ព្រះគម្ពីរ​សញ្ញាចាស់ ឆ្នាំ​២០២២
ថ្ងៃទី ៣–៩ ខែ តុលា ។ អេសាយ ៥៨–៦៦ ៖ « អ្នក​ដ៏​ជួយ​ប្រោស​លោះ​មក​ឯ​ក្រុង​ស៊ីយ៉ូន »


« ថ្ងៃទី ៣–៩ ខែ តុលា ។ អេសាយ ៥៨–៦៦ ៖ ‹ អ្នក​ដ៏​ជួយ​ប្រោស​លោះ​មក​ឯ​ក្រុង​ស៊ីយ៉ូន › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ព្រះគម្ពីរ​សញ្ញា​ចាស់ ឆ្នាំ ២០២២ ( ឆ្នាំ ២០២១ )

« ថ្ងៃទី ៣–៩ ខែ តុលា ។ អេសាយ ៥៨–៦៦ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ឆ្នាំ ២០២២

ព្រះយេស៊ូវ​កំពុង​បង្រៀន​នៅក្នុង​សាលា​ប្រជុំ

ព្រះ​យេស៊ូវ​នៅក្នុង​សាលា​ប្រជុំ​នៅឯ​ភូមិ​ណាសារ៉ែត ដោយ ហ្រ្គេក ខេ អូលសិន

ថ្ងៃទី ៣–៩ ខែ តុលា

អេសាយ ៥៨–៦៦

« អ្នក​ដ៏​ជួយ​ប្រោស​លោះ​មក​ឯ​ក្រុង​ស៊ីយ៉ូន »

នៅពេល​បងប្អូន​អាន អេសាយ ៥៨–៦៦ សូម​ពិចារណា​អំពី​របៀប​ដែល​ពាក្យសម្តី​របស់​អេសាយ​ផ្តល់​ឲ្យ​បងប្អូន​នូវ​អំណរ និង​សេចក្តី​សង្ឃឹម​សម្រាប់​ពេល​អនាគត ។

កត់​ត្រា​ចំណាប់​អារម្មណ៍​របស់​បងប្អូន

នៅពេល​ចាប់ផ្តើម​ការងារបម្រើ​ខាង​លោកិយ​របស់​ទ្រង់ ព្រះយេស៊ូវគ្រីស្ទ​បាន​យាង​ទៅ​សាលាប្រជុំ​នៅក្នុង​ភូមិ​ណាសារ៉ែត ជាភូមិ​ដែល​ទ្រង់​បាន​ចម្រើន​ព្រះជន្ម​ឡើង ។ ទ្រង់​បាន​ឈរ​អាន​ព្រះគម្ពីរ​នៅទីនោះ បាន​បើក​ទៅ​គម្ពីរ​អេសាយ ហើយ​បាន​អាន​ពី​អ្វី​ដែល​យើង​ហៅ​ឥឡូវ​នេះ​ថា​ជា អេសាយ ៦១:១–២ ។ បន្ទាប់មក ទ្រង់​បាន​ប្រកាសថា « នៅ​ថ្ងៃ​នេះ បទ​គម្ពីរ​នេះ​បាន​សម្រេច​នៅ​ត្រចៀក​អ្នក​រាល់​គ្នា​ហើយ » ។ វា​ជា​ការប្រកាស​ដ៏​ត្រង់បំផុត​មួយ​របស់​ព្រះអង្គ​សង្រ្គោះ​ថា ទ្រង់​ជា​អង្គ​ចាក់ប្រេងតាំង ដែល​នឹង « ប្រោស​មនុស្ស​ដែល​មាន​ចិត្ត​សង្រេង » និង « ប្រកាស​ប្រាប់​ពី​សេចក្តី​ប្រោស​លោះ​ដល់​ពួក​ឈ្លើយ » ( សូមមើល លូកា ៤:១៦–២១ ) ។ ជាការពិត បទគម្ពីរ​នេះ​ត្រូវបាន​បំពេញ​នៅ​សម័យ​នោះ​មែន ។ ហើយ​ដូចជា​ការព្យាករ​ជាច្រើនទៀត​របស់​អេសាយ​ដែរ វា​បន្ត​បំពេញ​នៅក្នុង​សម័យ​របស់​យើង ។ ព្រះអង្គសង្គ្រោះ​បន្ត​ប្រោស​មនុស្ស​ទាំងអស់​ដែល​មាន​ចិត្ត​សង្រេង​ដែល​មក​ឯ​ទ្រង់ ។ ប៉ុន្តែ​សេចក្តី​រំដោះ​ឲ្យ​រួច​ក៏​ត្រូវ​ប្រកាស​ដល់​ពួក​ឈ្លើយ​ផងដែរ ។ ហើយ​មាន​អនាគត​ដ៏​រុងរឿង​មួយ​ដែល​យើង​ត្រូវ​រៀបចំ​ខ្លួន​រង់ចាំ—ជា​គ្រា​ដែល​ព្រះអម្ចាស់​នឹង « បង្កើត​ផ្ទៃ​មេឃ​ថ្មី ហើយ​និង​ផែនដី​ថ្មី » ( អេសាយ ៦៥:១៧ ) និង « ធ្វើ​ឲ្យ​សេចក្តី​សុចរិត និង​សេចក្តី​សរសើរ​បាន​លេច​ឡើង នៅ​ចំពោះ​អស់​ទាំង​សាសន៍​យ៉ាង​នោះ​ដែរ » ( អេសាយ ៦១:១១ ) ។ ការអាន​គម្ពីរ​អេសាយ បើកភ្នែក​របស់​យើង​ឲ្យ​ឃើញ​អ្វី​ដែល​ព្រះអម្ចាស់​បាន​ធ្វើ​រួច​ទៅហើយ អ្វី​ដែល​ទ្រង់​កំពុង​ធ្វើ និង​អ្វី​ដែល​ទ្រង់​មិនទាន់​បាន​ធ្វើ​សម្រាប់​រាស្រ្ត​របស់​ទ្រង់​នៅឡើយ ។

រូបសញ្ញា​ការសិក្សា​ផ្ទាល់ខ្លួន

គំនិត​យោបល់​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន

អេសាយ ៥៨:៣–១២

ការតម​អាហារ​នាំមក​នូវ​ពរជ័យ ។

ខគម្ពីរ​ទាំងនេះ​ផ្តល់​យោបល់​ថា ការតាម​អាហារ​គឺជា​បន្ទុក​ជាជាង​ពរជ័យ ចំពោះ​សាសន៍​អ៊ីស្រាអែល​ពីបុរាណ​ជាច្រើន ។ នៅពេល​ខ្លះ ពួកយើង​ភាគច្រើន​អាច​យល់ពី​អារម្មណ៍​ទាំងនោះ ។ ប្រសិនបើ​បងប្អូន​ចង់​ស្វែងរក​អត្ថន័យ និង​គោលបំណង​បន្ថែមទៀត​នៅក្នុង​ការតមអាហារ​របស់​បងប្អូន សូមអាន អេសាយ ៥៨:៣–១២ ដើម្បី​ស្វែងរក​ចម្លើយ​របស់​ព្រះអម្ចាស់​ទៅនឹង​សំណួរ​នេះ « ហេតុអ្វី​យើង​តមអាហារ ? » តាមបទពិសោធន៍​របស់បងប្អូន តើ​ការតម​អាហារ « ដោះ​ច្រវាក់​ដែល​ឯង​ដាក់​គេ​ដោយ​អំពើ​អាក្រក់ » និង « បំបាក់​គ្រប់​ទាំង​នឹម​ផង » យ៉ាង​ដូចម្តេច ? ( អេសាយ ៥៨:៦ ) ។ តើ​ការតមអាហារ​នាំមក​នូវពរជ័យ​ដែល​បាន​ពិពណ៌នា​នៅក្នុង អេសាយ ៥៨:៨–១២ ដល់​បងប្អូន​យ៉ាងដូចម្តេច ? តើ អេសាយ ៥៨:៣–១២ ជះឥទ្ធិពល​លើ​អ្វី​ដែល​បងប្អូន​គិត​អំពី​ការតមអាហារ​យ៉ាង​ដូចម្តេច ?

នៅក្នុង​សារលិខិត « Is Not This the Fast That I Have Chosen? »( Liahona ខែ ឧសភា ឆ្នាំ ២០១៥ ទំព័រ ២២–២៥ ) ប្រធាន ហិនរី ប៊ី អាវរិង បាន​ចែកចាយ​គំរូ​ជាច្រើន អំពី​របៀប​ដែល​ប្រជាជន​បាន​ទទួល​ពរជ័យ​តាមរយៈ​ការតមអាហារ និង​ដង្វាយ​តម​អាហារ ។ តើ​បងប្អូន​បាន​ឃើញ​ពរជ័យ​ស្រដៀងគ្នា​នេះ​កើតឡើង​នៅក្នុង​ជីវិត​របស់​បងប្អូន​យ៉ាង​ដូចម្តេច ?

សូមមើល​ផងដែរ Gospel Topics « Fasting and Fast Offerings » ( នៅលើ​គេហទំព័រ topics.ChurchofJesusChrist.org ) ។

អេសាយ ៥៩:៩–២១; ៦១:១–៣; ៦៣:១–៩ ។

ព្រះយេស៊ូវគ្រីស្ទ​គឺជាព្រះអង្គសង្គ្រោះ និង ព្រះប្រោសលោះ​របស់ខ្ញុំ ។

នៅក្នុង អេសាយ ៥៨–៦៦ បងប្អូន​នឹង​ឃើញ​មាន​សេចក្តី​យោង​ជាច្រើន​ស្តីពី​បេសកកម្ម​ដ៏​ធួន​របស់​ព្រះ​យេស៊ូវគ្រីស្ទ ។ នេះ​គឺជា​ឧទាហរណ៍​មួយ​ចំនួន ព្រម​ជាមួយ​សំណួរ​ដើម្បី​ជួយ​បងប្អូន​ឲ្យ​សញ្ជឹងគិត​អំពី​ឧទាហរណ៍​នេះ ។

  • អេសាយ ៥៩:៩–២១ ។ តើ​បងប្អូន​នឹង​សង្ខេប​ស្ថានភាព​ខាងវិញ្ញាណ​របស់​ប្រជាជន​ដែល​បាន​ពិពណ៌នា​នៅក្នុង ខទី ៩–១៥ យ៉ាង​ដូចម្តេច ? តើ​អ្វីខ្លះ​ដែល​ធ្វើ​ឲ្យ​បងប្អូន​ចាប់អារម្មណ៍​អំពី​ការពិពណ៌នា​ពី « អ្នក​ជួយ​អង្វរ » នៅក្នុង ខទី ១៦–២១ និង​សេចក្តីសញ្ញា​ដែល​ទ្រង់​ធ្វើ​ជាមួយ​អស់អ្នក​ដែល​ងាក​ទៅរក​ទ្រង់ ?

  • អេសាយ ៦១:១–៣ ។ តើ​ព្រះ​យេស៊ូវគ្រីស្ទ​បាន​ប្រទានពរ​ដល់​បងប្អូន​តាម​របៀប​ដែល​បាន​ពិពណ៌នា​នៅក្នុង​ខគម្ពីរ​ទាំងនេះ​យ៉ាងដូចម្តេច ? តើ « ដំណឹងល្អ » អ្វី​ដែល​ទ្រង់​បាន​ប្រទាន​មក​ដល់​បងប្អូន ? តើ​ទ្រង់​បាន​ប្រទាន​ឲ្យ​បងប្អូន​នូវ​ភួង​លម្អ​ជំនួស​ឲ្យ​ផេះ​យ៉ាង​ដូចម្តេច ?

  • អេសាយ ៦៣:៧–៩ ។ តើ « សេចក្តី​សប្បុរស​របស់​ព្រះ​យេហូវ៉ា » អ្វី​ខ្លះ​ដែល​បងប្អូន​អាច​រៀបរាប់​បាន ? តើ​ខគម្ពីរ​ទាំងនេះ​បំផុស​ឲ្យ​អារម្មណ៍​អ្វីខ្លះ​នៅក្នុង​ដួងចិត្ត​របស់​បងប្អូន​អំពី​ព្រះអង្គ​សង្រ្គោះ ?

តើ​សេចក្តី​យោង​ស្តីពី​ព្រះអង្គ​សង្រ្គោះ​អ្វីខ្លះ​ទៀត ដែល​បងប្អូន​រកឃើញ​នៅ​ក្នុង អេសាយ ៥៨–៦៦ ?

សូមមើល​ផងដែរ ម៉ូសាយ ៣:៧; គោលលទ្ធិ និង សេចក្តី​សញ្ញា ១៣៣:៤៦–៥៣ ។

ស្រ្តី​ម្នាក់​កំពុង​អុជ​ចង្កៀង​ពី​ចង្កៀង​នៅលើ​ដៃ​របស់​បុរស​ម្នាក់

« ព្រះយេហូវ៉ា ទ្រង់​នឹង​ជា​ពន្លឺ​ដ៏​នៅ​អស់កល្ប​ជានិច្ច​ដល់​ឯង​វិញ » ( អេសាយ ៦០:១៩ ) ។ អំណោយទាន​នៃ​ពន្លឺ ដោយ អ៊ីវ៉ា ធីម៉ូធី

អេសាយ ៦០; ៦២

« ព្រះយេហូវ៉ា ទ្រង់​នឹង​ជា​ពន្លឺ​ដ៏​នៅ​អស់កល្ប​ជានិច្ច​ដល់​ឯង​វិញ » ។

អេសាយ ៦០ និង ៦២ និយាយ​ពី​ពន្លឺ និង​សេចក្តី​ងងឹត ពី​ភ្នែក និង​ការមើល​ឃើញ ដើម្បី​បង្រៀន​អំពី​របៀប​ដែល​ដំណឹងល្អ​នៃ​ព្រះ​យេស៊ូវគ្រីស្ទ​នឹង​ប្រទាន​ពរ​ដល់​ពិភពលោក​នៅ​ថ្ងៃ​ចុងក្រោយ ។ សូម​រកមើល​គោលគំនិត​ទាំងនេះ ជាពិសេស​នៅក្នុង អេសាយ ៦០:១–៥, ១៩–២០; ៦២:១–២ ។ ពេល​បងប្អូន​អាន​ជំពូក​ទាំងនេះ សូម​សញ្ជឹង​គិត​អំពី​របៀប​ដែល​ព្រះ​ប្រមូលផ្ដុំ​បុត្រាបុត្រី​របស់​ទ្រង់​ចេញពី​សេចក្តីងងឹត​ទៅកាន់​ពន្លឺ​របស់​ទ្រង់ ។ តើ​បងប្អូន​មាន​តួនាទី​អ្វី​នៅក្នុង​កិច្ចការ​នេះ ?

សូមមើល​ផងដែរ នីហ្វៃទី១ ២២:៣–១២; នីហ្វៃទី៣ ១៨:២៤; គោលលទ្ធិ និង សេចក្ដីសញ្ញា ១៤:៩; ប៊ូនី អេច ខ័រឌុន « That They May See » Liahona ខែ ឧសភា ឆ្នាំ ២០២០ ទំព័រ ៧៨–៨០ ។

អេសាយ ៦៤:១–៥; ៦៥:១៧–២៥; ៦៦

ព្រះគ្រីស្ទ​នឹង​គ្រងរាជ្យ​នៅលើ​ផែនដី​នៅអំឡុង​ពេល​សហស្សវត្សរ៍ ។

អេសាយ​បាន​និយាយ​ពី​ថ្ងៃ​មួយ​ដែល « សេចក្តី​វេទនា​ពី​ជាន់​មុន​បាន​ភ្លេច​ទៅ​ហើយ » ( អេសាយ ៦៥:១៦ ) ។ ខណៈ​ពេល​ដែល​ការព្យាករ​នេះ​បាន​សម្រេច​ជាច្រើន នៅក្នុង​ភាព​ពេញលេញ​នៃ​ថ្ងៃនោះ ថ្ងៃនោះ​មិនទាន់​មក​ដល់​នៅឡើយ​ទេ—នៅ​ពេល​ដែល​ព្រះ​យេស៊ូវគ្រីស្ទ​នឹង​យាងមក​ផែនដី​ម្តងទៀត ហើយ​បង្កើត​យុគសម័យ​នៃ​សេចក្តី​សុខសាន្ត និង​សេចក្តី​សុចរិត​មួយ​ដែល​ហៅ​ថា សហស្សវត្សរ៍ ។ អេសាយ​បាន​ពិពណ៌នា​ពី​ថ្ងៃ​អនាគត​នេះ នៅក្នុង អេសាយ ៦៤:១–៥; ៦៥:១៧–២៥; ៦៦ ។ សូម​កត់សម្គាល់​ថា តើ​លោកប្រើ​ពាក្យ​ដូចជា « រីករាយ » និង « ជាទីរីករាយ » ញឹកញាប់​ប៉ុណ្ណា ។ សូម​ពិចារណា​ពី​មូលហេតុ​ដែល​ការយាង​មកវិញ​របស់​ព្រះ​អង្គ​សង្រ្គោះ​នឹង​ជា​ថ្ងៃ​ជាទីរីករាយ​មួយ​សម្រាប់​បងប្អូន ។ តើ​បងប្អូន​អាច​ធ្វើ​អ្វី​ខ្លះ​ដើម្បី​រៀបចំ​ខ្លួន​សម្រាប់​ការយាងមក​របស់​ទ្រង់ ?

សូម​មើល មាត្រា​នៃ​សេចក្តីជំនឿ ១:១០; រ័សុល អិម ណិលសុន « The Future of the Church: Preparing the World for the Savior’s Second Coming » Ensign ខែ មេសា ឆ្នាំ ២០២០ ទំព័រ ១៣–១៧ ។

រូបសញ្ញា​ការសិក្សា​ជា​គ្រួសារ

គំនិត​យោបល់​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ជា​គ្រួសារ និង​រាត្រី​ជួបជុំ​ក្នុង​គ្រួសារ

អេសាយ ៥៨:៣–១១ ។សមាជិក​គ្រួសារ​អាច​យល់ពី​សារលិខិត​របស់​អេសាយ អំពីការ​តមអាហារ​កាន់តែ​ច្បាស់ ប្រសិនបើ​ពួកគេ​សម្តែង​ពី​របៀប​តមអាហារ​ដែល​បាន​ពិពណ៌នា​នៅក្នុង អេសាយ ៥៨:៣–៥ និង​របៀប​តមអាហារ​ដែល​បាន​ពិពណ៌នា​នៅក្នុង អេសាយ ៥៨:៦–៨ ។ តើ​យើង​អាច​ធ្វើ​ឲ្យ​ការតមអាហារ​របស់​យើង​កាន់តែ​ដូច « ជា​ការ​តម​អត់​យ៉ាង​នេះ​វិញ​ដែល [ ព្រះ​បាន ] ពេញ​ចិត្ត » យ៉ាង​ដូច​ម្ដេច ? តើ​ពរជ័យ​អ្វី​ដែល​បងប្អូន​បាន​ឃើញ​មកពី​ការតម​អាហារ ?

អេសាយ ៥៨:១៣–១៤ ។តើ​ការ « ស្វែងរក​សេចក្តី​អំណរ​ដល់ [ ខ្លួន​យើង ] » និង​ការស្វែងរក « ចិត្តរីករាយ​ក្នុង​ព្រះយេហូវ៉ា » នៅ​ថ្ងៃ​ឈប់សម្រាក មាន​ភាពខុសគ្នា​អ្វីខ្លះ ? តើ​យើង​ធ្វើ​ឲ្យ​ថ្ងៃ​ឈប់​សម្រាក​ជា​ថ្ងៃ​មាន « ចិត្ត​រីករាយ » យ៉ាងដូចម្តេច ?

អេសាយ ៦០:១–៥ ។កាលបងប្អូន​អាន អេសាយ ៦០:១–៣ នោះ​សមាជិក​គ្រួសារ​អាច​បើក​ភ្លើង នៅពេល​ខគម្ពីរ​ទាំងនេះ​និយាយ​ពី​ពន្លឺ និង​បិទភ្លើង​វិញ នៅពេល​ខគម្ពីរ​ទាំងនេះ​និយាយ​ពី​សេចក្តីងងឹត ។ តើ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ដូចជា​ពន្លឺ​ចំពោះ​យើង​យ៉ាង​ដូចម្តេច ? តើ​អេសាយ​បាន​ទាយទុក​ថា នឹង​មាន​អ្វី​កើតឡើង កាល​ដែល​រាស្រ្ត​របស់​ព្រះ​ចែកចាយ​ពន្លឺ​នៃ​ដំណឹងល្អ ? ( សូមមើល អេសាយ ៦០:៣–៥ ) ។

អេសាយ ៦១:១–៣ ។តើ​ព្រះអង្គ​សង្គ្រោះ​បាន​បំពេញ​ការព្យាករ​របស់​អេសាយ នៅក្នុង​ខគម្ពីរ​ទាំងនេះ​យ៉ាង​ដូចម្តេច ? បងប្អូន​អាច​អញ្ជើញ​សមាជិក​គ្រួសារ​ឲ្យ​ស្វែងរក​រូបភាព​ព្រះអង្គ​សង្រ្គោះ ដែល​ពួកគេ​មាន​អារម្មណ៍​ថា វា​បង្ហាញពី​ទិដ្ឋភាព​ទាំងនេះ​អំពី​បេសកកម្ម​របស់​ទ្រង់ ( រូបភាព​ទាំងឡាយ​អាច​រកបាន​នៅក្នុង​ទស្សនាវដ្តី​របស់​សាសនាចក្រ ឬ សៀវភៅ​រូបភាព​ដំណឹងល្អ ) ។ បងប្អូន​ក៏​អាច​ច្រៀង​ចម្រៀង​មួយ​បទ​អំពី​របៀប​ដែល​ព្រះ​អង្គ​សង្រ្គោះ​ប្រទាន​ពរជ័យ​ដល់​យើង​បាន​ផងដែរ ដូចជា​បទ « ខ្ញុំ​ស្គាល់​ក្តីស្នេហ៍​ព្រះសង្គ្រោះ » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៤២–៤៣ ) ។

សម្រាប់​គំនិត​បន្ថែម​សម្រាប់​ការ​បង្រៀន​ដល់​កុមារ សូមមើល គម្រោង​មេរៀន​សប្តាហ៍​នេះ នៅក្នុងសៀវភៅ ចូរ​មក​តាម​ខ្ញុំ—សម្រាប់​អង្គការ​បឋមសិក្សា ។

ចម្រៀង​ដែល​លើក​ទឹកចិត្ត​ឲ្យ​ប្រើ ៖ « ពេល​ទ្រង់​យាងមក​ម្តងទៀត » សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៤៦–៤៧ ។

ការកែលម្អ​ដល់​ការសិក្សា​ផ្ទាល់​ខ្លួន

រៀបចំ​បរិស្ថាន​ជុំវិញ​ខ្លួន​របស់​បងប្អូន ។ បរិស្ថាន​ជុំវិញ​ខ្លួន​យើង​អាច​ជះឥទ្ធិពល​លើ​សមត្ថភាព​រៀនសូត្រ​របស់​យើង ។ សូម​ស្វែងរក​កន្លែង​មួយ​ដើម្បី​សិក្សា​ព្រះគម្ពីរ ដែល​បងប្អូន​អាច​ទទួល​អារម្មណ៍​ពី​ព្រះចេស្តា​នៃ​ព្រះវិញ្ញាណ ។ ( សូមមើល ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ទំព័រ ១៥ ) ។

ព្រះយេស៊ូវ​នៅលើ​មេឃ

« ចូរ​ក្រោក​ឡើង ហើយ​ភ្លឺ​មក​ចុះ ដ្បិត​ពន្លឺ​របស់​ឯង​បាន​មក​ដល់​ហើយ សិរីល្អ​នៃ​ព្រះយេហូវ៉ា​ក៏​បាន​រះ​ឡើង​ដល់​ឯង​ដែរ » ( អេសាយ ៦០:១ ) ។ ពន្លឺ និង ជីវិត ដោយ ម៉ាក ម៉ាប្រី