ចូរ​មក​តាម​ខ្ញុំ ឆ្នាំ ២០២៤
ថ្ងៃទី ២–៨ ខែ ធ្នូ ៖ « ដើម្បី​រក្សា​ពួកគេ​ឲ្យ​នៅក្នុង​ផ្លូវ​ត្រូវ » ។ មរ៉ូណៃ ១–៦


« ថ្ងៃទី ២–៨ ខែ ធ្នូ ៖ ‹ ដើម្បី​រក្សា​ពួកគេ​ឲ្យ​នៅក្នុង​ផ្លូវ​ត្រូវ › ។ មរ៉ូណៃ ១–៦ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​គេហដ្ឋាន និង​សាសនាចក្រ ៖ ព្រះគម្ពីរ​មរមន ឆ្នាំ ២០២៤ ( ឆ្នាំ ២០២៣ )

« ថ្ងៃទី ២–៨ ខែ ធ្នូ ។ មរ៉ូណៃ ១–៦ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​គេហដ្ឋាន និង​សាសនាចក្រ ៖ ឆ្នាំ ២០២៤ ( ឆ្នាំ ២០២៣ )

រូបភាព
អាលម៉ា​ជ្រមុជ​ទឹក​ប្រជាជន​នៅឯ​ទឹក​មរមន​មរមន

មីនើរវ៉ា ថៃឆើត ( ឆ្នាំ ១៨៨៨–១៩៧៦ ) អាលម៉ា​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​នៅក្នុង​ទឹក​មរមន ឆ្នាំ ១៩៤៩–១៩៥១ ប្រេង​នៅលើ​បន្ទះ​ក្តារ ៣៥ ៧/៨ x ៤៨ អ៊ីញឆ៍ ។ សារមន្ទីរ​សិល្បៈ​សាកល​វិទ្យាល័យ ព្រិកហាំ យ៉ង់ ឆ្នាំ ១៩៦៩ ។

ថ្ងៃទី ២–៨ ខែ ធ្នូ ៖ « ដើម្បី​រក្សា​ពួកគេ​ឲ្យ​នៅក្នុង​ផ្លូវ​ត្រូវ »

មរ៉ូណៃ ១–៦

បន្ទាប់​ពី​ការបញ្ចប់​កំណត់ត្រា​ឪពុក​របស់​លោក​អំពី​ពួក​សាសន៍​នីហ្វៃ និង​ការសង្ខេប​កំណត់ត្រា​របស់​សាសន៍​យ៉ារេឌ​ហើយ នោះ​មរ៉ូណៃ​បាន​គិតថា កិច្ចការ​រក្សា​កំណត់ត្រា​របស់​លោក​ត្រូវ​បាន​បញ្ចប់​ហើយ ( សូមមើល មរ៉ូណៃ ១:១ ) ។ តើ​មាន​អ្វី​ត្រូវ​និយាយ​ច្រើនទៀត​អំពី​សាសន៍​ពីរ​ដែល​ត្រូវ​បាន​បំផ្លាញ​ទាំងស្រុង​នោះ ? ប៉ុន្តែ​មរ៉ូណៃ​បាន​ឃើញ​ជំនាន់​របស់​យើង ( សូមមើល មរមន ៨:៣៥ ) ហើយ​លោក​ត្រូវ​បាន​បំផុស​គំនិត​ឲ្យ « សរសេរ​នូវ​ការណ៍​ខ្លះទៀត ដែល​ប្រហែលជា​អាច​មាន​ប្រយោជន៍ …​នៅ​ថ្ងៃណា​មួយ​ក្នុង​ពេល​អនាគត » ( មរ៉ូណៃ ១:៤ ) ។ លោក​បាន​ដឹង​ថា ការសាយភាយ​នៃ​ការក្បត់​សាសនា​នឹង​កើត​មានឡើង ដែល​នាំ​ឲ្យ​មាន​ការភាន់​ច្រឡំ​អំពី​ពិធីបរិសុទ្ធ​នៃ​បព្វជិតភាព និង​អំពី​សាសនា​ជាទូទៅ ។ រឿង​នេះ​អាច​ជា​មូលហេតុ​ដែល​លោក​បាន​បញ្ជាក់​លម្អិត​អំពី​ពិធី​សាក្រាម៉ង់ ពិធីបុណ្យ​ជ្រមុជ​ទឹក ការប្រគល់​អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ និង​ពរជ័យ​នៃ​ការជួបជុំ​ជាមួយ​នឹង​ពួក​អ្នកជឿ​ដើម្បី « រក្សា [ គ្នា​ទៅវិញ​ទៅមក ] នៅក្នុង​ផ្លូវ​ត្រូវ … ដោយ​ពឹង​ផ្អែក​ទៅលើ​តែ​ព្រះគុណ​នៃ​ព្រះគ្រីស្ទ​ដែល​ជា​មេ​ផ្ដើម ហើយ​ជា​មេ​សម្រេច​នូវ​សេចក្ដី​ជំនឿ​របស់ [ យើង ] » ( មរ៉ូណៃ ៦:៤ ) ។ យោបល់​ដ៏​មាន​តម្លៃ​ទាំងនេះ​ផ្ដល់​មូលហេតុ​ឲ្យ​យើង​មាន​អំណរគុណ​ចំពោះ​ព្រះអម្ចាស់ ដែល​បាន​រក្សា​ជីវិត​របស់​មរ៉ូណៃ ដើម្បី​លោក​អាច « សរសេរ​នូវ​ការណ៍​ខ្លះ​ទៀត » ( មរ៉ូណៃ ១:៤ ) ។

គំនិត​សម្រាប់​ការរៀនសូត្រ​នៅ​ឯ​គេហដ្ឋាន និង​សាសនាចក្រ

មរ៉ូណៃ ១

ខ្ញុំ​អាច​ធ្វើតាម​ព្រះយេស៊ូវ​គ្រីស្ទ​បាន ទោះបី​ជាមាន​ការប្រឆាំង​ក៏​ដោយ ។

នៅពេល​បងប្អូន​អាន មរ៉ូណៃ ១ តើ​មាន​អ្វី​ខ្លះ​ដែល​បាន​បំផុស​គំនិត​បងប្អូន​អំពី​ភាព​ស្មោះត្រង់​របស់​មរ៉ូណៃ​ចំពោះ​ព្រះអម្ចាស់ និង​ការហៅ​បម្រើ​របស់​លោក ? តើ​មនុស្ស​ម្នាក់​អាច « បដិសេធ​ព្រះ​គ្រីស្ទ » តាម​វិធី​ណា​ខ្លះ ? ( មរ៉ូណៃ ១:២–៣ ) ។ សូម​ជញ្ជឹងគិត​អំពី​របៀប​ដែល​បងប្អូន​អាច​ស្មោះត្រង់​ចំពោះ​ព្រះយេស៊ូវ​គ្រីស្ទ​បាន ទោះបីជា​នៅពេល​បងប្អូន​ប្រឈមមុខ​ទៅនឹង​ការសាកល្បង និង​ការប្រឆាំង​ក្តី ។

មរ៉ូណៃ ២–៦

ពិធីបរិសុទ្ធ​នៃ​បព្វជិតភាព​ត្រូវតែ​ធ្វើឡើង​ដូច​ដែល​ព្រះអម្ចាស់​បាន​ត្រាស់​បង្គាប់ ។

មរ៉ូណៃ​កំពុង​រត់​គេច​ដើម្បី​រស់រាន​មាន​ជីវិត នៅ​ពេល​លោក​សរសេរ​ជំពូក​ទាំង​នេះ ។ តើ​ហេតុអ្វី​បាន​ជា​លោក​ខ្វល់ខ្វាយ​ក្នុង​ការសរសេរ​អំពី​ព័ត៌មាន​លម្អិត​អំពី​ការធ្វើ​កិច្ចការ​ទាំងនេះ ដូចជា​របៀប​អនុវត្ត​ពិធីបរិសុទ្ធ​ជាដើម ? សូម​គិត​ពិចារណា​អំពី​រឿង​នេះ នៅពេល​បងប្អូន​អាន មរ៉ូណៃ ២–៦ ។ តើ​ហេតុអ្វី​បងប្អូន​គិត​ថា ព័ត៌មាន​លម្អិត​ទាំងអស់​នេះ​មាន​សារៈសំខាន់​ចំពោះ​ព្រះអម្ចាស់ ? នេះ​គឺ​ជា​សំណួរ​មួយ​ចំនួន​ដែល​អាច​ណែនាំ​ដល់​ការសិក្សា​របស់​បងប្អូន​បាន ៖

ពិធី​បញ្ជាក់ ( មរ៉ូណៃ ២; ៦:៤ ) ។តើ​សេចក្ដី​ណែនាំ​របស់​ព្រះអង្គ​សង្គ្រោះ​នៅក្នុង មរ៉ូណៃ ២:២ បង្រៀន​បងប្អូន​អ្វីខ្លះ​អំពី​ពិធីបរិសុទ្ធ​នៃ​ពិធី​បញ្ជាក់ ? តើ​បងប្អូន​អាច​នឹង​ពន្យល់​អំពី​អត្ថន័យ​នៃ​ការត្រូវ​បាន « ព្រះ​ចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​មក​សណ្ឋិត​លើ ហើយ​លាង​ជម្រះ » ដោយ​របៀបណា ? ( មរ៉ូណៃ ៦:៤ ) ។

ពិធី​តែងតាំង​បព្វជិតភាព ( មរ៉ូណៃ ៣ ) ។តើ​បងប្អូន​រកឃើញ​អ្វីខ្លះ​នៅ​ក្នុង​ជំពូក​នេះ ដែល​អាច​ជួយ​នរណា​ម្នាក់​ឲ្យ​ត្រៀមខ្លួន​ដើម្បី​បាន​តែងតាំង​ឲ្យ​មាន​បព្វជិតភាព ? តើ​បងប្អូន​រកឃើញ​អ្វីខ្លះ​ដែល​នឹង​ជួយ​នរណា​ម្នាក់​ឲ្យ​ធ្វើ​ពិធី​តែងតាំង ?

ពិធី​សាក្រាម៉ង់ ( មរ៉ូណៃ ៤–៥; ៦:៦ ) ។តើ​បងប្អូន​អាច​ធ្វើ​អ្វី​ខ្លះ ដើម្បី​ធ្វើ​ឲ្យ​ពិធី​សាក្រាម៉ង់​ក្លាយជា​ចំណុច​សំខាន់​ខាង​វិញ្ញាណ​ប្រចាំ​សប្តាហ៍​របស់​បងប្អូន ?

ពិធីបុណ្យ​ជ្រមុជទឹក ( មរ៉ូណៃ ៦:១–៣ ) ។តើ​បងប្អូន​កំពុង​ធ្វើ​អ្វី​ខ្លះ ដើម្បី​បន្ត​ដើម្បី​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​សម្រាប់​ពិធីបុណ្យ​ជ្រមុជទឹក ?

រូបភាព
យុវនារី​ទទួល​ការប្រសិទ្ធពរ

ព្រះយេស៊ូវ​បាន​បង្រៀន​អំពី​របៀប​ដែល​ពិធីបរិសុទ្ធ​ទាំងឡាយ​គួរ​ធ្វើ​ឡើង ។

ដោយ​ផ្អែក​ទៅលើ​អ្វី​ដែល​បងប្អូន​បាន​រៀន តើ​បងប្អូន​នឹង​ផ្លាស់ប្ដូរ​របៀប​ដែល​បងប្អូន​គិត ចូលរួម ឬ​រៀបចំ​អ្នកដទៃ​សម្រាប់​ពិធីបរិសុទ្ធ​ទាំងនេះ​ដោយ​របៀបណា ?

សូមមើល​ផងដែរ គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៤:២០ ។

សម្ដែង​រឿង ។ វិធី​ដ៏​អស្ចារ្យ​មួយ​ដើម្បី​ចងចាំ​ពី​អ្វី​ដែល​បងប្អូន​កំពុង​រៀន គឺ​ការពន្យល់​រឿង​នោះ​ទៅ​ដល់​អ្នក​ដទៃ ។ ឧទាហរណ៍ សូម​សាកល្បង​ដើរតួ​សម្តែង​សាច់រឿង​នេះ ៖ មិត្ត​ម្នាក់​មិន​ប្រាកដ​ថា នាង​បាន​ត្រៀម​ខ្លួន​រួចរាល់​ដើម្បី​ទទួល​ពិធីបុណ្យ​ជ្រមុជទឹក​នោះ​ទេ ។ តើ​បងប្អូន​នឹង​ប្រើ មរ៉ូណៃ ៦ ដើម្បី​ជួយ​នាង​​ដោយ​របៀបណា ?

មរ៉ូណៃ ៤–៥

ការទទួល​ទាន​សាក្រាម៉ង់​ជួយ​ខ្ញុំ​ឲ្យ​ខិត​កាន់តែ​ជិត​ព្រះយេស៊ូវគ្រីស្ទ ។

បងប្អូន​ប្រហែល​ជា​ធ្លាប់​បាន​ឮ​ការអធិស្ឋាន​សាក្រាម៉ង់​ជា​ច្រើន​ដង​មកហើយ ប៉ុន្តែ​តើ​បងប្អូន​គិត​ដោយ​ប្រុងប្រយ័ត្ន​អំពី​អត្ថន័យ​នៃ​ពាក្យ​សម្ដី​នេះ​ញឹកញាប់​ប៉ុណ្ណា​ដែរ ? ប្រហែល​ជា​បងប្អូន​អាច​ព្យាយាម​សរសេរ​ការអធិស្ឋាន​សាក្រាម៉ង់​ទាំងពីរ​ចេញពី​ការ​ចងចាំ ។ បន្ទាប់​មក សូម​ប្រៀបធៀប​អ្វី​ដែល​បងប្អូន​បាន​សរសេរ​ជាមួយនឹង មរ៉ូណៃ ៤:៣ និង ៥:២ ។ តើ​បងប្អូន​បាន​កត់​សម្គាល់​ឃើញ​អ្វីមួយ​អំពី​ការអធិស្ឋាន​ទាំងនេះ ដែល​បងប្អូន​មិន​បាន​កត់​សម្គាល់​ពីមុន​មក​ដែរ​ឬ​ទេ ?

សូម​ពិចារណា​រួម​បញ្ចូល​ទំនុក​តម្កើង​សាក្រាម៉ង់​ទៅ​ក្នុង​ការសិក្សា​របស់​បងប្អូន​ដូច​ជា​បទ « ក្នុង​ការនឹកចាំ​ដល់​ពលិកម្ម » ( ទំនុក​តម្កើង ល.រ. ១១២ ) ។

មរ៉ូណៃ ៦:៤–៩

រូបភាព
រូបតំណាង​ថ្នាក់​សិក្ខាសាលា
សិស្ស​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ខ្វល់ខ្វាយ​ពី​ព្រលឹង​គ្នា​ទៅវិញ​ទៅមក ។

ជម្រើស​ធ្វើតាម​ព្រះគ្រីស្ទ​គឺជា​ជម្រើស​បុគ្គល​ផ្ទាល់ខ្លួន ប៉ុន្តែ​អ្នកមាន​ជំនឿ​ដូចគ្នា​អាច​ជួយ​យើង​ឲ្យ​បន្ដ « នៅក្នុង​ផ្លូវ​ត្រូវ » បាន ( មរ៉ូណៃ ៦:៤–៥ ) ។ តើ​សមាជិក​សាសនាចក្រ​នៅ​ក្នុង​សម័យ​មរ៉ូណៃ​ធ្វើ​អ្វី​ខ្លះ ដើម្បី​ពង្រឹង​គ្នា​ទៅវិញ​ទៅមក ? នៅពេល​បងប្អូន​អាន មរ៉ូណៃ ៦:៤–៩ សូម​ពិចារណា​អំពី​ពរជ័យ​ដែល​កើត​មាន​មកពី​ការ « ត្រូវ​បាន​រាប់​ក្នុង​ចំណោម​ប្រជាជន​នៃ​សាសនាចក្រ​របស់​ព្រះគ្រីស្ទ » ( មរ៉ូណៃ ៦:៤ ) ។

បងប្អូន​ក៏​អាច​គិត​អំពី​មនុស្ស​ដែល​ចូល​រួម​ក្នុង​វួដ ឬ​សាខា​របស់​បងប្អូន​ផង​ដែរ ។ តើ​មាន​នរណា​ម្នាក់​ដែល​អាច​ត្រូវការ​សេចក្ដី​ស្រឡាញ់​ពិសេស​មកពី​បងប្អូន—ប្រហែល​ជា​នរណា​ម្នាក់​ដែល​ថ្មី ឬ​ទើបតែ​ត្រឡប់​មក​វិញ​ដែរ​ឬ​ទេ ? តើ​បងប្អូន​អាច​ជួយ​ធ្វើ​ឲ្យ​បទពិសោធន៍​របស់​ពួកគេ​នៅ​ព្រះវិហារ​កាន់តែ​ដូច​អ្វី​ដែល​មរ៉ូណៃ​បាន​ពិពណ៌នា​ដោយ​របៀបណា ? ( សម្រាប់​គំនិត​យោបល់​នានា សូម​មើល My Covenant Path ឬ « Strengthening New Members » វីដេអូ​នៅលើ​បណ្ណាល័យ​ដំណឹងល្អ ) ។ បងប្អូន​អាច​រកឃើញ​ការបំផុស​គំនិត​មួយ​ចំនួន​នៅក្នុង​ផ្នែក​មួយ​នៃ​សារលិខិត​របស់​ប្រធាន ដាល្លិន អេក អូក « The Need for a Church » ( Liahona ខែ វិច្ឆិកា ឆ្នាំ ២០២១ ទំព័រ ២៤–២៥ ) ។

នៅពេល​បងប្អូន​ពិចារណា​អំពី​អត្ថន័យ​នៃ​ការ « ចិញ្ចឹម​បីបាច់​ដោយ​ព្រះ​បន្ទូល​ដ៏​ល្អ​នៃ​ព្រះ » ( មរ៉ូណៃ ៦:៤ ) វា​អាច​មាន​ប្រយោជន៍ ដើម្បី​គិត​អំពី​ការបណ្ដុះ​សំណាប ឬ​ការចិញ្ចឹម​បីបាច់​ទារក​ម្នាក់——ហើយ​តើ​មាន​អ្វី​កើត​ឡើង ប្រសិន​បើ​យើង​ធ្វេស​ប្រហែស​នោះ ។ សូម​ស្រាវជ្រាវ​ក្នុង មរ៉ូណៃ ៦:៤–៩ រកមើល​គំនិត​នានា​អំពី​របៀប​ដែល​បងប្អូន​អាច​ជួយ « ចិញ្ចឹម​បីបាច់ » អ្នកដទៃ​ទៀត​ខាង​វិញ្ញាណ ។ តើ​សិស្ស​ផ្សេងទៀត​បាន​ជួយ​ចិញ្ចឹម​បីបាច់​ដល់​បងប្អូន​ដោយ​របៀបណា ?

វា​មិន​ច្បាស់​ទេ​ចំពោះ​មនុស្ស​គ្រប់​គ្នា​អំពី​មូល​ហេតុ​ដែល​វា​មាន​សារៈសំខាន់​ក្នុង​ការ « ត្រូវ​បាន​រាប់​ក្នុង​ចំណោម​ប្រជាជន​នៃ​សាសនាចក្រ​របស់​ព្រះ​គ្រីស្ទ » និង​ដើម្បី « ជួបជុំគ្នា​ជា​ញឹកញាប់ » នៅ​ក្នុង​ការប្រជុំ​របស់​សាសនាចក្រ ។ តើ​បងប្អូន​នឹង​ពន្យល់​យ៉ាង​ណា អំពី​មូលហេតុ​ដែល​បងប្អូន​មាន​អំណរគុណ​ក្នុង​ការក្លាយ​ជា​សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ? ( សូមមើល​ផ្នែក​ផ្សេងទៀត​នៃ​សារលិខិត​របស់​ប្រធាន អូក « The Need for a Church » ) ។

សម្រាប់​គំនិត​បន្ថែម សូម​មើល​ទស្សនាវដ្តី លីអាហូណា និង ដើម្បី​កម្លាំង​នៃ​យុវជន ប្រចាំ​ខែ​នេះ ។

គំនិត​សម្រាប់​បង្រៀន​កុមារ

មរ៉ូណៃ ២–៦

ព្រះវិញ្ញាណ​បរិសុទ្ធ​គឺ​ជា​អំណោយទាន​ដ៏​ពិសិដ្ឋ​មួយ ។

  • ព្រះវិញ្ញាណ​បរិសុទ្ធ ឬ​ព្រះវិញ្ញាណ​ត្រូវ​បាន​គេ​លើក​ឡើង​ជា​ច្រើន​ដង​នៅ​ក្នុង មរ៉ូណៃ ២–៦ ។ ប្រហែល​ជា​បងប្អូន​អាច​សុំ​ឲ្យ​កូនៗ​របស់​បងប្អូន​ស្វែងរក​នៅ​គ្រប់​ខគម្ពីរ​ដែល​គេ​លើក​ឡើង​អំពី​ទ្រង់ សូម​អាន​ខគម្ពីរ​ទាំង​នោះ ហើយ​រាយ​បញ្ជី​នូវ​អ្វី​ដែល​ពួកគេ​រៀន​អំពី​ព្រះ​វិញ្ញាណ​បរិសុទ្ធ ។ បងប្អូន​ក៏​អាច​ចែកចាយ​បទពិសោធន៍​ជាមួយ​គ្នា​ទៅវិញ​ទៅមក​ផងដែរ នៅពេល​ដែល​បងប្អូន​មាន​អារម្មណ៍​ពី​ឥទ្ធិពល​នៃ​ព្រះវិញ្ញាណ ។

មរ៉ូណៃ ៤–៥

ខ្ញុំ​ទទួល​ទាន​សាក្រាម៉ង់​ដើម្បី​បង្ហាញ​ថា ខ្ញុំ​នឹង​ចងចាំ​ដល់​ព្រះយេស៊ូវ​គ្រីស្ទ​ជានិច្ច ។

  • ការអាន​នូវ​ការអធិស្ឋាន​សាក្រាម៉ង់​ជាមួយ​កូន​ៗ​របស់​បងប្អូន អាច​នាំ​ឲ្យ​មាន​ការពិភាក្សា​អំពី​របៀប​ដើម្បី​មាន​បទពិសោធន៍​កាន់តែ​មាន​អត្ថន័យ​ជាង​នេះ​ជាមួយនឹង​ពិធី​សាក្រាម៉ង់ ។ វា​អាច​មាន​ប្រយោជន៍ ដើម្បី​ឲ្យ​ពួកគេ​ស្រមៃ​ថា មាន​មិត្ត​ម្នាក់​នឹង​មក​ចូលរួម​ពិធី​សាក្រាម៉ង់​ជា​លើក​ដំបូង ។ តើ​យើង​នឹង​ពន្យល់​ទៅកាន់​មិត្ត​របស់​យើង​នោះ​អំពី​អត្ថន័យ​នៃ​ពិធី​សាក្រាម៉ង់ និង​មូលហេតុ​ដែល​យើង​ទទួល​ទាន​សាក្រាម៉ង់​ដោយ​របៀបណា ? សូម​លើក​ទឹកចិត្ត​កូនៗ​របស់​បងប្អូន​ឲ្យ​ប្រើ​អ្វី​មួយ​មកពី មរ៉ូណៃ ៤ ឬ  នៅក្នុង​ការពន្យល់​របស់​ពួកគេ ។ កុមារ​តូចៗ​អាច​ប្រើប្រាស់​ទំព័រ​សកម្មភាព​សប្តាហ៍​នេះ ឬ សៀវភៅ​រូបភាព​ដំណឹងល្អ, ល.រ. ១០៨ បាន ។

  • សូម​ពិចារណា​ច្រៀង​បទ​ចម្រៀង​មួយ​បទ​រួម​គ្នា ដែល​ជួយ​ឲ្យ​កូនៗ​របស់​បងប្អូន​គិត​អំពី​ព្រះអង្គ​សង្គ្រោះ ( ដូចជា « ដោយ​គោរព ដោយ​ស្ងៀមស្ងាត់ » សៀវភៅ​ចម្រៀង​កុមារ ទំព័រ ១១ ) ។ បងប្អូន​ក៏​អាច​រៀន​អង្គុយ​ប្រកប​ដោយ​គាវរភាព​នៅក្នុង​អំឡុង​ពេល​សាក្រាម៉ង់​បាន​ផងដែរ ។

មរ៉ូណៃ ៦:១–៣

ខ្ញុំ​អាច​រៀបចំ​ខ្លួន​ដើម្បី​ទទួល​បុណ្យ​ជ្រមុជ​ទឹក​បាន ។

  • តើ​នរណា​ខ្លះ​អាច​ទទួល​ពិធីបុណ្យ​ជ្រមុជទឹក​បាន ? សូម​ជួយ​កូនៗ​របស់​បងប្អូន​ឲ្យ​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​នេះ​នៅក្នុង មរ៉ូណៃ ៦:១–៣ ។ តើ​ការ « មាន​ចិត្ត​សង្រេង និង​វិញ្ញាណ​ទន់ទាប » មាន​ន័យ​យ៉ាង​ដូចម្តេច ? ( មរ៉ូណៃ ៦:២ ) ។ តើ​ការណ៍​នេះ​ជួយ​យើង​ឲ្យ​រៀបចំខ្លួន​សម្រាប់​ពិធី​បុណ្យ​ជ្រមុជ​ទឹក​យ៉ាង​ដូចម្ដេច ? សូម​ពិចារណា​ប្រាប់​កូនៗ​របស់​បងប្អូន​អំពី​របៀប​ដែល​បងប្អូន​រៀបចំ​ខ្លួន​ដើម្បី​ទទួល​ពិធី​បុណ្យ​ជ្រមុជ​ទឹក ។

មរ៉ូណៃ ៦:៤–៦, ៩

យើង​ទៅ​ព្រះវិហារ​ដើម្បី​ទទួលទាន​សាក្រាម៉ង់ និង​ជួយ​គាំទ្រ​គ្នា​ទៅវិញ​ទៅមក ។

  • តើ​កូនៗ​របស់​បងប្អូន​ដឹង​ពី​មូលហេតុ​ដែល​បងប្អូន​ទៅ​ព្រះវិហារ​ដែរ​ឬ​ទេ ? ការអាន មរ៉ូណៃ ៦:៤–៦, ៩ អាច​ផ្តល់​ឱកាស​ឲ្យ​បងប្អូន​ពិភាក្សា​ជាមួយ​គ្នា​នូវ​រឿងរ៉ាវ​មួយ​ចំនួន​ដែល​យើង​ធ្វើ​នៅឯ​ព្រះវិហារ ។ ប្រហែលជា​ពួកគេ​អាច​គូរ​រូបភាព​ខ្លួនឯង​ធ្វើ​កិច្ចការ​ទាំងនេះ ( ដូចជា ការអធិស្ឋាន ការបង្រៀន ការច្រៀង និង​ការទទួល​ទាន​សាក្រាម៉ង់ ) ។

  • បន្ទាប់​ពី​អាន មរ៉ូណៃ ៦:៤ រួមគ្នា​ហើយ បងប្អូន និង​កូនៗ​របស់​បងប្អូន​អាច​មើល​រូបភាព ឬ​ឧទាហរណ៍​នៃ​អាហារ​ដែល​មាន​ជីវជាតិ ហើយ​ប្រៀបធៀប​ការចិញ្ចឹម​បីបាច់​ខាង​រាងកាយ​របស់​យើង ទៅនឹង​ការបាន « ចិញ្ចឹម​បីបាច់​ដោយ​ព្រះបន្ទូល​ដ៏​ល្អ​នៃ​ព្រះ » ។ បងប្អូន​ក៏​អាច​មើល​វីដេអូ « Children Sharing the Gospel » ( បណ្ណាល័យ​ដំណឹងល្អ ) បាន​ផងដែរ ។

សម្រាប់​គំនិត​បន្ថែម សូម​មើល​ទស្សនាវដ្ដី ប្រិយមិត្ត ប្រចាំ​ខែ​នេះ ។

រូបភាព
មរ៉ូណៃ​លាក់​ខ្លួន​នៅក្នុង​រូងភ្នំ

មរ៉ូណៃ​លាក់​ខ្លួន​នៅក្នុង​រូងភ្នំ ដោយ ហ៊ោហេ កូកូ

បោះពុម្ព