« នីហ្វៃទី ៣ ១៧ ៖ ‹ ដ្បិតយើងមានចិត្តអាណិតអាសូរដល់ពួកអ្នករាល់គ្នា › » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« នីហ្វៃទី ៣ ១៧ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
នីហ្វៃទី ៣ ១៧
« ដ្បិតយើងមានចិត្តអាណិតអាសូរដល់ពួកអ្នករាល់គ្នា »
ទ្រង់បានចំណាយពេលពេញមួយថ្ងៃនៅជាមួយនឹងពួកសាសន៍នីហ្វៃ នៅពេលដែលព្រះអង្គសង្គ្រោះបានប្រកាសថា វាដល់ពេលដែលទ្រង់ត្រូវយាងចេញទៅហើយ ។ ប៉ុន្តែទឹកភ្នែក និងការចង់បានរបស់ប្រជាជនជាច្រើន ដែលចង់ឲ្យទ្រង់គង់នៅយូរបន្តិចទៀត បានធ្វើឲ្យជ្រោតជ្រាបដល់ព្រះហឫទ័យរបស់ទ្រង់ ។ ដោយការបង្ហាញព្រះទ័យអាណិតអាសូរដ៏អស្ចារ្យ ទ្រង់បានព្យាបាលពួកគេ អធិស្ឋានជាមួយនឹងពួកគេ ហើយបានប្រទានពរជ័យដល់កូនៗរបស់ពួកគេម្តងម្នាក់ៗ ។ មេរៀននេះអាចជួយអ្នកឲ្យទទួលអារម្មណ៍ពីចិត្តអាណិតអាសូរដែលព្រះយេស៊ូវគ្រីស្ទមានចំពោះអ្នក ។
សកម្មភាពរៀនសូត្រដែលអាចមាន
ការយល់ឃើញរបស់ព្រះអង្គសង្គ្រោះ
សូមស្រមៃថាអ្នកទើបតែ បានចំណាយពេលមួយថ្ងៃជាមួយនឹងព្រះអង្គសង្គ្រោះ ហើយ ទ្រង់បានប្រកាសថា វាដល់ពេលសម្រាប់ទ្រង់ត្រូវយាងចេញទៅហើយ ។
-
តើអ្នកអាចនឹងមានអារម្មណ៍បែបណានៅក្នុងស្ថានភាពនេះ ?
-
តើសកម្មភាពរបស់ព្រះអង្គសង្គ្រោះបង្ហាញពីសេចក្តីស្រឡាញ់របស់ទ្រង់ចំពោះពួកសាសន៍នីហ្វៃដោយរបៀបណា ?
នៅថ្ងៃនេះអ្នកនឹងអានបន្ថែមទៀតអំពីរបៀបដែលព្រះអង្គសង្គ្រោះ បានបង្ហាញអំពីសេចក្តីមេត្តាដោយសេក្តីស្រឡាញ់របស់ទ្រង់នៅក្នុងចំណោមពួកសាសន៍នីហ្វៃ ។ នៅពេលដែលអ្នកសិក្សា សូមគិតថាតើសកម្មភាពមួយណារបស់ទ្រង់ដែលបង្រៀនអំពីបុគ្គលិកលក្ខណៈរបស់ទ្រង់ ។ សូមយកចិត្តទុកដាក់ទៅលើអារម្មណ៍របស់អ្នកដែលមានចំពោះទ្រង់ ។
វាអាចជាប្រយោជន៍ដើម្បីដឹងថា ព្រឹត្តិការណ៍ទាំងអស់ដែលបានកត់ត្រានៅក្នុង នីហ្វៃទី ៣ ១១–១៧ បានកើតឡើងនៅក្នុងរយៈពេលមួយថ្ងៃ ។
សូមអាន នីហ្វៃទី ៣ ១៧:១–៦ ដោយរកមើលនូវអ្វីដែលអ្នកអាចសិក្សាអំពីព្រះយេស៊ូវគ្រីស្ទចេញពីព្រះបន្ទូល និងសកម្មភាពរបស់ទ្រង់ ។
-
តើអ្នកបានរកឃើញអ្វីខ្លះនៅក្នុងខគម្ពីរទាំងនេះ ?
អ្នកប្រហែលជាបានរកឃើញសេចក្តីពិតមួយដែលស្រដៀងគ្នាទៅនឹងសេចក្ដីពិតខាងក្រោមនេះ ៖ ព្រះយេស៊ូវគ្រីស្ទពោរពេញដោយចិត្តអាណិតអាសូរចំពោះរូបខ្ញុំ ។ សូមពិចារណាកត់ត្រាសេចក្ដីពិតនេះនៅជិត ខទី ៦ ។
អែលឌើរ អូលីសេស សូរ៉េស ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀន ៖
វាមានប្រយោជន៍ក្នុងការសង្កេតថា ការប្រព្រឹត្តដោយចិត្តអាណិតអាសូររបស់ព្រះយេស៊ូវ មិនមែនជាការបង្ហាញឡើងម្តងម្កាល ឬជាកាតព្វកិច្ចដែលត្រូវបំពេញដោយផ្អែកលើបញ្ជីនៃកិច្ចការដែលត្រូវតែធ្វើឲ្យចប់នោះទេ ប៉ុន្តែវាជាការបង្ហាញជារៀងរាល់ថ្ងៃ អំពីការពិតនៃសេចក្តីស្រឡាញ់ដ៏បរិសុទ្ធរបស់ទ្រង់ចំពោះព្រះ និងបុត្រាបុត្រីរបស់ទ្រង់ រួមទាំងព្រះរាជបំណងដ៏យូរអង្វែងរបស់ទ្រង់ក្នុងការជួយដល់ពួកគេ ។ ( អូលីសេស សូរ៉េស « The Savior’s Abiding Compassion » Liahona ខែ វិច្ឆិកា ឆ្នាំ ២០២១ ទំព័រ ១៤ )
-
តាមគំនិតយល់ឃើញរបស់អ្នក តើ អែលឌើរ សូរ៉េស បង្រៀន អ្វីខ្លះអំពីសេចក្តីអាណិតអាសូរដ៏អង្វែងរបស់ព្រះអង្គសង្គ្រោះ ?
សេចក្តីអាណិតអាសូររបស់ព្រះអង្គសង្គ្រោះ
ផ្នែកដែលនៅសេសសល់នៅក្នុងគម្ពីរ នីហ្វៃទី ៣ ១៧ បង្ហាញអំពីលក្ខណៈនៃសេចក្តីអាណិតអាសូររបស់ព្រះអង្គសង្គ្រោះ ។ សូមចងចាំអំពីអ្វីដែលព្រះយេស៊ូវគ្រីស្ទបានធ្វើនៅក្នុង នីហ្វៃទី ៣ ១៧ ដែលបានកើតឡើងដោយសារទ្រង់បានស្វែងយល់ឃើញអំពីសេចក្តីប្រាថ្នាដ៏សុចរិតរបស់ពួកសាសន៍នីហ្វៃ ហើយទ្រង់ពិតជាចង់គង់នៅជាមួយពួកគេ និងប្រទានពរដល់ពួកគេផងដែរ ។
-
តើពេលវេលាមួយណាដែលមានលក្ខណៈពិសេសបំផុតសម្រាប់អ្នក ? ហេតុអ្វី ?
-
តើអ្វីខ្លះបានធ្វើឲ្យអ្នកចាប់អារម្មណ៍ចំពោះរបៀបដែលព្រះយេស៊ូវបានធ្វើការងារបម្រើ ?
-
តើព្រះបន្ទូល និងសកម្មភាពរបស់ទ្រង់មានឥទ្ធិពលទៅលើអារម្មណ៍របស់អ្នកចំពោះទ្រង់ដោយរបៀបណា ?
-
នីហ្វៃទី ៣ ១៧:៧–១០ ៖ ការព្យាបាលជំងឺ និងការរងទុក្ខរបស់ពួកគេ
-
នីហ្វៃទី ៣ ១៧:១៣–២០ ៖ ការអធិស្ឋានជាមួយពួកគេ និងសម្រាប់ពួកគេ
-
នីហ្វៃទី ៣ ១៧:១១–១២, ២១–២៥ ៖ ការប្រសិទ្ធពរដល់កុមារ
-
ប្រសិនបើអ្នកបានមានវត្តមាននៅទីនោះ តើបទពិសោធន៍នេះមានឥទ្ធិពលចំពោះទំនាក់ទំនងរបស់អ្នក ជាមួយនឹងព្រះយេស៊ូវគ្រីស្ទជាព្រះអង្គសង្គ្រោះដោយរបៀបណា ?
-
តើអ្នកគិតថា ព្រះយេស៊ូវគ្រីស្ទបង្ហាញនូវចិត្តអាណិតអាសូរចំពោះយើងនៅថ្ងៃនេះដោយរបៀបណា ?
-
តើអ្នកទទួលបានអារម្មណ៍ជំរុញទឹកចិត្តឲ្យធ្វើអ្វីខ្លះ ដើម្បីបង្ហាញអំពីសេចក្ដីស្រឡាញ់របស់អ្នកចំពោះព្រះយេស៊ូវគ្រីស្ទ ?