា និង ព្រះមាតារបស់ទ្រង់ ( សូមមើល យ៉ូហាន 19:25–27 ) ។ ទ្រង់ស្រឡាញ់ក្រុមគ្រួសារ និង ពួកបរិសុទ្ធរបស់ទ្រង់ ( សូមមើល យ៉ូហាន 13:1; ថែស្សាឡូនីច ទី2 2:16 ) ។ ទ្រង់ស្រឡាញ់អ្នកមានបាប តែពុំបានលើកលែងអំពើបាបនោះទេ ( សូមមើល ម៉ាថាយ 9:2; គ. និង ស. 24:2 ) ។ ហើយទ្រង់បានបង្រៀនយើង ពីរបៀបដែលយើងអាចបង្ហាញសេចក្ដីស្រឡាញ់របស់យើងចំពោះទ្រង់ ។ ទ្រង់បានមានបន្ទូលថា « បើអ្នករាល់គ្នាស្រឡាញ់ខ្ញុំ ចូរកាន់តាមបញ្ញត្តិរបស់ខ្ញុំចុះ » ( យ៉ូហាន 14:15 ) ។ បន្ទាប់មក ដើម្បីគូសបញ្ជាក់ថា សេចក្ដីស្រឡាញ់របស់ទ្រង់ពុំមែនគ្មានព្រំដែន នោះទ្រង់បានបន្ថែមថា « បើអ្នករាល់គ្នាកាន់តាមបញ្ញត្តិខ្ញុំ នោះនឹងនៅជាប់ក្នុងសេចក្ដីស្រឡាញ់របស់ខ្ញុំ ដូចជាខ្ញុំបានកាន់តាមបញ្ញត្តិនៃព្រះវរបិតាខ្ញុំ ហើយក៏នៅជាប់ក្នុងសេចក្ដីស្រឡាញ់របស់ទ្រង់ដែរ » ( យ៉ូហាន 15:10; សូមមើលផងដែរ គ. និង ស. 95:12; 124:87 ) ។
ការបង្ហាញមួយទៀតនៃសេចក្ដីស្រឡាញ់របស់ព្រះអង្គសង្គ្រោះ គឺការបម្រើរបស់ទ្រង់ ។ ទ្រង់បានបម្រើព្រះវរបិតាទ្រង់ ហើយទ្រង់បានបម្រើប្រជាជនដែលទ្រង់បានរស់នៅ និង បានធ្វើការជាមួយ ។ យើងត្រូវធ្វើតាមគំរូរបស់ទ្រង់តាមរបៀបទាំងពីរនេះ ។ យើងត្រូវបម្រើព្រះ « ដើរតាមគ្រប់ទាំងផ្លូវរបស់ទ្រង់ ហើយឲ្យស្រឡាញ់ទ្រង់ » ( ចោទិយកថា 10:12; សូមមើល 11:13; យ៉ូស្វេ 22:5; គ. និង ស. 20:31; 59:5 ) ។ ហើយយើងត្រូវស្រឡាញ់អ្នកជិតខាងយើង ដោយការបម្រើពួកគេ ( សូមមើល កាឡាទី 5:13; ម៉ូសាយ 4:15–16 ) ។ យើងចាប់ផ្ដើមជាមួយក្រុមគ្រួសារយើង ។ សេចក្ដីស្រឡាញ់យ៉ាងជ្រាលជ្រៅ ដែលចងភ្ជាប់ឪពុកម្ដាយទៅនឹងកូនចៅរបស់ពួកគេ គឺត្រូវបានបង្កើតឡើងដោយការបម្រើដល់ពួកគេ ក្នុងគ្រាដែលពួកគេនៅក្នុងបន្ទុក ។ ក្រោយមកនៅក្នុងជីវិត កូនចៅដែលយកចិត្តទុកដាក់នឹងករណីកិច្ចរបស់ខ្លួន អាចមានឱកាសក្នុងការតបស្នងសេចក្ដីស្រឡាញ់នោះវិញ ពេលដែលពួកគេបម្រើឪពុកម្ដាយជរារបស់ពួកគេ ។
ពិធីបរិសុទ្ធទាំងឡាយ
ចំណុចទីពីរនៃជីវិតដ៏គួរឲ្យយកគំរូតាមរបស់ព្រះអង្គសង្គ្រោះ គឺការសង្កត់បញ្ជាក់របស់ទ្រង់ទៅលើពិធីបរិសុទ្ធដ៏ពិសិដ្ឋទាំងឡាយ ។ អំឡុងពេលនៃការបម្រើក្នុងជីវិតរមែងស្លាប់របស់ទ្រង់ ទ្រង់បានបង្ហាញនូវសារៈសំខាន់នៃពិធីបរិសុទ្ធនៃសេចក្ដីសង្គ្រោះ ។ ទ្រង់ទទួលបុណ្យជ្រមុជទឹកពីយូហាន នៅក្នុងទន្លេយ័រដាន់ ។ សូម្បីតែយ៉ូហានបានសួរថា « ហេតុអ្វី ? »
ព្រះយេស៊ូវបានពន្យល់ថា « ត្បិតគួរឲ្យយើងធ្វើសម្រេចតាមគ្រប់ទាំងសេចក្ដីសុចរិតយ៉ាងដូច្នេះ » ( ម៉ាថាយ 3:15; ការសង្កត់បញ្ជាក់ត្រូវបានបន្ថែម ) ។ មិនត្រឹមតែពិធីបរិសុទ្ធទេដែលចាំបាច់នោះ ប៉ុន្តែគំរូដែលបានដាក់ដោយព្រះយេស៊ូវ និង យ៉ូហាន ក៏ចាំបាច់ផងដែរ ។
ក្រោយមកព្រះអម្ចាស់បានបង្រៀនពីពិធីបរិសុទ្ធនៃពិធីសាក្រាម៉ង់ ។ ទ្រង់បានពន្យល់ពីតំណាងនៃសាក្រាម៉ង់ ហើយបានធ្វើការចែកតំណាងដ៏ពិសិដ្ឋនេះទៅសិស្សរបស់ទ្រង់ ( សូមមើល ម៉ាថាយ 26:26–28; ម៉ាកុស 14:22–24; លូកា 24:30 ) ។
ព្រះវរបិតាសួគ៌របស់យើងបានប្រទានការណែនាំផងដែរ អំពីពិធីបរិសុទ្ធទាំងឡាយ ។ ទ្រង់បានមានបន្ទូលថា ៖ « នោះអ្នករាល់គ្នាត្រូវតែបានកើតម្ដងទៀត ទៅក្នុងនគរស្ថានសួគ៌ ដោយសារទឹក និង ដោយសារព្រះវិញ្ញាណ ហើយត្រូវបានសម្អាត ដោយសារឈាម គឺជាព្រះលោហិតនៃព្រះរាជបុត្រាបង្កើតតែមួយរបស់យើងយ៉ាងនោះដែរ ប្រយោជន៍ឲ្យអ្នកអាចបានញែកជាបរិសុទ្ធ ចេញពីអស់ទាំងអំពើបាប ហើយមានសេចក្ដីអំណរចំពោះព្រះបន្ទូល អំពីជីវិតដ៏នៅអស់កល្បជានិច្ចនៅនាលោកិយនេះ និង ជីវិតដ៏នៅអស់កល្បជានិច្ចនៅឯនាបរលោក គឺជាសិរីល្អដ៏នៅអមតៈ » ( ម៉ូសេ 6:59 ) ។
អំឡុងពេលនៃការបម្រើក្នុងជីវិតបន្ទាប់ពីការសុគតរបស់ទ្រង់ ពិធីបរិសុទ្ធដែលកាន់តែខ្ពង់ខ្ពស់ជាងមុន នៃភាពលើកតម្កើងឡើង ត្រូវបានបើកសម្ដែង ( គ. និង ស. 124:40–42 ) ។ ទ្រង់បានប្រទានព្រះវិហារបរិសុទ្ធរបស់ទ្រង់ សម្រាប់ពិធីបរិសុទ្ធទាំងនេះ ។ ក្នុងជំនាន់របស់យើង ការលាង ការលាបប្រេង និង អំណោយទានពិសិដ្ឋ ត្រូវបានផ្ដល់ទៅបុគ្គលទាំងឡាយដែលបានរៀបចំខ្លួនយ៉ាងត្រឹមត្រូវ ( សូមមើល គ. និង ស. 105:12, 18, 33; 110:9; 124:39 ) ។ នៅក្នុងព្រះវិហារបរិសុទ្ធ បុគ្គលម្នាក់អាចផ្សារភ្ជាប់ជាមួយស្វាមី ឬ ភរិយា ជាមួយជីដូនជីតា និង ជាមួយកូនចៅ ( សូមមើល គ. និង ស. 132:19 ) ។ លោកគ្រូរបស់យើង គឺជាព្រះនៃក្រិត្យវិន័យ និង នៃរបៀបរៀបរយ ( សូមមើល គ. និង ស. 132:18 ) ។ ការផ្ដោតរបស់ទ្រង់ទៅលើពិធីបរិសុទ្ធ គឺជាផ្នែកដ៏មានព្រះចេស្ដានៃគំរូរបស់ទ្រង់ចំពោះយើង ។
ការអធិស្ឋាន
ចំណុចទីបីនៃការបម្រើដ៏គំរូរបស់ព្រះអម្ចាស់គឺការអធិស្ឋាន ។ ព្រះយេស៊ូវបានអធិស្ឋានទៅកាន់ព្រះវរបិតារបស់ទ្រង់ដែលគង់នៅស្ថានសួគ៌ ហើយក៏បង្រៀនយើងពីរបៀបអធិស្ឋានផងដែរ ។ យើងត្រូវអធិស្ឋានទៅព្រះ ជាព្រះវរបិតាដ៏នៅអស់កល្បជានិច្ច ក្នុងព្រះនាមនៃព្រះរាជបុត្រា គឺព្រះយេស៊ូវគ្រីស្ទ តាមរយៈព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធ ( សូមមើល ម៉ាថាយ 6:9–13; នីហ្វៃទី3 13:9–13; ការបកប្រែដោយយ៉ូសែប ស្ម៊ីធ ម៉ាថាយ 6:9–15 ) ។ ខ្ញុំស្រឡាញ់ការអធិស្ឋានសម្របសម្រួលដែលព្រះអម្ចាស់បានអធិស្ឋាន ដែលបានកត់ត្រាទុកក្នុងគម្ពីរយ៉ូហាន ជំពូក 17 ។ ក្នុងការអធិស្ឋាន ព្រះរាជបុត្រាធ្វើការទំនាក់ទំនងដោយសេរី ជាមួយនឹងព្រះវរបិតាទ្រង់ ជំនួសឲ្យសិស្សរបស់ទ្រង់ ជាអ្នកដែលទ្រង់ស្រឡាញ់ ។ វាគឺជាគំរូនៃការអធិស្ឋានដ៏មានប្រសិទ្ធិភាព និង ពេញដោយក្ដីអាណិតអាសូរ ។
ចំណេះដឹង
ចំណុចទីបួននៃគំរូរបស់ព្រះអម្ចាស់ គឺការប្រើប្រាស់ចំណេះដឹងដ៏ទេវភាពរបស់ទ្រង់ ។ ដូចដែលបាននិយាយពីខាងដើម ពួកអ្នកដែលមិនមែនជាពួកគ្រីស្ទានជាច្រើនបានទទួលស្គាល់ថា ព្រះយេស៊ូវជាគ្រូបង្រៀនដ៏អស្ចារ្យ ។ ប្រាកដណាស់ ទ្រង់គឺគ្រូបង្រៀនដ៏អស្ចារ្យ ។ ប៉ុន្តែ តើអ្វីទៅដែលពិតជាបានញែកការបង្រៀនរបស់ទ្រង់ពីការបង្រៀនផ្សេងៗទៀត ? តើទ្រង់ជាគ្រូបង្រៀនផ្នែកវិស្វកម្ម ផ្នែកគណិតសាស្ត្រ ឬ ផ្នែកវិទ្យាសាស្ត្រដ៏ស្ទាត់ជំនាញឬ ? ក្នុងនាមជាអ្នកបង្កបង្កើតផែនដីនេះ និង ភពផ្សេងៗទៀត ( សូមមើល ម៉ូសេ 1:33 ) ទ្រង់ពិតជាអាចធ្វើជាអាចធ្វើជាគ្រូបង្រៀនផ្នែកទាំងនោះដោយស្ទាត់ជំនាញបាន ។ ឬ ក្នុងនាមជាអ្នកនិពន្ធព្រះគម្ពីរ ទ្រង់អាចបង្រៀនការតែងសេចក្ដីផ្នែកអក្សរសាស្ត្របានយ៉ាងល្អ ។
លក្ខណៈដែលញែកការបង្រៀនរបស់ទ្រង់ចេញពីការបង្រៀនទាំងអស់របស់គ្រូបង្រៀនដទៃទៀត គឺទ្រង់បានបង្រៀនសេចក្ដីពិតនៃភាពចាំបាច់ដ៏នៅអស់កល្បជានិច្ច ។ មានតែទ្រង់ប៉ុណ្ណោះដែលអាចបើកសម្ដែងពីគោលបំណងរបស់យើងក្នុងជីវិត ។ មានតែតាមរយៈទ្រង់ប៉ុណ្ណោះ ដែលយើងអាចរៀនពីជីវិតរបស់យើងមុនផែនដី និង ពីសក្ដានុពលភាពរបស់យើងក្រោយពីជីវិតនេះ ។
ក្នុងឱកាសមួយ លោកគ្រូបានប្រាប់ដល់អ្នកស្ដាប់របស់ទ្រង់ដែលមានការសង្ស័យថា ពួកគេមានទីបន្ទាល់បីយ៉ាងអំពីទ្រង់ ៖
-
យ៉ូហាន បាទីស្ទ ។
-
កិច្ចការទាំងឡាយដែលព្រះយេស៊ូវបានធ្វើសម្រេច ។
-
ព្រះបន្ទូលរបស់ព្រះជាព្រះវរបិតាដ៏នៅអស់កល្បជានិច្ច ( សូមមើល យ៉ូហាន 5:33–37 ) ។
បន្ទាប់មកទ្រង់បានផ្ដល់នូវទីបន្ទាល់ទីបួន ៖ « អ្នករាល់គ្នាស្ទង់មើលគម្ពីរ ដោយស្មានថា បានជីវិតដ៏នៅអស់កល្បជានិច្ចអំពីគម្ពីរនោះមក គឺជាគម្ពីរនោះឯង ដែលធ្វើបន្ទាល់ពីខ្ញុំ » ( យ៉ូហាន 5:39 ) ។
ពាក្យ ស្មាន នៅក្នុងឃ្លានោះ ពីដំបូង អាចហាក់បីដូចជាមិនត្រូវទេ ។ ប៉ុន្តែវាសំខាន់ខ្លាំងណាស់ចំពោះអត្ថន័យដែលព្រះយេស៊ូវព្យាយាមណែនាំ ។ ទ្រង់បានដឹងថា មានអ្នកស្ដាប់របស់ទ្រង់ជាច្រើនពិតជាបានស្មានថា ជីវិតដ៏នៅអស់កល្បជានិច្ច គឺនៅក្នុងព្រះគម្ពីរទាំងឡាយ ។ ប៉ុន្តែពួកគេខុសហើយ ។ ព្រះគម្ពីរតែមួយមុខពុំអាចផ្ដល់ជីវិតដ៏នៅអស់កល្បជានិច្ចបានទេ ។ ពិតណាស់ មានអំណាចនៅក្នុងព្រះគម្ពីរ ប៉ុន្តែអំណាចនោះ គឺមកពីព្រះយេស៊ូវផ្ទាល់ ។ ទ្រង់គឺជាព្រះបន្ទូល ៖ Logos ។ អំណាចនៃជីវិតដ៏នៅអស់កល្បជានិច្ច គឺនៅក្នុងទ្រង់ ដែល « កាលដើមដំបូងមានព្រះបន្ទូល ព្រះបន្ទូលក៏គង់នៅជាមួយនឹងព្រះ ហើយព្រះបន្ទូលនោះឯងជាព្រះ » ( យ៉ូហាន 1:1; សូមមើលផងដែរ នីហ្វៃទី2 31:20; 32:3 ) ។ បន្ទាប់មក ដោយសារតែជំហរដ៏រឹងទទឹងរបស់ពួកអ្នកសង្ស័យ នោះព្រះយេស៊ូវគ្រីស្ទបានស្ដីបន្ទោសពួកគេថា ៖ « អ្នករាល់គ្នាមិនសុខចិត្តមកឯខ្ញុំឲ្យបានជីវិត [ ដ៏នៅអស់កល្បជានិច្ច ] ទេ » ( យ៉ូហាន 5:40 ) ។
លោកគ្រូអាចធ្វើឲ្យយើងរន្ធត់ជាមួយនឹងចំណេះដឹងដ៏ខ្ពង់ខ្ពង់បំផុតរបស់ទ្រង់ ប៉ុន្តែទ្រង់មិនធ្វើដូច្នោះទេ ។ ទ្រង់គោរពដល់សិទ្ធិជ្រើសរើសរបស់យើង ។ ទ្រង់ទុកឲ្យយើងមានភាពរីករាយនៃការរុករករបកគំហើញ ។ ទ្រង់លើកទឹកចិត្តយើងឲ្យប្រែចិត្តពីកំហុសផ្ទាល់ខ្លួនរបស់យើង ។ ទ្រង់អនុញ្ញាតឲ្យយើងទទួលបទពិសោធន៍នៃសេរីភាព ដែលមកពីការគោរពប្រតិបត្តិដោយស្ម័គ្រចិត្តរបស់យើង ចំពោះក្រិត្យវិន័យដ៏ទេវភាពរបស់ទ្រង់ ។ មែនហើយ របៀបដែលទ្រង់ប្រើប្រាស់ចំណេះដឹងរបស់ទ្រង់ ផ្ដល់គំរូដ៏អស្ចារ្យដល់យើង ។
ការស៊ូទ្រាំ
ចំណុចទីប្រាំនៃការបម្រើរបស់ព្រះអម្ចាស់ គឺការតាំងព្រះទ័យរបស់ទ្រង់ ដើម្បីស៊ូទ្រាំដល់ទីបំផុត ។ ទ្រង់មិនដែលដកខ្លួនចេញពីការចាត់តាំងរបស់ទ្រង់ឡើយ ។ ទោះជាទ្រង់បានទទួលបទពិសោធន៍នៃការរងទុក្ខវេទនា លើសពីយើងអាចយល់បាន ក៏ទ្រង់មិនមែនជាអ្នកបោះបង់ដែរ ។ ឆ្លងកាត់ការសាកល្បងដ៏ជ្រាលជ្រៅ ទ្រង់បានតស៊ូដល់ទីបញ្ចប់នៃការចាត់តាំងរបស់ទ្រង់ ក្នុងការធ្វើដង្វាយធួនសម្រាប់អំពើបាបនៃមនុស្សលោកទាំងអស់ ។ ព្រះបន្ទូលចុងក្រោយរបស់ទ្រង់ កាលដែលទ្រង់ត្រូវព្យួរនៅឈើឆ្កាងគឺ « ការស្រេចហើយ » ( យ៉ូហាន 19:30 ) ។
ការអនុវត្តន៍ចំពោះជីវិតរបស់យើង
ចំណុចទាំងប្រាំនៃការបម្រើរបស់ទ្រង់ អាចត្រូវបានអនុវត្តក្នុងជីវិតរបស់យើងផ្ទាល់ ។ ច្បាស់ណាស់ ភស្ដុតាងដ៏ល្អបំផុតនៃការគោរពរបស់យើងចំពោះព្រះយេស៊ូវ គឺការយកគំរូតាមទ្រង់របស់យើង ។
ពេលយើងចាប់ផ្ដើមដឹងថា ព្រះយេស៊ូវជានរណា និង អ្វីដែលទ្រង់បានធ្វើសម្រាប់យើង នោះយើងអាចយល់បាន ក្នុងកម្រិតមួយ ពីភាពជាក់លាក់នៃបទបញ្ញត្តិទីមួយ និង ធំបំផុត ដែលថា ៖ « ឯងត្រូវស្រឡាញ់ដល់ព្រះអម្ចាស់ជាព្រះនៃឯង ឲ្យអស់អំពីចិត្ត អស់អំពីព្រលឹង អស់អំពីគំនិត ហើយអស់អំពីកម្លាំងនៃឯង » ( ម៉ាកុស 12:30 ) ។ និយាយម្យ៉ាងទៀតគឺថា អ្វីទាំងអស់ដែលយើងគិត និង ធ្វើ និង និយាយ គួរតែចេញមកពីសេចក្ដីស្រឡាញ់របស់យើងចំពោះទ្រង់ និង ព្រះវរបិតារបស់ទ្រង់ ។
ចូរសួរខ្លួនឯងថា ៖ « តើមាននរណាម្នាក់ដែលខ្ញុំស្រឡាញ់ជាងព្រះអម្ចាស់ទេ ? » បន្ទាប់មក ប្រៀបធៀបចម្លើយរបស់អ្នកទៅនឹងបទដ្ឋានទាំងនេះដែលបានដាក់ដោយព្រះអម្ចាស់ ៖•
-
« អ្នកណាដែលស្រឡាញ់ឪពុក ឬ ម្ដាយ ជាជាងខ្ញុំ នោះមិនគួរនឹងខ្ញុំទេ » ។•
-
« អ្នកណាដែលស្រឡាញ់កូនប្រុស ឬ កូនស្រី ជាជាងខ្ញុំ នោះក៏មិនគួរនឹងខ្ញុំដែរ » ( ម៉ាថាយ 10:37 ) ។
សេចក្ដីស្រឡាញ់សម្រាប់ក្រុមគ្រួសារ និង មិត្តភក្ដិ ស្រឡាញ់ខ្លាំងដូចដែលអាចស្រឡាញ់ដូចនោះ គឺកាន់តែជ្រាលជ្រៅខ្លាំងជាងមុនទៅទៀត នៅពេលដែលសេចក្ដីស្រឡាញ់នោះបោះជាយុថ្កាជាប់នៅក្នុងសេចក្ដីស្រឡាញ់នៃព្រះយេស៊ូវគ្រីស្ទ ។ សេចក្ដីស្រឡាញ់របស់ឪពុកម្ដាយចំពោះកូនចៅ កាន់តែមានអត្ថន័យនៅពេលនេះ និង ចាប់ពីពេលនេះតទៅ ដោយសារតែទ្រង់ ។ គ្រប់ទំនាក់ទំនងដ៏ជាទីស្រឡាញ់ទាំងអស់គឺត្រូវបានស្ថាបនាឡើងនៅក្នុងទ្រង់ ។ សេចក្ដីស្រឡាញ់របស់ព្រះវរបិតាសួគ៌របស់យើង និង របស់ព្រះយេស៊ូវគ្រីស្ទ ផ្ដល់នូវការបំភ្លឺ ការបំផុស និង ការជម្រុញទឹកចិត្ត ឲ្យស្រឡាញ់អ្នកផ្សេងទៀតតាមរបៀបមួយដែលកាន់តែប្រសើរជាងមុនទៅទៀត ។
ពិធីបរិសុទ្ធផ្ដល់នូវការផ្ដោតទៅលើការបម្រើសម្រាប់តម្លៃដ៏អស់កល្បជានិច្ច ។ ឪពុកម្ដាយគួរតែពិចារណាថា ពិធីបរិសុទ្ធណាមួយដែលកូនរបស់ខ្លួនត្រូវការបន្ទាប់ទៀត ។ គ្រូបង្រៀនតាមផ្ទះគួរតែគិតពីពិធីបរិសុទ្ធដ៏ត្រឹមត្រូវ ដែលក្រុមគ្រសារដែលពួកគេបម្រើនោះត្រូវការបន្ទាប់ទៀត ។
គំរូរបស់ព្រះអង្គសង្គ្រោះអំពីការអធិស្ឋានរំឭកយើងថា ការអធិស្ឋានផ្ទាល់ខ្លួន ការអធិស្ឋានជាក្រុមគ្រួសារ និង ការព្យាយាមបំពេញការចាត់តាំងរបស់យើងក្នុងសាសនាចក្រប្រកបដោយការអធិដ្ឋាន គួរតែក្លាយជាផ្នែកនៃជីវិតរបស់យើង ។ ការដឹង និង ធ្វើតាមព្រះទ័យព្រះវរបិតា ផ្ដល់នូវកម្លាំង និង ទំនុកចិត្តខាងវិញ្ញាណដ៏អស្ចារ្យ ( សូមមើល គ. និង ស. 121:45 ) ។ នៅខាងព្រះ គឺជាកន្លែងដែលយើងចង់នៅ ។
ចំណេះដឹង « រឿងទាំងឡាយតាមដែលមាននៅពេលនេះ ហើយអំពីរឿងទាំងឡាយតាមដែលនឹងមាននៅពេលខាងមុខ » ( យ៉ាកុប 4:13 ) អនុញ្ញាតឲ្យយើងប្រព្រឹត្តិតាមគោលការណ៍ និង គោលលទ្ធិដ៏ពិត ។ ចំណេះដឹងនោះនឹងលើកកម្រិតនៃការប្រព្រឹត្តិរបស់យើងឡើង ។ តាមមួយបែបផ្សេង ទង្វើទាំងឡាយដែលអាចធ្វើឡើងដោយចេញពីចំណង់ដ៏អាត្មានិយម និង អារម្មណ៍ នោះនឹងត្រូវជំនួសដោយទង្វើទាំងឡាយដែលដឹកនាំដោយហេតុផល និង ភាពត្រឹមត្រូវ ។
ការតាំងចិត្តដើម្បីតស៊ូដល់ទីបញ្ចប់មានន័យថា យើងនឹងមិនសុំឲ្យមានការដោះលែងពីការហៅបម្រើនោះទេ ។ វាមានន័យថា យើងនឹងខំព្យាយាមក្នុងការឈានទៅរកគោលដៅដ៏សក្ដិសមមួយ ។ វាមានន័យថា យើងនឹងមិនដែលបោះបង់អ្នកជាទីស្រឡាញ់ម្នាក់ដែលបានវង្វេងនោះទេ ។ ហើយវាមានន័យថា យើងនឹងតែងតែស្រឡាញ់លើកតម្កើងដល់ទំនាក់ទំនងគ្រួសារដ៏អស់កល្បរបស់យើង សូម្បីតែឆ្លងកាត់ពេលវេលាដ៏លំបាកនៃការឈឺស្កាត់ ពិការភាព ឬ សេចក្ដីស្លាប់ក៏ដោយ ។
ដោយអស់ពីដួងចិត្តរបស់ខ្ញុំ ខ្ញុំអធិស្ឋានថា ឥទ្ធិពលនៃការកែប្រែរបស់ព្រះអម្ចាស់ អាចធ្វើឲ្យមានការផ្លាស់ប្ដូរមួយដ៏អស្ចារ្យក្នុងជីវិតរបស់អ្នក ។ បេសកកម្ម និង ការបម្រើរបស់ទ្រង់ អាចផ្ដល់ពរជ័យដល់យើងម្នាក់ៗនាពេលឥឡូវនេះ និង រហូតតទៅ ។