« ថ្ងៃទី ៨–១៤ ខែ មករា ៖ ‹ ខ្ញុំនឹងទៅ ហើយធ្វើ › ។ នីហ្វៃទី១ ១–៥ » ចូរមកតាមខ្ញុំ—សម្រាប់គេហដ្ឋាន និងសាសនាចក្រ ៖ ព្រះគម្ពីរមរមន ឆ្នាំ ២០២៤ ( ឆ្នាំ ២០២៤ )
« ថ្ងៃទី ៨–១៤ ខែ មករា ។ នីហ្វៃទី១ ១–៥ » ចូរមកតាមខ្ញុំ—សម្រាប់គេហដ្ឋាន និងសាសនាចក្រ ៖ ឆ្នាំ ២០២៤ ( ឆ្នាំ ២០២៤ )
ថ្ងៃទី ៨–១៤ ខែ មករា ៖ « ខ្ញុំនឹងទៅ ហើយធ្វើ »
នីហ្វៃទី១ ១–៥
ព្រះគម្ពីរមរមនចាប់ផ្ដើមជាមួយនឹងដំណើររឿងមួយអំពីគ្រួសារពិតមួយដែលជួបប្រទះនឹងបញ្ហាពិតៗ ។ វាបានកើតឡើងនៅ ៦០០ ឆ្នាំមុន គ.ស. ប៉ុន្តែមានរឿងជាច្រើនអំពីដំណើររឿងនេះ ដែលហាក់ដូចជាស្រដៀងគ្នាទៅនឹងក្រុមគ្រួសារមួយចំនួននៅពេលបច្ចុប្បន្ននេះផងដែរ ។ គ្រួសារនេះកំពុងរស់នៅក្នុងពិភពនៃអំពើទុច្ចរិត ប៉ុន្តែព្រះអម្ចាស់បានសន្យានឹងពួកគេថា ប្រសិនបើពួកគេនឹងធ្វើតាមទ្រង់ នោះទ្រង់នឹងនាំពួកគេទៅរកសុវត្ថិភាព ។ នៅតាមផ្លូវ ពួកគេជួបទាំងគ្រាល្អ និងគ្រាអាក្រក់ ពរជ័យ និងអព្ភូតហេតុអស្ចារ្យៗជាច្រើន ប៉ុន្តែពួកគេក៏មានការជជែកវែកញែក និងការឈ្លោះទាស់ទែងគ្នាផងដែរ ។ នៅក្នុងព្រះគម្ពីរកម្រមានដំណើររឿងលម្អិតបែបនេះអំពីគ្រួសារដែលព្យាយាមរស់នៅតាមដំណឹងល្អណាស់ ៖ ឪពុកម្តាយដែលពុះពារដើម្បីជំរុញឲ្យមានសេចក្តីជំនឿនៅក្នុងគ្រួសាររបស់ខ្លួន ហើយព្រួយបារម្ភអំពីសុវត្ថិភាពរបស់ពួកគេ កូនៗដែលសម្រេចចិត្តថាតើពួកគេនឹងជឿឪពុកម្តាយរបស់ពួកគេដែរឬអត់ និងបងប្អូនដែលកំពុងប្រឈមមុខនឹងការច្រណែន និងការឈ្លោះទាស់ទែងគ្នា—ហើយ ពេលខ្លះអភ័យទោសឲ្យគ្នាទៅវិញទៅមក ។ សរុបមក វាមានអំណាចនៅក្នុងគំរូនៃសេចក្ដីជំនឿរបស់គ្រួសារដែលមិនល្អឥតខ្ចោះនេះ ។
គំនិតសម្រាប់ការរៀនសូត្រនៅឯគេហដ្ឋាន និងសាសនាចក្រ
ព្រះបន្ទូលនៃព្រះគឺ « មានប្រយោជន៍ជាអតិបរមា » ចំពោះខ្ញុំ ។
សារដ៏លេចធ្លោមួយនៅក្នុងព្រះគម្ពីរមរមនគឺព្រះបន្ទូលនៃព្រះ « មានប្រយោជន៍ជាអតិបរមា » ( នីហ្វៃទី១ ៥:២១ ) ។ នៅពេលបងប្អូនអាន នីហ្វៃទី ១ ១–៥ សូមរកមើលរបៀបដែលព្រះបន្ទូលនៃព្រះបានប្រទានពរដោយផ្ទាល់ ឬដោយប្រយោលដល់គ្រួសាររបស់លីហៃ ( ឧទាហរណ៍ សូមមើល ១:១១–១៥; ៣:១៩–២០; ៥:១០–២២ ) ។ តើជំពូកទាំងនេះបង្រៀនយើងអ្វីខ្លះអំពីព្រះបន្ទូលរបស់ព្រះ ? តើបងប្អូនរកឃើញអ្វីខ្លះដែលបំផុសគំនិតបងប្អូនឲ្យស្វែងយល់ក្នុងព្រះគម្ពីរ ?
សូមមើលផងដែរ « ពេលខ្ញុំស្វែងយល់គម្ពីរពិសិដ្ឋ » ទំនុកតម្កើង ល.រ. ១៥៩; « Scriptures Legacy » ( វីដេអូ ) នៅលើបណ្ណាល័យដំណឹងល្អ ។
ខ្ញុំអាចទទួលបាន និងពង្រឹងទីបន្ទាល់របស់ខ្ញុំ នៅពេលខ្ញុំងាកទៅរកព្រះអម្ចាស់ ។
នីហ្វៃត្រូវបានគេស្គាល់ពីសេចក្តីជំនឿដ៏មានអានុភាពរបស់លោកទៅលើព្រះអម្ចាស់ ប៉ុន្តែលោកត្រូវធ្វើការដើម្បីទទួលបានទីបន្ទាល់របស់លោក—ដូចជាយើងទាំងអស់គ្នាដែរ ។ តើបងប្អូនអានអ្វីខ្លះនៅក្នុង នីហ្វៃទី១ ២ ដែលបង្ហាញពីមូលហេតុដែលនីហ្វៃអាចទទួលបានសាក្សីថា ពាក្យរបស់ឪពុកលោកគឺពិត ? ហេតុអ្វីបានជាលេមិន និងលេមយួលមិនបានទទួលសាក្សីនេះ ? ( សូមមើលផងដែរ នីហ្វៃទី១ ១៥:២–១១ ) ។ តើបងប្អូនមានអារម្មណ៍ថា ព្រះអម្ចាស់បានបន្ទន់ចិត្តបងប្អូននៅពេលណា ?
សូមមើលផងដែរ « The Lord Commands Lehi’s Family to Leave Jerusalem » ( វីដេអូ ) នៅលើបណ្ណាល័យដំណឹងល្អ ។
ព្រះនឹងរៀបចំផ្លូវមួយសម្រាប់ខ្ញុំដើម្បីធ្វើតាមព្រះឆន្ទៈរបស់ទ្រង់ ។
នៅពេលព្រះអម្ចាស់បានត្រាស់បង្គាប់ឲ្យកូនប្រុសរបស់លីហៃទៅយកផ្ទាំងលង្ហិនពីឡាបាន់ ទ្រង់ពុំបានផ្ដល់ការណែនាំជាក់លាក់អំពីរបៀបដើម្បីសម្រេចនូវការបង្គាប់នេះទេ ។ ជាញឹកញាប់ នេះគឺជាការពិតនៃការបង្គាប់ដែលយើងទទួលបានមកពីព្រះ ហើយរឿងនេះអាចនាំឲ្យយើងមានអារម្មណ៍ដូចជាទ្រង់បានតម្រូវ « ឲ្យធ្វើការដ៏លំបាក » ( នីហ្វៃទី១ ៣:៥ ) ។ តើមានអ្វីខ្លះដែលបានបំផុសគំនិតដល់បងប្អូនអំពីចម្លើយរបស់នីហ្វៃចំពោះការបញ្ជារបស់ព្រះអម្ចាស់ ដែលមាននៅក្នុង នីហ្វៃទី១ ៣:៧, ១៥–១៦ ?
កាលដែលបងប្អូនអាន នីហ្វៃទី១ ៣–៤ សូមរកមើលភាពខុសគ្នានៃការលំបាកនានាដែលនីហ្វៃបានជួបប្រទះ ។ តើព្រះអម្ចាស់បាន « រៀបចំផ្លូវ » សម្រាប់នីហ្វៃដើម្បី « សម្រេចនូវអ្វីៗ ដែលទ្រង់ [ បានបញ្ជា ] » ដោយរបៀបណា ? ហេតុអ្វីបានជាវាសំខាន់សម្រាប់បងប្អូនដើម្បីដឹងពីអ្វីដែលព្រះអម្ចាស់បានធ្វើសម្រាប់នីហ្វៃ ?
របៀបដ៏មានអានុភាពមួយដែលព្រះបានរៀបចំយើងដើម្បីរក្សាបទបញ្ញត្តិរបស់ទ្រង់ គឺដោយការបញ្ជូនព្រះយេស៊ូវគ្រីស្ទឲ្យធ្វើជាព្រះអង្គសង្គ្រោះរបស់យើង ។ សូមពិចារណាអានសុន្ទរកថារបស់ប្រធាន ដាល្លិន អេក អូក « តើព្រះអង្គសង្គ្រោះរបស់យើងបានធ្វើអ្វីខ្លះសម្រាប់យើង ? » ( លីអាហូណា ខែ ឧសភា ឆ្នាំ ២០២១ ទំព័រ ៧៥–៧៧ ) ។ តើព្រះយេស៊ូវគ្រីស្ទបានរៀបចំផ្លូវសម្រាប់យើងម្នាក់ៗដោយរបៀបណា ? ដោយដឹងថាទ្រង់បានយកឈ្នះលើអ្វីៗទាំងអស់សម្រាប់បងប្អូន តើបងប្អូនមានអារម្មណ៍បំផុសអ្វីខ្លះឲ្យ « ទៅ ហើយធ្វើ » ?
សូមមើលផងដែរ « Nephi Is Led by the Spirit to Obtain the Plates of Brass » ( វីដេអូ ) នៅលើបណ្ណាល័យដំណឹងល្អ; Gospel Topics « Obedience » នៅលើបណ្ណាល័យដំណឹងល្អ ។
ការចងចាំកិច្ចការទាំងឡាយរបស់ព្រះអាចផ្ដល់សេចក្ដីជំនឿដល់ខ្ញុំ ដើម្បីគោរពតាមបទបញ្ញត្តិទាំងឡាយរបស់ទ្រង់បាន ។
នៅពេលលេមិន និងលេមយួល មានអារម្មណ៍ចង់រអ៊ូរទាំ និងត្អូញត្អែរ ជាធម្មតាពួកគេមាននីហ្វៃ និងលីហៃនៅជិតដើម្បីលើកទឹកចិត្ត ហើយគាំទ្រដល់ពួកគេ ។ នៅពេលបងប្អូនមានអារម្មណ៍ចង់រអ៊ូរទាំ ការអានពាក្យរបស់នីហ្វៃ និងលីហៃអាចជួយបងប្អូនបាន ។ តើនីហ្វៃ និងលីហៃបានព្យាយាមជួយអ្នកដទៃឲ្យស្ថាបនាសេចក្ដីជំនឿទៅលើព្រះដោយរបៀបណា ? ( សូមមើល នីហ្វៃទី១ ៤:១–៣; ៥:១–៨; សូមមើលផងដែរ នីហ្វៃទី១ ៧:៦–២១ ) ។ តើបងប្អូនរៀនបានអ្វីខ្លះ ដែលអាចជួយបងប្អូនបាន នៅពេលបងប្អូនត្រូវបានល្បួងឲ្យរអ៊ូរទាំ ឬត្អូញត្អែរនោះ ?
« ខ្ញុំត្រូវបាននាំទៅដោយព្រះវិញ្ញាណ » ។
នៅក្នុង នីហ្វៃទី១ ៤:៥–១៨ តើអ្វីខ្លះដែលធ្វើឲ្យបងប្អូនចាប់អារម្មណ៍អំពីសមត្ថភាពរបស់នីហ្វៃក្នុងការស្គាល់ និងធ្វើតាមព្រះវិញ្ញាណ ? បងប្អូនអាចសិក្សាសារលិខិតរបស់ប្រធាន រ័សុល អិម ណិលសុន « Revelation for the Church, Revelation for Our Lives » ( Liahona ខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ៩៣–៩៦ ) ដើម្បីរៀនបន្ថែមទៀតអំពីការទទួលវិវរណៈមកពីព្រះអម្ចាស់ ។
គំនិតសម្រាប់បង្រៀនកុមារ
ខ្ញុំអាចមានទីបន្ទាល់ផ្ទាល់ខ្លួនរបស់ខ្ញុំ ។
-
តើនីហ្វៃដឹងថា អ្វីដែលឪពុករបស់លោកបានបង្រៀនគឺជាការពិតដោយរបៀបណា ? សូមជួយកូនៗរបស់បងប្អូនឲ្យស្វែងរកចម្លើយចំពោះសំណួរនេះនៅក្នុង នីហ្វៃទី១ ២:១៦, ១៩ ។ ពួកគេក៏អាចនឹងរីករាយផងដែរនឹងការសរសេរសកម្មភាពរបស់នីហ្វៃលើដុំឈើ ឬវត្ថុផ្សេងទៀត ហើយបន្ទាប់មកបង្កើតអ្វីមួយដោយប្រើវត្ថុទាំងនោះ ។ ការណ៍នេះអាចនាំឲ្យមានការសន្ទនាអំពីរបៀបដែលសកម្មភាពទាំងនេះជួយយើងឲ្យស្ថាបនាទីបន្ទាល់ ។
-
បងប្អូនអាចបង្ហាញកូនៗរបស់បងប្អូននូវរូបភាព ឬវត្ថុដែលតំណាងឲ្យរបស់ដែលពួកគេអាចស្វែងរកទីបន្ទាល់បាន ដូចជា ព្រះគម្ពីរមរមន ឬរូបភាពព្រះយេស៊ូវគ្រីស្ទ ព្រះវិហារបរិសុទ្ធ ឬព្យាការីដែលនៅរស់ ។ សូមអញ្ជើញពួកគេឲ្យជ្រើសរើសវត្ថុមួយ ហើយចែកចាយទីបន្ទាល់របស់ពួកគេអំពីរបស់នោះ ។ បងប្អូនក៏អាចប្រាប់កូនៗរបស់បងប្អូនពីរបៀបដែលបងប្អូនទទួលបានទីបន្ទាល់របស់បងប្អូនផងដែរ ។ ហេតុអ្វីបានជាយើងត្រូវការទីបន្ទាល់ផ្ទាល់ខ្លួន ?
ព្រះនឹងជួយខ្ញុំឲ្យរក្សាបទបញ្ញត្តិរបស់ទ្រង់ ។
-
សូមពិចារណាប្រើប្រាស់ធនធានទាំងនេះមួយ ឬច្រើនដើម្បីជួយកូនៗរបស់បងប្អូនឲ្យនិយាយអំពីរបៀបដែលព្រះបានជួយនីហ្វៃឲ្យទទួលបានផ្ទាំងលង្ហិន ៖ នីហ្វៃទី១ ៣–៤; ទំព័រសកម្មភាពសប្តាហ៍នេះ; « ភាពក្លាហានរបស់នីហ្វៃ » ( សៀវភៅចម្រៀងកុមារ ទំព័រ ៦៤ ) និង « ជំពូកទី ៤ ៖ ផ្ទាំងលង្ហិន » ( នៅក្នុង ដំណើររឿងព្រះគម្ពីរមរមន ទំព័រ ៨–១២ ) ។
-
បងប្អូន និងកូនៗរបស់បងប្អូនអាចរីករាយនឹងការសម្តែង នីហ្វៃទី១ ៣:២–៧ ។ ប្រហែលជាបងប្អូនអាចសម្តែងជាលីហៃ ហើយសុំឲ្យកូនៗរបស់បងប្អូនត្រឡប់ទៅក្រុងយេរូសាឡិមវិញដើម្បីយកផ្ទាំងលង្ហិន ។ សូមអញ្ជើញពួកគេឲ្យឆ្លើយតបតាមពាក្យសម្ដីផ្ទាល់ខ្លួនរបស់ពួកគេ ដូចជាពួកគេជាលេមិន និង លេមយួល ឬនីហ្វៃ ។ តើព្រះបានបង្គាប់យើងឲ្យធ្វើអ្វីខ្លះ ? ( សូមមើល រូបភាពលេខ ១០៣–១៥ នៅក្នុង សៀវភៅរូបភាពដំណឹងល្អ ឬ ម៉ូសាយ ១៨:៨–១០ ជាគំនិតបន្ថែម ) ។ តើយើងអាចដូចជានីហ្វៃដោយរបៀបណា ?
ព្រះគម្ពីរមានតម្លៃដ៏មហិមា ។
-
ព្រះគម្ពីរមានសារៈសំខាន់ខ្លាំងណាស់ចំពោះគ្រួសាររបស់លីហៃ ។ ដើម្បីបង្ហាញអំពីការណ៍នេះ បងប្អូនអាចអញ្ជើញកូនៗរបស់បងប្អូនឲ្យជួយបងប្អូនតំណាល ឬធ្វើសកម្មភាពអ្វីដែលនីហ្វៃ និងបងប្អូនរបស់លោកបានធ្វើដើម្បីទទួលបានផ្ទាំងលង្ហិន ៖ ពួកគេបានធ្វើដំណើរផ្លូវឆ្ងាយ លះបង់មាស និងប្រាក់របស់ពួកលោក ហើយលាក់ខ្លួននៅក្នុងរូងភ្នំដើម្បីការពារជីវិតរបស់ពួកលោក ។ ពួកគេអាចអាន នីហ្វៃទី១ ៥:២១ ហើយសូមនិយាយអំពីមូលហេតុដែលព្រះគម្ពីរមានតម្លៃយ៉ាងខ្លាំងដល់គ្រួសាររបស់លីហៃ ។ តើហេតុអ្វីបានជាវាមានតម្លៃចំពោះយើង ? តើយើងអាចចាត់ទុកព្រះគម្ពីរដូចជារបស់មានតម្លៃដោយរបៀបណា ?
ព្រះវិញ្ញាណបរិសុទ្ធនឹងដឹកនាំខ្ញុំ នៅពេលខ្ញុំព្យាយាមធ្វើតាមព្រះហឫទ័យរបស់ព្រះអម្ចាស់ ។
-
បន្ទាប់ពីរំឭក នីហ្វៃទី១ ៣ ឡើងវិញជាមួយគ្នាអំពីរបៀបដែលនីហ្វៃ និងបងប្អូនរបស់លោកបានព្យាយាមយកផ្ទាំងលង្ហិនហើយ សូមអានជាមួយកូនៗរបស់បងប្អូនក្នុង នីហ្វៃទី១ ៤:៦ ដើម្បីស្វែងយល់ពីអ្វីដែលនីហ្វៃបានធ្វើ ដែលអនុញ្ញាតឲ្យលោកទទួលបានជោគជ័យនៅទីបំផុត ។ បន្ទាប់មក កូនៗរបស់បងប្អូនអាចធ្វើបញ្ជីនៃអ្វីដែលព្រះចង់ឲ្យពួកគេធ្វើ ។ តើព្រះវិញ្ញាណបរិសុទ្ធអាចជួយយើងតាមរបៀបណានៅក្នុងស្ថានភាពទាំងនេះ ?