២០១៣
មូលហេតុដែលយើងត្រូវការព្រះគម្ពីរមរមន
ខែ មេសា 2013


មូលហេតុដែលយើងត្រូវការព្រះគម្ពីរមរមន

ព្រះគម្ពីរបរិសុទ្ធ, ព្រះគម្ពីរមរមន

រចនារូបភាពដោយ ប្រៃយ៉ាន ប៊ីច, រូបភាពនៃវីដេអូ© 2001 IRI

មនុស្សមួយចំនួនអាចសួរអ្នកថា តើហេតុអ្វីយើងត្រូវការព្រះគម្ពីរមរមន នៅពេលដែលយើងមានព្រះគម្ពីរបរិសុទ្ធហើយនោះ ។ តាមពិតទៅ ព្រះយេស៊ូវគ្រីស្ទបានធ្វើទីបន្ទាល់ថា ការណ៍នេះនឹងកើតឡើង ( សូមមើលនីហ្វៃទី 2 29:3 ) ។ មានហេតុផលជាច្រើន ដែលជាមូលហេតុធ្វើឲ្យព្រះគម្ពីរមរមនមានសារៈសំខាន់ក្នុងសម័យរបស់យើង ( សម្រាប់ឧទាហរណ៍ សូមមើលនីហ្វៃទី 2 29:7–11 ) ។ នេះគ្រាន់តែជាមូលហេតុខ្លះៗដែលបង្ហាញថា ព្រះគម្ពីរមរមនគឺមានសារៈសំខាន់ខ្លាំងណាស់ ។

សក្ខីបទមួយទៀតអំពីព្រះយេស៊ូវគ្រីស្ទ

បទគម្ពីរទាំងឡាយបានបង្ហាញយើងនូវលំនាំនៃការប្រើប្រាស់សាក្សីចំរុះ ដើម្បីបង្កើតសេចក្តីពិតនៅក្នុងសាសនាចក្ររបស់ព្រះគ្រីស្ទ ។ ព្រះគម្ពីរមរមនបញ្ចូលបន្ថែមជាសាក្សីទីពីរចំពោះព្រះគម្ពីរបរិសុទ្ធថា ជាសក្ខីបទមួយរបស់ព្រះគ្រីស្ទ ។ នៅគ្រាមួយនោះ អែលឌើរ ម៉ាក អ៊ី. ភីធើរសិន ( ឆ្នាំ 1900 ទំព័–84 ) នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានមានប្រសាសន៍ថា « មូលហេតុសំខាន់បំផុតដែលយើងមានព្រះគម្ពីរមរមនគឺថា គ្រប់ការណ៍ទាំងអស់នឹងត្រូវបានស្ថាបនាឡើងដោយនូវមាត់ពួកស្មរបន្ទាល់ពីរ ឬបីនាក់ ។ ( សូមមើលកូរិនថូសទី 2 13:1 ) ។ យើងមានព្រះគម្ពីរបរិសុទ្ធ ហើយយើងក៏មានព្រះគម្ពីរមរមនដែរ ។ ព្រះគម្ពីរទាំងពីរនេះបង្កើតឡើងនូវបញ្ជីពីរច្បាប់—ជាព្រះគម្ពីរពីរភាគ—បានមកពីមនុស្សបុរាណពីរក្រុមដែលនៅដាច់ឆ្ងាយពីគ្នា ពួកគេទាំងពីរក្រុមថ្លែងទីបន្ទាល់អំពីទេវភាពនៃព្រះអម្ចាស់ ព្រះយេស៊ូវគ្រីស្ទ » ។1ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន ( ឆ្នាំ 1899–1994 ) បានមានប្រសាសន៍បន្ថែមទៀតថា « យើងមិនត្រូវភ្លេចថា ព្រះអម្ចាស់ទ្រង់ផ្ទាល់បានប្រទានព្រះគម្ពីរមរមន ជាសាក្សីសំខាន់បំផុតរបស់ទ្រង់ »។2

ភាពពេញលេញនៃដំណឹងល្អ

យើងដឹងថា « សេចក្តីដ៏ច្បាស់ និង ពិសេសៗ… ត្រូវបានដកយកពីព្រះគម្ពីរបរិសុទ្ធក្នុងអំឡុងពេញមួយសម័យកាល ( នីហ្វៃទី 1 13:40) ។ ព្រះគម្ពីរមរមនបង្ហាញយ៉ាងច្បាស់នូវគោលលទ្ធិនៃព្រះគ្រីស្ទ និង នាំមកនូវភាពពេញលេញនៃសេចក្តីពិតមកកាន់ផែនដីម្តងទៀត ( សូមមើល នីហ្វៃទី 1 13:38–41 ) ។ ជាឧទាហរណ៍ ព្រះគម្ពីរមរមនជួយយើងឲ្យដឹងថា ពិធីបុណ្យជ្រមុជទឹកត្រូវតែធ្វើឡើងដោយការជ្រមុជទៅក្នុងទឹក ( សូមមើល នីហ្វៃទី 3 11:26 ) ហើយកូនក្មេងតូចៗមិនចាំបាច់ត្រូវទទួលបុណ្យជ្រមុជទឹកឡើយ ( សូមមើលមរ៉ូណៃ 8:4–26 ) ។

ចំណុចកណ្តាលនៃសាសនាចក្រដែលត្រូវបានស្តារឡើងវិញ

យ៉ូសែប ស៊្មីធ បានធ្វើទីបន្ទាល់ថា ព្រះគម្ពីរមរមនគឺជា « មូលដ្ឋាននៃសាសនារបស់យើង » ។3 ព្រោះតែយើងដឹងរឿងនេះ វាហាក់ដូចមិនមែនជារឿងចៃដន្យដែលថា សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយត្រូវបានរៀបចំឡើងនៅថ្ងៃទី 06 ខែ មេសា ឆ្នាំ 1830 គឺគ្រាន់តែ 11 ថ្ងៃបន្ទាប់ពីព្រះគម្ពីរមរមនត្រូវបានដាក់លក់ជាសាធារណៈនៅថ្ងៃទី 26 ខែ មិនា ឆ្នាំ 1830 តែប៉ុណ្ណោះ ។ សាសនាចក្រមិនត្រូវបានរៀបចំឡើងលុះត្រាតែព្រះគម្ពីរគ្រឹះរបស់សានាចក្របានមានឡើងសម្រាប់សមាជិកក្នុងសាសនាចក្រ ។

ពរជ័យមួយសម្រាប់ជីវិតរបស់យើង

ទាក់ទងទៅនឹងព្រះគម្ពីរមរមន យ៉ូសែប ស៊្មីធ បានមានបង្រៀនថា « បុគ្គលម្នាក់ៗអាចខិតទៅជិតព្រះបាន ដោយសារធ្វើតាមសិក្ខាបទទាំងឡាយនៃព្រះគម្ពីរនេះជាជាងព្រះគម្ពីរដទៃទៀត » ។4 ព្រះគម្ពីរនេះមានឥទ្ធិពលដើម្បីផ្លាស់ប្តូរជីវិតមនុស្សជាច្រើន រួមទាំងខ្លួនអ្នក និង អ្នកទាំងឡាយណាដែលអ្នកចែកចាយព្រះគម្ពីរមរមននេះជាមួយពួកគេ ។ប្រធាន ហិនរី ប៊ី. អាវរិង ទីប្រឹក្សាទីមួយនៅក្នុងគណៈប្រធានទីមួយបានថ្លែងទីបន្ទាល់ថា « អនុភាពនៃព្រះគម្ពីរមរមនដែលមានទៅលើចរិត អំណាច និង ភាពក្លាហានរបស់អ្នក ដើម្បីក្លាយជាសាក្សីម្នាក់សម្រាប់ព្រះ គឺពិតប្រាកដណាស់ ។ គោលលទ្ធិ និង គំរូដ៏ស្មោះត្រង់ទាំងឡាយនៅក្នុងព្រះគម្ពីរនោះនឹងលើកតម្កើង ដឹកនាំ និង ធ្វើឲ្យអ្នកក្លាហាន ។ … ការសិក្សានៅក្នុងព្រះគម្ពីរមរមនប្រកបដោយការអធិស្ឋាន នឹងស្ថាបនាសេចក្តីជំនឿទៅលើព្រះជាព្រះវរបិតា ទៅលើព្រះរាជបុត្រាជាទីស្រលាញ់របស់ទ្រង់ និង ទៅលើដំណឹងល្អរបស់ទ្រង់ ។ ព្រះគម្ពីរមរមននឹងស្ថាបនាសេចក្ដីជំនឿរបស់អ្នកទៅលើព្យាការីរបស់ពទាំងពីបុរាណ និង សម័យទំនើប ។ … ព្រះគម្ពីរមរមនអាចនាំអ្នកខិតទៅជិតព្រះជាជាងគម្ពីរណាៗទាំងអស់ ។ ព្រះគម្ពីរមរមនអាចផ្លាស់ប្តូរជីវិតឲ្យកាន់តែប្រសើរឡើង » ។5

កំណត់ចំណាំ

  1. ម៉ាក អ៊ី. ភីធើរសិន « Evidence of Things Not Seen » Ensignខែ ឧសភា ឆ្នាំ 1978 ទំព័រ 63 » ។

  2. The Teachings of Ezra Taft Benson ( ឆ្នាំ 1988 ) ទំព័រ 204 ។

  3. យ៉ូសែប ស៊្មីធ នៅក្នុងបុព្វកថានៃព្រះគម្ពីរមរមន ។

  4. យ៉ូសែប ស៊្មីធ នៅក្នុងបុព្វកថានៃព្រះគម្ពីរមរមន ។

  5. ហិនរី ប៊ី. អាវរិង « A Witness » លីអាហូណា ខែ វិច្ឆិកា ឆ្នាំ 2011 ទំព័រ 69–70 ។

មេរៀនទាំងឡាយនៅថ្ងៃអាទិត្យ

ប្រធានបទសម្រាប់ខែនេះគឺ ៖ ការក្បត់សាសនា និង ការស្តារឡើងវិញ