របៀបដែលខ្ញុំដឹង
ការអញ្ជើញរបស់ខ្ញុំទៅរកសេចក្តីសង្គ្រោះ
កាលនៅក្មេង ខ្ញុំបានទៅចូលរួមព្រះវិហារជាច្រើន ហើយមានការយល់ច្រឡំច្រើនពីព្រោះតែព្រះវិហារនីមួយៗបានបង្រៀនអំពីការបកស្រាយបទគម្ពីរខុសៗគ្នា ។ ខ្ញុំគ្មានអារម្មណ៍ល្អនោះទេ នៅពេលដែលខ្ញុំប្រទះឃើញពួកគេមួយចំនួនដែលគ្មានគាវរភាព ដូច្នេះខ្ញុំបានបោះបង់ការព្យាយាមដើម្បីស្វែងរកព្រះវិហារណាមួយដែលខ្ញុំអាចចូលរួម ។
អស់រយៈពេលពីរបីឆ្នាំក្រោយមក មានមិត្តភក្តិខ្ញុំម្នាក់ឈ្មោះ ខ្លេតុន លីម៉ា បានទទួលពិធីបុណ្យជ្រមុជទឹកក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។ គាត់មិនបានប្រាប់ខ្ញុំអំពីបុណ្យជ្រមុជទឹករបស់គាត់នេះទេ ថ្វីបើយើងគឺជាមិត្តល្អនឹងគ្នា ប៉ុន្តែនៅពេលដែលពេលវេលាចេះតែកន្លងផុតទៅ ខ្ញុំបានចាប់ផ្តើមមើលឃើញការផ្លាស់ប្តូរនៅក្នុងខ្លួនគាត់ ។ ជាធម្មតា រាល់ថ្ងៃអាទិត្យ ខ្ញុំបានទៅផ្ទះរបស់គាត់នៅពេលព្រឹក ដើម្បីយើងអាចលេងបាល់ទាត់ ប៉ុន្តែខ្ញុំអត់ឃើញគាត់នៅផ្ទះទេ ។ ខ្ញុំអត់ឃើញគាត់នៅផ្ទះ ពីរ ឬ បីអាទិត្យជាប់ៗគ្នាតែម្តង ។ នៅទីបញ្ចប់ ខ្លីតុន បានប្រាប់ខ្ញុំថា គាត់មិនអាចលេងបាល់ទាត់នៅថ្ងៃអាទិត្យបានតទៅទៀតទេ ដោយសារគាត់គោរពថ្ងៃរបស់ព្រះអម្ចាស់ ។ ខ្ញុំបានប្រាប់គាត់ថា « ព្រះវិហារនេះធ្វើឲ្យអ្នកជឿហួសហេតុពេកហើយ » ។
ក្រោយមក ខ្លីតុន បានអញ្ជើញខ្ញុំឲ្យទៅចូលរួមព្រះវិហារ ។ ខ្ញុំបានដោះសារជាមួយគាត់ថា ដោយសារខ្ញុំនៅតែមិនពេញចិត្តជាមួយនឹងសាសនា ។ អស់រយៈពេល 10 ខែមកហើយ ដែល ខ្លីតុន បាននាំពួកអ្នកផ្សព្វផ្សាយសាសនាឲ្យមកបង្រៀនខ្ញុំ ប៉ុន្តែខ្ញុំតែងតែនិយាយដោះសារ ឬ ប្រាប់ពួកគេថា ខ្ញុំរវល់ណាស់ ។ ប៉ុន្តែគាត់មិនដែលបោះបង់ការព្យាយាមនោះទេ ។
ថ្ងៃមួយនៅក្នុងខែ មិថុនា គាត់បានអញ្ជើញខ្ញុំឲ្យទៅចូលរួមការរាំកំសាន្តលេងនៅព្រះវិហារ ។ ខ្ញុំធ្វើជាសួរគាត់លេងៗថា « តើនឹងមានម្ហូបអាហារញុំ និង មានស្រីៗច្រើននៅទីនោះទេ ? » គាត់បានសើច ហើយនិយាយថា បាទ ! មាន
ខ្ញុំត្រូវតែសារភាពថា ខ្ញុំបានចុះចាញ់ ហើយសុខចិត្តទៅដោយសាតែការទាក់ទាញនឹងម្ហូបអាហារនោះ ។ខ្ញុំបានទៅលេងព្រះវិហារ ហើយបានស្រឡាញ់ព្រះវិហារនេះ ។ មនុស្សគ្រប់គ្នាបានស្វាគមន៍ខ្ញុំ ខ្ញុំបានបរិភោគច្រើន ហើយខ្ញុំបានចាប់ផ្តើមចាប់អារម្មណ៍អំពីការចូលរួមនៅព្រះវិហារ ។ នៅពេលខ្ញុំបានទៅដល់ព្រះវិហារនៅថ្ងៃអាទិត្យ ខ្ញុំបានជួបមនុស្សជាច្រើន ហើយបានឮទីបន្ទាល់ជាច្រើនរបស់ពួកគេ ។ ខ្ញុំមិនស្គាល់ព្រះគម្ពីរមរមនទេ ប៉ុន្តែខ្ញុំបានទទួលអារម្មណ៍ពីព្រះវិញ្ញាណនៃព្រះអម្ចាស់ នៅពេលដែលសមាជិកនានាក្នុងសាសនាចក្រនេះបានធ្វើទីបន្ទាល់ថា « ខ្ញុំដឹងថា ព្រះគម្ពីរមរមនគឺជាព្រះគម្ពីរពិត ថា នេះគឺជាសាសនាចក្ររបស់ព្រះគ្រីស្ទ ហើយថា យ៉ូសែប ស៊្មីធ គឺជាព្យាការីម្នាក់ ដែលបានហៅដោយព្រះ » ។ ខ្ញុំពុំធ្លាប់មានអារម្មណ៍ល្អបែបនេះនោះទេ ។ ខ្ញុំនៅតែមិនចង់ជួបពួកអ្នកផ្សព្វផ្សាយសាសនា ប៉ុន្តែទីបន្ទាល់ក្នុងការប្រជុំនោះបានធ្វើឲ្យខ្ញុំរញ្ជួលចិត្ត ។
នៅសប្តាហ៍បន្ទាប់ ខ្លីតុន បានអញ្ជើញខ្ញុំឲ្យទៅព្រះវិហារម្តងទៀត ។ ខ្ញុំមិនអាចទៅបានទេ ដោយសារខ្ញុំមានកិច្ចការមួយទៀតដែលត្រូវធ្វើ ។ នោះខ្ញុំអាចជ្រាបដឹងនូវភាពសោកសៅនៅលើផ្ទៃមុខរបស់គាត់ នៅពេលខ្ញុំបានប្រាប់គាត់ថា ខ្ញុំមិនដឹងថា តើខ្ញុំអាចទៅបានឬអត់នោះទេ ។
ទោះជាយ៉ាងណាក៏ដោយ នៅព្រឹកព្រលឹមថ្ងៃអាទិត្យ ខ្ញុំបានភ្ញាក់ពីដេកឡើងដោយមានបំណងប្រាថ្នាចង់ទៅព្រះវិហារ ។ វាជាការពិបាកសម្រាប់ខ្ញុំដោយភ្ញាក់ពីដេកនៅម៉ោង 6:30 ហើយខ្ញុំបានត្រៀមខ្លួនរួចជាស្រេចដើម្បីរង់ចាំ ខ្លីតុន មក ។ គាត់មានការភ្ញាក់ផ្អើលនៅពេលដែលគាត់បានឃើញខ្ញុំស្លៀកពាក់ជាស្រេចដើម្បីរង់ចាំគាត់ ។ នៅថ្ងៃអាទិត្យនោះ ប៊ីស្សពបានបង្រៀនអំពីបព្វជិតភាព ។ ខ្ញុំបានទទួលអារម្មណ៍ពីព្រះវិញ្ញាណជាខ្លាំង ហើយមានអារម្មណ៍ថា ខ្ញុំគួរតែរៀនមេរៀនរបស់អ្នកផ្សព្វផ្សាយសាសនា ។ នៅចុងបញ្ចប់នៃការប្រជុំថ្នាក់យុវជន ខ្ញុំបានដឹងថា ខ្ញុំនឹងទទួលពិធីបុណ្យជ្រមុជទឹក ។
នៅពេលការប្រជុំនៅព្រះវិហារចប់ ខ្ញុំបានប្រាប់ទៅ ខ្លីតុន ថា « ខ្ញុំចង់ទទួលពិធីបុណ្យជ្រមុជទឹក ! »
គាត់បានគិតថា ខ្ញុំនិយាយលេង ។ ប៉ុន្តែបន្ទាប់មកគាត់និយាយថា « បើខ្ញុំអញ្ជើញពួកអែលឌើរមក តើអ្នកនឹងជួបជាមួយពួកគេទេ ? » ខ្ញុំបានឆ្លើយតបថា បាទ ។
ពួកអែលឌើរដ៏ឆ្នើមបានបង្រៀនខ្ញុំ ។ នៅពេលខ្ញុំបានឮសារលិខិតនៃការស្តារឡើងវិញ នោះខ្ញុំទទួលបានការបញ្ជាក់កាន់តែអស្ចារ្យថា ខ្ញុំគួរតែទទួលបុណ្យជ្រមុជទឹក ។ ប៉ុន្តែខ្ញុំចង់ដឹងសេចក្តីពិតដ៏ពេញលេញនៃព្រះគម្ពីរមរមនដោយខ្លួនខ្ញុំផ្ទាល់ ។ ពួកអែលឌើរបានគូសចំណាំនៅក្នុងមរ៉ូណៃ 10:3–5 នៅក្នុងព្រះគម្ពីរមរមនរបស់ខ្ញុំ ហើយអញ្ជើញខ្ញុំឲ្យអធិស្ឋាន និង ទូលសួរដល់ព្រះថាតើព្រះគម្ពីរមរមននេះពិតដែរទេ ។
នៅពេលល្ងាចបន្ទាប់ ខ្ញុំបាននឹកឃើញថា ខ្ញុំមិនទាន់បានអានព្រះគម្ពីរមរមននេះនៅឡើយទេ ។ នៅពេលខ្ញុំចាប់ផ្តើមអាន ខ្ញុំបានទទួលអារម្មណ៍ពីព្រះវិញ្ញាណជាខ្លាំង ។ ខ្ញុំបានអធិស្ឋាន ហើយពីមុនខ្ញុំបញ្ចប់ការអធិស្ឋាន ខ្ញុំបានដឹងថា ព្រះគម្ពីរមរមនគឺជាព្រះគម្ពីរពិត ។ ខ្ញុំមានអំណរគុណចំពោះព្រះដែលបានឆ្លើយតបចំពោះការអធិស្ឋានរបស់ខ្ញុំ ។ ខ្ញុំបានទទួលបុណ្យជ្រមុជទឹកនៅខែ កក្កដា ឆ្នាំ 2006 ។
ក្រោយមក ខ្ញុំបានបម្រើជាអ្នកផ្សព្វផ្សាយសាសនាម្នាក់នៅក្នុងប្រទេសប្រេស៊ីល នៃបេសកកម្មគួយអាបា ហើយមិត្តរបស់ខ្ញុំ ខ្លីតុន បានបម្រើបេសកកម្មនៅក្នុងប្រទេសប្រេស៊ីល នៃតំបន់បេសកកម្ម សាន់តាម៉ារីយ៉ា ។ យើងបានធ្វើ អ្វីដែលខ្លីតុនបានធ្វើសម្រាប់ខ្ញុំគឺ ៖ អញ្ជើញមនុស្សដទៃឲ្យមកកាន់ព្រះគ្រីស្ទ ហើយជួយពួកគេឲ្យទទួលយកដំណឹងល្អដែលបានស្ដារឡើងវិញ តាមរយៈសេចក្តីជំនឿនៅលើព្រះគ្រីស្ទ និងដង្វាយធួនរបស់ទ្រង់ ការប្រែចិត្ត ពិធីបុណ្យជ្រមុជទឹក និង ការទទួលអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ ។ នេះពិតជារបៀបទៅរកសេចក្តីសង្គ្រោះ ។
សូមយើងទាំងអស់គ្នាអញ្ជើញមិត្តភក្តិ និង សាច់ញាតិទាំងឡាយរបស់យើងឲ្យរៀនពីដំណឹងល្អនេះជានិច្ច ត្បិតព្រះអង្គសង្គ្រោះបានអញ្ជើញមនុស្សគ្រប់រូបនៅពេលទ្រង់មានព្រះបន្ទូលថា « ចូរមកឯខ្ញុំ » ( ម៉ាថាយ 11:28 ) ។ ខ្ញុំដឹងថា នេះគឺជាសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ ហើយថា ឥឡូវនេះវាគឺជាពេលដែលត្រូវអញ្ជើញមនុស្សគ្រប់រូបឲ្យមករកព្រះគ្រីស្ទ ។