២០១៣
របៀបដើម្បីបម្រើនៅក្នុងការហៅទាំងឡាយនៃបព្វជិតភាព
ខែ មេសា 2013


របៀបដើម្បីបម្រើនៅក្នុងការហៅទាំងឡាយនៃបព្វជិតភាព

ដកស្រង់ចេញពីសុន្ទរកថានៅក្នុងសន្និសីទទូទៅ ខែ មេសា ឆ្នាំ 1987 ។

ប្រធាន ថូម៉ាស អេស. ម៉នសុន

តើអ្នកធ្លាប់បានសញ្ជឹងគិតអំពីតម្លៃនៃព្រលឹងរបស់មនុស្សដែរឬទេ? តើអ្នកដែលសញ្ជឹងគិតអំពីសក្តានុពលដែលស្ថិតនៅក្នុងយើងម្នាក់ៗឬទេ ?

គ្រាមួយនោះ ខ្ញុំបានចូលរួមក្នុងសន្និសីទតេកមួយ ដែលអតីតប្រធានស្តេករបស់ខ្ញុំ ឈ្មោះប៉ុល ស៊ី ឆាលដ៍បានបើកទៅ គោលលទ្ធិ និង សេចក្តីសញ្ញា កណ្ឌទី 18ហើយបានចាប់ផ្តើមអានថា៖ « ចូរចាំចុះថា តម្លៃនៃព្រលឹងទាំងឡាយ គឺមហិមាណាស់ចំពោះព្រះនេត្រនៃព្រះ » (ខទី10)

បន្ទាប់មក ប្រធានឆាលដ៍ បានសួរថា « តើតម្លៃនៃព្រលឹងរបស់មនុស្សគឺជាអ្វី » ? គាត់មិនបាន ហៅឲ្យប៊ីស្សព ប្រធានស្តេក ឬ ទីប្រឹក្សាជាន់ខ្ពស់ឆ្លើយនូវសំណួរនោះទេ ។ ផ្ទុយទៅវិញ គាត់បានជ្រើសយកប្រធានកូរ៉ុម អែលឌើរវិញ។

បុរសនោះភ្ញាក់ផ្អើលដោយមិនបានឆ្លើយតបអ្វីសោះអស់រយៈពេលមួយសន្ទុះធំ ហើយបន្ទាប់មកបានប្រកាសថា « តម្លៃនៃព្រលឹងរបស់មនុស្សគឺជាសមត្ថភាពរបស់ព្រលឹងនោះដើម្បីនឹងក្លាយទៅដូចជាព្រះ។»

អស់អ្នកដែលមានវត្តមានបានសញ្ជឹងគិតនៅចម្លើយនោះ។ ប្រធានឆាលដ៍បានបន្តតទៅទៀតជាមួយនឹងដំណឹងរបស់គាត់ ប៉ុន្តែខ្ញុំបានបន្តសញ្ជឹងគិតអំពីចម្លើយ ដ៏បំផុសគំនិតនោះ។

ដើម្បីឈោងទៅ ដើម្បីបង្រៀន ដើម្បីប៉ះដល់ព្រលឹងដ៏មានតម្លៃ ដែលព្រះវរបិតាយើងបាន រៀបចំសម្រាប់សារដំណឹងរបស់ទ្រង់ គឺជាភារកិច្ចដ៏ធំមហិមា។ ជ័យជំនះពិតជាពុំមែនងាយស្រួលឡើយ។ ជាទូទៅ ជ័យជំនះកើតចេញពីទឹកភ្នែក ទុក្ខលំបាក ទំនុកចិត្ត ហើយនិងទីបន្ទាល់។

អ្នកបម្រើរបស់ព្រះ ទទួលបាននូវការលួងលោមពីការអះអាងរបស់ព្រះអម្ចាស់ « ខ្ញុំនឹងនៅជាមួយនឹងអ្នករាល់គ្នាជារាល់ថ្ងៃដែរ » (ម៉ាថាយ 28:20)។ សេចក្តីសន្យាដ៏មហិមានេះគាំទ្រអ្នករាល់គ្នា បងប្អូនប្រុសនៃបព្វជិតអើរ៉ុនទាំងឡាយ ដែលត្រូវបានហៅទៅក្នុងមុខតំណែងនៃថ្នាក់ដឹកនាំ នៅក្នុងកូរ៉ុមឌីកុន គ្រូបង្រៀន និង សង្ឃអើយ។ ការសន្យានេះលើកស្ទួយអ្នកឡើង ក្នុងការរៀបចំដើម្បីនឹងបម្រើនៅក្នុងតំបន់បេសកកម្ម។ ការសន្យានេះលួងលោមអ្នក ក្នុងអំឡុងគ្រានៃការបាក់ទឹកចិត្តទាំងនោះ ដែលកើតមានដល់មនុស្សគ្រប់ៗរូប។

ព្រះអម្ចាស់មានបន្ទូលថា « ហេតុដូច្នេះហើយចូរកុំណាយចិត្តនឹងធ្វើការល្អឡើយ ត្បិតអ្នករាល់គ្នាកំពុងតែដាក់គ្រឹះនៃកិច្ចដ៏ធំ » ។ ហើយចេញពីការណ៍ដ៏តូចតាច នោះបណ្តាលឲ្យមានការណ៍ដ៏ធំធេងឡើង។

មើលចុះ ព្រះអម្ចាស់ទ្រង់តម្រូវចិត្ត និង គំនិតដែលស្ម័គ្រតាម » ( គ. និង ស. 64:33–34) ។ សេចក្តីជំនឿឋិតឋេរ នឹងទំនុកចិត្តខ្ជាប់ខ្ជួន ហើយនិងសេចក្តីប្រាថ្នាដ៏រឹងមាំតែងតែជាអត្តចរិកនៃអ្នកទាំងឡាយណា ដែលបម្រើព្រះអម្ចាស់ យ៉ាងអស់ពីដួងចិត្តរបស់ពួកគេ។

ប្រសិនជាបងប្អូនប្រុសណាម្នាក់ ដែលស្តាប់ឮ សំឡេងរបស់ខ្ញុំ មានអារម្មណ៍ថាមិនទាន់បានតៀមខ្លួននៅឡើយ សូម្បីតែមិនសមត្ថភាពក្នុងការឆ្លើយតបទៅ នឹងការហៅឲ្យបម្រើ លះបង់ និងផ្តល់ពរជ័យដល់ជីវិតរបស់អ្នកដទៃ ចូរចាំអំពីការពិតនេះថា ៖ « នរណាដែលព្រះអម្ចាស់ទ្រង់ហៅ ព្រះអម្ចាស់នឹងធ្វើឲ្យគេមានសមត្ថភាព » ។

រចនារូបថតដោយ កូឌី ប៊ែល © IRI