ចូរ​មក​តាម​ខ្ញុំ
ថ្ងៃទី ២–៨ ខែ មិថុនា ៖ « ឧស្សាហ៍​ចូលរួម​ក្នុង​ប្រយោជន៍ល្អ » ៖ គោលលទ្ធិ និង​សេចក្តី​សញ្ញា ៥៨–៥៩


« ថ្ងៃទី ២–៨ ខែ មិថុនា ៖ ‹ ឧស្សាហ៍​ចូលរួម​ក្នុង​ប្រយោជន៍ល្អ › ៖ គោលលទ្ធិ និង​សេចក្តី​សញ្ញា ៥៨–៥៩ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​គេហដ្ឋាន និង​សាសនាចក្រ ៖ គោលលទ្ធិ និង​សេចក្តី​សញ្ញា ឆ្នាំ ២០២៥ ( ឆ្នាំ ២០២៥ )

« គោលលទ្ធិ និង​សេចក្តី​សញ្ញា ៥៨–៥៩ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​គេហដ្ឋាន និង​សាសនាចក្រ ៖ ឆ្នាំ ២០២៥

អ៊ីនឌីប៉ែនដែនស៍ រដ្ឋ​មិសសួរី នៅ​ឆ្នាំ ១៨៣០

Independence, Missouri, 1831 [ អ៊ីនឌីប៉ែនដែនស៍ រដ្ឋ​មិសសួរី ឆ្នាំ ១៨៣១ ] ដោយ អាល់ រ៉ោនស៍

ថ្ងៃទី ២–៨ ខែ មិថុនា ៖ « ត្រូវ​ឧស្សាហ៍​ចូល​រួម​ក្នុង​ប្រយោជន៍​ល្អ »

គោលលទ្ធិ និង​សេចក្ដីសញ្ញា ៥៨–៥៩

នៅពេល​ពួកចាស់ទុំ​នៃ​សាសនាចក្រ​បាន​ឃើញ​ទីតាំង​នៃ​ក្រុង​ស៊ីយ៉ូន​ដំបូង—ក្រុង​អ៊ិនឌីប៉ែនដែនស៍ រដ្ឋ​មិសសួរី—វា​មិនមែន​ជា​អ្វី​ដែល​ពួកគេ​បាន​រំពឹង​ទុក​នោះ​ទេ ។ ពួកគេ​មួយ​ចំនួន​បាន​គិត​ថា ពួកគេ​នឹង​រក​បាន​សហគមន៍​ដ៏​រីកចម្រើន និង​ឧស្សាហ៍​ព្យាយាម​មួយ ដែល​មាន​ពួកបរិសុទ្ធ​ដ៏​រឹងមាំ​មួយ​ក្រុម ។ ផ្ទុយទៅវិញ ពួកគេ​បាន​រកឃើញ​កន្លែង​មួយ​ដែល​មិន​សូវ​មាន​ប្រជាជន​ច្រើន ខ្វះ​អារ្យធម៌​ដែល​ពួកគេ​ធ្លាប់​មាន ហើយ​រស់នៅ​ដោយ​ប្រជាជន​ដែល​គ្មាន​វប្បធម៌ ជាជាង​ពួកបរិសុទ្ធ ។ វា​ហាក់​ថា ព្រះអម្ចាស់​មិន​គ្រាន់តែ​សុំ​ពួកគេ​ឲ្យ​មកស៊ីយ៉ូន​ទេ— គឺ​ទ្រង់​ថែម​ទាំង​សព្វ​ព្រះទ័យ​ឲ្យ​ពួកគេ កសាង ស៊ីយ៉ូន​ផងដែរ ។

នៅពេល​ការរំពឹង​ទុក​របស់​យើង​មិន​ត្រូវគ្នា​នឹង​ការពិត យើង​អាច​ចងចាំ​ពី​អ្វី​ដែល​ព្រះអម្ចាស់​បាន​មាន​បន្ទូល​ទៅ​ពួកបរិសុទ្ធ​ក្នុង​ឆ្នាំ ១៨៣១ ៖ « ដ្បិត​នៅពេល​នេះ អ្នក​រាល់គ្នា​ពុំ​អាច​មើល​ឃើញ​ដោយ​ភ្នែក​ធម្មតា​របស់​អ្នក​ឡើយ នូវ​គម្រោងការណ៍​នៃ​ព្រះ​របស់​អ្នក​… និង​សិរីល្អ​ដែល​ត្រូវ​មក​តាម​ក្រោយ បន្ទាប់ពី​មាន​សេចក្ដី​វេទនា​ដ៏​ច្រើន » ( គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៥៨:៣ ) ។ មែនហើយ ជីវិត​នេះ​គឺ​ពេញ​ទៅ​ដោយ​ទុក្ខវេទនា និង​អំពើទុច្ចរិត ប៉ុន្ដែ​យើង​អាច « នាំ​មក​នូវ​សេចក្ដី​សុចរិត​ដ៏​ច្រើន ដ្បិត​អំណាច​គឺ​មាន​នៅ​ក្នុង​ខ្លួន [ យើង ] » ( ខទី ២៧–២៨ ) ។

សូមមើល​ផងដែរ ពួកបរិសុទ្ធ ទំព័រ ១:១២៧–១៣៣ ។

រូបតំណាង​ការសិក្សា

គំនិត​សម្រាប់​ការរៀនសូត្រ​នៅ​ឯ​គេហដ្ឋាន និង​នៅ​ឯ​ព្រះវិហារ

គោលលទ្ធិ និង​សេចក្តី​សញ្ញា ៥៨:១–៥; ៥៩:២៣

« បន្ទាប់​ពី​មាន​ការ​វេទនា​ដ៏​ច្រើន នោះ​ទើប​បាន​ព្រះពរ ។

ពួក​បរិសុទ្ធ​បាន​សង្ឃឹម​ថា អំឡុង​ពេល​ពួកគេ​នៅមាន​ជីវិត ស្រុក​ចាកសុន​នឹង​រីក​ដុះដាល​ទៅជា​ស៊ីយ៉ូន ជា​កន្លែង​មួយ​ដែល​ពួកបរិសុទ្ធ​ទាំងអស់​អាច​ប្រជុំ​គ្នា​បាន ។ ទោះ​យ៉ាង​ណា​ក៏ដោយ ពេលវេលា​របស់​ពួកគេ​នៅក្នុង​ស្រុក​ចាកសុន គឺ​ពោរពេញ​ដោយ​ទុក្ខលំបាក ។ ក្នុង​រយៈពេល​ពីរបី​ឆ្នាំ ពួកគេ​ត្រូវ​បានបង្ខំ​ឲ្យ​ចាកចេញ ហើយ « ត្រូវ​រង់ចាំ​មួយ​រដូវ​ខ្លី​សិន ចំពោះ​សេចក្ដី​ប្រោសលោះ​នៃ​ស៊ីយ៉ូន » ( គោលលទ្ធិ និង​សេចក្តី​សញ្ញា ១០៥:៩ ) ។

តើ​បងប្អូន​រៀន​អ្វី​ខ្លះ​អំពី​ទុក្ខលំបាក ឬ​ឧបសគ្គ​មកពី​ព្រះបន្ទូល​របស់​ព្រះអម្ចាស់​នៅក្នុង គោលលទ្ធិ និង​សេចក្តី​សញ្ញា ៥៨:១–៥ ? ហេតុអ្វី​បងប្អូន​គិត​ថា ពរជ័យ​មួយ​ចំនួន​កើត​មាន​តែ​នៅក្រោយពេល​មាន​ទុក្ខ​លំបាក ? តើ​ពរជ័យ​អ្វីខ្លះ​ដែល​បងប្អូន​បាន​ទទួល​ក្រោយពី​ទុក្ខលំបាក ?

តើ​បងប្អូន​រៀន​អ្វី​ខ្លះ​ចេញ​ពី គោលលទ្ធិ និង​សេចក្តីសញ្ញា ៥៩:២៣ ដែល​ផ្ដល់​ក្តីសង្ឃឹម​ដល់​បងប្អូន ?

គោលលទ្ធិ និង​សេចក្ដីសញ្ញា ៥៨:២៦–២៩

ខ្ញុំ​អាច​« នាំ​មក​នូវ​សេចក្ដី​សុចរិត​ដ៏​ច្រើន »​តាម​« បំណង​ចិត្ត »​របស់​ខ្ញុំ​ផ្ទាល់ ។

ដោយ​ជា​ផ្នែក​នៃ​ការសិក្សា​ខគម្ពីរ​ទាំងនេះ បងប្អូន​អាច​នឹង​ធ្វើ​បញ្ជី​នៃ​រឿង​មួយ​ចំនួន​ដែល​បងប្អូន « ឧស្សាហ៍​ចូលរួម » ។ តើ​រឿង​ទាំងអស់​នោះ​ជា « ប្រយោជន៍​ល្អ » ឬទេ ? សូម​ជញ្ជឹងគិត​អំពី​អ្វី​ដែល​បងប្អូន​អាច​ធ្វើ​ដើម្បី « នាំ​មក​នូវ​សេចក្ដី​សុចរិត​ដ៏​ច្រើន »—ហើយ​ពិចារណា​ដាក់​គោលដៅ​ដើម្បី​ធ្វើ​វា ។

ហេតុអ្វី​បងប្អូន​គិតថា​ព្រះអម្ចាស់​សព្វ​ព្រះទ័យ​ឲ្យ​បងប្អូន « ប្រព្រឹត្ត​អ្វីៗ​ជា​ច្រើន​តាម​បំណងចិត្ត [ របស់​បងប្អូន ] » ? តើ​នឹង​មាន​លទ្ធផល​យ៉ាង​ណា​ប្រសិន​បើ​បងប្អូន​ត្រូវ​បាន « បង្ខំ​ក្នុង​គ្រប់​អ្វីៗ​ទាំង​អស់ » ? តើ នីហ្វៃទី២ ២:២៧ បន្ថែម​ទៅ​ការយល់ដឹង​របស់​បងប្អូន​អំពី​គោលការណ៍​នេះ​អ្វីខ្លះ ?

សូមមើល​ផងដែរ ឌែល ជី រិនឡាន់ « Choose You This Day » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៨ ទំព័រ ១០៤–១០៦ ។

គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៥៨:៤២–៤៣

រូបតំណាង​ថ្នាក់​សិក្ខាសាលា
ព្រះអម្ចាស់​នឹង​អភ័យ​ទោស​ឲ្យ​ខ្ញុំ​នៅពេល​ខ្ញុំ​ប្រែចិត្ត ។

សេចក្តី​សន្យា​របស់​ព្រះអម្ចាស់​នៅក្នុង គោលលទ្ធិ និង​សេចក្តី​សញ្ញា ៥៨:៤២ ដើម្បី​អភ័យទោស​ដល់​អស់អ្នក​ទាំងឡាយ​ដែល​ប្រែចិត្ត​ទាំងស្រុង គឺជា​ការបំផុស​គំនិត ទោះ​ជា វា​ត្រូវ​បាន​លើកឡើង​នូវ​សំណួរ​មួយចំនួន​ផងដែរថា ៖ តើ​ការប្រែចិត្ត​មាន​អត្ថន័យ​យ៉ាង​ណា ? តើ​ខ្ញុំ​ដឹង​ថា ខ្ញុំ​បាន​ប្រែចិត្ត​ដោយ​របៀប​ណា ? ជាភ័ព្វសំណាង ព្រះអម្ចាស់​បាន​បន្ត​ថា « តាម​របៀប​នេះ អ្នក​រាល់​គ្នា​អាច​ដឹង … » ( ខទី ៤៣ ) ។

ជួនកាល​នេះ​គឺជា​សំណួរ​បន្ថែម​មួយ​ចំនួន​ដែល​មនុស្ស​មាន​អំពី​ការប្រែចិត្ត ។ តើ​ព្រះវិញ្ញាណ​បង្រៀន​បងប្អូន​អ្វីខ្លះ នៅពេល​បងប្អូន​សិក្សា​ធនធាន​ដែល​បាន​ណែនាំ​ដូច​មាន​នៅ​ខាង​ក្រោម​នេះ ?

តើ​ការសារភាព​អំពើ​បាប​របស់​ខ្ញុំ ជួយ​ខ្ញុំ​ប្រែចិត្ត​យ៉ាង​ដូចម្ដេច ? សូមមើល ទំនុក​ដំកើង ៣២:១–៥; សុភាសិត ២៨:១៣; ម៉ូសាយ ២៧:៣៤–៣៧; អាលម៉ា ៣៩:១២–១៣ ។

ខ្ញុំ​ព្យាយាម​បោះបង់​អំពើ​បាប​របស់ខ្ញុំ ប៉ុន្តែ​ខ្ញុំ​នៅតែ​បន្ត​ធ្វើ​ខុស ។ តើ​ការប្រែចិត្ត​របស់ខ្ញុំ​នៅតែ​មាន​ប្រសិទ្ធិភាព​ឬ​ទេ ? សូម​មើល ប្រាតលី អ័រ វីលឃុស « ភាពស័ក្ដិសម​មិន​មែន​ជា​ភាពល្អ​ឥតខ្ចោះ » លីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០២១ ទំព័រ ៦១–៦៧; « Daily Restoration » ( វីដេអូ ) នៅលើ​បណ្ណាល័យ​ដំណឹងល្អ ។

5:27

Daily Restoration

តើ​ខ្ញុំ​អាចដឹង​ច្បាស់​ថា ព្រះអង្គសង្រ្គោះ​បាន​អភ័យទោស​ឲ្យ​ខ្ញុំ​ដោយ​របៀប​ណា ? សូមមើល ថាត អរ ខាលីស្ទើរ « The Atonement of Jesus Christ » Liahona ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ៨៥–៨៧ ជា​ពិសេស​កណ្ឌ​ដែល​មាន​ចំណងជើង « ២. អំពើបាប » ។

បងប្អូន​អាច​ស្វែងរក​ការយល់ដឹង​បន្ថែម​នៅក្នុង « សំណួរ និង​ចម្លើយ » អំពី​ការប្រែចិត្ត​នៅក្នុង ដើម្បី​កម្លាំង​នៃ​យុវជន ៖ សេចក្តីណែនាំ​សម្រាប់​ធ្វើ​ការ​ជ្រើសរើស ( ទំព័រ ៨–៩ ) ។

សូមមើល​ផងដែរ Topics and Questions « Repentance » នៅលើ​បណ្ណាល័យ​ដំណឹងល្អ ។

គោលលទ្ធិ និង​សេចក្តីសញ្ញា ៥៩

តើ​ផល្លី ណៃត៍ ជា​នរណា ?

ផល្លី ណៃត៍ និង​ស្វាមី​របស់​នាង យ៉ូសែប ណៃត៍ ស៊ីញ្ញ័រ គឺជា​អ្នកជឿ​ដំបូង​គេ​មួយ​ចំនួន​នៅក្នុង​ការហៅ​របស់​ព្យាការី យ៉ូសែប ស្ម៊ីធ ។ ផល្លី និង យ៉ូសែប បាន​ផ្ដល់​ការគាំទ្រ​ដ៏​សំខាន់​ដល់​ព្យាការី​នៅក្នុង​កិច្ចការ​បកប្រែ​ព្រះគម្ពីរ​មរមន ។ គ្រួសារ​ណៃត៍​បាន​ចាកចេញ​ពី​ភូមិ​ខូលស្វិល រដ្ឋ​ញូវយ៉ក មក​ជួបជុំ​នឹង​ពួកបរិសុទ្ធ​នៅ​រដ្ឋ​អូហៃអូ ហើយ​ក្រោយមក​ត្រូវបាន​បង្គាប់​ឲ្យ​ប្ដូរ​មក​ភូមិ​ចាកសុន រដ្ឋ​មិសសួរី​វិញ ។ នៅពេល​ពួកគេ​បាន​ធ្វើ​ដំណើរ សុខភាព​របស់ ផល្លី ចាប់ផ្ដើម​ធ្លាក់ចុះ ប៉ុន្ដែ​នាង​បាន​ប្ដេជ្ញា​ចិត្ត​ចង់​ឃើញ​ក្រុង​ស៊ីយ៉ូន ពីមុន​នាង​ស្លាប់ ។ នាង​បាន​មក​ដល់​រដ្ឋ​មិសសួរី​តែ​ពីរ​បី​ថ្ងៃ​ប៉ុណ្ណោះ មុន​ពេល​នាង​បាន​ទទួល​មរណភាព ( សូមមើល ពួកបរិសុទ្ធ ទំព័រ ១:១២៧–២៨, ១៣២–៣៣ ) ។ គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៥៩ បាន​ទទួល​នៅ​ថ្ងៃ​នាង​លាចាក​លោក ហើយ ខទី ១ និង​ទី ២ អាច​សំដៅ​ជាពិសេស​ចំពោះ​នាង ។

គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៥៩:៤–១៩

បទបញ្ញត្តិ​គឺជា​ពរជ័យ ។

តើ​បងប្អូន​គិត​ថា​វា​មាន​ន័យ​យ៉ាង​ណា​ដើម្បី « បាន​ពាក់​មកុដ … និង​ដោយ​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ » ? ( ខទី ៤ ) ។ សូម​ពិចារណា​អំពី​របៀប​ដែល​ព្រះអម្ចាស់​ប្រទាន​ពរ​ដល់​បងប្អូន នៅពេល​បងប្អូន​ខិតខំ ដើម្បី​គោរព​តាម​បទបញ្ញត្តិ​នីមួយៗ​នៅក្នុង ខទី ៥–១៩ ។

សូម​ចែកចាយ​អ្វី​ដែល​បងប្អូន​កំពុង​រៀនសូត្រ ។ ក្នុង​ករណី​ជា​ច្រើន ការយល់ដឹង​ខាង​វិញ្ញាណ​ដែល​បងប្អូន​ទទួល​បាន​ពេល​បងប្អូន​សិក្សា​ព្រះគម្ពីរ អាច​ពង្រឹង​សេចក្ដី​ជំនឿ​នៃ​គ្រួសារ មិត្តភក្តិ និង​សមាជិក​វួដ​របស់​បងប្អូន ។ សូម​ចែកចាយ​នូវ​បទពិសោធន៍ អារម្មណ៍ និង​ទីបន្ទាល់​អំពី​ព្រះយេស៊ូវ​គ្រីស្ទ​របស់​បងប្អូន​ជាមួយ​ពួកគេ ។

គោលលទ្ធិ និង​សេចក្ដីសញ្ញា ៥៩:៩–១៩

ថ្ងៃ​ឈប់​សម្រាក​គឺ​ជា​ថ្ងៃ​របស់​ព្រះ​អម្ចាស់ ។

ក្រោយពេល​បាន​សន្យា​ថា​នឹង​ប្រទាន​ពរ​ដល់​ពួកបរិសុទ្ធ​នៅក្នុង​ក្រុង​ស៊ីយ៉ូន « ដោយ​ព្រះបញ្ញត្តិ​ទាំងឡាយ​ដ៏​មិន​តិច » ព្រះអម្ចាស់​បាន​គូស​បញ្ជាក់​ជាពិសេស​លើ​ព្រះបញ្ញត្តិ​មួយ​យ៉ាង​ជាក់លាក់ ៖ បញ្ជា​ឲ្យ​គោរព « ថ្ងៃ​បរិសុទ្ធ » របស់​ទ្រង់ ( គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៥៩:៤, ៩ ) ។ នៅពេល​បងប្អូន​សិក្សា គោលលទ្ធិ និង​សេចក្តីសញ្ញា ៥៩:៩–១៩ សូម​ពិចារណា​អំពី​មូលហេតុ​ដែល​ការគោរព​ថ្ងៃ​ឈប់​សម្រាក​មាន​សារសំខាន់​យ៉ាង​ខ្លាំង​ចំពោះ​ពួកបរិសុទ្ធ​ទាំងនេះ កាល​ពួកគេ​ខិតខំ​កសាង​ក្រុង​ស៊ីយ៉ូន ។ ហេតុអ្វី​បាន​ជា​វា​សំខាន់​ចំពោះ​បងប្អូន ?

បងប្អូន​ក៏​អាច​ជញ្ជឹងគិត​ថា តើ​បងប្អូន​ប្រើ​ថ្ងៃ​ឈប់​សម្រាក​តាម​របៀប​ដែល​ព្រះអម្ចាស់​មាន​ព្រះទ័យ​ចង់បាន​ដែរ​ឬ​ទេ ? តើ​ការរក្សា​ថ្ងៃឈប់​សម្រាក​ទុក​ជា​បរិសុទ្ធ ជួយ​បងប្អូន​ឲ្យ​បន្ដ « កុំ​ឲ្យ​ប្រឡាក់​ពី​លោកិយដោយ​របៀប​ណា » ? ( ខទី ៩ ) ។ តើ​បងប្អូន​អាច​ធ្វើ​អ្វីខ្លះ ដើម្បី​ថ្វាយ « ភក្ដីភាព​ដល់​ព្រះ​ដ៏​ខ្ពស់​បំផុត » ? ( ខទី ១០ ) ។

ពិធី​សាក្រាម៉ង់

បងប្អូន​ក៏​អាច​កត់​សម្គាល់​ថា ព្រះអម្ចាស់​បាន​ប្រើ​ពាក្យ​ដូចជា « អំណរ » « រីករាយ » និង « ចិត្ត​អរ​សប្បាយ » ដើម្បី​បង្រៀន​អំពី​ថ្ងៃ​ឈប់សម្រាក​ផងដែរ ។ តើ​អ្វី​ធ្វើ​ឲ្យ​ថ្ងៃ​ឈប់​សម្រាក​ពេញ​ដោយ​អំណរ​ចំពោះ​បងប្អូន ? តើ​បងប្អូន​អាច​ពន្យល់​ទៅ​នរណា​ម្នាក់​អំពី​មូលហេតុ ដែល​បងប្អូន​ជ្រើសរើស​ដើម្បី​គោរព​ដល់​ថ្ងៃ​របស់​ព្រះអម្ចាស់​ដោយ​របៀប​ណា ?

តើ​បងប្អូន​រៀន​អ្វីខ្លះ​មកពី​ទំនុក​តម្កើង « ច្រៀង​បទ​ពិសិដ្ឋ​ដោយ​ស្រទន់ » ( ទំនុក​តម្កើង ល.រ. ៨៤ ) អំពី​គោលបំណង និង​ពរជ័យ​នៃ​ថ្ងៃ​ឈប់សម្រាក ?

សូមមើល​ផងដែរ លោកុប្បត្តិ ២:២–៣; អេសាយ ៥៨:១៣–១៤; រ័សុល អិម ណិលសុន « The Sabbath Is a Delight » Liahona ខែ ឧសភា ឆ្នាំ ២០១៥ ទំព័រ ១២៩–១៣២ ។

សម្រាប់​គំនិត​បន្ថែម សូម​មើល​ទស្សនាវដ្តី លីអាហូណា និង ដើម្បី​កម្លាំង​នៃ​យុវជន ប្រចាំ​ខែ​នេះ ។

រូបតំណាង​ផ្នែក​របស់​កុមារ ០២

គំនិត​សម្រាប់​បង្រៀន​កុមារ

គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៥៨:២៦–២៨

ព្រះវរបិតា​សួគ៌​បានប្រទាន​អំណាច​ឲ្យ​យើង​ជ្រើសរើស ។

  • ការអាន​ជាមួយ​គ្នា គោលលទ្ធិ និង​សេចក្តី​សញ្ញា ៥៨:២៦–២៨ អាច​ផ្តល់​ឲ្យ​បងប្អូន និង​កូនៗ​របស់​បងប្អូន​នូវ​ឱកាស​មួយ​ដើម្បី​និយាយ​អំពី​អំណាច​ដែល​ព្រះវរបិតាសួគ៌​បាន​ប្រទាន​ឲ្យ​យើង​ជ្រើសរើស​ដើម្បី​ធ្វើ​អំពើ​ល្អ ។ បងប្អូន​អាច​ប្រាប់​គ្នា​ទៅវិញ​ទៅមក​អំពី​ជម្រើស​ផ្សេងៗ​ដែល​បងប្អូន​បានធ្វើ និង​អ្វី​ដែល​បានកើតឡើង​ជា​លទ្ធផល ។ ប្រហែល​ជា​កូនៗ​របស់​បងប្អូន​ចង់​គូរ​រូបភាព​នៃ​បទពិសោធន៍​របស់​ពួកគេ ។

  • បងប្អូន​អាច​សរសេរ ជម្រើស នៅលើ​សន្លឹក​ក្រដាស​មួយ​ចំហៀង និង លទ្ធផល នៅ​ម៉្យាង​ទៀត ហើយ​ប្រើ​ក្រដាស​នេះ​ដើម្បី​បង្ហាញ​ថា​ជម្រើស​របស់​យើង និង​លទ្ធផល​របស់​វា​មិន​អាច​បំបែក​បាន​ទេ ។ ប្រហែល​ជា​កូនៗ​របស់​បងប្អូន​អាច​រាយ​បញ្ជី​ជម្រើស​មួយ​ចំនួន ហើយ​និយាយ​អំពី​លទ្ធផល​ដែល​កើត​ចេញពី​ជម្រើស​ទាំងនោះ ។ បន្ទាប់មក បងប្អូន​អាច​អាន​ជាមួយ​គ្នា គោលលទ្ធិ និង​សេចក្តី​សញ្ញា ៥៨:២៧–២៨ ហើយ​និយាយ​អំពី​ជម្រើស​ដែល « នាំ​មក​នូវ​សេចក្ដី​សុចរិត​ដ៏​ច្រើន » ឬ​លទ្ធផល​ល្អ ។ តើ​ព្រះវរបិតាសួគ៌​ប្រទាន « រង្វាន់ » ឬ​ប្រទានពរ​ដល់​យើង នៅពេល​យើង​ព្យាយាម​ធ្វើ​ល្អ​ដោយ​របៀប​ណា ? ( ខទី ២៨ ) ។

គោលលទ្ធិ និង​សេចក្តីសញ្ញា ៥៩:៧, ១៨–២១

« ថ្វាយ​អំណរគុណ​ដល់​ព្រះ​អម្ចាស់​ជា​ព្រះ​នៃ​អ្នក នៅ​គ្រប់​ការណ៍​ទាំង​អស់ » ។

  • សូម​ពិចារណា​អាន​ខគម្ពីរ​ទាំងនេះ នៅពេល​បងប្អូន និង​កូនៗ​របស់​បងប្អូន​ដើរ​លេង ឬ​មើល​រូបភាព​ធម្មជាតិ ដោយ​កត់សម្គាល់​នូវ​អ្វី​ដែល « ផ្គាប់​ភ្នែក និង … ចិត្ត​អរ​សប្បាយ​ផង » ( ខទី ១៨ ) ។ បងប្អូន​ក៏​អាច​កត់សម្គាល់​ឃើញ​រឿង​ស្រដៀង​គ្នា​នៅក្នុង​បទចម្រៀង​ដូចជា​បទ « ព្រះ​វរបិតា​ស្រឡាញ់​ខ្ញុំ » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ១៦–១៧ ) ។ ឬ​បងប្អូន​អាច​អញ្ជើញ​កូនៗ​របស់​បងប្អូន​ឲ្យ​គូរ​រូបភាព​ពី​អ្វី​ដែល​ពួកគេ​អរគុណ ហើយ​អនុញ្ញាត​ឲ្យ​ពួកគេ​ប្រាប់​បងប្អូន​អំពី​រូបភាព​របស់​ពួកគេ ។ តើ​យើង​អាច​បង្ហាញ​អំណរគុណ​របស់​យើង​ចំពោះ​របស់​ទាំងនេះ​ដោយ​របៀប​ណា ?

សត្វបក្សី និង​ផ្កា

ព្រះអម្ចាស់​បាន​បង្កើត​របស់​ដ៏​ស្រស់​ស្អាត​ជា​ច្រើន ដើម្បី​នាំ​ឲ្យ​យើង​នូវ​អំណរ ។

គោលលទ្ធិ និង​សេចក្ដីសញ្ញា ៥៩:៩–១២

ថ្ងៃ​ឈប់​សម្រាក​គឺ​ជា​ថ្ងៃ​របស់​ព្រះ​អម្ចាស់ ។

  • តើ​យើង​អាច​ធ្វើ​អ្វី​ខ្លះនៅ​ថ្ងៃ​អាទិត្យ ដើម្បី​ថ្វាយបង្គំ​ព្រះ​អម្ចាស់ ហើយ​មាន​អំណរ ? សូម​ជួយ​កូនៗ​របស់​បងប្អូន​ស្វែងរក​គំនិត​ទាំងឡាយ​នៅក្នុង គោលលទ្ធិ និង​សេចក្តី​សញ្ញា ៥៩:៩–១២ និង ទំព័រ​សកម្មភាព ប្រចាំ​សប្តាហ៍​នេះ ។ ប្រហែល​ជា​ពួកគេ​ក៏​អាច​រកឃើញ​រូបភាព ឬ​វត្ថុ​នានា​ដើម្បី​តំណាង​ឲ្យ​កិច្ចការ​ដែល​យើង​ធ្វើ​នៅ​ថ្ងៃ​ឈប់សម្រាក ( ដូចជា​រូបភាព​សាក្រាម៉ង់​នៅក្នុង​មេរៀន​នេះ ) ។ តើ​អ្វីៗ​ទាំងនេះ​ជួយ​យើង​ទទួល​អារម្មណ៍​កាន់តែ​ជិតស្និទ​នឹង​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​បានយ៉ាង​ដូចម្តេច ?

សម្រាប់​គំនិត​បន្ថែម សូម​មើល​ទស្សនាវដ្តី ប្រិយមិត្ត ប្រចាំ​ខែ​នេះ ។

ការរៀបចំ​ខ្លួន​ដើម្បី​ទទួលទាន​សាក្រាម៉ង់

រចនា​រូបភាព​ដោយ ម៉ាធី មេជើរ

ទំព័រ​ធ្វើ​សកម្មភាព​សម្រាប់​កុមារ