« ថ្ងៃទី ១៧–២៣ ខែ តុលា ។ យេរេមា ៣០–៣៣; ៣៦; បរិទេវ ១; ៣ ៖ ‹ យើងនឹងបំប្រែសេចក្តីសោកសៅរបស់គេទៅជាសេចក្តីអំណរវិញ › » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ព្រះគម្ពីរសញ្ញាចាស់ ឆ្នាំ ២០២២ ( ឆ្នាំ ២០២១ )
« ថ្ងៃទី ១៧–២៣ ខែ តុលា ។ យេរេមា ៣០–៣៣; ៣៦; បរិទេវ ១; ៣ » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ឆ្នាំ ២០២២
ថ្ងៃទី ១៧–២៣ ខែ តុលា
យេរេមា ៣០–៣៣; ៣៦; បរិទេវ ១; ៣
« យើងនឹងបំប្រែសេចក្តីសោកសៅរបស់គេទៅជាសេចក្តីអំណរវិញ »
នៅពេលបងប្អូនកត់ត្រាចំណាប់អារម្មណ៍របស់បងប្អូន សូមគិតអំពីរបៀបដែលគោលការណ៍ទាំងឡាយនៅក្នុងគម្ពីរយេរេមា និងបរិទេវ ទាក់ទងនឹងរឿងដទៃទៀតដែលបងប្អូនបានរៀននៅក្នុងព្រះគម្ពីរសញ្ញាចាស់ ។
កត់ត្រាចំណាប់អារម្មណ៍របស់បងប្អូន
ដំបូងឡើយ កាលព្រះអម្ចាស់ហៅយេរេមាឲ្យធ្វើជាព្យាការី ទ្រង់បានមានបន្ទូលប្រាប់លោកថា បេសកកម្មរបស់លោកនឹងត្រូវ « ដករំលើង រុះទម្លាក់ ហើយបំផ្លាញរំលំចុះ » ( យេរេមា ១:១០ )—ហើយនៅក្នុងក្រុងយេរូសាឡិម មានភាពទុច្ចរិតជាច្រើនដែលត្រូវរំលើងរុះទម្លាក់ និងបំផ្លាញរំលំចុះ ។ ប៉ុន្តែនេះគ្រាន់តែជាផ្នែកមួយនៃបេសកកម្មរបស់ យេរេមា ប៉ុណ្ណោះ—លោកក៏ត្រូវបានហៅឲ្យ « សង់ឡើងវិញ ហើយដាំ » ( យេរេមា ១:១០ ) ផងដែរ ។ តើអ្វីទៅដែលអាចសង់ និងដាំនៅក្នុងទីរហោស្ថានស្ងាត់ជ្រងំ ដែលបណ្តាលមកពីការបះបោររបស់អ៊ីស្រាអែល ? ស្រដៀងគ្នានេះដែរ នៅពេលអំពើបាប ឬមារសត្រូវបានធ្វើឲ្យជីវិតរបស់យើងត្រូវអន្តរាយ តើយើងអាចសង់ និងដាំម្តងទៀតយ៉ាងដូចម្តេច ? ចម្លើយមាននៅក្នុង « លំពង់ដ៏សុចរិត » ( យេរេមា ៣៣:១៥ ) គឺជាព្រះមែស៊ីដែលបានសន្យាទុក ។ ព្រះមែស៊ីនាំមកនូវ « សញ្ញាថ្មី » ( យេរេមា ៣១:៣១ )—ជាសេចក្ដីសញ្ញាដែលតម្រូវឲ្យមានលើសពីការគ្រាន់តែប្តេជ្ញាចិត្តសើៗ ឬលះបង់តែសំបកក្រៅ ។ ក្រឹត្យវិន័យរបស់ទ្រង់ត្រូវតែ « នៅខាងក្នុងខ្លួន [ របស់យើង ] » ត្រូវបានចារឹកទុក « ក្នុងចិត្ត [ របស់យើង ] » ។ នោះជាអត្ថន័យពិតចំពោះព្រះអម្ចាស់ ដើម្បី « ធ្វើជាព្រះ [ របស់យើង ] » និងសម្រាប់យើងដើម្បី « បានជារាស្រ្ត [ របស់ទ្រង់ ] » ( យេរេមា ៣១:៣៣ ) ។ វាជាដំណើរការមួយដែលត្រូវធ្វើពេញមួយជីវិត ហើយយើងនៅតែប្រព្រឹត្តខុស ហើយបណ្តាលឲ្យមានសេចក្តីសោកសៅម្តងម្តាល ។ ប៉ុន្តែនៅពេលដែលយើងធ្វើ នោះយើងមានសេចក្តីសន្យានេះមកពីព្រះអម្ចាស់ ៖ « យើងនឹងបំប្រែសេចក្តីសោកសៅរបស់គេទៅជាសេចក្តីអំណរវិញ » ( យេរេមា ៣១:១៣ ) ។
សម្រាប់ទិដ្ឋភាពទូទៅស្ដីពីគម្ពីរបរិទេវ សូមមើល « បរិទេវ, គម្ពីរ » នៅក្នុងសេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ ( នៅលើគេហទំព័រ scriptures.ChurchofJesusChrist.org ) ។
គំនិតយោបល់សម្រាប់ការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួន
ព្រះអម្ចាស់នឹងនាំសាសន៍អ៊ីស្រាអែលចេញពីសេវកភាព និងប្រមូលផ្តុំពួកគេ ។
នៅក្នុង យេរេមា ៣០–៣១; ៣៣ ព្រះអម្ចាស់ទទួលស្គាល់ « សូរទំនួញ និងសូរយំយ៉ាងជូរចត់ » ( យេរេមា ៣១:១៥ ) ដែលពួកសាសន៍អ៊ីស្រាអែលបានដកពិសោធន៍ កាលដែលពួកគេចូលទៅក្នុងសេវកភាព ។ ទោះយ៉ាងណា ទ្រង់ក៏បានប្រទានពាក្យលួងលោម និងក្តីសង្ឃឹមផងដែរ ។ តើឃ្លាណាមួយនៅក្នុងជំពូកទាំងនេះដែលបងប្អូនគិតថានឹងផ្តល់ការលួងលោម និងក្តីសង្ឃឹមដល់ពួកសាសន៍អ៊ីស្រាអែល ? តើបងប្អូនរកឃើញការសន្យាអ្វីខ្លះមកពីព្រះអម្ចាស់ដល់រាស្រ្តរបស់ទ្រង់ ? តើសេចក្ដីសន្យាទាំងនេះអាចអនុវត្តចំពោះបងប្អូននៅសព្វថ្ងៃនេះយ៉ាងដូចម្តេច ?
« នោះគេនឹងបានជារាស្ត្ររបស់យើង ហើយយើងនឹងធ្វើជាព្រះដល់គេ » ។
ទោះបីជាពួកសាសន៍អ៊ីស្រាអែលបានបំពានសេចក្តីសញ្ញារបស់ពួកគេក្តី ក៏យេរេមា បានព្យាករថា ព្រះអម្ចាស់នឹងស្ថាបនាម្តងទៀតនូវ « សេចក្តីសញ្ញាដ៏ស្ថិតស្ថេរនៅអស់កល្បជានិច្ច » និង « ថ្មី » ជាមួយរាស្រ្តរបស់ទ្រង់ដែរ ( យេរេមា ៣១:៣១; ៣២:៤០ ) ។ សេចក្តីសញ្ញាថ្មី និងដ៏នៅអស់កល្បអស់កាលជានិច្ចគឺជា « ភាពពោរពេញនៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ [ សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ៦៦:២ ] ។ វាគឺ ថ្មី រាល់ពេល ដែលបានបើកសម្ដែងជាថ្មីទៀត បន្ទាប់ពីគ្រាក្បត់សាសនា ។ នៅ អស់កល្បអស់កាលជានិច្ច មានន័យថា ជាសេចក្ដីសញ្ញារបស់ព្រះ ហើយបានទទួលនៅគ្រប់គ្រាកាន់កាប់ត្រួតត្រានៃដំណឹងល្អ ដែលប្រជាជនយល់ព្រមទទួលយក ( សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ « សេចក្ដីសញ្ញាថ្មី ហើយអស់កល្បជានិច្ច » នៅលើគេហទំព័រ scriptures.ChurchofJesusChrist.org; បានបន្ថែមអក្សរទ្រេត ) ។
កាលបងប្អូនអាន យេរេមា ៣១:៣១–៣៤; ៣២:៣៧–៤២ សូមសញ្ជឹងគិតថា តើវាមានអត្ថន័យយ៉ាងណាចំពោះបងប្អូន ដើម្បីធ្វើជាផ្នែកមួយនៃរាស្ដ្រក្នុងសេចក្ដីសញ្ញារបស់ព្រះ ។ តើខគម្ពីរទាំងនេះជះឥទ្ធិពលលើរបៀបដែលបងប្អូនគិតអំពីទំនាក់ទំនងសេចក្តីសញ្ញារបស់បងប្អូនជាមួយព្រះយ៉ាងដូចម្តេច ? តើវាមានន័យដូចម្តេច ដើម្បីមានក្រឹត្យវិន័យរបស់ទ្រង់ចារឹកទុកក្នុងចិត្តរបស់បងប្អូន ? ( សូមមើល យេរេមា ៣១:៣៣ ) ។
សូមមើលផងដែរ យេរេមា ២៤:៧; ហេព្រើរ ៨:៦–១២ ។
ព្រះគម្ពីរមានអំណាចបង្វែរខ្ញុំចេញពីអំពើអាក្រក់ ។
ព្រះអម្ចាស់បានបង្គាប់យេរេមា ឲ្យកត់ត្រាការព្យាកររបស់លោកនៅក្នុង « ក្រាំងមួយ » ឬ លើក្រដាសរមូរ ដោយពន្យល់ថា ប្រសិនបើប្រជាជនបានស្តាប់ឮការព្យាករទាំងនេះ « ប្រហែលជា … គេបានវិលមកពីផ្លូវអាក្រក់របស់គេរៀងខ្លួន ដើម្បីឲ្យអញបានអត់ទោសចំពោះអំពើទុច្ចរិត និងអំពើបាបរបស់គេ » ( យេរេមា ៣៦:២–៣ ) ។ នៅពេលបងប្អូនអាន យេរេមា ៣៦ សូមពិចារណាធ្វើការកត់សម្គាល់ពីរបៀបដែលបុគ្គលដូចតទៅនេះ មានអារម្មណ៍អំពីការព្យាករទាំងនេះ ៖
ព្រះអម្ចាស់ ៖
យេរេមា ៖
បារូក ៖
យេហ៊ូឌី និងស្តេចយេហូយ៉ាគីម ៖
អែលណាថាន, ដេឡាយ៉ា និងកេម៉ារា ៖
សូមសញ្ជឹងគិតពីរបៀបដែលបងប្អូនមានអារម្មណ៍អំពីបទគម្ពីរ និងតួនាទីរបស់បទគម្ពីរនៅក្នុងជីវិតរបស់បងប្អូន ។ តើបទគម្ពីរបានជួយបង្វែរបងប្អូនចេញពីអំពើអាក្រក់យ៉ាងដូចម្តេច ?
សូមមើលផងដែរ ជូលី ប៊ី ប៊េក « My Soul Delighteth in the Scriptures » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០០៤ ទំព័រ ១០៧–៩ ។
ព្រះអម្ចាស់អាចបំបាត់ទុក្ខព្រួយដែលយើងឆ្លងកាត់ដោយសារតែអំពើបាប ។
គម្ពីរបរិទេវគឺជាបណ្តុំកំណាព្យដែលបានតាក់តែង បន្ទាប់ពីការបំផ្លាញទីក្រុងយេរូសាឡិម និងព្រះវិហារបរិសុទ្ធរបស់ក្រុងយេរូសាឡិម ។ ហេតុអ្វីបងប្អូនគិតថា វាសំខាន់ដែលការទួញសោកទាំងនេះត្រូវអភិរក្ស និងបញ្ចូលនៅក្នុងព្រះគម្ពីរសញ្ញាចាស់ ? សូមពិចារណាពាក្យប្រៀបធៀបនៅក្នុង បរិទេវ ១ និង ៣ ដែលអាចជួយបងប្អូនឲ្យយល់អំពីទុក្ខសោកដ៏ធំដែលសាសន៍អ៊ីស្រាអែលបានទទួល ។ តើសារលិខិតនៃក្តីសង្ឃឹមនៅក្នុងព្រះគ្រីស្ទអ្វីខ្លះដែលបងប្អូនរកឃើញ ? ( សូមមើលជាពិសេស បរិទេវ ៣:២០–៣៣; សូមមើលផងដែរ ម៉ាថាយ ៥:៤; យ៉ាកុប ៤:៨–១០; អាលម៉ា ៣៦:១៧–២០ ) ។
គំនិតយោបល់សម្រាប់ការសិក្សាព្រះគម្ពីរជាគ្រួសារ និងរាត្រីជួបជុំក្នុងគ្រួសារ
-
យេរេមា ៣១:៣ ។តើព្រះវរបិតាសួគ៌ និងព្រះយេស៊ូវបានបង្ហាញ « សេចក្តីស្រឡាញ់ដ៏ស្ថិតស្ថេរនៅអស់កល្ប » របស់ទ្រង់ទាំងទ្វេសម្រាប់យើងយ៉ាងដូចម្តេច ? ការបង្ហាញរូបភាពនៃអ្វីៗដែលព្រះគ្រីស្ទបានបង្កបង្កើតសម្រាប់យើង ឬបានធ្វើសម្រាប់យើងនៅអំឡុងការងារបម្រើក្នុងព្រះជន្មរមែងស្លាប់របស់ទ្រង់ អាចជួយគ្រួសាររបស់បងប្អូនឲ្យទទួលអារម្មណ៍នៃ « សេចក្តីសប្បុរស » របស់ទ្រង់ ។
-
យេរេមា ៣១:៣១–៣៤; ៣២:៣៨–៤១ ។សូមពិចារណាធ្វើបញ្ជីពីអ្វីៗដែលព្រះអម្ចាស់បានសន្យានៅក្នុងខគម្ពីរទាំងនេះ នៅពេលយើងចុះសេចក្តីសញ្ញាជាមួយទ្រង់ ។ តើខគម្ពីរទាំងនេះបង្រៀនយើងអ្វីខ្លះអំពីសារៈសំខាន់នៃសេចក្តីសញ្ញារបស់យើង ?
សមាជិកគ្រួសារក៏អាចសរសេរ ( ឬគូររូប ) នៅលើក្រដាសដែលមានរាងបេះដូងពីអ្វីដែលបង្ហាញពីអារម្មណ៍របស់ពួកគេចំពោះព្រះអង្គសង្រ្គោះផងដែរ ។ តើវាមានន័យដូចម្តេច ដើម្បីមានក្រឹត្យវិន័យរបស់ព្រះចារឹកទុកក្នុងចិត្តរបស់យើង ? ( សូមមើល យេរេមា ៣១:៣៣ ) ។ តើយើងអាចបង្ហាញព្រះអម្ចាស់ថា យើងចង់ធ្វើជារាស្រ្តរបស់ទ្រង់យ៉ាងដូចម្តេច ?
-
យេរេមា ៣៦ ។តើបងប្អូនអាចប្រើ យេរេមា ៣៦ ដើម្បីជួយគ្រួសាររបស់បងប្អូនឲ្យរៀនអំពីសារៈសំខាន់នៃព្រះគម្ពីរយ៉ាងដូចម្តេច ? ( សូមមើល ឧទាហរណ៍ ខទី ១–៦, ១០, ២៣–២៤, ២៧–២៨, ៣២ ) ។ បងប្អូនអាចសូមឲ្យសមាជិកគ្រួសារម្នាក់អានខគម្ពីរមួយចេញពីជំពូកនេះ ខណៈពេលដែលសមាជិកគ្រួសារផ្សេងទៀតកំពុងសរសេរ ដូចជាបារូកបានធ្វើឲ្យ យេរេមាដែរ ។ ហេតុអ្វីយើងមានអំណរគុណចំពោះកិច្ចប្រឹងប្រែងរបស់បុគ្គលដូចជាបារូកដែលបានអភិរក្សពាក្យសម្តីរបស់ព្យាការី ? តើយើងអាចធ្វើអ្វីខ្លះដើម្បីបង្ហាញព្រះអម្ចាស់ថា យើងឲ្យតម្លៃលើព្រះបន្ទូលរបស់ទ្រង់នៅក្នុងព្រះគម្ពីរ ?
-
បរិទេវ ៣:១–១៧, ២១–២៥, ៣១–៣២ ។បងប្អូនអាចនិយាយជាគ្រួសារអំពីរបៀបដែលអារម្មណ៍ដែលបង្ហាញនៅក្នុង បរិទេវ ៣:១–១៧ អាចទាក់ទងនឹងអារម្មណ៍ដែលយើងមាននៅពេលយើងមានអំពើបាប ។ តើសារលិខិតនៅក្នុង ខទី ២១–២៥, ៣១–៣២ អាចជះឥទ្ធិពលលើជីវិតរបស់យើងយ៉ាងដូចម្តេច ?
សម្រាប់គំនិតបន្ថែមសម្រាប់ការបង្រៀនដល់កុមារ សូមមើល គម្រោងមេរៀនសប្តាហ៍នេះ នៅក្នុងសៀវភៅ ចូរមកតាមខ្ញុំ—សម្រាប់អង្គការបឋមសិក្សា ។
ចម្រៀងលើកទឹកចិត្តឲ្យប្រើ ៖ « ខ្ញុំស្គាល់ក្តីស្នេហ៍ព្រះសង្រ្គោះ » សៀវភៅចម្រៀងកុមារ ទំព័រ ៤២–៤៣ ។